ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៧ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ ៖ « សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ »


« ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ ៖ ‹ សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះ​យេស៊ូវ​លើក​បុរស​ម្នាក់​ឡើងពីគ្រែ

ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា

ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧

« សេចក្តី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ »

កាល​បងប្អូន​អាន ម៉ាថាយ ៨; ម៉ាកុស ២–៤ និង លូកា ៧ នៅ​សប្តាហ៍​នេះ សូម​គិត​អំពី​កុមារ​ដែល​បងប្អូន​បង្រៀន ។ សូម​អធិស្ឋាន​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុសគំនិត​បងប្អូន​ឲ្យ​មាន​គំនិត​នានា ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​រកឃើញ​សេចក្តីពិត​នៅក្នុង​ជំពូក​ទាំងនេះ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ឲ្យ​កុមារ​ចែកចាយ​ដំណើររឿង​មួយ​អំពី​ព្រះយេស៊ូវ​ធ្វើ​អព្ភូតហេតុ​មួយ ( សូមមើល​បញ្ជី​អព្ភូតហេតុ​នានា​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ។ បងប្អូន​ក៏​អាច​បង្ហាញ​រូបភាព​ដែលទាក់ទង​គ្នា​ផងដែរ ( ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៤០ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ៨; ម៉ាកុស ២–៣; លូកា ៧

ព្រះយេស៊ូវ​មាន​អំណាច​ដើម្បី​សម្ដែង​អព្ភូតហេតុ​ផ្សេងៗ ។

កាល​បងប្អូន​អាន​អំពី​អព្ភូតហេតុ​នានា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការព្យាបាល សូម​សញ្ជឹង​គិត​ថា​តើ​បងប្អូន​នឹង​ចែកចាយ​អព្ភូតហេតុ​មួយ​ណា ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ពី​តួនាទី​នៃ​សេចក្ដី​ជំនឿ​ទៅលើ​អព្ភូតហេតុ ដែល​ព្រះយេស៊ូវ​បាន​សម្ដែង​ឡើង​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ចែកចាយ​នូវ​ដំណើររឿង​អំពី​មនុស្ស​ខ្វិន​ចេញពី ម៉ាកុស ២:១–១២ ។ សម្រាប់​ជា​ជំនួយ សូម​មើលជំពូក ២៣ ៖ បុរស​ស្លាប់ដៃ​ស្លាប់ជើង » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៥៧–៥៨ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ពន្យល់​ថា មនុស្ស​ដែល​ស្លាប់ដៃ​ស្លាប់​ជើង​គឺ​មិន​អាច​ដើរ​បាន​ទេ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះអង្គ​សង្រ្គោះ​បាន​ព្យាបាល​ឲ្យ​បុរស​នេះ ។

  • សូម​ឲ្យ​កុមារ​និយាយ​អំពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ឈឺ ។ សូម​ប្រាប់​ពី​ដំណើររឿង​មួយ​របស់​ព្រះ​យេស៊ូវ​កំពុង​ព្យាបាល​មនុស្ស​ឈឺ ដូចជា ម៉ាថាយ ៨:១–៤, ៥–១៣, ១៤–១៥; ម៉ាកុស ៣:១–៥; លូកា ៧:១១–១៦ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​ពី​ដំណើររឿង​នេះ​ឡើងវិញ​តាមពាក្យពេចន៍​របស់​ពួកគេ​ផ្ទាល់ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ចេស្តា​របស់​ព្រះ​យេស៊ូវ​អាច​ព្យាបាល ប្រសិទ្ធពរ និង​លួងលោម​ដល់​យើង​បាន ។

ម៉ាថាយ ៨; ម៉ាកុស ២–៣; លូកា ៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ ដូច​ព្រះយេស៊ូវ​បាន​ធ្វើ​ដែរ ។

ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង តាមរយៈ​ការប្រោស​អ្នកឈឺ និង​អ្នករងទុក្ខ​ឲ្យ​ជា​សះស្បើយ ។ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​បង្រៀន​កុមារ​ឲ្យ​បង្ហាញ​សេចក្ដី​មេត្តា​ដល់​មនុស្ស​ដែល​ត្រូវការ​ជំនួយ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជ្រើសរើស​ដំណើររឿង​មួយ ឬ​ច្រើន​អំពី​ព្រះ​យេស៊ូវ​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​នរណា​ម្នាក់​ដែល​ទ័លក្រ ដូចជា​អស់​អ្នក​ដែល​នៅក្នុង ម៉ាថាយ ៨:១–៤, ៥–១៣, ១៤–១៥; ម៉ាកុស ២:១–១២; ៣:១–៥; លូកា ៧:១១–១៦ ។ ( សូម​មើល​វីដេអូ « Widow of Nain » នៅលើ​គេហទំព័រ ChurchofJesusChrist.org ផងដែរ ) ។ សូម​ចែកចាយ​ពីគ្រា​ដែល​នរណា​ម្នាក់​បាន​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​បងប្អូន​ក្នុងគ្រា​ដែល​ទ័លក្រ ហើយ​តើ​បងប្អូន​មាន​អារម្មណ៍​បែបណា ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។

