ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ ៖ « ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក »


« ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ ៖ ‹ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​គង់​នៅ​កណ្ដាល​ពពក

កុំ​ឲ្យ​ភ័យ​ឡើយ ដោយ ម៉ៃឃល ម៉ម

ថ្ងៃទី ១៣–១៩ ខែ មីនា

ម៉ាថាយ ១១–១២; លូកា ១១

« ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក »

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន ៖ « ព្រះគម្ពីរ​ដែល​ជា​វិវរណៈ​ពី​អតីតកាល មិន​អាច​យល់​បានទេ ប្រសិន​បើគ្មាន​ការបើកសម្តែងវិវរណៈ​នៃ​បច្ចុប្បន្នកាល​នោះ​ទេ ។ ការសិក្សា​ព្រះគម្ពីរ​ជួយ​ឲ្យ​បុរស និង​ស្ត្រី​ទទួល​បាន​វិវរណៈ » ( « Scripture Reading and Revelation » Ensign ខែ មករា ឆ្នាំ ១៩៩៥ ទំព័រ ៧ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ក្នុង​របៀប​ជា​ច្រើន ពួក​ផារិស៊ី និង​ពួក​អាចារ្យ​បាន​ធ្វើ​ឲ្យ​ការថ្វាយ​បង្គំ​ព្រះយេហូវ៉ា​ជា​បន្ទុក ។ ជា​ញឹកញាប់ ពួកគេ​សង្កត់​ធ្ងន់​លើ​វិន័យ​ដ៏​តឹងរឹង​ ពីលើ​សេចក្ដីពិត​ដ៏​អស់កល្ប ។ វិន័យ​អំពី​ថ្ងៃ​ឈប់​សម្រាក ដែល​មានន័យ​ថាជា​ថ្ងៃ​នៃ​ការសម្រាក ដែលជា​បន្ទុក​ដ៏​ធ្ងន់ ។

បន្ទាប់​មក ព្រះយេហូវ៉ា​ទ្រង់​ផ្ទាល់​បាន​យាងមក​នៅក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់ ? ទ្រង់​បាន​បង្រៀន​ពួកគេ​ថា គោលបំណង​ដ៏​ពិត​នៃ​សាសនា​គឺ​មិន​មែន​ដើម្បី​បង្កើត​បន្ទុក​ទេ ប៉ុន្តែ​ដើម្បី​សម្រាល​បន្ទុក​ពួកគេ​វិញ ។ ទ្រង់​បាន​បង្រៀន​ថា ព្រះ​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង រួម​ទាំង​បទបញ្ញត្តិ​ឲ្យ​ប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក​ផងដែរ មិនមែន​ដើម្បី​កៀបសង្កត់​យើង​នោះ​ទេ ប៉ុន្តែ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​យើង​វិញ ។ មែនហើយ ផ្លូវ​ទៅរក​ព្រះ​គឺ​ត្រង់ ហើយ​តូច​ចង្អៀត ប៉ុន្តែ​ព្រះអម្ចាស់​បាន​យាង​មក​ប្រកាស​ថា យើង​មិន​ចាំបាច់​ដើរ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ទ្រង់​បាន​អង្វរ​ថា « ចូរ​មក​តាម​ខ្ញុំ » ។ ចំពោះ​មនុស្ស​ទាំងអស់​ដែល​មាន​អារម្មណ៍ « ផ្ទុក​ធ្ងន់​ » ដោយ​ហេតុផល​ណា​មួយ​នោះ ការអញ្ជើញ​របស់​ទ្រង់​គឺ​ឲ្យ​ឈរ​នៅ​ក្បែរ​ទ្រង់ ឲ្យ​ភ្ជាប់​ខ្លួន​យើង​ទៅ​នឹង​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ជួយ​រែក​បន្ទុក​របស់​យើង ។ ការសន្យា​របស់​ទ្រង់​គឺ « អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង » ។ ប្រៀបធៀប​ទៅនឹង​ជម្រើស​ជំនួស—ការព្យាយាម​បន្ត​តែ​ម្នាក់​ឯង ឬ​ពឹងផ្អែក​លើ​ដំណោះស្រាយ​ជីវិត​រមែង​ស្លាប់—« នឹម​របស់​ទ្រង់​ងាយ ហើយ​បន្ទុក [ របស់​ទ្រង់ ] ស្រាល » ។ ( ម៉ាថាយ ១១:២៨–៣០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ១១:២៨–៣០

