« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ ‹ អ្នកណាដែលមាន ត្រចៀកសម្រាប់ស្តាប់ឲ្យស្តាប់ចុះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មីឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២០–២៦ ខែ មីនា
ម៉ាថាយ ១៣; លូកា ៨; ១៣
« អ្នកណាដែលមានត្រចៀកសម្រាប់ស្តាប់ឲ្យស្តាប់ចុះ »
នៅពេលបងប្អូនអាន ម៉ាថាយ ១៣ និង លូកា ៨; ១៣ សូមគិតអំពីរបៀបដែលបងប្អូននឹងរៀបចំខ្លួនដើម្បី « ស្ដាប់ » ហើយមានអំណរគុណចំពោះការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅ ក្នុងពាក្យប្រៀបប្រដូចនេះ ។ តើបងប្អូននឹងធ្វើអ្វីខ្លះដើម្បីអនុវត្តការបង្រៀនទាំងនេះនៅក្នុងជីវិតរបស់បងប្អូន ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ការបង្រៀនដែលគួរឲ្យចងចាំបំផុតមួយចំនួនរបស់ព្រះអង្គសង្គ្រោះ គឺនៅក្នុងទម្រង់ជាដំណើររឿងសាមញ្ញៗដែលហៅថា ពាក្យប្រៀបប្រដូច ។ ដំណើររឿងទាំងនេះគឺលើសពីរឿងខ្លីៗដែលគួរឲ្យចាប់អារម្មណ៍អំពីវត្ថុ ឬព្រឹត្តិការណ៍សាមញ្ញៗទៅទៀត ។ វាមាននូវសេចក្ដីពិតដ៏អស្ចារ្យអំពីនគរព្រះ សម្រាប់អស់អ្នកដែលរៀបចំខ្លួនខាងវិញ្ញាណ ។ ពាក្យប្រៀបប្រដូចមួយដំបូងគេដែលបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺ—ពាក្យប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជ ( សូមមើល ម៉ាថាយ ១៣:៣–២៣)—អញ្ជើញយើងឲ្យពិនិត្យមើលការត្រៀមខ្លួនរបស់យើងដើម្បីទទួលព្រះបន្ទូលរបស់ព្រះ ។ ព្រះយេស៊ូវបានប្រកាសថា « ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង » ( Joseph Smith Translation, Matthew 13:10 [ នៅក្នុង ម៉ាថាយ ១៣:១២ ក ] ) ។ ដូច្នេះនៅពេលយើងរៀបចំខ្លួនសិក្សាពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ—ឬការបង្រៀនរបស់ទ្រង់ណាក៏ដោយ—កន្លែងល្អមួយដើម្បីចាប់ផ្ដើម គឺត្រួតពិនិត្យមើលដួងចិត្តរបស់យើង ហើយកំណត់ថាតើយើងកំពុងដាក់ព្រះបន្ទូលរបស់ព្រះ « នៅលើដីល្អ » (ម៉ាថាយ ១៣:៨ ) ដើម្បីឲ្យវាដុះចេញផ្កាផ្លែ ដែលនឹងផ្ដល់ពរដល់យើង និងក្រុមគ្រួសាររបស់យើងយ៉ាងបរិបូរដែរឬទេ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ម៉ាថាយ ១៣:៣–២៣; លូកា ៨:៤–១៥; ១៣:៦–៩
ដួងចិត្តរបស់ខ្ញុំត្រូវតែរៀបចំដើម្បីទទួលព្រះបន្ទូលរបស់ព្រះ ។
ហេតុអ្វីពេលខ្លះដួងចិត្តរបស់យើងងាយនឹងទទួលសេចក្ដីពិត ខណៈពេលផ្សេងទៀតយើងត្រូវបានល្បួងឲ្យជំទាស់នឹងវាទៅវិញ ? ការអានពាក្យប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជ អាចផ្ដល់ឱកាសល្អដើម្បីគិតអំពីរបៀបដែលបងប្អូនទទួលបានសេចក្ដីពិតមកពីព្រះអម្ចាស់ ។ វាអាចនឹងជាប្រយោជន៍ដើម្បីផ្គូផ្គង ខទី ៣–៨ នៃម៉ាថាយ ១៣ ជាមួយនឹងការបកប្រែដែលបានផ្ដល់ឲ្យនៅក្នុង ខទី ១៨–២៣ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបណ្ដុះ « ដីល្អ » នៅក្នុងខ្លួនរបស់យើង ? តើ « បន្លា » មួយចំនួនណាខ្លះដែលរារាំងយើងយ៉ាងពិតប្រាកដមិនឲ្យស្ដាប់ឮ ហើយដើរតាមព្រះបន្ទូលរបស់ព្រះ ? តើបងប្អូនអាចយកឈ្នះលើ « បន្លា » ទាំងនេះបានយ៉ាងដូចម្ដេច ?
