« ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ ។ ម៉ាថាយ ៤; លូកា ៤–៥ ៖ ‹ ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ ។ ម៉ាថាយ ៤; លូកា ៤–៥ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ
ម៉ាថាយ ៤; លូកា ៤–៥
« ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ »
សូមចាប់ផ្ដើមការរៀបចំរបស់បងប្អូនសម្រាប់មេរៀននេះដោយការអាន ម៉ាថាយ ៤ និង លូកា ៤–៥ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយបងប្អូនឲ្យយល់ពីជំពូកទាំងនេះបាន ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀននានាដល់បងប្អូន ។
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារហុចរូបភាពព្រះយេស៊ូវពីកុមារម្នាក់ទៅកុមារម្នាក់ទៀត ។ កាលកុមារម្នាក់ៗទទួលបានរូបភាពនោះ សូមឲ្យពួកគេចែកចាយរឿងមួយចំនួនដែលព្រះយេស៊ូវបានធ្វើ កាលទ្រង់បាននៅលើផែនដីនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចជ្រើសរើសផ្លូវត្រូវ ដូចព្រះយេស៊ូវបានធ្វើដែរ ។
កូនក្មេងតូច « ពុំអាចធ្វើបាបបានទេ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៤៧ ) ។ ទោះយ៉ាងណាក្ដី ដំណើររឿងនៃព្រះយេស៊ូវដែលតតាំងនឹងការល្បួងរបស់សាតាំង អាចបំផុសគំនិតដល់កុមារឲ្យចាប់ផ្ដើមជ្រើសរើសផ្លូវត្រូវនាពេលនេះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមប្រាប់ពីដំណើររឿងនៃការល្បួងរបស់ព្រះយេស៊ូវចេញពី ម៉ាថាយ ៤:១–១១ ។ ( សូមមើលផងដែរជំពូក ១១ ៖ ព្រះយេស៊ូវត្រូវបានល្បួង » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ៣០–៣១ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅចំណុចសមរម្យក្នុងដំណើររឿងត្រង់ណាមួយ សូមសួរថា « តើប្អូនៗគិតថា ព្រះយេស៊ូវគួរតែធ្វើអ្វី ? »
-
សូមបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទ រួចហើយពិពណ៌នាអំពីជម្រើសដែលកុមារតូចម្នាក់អាចរើសបាន ។ សូមឲ្យកុមារឈានជើងមួយជំហានមកមុខជិតនឹងរូបភាព រាល់ពេលបងប្អូនពិណព៌នាពីការជ្រើសរើសល្អមួយ ។ សូមឲ្យពួកគេឈានជើងមួយជំហានទៅក្រោយ រាល់ពេលបងប្អូនពិពណ៌នាពីការជ្រើសរើសមិនល្អមួយ ។
-
សូមរៀនពាក្យបទចម្រៀងមួយបទអំពីការធ្វើការជ្រើសរើសល្អ ដូចជាបទ « ជ្រើសរើសផ្លូវត្រូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨២ ) ។ សូមប្រើរូបភាព វត្ថុ ឬជំនួយចក្ខុដែលទាក់ទងនឹងទំនុកបទនេះ ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
លូកា ៤:១៨–១៩ ពិពណ៌នាពីបេសកកម្មរបស់ព្រះយេស៊ូវ ។ តើបងប្អូនអាចជួយកុមារឲ្យអរគុណចំពោះអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន លូកា ៤:១៨–១៩ ទៅកាន់កុមារ និងពន្យល់ពីអ្វីដែលព្រះយេស៊ូវត្រូវបានបញ្ជូនមកកាន់ផែនដីដើម្បីធ្វើ ( ដើម្បីបង្រៀនយើងពីរបៀបត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ ដើម្បីលួងលោមយើង និងដើម្បីព្យាបាលប្រជាជន ) ។ សូមចែកចាយពីរបៀបដែលទ្រង់បានធ្វើកិច្ចការទាំងនេះសម្រាប់បងប្អូន ។
-
សូមអញ្ជើញកុមារពីរបីនាក់ឲ្យធ្វើជាយល់ច្រឡំ ក្រៀមក្រំ ឬឈឺ ។ សូមឲ្យកុមារផ្សេងទៀតដើរតួសម្ដែងអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយដល់កុមារទាំងនេះ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានមកបង្រៀន លួងលោម និងព្យាបាលពួកយើង ហើយថាយើងគួរតែធ្វើតាមគំរូរបស់ទ្រង់ ។
-
សូមបង្ហាញរូបភាពព្រះយេស៊ូវកំពុងបំពេញបេសកកម្មរបស់ទ្រង់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ) ។ សូមឲ្យកុមារពិពណ៌នាពីអ្វីដែលព្រះយេស៊ូវកំពុងធ្វើនៅក្នុងរូបភាពនីមួយៗ ។ សូមបង្ហាញរូបភាពមនុស្សដែលព្យាយាមក្លាយខ្លួនដូចជាព្រះយេស៊ូវផងដែរ ( បងប្អូនអាចទទួលបានរូបភាពមួយចំនួនពីក្នុងទស្សនាវដ្ដីសាសនាចក្រ ) ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យក្លាយជា « អ្នកនេសាទមនុស្ស » ។