ព្រះយេស៊ូវគ្រីស្ទ​នឹង​ប្រទាន​ការសម្រាក​ដល់​ខ្ញុំ នៅ​ពេល​ខ្ញុំ​ពឹង​ផ្អែក​ទៅលើ​ទ្រង់ ។

យើង​ទាំងអស់​គ្នា​រែក​បន្ទុក—បន្ទុក​ខ្លះ​កើត​មក​ពី​អំពើបាប និង​កំហុស​ផ្ទាល់​ខ្លួន​របស់​យើង ឯ​ខ្លះ​ទៀត​បណ្ដាល​មក​ពី​ជម្រើស​របស់​អ្នកដទៃ ហើយ​ខ្លះ​ទៀត​ពុំ​មែន​ជា​កំហុស​របស់​នរណា​ទាំងអស់ ប៉ុន្តែ​វា​ជាផ្នែកមួយ​នៃ​ជីវិត​នៅ​លើ​ផែនដី ។ មិន​ថា​យើង​មាន​បញ្ហា​ដោយ​មូលហេតុ​ណា​ទេ ព្រះយេស៊ូវ​បាន​អង្វរ​ឲ្យ​យើង​មក​រក​ទ្រង់​ដើម្បី​ទ្រង់​អាច​ជួយ​យើង​រែក​បន្ទុក​យើង ហើយ​រក​បាន​ភាព​ស្រាកស្រាន្ដ ( សូមមើល​ផងដែរ ម៉ូសាយ ២៤) ។ អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ការចុះ និងការ​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ គឺ​ជា​ការ​ទឹម​ខ្លួន​យើង​ជាមួយនឹង​ព្រះ​អម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ( « Bear Up Their Burdens with Ease » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៨ ) ។ ដោយ​ចាំ​អំពី​រឿង​នេះ​នៅក្នុង​ចិត្ត សូម​ពិចារណា​សំណួរដូច​តទៅ​នេះ​ដើម្បី​យល់​ដឹង​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខ​គម្ពីរ​នេះ​កាន់​តែ​ប្រសើរ ៖ តើ​សេចក្ដីសញ្ញា​របស់​ខ្ញុំ​ទឹម​ខ្ញុំ​ទៅ​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​មក​ឯ​ព្រះគ្រីស្ទ ? តើ​នឹម​របស់​ព្រះអង្គ​សង្គ្រោះ​ងាយ​ស្រួល ហើយ​បន្ទុក​របស់​ទ្រង់​ស្រាល​មាន​ន័យដូចម្តេច ?

តើ​មាន​សំណួរ​អ្វីខ្លះ​ទៀត​ផុស​ឡើង​ក្នុង​គំនិត​បងប្អូន ពេល បងប្អូន​អាន ? ចូរ​កត់ត្រា​វា ហើយ​ស្រាវជ្រាវ​រក​ចម្លើយ​ក្នុង​សប្ដាហ៍​នេះ​នៅ​ក្នុង​បទគម្ពីរ​និង​ពាក្យសម្ដី​របស់​ពួក​ព្យាការី ។ បងប្អូន​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់​បងប្អូន​មួយ​ចំនួន​នៅ ក្នុង​សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា ដែល​ជាសេចក្តីយោង​មក​ពី​ខាង​លើ ។

សូមមើល​ផងដែរ ចន អេ ម៉ាក់ឃូន « Come unto Christ—Living as Latter-day Saints » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣៦–៣៨; ឡរិន អ៊ី ខូរប្រីឌ « The Way » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៣៤–៣៦ ។

ពួកបុរស​មើល​ទៅ​ពួកសិស្ស​ដើរ​កាត់​វាល​ស្រូវសាលី

ពួកសិស្ស​ទទួលទាន​ស្រូវ​សាលី​នៅ​ថ្ងៃ​ឈប់សម្រាក ដោយ ជេមស៍ ធីសសត

ម៉ាថាយ ១២:១–១៣

« ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក » ។

ការបង្រៀន​របស់​ពួក​ផារិស៊ី​ខុស​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​របៀប​ជា​ច្រើន ប៉ុន្តែ​ជា​ពិសេស​ក្នុង​របៀប​ដើម្បី​គោរព​ប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក ។ កាលដែល​បងប្អូន​អាន ម៉ាថាយ ១២:១–១៣ បងប្អូន​អាច​ពិចារណា​ថាតើ​អាកប្បកិរិយា និង​សកម្មភាព​របស់​បងប្អូន​នៅ​ថ្ងៃ​ឈប់សម្រាក ស្រប​ទៅ​នឹង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ។ ដើម្បី​ធ្វើ​ដូច​នេះ បងប្អូន​អាច​ពិចារណា​សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ​បាន ៖

