ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥​; លូកា ៦ ៖ « អ្នករាល់​គ្នា​មាន​ពរ »


« ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ ៖ ‹ អ្នករាល់​គ្នា​មាន​ពរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅ​លើ​ភ្នំ

ព្រះយេស៊ូវ​កំពុង​ថ្លែង​ទេសនកថា​នៅលើ​ភ្នំ ដោយ ស្ដាវ ដូរ៉េ

ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ

ម៉ាថាយ ៥; លូកា ៦

« អ្នករាល់​គ្នា​មាន​ពរ »

ឱកាស​របស់​បងប្អូន​ដើម្បី​បង្រៀន​កុមារ​គឺ​មាន​តម្លៃ​ណាស់ ។ កាលដែល​បងប្អូន​រៀបចំខ្លួន​ខាងវិញ្ញាណ នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​បងប្អូន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ស្នើសុំ​ឲ្យ​កុមារ​និយាយ​អំពី​អ្វីមួយ ដែល​ពួកគេ​បាន​ធ្វើ​នៅក្នុង​សប្តាហ៍​នេះ​ដើម្បី​ចែកចាយ​ពន្លឺ​របស់​ព្រះអម្ចាស់​ជាមួយ​នរណា​ម្នាក់—ប្រហែលជា​តាមរយៈ​ការធ្វើ​ជាគំរូ​ល្អ ឬ​ការបង្ហាញ​សេចក្តីស្រឡាញ់ និង​សន្ដាន​ចិត្ត​ល្អ​ដល់​អ្នកដទៃ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ៥:៩

ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ ។

កុមារ​ដែល​បងប្អូន​បង្រៀន​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​នៅ​ផ្ទះ កាល​ពួកគេ​ប្រព្រឹត្ត​នឹង​មនុស្ស​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់ និង​សន្ដាន​ចិត្ត​ល្អ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន ម៉ាថាយ ៥:៩ ឲ្យ​កុមារស្តាប់ ហើយ​សូម​ពន្យល់​ថា អ្នក​ដែល​ផ្សះផ្សា​គេ​ធ្វើ​ឲ្យ​កន្លែង​នានា​ក្លាយជា​កន្លែង​ដែល​មាន​សេចក្ដី​សុខសាន្ដ មិន​ថា​ពួកគេ​នៅ​កន្លែង​ណា​នោះ​ទេ ។ សូម​សរសេរ​លើ​ចម្រៀក​ក្រដាស​ពី​ឧទាហរណ៍​នៃ​ស្ថានភាព​ពិបាកៗ​មួយ​ចំនួន ដែល​កុមារ​អាច​ជួប​ប្រទះ ( ឧទាហរណ៍ បងប្អូន​ឈ្លោះ​គ្នា​ដណ្ដើម​ប្រដាប់​លេង​មួយ ) ។ សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​រើសយក​ចម្រៀក​ក្រដាស​មួយ​សន្លឹក ។ កាល​បងប្អូន​អាន​សាច់រឿង​នីមួយៗ សូម​ឲ្យ​កុមារ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ជា​អ្នកផ្សះផ្សា​គេ​នៅក្នុង​ស្ថានភាព​នោះ ។ ឬ​សូម​ចែកចាយ​សាច់រឿង​ប្រឌិត​ពីរ​បី ហើយ​ជួយ​ឲ្យ​កុមារ​វិភាគ​មើល​ថា តើ​មនុស្ស​ដែល​ពាក់ព័ន្ធ​នោះ​គឺជា​អ្នកផ្សះផ្សា​គេ ឬ​មិន​មែន ។

  • សូម​អញ្ជើញ​ឪពុកម្ដាយ​របស់​កុមារ​ពីរ​គូ​ឲ្យ​មក​ចូលរួម​ក្នុង​ថ្នាក់​រៀន​របស់​បងប្អូន ហើយ​ចែកចាយ​គំរូ​នៃ​គ្រា​ដែល​កូនៗ​របស់​ពួកគាត់​បាន​ធ្វើជា​អ្នកផ្សះផ្សា​គេ​នៅក្នុង​ផ្ទះ ។

