« ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ ។ ម៉ាថាយ ៤; លូកា ៤–៥ ៖ ‹ ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ ។ ម៉ាថាយ ៤; លូកា ៤–៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ
ម៉ាថាយ ៤; លូកា ៤–៥
« ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ »
ព្រះអង្គសង្គ្រោះបានប្រើប្រាស់ព្រះគម្ពីរ ដើម្បីទប់ទល់នឹងការល្បួងរបស់សាតាំងផង និងដើម្បីថ្លែងទីបន្ទាល់អំពីបេសសកម្មដ៏ទេវភាពរបស់ទ្រង់ផ្ទាល់ផង ( សូមមើល លូកា ៤:១–២១ ) ។ សូមពិចារណាពីរបៀបដែលព្រះគម្ពីរអាចស្ថាបនាសេចក្ដីជំនឿរបស់បងប្អូន និងដំណោះស្រាយរបស់បងប្អូនដើម្បីទប់ទល់នឹងការល្បួង ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ចាប់តាំងពីយុវវ័យរបស់ទ្រង់មក ព្រះយេស៊ូវហាក់ដូចជាបានដឹងថា ទ្រង់មានបេសកកម្មដ៏ពិសិដ្ឋជាពិសេសមួយ ។ ប៉ុន្តែនៅពេលព្រះយេស៊ូវរៀបចំដើម្បីចាប់ផ្ដើមការបម្រើនៅលើផែនដីរបស់ទ្រង់ នោះមារសត្រូវបានព្យាយាមបណ្តុះការសង្ស័យនៅក្នុងព្រះទ័យរបស់ព្រះអង្គសង្គ្រោះ ។ សាតាំងបាននិយាយថា « បើ អ្នកជាព្រះរាជបុត្រានៃព្រះមែន » ( លូកា ៤:៣ បន្ថែមអក្សរទ្រេត ) ។ ប៉ុន្តែព្រះអង្គសង្គ្រោះបានទំនាក់ទំនងនឹងព្រះវរបិតាសួគ៌របស់ទ្រង់ ។ ទ្រង់ចេះបទគម្ពីរ ហើយទ្រង់បានដឹងថាទ្រង់ជានរណា ។ សាតាំងបានស្នើផ្តល់ឲ្យទ្រង់នូវ « អំណាច និងសិរីលម្អនៃនគរទាំងនេះដល់អ្នក » ( លូកា ៤:៦ )—ដែលវាគ្មានន័យសោះចំពោះទ្រង់ ដ្បិតការរៀបចំពេញមួយជីវិតរបស់ព្រះអង្គសង្គ្រោះ បានអនុញ្ញាតឲ្យទ្រង់ទទួលបាន « ព្រះចេស្តានៃព្រះវិញ្ញាណ » ( លូកា ៤:១៤ ) ។ ព្រះយេស៊ូវគ្រីស្ទពុំដែលងាករេចេញពីកិច្ចការដែលបានតែងតាំងដល់ទ្រង់ឡើង ទោះជាមានការល្បួង ការសាកល្បង និងការបដិសេធន៍ទ្រង់ក្ដី ៖ « ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ … គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក » ( លូកា ៤:៤៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ទំនាក់ទំនងជាមួយព្រះរៀបចំខ្ញុំដើម្បីបម្រើទ្រង់ ។
ដើម្បីរៀបចំសម្រាប់បេសកកម្មរបស់ទ្រង់ ព្រះយេស៊ូវបានយាងចូលទៅក្នុងទីរហោស្ថាន « ដើម្បីនៅជាមួយព្រះ » ( ការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៤:១ ) ។ សូមគិតអំពីអ្វីដែលបងប្អូនធ្វើដើម្បីមានអារម្មណ៍ខិតជិតព្រះ ។ តើការណ៍នេះរៀបចំបងប្អូនសម្រាប់កិច្ចការដែលទ្រង់ចង់ឲ្យបងប្អូនធ្វើយ៉ាងដូចម្ដេច ?
