« ថ្ងៃទី ៦–១២ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ ៖ ‹ ត្រូវតែកើតជាថ្មី › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៦–១២ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៦–១២ ខែ កុម្ភៈ
យ៉ូហាន ២–៤
« ត្រូវតែកើតជាថ្មី »
នៅក្នុងថ្នាក់អង្គការបឋមសិក្សាដ៏ខ្លីមួយ បងប្អូនមិនអាចមានពេលបង្រៀនរាល់គោលការណ៍សំខាន់ទាំងអស់ដែលមាននៅក្នុង យ៉ូហាន ២–៤ ឡើយ ។ សូមស្វែងរកការណែនាំខាងវិញ្ញាណអំពីអ្វីដែលត្រូវសង្កត់ធ្ងន់ដើម្បីបំពេញតាមតម្រូវការ និងចំណាប់អារម្មណ៍របស់កុមារឲ្យបានល្អបំផុត ។
អញ្ជើញឲ្យចែកចាយ
ដើម្បីលើកទឹកចិត្តកុមារឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀន និងដកពិសោធន៍ សូមសួរពួកគេពីអ្វីដែលពួកគេទើបធ្វើនាពេលថ្មីៗនេះដើម្បីធ្វើជា « អ្នកនេសាទមនុស្ស » ( យ៉ូហាន ៤:១៩ ) ។ បងប្អូនអាចចង់រំឭកមេរៀនកាលពីសប្ដាហ៍មុនជាមួយនឹងពួកគេ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំចាំបាច់ត្រូវទទួលពិធីបុណ្យជ្រមុជទឹក ហើយទទួលពិធីបញ្ជាក់ ដើម្បីត្រឡប់ទៅរស់នៅជាមួយនឹងព្រះវរបិតាសួគ៌វិញ ។
កុមារដែលបងប្អូនបង្រៀនកំពុងរៀបចំខ្លួនឈានជំហានដ៏សំខាន់ ដើម្បីទៅរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ម្ដងទៀត តាមរយៈការទទួលពិធីបុណ្យជ្រមុជទឹក ( កើតពីទឹក ) និងការទទួលពិធីបញ្ជាក់ ( កើតពីព្រះវិញ្ញាណ ) ។ តើបងប្អូនអាចជួយពួកគេឲ្យយល់ពីសារៈសំខាន់នៃពិធីបរិសុទ្ធទាំងពីរនេះដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសង្ខេបដំណើររឿងព្រះយេស៊ូវបង្រៀននីកូដេម ( សូមមើល យ៉ូហាន ៣:១–១០ ) ។ សូមសន្យានឹងកុមារថា នៅពេលពួកគេទទួលពិធីបុណ្យជ្រមុជទឹក នោះព្រះវរបិតាសួគ៌នឹងប្រទានដល់ពួកគេនូវអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។
-
សូមបង្ហាញទំព័រសកម្មភាពសប្ដាហ៍នេះដល់កុមារ ហើយសូមឲ្យពួកគេពិពណ៌នាពីគំនូរនេះ ។ សូមអាន យ៉ូហាន ៣:៥ ហើយថ្លែងទីបន្ទាល់ថា យើងត្រូវទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ដើម្បីរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ម្ដងទៀត ។
-
សូមឲ្យកុមារនិយាយអំពីអ្វីដែលពួកគេធ្វើ នៅពេលលាងដៃរបស់ពួកគេ ។ សូមបង្ហាញរូបភាព កុមារីកំពុងទទួលពិធីបុណ្យជ្រមុជទឹក ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៤ ) ហើយជួយឲ្យកុមារប្រៀបធៀបការលាងដៃរបស់យើងជាមួយទឹក ទៅនឹងការបានស្អាតខាងវិញ្ញាណតាមរយៈពិធីបុណ្យជ្រមុជទឹក ។
ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ដូច្នេះទ្រង់បានប្រទានដល់ខ្ញុំនូវព្រះអង្គសង្គ្រោះមួយអង្គ ។
តើបងប្អូនអាចជួយកុមារឲ្យរៀនពីសេចក្ដីពិតដ៏មានតម្លៃនេះតាមវិធីណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារបំពេញប្រយោគដូចជាប្រយោគមួយនេះ ៖ « ដោយសារឪពុកម្ដាយខ្ញុំស្រឡាញ់ខ្ញុំ នោះពួកគាត់… » សូមអាន យ៉ូហាន ៣:១៦ ។ បន្ទាប់មក សូមឲ្យកុមារម្នាក់ៗអាន យ៉ូហាន ៣:១៦ សាឡើងវិញ ដោយជំនួសពាក្យ « មនុស្សលោក » ដោយឈ្មោះរបស់គាត់ ឬនាងផ្ទាល់ ។ សូមជួយកុមារឲ្យកត់សម្គាល់នៅក្នុងខគម្ពីរនេះ នូវអ្វីដែលព្រះវរបិតាសួគ៌បានធ្វើ ដោយសារទ្រង់ស្រឡាញ់យើង ។ សូមអញ្ជើញកុមារឲ្យគូររូបភាពព្រះយេស៊ូវ ។ សូមឲ្យពួកគេចែកចាយគំនូររបស់ពួកគេជាមួយគ្នាទៅវិញទៅមក ហើយបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះអង្គសង្គ្រោះ ។
