« ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ ៖ ‹ អ្នករាល់គ្នាមានពរ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ
ម៉ាថាយ ៥; លូកា ៦
« អ្នករាល់គ្នាមានពរ »
សូមយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍ដែលបងប្អូនទទួល ពេលបងប្អូនអាន ម៉ាថាយ ៥ និង លូកា ៦ ហើយកត់ត្រាវានៅក្នុងសៀវភៅកំណត់ត្រាការសិក្សា ឬតាមរបៀបណាមួយផ្សេងទៀត ។ គម្រោងមេរៀននេះអាចជួយបងប្អូនឲ្យរកឃើញគោលការណ៍សំខាន់ៗមួយចំនួននៅក្នុងជំពូកនេះ ប៉ុន្តែបើកផ្លូវឲ្យបងប្អូនរកឃើញគោលការណ៍ផ្សេងទៀតនៅក្នុងការសិក្សារបស់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មកដល់ចំណុចនេះនៅក្នុងការបម្រើរបស់ទ្រង់ វាបង្ហាញច្បាស់ថាការបង្រៀនរបស់ព្រះយេស៊ូវ នឹងពុំដូចជាអ្វីដែលមនុស្សក្នុងជំនាន់របស់ទ្រង់ធ្លាប់ស្ដាប់ឮនោះទេ ។ ជនក្រីក្រនឹងទទួលនគរព្រះ ? ជនរាបសានឹងទទួលគ្រងផែនដី ? មានពរហើយអស់អ្នកដែលត្រូវគេបៀតបៀន ? ពួកអាចារ្យ និងពួកផារិស៊ីពុំបានបង្រៀនរឿងដូច្នោះនោះទេ ។ ប៉ុន្តែពួកអ្នកដែលពិតជាយល់អំពីក្រឹត្យវិន័យរបស់ព្រះ បានរៀបចំសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។ « ភ្នែកឲ្យធួននឹងភ្នែក » និង « ស្អប់ខ្មាំងសត្រូវឯង » ជាក្រឹត្យវិន័យដែលទាបជាង ( ម៉ាថាយ ៥:៣៨, ៤៣ ) ។ ប៉ុន្ដែព្រះយេស៊ូវគ្រីស្ទបានមកដើម្បីបង្រៀនពីក្រឹត្យវិន័យដែលខ្ពស់ជាង ( សូមមើល នីហ្វៃទី៣ ១៥:២–១០ ) ដែលបានរៀបចំឡើងដើម្បីជួយយើងឲ្យថ្ងៃណាមួយ « បានគ្រប់លក្ខណ៍ដូចព្រះវរបិតានៃ [ យើង ] ដែលគង់នៅស្ថានសួគ៌ទ្រង់គ្រប់លក្ខណ៍ដែរ » ( ម៉ាថាយ ៥:៤៨ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ម៉ាថាយ ៥:១–១២; លូកា ៦:២០–២៦, ៤៦–៤៩
សុភមង្គលយូរអង្វែងកើតមកពីការរស់នៅតាមរបៀបដែលព្រះយេស៊ូវបានបង្រៀន ។
មនុស្សគ្រប់រូបចង់បានក្ដីរីករាយ ប៉ុន្តែមនុស្សគ្រប់រូបពុំស្វែងរកសុភមង្គលនៅកន្លែងដូចគ្នានោះទេ ។ មនុស្សខ្លះស្វែងរកវានៅក្នុងអំណាច និងតំណែងខាងលោកិយ ឯអ្នកដទៃទៀតនៅក្នុងទ្រព្យសម្បត្តិ ឬនៅក្នុងការស្កប់ស្កល់នូវការស្រេកឃ្លានខាងរូបកាយ ។ ព្រះយេស៊ូវគ្រីស្ទបានយាងមកបង្រៀនអំពីរបៀបដើម្បីទទួលបានសុភមង្គលយូរអង្វែង ដើម្បីបង្រៀនអត្ថន័យពិតដើម្បីទទួលបានពរជ័យ ។ តើបងប្អូនបានរៀនអ្វីខ្លះអំពីការទទួលបានសុភមង្គលយូរអង្វែងមកពី ម៉ាថាយ ៥:១–១២ និង លូកា ៦:២០–២៦ ? តើរឿងនេះខុសគ្នាពីការមើលឃើញរបស់លោកិយអំពីសុភមង្គលយ៉ាងដូចម្ដេច ?
តើខគម្ពីរទាំងនេះ រួមជាមួយនឹង លូកា ៦:៤៦–៤៩ បង្រៀនបងប្អូនអំពីការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងណាខ្លះ ? តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍគុណសម្បត្តិដូចដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ?