ព្រះយេស៊ូវគ្រីស្ទបានធ្វើជាគំរូដល់ខ្ញុំតាមរយៈការតស៊ូទប់ទល់នឹងការល្បួង ។
ពេលខ្លះមនុស្សមានអារម្មណ៍ថាមានកំហុស នៅពេលពួកគេត្រូវបានល្បួងឲ្យធ្វើអំពើបាប ។ ប៉ុន្តែទោះជាព្រះអង្គសង្គ្រោះដែលរស់នៅ « ដោយគ្មានអំពើបាប » ( ហេព្រើរ ៤:១៥ ) ក៏ត្រូវបានល្បួងដែរ ។ ព្រះយេស៊ូវគ្រីស្ទដឹងពីការល្បួងដែលយើងប្រឈម និងដឹងពីរបៀបដើម្បីជួយយើងឲ្យយកឈ្នះលើវា ( សូមមើល ហេព្រើរ ២:១៨; អាលម៉ា ៧:១១–១២ ) ។
នៅពេលបងប្អូនអាន ម៉ាថាយ ៤:១–១១ និង លូកា ៤:១–១៣ តើបងប្អូនបានរៀនអ្វីខ្លះ ដែលអាចជួយបងប្អូននៅពេលបងប្អូនប្រឈមមុខនឹងការល្បួង ? បងប្អូនអាចរៀបចំគំនិតរបស់បងប្អូនចូលក្នុងតារាងមួយដូចនេះ ៖
ព្រះយេស៊ូវគ្រីស្ទ |
ខ្ញុំ |
---|---|
ព្រះយេស៊ូវគ្រីស្ទ តើសាតាំងបានល្បួងព្រះគ្រីស្ទឲ្យធ្វើអ្វីខ្លះ ? | ខ្ញុំ តើសាតាំងល្បួងខ្ញុំឲ្យធ្វើអ្វីខ្លះ ? |
ព្រះយេស៊ូវគ្រីស្ទ តើព្រះគ្រីស្ទបានរៀបចំដើម្បីទប់ទល់នឹងការល្បួងយ៉ាងដូចម្ដេច ? | ខ្ញុំ តើខ្ញុំអាចរៀបចំដើម្បីទប់ទល់នឹងការល្បួងយ៉ាងដូចម្ដេច ? |
តើការយល់ដឹងបន្ថែមអ្វីខ្លះដែលបងប្អូនទទួលបានមកពីការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៤ ?
សូមមើលផងដែរ កូរិនថូស ទី១ ១០:១៣; អាលម៉ា ១៣:២៨; ម៉ូសេ ១:១០–២២; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ល្បួង, សេចក្ដីល្បួង » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីដែលបានព្យាករទុក ។
បើបងប្អូនត្រូវបានគេសុំឲ្យពិភាក្សាអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានត្រូវបញ្ជូនមកឲ្យធ្វើនៅលើផែនដីនេះ តើបងប្អូននឹងនិយាយអ្វីខ្លះ ? ដោយការដកស្រង់ចេញពីការព្យាករមួយរបស់អេសាយអំពីព្រះមែស៊ី នោះព្រះអង្គសង្គ្រោះបានពិណ៌នាពីទិដ្ឋភាពនៃបេសកកម្មរបស់ទ្រង់ផ្ទាល់ ( សូមមើល លូកា ៤:១៨–១៩; អេសាយ ៦១:១–២ ) ។ តើបងប្អូនបានរៀនអ្វីខ្លះអំពីបេសកកម្មរបស់ទ្រង់ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ ?
តើរបៀបមួយចំនួនអ្វីខ្លះដែលព្រះអង្គសង្គ្រោះអញ្ជើញបងប្អូនឲ្យចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ?
ថ្វីដ្បិតតែពួកសាសន៍យូដាបានរង់ចាំអស់ជាច្រើនសតវត្សរ៍ដើម្បីឲ្យការព្យាកររបស់លោកអេសាយត្រូវបានបំពេញក្ដី ក៏មានមនុស្សជាច្រើនពុំទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះមែស៊ីដែរ នៅពេលទ្រង់ប្រកាសថា « នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ » ( លូកា ៤:២១ ) ។ នៅពេលបងប្អូនអាន លូកា ៤:២០–៣០ ( សូមមើលផងដែរ ម៉ាកុស ៦:១–៦ ) សូមព្យាយាមដាក់ខ្លួនទៅក្នុងកន្លែងរបស់ប្រជាជនណាសារ៉ែត ។ តើមានអ្វីខ្លះដែលអាចរារាំងបងប្អូនមិនឲ្យទទួលយកព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់បងប្អូនដោយពេញលេញ ?
