« ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ ៖ ‹ ព្រះយេស៊ូវទ្រង់ចាត់ពួកដប់ពីរនាក់នេះឲ្យទៅ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៦–១២ ខែ មីនា
ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩
« ព្រះយេស៊ូវទ្រង់ចាត់ពួកដប់ពីរនាក់នេះឲ្យទៅ »
គំនិតយោបល់សម្រាប់ការសិក្សានៅក្នុងគម្រោងនេះ គឺមានគោលបំណងជួយបងប្អូនឲ្យស្វែងរកអត្ថន័យផ្ទាល់ខ្លួននៅក្នុងព្រះគម្ពីរ ។ ទោះជាយ៉ាងណា គំនិតយោបល់ទាំងនេះមិនគួរជំនួសឲ្យវិវរណៈផ្ទាល់ខ្លួនដែលបងប្អូនអាចទទួលបានថាតើវគ្គបទគម្ពីរណាដែលត្រូវសិក្សា ឬរបៀបដើម្បីសិក្សាវានោះទេ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អព្ភូតហេតុក្នុងការព្យាបាលដោយព្រះបន្ទូលរបស់ព្រះយេស៊ូវត្រូវបានគេផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ។ ហ្វូងមនុស្សបានដើរតាមទ្រង់ ដោយសង្ឃឹមថាបានជាពីជំងឺរបស់ពួកគេ ។ ប៉ុន្តែនៅពេលព្រះអង្គសង្គ្រោះមើលទៅហ្វូងមនុស្ស ទ្រង់បានទតឃើញលើសពីជំងឺខាងរូបកាយរបស់ពួកគេ ។ ទ្រង់បានទតឃើញ « ហ្វូងចៀមដែលឥតអ្នកគង្វាល » ពេញដោយក្ដីមេត្តាករុណា ( ម៉ាថាយ ៩:៣៦ ) ។ ទ្រង់បានសង្កេតឃើញថា « ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ » ( ម៉ាថាយ ៩:៣៧ ) ។ ដូច្នេះទ្រង់បានហៅពួកសាវកដប់ពីរនាក់មក « ប្រទានឲ្យគេមានអំណាច » ហើយបានបញ្ជូនពួកគេឲ្យទៅបង្រៀន និងផ្ដល់ការងារបម្រើដល់ « ចៀមបាត់បង់របស់វង្សានុវង្សនៃពួកអ៊ីស្រាអែល » ( ម៉ាថាយ ១០:១, ៦ ) ។ សព្វថ្ងៃនេះតម្រូវការបន្ថែមទៀតសម្រាប់អ្នកធ្វើការបម្រើដល់កូនចៅរបស់ព្រះវរបិតាសួគ៌គឺក៏មានចំនួនច្រើនណាស់ ។ ពួកសាវកដប់ពីរនាក់នៅតែមាន ប៉ុន្តែពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែមានច្រើនជាងពីមុន—ជាអ្នកដែលអាចប្រកាសទៅកាន់ពិភពលោកទាំងមូលថា « នគរស្ថានសួគ៌ជិតដល់ហើយ » ( ម៉ាថាយ ១០:៧ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ម៉ាថាយ ៩:១៨–២៦; ម៉ាកុស ៥:២២–៤៣
« កុំខ្លាចអីឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។
ពេលដែលយ៉ៃរ៉ុសបានទូលសូមព្រះយេស៊ូវឲ្យយាងទៅព្យាបាលកូនស្រីរបស់លោកជាលើកដំបូង ដែល « ជិតស្លាប់ហើយ » នោះយ៉ៃរ៉ុសបាននិយាយដោយប្រញាប់ប្រញាល់ ប៉ុន្តែដោយក្ដីសង្ឃឹម ៖ « សូមទ្រង់យាងទៅដាក់ព្រះហស្តលើវា … នោះវានឹងរស់វិញ » ( ម៉ាកុស ៥:២៣ ) ។ ប៉ុន្តែនៅពេលដែលទ្រង់ និងយ៉ៃរ៉ុសបានចេញទៅ នោះក៏មានអ្នកនាំសារម្នាក់បានជម្រាបយ៉ៃរ៉ុសថា វាយឺតពេលហើយ ៖ « កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត ? » ( ខទី ៣៥ ) ។ ដូចគ្នានេះដែរ វាហាក់បីដូចជាយឺតពេលហើយ សម្រាប់ស្ត្រីដែលបានពិពណ៌នានៅក្នុង ម៉ាកុស ៥:២៥–៣៤ ដែលបានរងទុក្ខដោយសារឈឺធ្លាក់ឈាមអស់ ១២ ឆ្នាំមកហើយនោះ ។
ពេលដែលបងប្អូនអានដំណើររឿងទាំងនេះ បងប្អូនអាចនឹងគិតអំពីអ្វីៗដែលត្រូវការការព្យាបាលនៅក្នុងជីវិតរបស់បងប្អូន និងគ្រួសារបងប្អូន—រួមទាំងអ្វីៗដែលហាក់ដូចជា « ជិតស្លាប់ហើយ » ឬដែលហួសពេលនឹងព្យាបាលក្តី ។ តើអ្វីទៅដែលធ្វើឲ្យបងប្អូនមានចំណាប់អារម្មណ៍អំពីការបង្ហាញនូវសេចក្ដីជំនឿនៅក្នុងដំណើររឿងទាំងនេះ ? សូមកត់ចំណាំផងដែរពីអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ស្ត្រីនោះ និងទៅកាន់យ៉ៃរ៉ុស ។ តើបងប្អូនគិតថា ព្រះអម្ចាស់កំពុងមានបន្ទូលអ្វីទៅកាន់បងប្អូន ?
