« ថ្ងៃទី ២០–២៦ ខែ កុម្ភៈ ។ ម៉ាថាយ ៦–៧ ៖ ‹ ទ្រង់បង្រៀនដូចជាមានអំណាច › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២០–២៦ ខែ កុម្ភៈ ។ ម៉ាថាយ ៦–៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២០–២៦ ខែ កុម្ភៈ
ម៉ាថាយ ៦–៧
« ទ្រង់បង្រៀនដូចជាមានអំណាច »
នៅពេលយើងអានព្រះគម្ពីរដោយមានចម្ងល់នៅក្នុងចិត្ត និងដោយមានបំណងប្រាថ្នាស្មោះដើម្បីយល់ដឹងពីអ្វីដែលព្រះវរបិតាសួគ៌ចង់ឲ្យយើងដឹង នោះយើងអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធមកបំផុសគំនិតយើង ។ នៅពេលបងប្អូនអាន ម៉ាថាយ ៦–៧ សូមយកចិត្តទុកដាក់ចំពោះចំណាប់អារម្មណ៍ទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ទេសនកថានៅលើភ្នំគឺជាសេចក្ដីបង្រៀនដ៏ល្បីល្បាញមួយនៅក្នុងគ្រិស្តសាសនា ។ ព្រះអង្គសង្គ្រោះបានបង្រៀនដោយប្រើរូបភាពប្រកបដោយអត្ថន័យ ដូចជាទីក្រុងមួយសង់នៅលើភ្នំផ្កាឈូកនៅក្នុងបឹង និងឆ្កែចចកពាក់រោមចៀម ។ ប៉ុន្តែទេសនកថានៅលើភ្នំគឺមានអត្ថន័យអស្ចារ្យជាងការគ្រាន់តែថ្លែងសុន្ទរកថាដ៏ពីរោះមួយទៅទៀត ។ ព្រះចេស្តានៃការបង្រៀនរបស់ព្រះអង្គសង្គ្រោះទៅកាន់ពួកសិស្សរបស់ទ្រង់ អាចផ្លាស់ប្ដូរជីវិតរបស់យើង ជាពិសេសនៅពេលយើងរស់នៅតាមការបង្រៀនទាំងនោះ ។ បន្ទាប់មកព្រះបន្ទូលរបស់ទ្រង់បានមានអត្ថន័យខ្លាំងជាងពាក្យសម្ដី ហើយវាបានក្លាយជាគ្រឹះដ៏រឹងមាំមួយសម្រាប់ជីវិត ដូចជាផ្ទះរបស់មនុស្សប៉ិនប្រយ័ត្នអាចទប់ទល់នឹងខ្យល់ និងទឹកជំនន់របស់លោកិយដូច្នោះដែរ ( សូមមើល ម៉ាថាយ ៧:២៤–២៥ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ការរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះអាចជួយខ្ញុំឲ្យក្លាយដូចជាទ្រង់បាន ។
ទេសនកថានៅលើភ្នំរួមមាននូវគោលការណ៍ដំណឹងល្អជាច្រើន ។ នៅពេលបងប្អូនសិក្សាជំពូកទាំងនេះ សូមទូលសួរព្រះអម្ចាស់នូវអ្វីដែលទ្រង់មានព្រះទ័យចង់ឲ្យបងប្អូនរៀន ។
គោលការណ៍មួយដែលបងប្អូនអាចរកឃើញ គឺតម្រូវការដើម្បីផ្ដល់អាទិភាពដល់កិច្ចការរបស់ព្រះលើកិច្ចការរបស់លោកិយ ។ តើការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៦–៧ មួយណា ដែលជួយបងប្អូនឲ្យផ្ដោតទៅលើរឿងស្ថានសួគ៌ ? តើបងប្អូនមានគំនិត និងចំណាប់អារម្មណ៍អ្វីខ្លះ ? តើបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ? សូមពិចារណាធ្វើការកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន ។ ឧទាហរណ៍ ៖
ខ្ញុំចង់យកចិត្តទុកដាក់លើអ្វីដែលព្រះទ្រង់ព្រះតម្រិះអំពីខ្ញុំ ច្រើនជាងអ្វីដែលមនុស្សដទៃគិតពីខ្ញុំ ។ | |
គោលការណ៍មួយទៀតនៅក្នុង ម៉ាថាយ ៦–៧ គឺការអធិស្ឋាន ។ សូមចំណាយពេលមួយសន្ទុះវាយតម្លៃអំពីការអធិស្ឋានរបស់បងប្អូន ។ តើបងប្អូនមានអារម្មណ៍យ៉ាងណា ពេលបងប្អូនកំពុងខិតខំខិតទៅកាន់តែជិតនឹងព្រះតាមរយៈការអធិស្ឋាន ? តើការបង្រៀនអ្វីខ្លះនៅក្នុង ម៉ាថាយ ៦–៧ ដែលបំផុសគំនិតបងប្អូនឲ្យកែលម្អរបៀបដែលបងប្អូនអធិស្ឋាន ? សូមកត់ត្រាចំណាប់អារម្មណ៍ដែលបងប្អូនមាន ។ ឧទាហរណ៍ ៖
នៅពេលខ្ញុំអធិស្ឋាន ខ្ញុំចង់ពោលព្រះនាមរបស់ព្រះវរបិតាសួគ៌ដោយមានគារវភាព ។ | |
នៅពេលខ្ញុំអធិស្ឋាន ខ្ញុំអាចបង្ហាញពីបំណងប្រាថ្នារបស់ខ្ញុំថា ព្រះទ័យរបស់ព្រះអម្ចាស់នឹងបានសម្រេច ។ | |
បងប្អូនអាចពិចារណាធ្វើការអានទេសនកថានៅលើភ្នំម្ដងទៀត ដោយរកមើលគោលការណ៍ ឬសារលិខិតដដែលៗ ដែលអនុវត្តជាពិសេសចំពោះបងប្អូន ។ សូមកត់ត្រានូវអ្វីដែលបងប្អូនរកឃើញនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់បងប្អូនអំពីគំនិត និងចំណាប់អារម្មណ៍របស់បងប្អូនផងដែរ ។
តើការប្រើ « ពាក្យឥតប្រយោជន៍ផ្ទួនៗ » នៅក្នុងការអធិស្ឋានមានន័យយ៉ាងណា ?