-
សូមច្រៀងចម្រៀងមួយបទអំពីព្រះយេស៊ូវជាមួយគ្នា ដូចជាបទ « ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ) ។ សូមឲ្យកុមារលើករូបភាពព្រះយេស៊ូវឡើង រាល់ពេលពួកគេច្រៀងពាក្យដូចជាពាក្យ « បុត្រា » « យេស៊ូវ » ឬ « ព្រះអង្គសង្រ្គោះ » ។
ព្រះយេស៊ូវគ្រីស្ទគឺជា « ទឹករស់ » របស់ខ្ញុំ ។
កុមារនៅក្នុងថ្នាក់របស់បងប្អូនទាំងអស់អាចយល់ពីអារម្មណ៍នៃការស្រេកទឹក ។ តើបងប្អូនអាចប្រើបទពិសោធន៍នោះ ដើម្បីជួយពួកគេឲ្យយល់ពីទំហំដ៏ធំដែលយើងត្រូវការទឹករស់ ដែលព្រះយេស៊ូវគ្រីស្ទប្រទានមកដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមប្រើរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីតំណាលរឿងអំពីព្រះយេស៊ូវ និងស្ដ្រីនៅមាត់អណ្ដូង ( សូមមើល យ៉ូហាន ៤:៥–១៥ ) ។ សូមឲ្យកុមារតំណាលរឿងនោះម្ដងទៀត ។
-
សូមបង្ហាញទឹកមួយកែវ ហើយសូមប្រាប់កុមារអំពីមូលហេតុដែលយើងត្រូវការទឹក ។ សូមសង្ខេប យ៉ូហាន ៤:៥–១៥ហើយសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ប្រទានជីវិតដល់វិញ្ញាណរបស់យើង គឺដូចជាទឹកផ្ដល់ជីវិតដល់រាងកាយរបស់យើងដូច្នោះដែរ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចគោរពម្ដាយខ្ញុំ ដូចព្រះយេស៊ូវបានធ្វើដែរ ។
នៅឯពិធីមង្គលការនៅភូមិកាណា ម៉ារាបានប្រាប់ព្រះយេស៊ូវថា ស្រាទំពាំងបាយជូរអស់ហើយ ។ យោងតាមការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ព្រះយេស៊ូវបានមានបន្ទូលតបទៅមាតារបស់ទ្រង់ដោយសួរថា « មាតាអើយ តើមាតាចង់ឲ្យទូលបង្គំធ្វើអ្វីសម្រាប់មាតា នោះទូលបង្គំនឹងធ្វើការណ៍នោះ » ( នៅក្នុង យ៉ូហាន ២:៤ ) ។ ព្រះយេស៊ូវគឺជាគំរូមួយនៃរបៀបដែលយើងគួរតែប្រព្រឹត្តចំពោះម្ដាយរបស់យើង ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យអាន យ៉ូហាន ២:១–១១ ហើយប្ដូរវេនគ្នាប្រាប់ពីដំណើររឿងតាមពាក្យពេចន៍របស់ពួកគេផ្ទាល់ ។
-
សូមឲ្យកុមារសរសេរក្នុងបញ្ជីនូវកិច្ចការនានា ដែលម្ដាយរបស់ពួកគេអាចចង់ឲ្យពួកគេជួយធ្វើ ។ សូមឲ្យពួកគេអនុវត្តតាមអ្វីដែលពួកគេអាចនិយាយទៅកាន់ម្ដាយរបស់គេ ដោយប្រើព្រះបន្ទូលរបស់ព្រះយេស៊ូវមួយចំនួន ៖ « អ្នកម្ដាយអើយ តើអ្នកម្ដាយចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នកម្ដាយ ? »
-
សូមឲ្យម្ដាយមួយចំនួនមកកាន់ថ្នាក់របស់បងប្អូន ហើយចែកចាយអ្វីដែលកូនៗរបស់គាត់ធ្វើដើម្បីបង្ហាញការគោរពចំពោះពួកគាត់ ។
ការទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់គឺដូចជាការកើតជាថ្មីម្ដងទៀត ។
នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ដែលព្រះយេស៊ូវបានហៅថា « កើតអំពីទឹក » នោះយើងទទួលបានការផ្ដាច់បាបរបស់យើង ហើយអាច « ចូលទៅក្នុងនគរព្រះបាន » ( យ៉ូហាន ៣:៥ ) ។ តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យយល់ពីអត្ថន័យនៃការកើតជាថ្មីយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមធ្វើស្លាកពាក្យបង្ហាញពីព្រះបន្ទូលរបស់ព្រះអង្គសង្រ្គោះនៅក្នុង យ៉ូហាន ៣:៣ ហើយឲ្យកុមារតម្រៀបវាតាមលំដាប់លំដោយត្រឹមត្រូវ ។ តើការទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់គឺដូចជាការកើតជាថ្មីម្ដងទៀតដោយរបៀបណា ?
