ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ ៖ « ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក »


« ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ ៖ ‹ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​ឈប់​សម្រាក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះ​យេស៊ូវ​គង់​នៅ​កណ្ដាល​ពពក

កុំ​ឲ្យ​ភ័យ​ឡើយ ដោយ ម៉ៃឃល ម៉ម

ថ្ងៃទី ១៣–១៩ ខែ មីនា

ម៉ាថាយ ១១–១២; លូកា ១១

« ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​ឈប់​សម្រាក »

គំនិត​សម្រាប់​ការបង្រៀន​នៅ​ក្នុង​គម្រោង​មេរៀន​នេះមាន​គោលបំណង​ដើម្បី​ជួយបំផុស​គំនិត​ច្នៃប្រឌិត​របស់​បងប្អូនផ្ទាល់ ។ សូម​សម្រប​វាដើម្បីបំពេញ​សេចក្ដីត្រូវការ​របស់​កុមារ​ដែល​បងប្អូន​បង្រៀន​ដោយ​សេរី ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​លើក​ទឹក​ចិត្ត​កុមារ​ឲ្យចែកចាយ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់​នៅ​ថ្ងៃ​ឈប់​សម្រាក ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ១១:២៨–៣០

ព្រះយេស៊ូវ​នឹង​ជួយ​ខ្ញុំ កាល​ខ្ញុំ​មក​រក​ទ្រង់ ។

កុមារ​អាច​មាន​អារម្មណ៍​សុខសាន្ដ​ដែល​ដឹង​ថា ព្រះយេស៊ូវ​នឹង​ជួយ​ពួកគេ​ឲ្យ​ស្បើយ​ពី​បន្ទុក​របស់​គេ នៅពេល​ពួកគេ​មក​រក​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន ម៉ាថាយ ១១:២៨–៣០ ហើយ​បង្ហាញ​រូបភាព​នឹម​គោ​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ។ សូម​ឲ្យ​កុមារ​ចង្អុល​ទៅ​គោ និង​នឹម​នោះ ។ សូម​ពន្យល់​ថា គោ​ដែល​ជាប់​នឹមអាច​ទាញ​របស់​ធ្ងន់ៗ​រួម​គ្នា ជាជាង​ទាញ​ដាច់​ដោយឡែក​ពី​គ្នា ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​មាន​អារម្មណ៍​ក្រៀមក្រំ ព្រួយបារម្ភ ឬ​ភ័យ​ខ្លាច នោះ​យើង​អាច​ស្វែងរក​ព្រះយេស៊ូវ ហើយ​ទ្រង់​នឹង​ជួយ​យើង ។

  • សូម​ឲ្យ​កុមារ​ម្នាក់​លើក​របស់​ធ្ងន់​មួយ ។ នៅពេលពួក​គេលើក​មិនរួច សូម​ជួយ​ដល់​ពួកគេ ។ តើ​ព្រះយេស៊ូវ​ជួយ​យើង​ឲ្យ​ធ្វើ​រឿង​លំបាកៗ​តាម​របៀប​ណា ? សូម​ចែកចាយ​បទពិសោធន៍​ពេលបងប្អូន​មាន​អារម្មណ៍​ថា ព្រះយេស៊ូវ​ជួយ​បងប្អូន​ឲ្យ​ធ្វើរឿង​ដ៏​លំបាក​មួយ ហើយ​សុំ​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។