    2:23
  • សូម​បង្ហាញ​វីដេអូ « Gordon Hinckley: Lessons I Learned as a Boy » ឬ « The Coat » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​កុមារ​នៅក្នុង​វីដេអូ​ទាំងនេះ​បាន​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​ដោយ​របៀប​ណា ? សូម​ឲ្យ​កុមារ​ចែកចាយ​ពី​ស្ថានភាព​ផ្សេង​ទៀត ពេល​ដែល​នរណាម្នាក់​អាច​ត្រូវការ​ជំនួយ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ពួកគេ ?

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការបង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការមាន​ចិត្តល្អ​ទៅកាន់​អ្នកដទៃ ដូចជា​បទ « ចិត្តល្អ​ចាប់ផ្តើម​នឹងខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៣ ) ។

ព្រះ​យេស៊ូវ​នៅលើ​ទូក​កំពុង​ធ្វើ​ឲ្យ​ខ្យល់ព្យុះ​ស្ងប់

ពី​ភាពភ័យខ្លាច​ទៅជា​សេចក្ដី​ជំនឿ ដោយ ហូវ៉ឺដ លីយ៉ន

ម៉ាកុស ៤:៣៥–៤១

នៅពេល​ខ្ញុំ​ខ្លាច ឬ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ នោះ​ព្រះយេស៊ូវ​អាច​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​សុខសាន្ដ​បាន ។

ដំណើររឿង​ព្រះយេស៊ូវ​ធ្វើឲ្យ​ព្យុះ​ស្ងប់​អាច​ជួយ​កុមារ​ឲ្យ​ដឹង​ថា ទ្រង់​អាច​ប្រទាន​ដល់​ពួកគេ​នូវ​សេចក្ដី​សុខសាន្ដ កាល​ពួកគេ​មាន​អារម្មណ៍​ភ័យ​ខ្លាច ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​ស្រមៃ​ថា ពួកគេ​នៅលើ​នាវា​មួយ កាល​បងប្អូន​អាន​នៅក្នុង ម៉ាកុស ៤:៣៥–៤១ ។ ( សូមមើល​ផងដែរ « ជំពូក ២១ ៖ ព្រះយេស៊ូវ​ត្រាស់បញ្ជា​ខ្យល់ និង​រលក » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៥៣ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ឲ្យ​កុមារ​រៀបរាប់​អំពី​អារម្មណ៍​ដែល​ពួកគេ​អាច​មាន ប្រសិនបើ​ពួកគេ​បាន​នៅ​ទីនោះ ។ តើ​កុមារ​ភ័យ​ខ្លាច​នៅ​ពេល​ណា​ដែរ ? តើ​ពួកគេ​បាន​រកឃើញ​ការលួងលោម​ដោយ​របៀប​ណា ?

  • សូម​ឲ្យ​កុមារ​ធ្វើ​សំឡេង​ខ្យល់ព្យុះ​មួយ ហើយ​ឈប់​កាល​នរណាម្នាក់​និយាយ​ថា « ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ » ។ សូម​ថ្លែង​ទីបន្ទាល់​ថា គឺ​ដូចជា​ព្រះយេស៊ូវ​អាច​នាំ​សេចក្ដី​សុខសាន្ដ​មក​ដល់​យើង​កាល​មាន​ខ្យល់ព្យុះ​ខាង​ក្រៅ​មួយ​ដែរ នោះ​ទ្រង់​ក៏​អាច​នាំ​សេចក្ដី​សុខសាន្ដ​មក​ដល់​ដួងចិត្ត​យើង កាល​យើង​មាន​អារម្មណ៍​មិន​ល្អ​ក្នុង​ខ្លួន​យើង​ផងដែរ ។

  • សូម​បង្ហាត់​កុមារ​ឲ្យ​ធ្វើ​កាយវិការ​នៅ​ឃ្លា​ទីបី​នៃ​បទ « សូម​ប្រាប់​ខ្ញុំ​ពី​រឿង​ព្រះ​យេស៊ូវ » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៣៦ ) ហើយ​សូម​ច្រៀង​ឃ្លា​នេះ​ជាមួយគ្នា​ខណៈពេល​ដែល​កំពុង​ធ្វើ​កាយវិការ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ៨; ម៉ាកុស ២–៣; លូកា ៧