ម៉ាថាយ ៥:១៤–១៦

ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ពន្លឺ​ដល់​មនុស្សដទៃ ។

កុមារ​តូចៗ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ​សម្រាប់​សេចក្ដីល្អ​ទៅលើ​មនុស្ស​ដទៃ ។ តើ​បង​ប្អូន​អាច​បំផុស​គំនិត​ដល់​ពួកគេ​ដើម្បី​អនុញ្ញាត​ឲ្យ​ពន្លឺ​របស់​ពួកគេ​ចែងចាំង​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​វត្ថុ​ដែល​បញ្ចេញ​ពន្លឺ​បី​បួន​ដល់​កុមារ ហើយ​សូម​បង្ហាញ​រូបភាព​របស់​កុមារ​ផង​ដែរ ។ សូម​អាន ម៉ាថាយ ៥:១៤–១៦ ហើយ​ប្រាប់​កុមារ​ថា គំរូល្អ​របស់​ពួកគេ​អាច​ដូចជា​ពន្លឺ​សម្រាប់​បំភ្លឺ​ឲ្យ​អ្នក​ដទៃ​មើលឃើញ​ផងដែរ ។ តើ​យើង​អាច​ប្រើ​ពន្លឺ​របស់​យើង​ដើម្បី​នាំ​មនុស្ស​ដទៃ​មកកាន់​ព្រះ​ដោយ​របៀប​ណា ?

  • សូម​បញ្ចាំង​ពន្លឺ​ពិល​ជុំវិញ​ថ្នាក់រៀន ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រើ​ភ្នែក​ដេញតាម​មើល​ពន្លឺ​នោះ ។ សូម​ប្រើ​ពន្លឺ​នេះ​ដឹកនាំ​ភ្នែក​របស់​ពួកគេ​ទៅរក​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​ពន្លឺ​អាច​ជួយ​ដល់​យើង​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ក្លាយជា​ពន្លឺ​ដល់​លោកិយ​ដោយ​របៀប​ណា ? សូម​គ្រប​ពន្លឺ​ពិល​នោះ ។ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​យើង​មិន​ចែកចាយ​ពន្លឺ​របស់​យើង ឬ​ប្រសិនបើយើង​លាក់​កំបាំង​វា​នោះ ?

  • សូម​លាក់​ពិល​មួយ​នៅក្នុង​បន្ទប់ ហើយ​បិទ​ភ្លើង​បន្ទប់ ។ សូម​ឲ្យ​កុមារ​ព្យាយាម​រក​ពិល​នោះ ។ សូម​រំឭក ម៉ាថាយ ៥:១៥ ឡើងវិញ ហើយ​និយាយ​អំពី​មូលហេតុ​ដែល​យើង​មិន​គួរ​លាក់​កំបាំង​ពន្លឺ​របស់​យើង ។

  • សូម​ជួយ​កុមារ​ឲ្យ​រក និង​ផាត់ពណ៌​រូប​ទៀន​ដែល​បង្កប់​នៅក្នុង​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ។

  • សូមច្រៀង​ជាមួយ​កុមារ​នូវ​បទចម្រៀង​អំពី​ការធ្វើ​ជា​ពន្លឺ​សម្រាប់​អ្នក​ដទៃ ដូចជា​បទ « ព្រះយេស៊ូវ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ពន្លឺ » « រះឡើង » ឬ « ខ្ញុំ​ជា​ដួង​តារា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៨, ៩៦, ៨៤ ) ។

ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួកសិស្ស

យើង​អាច​សប្បាយរីករាយ​តាមរយៈ​ការរស់នៅ​តាម​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង ។

ម៉ាថាយ ៥:៤៤–៤៥

ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ស្រឡាញ់​មនុស្ស​គ្រប់​រូប ។

កុមារ​តូចៗ​អាច​ចាប់ផ្ដើម​អនុវត្ត​ក្នុងការ​បង្ហាញ​ក្ដី​ស្រឡាញ់​នា​ពេល​នេះ ទោះបីជា​ពេល​មាន​មិត្ត ឬ​បងប្អូន​ប្រព្រឹត្ត​មិន​យុត្តិធម៌​នឹង​ពួកគេ​ក្ដី ។ កាល​បងប្អូន​អាន ម៉ាថាយ ៥:៤៤–៤៥ សូម​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អនុវត្ត​ចំពោះ​កុមារ​ដែល​បងប្អូន​បង្រៀន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បញ្ជាក់ ម៉ាថាយ ៥:៤៤ ឡើងវិញ​ដោយ​ប្រើ​ពាក្យ និង​ស្ថានភាព​ដែល​កុមារ​នឹង​យល់ ហើយ​អាច​ប្រៀប​មក​ជីវិត​របស់​ពួកគេ​បាន ។ សូម​ឲ្យ​កុមារ​ចែកចាយ​ពី​គ្រា​ដែល​ពួកគេ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​នរណាម្នាក់ ទោះបីជា​វា​ពិបាក​ក្ដី ។ តើ​បទពិសោធន៍​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ?

  • សូម​ច្រៀង​ចម្រៀង​ក្នុង​ថ្នាក់​រួមគ្នា​អំពី​ការស្រឡាញ់​អ្នក​ដទៃ ដូចជា​បទ « ចូរ​អ្នក​ស្រឡាញ់​គ្នា » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧៤ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ ចេញពី​ចម្រៀង​នេះ​អំពី​ការស្រឡាញ់​មនុស្ស​ដទៃ ?

