ជំពូក ៣២ ពេត្រុសថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ព្រះយេស៊ូវបានមានបន្ទូលសួរពួកសិស្សទ្រង់ ថាតើមនុស្សទាំងឡាយគិតថាទ្រង់ជានរណា ។ ម៉ាថាយ ១៦:១៣, ម៉ាកុស ៨:២៧, លូកា ៩:១៨ ពួកសិស្សបានទូលតបថា មនុស្សខ្លះគិតថា ព្រះយេស៊ូវគឺជា យ៉ូហាន បាទីស្ទ ។ មនុស្សខ្លះទៀតគិតថា ទ្រង់គឺជាព្យាការីក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានរស់ឡើងវិញ ។ ម៉ាថាយ ១៦:១៤, ម៉ាកុស ៨:២៨, លូកា ៩:១៩ ព្រះយេស៊ូវបានមានបន្ទូលសួរពួកសិស្សទ្រង់ ថាតើពួកគេគិតថាទ្រង់ជានរណា ។ ពេត្រុសទូលថា « ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ។ ម៉ាថាយ ១៦:១៥–១៦, ម៉ាកុស ៨:២៩, លូកា ៩:២០ ព្រះយេស៊ូវមានបន្ទូលពន្យល់ថា ទីបន្ទាល់របស់ពេត្រុសមិនមែនបានមកពីការរៀនសូត្ររបស់មនុស្សទេ ។ ទីបន្ទាល់របស់គាត់បានមកតាមរយៈវិវរណៈពីព្រះ ។ ម៉ាថាយ ១៦:១៧ ព្រះយេស៊ូវមានបន្ទូលសន្យាពេត្រុសថា ទ្រង់នឹងប្រទានឲ្យគាត់នូវបព្វជិតភាព និង សិទ្ធិអំណាចដើម្បីដឹកនាំសាសនាចក្រ ។ បន្ទាប់មក ពេត្រុស និងពួកសាវកទាំងអស់នឹងមានសិទ្ធិអំណាចដើម្បីរៀបចំសាសនាចក្ររបស់ព្រះយេស៊ូវនៅលើផែនដី ។ ម៉ាថាយ ១៦:១៨-១៩ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សកុំឲ្យប្រាប់នរណាថា ទ្រង់ជាព្រះគ្រីស្ទឡើយ ។ ដំបូងទ្រង់ត្រូវរងទុក្ខ ត្រូវគេធ្វើគុត ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ។ ម៉ាថាយ ១៦:២០, ម៉ាកុស ៨:៣០–៣១, លូកា ៩:២១–២២