ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៣–២៩ ខែ មករា ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ ៖ « ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ »


« ថ្ងៃទី ២៣–២៩ ខែ មករា ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ ៖ ‹ ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៣–២៩ ខែ មករា ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

យ៉ូហាន‑បាទីស្ទ​ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ

បង្អួច​កញ្ចក់​ក្បាច់​ពណ៌​ចម្លាក់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ណៅវូ អិលលីណោយ ដោយ ថម ហូលមែន

ថ្ងៃទី ២៣–២៩ ខែ មករា

ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣

« ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ »

សូម​ចាប់​ផ្ដើម​ដោយ​ការ​អាន ម៉ាថាយ ៣; ម៉ាកុស ១ និង លូកា ៣ ។ នៅពេល​បងប្អូន​អធិស្ឋាន​ទូលសូម​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​បងប្អូន​យល់​អំពី​ជំពូក​ទាំងនេះ នោះ​ទ្រង់​នឹង​ប្រទាន​ការយល់ដឹង​ដល់​បងប្អូន ដែល​មាន​ជា​ពិសេស​សម្រាប់​បងប្អូន ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​ទាំងនេះ ហើយ​ធ្វើ​ផែនការ​ដើម្បី​អនុវត្ត​ចំណាប់​អារម្មណ៍​ទាំងនេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​អាច​ផ្លាស់ប្ដូរ​បងប្អូន​បាន ។ លូកា​បាន​ដកស្រង់​ការ​ព្យាករ​របស់​លោក​អេសាយ​ពី​បុរាណ ដែល​បាន​ពិពណ៌នា​អំពី​ឥទ្ធិពល​នៃ​ការ​យាង​មក​របស់​ព្រះអង្គសង្គ្រោះ​នឹង​មាន ៖ « គ្រប់​ទាំង​ច្រក​ភ្នំ​នឹង​បាន​លុប​ឲ្យ​ពេញ គ្រប់​ទាំង​ភ្នំ​ធំ​តូច​នឹង​ត្រូវ​បន្ទាប​ទៅ ផ្លូវ​ក្ងិចក្ងក់​នឹង​ទៅ​ជា​ត្រង់ ហើយ​ផ្លូវ​រដិបរដុប​នឹង​បាន​រាប​ស្មើ​ទៅ​វិញ » ( លូកា ៣:៥; សូមមើល​ផងដែរ អេសាយ ៤០:៤ ) ។ នេះ​គឺ​ជា​សារលិខិត​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា រួម​ទាំង​អ្នក​ទាំងឡាយ​ដែល​គិត​ថា​ពួកគេ​ពុំ​អាច​ផ្លាស់​ប្ដូរ​បាន​ផងដែរ ។ ប្រសិន​បើ​មាន​អ្វី​ដែល​នៅ​នឹង​ជា​អចិន្ត្រៃយ៍​ដូចជា​ភ្នំ អាច​ត្រូវ​បាន​រាបស្មើ នោះ​ព្រះអម្ចាស់​ពិត​ជា​អាច​ជួយ​យើង​ឲ្យ​តម្រង់​ផ្លូវ​រដិបរដុប​របស់​យើង​បាន ( សូមមើល លូកា ៣:៤–៥ ) ។ នៅពេល​យើង​ទទួល​យក​ការ​អញ្ជើញ​របស់​យ៉ូហាន‑បាទីស្ទ ឲ្យ​ប្រែចិត្ត ហើយ​ផ្លាស់ប្ដូរ នោះ​យើង​រៀបចំ​គំនិត និង​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​យើង​អាច « នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ » ( លូកា ៣:៦ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

តើ​ម៉ាកុស​ជា​នរណា ?

នៅក្នុង​ចំណោម​អ្នក​និពន្ធ​ដំណឹងល្អ​ទាំងឡាយ នោះ​យើង​ស្គាល់​ម៉ាកុស​តិចតួចណាស់ ។ យើង​ដឹង​ថា​លោក​គឺ​ជា​ដៃគូ​ផ្សព្វផ្សាយសាសនា​របស់​ប៉ុល ពេត្រុស និង​ពួកអ្នក​ផ្សព្វផ្សាយសាសនា​ដទៃ​ច្រើន​ទៀត ។ មាន​អ្នក​ប្រាជ្ញ​ខាង​គម្ពីរ​បរិសុទ្ធ​ជា​ច្រើន​បាន​ជឿ​ថា ពេត្រុស​បាន​ដឹកនាំ​ម៉ាកុស​ឲ្យ​កត់ត្រា​ព្រឹត្តិការណ៍​នានា​អំពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ។ ដំណឹងល្អ​របស់​ម៉ាកុស​ទំនង​ជា​ត្រូវ​បាន​សរសេរ​ពីមុន​ដំណឹងល្អ​បី​ក្រោយ​ទៀត ។

សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ម៉ាកុស » ។

ម៉ាថាយ ៣:១–១២; ម៉ាកុស ១:១–៨; លូកា ៣:២–១៨

ការ​ប្រែចិត្ត​គឺ​ជា​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​គំនិត និង​ដួងចិត្ត ។

បេសកកម្ម​របស់​យ៉ូហាន‑បាទីស្ទ គឺ​ត្រូវ​រៀបចំ​ដួងចិត្ត​មនុស្ស​ឲ្យ​ទទួល​ព្រះអង្គសង្គ្រោះ ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ តើ​លោក​ធ្វើ​បាន​តាម​របៀប​ណា ? លោក​បាន​ប្រកាស « ឲ្យ​ប្រែ​ចិត្ត​ចុះ » ( ម៉ាថាយ ៣:២ ) ។ ហើយ​លោក​បាន​ប្រើប្រាស់​រូបភាព​ដូចជា​ផ្លែឈើ និង​ស្រូវ​សាលី ដើម្បី​បង្រៀន​អំពី​ការប្រែចិត្ត ( សូមមើល លូកា ៣:៩, ១៧ ) ។

តើ​មាន​រូបភាព​អ្វី​ផ្សេងទៀត ដែល​បងប្អូន​រកឃើញ​នៅក្នុង​កំណត់ត្រា​នៃ​ការងារ​បម្រើ​របស់ យ៉ូហាន បាទីស្ទ ? ( សូមមើល ម៉ាថាយ ៣:១–១២; ម៉ាកុស ១:១–៨; លូកា ៣:២–១៨ ) ។ សូម​ពិចារណា​ធ្វើ​ការ​គូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​បងប្អូន ឬ​គូរ​រូប​វា ។ តើ​រូប​ភាព​ទាំងនេះ​បង្រៀន​អំពី​គោលលទ្ធិ និង​ភាព​ចាំបាច់នៃ​ការ​ប្រែចិត្ត​យ៉ាង​ណា​ខ្លះ ?

ការ​ប្រែចិត្ត​ពិត​ប្រាកដ​គឺ​ជា « ការផ្លាស់ប្តូរគំនិត ការយល់​ដឹង​ថ្មី​អំពី​ព្រះ អំពីខ្លួន​របស់​យើង​ផ្ទាល់ និង​អំពី​ពិភពលោក​នេះ ។ … [ វា​មាន​ន័យ​ថា ] គឺ « ការបែរ​ដួងចិត្ត និង​ឆន្ទៈ​ទៅរក​ព្រះ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ប្រែ​ចិត្ត, ការ​ប្រែ​ចិត្ត » ) ។ នៅក្នុង លូកា ៣:៧–១៤ តើ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ ដែល​យ៉ូហាន​អញ្ជើញ​មនុស្ស​ឲ្យ​ផ្លាស់​ប្ដូរ ដើម្បី​រៀបចំ​ខ្លួន​ទទួល​ព្រះគ្រីស្ទ ? តើ​ការ​ប្រឹក្សា​នេះ​អាច​អនុវត្ត​ចំពោះ​បងប្អូន​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​អាច​បង្ហាញ​ថា បងប្អូន​ពិត​ជា​បាន​ប្រែចិត្ត​យ៉ាង​ដូចម្ដេច ? ( សូមមើល លូកា ៣:៨ ) ។

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧–៦៩; ដាល្លិន អេក អូក « Cleansed by Repentance » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩១–៩៤ ។

ម៉ាថាយ ៣:៧; លូកា ៣:៧

តើ​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​ជា​នរណា ?

ពួក​ផារិស៊ី​គឺ​ជា​សមាជិក​នៃ​បក្ស​សាសនា​យូដា​មួយ ដែល​មាន​អំនួត​លើ​ខ្លួន​ឯង​ក្នុង​ការប្រតិបត្តិ​តាម​ច្បាប់​របស់​ម៉ូសេ និង​ពិធី​នានា​នៃ​ច្បាប់​ម៉ូសេ​យ៉ាង​តឹងរឹង ។ ពួក​សាឌូស៊ី​គឺជា​ពួកសាសន៍​យូដា​ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ខាង​សាសនា និង​ខាង​នយោបាយ ។ ពួកគេ​មិន​បាន​ជឿ​លើ​គោលលទ្ធិ​នៃ​ការរស់​ឡើងវិញ​ទេ ។ ក្រុម​ទាំងពីរ​នេះ​បាន​វង្វេង​ចេញ​ពី​គោលបំណង​ដើម​នៃ​ក្រឹត្យវិន័យ​របស់​ព្រះ ។

