« ថ្ងៃទី ២០–២៦ ខែ កុម្ភៈ ។ ម៉ាថាយ ៦–៧ ៖ ‹ ទ្រង់បង្រៀនដូចជាមានអំណាច › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២០–២៦ ខែ កុម្ភៈ ។ ម៉ាថាយ ៦–៧ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២០–២៦ ខែ កុម្ភៈ
ម៉ាថាយ ៦–៧
« ទ្រង់បង្រៀនដូចជាមានអំណាច »
សូមចាប់ផ្ដើមដោយការអាន ម៉ាថាយ ៦–៧ ហើយគិតពីកុមារដែលបងប្អូនបង្រៀន ។ តើសារលិខិតអ្វីខ្លះចេញពីជំពូកទាំងនេះដែលពួកគេត្រូវស្តាប់ ? ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងគម្រោងមេរៀននេះ អាចជួយផ្ដល់គំនិតបង្រៀនដល់បងប្អូនតាមតម្រូវការ ។
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារតូចៗចែកចាយអ្វីដែលពួកគេបានធ្វើ កាលពីសប្ដាហ៍មុនដើម្បីក្លាយជាពន្លឺ ឬគំរូមួយដល់នរណាម្នាក់ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ដូចព្រះយេស៊ូវបានធ្វើដែរ ។
កុមារអាចរៀនអធិស្ឋាន តាមរយៈការស្ដាប់តាមការអធិស្ឋានរបស់អ្នកដទៃ ។ តើបងប្អូនអាចជួយពួកគេឲ្យរៀនពីការអធិស្ឋានរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងខគម្ពីរទាំងនេះដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមរំឭកការបង្រៀនរបស់ព្រះយេស៊ូវអំពីការអធិស្ឋានដែលមាននៅក្នុង ម៉ាថាយ ៦:៥–១៣ ឡើងវិញ ។ បងប្អូនអាចប្រើ « ជំពូក ២០ ៖ ព្រះយេស៊ូវបង្រៀនអំពីការអធិស្ឋាន » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មីទំព័រ ៥១–៥២ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។
NaN:NaN -
សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ដើម្បីជួយកុមារឲ្យចងចាំនូវផ្នែកខុសៗគ្នានៃការអធិស្ឋាន ។
-
សូមដានរូបដៃរបស់កុមារម្នាក់ៗនៅលើក្រដាសមួយសន្លឹក ។ សូមនិយាយអំពីអ្វីដែលប្រអប់ដៃ និងដៃរបស់យើងគួរធ្វើ កាលយើងអធិស្ឋាន ។ នៅលើគំរូដៃដាននីមួយៗ សូមសរសេរអ្វីមួយដែលយើងធ្វើដើម្បីបង្ហាញគារវភាព កាលយើងអធិស្ឋាន ( ឧទាហរណ៍ ឱនក្បាលរបស់យើងចុះ បិទភ្នែកយើង ។ល។ ) ។
-
សូមច្រៀងចម្រៀងអំពីការអធិស្ឋានជាមួយនឹងកុមារ ដូចជាបទ « យើងបន្ទន់កេសា » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៨ B ) ហើយសូមថ្លែងទីបន្ទាល់របស់អ្នកអំពីអំណាចនៃការអធិស្ឋាន ។ សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍របស់ពួកគេអំពីការអធិស្ឋាន ។
ខ្ញុំគួរប្រព្រឹត្តនឹងមនុស្សដទៃតាមរបៀបដែលខ្ញុំចង់ឲ្យគេប្រព្រឹត្តដាក់ខ្ញុំ ។
ការបង្រៀនរបស់ព្រះយេស៊ូវនៅក្នុង ម៉ាថាយ ៧:១២—ក៏ត្រូវបានស្គាល់ថាជាក្រឹត្យវិន័យមាស—ផ្ដល់នូវការដឹកនាំដ៏សាមញ្ញមួយអំពីរបៀបប្រព្រឹត្តនឹងមនុស្សដទៃ ។ តើមានអ្វីខ្លះដែលនឹងជួយកុមារដែលបងប្អូនបង្រៀនឲ្យរស់នៅតាមគោលការណ៍នេះ ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន ម៉ាថាយ ៧:១២ ហើយសម្រាយខគម្ពីរនេះជាពាក្យសាមញ្ញដែលកុមារអាចយល់បាន ។ សូមជួយកុមារឲ្យគិតអំពីរបៀបជាច្រើនដើម្បីបំពេញប្រយោគមួយដូចតទៅនេះ ៖ « ខ្ញុំពេញចិត្ត ពេលមនុស្សដទៃ ដាក់ខ្ញុំ » ។ បន្ទាប់ពីបំពេញប្រយោគនីមួយៗហើយ សូមឲ្យពួកគេថាឡើងវិញតាមបងប្អូន « ដូច្នេះខ្ញុំគួរតែ ដាក់មនុស្សដទៃ » ។
-
សូមច្រៀងជាមួយកុមារនូវបទចម្រៀងដែលបងប្អូនមានអារម្មណ៍ថាជួយពង្រឹង ម៉ាថាយ ៧:១២ ដូចជាបទ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៩ ) ។ សូមបង្កើតសកម្មភាពងាយៗដើម្បីអមនឹងចម្រៀងនេះ ។ សូមសួរកុមារថា តើពួកគេអាចរៀនអ្វីខ្លះអំពីរបៀបដែលយើងគួរប្រព្រឹត្តនឹងមនុស្សដទៃ តាមរយៈគំរូរបស់ព្រះអង្គសង្គ្រោះ ។