  • « យើង​ចង់​បាន​សេចក្តី​មេត្តាករុណា មិន​មែន​យញ្ញបូជា​ទេ» ( ខទី ៧; សូមមើល ហូសេ ៦:៦ ) ។

  • « ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សម្រាក​ដែរ » ( ខទី ៨ ) ។

  • « មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក » ( ខទី ១២ ) ។

តើ​ការបង្រៀន​ទាំងនេះ​អាច​នឹង​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​ចូល​ទៅកាន់​ថ្ងៃ​ឈប់សម្រាក​យ៉ាង​ដូចម្តេច ?

សូមមើល​ផងដែរ ម៉ាកុស ២:២៣៣:៥; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « ថ្ងៃ​ឈប់​សម្រាក » នៅ​លើ​គេហទំព័រ scriptures.ChurchofJesusChrist.org ។

ម៉ាថាយ ១២:៣៤–៣៧; លូកា ១១:៣៣–៤៤

ពាក្យ​សម្ដី និង​ទង្វើ​របស់​ខ្ញុំ​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​នៅក្នុង​ដួងចិត្ត​ខ្ញុំ ។

ការរិះគន់​ជា​ចម្បង​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ពួក​ផារិស៊ី គឺ​ថា ពួកគេ​ព្យាយាម​ធ្វើ​ឲ្យ​មើល​ទៅ​ដូច​សុចរិត ប៉ុន្តែ​គោលបំណង​របស់​ពួកគេ​មិន​បរិសុទ្ធ​ទេ ។ កាលដែល​បងប្អូន​សិក្សា​អំពី​ការព្រមាន​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ពួក​ផារិស៊ី​នៅក្នុង ម៉ាថាយ ១២:៣៤–៣៧ និង លូកា ១១:៣៣–៤៤ នោះ​សូម​ពិចារណា​អំពី​ទំនាក់ទំនង​រវាង​ដួងចិត្ត​របស់​យើង និង​ទង្វើ​របស់​យើង ។ តើ​ឃ្លា « កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត » មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? ( ម៉ាថាយ ១២:៣៥ ) ។ តើ​ពាក្យ​សម្ដី​របស់​យើង​សមហេតុ​ផល ឬ​ថ្កោលទោស​យើង​យ៉ាង​ដូច​ម្ដេច ? ( សូមមើល ម៉ថាយ ១២:៣៧ ) ។ តើ​ភ្នែក « ល្អ » មាន​ន័យ​ដូចម្ដេចចំពោះ​បងប្អូន ? ( លូកា ១១:៣៤ ) ។ សូម​ពិចារណា​ថា​តើ​បងប្អូន​អាច​ក្លាយ​ជា « ភ្លឺ​ទាំង​អស់ » ( លូកា ១១:៣៦ ) តាមរយៈ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ។

សូមមើល​ផងដែរ អាលម៉ា ១២:១២–១៤; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦៧–៦៨ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ម៉ាថាយ ១១:២៨–៣០ ។បងប្អូនអាច​ជួយ​គ្រួសារ​បងប្អូន​មើល​ឃើញ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ដោយ​ឲ្យ​ពួកគេ​ផ្លាស់​វេន​គ្នា​ព្យាយាម​ទាញ​អ្វី​មួយ​ដែល​ធ្ងន់ៗ ដោយ​ខ្លួន​គេ​ជាមុន​សិន បន្ទាប់​មក​ទើប​ផ្តល់​ជំនួយ ។ តើ​បន្ទុក​មួយចំនួន​ដែល​យើង​រែក​មាន​អ្វីខ្លះ ? តើ​ការ​ទទួល​យក​នឹម​របស់​ព្រះយេស៊ូវ​មក​ដាក់​លើ​ខ្លួន​យើង​មានន័យ​យ៉ាង​ដូចម្ដេច ? រូបភាពនៅ​ចុង​បញ្ចប់​នៃ​គម្រោង​នេះ អាច​ជួយ​បងប្អូន​ពន្យល់​ថា​នឹម​គឺ​ជា​អ្វី ។

ម៉ាថាយ ១២:១០–១៣ ។កាលដែល​បងប្អូន​អាន​អំពី​ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់​នៅ​ថ្ងៃ​ឈប់សម្រាក នោះ​គ្រួសារ​របស់​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​យើង « បាន​ជា » តាមរយៈ​ព្រះអង្គ​សង្គ្រោះ ។ តើ​ថ្ងៃ​ឈប់​សម្រាក​អាច​ជា​ថ្ងៃ​នៃ​ការព្យាបាល​សម្រាប់​យើង​ដោយ​របៀប​ណា ?