  • សូម​ចែក​ក្រដាស​រូប​បេះដូង​ដល់​កុមារ ដែល​មាន​សរសេរ​ពាក្យ « ខ្ញុំ​នឹង​បង្ហាញ​ក្ដី​ស្រឡាញ់​ខ្ញុំ​ដល់​មនុស្ស​គ្រប់គ្នា » ។ សូម​ឲ្យ​ពួកគេ​តុបតែង​រូប​បេះដូង​នោះ ហើយ​ព្យួរ​វា​នៅក្នុង​ផ្ទះ​របស់​ពួកគេ ទុកជា​ការរំឭក​មួយ​ដើម្បី​ស្រឡាញ់​មនុស្ស​ដទៃ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ៥:៣–១២

ខ្ញុំ​អាច​រីករាយ នៅពេល​ខ្ញុំ​រស់នៅ​តាម​របៀប​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ។

កាល​បងប្អូន​អាន ម៉ាថាយ ៥:៣–១២ តើ​ពាក្យ និង​ឃ្លា​អ្វី​ដែល​បងប្អូន​ចាប់​អារម្មណ៍ ? តើ​ការបង្រៀន​ទាំងនេះ​នឹង​ប្រទានពរ​ដល់​ជីវិត​កុមារ​ដែល​បងប្អូន​បង្រៀន​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្កើត​តារាង​មួយ​នៅលើ​ក្ដារខៀន​ដោយ​មាន​ជួរ​ឈរ​ពីរ​សរសេរ​ថា មាន​ពរ​ហើយ… និង ពរជ័យ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រាវជ្រាវ​ក្នុង ម៉ាថាយ ៥:៣–១២ រក​មើល​ពី​គុណសម្បត្តិ​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា​នឹង​មាន​ពរ និង​ពរជ័យ​ទាំងឡាយ​ដែល​ទ្រង់​បាន​សន្យា​ដល់​ពួកគេ ។ បន្ទាប់មក សូម​បំពេញ​តារាង​នេះ​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ពិភាក្សា​ជាមួយ​កុមារ​អំពី​អត្ថន័យ​នៃ​គុណសម្បត្តិ​នីមួយៗ និង​ពរជ័យ​ដែល​ស្របគ្នា ។

  • សូម​សរសេរ​គុណសម្បត្តិ​នីមួយៗ​ចេញពី​ខគម្ពីរ​ទាំងនេះ​ដាក់​នៅលើ​កាត​មួយ​សន្លឹក និង​ពរជ័យ​ដែល​ស្របគ្នា​ចេញពី​ខគម្ពីរ​នេះ​នៅលើ​កាត​មួយ​សន្លឹក​ទៀត ។ ឧទាហរណ៍ កាត​មួយ​នឹង​សរសេរ​ថា « ស្លូតត្រង់ » និង​មួយ​ទៀត​សរសេរ​ថា « គ្រង​ផែនដី​ជា​មរតក » ( ខទី ៥ ) ។ សូម​ឲ្យ​កុមារ​ផ្គូផ្គង​គុណសម្បត្តិ និង​ពរជ័យ​ទាំងឡាយ ។ សូម​ឲ្យ​កុមារ​រើសយក​គុណសម្បត្តិ​មួយ​នៅក្នុង​បទគម្ពីរ​ទាំងនេះ ដែល​ពួកគេ​ចង់​អភិវឌ្ឍ​បន្ថែម ។

ម៉ាថាយ ៥:៩, ២១–២៤, ៣៨–៤៧

ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ដែល​ផ្សះផ្សា​គេ ។

ព្រះយេស៊ូវ​បាន​បង្រៀន​ថា អ្នកដែលផ្សះផ្សា​គេ​នឹង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ ។ តើ​បងប្អូន​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ក្លាយជា​អ្នកផ្សះផ្សា​គេ​តាម​របៀបណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ម៉ាថាយ ៥:៩ ឮៗ ។ តើ​អ្នក​ផ្សះផ្សា​គេ​គឺជា​នរណា ? តើ​មាន​របៀប​ណា​ខ្លះ ដែល​យើង​អាច​ក្លាយ​ទៅ​ជា​អ្នកផ្សះផ្សា​គេ​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង និង​ដល់​មិត្តភក្ដិ​របស់​យើង​នោះ ? ( សម្រាប់​គំនិត​មួយ​ចំនួន សូម​មើល ខទី ២១–២៤, ៣៨–៤៧ ) ។

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​គិត​អំពី​ស្ថានភាព​មួយ ដែល​នឹង​ត្រូវការ​ជំនួយ​ពី​អ្នកផ្សះផ្សា​មួយ​រូប ។ តើ​អ្នកផ្សះផ្សា​គេ​ត្រូវ​ធ្វើ​អ្វីខ្លះ​នៅក្នុង​ស្ថានភាព​បែប​នេះ ?