ម៉ាថាយ ១២:១–១៣

ខ្ញុំ​អាច​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

តើ​មាន​វិធី​សប្បាយៗ​ណា​ខ្លះ ដែល​អ្នក​អាច​បង្រៀន​ដល់​កុមារ​អំពី​ថ្ងៃ​ឈប់​សម្រាក និង​ពី​មូលហេតុ​ដែល​យើង​រក្សា​វា​ឲ្យ​បរិសុទ្ធ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន ម៉ាថាយ ១២:១០–១៣ ឮៗ ។ សូម​ឲ្យ​កុមារ​ក្រោក​ឈរ ហើយ​អង្គុយ​ចុះ​រាល់​ពេល​អ្នក​និយាយ​ថា « ថ្ងៃ​ឈប់​សម្រាក » ហើយ​បន្ទាប់មក​ថា​សា​ឡើង​វិញ​ជាមួយ​នឹង​កុមារ​នូវ​ឃ្លា « មាន [ ច្បាប់ ] ឲ្យ​ធ្វើការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ » ( ម៉ាថាយ ១២:១២ ) ។ តើ​ពួកគេ​គិត​ថា វា​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

  • សូម​បង្ហាញ​ប្រតិទិន​មួយ​ដល់​កុមារ ហើយ​គូស​ពណ៌​លើ​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​ពួកគេ ។ តើ​យើង​ធ្វើ​កិច្ចការ​អ្វីខ្លះ​នៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​សប្ដាហ៍ ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​បាន​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​នេះ​ខុស​ពី​ថ្ងៃ​ដទៃ​ទៀត ? ( សូមមើល អេសាយ ៥៨:១៣–១៤ ) ។

  • សូម​ឲ្យ​កុមារ​គូរ​អ្វី​ល្អៗ​ដែល​ពួកគេ​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ឈប់​សម្រាក ( សូមមើល​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ) ។

  • សូម​ឲ្យ​កុមារ​រក​នឹក​ធ្វើ​កាយវិការ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចាំ​ពី​របៀប​ដែល​យើង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក កាល​ពួកគេ​ច្រៀង​បទ « ថ្ងៃ​សៅរ៍ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៥ ) ។

  • សូម​គូរ​រូប​ភ្នែក ត្រចៀក មាត់ និង​ដៃ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​កុមារ​ប្រាប់​ដល់​អ្នក​ពី​អ្វី​ដែល​ផ្នែក​នៃ​អវៈយវៈ​នីមួយៗ​ទាំងនេះ​នៅលើ​រាងកាយ​យើង​អាច​ធ្វើ​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

លូកា ១១:១១–១៣

ព្រះវរបិតា​សួគ៌​ប្រទាន​អំណោយ​ល្អ​ដល់​យើង ។

ការ​បង្រៀន​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង លូកា ១១:១១–១៣ អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់​ថា ព្រះវរបិតា​សួគ៌​ស្រឡាញ់​ពួកគេ ហើយ​សព្វព្រះទ័យ​ចង់​ប្រទាន​ពរ​ដល់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • ប្រើមេរៀន​ដែល​ប្រើវត្ថុ​ជា​ជំនួយ​ដើម្បី​បង្ហាញ​ពីការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង លូកា ១១:១១–១៣ ។ ឧទាហរណ៍ បងប្អូន​អាច​ដាក់​ថ្ម​មួយ​ដុំនៅ​ក្នុង​ថង់​នំប៉័ង ឬ​ដាក់​រូប​ខ្យាដំរីនៅ​ក្នុង​ប្រអប់ដាក់​ស៊ុត ។ សូម​ឲ្យ​កុមារ​ទស្សន៍​ទាយថា​មាន​អ្វី​នៅ​ក្នុង​នោះ រួចហើយ​បង្ហាញ​វា​ដល់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្ដូរ​ដុំថ្ម ឬ​រូបភាព​នោះ​ជាមួយ​នឹង​នំប៉័ង​មួយ​ចំណិត ឬ​ស៊ុត​មួយ ។ សូមអាន លូកា ១១:១១–១៣ ហើយ​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ឆ្លើយតប​ការ​អធិស្ឋាន​របស់​យើង ហើយ​ប្រទាន​ពរជ័យ​ជាច្រើន​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយគ្នា​អំពី​សេចក្តីស្រឡាញ់​របស់ព្រះ ដូចជា​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ។ តើ​អំណាយទាន​ល្អៗ​មួយ​ចំនួន​ដែល​ទ្រង់បាន​ប្រទាន​ដល់​យើង​មាន​អ្វីខ្លះ ? សូម​ឲ្យ​កុមារ​គូរ​រូបភាព​អំពី​ពរជ័យ​មក​ពី​ព្រះវរបិតា​សួគ៌​ដែល​ពួកគេ​មាន​អំណរគុណ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ១១:២៨–៣០