-
សូមឲ្យកុមារសរសេរនូវរឿងដែលឪពុកម្ដាយរបស់ពួកគេ ឬសមាជិកគ្រួសារផ្សេងទៀតបានធ្វើដាក់ពួកគេដោយសន្ដានចិត្តល្អ ។ សូមអាន ម៉ាថាយ ៧:១២ ហើយអញ្ជើញកុមារឲ្យរៀបរាប់រឿងល្អៗ ដែលពួកគេអាចធ្វើសម្រាប់ក្រុមគ្រួសាររបស់ពួកគេបាន ។
ខ្ញុំអាចកសាងគ្រឹះដ៏រឹងមាំមួយដោយការធ្វើតាមព្រះយេស៊ូវ ។
ការប្រើពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះអំពីការសង់ផ្ទះនៅលើខ្សាច់ ឬនៅលើថ្មអាចជារបៀបមួយដ៏ល្អ ដើម្បីបង្រៀនកុមារឲ្យចងចាំអំពីសារៈសំខាន់នៃការធ្វើតាមអ្វីដែលពួកគេរៀនសូត្រ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមច្រៀងជាមួយនឹងកុមារនូវបទ « មនុស្សប្រាជ្ញា និងមនុស្សល្ងង់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៣២ ) ហើយធ្វើកាយវិការតាមទំនុកបទចម្រៀង ។
-
សូមប្រើ ម៉ាថាយ ៧:២៤–២៧ ដើម្បីបង្រៀនអំពីភាពខុសគ្នារវាងមនុស្សប្រាជ្ញា និងមនុស្សល្ងង់ ។ សូមអញ្ជើញកុមារឲ្យធ្វើជាកំពុងសាងសង់ផ្ទះ ។ តើយើងអាចក្លាយដូចជាមនុស្សមានប្រាជ្ញាដោយរបៀបណា ?
-
សូមឲ្យកុមារគូររូបភាពពាក្យប្រៀបប្រដូចអំពីមនុស្សមានប្រាជ្ញា និងមនុស្សល្ងង់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ទេសនកថានៅលើភ្នំរួមមាននូវសារលិខិតសម្រាប់រូបខ្ញុំ ។
ជំពូកទាំងនេះមានសារលិខិតជាច្រើន ដែលអាចអនុវត្តចំពោះកុមារដែលបងប្អូនបង្រៀនបាន ។ សូមអានវាដោយស្ងាត់ស្ងៀមជាមួយនឹងកុមារ ។ តើមានអ្វីខ្លះលេចធ្លោចំពោះបងប្អូន ?
សកម្មភាពដែលអាចធ្វើបាន
-
សូមរំឭកកុមារថា ពួកគេកំពុងរៀនអំពីអ្វីដែលព្រះយេស៊ូវបានបង្រៀនអំឡុងទេសនកថានៅលើភ្នំ ។ តើពួកគេអាចចងចាំសេចក្ដីពិតអ្វីខ្លះមកពីមេរៀនសប្ដាហ៍មុន?
-
សូមសរសេរឃ្លាមួយចំនួនមកពីទេសនកថានៅលើភ្នំ និងឃ្លាផ្សេងទៀតខ្លះដែលមិនមែនមកពីព្រះគម្ពីរដាក់នៅលើក្ដារខៀន ។ សូមអញ្ជើញកុមារឲ្យស្វែងរកថា តើឃ្លាណាមួយចេញមកពីទេសនកថានៅលើភ្នំ ។ សូមស្នើសុំឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានរៀនមកពីការបង្រៀនទាំងនេះ ។
-
សូមជ្រើសរើសខគម្ពីរបីបួនចេញពី ម៉ាថាយ ៦–៧ ដែលបងប្អូនយល់ថាមានអត្ថន័យចំពោះកុមារ ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរនៅលើកាត ហើយលាក់វាក្នុងថ្នាក់ ។ សូមឲ្យកុមារដើររកកាតទាំងនោះ អានខគម្ពីរទាំងនោះ ហើយពន្យល់ពីមូលហេតុដែលការបង្រៀនទាំងនេះមានសារៈសំខាន់ចំពោះពួកគេ ។
-
សូមចែកចាយវគ្គបទគម្ពីរមួយដែលបងប្អូនចូលចិត្តចេញមកពី ម៉ាថាយ ៦–៧ និងពន្យល់ពីមូលហេតុដែលបងប្អូនចូលចិត្តវគ្គបទគម្ពីរនេះ ។ ប្រសិនបើកុមារមានវគ្គបទគម្ពីរមួយដែលពួកគេចូលចិត្ត សូមឲ្យពួកគេចែកចាយពីមូលហេតុ និងអ្វីដែលពួកគេបានរៀនចេញពីវគ្គបទគម្ពីរនោះ ។
-
សូមច្រៀងចម្រៀងមួយបទជាមួយកុមារអំពីព្រះអង្គសង្គ្រោះ និងការបង្រៀនរបស់ទ្រង់ ដូចជាបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤០–៤១ ) ។ សូមឈប់បទចម្រៀង នៅពេលបងប្អូនឮឃ្លាដែលទាក់ទងនឹងគោលការណ៍មួយ ដែលបានបង្រៀននៅក្នុង ម៉ាថាយ ៦–៧ ។ សូមជួយកុមារឲ្យបង្កើតទំនាក់ទំនងទៅនឹងរឿងដែលពួកគេកំពុងរៀនចេញពីជំពូកទាំងនេះ ។
ព្រះវរបិតាសួគ៌ទ្រង់នឹងព្រះសណ្ដាប់ ហើយឆ្លើយតបនឹងខ្ញុំ កាលខ្ញុំអធិស្ឋាន ។
កាលបងប្អូនសិក្សា ម៉ាថាយ ៦:៥–១៣; ៧:៧–១១ តើបងប្អូនគិតថា កុមារត្រូវការយល់អ្វីខ្លះអំពីការអធិស្ឋាន ?