ព្រះយេស៊ូវ​អាច​សម្ដែង​អព្ភូតហេតុ​នានា​នៅក្នុង​ជីវិត​របស់​ខ្ញុំ កាល​ខ្ញុំ​មាន​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ ។

ព្រះយេស៊ូវ​បាន​សម្ដែង​អព្ភូតហេតុ​ជាច្រើន​អំឡុង​ការងារបម្រើ​ខាង​សាច់ឈាម​របស់​ទ្រង់ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ដឹង​ថា អព្ភូតហេតុ​នៅតែ​កើតឡើង​នា​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​រើស​យក​អព្ភូតហេតុ​មួយ​ដូច​ខាងក្រោម​នេះ​ដើម្បី​អាន និង​គូររូបភាព ៖ ម៉ាថាយ ៨:១–៤, ៥–១៣, ១៤–១៥; ម៉ាកុស ២:១–១២; ៣:១–៥; លូកា ៧:១១–១៦ ។ សូម​ឲ្យ​កុមារ​ពន្យល់​ពី​គំនូរ​របស់​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូវ​មកពី​ដំណើររឿង​ទាំងនេះ ?

  • សូម​ឲ្យ​កុមារ​សម្ដែង​ពី​អារម្មណ៍​របស់​ពួកគេ កាល​ពួកគេ​ឈឺ ក្រៀមក្រំ ភ័យខ្លាច ឬ​ព្រួយ​បារម្ភ ។ តើ​ព្រះយេស៊ូវ​អាច​ជួយ​យើង កាល​យើង​មាន​អារម្មណ៍​ទាំងនេះ​ដោយ​របៀប​ណា ? សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​អាច​ជួយ​ដល់​កុមារ​នៅក្នុង​ស្ថានភាព​ទាំងអស់​នេះ​បាន ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​បទពិសោធន៍​នានា កាល​ពួកគេ ឬ​នរណាម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ទទួល​ពរជ័យ​បព្វជិតភាព ។ តើ​បុគ្គល​នោះ​ត្រូវបាន​ព្យាបាល ឬ​ប្រទានពរ​ដោយ​របៀប​ណា ?

ម៉ាកុស ២:១៥–១៧; លូកា ៧:៣៦–៥០

ព្រះ​យេស៊ូវ​ស្រឡាញ់​យើង ទោះបីជា​យើង​មាន​បាប​ក្តី ហើយ​ចង់​ជួយ​យើង​ឲ្យ​ប្រែចិត្ត ។

ដំណើរ​រឿង​នៅក្នុង ម៉ាកុស ២:១៥–១៧ និង លូកា ៧:៣៦–៥០ អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​យើង ទោះបីជា​យើង​មាន​អំពើបាប​ក៏ដោយ ។ ទ្រង់​ចង់​ជួយ​យើង​ឲ្យ​ប្រែចិត្ត និង​ខិតជិត​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​សំណួរ តើ​ព្រះ​យេស៊ូវ​មាន​ព្រះ​ទ័យ​យ៉ាងដូចម្តេច​ពី​អំពើបាប ? និង តើ​ព្រះ​យេស៊ូវ​មាន​ព្រះទ័យ​យ៉ាង​ដូចម្តេច​អំពី​យើង នៅពេល​យើង​មាន​បាប ? នៅលើ​ក្តារខៀន ។ សូម​ឲ្យ​កុមារ​គិត​អំពី​សំណួរ​ទាំងនេះ កាល​ពួកគេ​អាន​ជាមួយគ្នា​ក្នុង ម៉ាកុស ២:១៥–១៧ ហើយ​បន្ទាប់មក​សូម​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ ( បងប្អូន​អាច​ចង់​អាន​ជាមួយ​គ្នា​ក្នុង​ប្រធានបទ « អ្នក​យក​ពន្ធ » ដែល​មាន​នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ [ នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ] ) ។ ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដើម្បី​ដឹងថា ព្រះយេស៊ូវ​ស្រឡាញ់​យើង ទោះបីជា​យើង​មិន​ឥតខ្ចោះ​ក្តី ? តើ​ការ​ដឹង​ការណ៍​នេះ​ជួយ​យើង​នៅពេល​យើង​ត្រូវ​ប្រែចិត្ត​យ៉ាង​ដូចម្តេច ?