សូមមើល​ផងដែរ ម៉ាថាយ ២៣:២៣–២៨; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ពួកផារីស៊ី » « ពួកសាឌូស៊ី » ។

ម៉ាថាយ ៣:១១, ១៣–១៧; ម៉ាកុស ១:៩–១១; លូកា ៣:១៥–១៦, ២១–២២

ព្រះយេស៊ូវគ្រីស្ទ​បាន​ជ្រមុជទឹក​ដើម្បី « បំពេញ​សេចក្ដី​សុចរិត​គ្រប់យ៉ាង » ។

នៅពេល​បងប្អូន​ជ្រមុជទឹក បងប្អូន​បាន​ដើរ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ ។ សូម​ប្រៀបធៀប​អ្វី​ដែល​បងប្អូន​រៀន​មក​ពី​ដំណើរ​រឿង​នៃ​ពិធី​បុណ្យជ្រមុជទឹក​របស់​ព្រះអង្គសង្គ្រោះ ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​នៃ​ពិធី​បុណ្យជ្រមុជទឹក​របស់​បងប្អូន ។

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គ​សង្គ្រោះ

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គ​សង្គ្រោះ

តើនរណា​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ ហើយ​លោក​កាន់​សិទ្ធិ​អំណាច​អ្វី ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ

តើ​នរណា​បាន​ជ្រមុជ​ទឹក​ឲ្យ​បងប្អូន ហើយ​គាត់​កាន់​សិទ្ធិ​អំណាច​អ្វី ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គ​សង្គ្រោះ

តើ​ព្រះយេស៊ូវ​បាន​ជ្រមុជទឹក​នៅ​ទីណា ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ

តើ​បងប្អូន​បានជ្រមុជទឹក​នៅ​ទី​ណា ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គ​សង្គ្រោះ

តើ​ព្រះយេស៊ូវ​បាន​ជ្រមុជទឹក​យ៉ាង​ដូចម្ដេច ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ

តើ​បងប្អូន​ទទួលបុណ្យ​ជ្រមុជទឹក​យ៉ាង​ដូចម្ដេច ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គ​សង្គ្រោះ

ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវគ្រីស្ទ​ជ្រមុជទឹក ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ

ហេតុអ្វី​បងប្អូន​ជ្រមុជទឹក ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គ​សង្គ្រោះ

តើ​ព្រះវរបិតាសួគ៌​បង្ហាញ​ថា ទ្រង់​សព្វ​ព្រះទ័យ​នឹង​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច ?

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ

តើ​ព្រះវរបិតាសួគ៌​បង្ហាញ​ថា ទ្រង់​សព្វ​ព្រះទ័យ​នៅពេល​បងប្អូន​ជ្រមុជទឹក​យ៉ាង​ដូចម្ដេច ? តើ​ទ្រង់​បាន​បង្ហាញ​ពី​ការ​អនុញ្ញាត​របស់​ទ្រង់​ចាប់​តាំង​ពីពេល​នោះ​មក​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ នីហ្វៃទី២ ៣១; ម៉ូសាយ ១៨:៨–១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៦៨–៧៤; « The Baptism of Jesus » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

3:7

ម៉ាថាយ ៣:១៦–១៧; ម៉ាកុស ១:៩–១១; លូកា ៣:២១–២២

សមាជិក​ក្នុង​ក្រុម​ព្រះ​គឺ​ជា​តួ​អង្គ​ផ្សេង​ពី​គ្នា ។

ព្រះគម្ពីរ​បរិសុទ្ធ​មាន​នូវ​ភស្ដុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា សមាជិក​នៃ​ក្រុម​ព្រះ​គឺ​ជា​តួអង្គ​បី​ផ្សេង​ពី​គ្នា ។ ដំណើរ​រឿង​នៃ​បុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​ឧទាហរណ៍​មួយ ។ នៅពេល​បងប្អូន​អានដំណើររឿង​ទាំងនេះ សូម​ពិចារណា​ពី​អ្វី​ដែលបងប្អូន​រៀន​អំពី​ក្រុមព្រះ ។ ហេតុអ្វី​គោលលិទ្ធិ​ទាំងនេះសំខាន់​ចំពោះ​បងប្អូន ?