ការហៅរបស់ព្រះអង្គសង្គ្រោះ « ចូរមកតាមខ្ញុំៗនឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញ » ( ម៉ាថាយ ៤:១៩ ) អនុវត្តបានចំពោះមនុស្សគ្រប់រូប រួមទាំងកុមារផងដែរ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារពីរនាក់ធ្វើជាស៊ីម៉ូន ពេត្រុស និងអនទ្រេ កាលបងប្អូនអាន ម៉ាថាយ ៤:១៨–២២ ។ សូមជួយកុមារឲ្យរកមើលអ្វីដែលបុរសទាំងនេះបានលះបង់ដើម្បីដើរតាមព្រះយេស៊ូវ ។
-
សូមឲ្យកុមារប្ដូរវេនគ្នាប្រាប់ពីដំណើររឿងចេញពីខគម្ពីរទាំងនេះ ដោយបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
-
សូមច្រៀងចម្រៀងមួយបទរួមគ្នាអំពីព្រះយេស៊ូវគ្រីស្ទ ដូចជាបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧ ) ។ សូមជួយកុមារឲ្យស្វែងរកអ្វីដែលបានលើកឡើងនៅក្នុងបទចម្រៀងនេះ ដែលពួកគេអាចធ្វើបានដើម្បីធ្វើតាមព្រះយេស៊ូវ ។
-
សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ដើម្បីពិភាក្សាជាមួយនឹងកុមារពីរបៀបដែលពួកគេអាចក្លាយខ្លួនជា « អ្នកនេសាទមនុស្ស » ដោយការដើរតាមព្រះយេស៊ូវ ។ បងប្អូនក៏អាចលេងល្បែងផ្គូផ្គងជាមួយនឹងទំព័រសកម្មភាពផងដែរ ។ សូមកាត់រូបត្រីពីរចេញពីក្រដាស ផ្កាប់រូបត្រីចុះ រួចឲ្យកុមារបើកវាឡើងម្ដងមួយៗដើម្បីផ្គូផ្គងគ្នា ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះយេស៊ូវធ្វើជាគំរូដល់ខ្ញុំ តាមរយៈការតតាំងនឹងការល្បួង ។
សូម្បីព្រះយេស៊ូវគ្រីស្ទក៏ត្រូវបានល្បួងដោយសាតាំងដែរ ប៉ុន្ដែទ្រង់មិនដែលចុះចូលវាឡើយ ។ តើបងប្អូនអាចជួយកុមារឲ្យធ្វើតាមគំរូរបស់ទ្រង់តាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមធ្វើតារាងមួយនៅលើក្ដារខៀនដោយសរសេរចំណងជើងថា ការល្បួងរបស់សាតាំង និង ការឆ្លើយតបរបស់ព្រះយេស៊ូវ ។ សូមជួយកុមារឲ្យបំពេញតារាងនោះដោយប្រើ ម៉ាថាយ ៤:១–១១ និង លូកា ៤:១–១៣ ។ សូមសួរកុមារថា តើពួកគេអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ។
-
សូមសរសេរសាច់រឿងខ្លះៗដែលក្នុងនោះ មានកុមារម្នាក់ត្រូវបានល្បួងឲ្យជ្រើសរើសផ្លូវខុស ។ សូមឲ្យកុមារម្នាក់ជ្រើសរើសសាច់រឿងមួយយកមកអាន ហើយសូមឲ្យកុមារនិយាយអំពីរបៀបដែលពួកគេអាចតតាំងនឹងការល្បួងនៅក្នុងស្ថានភាពបែបនោះបាន ។
ការតមអាហារអាចជួយខ្ញុំឲ្យមានអារម្មណ៍ថានៅក្បែរនឹងព្រះវរបិតាសួគ៌ ។
ពីមុនចាប់ផ្ដើមការងារបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានតមអាហារ ហើយ « មានបន្ទូលនឹងព្រះ » ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ៤:២ [ នៅក្នុង សេចក្តីយោងដល់បទគម្ពីរទាំងឡាយ ] ) ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលការតមអាហារអាចផ្ដល់នូវកម្លាំងខាងវិញ្ញណដល់ពួកគេ ហើយជួយពួកគេឲ្យមានអារម្មណ៍ខិតជិតព្រះវរបិតាសួគ៌ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារម្នាក់ឲ្យអាន ម៉ាថាយ ៤:១–២ ឮៗ ដោយប្រើកំណែការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ។ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះដើម្បី « គង់នៅជាមួយនឹងព្រះ » ? សូមចែកចាយពីរបៀបដែលការតមអាហារបានជួយបងប្អូនឲ្យមានអារម្មណ៍ថានៅកាន់តែជិតនឹងព្រះវរបិតាសួគ៌ ។
-
សូមឲ្យកុមារដែលធ្លាប់បានតមអាហារពីមុនឡើងចែកចាយនូវបទពិសោធន៍របស់ពួកគេ ។ តើពួកគេនឹងពន្យល់ពីការតមអាហារដល់នរណាម្នាក់ ដែលពុំធ្លាប់បានតមអាហារពីមុនមកដោយរបៀបណា ?