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « បទប្រទានពរ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org « Sermon on the Mount: The Beatitudes » ( វីដែអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
« អ្នករាល់គ្នាគឺជាអំបិលនៃផែនដី » ។
អំបិលត្រូវបានប្រើប្រាស់ដើម្បីរក្សាទុកអ្វីមួយឲ្យបានយូរ ផ្ដល់រសជាតិ និងបន្សុទ្ធជាយូរលង់មកហើយ ។ អំបិលក៏មានអត្ថន័យខាងសាសនាផងដែរចំពោះពួកសាសន៍អ៊ីស្រាអែល ។ វាមានជាប់ទាក់ទងជាមួយនឹងការអនុវត្តនូវយញ្ញបូជាសត្វពីបុរាណ នៅក្រោមច្បាប់ម៉ូសេ ( សូមមើល លេវីវិន័យ ២:១៣; ជនគណនា ១៨:១៩) ។ នៅពេលអំបិលបាត់បង់ជាតិប្រៃរបស់វា វាឥតបានការ ឬ « គ្មានប្រយោជន៍ » ( ម៉ាថាយ ៥:១៣ ) ។ អំបិលបាត់បង់ជាតិប្រៃ នៅពេលយកវាទៅច្របល់ ឬលាយនឹងសារធាតុអ្វីផ្សេងៗទៀតនោះ ។
សូមចាំរឿងនេះនៅក្នុងចិត្ត កាលដែលបងប្អូនពិចារណាពី ម៉ាថាយ ៥:១៣ ។ តើបងប្អូននឹងរក្សារសជាតិរបស់បងប្អូនដោយរបៀបណា ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើបងប្អូនបំពេញកិច្ចការនៃការរក្សារសជាតិ និងបន្សុទ្ធរបស់បងប្អូនយ៉ាងដូចម្ដេច ក្នុងនាមជាអំបិលនៃផែនដីនេះ ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣:៩–១០ ។
ក្រឹត្យវិន័យរបស់ព្រះគ្រីស្ទជំនួសឲ្យក្រឹត្យវិន័យរបស់លោកម៉ូសេ ។
ពួកសិស្សអាចនឹងភ្ញាក់ផ្អើលពេលស្ដាប់ព្រះយេស៊ូវមានព្រះបន្ទូលថា សេចក្តីសុចរិតរបស់ពួកគេចាំបាច់ត្រូវមានច្រើនជាងពួកអាចារ្យ និងពួកផារិស៊ី ( សូមមើល ម៉ាថាយ ៥:២០ ) ដែលបានអួតខ្លួនឯងអំពីរបៀបដែលពួកគេរក្សាក្រឹត្យវិន័យរបស់លោកម៉ូសេបានល្អ ។
នៅពេលបងប្អូនអាន ម៉ាថាយ ៥:២១–៤៨ និង លូកា ៦:២៧–៣៥ សូមពិចារណាធ្វើការគូសចំណាំទាំងតម្រូវការខាងឥរិយាបទក្នុងក្រឹត្យវិន័យម៉ូសេ ( អ្នករាល់គ្នាបានឮ … » ) និងអ្វីដែលព្រះយេស៊ូវបានបង្រៀនដើម្បីលើកកម្ពស់ដល់ឥរិយាបទទាំងនេះ ។ តើបងប្អូនគិតថា ហេតុអ្វីក្រឹត្យវិន័យរបស់ព្រះអង្គសង្គ្រោះគឺជាក្រឹត្យវិន័យជាន់ខ្ពស់ ?
ឧទាហរណ៍ តើព្រះយេស៊ូវបានបង្រៀនអ្វីខ្លះនៅក្នុង ម៉ាថាយ ៥:២៧–២៨ អំពីការទទួលខុសត្រូវរបស់យើងចំពោះគំនិតរបស់យើង ? តើបងប្អូនអាចទទួលបានការគ្រប់គ្រងបន្ថែមលើគំនិត និងអារម្មណ៍ ដែលចូលមកក្នុងគំនិត និងដួងចិត្តរបស់បងប្អូនយ៉ាងដូចម្តេច ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៥ ) ។
សូមមើលផងដែរ « Sermon on the Mount: The Higher Law » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
តើព្រះវរបិតាសួគ៌ពិតជាមានព្រះទ័យរំពឹងឲ្យខ្ញុំបានល្អឥតខ្ចោះមែនឬ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
« ពាក្យ ល្អឥតខ្ចោះ ត្រូវបានបកប្រែមកពីភាសាក្រិក teleios ដែលមានន័យថា ‹ ពេញលេញ › ។ … ទម្រង់ដើមនៃកិរិយាសព្ទគឺ teleiono ដែលមានន័យថា ‹ ដើម្បីឈានដល់ទីបញ្ចប់ ដើម្បីអភិវឌ្ឍបានពេញលេញ ដើម្បីធ្វើឲ្យបរិបូរ ឬបញ្ចប់ › ។ សូមកត់ចំណាំថា ពាក្យនោះពុំមានន័យថា ‹ គ្មានកំហុស › នោះទេ វាមានន័យថា ‹ ការសម្រេចបានគោលបំណងដែលនៅឆ្ងាយ › ។…