ដោយ​ត្រូវបាន​បំផុស​ដោយ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ នោះ​គ្រួសារ​របស់​បងប្អូន​អាច​ធ្វើ​បញ្ជី​មួយ​អំពី​របៀប​នានា​ដែល​បងប្អូន​អាច « ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក » ( ខទី ១២ ) ។ សូម​ប្រាកដ​ថា​មាន​បញ្ចូល​ឱកាស​ទាំងឡាយ​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ​ទៀត ។ វា​អាច​មាន​ប្រយោជន៍​ដើម្បី​រក្សា​បញ្ជី​របស់​បងប្អូន ហើយ​យោង​ទៅ​វា​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខៗ​ទៀត ។

លូកា ១១:៣៣–៣៦ ។សូមពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​បង្រៀន​ក្រុមគ្រួសារ​របស់បងប្អូន​នូវ​អត្ថន័យ​នៃ​ការ​បាន « ភ្លឺ​ទាំង​អស់ » ( ខទី ៣៤, ៣៦ ) ។ តើ​កម្មវត្ថុមេរៀនអាច​​ជួយ​ដែរ​ឬ​ទេ ? បងប្អូន​ក៏​អាច​ពិភាក្សា​ពី​របៀប​នានា ដើម្បី​នាំ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅក្នុង​ជីវិត​របស់​យើង ផ្ទះ​របស់​យើង និង​ពិភពលោក​នេះ​ផងដែរ ។ សម្រាប់​គំនិត​នានា សូមមើល​វីដេអូ « The Light That Shineth in Darkness » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:19

លូកា ១១:៣៧–៤៤ ។ប្រហែល​ជា​គ្រួសារ​របស់​បងប្អូន​អាច​ពិភាក្សា​អំពី​ខគម្ពីរ​ទាំងនេះ ខណៈ​កំពុង​លាងចាន​ជាមួយ​គ្នា ។ បងប្អូន​អាច​និយាយ​អំពី​មូលហេតុ ដែល​វា​មិនមែន​ជាគំនិតល្អ​ទេ​ដែល​លាង​តែ​ផ្នែក​ខាងក្រៅនៃ​សម្ភារៈប្រើប្រាស់​​ដូចជា​ចានគោម និង​ពែង​នោះ ។ បន្ទាប់​មក បងប្អូន​អាច​ភ្ជាប់​រឿងនេះ​ទៅនឹង​សេចក្ដី​ត្រូវការ​ដើម្បី​មាន​ភាពសុចរិត មិន​ត្រឹម​តែ​ទង្វើ​ខាង​ក្រៅ​របស់​យើង​នោះ​ទេ ប៉ុន្តែ​គំនិត និង​អារម្មណ៍​នៅ​ខាង​ក្នុង​របស់​យើង​ផងដែរ ។

សម្រាប់​គំនិត​បន្ថែម​ សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « ឱ! បញ្ញត្តិទន់ភ្លន់ទ្រង់ » ទំនុកតម្កើង ល.រ. ៦៨ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

មាន​ភាពខ្ជាប់ខ្ជួន ។ បងប្អូន​គង់​មាន​ថ្ងៃ ពេល​ដែល​ការសិក្សា​ព្រះគម្ពីរ​ហាក់ដូច​ជា​ពិបាក ឬ​មិនមាន​លទ្ធផល​ដូច​អ្វីដែល​បងប្អូន​សង្ឃឹម​ចង់​បាន ។ សូម​កុំ​ចុះចាញ់​ឡើយ ។ អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ភាព​ខ្ជាប់​ខ្ជួន​របស់​យើង​នៅក្នុង​ការធ្វើ​អ្វី​មួយ​ដែល​ហាក់​ដូច​ជា​រឿង​តូចតាច អាច​នាំ​ទៅកាន់​លទ្ធផល​ខាង​វិញ្ញាណ​ដ៏​សំខាន់ » ( « More Diligent and Concerned at Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២០ ) ។

គោ​ពីរក្បាល​ទឹម​ជាមួយ​គ្នា

« ចូរ​ទទួល​នឹម​ខ្ញុំ​ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ត្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង » ( ម៉ាថាយ ១១:២៩ ) ។ រូបភាព © iStockphoto.com/wbritten