ជំពូក ៤៦ ការយាងមកជាលើកទីពីរ ព្រះយេស៊ូវបានគង់នៅលើភ្នំដើមអូលីវ ។ ពួកសិស្សរបស់ទ្រង់មានបំណងសួរសំណួរមួយចំនួនដល់ព្រះយេស៊ូវ ។ ពួកគេបានសួរថាតើពួកទុច្ចរិតនឹងត្រូវបានបំផ្លាញនៅពេលណា ។ ពួកគេក៏ចង់ដឹងអំពីពេលវេលាដែលព្រះយេស៊ូវនឹងយាងមកម្ដងទៀតដែរ ។ ម៉ាថាយ ២៤:៣, យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៤ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេថា ពីមុនទ្រង់យាងមកជាលើកទីពីរ នឹងមានពួកព្យាការីក្លែងក្លាយដែលនឹងប្រកាសខ្លួនថាជាព្រះគ្រីស្ទ ។ មនុស្សជាច្រើននឹងដើរតាមពួកគេ ។ ប៉ុន្តែប្រសិនបើពួកអ្នកដើរតាមទ្រង់ធ្វើតាមព្រះបន្ទូលទ្រង់ នោះពួកគេនឹងមិនត្រូវបំភាន់ដោយពួកព្យាការីក្លែងក្លាយទាំងនោះទេ ។ ពួកគេនឹងត្រូវបានសង្គ្រោះ ។ ម៉ាថាយ ២៤:៤–៥, ២៤–២៧, ម៉ាកុស ១៣:២១–២២, យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២១–២២, ៣៧ ព្រះយេស៊ូវក៏បានមានបន្ទូលដែរថា ពីមុនទ្រង់យាងមកម្ដងទៀត នឹងមានសង្គ្រាម គ្រោះទុរភិក្ស ជំងឺអាសន្នរោគ និង រញ្ជួយដីជាច្រើនកើតឡើង ។ មនុស្សជាច្រើននឹងឈប់ជួយគ្នាទៅវិញទៅមក ហើយក្លាយជាទុច្ចរិត ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦, ២៦–២៧, ៣១–៣២, យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២៣, ២៨–៣០ ដំណឹងល្អនឹងត្រូវបានប្រកាសទៅពាសពេញពិភពលោក ប៉ុន្តែមនុស្សជាច្រើននឹងមិនស្ដាប់តាមឡើយ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:២៨–២៩, យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣១ ព្រះអាទិត្យនឹងមិនបញ្ចេញរស្មី ព្រះចន្ទក៏នឹងមិនរះឡើងដែរ ហើយផ្កាយនឹងធ្លាក់ពីស្ថានសួគ៌ ។ ម៉ាថាយ ២៤:២៩, ម៉ាកុស ១៣:២៤–២៥, យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៣ នៅពេលព្រះយេស៊ូវគ្រីស្ទយាងមកម្ដងទៀត មនុស្សនឹងឃើញទ្រង់យាងចុះពីពពក ដោយព្រះចេស្ដា និង សិរីល្អ ។ ទ្រង់នឹងបញ្ជូនពួកទេវតា ឲ្យទៅប្រមូលពួកសុចរិតមកប្រជុំគ្នា ។ ម៉ាថាយ ២៤:៣០–៣១, ម៉ាកុស ១៣:២៦–២៧, យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៦–៣៧ យើងអាចរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ តាមរយៈការធ្វើអ្វីដែលត្រូវ ។ នៅពេលយើងឃើញទីសម្គាល់ដែលព្រះយេស៊ូវបានមានបន្ទូលសន្យា នោះយើងនឹងដឹងថា ការយាងមករបស់ព្រះអង្គសង្គ្រោះគឺជិតដល់ហើយ ។ គ្មាននរណាម្នាក់ដឹងយ៉ាងប្រាកដ អំពីពេលដែលព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្ដងទៀតឡើយ ។ ប្រសិនបើយើងរៀបចំខ្លួនរួចរាល់ យើងអាចទៅរស់នៅជាមួយទ្រង់ ។ ម៉ាថាយ ២៤:៤៤, លូកា ២១:៣៦, យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:៣៩–៤០