-
សូមសរសេរសំណួរអំពីការតមអាហារ ( ដូចជា មូលហេតុ ពេលវេលា ឬរបៀបដែលយើងតមអាហារ ) នៅលើក្រដាសមួយ ហើយដាក់វានៅក្នុងចានគោមមួយ ។ សូមឲ្យកុមារចាប់យកសំណួរមួយ ហើយព្យាយាមឆ្លើយនឹងសំណួរនោះ ។ តើបទពិសោធន៍អ្វីដែលបងប្អូន ឬកុមារអាចចែកចាយបានអំពីការតមអាហារ ?
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។
សូមពិចារណាអំពីរបៀប ដែលព្រះអង្គសង្គ្រោះបានប្រទានពរដល់ជីវិតរបស់បងប្អូន ។ តើបងប្អូនអាចជួយកុមារឲ្យកោតសរសើរដល់ឥទ្ធិពលរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេកាន់តែខ្លាំងឡើងដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារម្នាក់ឲ្យមករៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយដំណើររឿងនេះនៅក្នុង លូកា ៤:១៦–៣០ ។ វាអាចមានគុណប្រយោជន៍ដើម្បីប្រើ « ជំពូក ១៧ ៖ ប្រជាជនក្រុងណាសារ៉ែតដ៏ខឹងសម្បារ » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ៤២–៤៣ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូនក៏អាចបង្ហាញវីដេអូ « Jesus Declares He Is the Messiah » ( នៅលើគេហទំព័រChurchofJesusChrist.org ) ផងដែរ ។
3:24 -
សូមអាន លូកា ៤:១៨ ខណៈកុមារផ្ទៀងតាម ។ សូមឲ្យពួកគេបង្កើតបញ្ជីរឿងមួយដែលព្រះអង្គសង្គ្រោះបានមានបន្ទូលថា ទ្រង់បានយាងមកដើម្បីធ្វើការណ៍នោះ ។ សូមឲ្យកុមារចែកចាយពីឧទាហរណ៍នៃគ្រាដែលព្រះគ្រីស្ទបានធ្វើការណ៍ទាំងនេះ ដោយយកចេញពីព្រះគម្ពីរ ឬពីក្នុងជីវិតរបស់ពួកគេក៏បាន ។
-
សូមសរសេរនៅលើស្លាកពាក្យ « ដោយសារតែព្រះយេស៊ូវគ្រីស្ទ … » សូមឲ្យក្រដាសទៅកុមារម្នាក់ៗ ហើយអញ្ជើញពួកគេឲ្យសរសេរពីរបៀបដែលពួកគេនឹងបំពេញឃ្លានេះ ។ សូមពួកគេឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យដើរតាមទ្រង់ ហើយក្លាយជា « អ្នកនេសាទមនុស្ស » ។
មានវិធីជាច្រើនដែលកុមារអាចធ្វើតាមព្រះអង្គសង្គ្រោះបាន ហើយក្លាយខ្លួនជា « អ្នកនេសាទមនុស្ស » ( ម៉ាថាយ ៤:១៩ ) ។ តើបងប្អូននឹងជួយពួកគេឲ្យឃើញពីឥទ្ធិពលដ៏ល្អ ដែលពួកគេអាចមានលើមនុស្សដទៃដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារអាន ម៉ាថាយ ៤:១៨–២២ និង លូកា ៥:១–១១ ។ តើពួកសិស្សរបស់ព្រះយេស៊ូវបានឆ្លើយតបនឹងការហៅរបស់ទ្រង់ឲ្យដើរតាមទ្រង់យ៉ាងដូចម្ដេច ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើតាមគំរូរបស់ពួកលោក ?
-
សូមបង្ហាញដល់កុមារនូវសម្ភារស្ទូចត្រីមួយចំនួន ឬរូបភាពអ្នកស្ទូចត្រីម្នាក់ ។ តើ « អ្នកនេសាទមនុស្ស » មានន័យដូចម្ដេច ? តើសម្ភារអ្វីខ្លះដែលយើងត្រូវមាន ដើម្បីជួយយើងឲ្យក្លាយជាអ្នកនេសាទមនុស្ស ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវអ្វីដែលពួកគេបានរៀនអំពីការក្លាយខ្លួនជាអ្នកនេសាទមនុស្ស ។