សូមមើលផងដែរ លូកា ៨:៤១–៥៦; រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២; Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ ៣៣៣–៣៤២ ។
ព្រះអម្ចាស់ប្រទានអំណាចដល់ពួកអ្នកបម្រើរបស់ទ្រង់ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។
ការណែនាំដែលព្រះយេស៊ូវបានប្រទានឲ្យនៅក្នុង ម៉ាថាយ ១០ ដល់ពួកសាវករបស់ទ្រង់ អាចអនុវត្តចំពោះពួកយើងផងដែរ ដោយសារយើងទាំងអស់គ្នាមានចំណែកមួយនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ តើអំណាចអ្វីដែលព្រះគ្រីស្ទបានប្រទានដល់ពួកសាវករបស់ទ្រង់ដើម្បីជួយពួកគេបំពេញបេសកកម្មរបស់ពួកគេ ? តើបងប្អូនអាចទទួលបានអំណាចរបស់ទ្រង់ក្នុងកិច្ចការដែលបងប្អូនត្រូវបានហៅឲ្យធ្វើដោយរបៀបណា ? ( សូមមើល កូរិនថូស ទី២ ៦:១–១០; គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤៦ ) ។
នៅពេលបងប្អូនអានអំពីការអនុញ្ញាតដែលព្រះគ្រីស្ទប្រទានដល់ពួកសាវកទ្រង់ បងប្អូនអាចទទួលបានចំណាប់អារម្មណ៍អំពីកិច្ចការដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនធ្វើ ។ តារាងខាងក្រោមនេះអាចជួយបងប្អូនឲ្យរៀបចំគំនិតរបស់បងប្អូនបាន ៖
ចំណាប់អារម្មណ៍ដែលខ្ញុំបានទទួល | |
ព្រះអង្គសង្គ្រោះបានប្រទានអំណាចដល់ពួកសិស្សរបស់ទ្រង់ ។ |
ព្រះនឹងប្រទានដល់ខ្ញុំនូវអំណាចដែលខ្ញុំត្រូវការដើម្បីធ្វើកិច្ចការរបស់ខ្ញុំ ។ |
សូមមើលផងដែរ ម៉ាកុស ៦:៧–១៣; មាត្រានៃសេចក្ដីជំនឿ ១:៦; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សាវក »; « Jesus Calls Twelve Apostles to Preach and Bless Others » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។
នៅពេលខ្ញុំនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ នោះទ្រង់នឹងបំផុសគំនិតខ្ញុំឲ្យដឹងពីអ្វីដែលខ្ញុំត្រូវនិយាយ ។
ព្រះអម្ចាស់ទតឃើញជាមុនថា ពួកសិស្សរបស់ទ្រង់នឹងត្រូវគេបៀតបៀន ហើយសាកសួរអំពីសេចក្ដីជំនឿរបស់ពួកគេ—ជាអ្វីមួយស្រដៀងទៅនឹងអ្វីដែលពួកសិស្សសព្វថ្ងៃនេះអាចជួបប្រទះ ។ ប៉ុន្តែទ្រង់បានសន្យានឹងពួកសាវកថា ពួកគេនឹងដឹងដោយព្រះវិញ្ញាណអំពីអ្វី ដែលត្រូវនិយាយ ។ តើបងប្អូនធ្លាប់មានបទពិសោធន៍ នៅពេលការសន្យាដ៏ទេវភាពនេះត្រូវបានបំពេញនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ប្រហែលជានៅពេលបងប្អូនថ្លែងទីបន្ទាល់របស់បងប្អូន ផ្ដល់ពរជ័យ ឬមានការសន្ទនានឹងនរណាម្នាក់ ? សូមធ្វើការពិចារណាចែកចាយបទពិសោធន៍របស់បងប្អូនជាមួយនឹងមនុស្សជាទីស្រឡាញ់ម្នាក់ ឬកត់ត្រាវាទុកក្នុងសៀវភៅកំណត់ហេតុ ។ តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីមានបទពិសោធន៍បែបនោះកាន់តែច្រើនឡើង ?