សូមមើល​ផងដែរ លោកុប្បត្តិ ១:២៦; ម៉ាថាយ ១៧:១–៥; យ៉ូហាន ១៧:១–៣; កិច្ចការ ៧:៥៥–៥៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ម៉ាថាយ ៣ ។យ៉ូហាន‑បាទីស្ទ​កាន់​បព្វជិតភាព​អើរ៉ុន ។ តើ​យើង​អាច​រៀន​អ្វីខ្លះ មកពី​គំរូ​របស់​យ៉ូហាន​អំពី​គោលបំណង​នៃ​បព្វជិតភាព​អើរ៉ុន ? តើ​ពរជ័យ​អ្វីខ្លះ​ដែល​យើង​ទទួលបាន​តាមរយៈ​បព្វជិតភាព​អើរ៉ុន ? ប្រសិន​បើ​បងប្អូន​មាន​យុវជន​ម្នាក់​នៅក្នុង​គ្រួសារ​បងប្អូន បងប្អូន​អាច​នឹង​ចំណាយ​ពេល​ជួយ​គាត់​ឲ្យ​យល់​ពី​របៀប​ដែល​គាត់​អាច​ប្រើប្រាស់​បព្វជិតភាព​អើរ៉ុន​របស់​គាត់ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃ​ទៀត ។ ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១; ២០:៤៦–៦០ ) ។

យុវជន​កំពុង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ​យុវជន​ម្នាក់​ទៀត

នៅពេល​យើង​ជ្រមុជទឹក នោះ​អំពើបាប​របស់យើង​គឺ​ត្រូវ​លាងជម្រះ ។

ម៉ាថាយ ៣:១១–១៧; ម៉ាកុស ១:៩–១១; លូកា ៣:២១–២២ ។តើ​សមាជិក​នៃ​គ្រួសារ​របស់​បងប្អូន​ធ្លាប់​បាន​ឃើញ​បុគ្គល​ម្នាក់​ទទួល​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​ដែរ​ឬ​ទេ ? តើ​សមាជិក​គ្រួសារ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ? បងប្អូន​ប្រហែល​ជា​អាច​បង្រៀន​ពួកគេ​អំពី​និមិត្តសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ តើ​ការទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​គឺ​ដូចជា​ការកើត​ជាថ្មី​ដោយ​របៀប​ណា ? ហេតុអ្វី​យើង​ត្រូវ​ជ្រមុជ​ទៅក្នុង​ទឹក​ទាំងស្រុង នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ? ហេតុអ្វី​យើង​ស្លៀកពាក់​ពណ៌​ស នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ? ហេតុអ្វី​អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវ​បាន​ពិពណ៌នា​ថា​ជា « ពិធីបុណជ្រមុជទឹក​ដោយភ្លើង » ? ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៤១; សូមមើល​ផងដែរ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « បុណ្យ​ជ្រមុជ​ទឹក, ធ្វើ​បុណ្យ​ជ្រមុជ​ទឹក » « ព្រះ​វិញ្ញាណ​បរិសុទ្ធ » ) ។

ម៉ាថាយ ៣:១៧; ម៉ាកុស ១:១១; លូកា ៣:២២ ។តើ​នៅពេល​ណា​ដែល​យើង​មាន​អារម្មណ៍​ថា ព្រះ​សព្វព្រះទ័យ​នឹង​យើង ? តើ​យើង​អាច​ធ្វើអ្វី​ខ្លះ​ជា​គ្រួសារ​ដើម្បីឲ្យ​ព្រះ​សព្វ​ព្រះទ័យ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើកទឹកចិត្ត​ឲ្យ​ប្រើ ៖ « ពិធីបុណ្យជ្រមុជទឹក » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៤ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

សូម​ជំនួយ​ពី​ព្រះអម្ចាស់ ។ ព្រះគម្ពីរ​ត្រូវ​បាន​ប្រទាន​ឲ្យ​តាមរយៈ​វិវរណៈ ហើយ​ដើម្បី​យល់​ដឹង​អំពី​វា​បាន​ពិត​ប្រាកដ នោះ​យើង​ត្រូវការ​វិវរណៈ​ផ្ទាល់ខ្លួន ។ ព្រះអម្ចាស់​សន្យា​ថា « ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះនោះ តែង​នឹង​បើកឲ្យ​អ្នក » ( ម៉ាថាយ ៧:៧ ) ។

យ៉ូហាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ

យ៉ូហាន‑បាទីស្ទ​កំពុង​ជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ ដោយ ហ្គ្រេក ខេ អុលសិន