ជាញឹកញាប់មនុស្សយល់ថា « ពោលពាក្យឥតប្រយោជន៍ផ្ទួនៗ » មានន័យថាជាការនិយាយពាក្យដដែលៗម្ដងហើយម្ដងទៀត ។ ទោះជាយ៉ាងណាក៏ដោយពាក្យ ឥតប្រយោជន៍ អាចពិពណ៌នាអំពីអ្វីមួយដែលពុំមានតម្លៃ ។ ការប្រើ « ពាក្យឥតប្រយោជន៍ផ្ទួនៗ » នៅក្នុងការអធិស្ឋានអាចមានន័យថា ការអធិស្ឋានដោយពុំមានចិត្តស្មោះ ពុំមានអារម្មណ៍ចេញពីចិត្ត ( សូមមើល អាលម៉ា ៣១:១២–២៣) ។
ខ្ញុំអាចវិនិច្ឆ័យដោយសុចរិត ។
នៅក្នុង ម៉ាថាយ ៧:១ ព្រះអង្គសង្គ្រោះហាក់ដូចជាមានព្រះបន្ទូលថា យើងពុំគួរវិនិច្ឆ័យគេទេ ប៉ុន្តែនៅក្នុងបទគម្ពីរផ្សេងទៀត ( រួមទាំងខគម្ពីរផ្សេងៗទៀតនៅក្នុងជំពូកនេះ ) ទ្រង់ប្រទានការណែនាំដល់យើងអំពីរបៀបវិនិច្ឆ័យ ។ បើរឿងនោះហាក់ដូចជាគួរឲ្យឆ្ងល់ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ អំពីខគម្ពីរនេះអាចជួយបាន ៖ « កុំវិនិច្ឆ័យ ដោយមិនសុចរិត ដើម្បីកុំឲ្យបងប្អូនត្រូវបានគេវិនិច្ឆ័យ ប៉ុន្ដែចូរវិនិច្ឆ័យសេចក្ដីវិនិច្ឆ័យសុចរិតវិញ » ( នៅក្នុង ម៉ាថាយ ៧:១ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង ម៉ាថាយ ៧:១–៥ ព្រមជាមួយនឹងអ្វីផ្សេងទៀតក្នុងជំពូកនោះ ដែលជួយបងប្អូនឲ្យដឹងអំពីរបៀប « វិនិច្ឆ័យសេចក្ដីវិនិច្ឆ័យសុចរិត » ?
សូមមើលផងដែរ Gospel Topics « Judging Others » មាននៅលើគេហទំព័រ topics.ChurchofJesusChrist.org និង លីន ជី រ៉ូប៊ីន « The Righteous Judge » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៦–៩៨ ។
ខ្ញុំមកស្គាល់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការធ្វើតាមព្រះទ័យរបស់ទ្រង់ ។
ឃ្លា « យើងមិនដែលបានស្គាល់ឯងរាល់គ្នាទេ » នៅក្នុង ម៉ាថាយ ៧:២៣ ត្រូវបានផ្លាស់ប្ដូរនៅក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធទៅជា « អ្នករាល់គ្នាពុំដែលស្គាល់ខ្ញុំទេ » ។ តើការផ្លាស់ប្ដូរនេះជួយបងប្អូនឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលព្រះអម្ចាស់បានបង្រៀននៅក្នុង ខទី ២១–២២ អំពីការធ្វើតាមព្រះទ័យរបស់ទ្រង់យ៉ាងដូចម្ដេច ? តើបងប្អូនមានអារម្មណ៍ថាបងប្អូនស្គាល់ព្រះអម្ចាស់ច្បាស់ប៉ុណ្ណា ? តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីស្គាល់ទ្រង់បានកាន់តែច្បាស់ ?
