ជំពូក ៣៥ សាសន៍សាម៉ារីដ៏សប្បុរស ព្រះយេស៊ូវមានបន្ទូលរឿង ឬ រឿងប្រៀបប្រដូចជាច្រើន ដើម្បីជួយមនុស្សទាំងឡាយឲ្យរៀនអំពីសេចក្ដីពិត ។ ថ្ងៃមួយ មានអ្នកដឹកនាំសាសន៍យូដាម្នាក់បានទូលសួរព្រះយេស៊ូវថា គាត់ត្រូវធ្វើដូចម្ដេចដើម្បីបានជីវិតដ៏នៅអស់កល្បជានិច្ច ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលសួរថាតើបទគម្ពីរបានប្រាប់យ៉ាងដូចម្ដេច ។ អ្នកដឹកនាំនោះតបថា មនុស្សម្នាក់ត្រូវស្រឡាញ់ព្រះ ហើយក៏ត្រូវស្រឡាញ់អ្នកជិតខាងខ្លួនដែរ ។ ព្រះយេស៊ូវបានមានបន្ទូលថា គាត់ឆ្លើយបានត្រឹមត្រូវ ។ បន្ទាប់មក អ្នកដឹកនាំបានទូលសួរថា « តើអ្នកណាជាអ្នកជិតខាងខ្ញុំ ? » លូកា ១០:២៥–២៩ ព្រះយេស៊ូវមានបន្ទូលតបដោយតំណាលអំពីរឿងមួយដល់បុរសនោះ ។ ថ្ងៃមួយ មានបុរសសាសន៍យូដាម្នាក់កំពុងធ្វើដំណើរតាមផ្លូវ ទៅកាន់ទីក្រុងយេរីខូរ ។ ពួកចោរបានប្លន់ ព្រមទាំងវាយគាត់ ។ ពួកគេបានទុកបុរសនោះចោលតាមផ្លូវស្ទើរតែនឹងស្លាប់ទៅហើយ ។ លូកា ១០:៣០ មិនយូរប៉ុន្មាន មានសង្ឃសាសន៍យូដាមួយអង្គចុះមកតាមផ្លូវ ហើយក៏បានឃើញគាត់ ។ សង្ឃនោះបានដើរវាងទៅម្ខាងហួសទៅ ។ គាត់ពុំបានជួយបុរសនោះទេ ។ លូកា ១០:៣១ មានបុរសសាសន៍យូដាម្នាក់ទៀតជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ បានដើរឆ្លងកាត់ទីនោះ ។ គាត់បានឃើញបុរសរងរបួសម្នាក់នោះ ។ ប៉ុន្តែគាត់ពុំបានជួយបុរសនោះទេ ក៏បានដើរវាងទៅម្ខាងហួសទៅ ។ លូកា ១០:៣២ បន្ទាប់មក មានសាសន៍សាម៉ារីម្នាក់បានមកដល់ ។ សាសន៍យូដា និង សាសន៍សាម៉ារី ពុំដែលចុះសម្រុងគ្នាឡើយ ។ ប៉ុន្តែនៅពេលសាសន៍សាម៉ារីម្នាក់បានឃើញបុរសនោះ គាត់មានចិត្តអាណិត ។ គាត់បានរុំរបួសបុរសនោះ ហើយយកសំលៀកបំពាក់មកបំពាក់ឲ្យគាត់ ។ លូកា ១០:៣៣–៣៤, យ៉ូហាន ៤:៩ សាសន៍សាម៉ារីរូបនោះ បានយកបុរសម្នាក់នោះទៅឯផ្ទះសំណាក់ ហើយថែទាំគាត់រហូតដល់ស្អែកឡើង ។ នៅពេលសាសន៍សាម៉ារីចាកចេញទៅ គាត់បានហុចប្រាក់ឲ្យម្ចាស់ផ្ទះសំណាក់ ហើយបានប្រាប់គាត់ឲ្យមើលថែបុរសនោះផង ។ លូកា ១០:៣៤–៣៥ បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលអំពីរឿងនេះ ទ្រង់មានបន្ទូលសួរអ្នកដឹកនាំសាសន៍យូដា ថាតើចំណោមបុរសទាំងបីនេះ នរណាជាអ្នកជិតខាងរបស់បុរសត្រូវរបួសនោះ ។ លូកា ១០:៣៦ អ្នកដឹកនាំនោះបានទូលថា គឺសាសន៍សាម៉ារី ព្រោះគាត់បានជួយបុរសនោះ ។ ព្រះយេស៊ូវមានបន្ទូលប្រាប់អ្នកដឹកនាំសាសន៍យូដា ឲ្យប្រព្រឹត្តដូចសាសន៍សាម៉ារីរូបនោះ ។ លូកា ១០:៣៧