ព្រះយេស៊ូវ​នឹង​ជួយ​ខ្ញុំ កាល​ខ្ញុំ​មក​រក​ទ្រង់ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រអង្គ​សង្គ្រោះ​នឹង​ប្រទាន​ដល់​ពួកគេ​នូវ​ការសម្រាក​ពី​ឧបសគ្គ​នានា កាល​ពួកគេ​មក​រក​ទ្រង់​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ព្រួយ​បារម្ភ ឬ​អន្ទះសា​អំពី​រឿង​អ្វីមួយ ។ សូម​ឲ្យ​ពួកគេ​ស្រាវជ្រាវ​ក្នុង ម៉ាថាយ ១១:២៨–៣០ រកមើល​ការប្រឹក្សា​ដែល​អាច​ជួយ​ដល់​ពួកគេ​នៅក្នុង​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ ។ តើ​ព្រះអង្គសង្គ្រោះ « ឲ្យ [ យើង ] សម្រាក » ដោយ​របៀប​ណា ? ( ខទី ២៨ ) ។

  • សូម​ឲ្យ​កុមារ​គូរ​រូបភាព​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​មក​រក​ព្រះយេស៊ូវ ហើយ​រៀន​សូត្រ​អំពី​ទ្រង់ ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​មាត្រា​ទី​បួននៃ​សេចក្ដី​ជំនឿ ។ សូម​និយាយ​នឹង​ពួកគេ​អំពី​របៀប​ដែល​គោលការណ៍ និង​ពិធី​បរិសុទ្ធ​ដំបូង​នីមួយៗ​នៃ​ដំណឹងល្អ​ជួយ​យើង​ឲ្យ​ទទួល​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ « ចូរ​មកឯខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ។

ម៉ាថាយ ១២:១–១៣

ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​មួយ​ដើម្បី​ធ្វើ​កិច្ចការ​ល្អៗ ដែល​នាំ​ឲ្យ​ខ្ញុំ​ទៅ​កាន់តែ​ជិត​ព្រះ ។

កុមារ​ដែល​បងប្អូន​បង្រៀន​នឹង​ត្រូវបាន​ពង្រឹង​ឡើង កាល​បងប្អូន​បញ្ជាក់​ប្រាប់​ពី​គោលបំណង និង​ពរជ័យ​នានា​ក្នុង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ម្នាក់​ធ្វើ​ជា​បុរស​ម្នាក់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​ដៃ​របស់​គាត់ ( សូមមើល ម៉ាថាយ ១២:១០–១៣ ) ។ កុមារ​ម្នាក់​ទៀត​អាចសួរ​សំណួរគាត់​អំពី​បទពិសោធន៍​នេះ ។

  • សូម​អាន ម៉ាថាយ ១២:១២ រួមគ្នា ។ តើ​មាន​កិច្ចការ​ល្អៗ​ណា​ខ្លះ​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ឈប់​សម្រាក ? សូម​ឲ្យ​កុមារ​គូរ​រូបភាព​អំពី​គំនិត​របស់​ពួកគេ​នៅលើ​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ រួច​កាត់​វា​ចេញ​ជា​បំណែក​តូចៗ ហើយ​ប្ដូរ​វេន​គ្នា​ដាក់​តម្រៀប​បំណែក​ទាំងឡាយចូលគ្នា ។

  • សូម​លាក់​រូបភាព​មនុស្ស​បី​បួន​នាក់​ដែល​ធ្វើ​កិច្ចការ​នានា​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌​នៅ​ថ្ងៃ​ឈប់​សម្រាក ។ សូម​ឲ្យ​កុមារ​រកមើល​រូបភាព​នោះ ហើយ​ចែកចាយ​ពី​របៀប​ដែល​ការធ្វើ​កិច្ចការ​នៅក្នុង​រូបភាព​នោះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ដល់​ព្រះ ។