-
សូមបង្ហាញរូបភាពទារកដែលទើបកើតម្នាក់ និងរូបនរណាម្នាក់ដែលកំពុងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ១០៤–៥ ) ។ តើយើងដូចជាទារកដែលទើបកើតម្នាក់ ក្រោយពីយើងទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ដោយរបៀបណា ? ( សូមមើល យ៉ូហាន ៣:៣–៥ ) ។
-
សូមអញ្ជើញកុមារឲ្យចែកចាយអនុស្សាវរីយ៍នៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ សូមអាន ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ដើម្បីរំឭកអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។ សូមបង្រៀនកុមារថា ការទទួលយកសាក្រាម៉ង់ដោយសញ្ជឹងគិតរាល់សប្ដាហ៍ គឺជារបៀបមួយដើម្បីបន្ដដំណើរការនៃការកើតជាថ្មីម្ដងទៀត ។
-
សូមជួយកុមារឲ្យទន្ទេញ មាត្រានៃសេចក្ដីជំនឿ ១:៤ ។
ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ ដូច្នេះទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មក ។
តើបងប្អូនអាចជួយកុមារឲ្យដឹងថា ព្រះយេស៊ូវគ្រីស្ទត្រូវបានបញ្ជូនមកកាន់ផែនដី ដើម្បីជាសញ្ញាបញ្ជាក់ប្រាប់ថា ព្រះវរបិតាសួគ៌ទ្រង់ស្រឡាញ់យើងយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារគូររូបភាពមួយអំពីអំណោយសំណព្វចិត្តរបស់ពួកគេ និងអ្នកដែលបានផ្ដល់អំណោយនោះដល់ពួកគេ ។ រួចមក សូមឲ្យកុមារម្នាក់អាន យ៉ូហាន ៣:១៦ ។ តើព្រះវរបិតាសួគ៌បានប្រទានអំណោយអ្វីដល់យើង ? តើអំណោយនេះបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់យ៉ាងដូចម្ដេច ?
-
សូមឲ្យកុមារស្វែអរកចម្លើយចំពោះសំណួរ « ហេតុអ្វីបានជាព្រះវរបិតាសួគ៌បានបញ្ជូនព្រះ យេស៊ូវគ្រីស្ទដល់យើង ? »កាលពួកគេអាន យ៉ូហាន ៣:១៦–១៧ ឬច្រៀង ឬស្តាប់បទ « ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០–៣៥ ) ។
ព្រះយេស៊ូវគ្រីស្ទប្រទាន « ទឹករស់ » ដល់ខ្ញុំ ។
ដូចជាព្រះយេស៊ូវបានប្រើទឹកដើម្បីបង្រៀនដល់ស្ដ្រីសាសន៍សាម៉ារីនោះដែរ បងប្អូនអាចប្រើទឹកដើម្បីបង្រៀនដល់កុមារពីមូលហេតុដែលយើងត្រូវការដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពដែលអាចធ្វើបាន
-
ដោយប្រើ យ៉ូហាន ៤:៥–២៣ សូមសរសេរប្រយោគសង្ខេបៗចេញពីដំណើររឿងរបស់ស្រ្តីនៅអណ្តូងទឹក ។ សូមឲ្យកុមារយោងទៅខគម្ពីរទាំងនេះដើម្បីដាក់ប្រយោគនេះឲ្យត្រូវតាមលំដាប់លំដោយ ។ តើព្រះយេស៊ូវបានព្យាយាមបង្រៀនអ្វីខ្លះដល់ស្ដ្រីនោះ ?
-
សូមឲ្យទឹកផឹកមួយកែវដល់កុមារ ហើយសូមឲ្យពួកគេចែកចាយបទពិសោធន៍កាលពួកគេស្រេកទឹក ។ សូមនិយាយអំពីអារម្មណ៍ដែលនៅទីបំផុតបានទទួលទឹកផឹក ។ សូមកុមារឲ្យដាក់ឈ្មោះវត្ថុទាំងឡាយដែលបំពេញចិត្តយើងនាពេលនេះ ដូចជាទឹកមួយកែវនោះ ។ តើមានវត្ថុអ្វីខ្លះដែលដូចជា « ទឹករស់ » ដែលអាចបំពេញចិត្តយើងជារៀងរហូតនោះ ?
-
សូមសរសេរនៅលើក្ដារខៀនថា តើដំណឹងល្អដូចជាទឹករស់ដោយរបៀបណា ? សូមឲ្យកុមារគិតអំពីរបៀបដែលពួកគេនឹងឆ្លើយនឹងសំណួរនេះ កាលពួកគេអាន យ៉ូហាន ៤:៥–២៣ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមពិចារណាសុំកុមារឲ្យផ្ដល់ទឹកផឹកមួយកែវដល់សមាជិកគ្រួសាររបស់ពួកគេ នៅពេលពួកគេទៅដល់ផ្ទះ ។ កាលពួកគេធ្វើដូច្នោះ ពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀនអំពីទឹករស់ ។