សូមមើលផងដែរ ដេវីឌ អេ បែដណា « If Ye Had Known Me » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០២–១០៥ ។
ការគោរពតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះស្ថាបនាគ្រឹះដ៏មាំមួនសម្រាប់ជីវិតខ្ញុំ ។
ការរស់នៅតាមដំណឹងល្អពុំដកចេញនូវការលំបាកពីជីវិតរបស់យើងនោះទេ ។ ផ្ទះទាំងពីរនៅក្នុងពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៧:២៤–២៧ បានជួបនឹងខ្យល់ព្យុះដូចគ្នា ។ ប៉ុន្តែផ្ទះមួយអាចទប់ទល់នឹងខ្យល់ព្យុះបាន ។ តើការរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះស្ថាបនានូវគ្រឹះដ៏រឹងមាំមួយសម្រាប់បងប្អូនដោយរបៀបណា ? តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះដើម្បីបន្តសង់ « ផ្ទះខ្លួននៅលើថ្ម » ? ( សូមមើល ខទី ២៤ ) ។
សូមមើលផងដែរ ហេលេមិន ៥:១២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
ម៉ាថាយ ៦–៧ ។របៀបមួយដើម្បីរៀនមកពី ម៉ាថាយ ៦–៧ ជាគ្រួសារមួយ គឺត្រូវមើលវីដេអូ « Sermon on the Mount: The Lord’s Prayer ( ទេសនកថានៅលើភ្នំ ៖ ការអធិស្ឋានរបស់ព្រះអម្ចាស់ ) » និង « Sermon on the Mount: Treasures in Heaven ( ទេសនកថានៅលើភ្នំ ៖ ទ្រព្យសម្បត្តិនៅស្ថានសួគ៌ ) » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សមាជិកគ្រួសារអាចមើលតាមនៅក្នុងគម្ពីររបស់ពួកគេ ហើយផ្អាកវីដេអូនៅពេលណាពួកគេស្ដាប់ឮអ្វីមួយដែលពួកគេចង់ពិភាក្សា ។ សកម្មភាពនេះអាចមានរយៈពេលជាច្រើនថ្ងៃ បើចាំបាច់ ។
2:184:33 -
ម៉ាថាយ ៦:៥–១៣ ។តើយើងអាចរៀនអ្វីខ្លះអំពីការអធិស្ឋានមកពីរបៀបដែលព្រះអម្ចាស់បានអធិស្ឋាន ? តើយើងអាចប្រើការអធិស្ឋានរបស់ទ្រង់ជាគំរូមួយដើម្បីកែលម្អការអធិស្ឋានផ្ទាល់ខ្លួន និងការអធិស្ឋានជាគ្រួសាររបស់យើងយ៉ាងដូចម្ដេច ? ( សូមមើលផងដែរ លូកា ១១:១–១៣) ។ បើបងប្អូនមានកូនតូចៗ បងប្អូនអាចហាត់អធិស្ឋានជាមួយគ្នា ។
-
ម៉ាថាយ ៦:៣៣ ។តើវាមានន័យយ៉ាងណាដើម្បី « ស្វែងរកនគរ … នៃព្រះជាមុនសិន » ? តើយើងធ្វើរឿងនេះជាបុគ្គល និងគ្រួសារយ៉ាងដូចម្ដេច ?
-
ម៉ាថាយ ៧:១–៥ ។ដើម្បីមើលឃើញពីការបង្រៀននៅក្នុងខគម្ពីរទាំងនេះ គ្រួសាររបស់បងប្អូនអាចរកមើលកម្ទេច ( ឈើដ៏តូចមួយ ) និងធ្នឹម ( បំណែកឈើធំមួយ ) ។ តើការប្រៀបធៀបឈើទាំងពីរនេះបង្រៀនយើងអ្វីខ្លះអំពីការវិនិច្ឆ័យមនុស្សដទៃទៀត ? ប្រសិនបើបងប្អូនចង់ស្រាវជ្រាវប្រធានបទនេះបន្ថែមទៀត បងប្អូនអាចប្រើប្រាស់ធនធាននៅក្នុង « Judging Others » ( Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
-
ម៉ាថាយ ៧:២៤–២៧ ។ដើម្បីជួយគ្រួសារបងប្អូនឲ្យយល់កាន់តែច្បាស់នូវពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះអំពីមនុស្សប៉ិនប្រយ័ត្ន និងមនុស្សល្ងង់ បងប្អូនអាចឲ្យពួកគេចាក់ទឹកនៅលើដីខ្សាច់ បន្ទាប់មកចាក់នៅលើដុំថ្មមួយ ។ តើយើងអាចសង់គ្រឹះខាងវិញ្ញាណរបស់យើងនៅលើថ្មយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « មនុស្សប្រាជ្ញា និងមនុស្សល្ងង់ » សៀវភៅចម្រៀងកុមារ ទំព័រ ១៣២ ។