សូមមើលផងដែរ ម៉ូសាយ ៣:៥–១២; « Jesus Declares He Is the Messiah » ( វីដេអូ ) នៅគេហទំព័រ ChurchofJesusChrist.org ។
នៅពេលខ្ញុំទុកចិត្តទៅលើព្រះអម្ចាស់ នោះទ្រង់អាចជួយខ្ញុំឲ្យឈានទៅដល់សក្ដានុពលដ៏ទេវភាពរបស់ខ្ញុំបាន ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា « បុរស និងស្ត្រីដែលបង្វែរជីវិតរបស់ពួកគេទៅរកព្រះ នឹងរកឃើញថា ទ្រង់អាចធ្វើឲ្យជីវិតរបស់គេចម្រើនឡើង ជាងពួកគេអាចធ្វើដោយខ្លួនឯង » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៤២ ) ។ សូមកត់ចំណាំពីរបៀបដែលការណ៍នេះបានកើតឡើងចំពោះ ស៊ីម៉ូន-ពេត្រុស និងមិត្តអ្នកនេសាទរបស់លោក ។ ព្រះយេស៊ូវបានឃើញអ្វីដែលប្រសើរនៅក្នុងខ្លួនពួកគេ ជាងដែលពួកគេបានឃើញក្នុងខ្លួនឯង ។ ទ្រង់មានព្រះទ័យចង់ធ្វើឲ្យពួកគេក្លាយជា « អ្នកនេសាទមនុស្សវិញ » ( ម៉ាថាយ ៤:១៩; សូមមើលផងដែរ លូកា ៥:១០ ) ។
ពេលដែលបងប្អូនអាន ម៉ាថាយ ៤:១៨–២២ និង លូកា ៥:១–១១ សូមពិចារណាពីអ្វីដែលព្រះយេស៊ូវគ្រីស្ទកំពុងជួយបងប្អូនឲ្យប្រែក្លាយ ។ តើបងប្អូនមានអារម្មណ៍ថាទ្រង់កំពុងអញ្ជើញបងប្អូនឲ្យធ្វើតាមទ្រង់ដោយរបៀបណា ? តើបងប្អូនអាចបង្ហាញដល់ព្រះអម្ចាស់ថា បងប្អូនកំពុងមានឆន្ទៈលះបង់អ្វីៗទាំងអស់ ដើម្បីដើរតាមទ្រង់របៀបណា ? ( លូកា ៥:១១ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ម៉ាថាយ ៤:១–២; លូកា ៤:១–២ ។តើយើងអាចទទួលបានការយល់ដឹងអ្វីខ្លះមកពីដំណើររឿងនេះ អំពីអំណាចនៃការតមអាហារ ? ដើម្បីជួយគ្រួសារបងប្អូនរៀនអំពីការតម បងប្អូនអាចនឹងប្រើប្រាស់ « តម, តំណម » នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សមាជិកគ្រួសារអាចចែកចាយបទពិសោធន៍ដែលពួកគេមានជាមួយនឹងការតម ។ ប្រហែលជាបងប្អូនអាចរៀបចំផែនការដើម្បីតមអាហាររួមគ្នាប្រកបដោយការអធិស្ឋានសម្រាប់គោលបំណងជាក់លាក់មួយ ។
-
ម៉ាថាយ ៤:៣–៤; លូកា ៤:៣–៤ ។នៅពេលសាតាំងល្បួងព្រះគ្រីស្ទឲ្យធ្វើឲ្យថ្មក្លាយទៅជានំប៉័ង វាល្បងពីអត្តសញ្ញាជាព្រះរបស់ព្រះគ្រីស្ទ ដោយនិយាយថា « បើ អ្នកជាព្រះរាជបុត្រានៃព្រះមែន » ( ម៉ាថាយ ៤:៣ បានបន្ថែមអក្សរទ្រេត ) ។ ហេតុអ្វីសាតាំងព្យាយាមធ្វើឲ្យយើងសង្ស័យអំពីអត្តសញ្ញាណដ៏ទេវភាពរបស់យើង—និងអត្តសញ្ញាណរបស់ព្រះអង្គសង្គ្រោះ ? តើវាព្យាយាមធ្វើរឿងនេះយ៉ាងដូចម្ដេច ? ( សូមមើលផងដែរ ម៉ូសេ ១: ១០–២៣) ។
-
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ៤:១១ ។បន្ទាប់ពីព្រះយេស៊ូវត្រូវបានសាកល្បងទាំងខាងរូបកាយ និងខាងវិញ្ញាណមក នោះគំនិតរបស់ទ្រង់បានបង្វែរទៅរកសេចក្ដីត្រូវការរបស់យ៉ូហាន‑បាទីស្ទ ដែលជាប់ក្នុងគុក ៖ « ហើយឥឡូវព្រះយេស៊ូវបានដឹងថា យ៉ូហាន ត្រូវបានចាប់ដាក់គុក ហើយទ្រង់បានបញ្ជូនពួកទេវតាឲ្យទៅ មើលចុះពួកទេវតាបានមក ហើយបានបម្រើដល់លោក [ យ៉ូហាន ] » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ៤:១១ ) ។ តើយើងត្រូវបានប្រទានពរយ៉ាងដូចម្ដេច ពេលយើងធ្វើតាមគំរូរបស់ព្រះគ្រីស្ទក្នុងការគិតអំពីអ្នកដទៃ ?
-
លូកា ៤:១៦–២១ ។តើយើងស្គាល់នរណាម្នាក់ដែលកំពុងខូចចិត្ត ឬដែលត្រូវការ « ដោះឲ្យមានសេរីភាព » ដែរឬទេ ? ( លូកា ៤:១៨ ) ។ តើយើងអាចជួយអ្នកដទៃឲ្យទទួលការព្យាបាល និងការប្រោសលោះរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? បងប្អូនអាចនឹងពិភាក្សាអំពីរបៀបដែលការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជួយនាំឲ្យមាន « សេចក្ដីប្រោសលោះដល់ពួកឈ្លើយ » ( លូកា ៤:១៨ ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ចូរមកតាមខ្ញុំ » ទំនុកតម្កើង ល.រ. ៦៣ ។