« … ព្រះអម្ចាស់បានបង្រៀនថា ‹ អ្នករាល់គ្នាពុំអាចនៅក្នុងវត្តមាននៃព្រះបានឡើយនៅពេលនេះ … ហេតុដូច្នេះហើយចូរស៊ូនៅក្នុងសេចក្ដីអត់ធន់ចុះ រហូតដល់អ្នករាល់គ្នាបានល្អឥតខ្ចោះ › [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៧:១៣ ] ។
« យើងពុំត្រូវបាក់ទឹកចិត្តទេ ប្រសិនបើការខិតខំប្រឹងប្រែងយ៉ាងម៉ឹងម៉ាត់របស់យើងឆ្ពោះទៅរកភាពល្អឥតខ្ចោះក្នុងពេលនេះហាក់ដូចជាមានការលំបាកជាពន់ពេក ឬគ្មានទីបញ្ចប់នោះ ។ ភាពឥតខ្ចោះពុំទាន់អាចកើតឡើងបានទេ ។ មានតែបន្ទាប់ពីដំណើររស់ឡើងវិញ និងតាមរយៈព្រះអម្ចាស់ប៉ុណ្ណោះ ទើបភាពល្អឥតខ្ចោះបានពេញលេញ ។ ភាពល្អឥតខ្ចោះរង់ចាំពួកអ្នកទាំងអស់ណាដែលស្រឡាញ់ទ្រង់ និង រក្សាបទបញ្ញត្តិរបស់ទ្រង់ » ( «Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៦, ៨៨ ) ។
សូមមើលផងដែរ ពេត្រុស ទី២ ១:៣–១១; មរ៉ូណៃ ១០:៣២–៣៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៦៩; ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ម៉ាថាយ ៥:១–៩ ។តើគោលការណ៍ក្នុង ម៉ាថាយ ៥:១–៩ មួយណាដែលបានបង្រៀនថាអាចជួយធ្វើឲ្យគេហដ្ឋានរបស់បងប្អូនក្លាយជាទីកន្លែងដ៏កាន់តែរីករាយ ? បងប្អូនអាចជ្រើសរើសគោលការណ៍មួយ ឬពីរដែលសំខាន់ជាពិសេសចំពោះគ្រួសាររបស់បងប្អូន ។ ឧទាហរណ៍ តើយើងរកឃើញការបង្រៀនអ្វីខ្លះ ដែលអាចជួយយើងឲ្យធ្វើជាអ្នកដែលផ្សះផ្សាគេ ? ( សូមមើល ម៉ាថាយ ៥:២១–២៥, ៣៨–៤៤ ) ។ តើយើងអាចដាក់គោលដៅអ្វីខ្លះ ? តើយើងតាមដានយ៉ាងដូចម្ដេច ?
-
ម៉ាថាយ ៥:១៣ ។សូមទទួលទានអាហារមួយចំនួនដែលមានដាក់អំបិល និងអាហារដូចគ្នានោះដោយគ្មានដាក់អំបិលជាមួយគ្នា ។ តើយើងសម្គាល់ឃើញអាហារទាំងពីរនេះខុសគ្នាអ្វីខ្លះ ? តើ « ជាអំបិលនៃផែនដី » មានន័យដូចម្ដេច ? តើយើងធ្វើកិច្ចការនេះដោយរបៀបណា ?
-
ម៉ាថាយ ៥:១៤–១៦ ។ដើម្បីជួយគ្រួសារបងប្អូនយល់អំពីអត្ថន័យដើម្បីធ្វើជា « ពន្លឺនៃលោកិយ » នោះបងប្អូនអាចស្វែងរកប្រភពផ្តល់ពន្លឺមួយចំនួននៅក្នុងផ្ទះរបស់បងប្អូន ផ្ទះរបស់អ្នកជិតខាង និងនៅក្នុងពិភពលោក ។ វាអាចមានគុណប្រយោជន៍ដើម្បីបង្ហាញពីអ្វីដែលបានកើតឡើង នៅពេលបងប្អូនបាំងពន្លឺនោះ ។ តើព្រះយេស៊ូវចង់មានន័យយ៉ាងណា នៅពេលទ្រង់បានមានព្រះបន្ទូលថា « អ្នករាល់គ្នាជាពន្លឺនៃលោកិយ » ? ( ម៉ាថាយ ៥:១៤ ) ។ តើនរណាដែលយើងមើលឃើញថាជាពន្លឺសម្រាប់គ្រួសាររបស់យើង ? តើយើងអាចក្លាយជាពន្លឺដល់មនុស្សដទៃទៀតដោយរបៀបណា ? ( សូមមើល នីហ្វៃទី៣ ១៨:១៦, ២៤–២៥ ) ។
-
ម៉ាថាយ ៥:៤៣–៤៥ ។ពេលដែលគ្រួសាររបស់បងប្អូនអានព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ បងប្អូនអាចនិយាយជាពិសេសអំពីនរណាដែលបងប្អូនមានអារម្មណ៍ថាបងប្អូនអាចផ្តល់ក្តីស្រឡាញ់ ផ្ដល់ពរជ័យ និងអធិស្ឋានឲ្យ ។ តើយើងអាចបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេបានតាមរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « រះឡើង » សៀវភៅចម្រៀងកុមារ ទំព័រ ៩៦ ។