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារអានឮៗក្នុង ម៉ាថាយ ៦:៩–១៣ រួចហើយសរសេរនូវរឿងដែលព្រះអង្គសង្គ្រោះបានមានបន្ទូលនៅក្នុងការអធិស្ឋានរបស់ទ្រង់ ។ តើយើងអាចធ្វើតាមគំរូរបស់ទ្រង់ កាលយើងអធិស្ឋានដោយរបៀបណា ?
-
សូមច្រៀងចម្រៀងអំពីការអធិស្ឋានជាមួយនឹងកុមារដូចជាបទ « តើបានអធិស្ឋានទេ ? » ( ទំនុកតម្កើង ល.រ. ៧៩ ) ។ សូមជួយកុមារឲ្យស្រាវជ្រាវរកទំនុកបទចម្រៀង ដើម្បីរកហេតុផលដែលយើងត្រូវអធិស្ឋាន និងពរជ័យដែលបានមកពីការអធិស្ឋាន ។
-
សូមជួយកុមារឲ្យទន្ទេញ ម៉ាថាយ ៧:៧ ដោយការលេងល្បែងកម្សាន្តដូចតទៅ ៖ កុមារម្នាក់ទន្ទេញពាក្យ ឬឃ្លាទីមួយមកពីខគម្ពីរនេះ រួចហើយបោះបាល់ទៅកុមារផ្សេងទៀត ដែលត្រូវទន្ទេញពាក្យ ឬឃ្លាបន្ទាប់ ។
-
សូមសម្ដែងរឿងតាម ម៉ាថាយ ៧:៩–១០ ជាមួយនឹងកុមារដោយប្រើសម្ភារធម្មតាៗ ។ សូមឲ្យកុមារចែកចាយអ្វីដែលបទគម្ពីរនេះបង្រៀនពួកគេអំពីការអធិស្ឋាន ។
-
សូមចែកចាយបទពិសោធន៍មួយ ដែលការអធិស្ឋានរបស់បងប្អូនត្រូវបានឆ្លើយតប ។
ខ្ញុំអាចស្វែងរកទ្រព្យសម្បត្តិដែលនៅអស់កល្បជានិច្ច ជាជាងតាមរកទ្រព្យសម្បត្តិខាងលោកិយ ។
តើបងប្អូននឹងជួយកុមារដែលបងប្អូនបង្រៀនឲ្យផ្ដល់តម្លៃខ្ពស់លើរឿងអស់កល្បជានិច្ចជាងលើរឿងខាងលោកិយដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមយកហិប « កំណប់ទ្រព្យ » មួយដែលដាក់នូវវត្ថុ ឬរូបភាពដែលតំណាងឲ្យរឿងដែលពិភពលោកនេះឲ្យតម្លៃ—ឧទាហរណ៍ លុយកាក់ ឬប្រដាប់លេង ។ សូមអាន ម៉ាថាយ ៦:១៩–២១ រួមគ្នា បន្ទាប់មកសូមឲ្យកុមារជួយបងប្អូនគិតអំពីទ្រព្យសម្បត្តិនៅស្ថានសួគ៌ ដែលអាចជំនួសឲ្យរបស់របរខាងលោកិយនៅក្នុងហិបនេះ ។
-
សូមឲ្យកុមារប្រាប់ ឬគូររឿងមួយចំនួនដែលពួកគេអាចធ្វើបានដើម្បី « ប្រមូលទ្រព្យសម្បតិ្ត…នៅឯស្ថានសួគ៌វិញ » ( ម៉ាថាយ ៦:២០ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយនឹងក្រុមគ្រួសាររបស់ពួកគេ នូវការបង្រៀនដែលពួកគេចូលចិត្តចេញពីទេសនកថានៅលើភ្នំ ។