  • ពីរបី​ថ្ងៃ​មុន​ថ្នាក់​ចាប់​ផ្តើម សូម​អញ្ជើញ​កុមារ​ម្នាក់ និង​សមាជិក​គ្រួសារ​ម្នាក់​ឲ្យ​មក​ថ្នាក់រៀន​ដោយ​បាន​ត្រៀមខ្លួន​ចែកចាយ​ដំណើររឿង​នៅក្នុង លូកា ៧:៣៦–៥០ ។ ពួកគេ​អាច​គូររូបភាព​ដែល​ពិពណ៌នា​ផ្នែក​ខ្លះ​នៃ​ដំណើររឿង​នេះ ដើម្បី​បង្ហាញ​ដល់​សិស្ស​ក្នុង​ថ្នាក់​បាន ។ សូម​ពិភាក្សា​ជាមួយ​កុមារ​ពី​អ្វី​ដែ​ព្រះអម្ចាស់​ប្រហែល​ជា​ចង់​ឲ្យ​យើង​រៀន​ចេញពី​ដំណើររឿង​នេះ ។

ម៉ាកុស ៤:៣៥–៤១

នៅពេល​ខ្ញុំ​ខ្លាច ឬ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ នោះ​ព្រះយេស៊ូវ​អាច​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​សុខសាន្ដ​បាន ។

កុមារ​ត្រូវ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​អាច​ប្រទាន​ដល់​ពួកគេ​នូវ​សេចក្ដី​សុខសាន្ដ នៅពេល​ពួកគេ​ជួប​នឹង​ព្យុះ​ជីវិត​—​នា​ពេល​នេះ និង​នៅ​ពេល​អនាគត ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ម្នាក់​ប្រើ ម៉ាកុស ៤:៣៥–៤១ និង រូបភាព ព្រះយេស៊ូវ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ.៤០ ) ដើម្បី​តំណាល​ពី​រឿង​ព្រះយេស៊ូវ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់ ។ សូម​ឲ្យ​កុមារ​រៀបរាប់​អំពី​អារម្មណ៍​ដែល​ពួកគេ​អាច​មាន ប្រសិនបើ​ពួកគេ​បាន​នៅ​ទីនោះ ។

  • សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​បទពិសោធន៍​នានា កាល​ពួកគេ​បាន​មាន​អារម្មណ៍​សុខសាន្ដ បន្ទាប់ពី​បាន​អធិស្ឋាន​ទូលសូម​ជំនួយ ។ សូម​រំឭក​ពួកគេ​ថា សេចក្ដី​សុខសាន្ដ​នេះ​ចេញ​មក​ពី​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ឲ្យ​ក្រដាស​ដែល​មានរូប​ពពក​ខ្មៅ​ធ្លាក់​ភ្លៀង​មួយ​ដល់​កុមារ​ម្នាក់ៗ ហើយ​សូម​ឲ្យ​ពួកគេ​សរសេរ​នៅលើ​ក្រដាស​នោះ​នូវ​ឧបសគ្គ​មួយ​ដែល​មនុស្ស​ម្នាក់​អាច​មាន ។ សូម​ផ្គុំ​រូប​ពពក​ទាំងអស់​នៅលើ​ក្ដារខៀន​គ្រប​លើ​រូបភាព​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​កុមារ​ម្នាក់​ដក​រូប​ពពក​មួយ​ចេញ ហើយ​ប្រាប់​ពី​វិធី​ដែល​យើង​អាច​ជួយ​នរណាម្នាក់​ជាមួយ​នឹង​ឧបសគ្គ​នោះ ដើម្បី​ឲ្យ​គេ​អាច​រកឃើញ​សេចក្ដី​សុខសាន្ដ​បាន ។ នៅពេល​ពពក​ទាំងអស់​ត្រូវបាន​ដក​ចេញ​ហើយ សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការធ្វើ​ឲ្យ​ព្យុះ​ស្ងប់​នៅក្នុង​ជីវិត​របស់​យើង ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ជួយ​កុមារ​ឲ្យ​សរសេរ​នូវ​សកម្មភាព​បម្រើ​មួយ ដែល​ពួកគេ​នឹង​ធ្វើ​សម្រាប់​នរណាម្នាក់​នៅ​សប្ដាហ៍​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​មាន​ភាព​សកម្ម ។ នៅ​ពេល​ខ្លះ បងប្អូន​អាច​មាន​អារម្មណ៍​ថា កម្លាំង​របស់​កុមារ​គឺជា​ការបង្វែរ​អារម្មណ៍​កុមារ​ពី​ការរៀន​សូត្រ ។ ប៉ុន្ដែ​បងប្អូន​អាច​បង្កើត​សកម្មភាព​ដោយ​ផ្អែក​លើ​ធម្មជាតិ​ដ៏​សកម្ម​របស់​ពួកគេ​បាន ដោយ​ឲ្យ​ពួកគេ​សម្ដែង​រឿង ឬ​ធ្វើ​សកម្មភាព​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នានា​នៅក្នុង​បទចម្រៀង ឬ​ព្រះគម្ពីរ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ២៥ ) ។