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​គ្រា​ដែល​ពួកគេ​បាន​បង្ហាញ​ក្ដី​ស្រឡាញ់​ដល់​នរណាម្នាក់ ទោះបីជា​បុគ្គល​នោះ​ខុស​ពី​ពួកគេ ឬ​ពិបាក​នឹង​ស្រឡាញ់​ក្ដី ។

ម៉ាថាយ ៥:១៤–១៦

គំរូ​របស់​ខ្ញុំ​អាច​បំភ្លឺ​ផ្លូវ​ដល់​មនុស្ស​ដទៃ​ឲ្យ​ដើរតាម​ព្រះយេស៊ូវ ។

កុមារ​ជាច្រើន​ដែល​បងប្អូន​បង្រៀន​បាន​ចុះ​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ សូម​គិត​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះ​អង្គ​សង្រ្គោះ​នៅក្នុង ម៉ាថាយ ៥:១៤–១៦ ទាក់ទង​នឹង​សេចក្តី​សញ្ញា​របស់​ពួកគេ ។ តើ​ព្រះអម្ចាស់​អាច​មាន​សារលិខិត​អ្វី​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ទៅកាន់​កុមារ​នៅក្នុង​ថ្នាក់​របស់​បងប្អូន ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ ម៉ាថាយ ៥:១៦ ។ សូម​សរសេរ​ខគម្ពីរ​នេះ​នៅលើ​ក្ដារខៀន ។ សូម​អាន​ខគម្ពីរ​នេះ​បី​បួន​ដង​រួម​គ្នា ហើយ​លុប​ពីរ​បី​ពាក្យ​ចេញ​រាល់​ពេល​អាន​ចប់​ម្ដងៗ ។ សូម​ឲ្យ​កុមារ​គូរ​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ក្លាយជា​ពន្លឺ​មួយ​ដល់​មនុស្ស​ដទៃ ។ សូម​និយាយ​អំពី​របៀប​ដែល​ការធ្វើ​ជាពន្លឺ​ចំពោះ​អ្នក​ដទៃ ជួយ​យើង​ឲ្យ​បំពេញ​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។

  • សូម​ច្រៀង​ចម្រៀង​អំពី​ការចែកចាយ​ពន្លឺ​ជាមួយ​អ្នកដទៃ ដូចជា​បទ « រះឡើង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៦ ) ។ តើ​យើង​អាច​ចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្រ្កោះ​យ៉ាង​ដូចម្តេច ?

  • សូម​ឲ្យ​កុមារ​គូរ​អ្វីៗ​ដែល​ផ្ដល់​ពន្លឺ​ដល់​ពួកយើង ។ សូម​អាន ម៉ាថាយ ៥:១៤–១៦ ។ សូម​សួរ​កុមារ​ថា ហេតុអ្វី​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​ជា​ពន្លឺ​ដល់​លោកិយ ។

  • សូម​ឲ្យ​កុមារ​ពីរ​នាក់​ឈរ​ទល់​មុខ​គ្នា ហើយ​សូម​ឲ្យ​កុមារ​ម្នាក់​ព្យាយាម​ធ្វើ​ឲ្យ​កុមារ​ម្នាក់​ទៀត​ញញឹម​ដោយ​មិន​ប៉ះពាល់​គាត់ ។ សូម​និយាយ​អំពី​អំណាច​ដែល​កុមារ​មាន ក្នុង​ការនាំ​មក​នូវ​សុភមង្គល​ដល់​មនុស្ស​ដទៃ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​តាំង​ចិត្ត​កុមារ​ឲ្យ​ចំណាំ​មើល​នរណាម្នាក់​ដែល​ជា​អ្នកផ្សះផ្សា​គេ​នា​សប្ដាហ៍​នេះ ។ នៅ​ដើម​ថ្នាក់​នា​សប្ដាហ៍​ក្រោយ សូម​ឲ្យ​ពួកគេ​និយាយ​អំពី​មនុស្ស និង​អ្វី​ដែល​ពួកគេ​បាន​ឃើញ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​កុមារ​ឲ្យ​សកម្ម​ឡើង ។ « នៅពេល​បងប្អូន​បង្រៀន​កុមារ​តូចៗ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​សង់​រូប គូរ​រូប ផាត់ពណ៌ សរសេរ ហើយ​បង្កើត​អ្វី​មួយ​ឡើង ។ រឿង​ទាំងនេះ​មាន​ន័យ​ច្រើន​ជាង​សកម្មភាព​ដ៏​សប្បាយ​រីករាយ​ទៅ​ទៀត—វា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការរៀន​សូត្រ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។