ជំពូក ៣៩ ព្រះយេស៊ូវព្យាបាលបុរសងងឹតភ្នែក ថ្ងៃមួយ ព្រះយេស៊ូវកំពុងយាងជាមួយពួកសិស្សរបស់ទ្រង់ ។ ទ្រង់ និងពួកគេបានឃើញបុរសម្នាក់ពិការភ្នែកពីកំណើត ។ ពួកសិស្សបានទូលសួរ ថាតើបុរសនេះពិការភ្នែកដោយសារតែគាត់បានប្រព្រឹត្តបាប ឬ ដោយសារតែឪពុកម្ដាយគាត់បានប្រព្រឹត្តបាប ។ យ៉ូហាន ៩:១–២ ព្រះអង្គសង្គ្រោះបានមានបន្ទូលថា មិនមែនដោយព្រោះអ្នកនេះ ឬ ឪពុកម្ដាយគាត់បានប្រព្រឹត្តបាបនោះទេ ។ បុរសនេះពិការភ្នែកគឺដើម្បីឲ្យព្រះយេស៊ូវអាចព្យាបាលគាត់ ហើយបង្ហាញមនុស្សទាំងឡាយឲ្យឃើញព្រះចេស្ដារបស់ព្រះ ។ យ៉ូហាន ៩:៣–៥ ព្រះយេស៊ូវបានយកដីឥដ្ឋ ។ ទ្រង់បានលាបដីឥដ្ឋនោះទៅលើភ្នែករបស់បុរសនោះ ។ ព្រះយេស៊ូវមានបន្ទូលប្រាប់បុរសនោះឲ្យទៅលាងភ្នែកគាត់ចេញ ។ យ៉ូហាន ៩:៦-៧ មិនយូរប៉ុន្មាន បន្ទាប់ពីបុរសនោះបានលាងដីចេញពីភ្នែកគាត់ នោះគាត់អាចមើលឃើញ ! យ៉ូហាន ៩:៧ នៅពេលអ្នកជិតខាងរបស់គាត់បានឃើញគាត់ ពួកគេពុំប្រាកដថាតើនោះគឺជាគាត់ឬអត់នោះទេ ។ គាត់បានប្រាប់ពួកគេថា ព្រះយេស៊ូវបានព្យាបាលគាត់ ។ អ្នកជិតខាងបានយកបុរសនោះទៅជួបពួកផារិស៊ី ។ បុរសនោះបានប្រាប់ពួកផារិស៊ីថា ព្រះយេស៊ូវបានព្យាបាលគាត់ ។ យ៉ូហាន ៩:៨-១១ ពួកផារិស៊ីខ្លះបានគិតថា ព្រះយេស៊ូវច្បាស់ជាបុរសសុចរិតហើយ ។ ហើយខ្លះទៀតបានគិតថា ទ្រង់គឺជាអ្នកមានបាប ។ នៅពេលបុរសនោះប្រាប់ថា ព្រះយេស៊ូវគឺជាបុរសសុចរិតម្នាក់ នោះពួកផារិស៊ីខ្លះបានខឹង រួចបានបណ្ដេញគាត់ចេញទៅ ។ យ៉ូហាន ៩:១៣–១៦, ៣០–៣៤ ព្រះយេស៊ូវបានជួបនឹងបុរសនោះ ។ ទ្រង់មានបន្ទូលសួរបុរសនោះ ថាតើគាត់ជឿលើព្រះរាជបុត្រានៃព្រះឬទេ ? បុរសនោះទូលសួរថាតើព្រះរាជបុត្រានៃព្រះគឺជានរណា ។ ព្រះយេស៊ូវបានបន្ទូលថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ហើយបុរសនោះក៏បានក្រាបថ្វាយបង្គំទ្រង់ ។ យ៉ូហាន ៩:៣៥–៣៨