ជំពូក ១២ វិវាហមង្គលនៅភូមិកាណា ព្រះយេស៊ូវគ្រីស្ទ និង ពួកសិស្សរបស់ទ្រង់បានចូលរួមទទួលភោជនាអាហារ ក្នុងវិវាហមង្គលមួយនៅភូមិកាណា ។ ម៉ារាដែលជាមាតារបស់ព្រះយេស៊ូវបាននៅទីនោះ ។ នាងបានប្រាប់ព្រះយេស៊ូវថា អស់ស្រាទំពាំងបាយជូរសម្រាប់ភ្ញៀវហើយ ។ យ៉ូហាន ២:១-៣ ព្រះយេស៊ូវបានគោរព ហើយស្រឡាញ់ព្រះមាតាទ្រង់ ។ ទ្រង់បានសួរនាងថា តើនាងចង់ឲ្យទ្រង់ធ្វើអ្វី ។ យ៉ូហាន ២:៤ ម៉ារាបានប្រាប់អ្នកបម្រើនៅពិធីនោះ ឲ្យធ្វើតាមអ្វីដែលព្រះយេស៊ូវមានបន្ទូលប្រាប់ឲ្យពួកគេធ្វើ ។ យ៉ូហាន ២:៥ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកអ្នកបម្រើ ឲ្យចាក់ទឹកចូលពាងថ្មចំនួនប្រាំមួយពាង ។ ពាងនីមួយៗអាចផ្ទុកទឹកបាន ( ៦៨ ទៅ ១០២ លីត្រ ) ។ ក្រោយមក ទ្រង់បានធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ ។ យ៉ូហាន ២:៦–៧ ទ្រង់បានមានបន្ទូលប្រាប់ឲ្យពួកអ្នកបម្រើ ចាក់ស្រាទំពាំងបាយជូរចេញពីពាង ហើយយកទៅបម្រើដល់លោកជាមង្គលការ ។ យ៉ូហាន ២:៨ លោកជាមង្គលការបានភ្ញាក់ផ្អើលនៅពេលគាត់បានទទួលទានស្រាទំពាំងបាយជូរនោះ ។ ជាធម្មតា ស្រាទំពាំងបាយជូរគុណភាពល្អបំផុតត្រូវបានយកទៅបម្រើនៅពេលចាប់ផ្ដើមកម្មវិធី ។ ប៉ុន្តែលើកនេះ ស្រាទំពាំងបាយជូរគុណភាពល្អបំផុត ត្រូវបានយកទៅបម្រើក្រោយគេទៅវិញ ។ យ៉ូហាន ២:៩-១០ នេះគឺជាអព្ភូតហេតុដែលបានកត់ត្រាទុក ដែលព្រះយេស៊ូវបានធ្វើអំឡុងពេលទ្រង់មានព្រះជន្មនៅលើផែនដី ។ ទ្រង់បានធ្វើដូចនេះដើម្បីជួយព្រះមាតារបស់ទ្រង់ ។ ការធ្វើដូចនេះក៏បានជួយពង្រឹងសេចក្ដីជំនឿរបស់ពួកសិស្សទ្រង់ដែរ ។ យ៉ូហាន ២:១១