សូមមើលផងដែរ លូកា ១២:១១–១២; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៥ ។
តើព្រះយេស៊ូវចង់មានន័យយ៉ាងណា ពេលទ្រង់មានព្រះបន្ទូលថា « ខ្ញុំមិនមែនមកដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានជាដាវវិញ » ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « ខ្ញុំប្រាកដថាបងប្អូនទាំងអស់គ្នាមួយចំនួន ត្រូវឪពុក និងម្ដាយបងប្អូនប្រុសស្រីបដិសេធ និងឈប់រាប់រក នៅពេលបងប្អូនទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយចូលក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ។ ប៉ុន្តែក្ដីស្រឡាញ់ដ៏ធំរបស់បងប្អូនចំពោះព្រះគ្រីស្ទ តម្រូវឲ្យមានការលះបង់នូវទំនាក់ទំនងដែលបងប្អូនស្រឡាញ់ជាទីបំផុត ហើយបងប្អូនបានបង្ហូរទឹកភ្នែកជាច្រើន ។ ប៉ុន្តែដោយក្ដីស្រឡាញ់ពុំសាបសូន្យរបស់បងប្អូន នោះបងប្អូននៅខ្ជាប់ខ្ជួនក្រោមឈើឆ្កាងនេះ បង្ហាញខ្លួនបងប្អូនថា បងប្អូនពុំខ្មាសអៀនចំពោះព្រះរាជបុត្រានៃព្រះឡើយ » ( « Finding Your Life » Ensign ខែ មីនា ឆ្នាំ ២០១៦ ទំព័រ ២៨ ) ។
ឆន្ទៈដើម្បីលះបង់ទំនាក់ទំនងដ៏រីករាយដើម្បីដើរតាមព្រះអង្គសង្គ្រោះមានមកជាមួយនូវសេចក្ដីសន្យាមួយថា « អ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ » (ម៉ាថាយ ១០:៣៩ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ម៉ាកុស ៥:២២–៤៣ ។ពេលដែលគ្រួសាររបស់បងប្អូនអានរឿងនេះជាមួយគ្នា នោះបងប្អូនអាចផ្អាក ហើយសួរសមាជិកគ្រួសារថាតើពួកគេអាចនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើពួកគេជាយ៉ៃរ៉ុស ជាស្ត្រីនោះ ឬជាមនុស្សផ្សេងទៀតនៅក្នុងរឿងនោះ ។ បងប្អូនក៏អាចបង្ហាញរូបភាពអំពីរឿងនោះផងដែរ ដូចជារូបភាពទាំងឡាយនៅក្នុងគម្រោងមេរៀននេះ ។ តើរូបភាពទាំងនេះបានបរិយាយពីសេចក្ដីជំនឿរបស់មនុស្សនៅក្នុងដំណើររឿងទាំងនេះយ៉ាងដូចម្ដេច ? ( សូមមើលវីដេអូ « Jesus Raises the Daughter of Jairus » និង « Jesus Heals a Woman of Faith » ផងដែរ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូនក៏អាចពិចារណាពីឧបសគ្គមួយចំនួនដែលគ្រួសាររបស់បងប្អូនប្រឈមផងដែរ ។ តើយើងអាចអនុវត្តព្រះបន្ទូលរបស់ទ្រង់ « កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ដោយរបៀបណា ? ( ម៉ាកុស ៥:៣៦ ) ។
3:271:39 -
ម៉ាថាយ ១០:៣៩; លូកា ៩:២៣–២៦ ។តើ « បាត់ » ជីវិតរបស់យើង និង « រកបាន » ជីវិត អាចមានអត្ថន័យដូចម្ដេច ? ( ម៉ាថាយ ១០:៣៩ ) ។ ប្រហែលជាសមាជិកគ្រួសារអាចចែកចាយពីបទពិសោធន៍ ដែលបង្ហាញពីការបង្រៀនរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរទាំងនេះ ។
-
ម៉ាថាយ ១០:៤០ ។តើបងប្អូន និងគ្រួសាររបស់បងប្អូនធ្វើបានប៉ុនណា ក្នុងការទទួលយក និងការធ្វើតាមការប្រឹក្សារបស់ពួកសាវកសម័យទំនើបនេះ ? តើការគោរពប្រតិបត្តិរបស់យើងចំពោះដំបូន្មានរបស់ទ្រង់នាំយើងទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
លូកា ៩:៦១–៦២ ។តើវាមានន័យយ៉ាងណាដើម្បីងាកមើលទៅក្រោយ បន្ទាប់ពីដាក់ដៃរបស់យើងកាន់នង្គ័ល ? ហេតុអ្វីក៏អាកប្បកិរិយានេះធ្វើឲ្យយើងមិនស័ក្ដិសមនឹងនគរនៃព្រះ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « កាលតស៊ូជឿ » ទំនុកតម្កើង ល.រ. ៦០ ។