ពួកបុរស​មើល​ទៅ​ពួកសិស្ស​ដើរ​កាត់​វាល​ស្រូវសាលី

ពួក​សិស្ស​បរិភោគ​ស្រូវ​នៅ​ថ្ងៃ​ឈប់​សម្រាក ដោយលោក ជេមស៍ ធីសសុត

លូកា ១១:៣៧–៤២

ទាំងទង្វើ និង​ដួង​ចិត្ត​របស់​ខ្ញុំ​ត្រូវ​តែ​បរិសុទ្ធ ។

ព្រះអង្គ​សង្គ្រោះ​បា​នបង្រៀន​ថា ការ​បង្ហាញ​ខ្លួន​ថា​សុចរិត​តែ​សំបក​ក្រៅ​ទៅ​កាន់​មនុស្ស​ដទៃ​មិន​គ្រប់​គ្រាន់​ទេ ។ គំនិត អារម្មណ៍ និង​ទង្វើ​ឯកជន​របស់​យើង​ក៏ត្រូវ​តែ​បរិសុទ្ធ​ដែរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ខគម្ពីរ​ទាំង​នេះ​បង្រៀន សូម​បង្ហាញ​ពែង ឬ​ធុង​មួយ​ដែល​ស្អាត​តែ​ខាង​ក្រៅ ប៉ុន្តែ​មាន​ភាព​កខ្វក់​នៅ​ខាង​ក្នុង ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​អ្វី​ដែល « ផ្នែក​ខាង​ក្រៅ​នៃ​ពែង​នោះ » អាច​តំណាង​ឲ្យ ។ តើ « ផ្នែក​ខាង​ក្នុង » តំណាង​ឲ្យ​អ្វី ? ហេតុអ្វី​បានជា​វា​មាន​សារៈសំខាន់​ក្នុងការ​សម្អាត​ទាំង​ផ្នែក​ខាងក្រៅ និង​ខាងក្នុង ?

  • សូម​អាន​បទគម្ពីរ​មួយ​ចំនួនផ្សេង​ទៀត​​ជាមួយ​គ្នា​ដែល​គូស​បញ្ជាក់​ពី​សេចក្ដីសុចរិត​ទាំង​ក្នុងដួង​ចិត្ត និង​ទង្វើ​របស់​យើង—ឧទាហរណ៍ ទំនុក​ដំកើង ២៤:៣–៥; ម៉ាថាយ ១៥:៧–៨; មរ៉ូណៃ ៧:៦–៩ ។ សូម​ពិភាក្សា​ពី​ហេតុផល​ដែល​ព្រះអង្គ​សង្គ្រោះ​សព្វព្រះទ័យ​ចង់​ឲ្យ​ដួង​ចិត្ត និង​ទង្វើ​ឯកជន​របស់​យើង​មាន​ភាព​ស្អាត​ស្អំ​ខាង​វិញ្ញាណ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​ចែកចាយ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ​អំពី​គំនិត​នានា​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការ​សួរ​សំណួរ ។ « សំណួរ​ដែល​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​គោលការណ៍​មួយ​នៃ​ដំណឹងល្អ​ដោយ​ពាក្យ​សម្ដីរបស់​ពួកគេ​ផ្ទាល់—ជា​ពិសេស​ ប្រសិន​បើ​បាន​សួរ​នៅ​ដើម​មេរៀន—អាច​ជួយ​អ្នកឲ្យ​វាយ​តម្លៃ​ថាតើ​អ្នក​ត្រូវចំណាយពេល​ប៉ុន្មាន​ដើម្បី​សិក្សា​គោលការណ៍​នោះ​នៅ​ក្នុង​ថ្នាក់ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ ៣២ ) ។