ការសិក្សារបស់បងប្អូនអំពីពាក្យប្រៀបប្រដូចនេះ ក៏អាចជះឥទ្ធិពលលើរបៀបដែលបងប្អូនអានពាក្យប្រៀបប្រដូចនៅក្នុង លូកា ១៣:៦–៩ ផងដែរ ។ តើ « ផលផ្លែ » អ្វីដែលព្រះអម្ចាស់ស្វែងរកពីយើង ? តើយើងអាចថែទាំដីរបស់យើងយ៉ាងណា ដើម្បីយើងនឹង « មានផលផ្លែឡើង » នោះ ?
សូមមើលផងដែរ ម៉ូសាយ ២:៩; អាលម៉ា ១២:១០–១១; ៣២:២៨–៤៣; ដាល្លិន អេក អូក « The Parable of the Sower » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៥ ។
ម៉ាថាយ ១៣:២៤–៣៥, ៤៤–៥២; លូកា ១៣:១៨–២១
ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវជួយខ្ញុំយល់អំពីការរីកចម្រើន និងជោគវាសនានៃសាសនាចក្ររបស់ទ្រង់ ។
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា ពាក្យប្រៀបប្រដូចនៅក្នុង ម៉ាថាយ ១៣ ពិពណ៌នាអំពីការរីកចម្រើន និងជោគវាសនារបស់សាសនាចក្រនៅថ្ងៃចុងក្រោយ ។ បងប្អូនអាចរំឭកពាក្យសម្ដីរបស់ព្យាការីរូបនេះឡើងវិញនៅក្នុង Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២៩៣–៣០៣ កាលដែលបងប្អូនពិចារណាពីអ្វីដែលពាក្យប្រៀបប្រដូចខាងក្រោមនេះបង្រៀនបងប្អូនទាក់ទងនឹងសាសនាចក្ររបស់ព្រះអម្ចាស់ ៖
-
ស្រូវសាលី និងស្រងែ ( ១៣:២៤–៣០, ៣៦–៤៣ )
-
គ្រាប់ពូជ (១៣:៣១–៣២ )
-
មេដំបែរ ( ១៣:៣៣ )
-
កំណប់កប់ទុក និងកែវមុក្ដាដ៏មានតម្លៃមហិមា (១៣:៤៤–៤៦ )
-
សំណាញ់ (១៣:៤៧–៥០ )
-
ថៅកែ (១៣:៥២ )
បន្ទាប់ពីពិចារណាអំពីពាក្យប្រៀបប្រដូចទាំងនេះហើយ តើបងប្អូនទទួលបានការបំផុសគំនិតអ្វីខ្លះ ដើម្បីចូលរួមកាន់តែពេញលេញនៅក្នុងកិច្ចការនៃសាសនាចក្រថ្ងៃចុងក្រោយរបស់ព្រះគ្រីស្ទ ?
សូមមើលផងដែរ សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « នគរព្រះ ឬនគរស្ថានសួគ៌ » « ពាក្យប្រៀបប្រដូច » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។
មនុស្សសុចរិតត្រូវរីកចម្រើននៅក្នុងចំណោមមនុស្សទុច្ចរិតរហូតដល់ចុងបញ្ចប់នៃពិភពលោក ។
របៀបមួយដើម្បីវិភាគពាក្យប្រៀបធៀបនេះ គឺគូររូបអំពីរឿងនោះ ហើយឲ្យចំណងជើងវាជាមួយនឹងការបកប្រែនៅក្នុង ម៉ាថាយ ១៣:៣៦–៤៣ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៦:១–៧ ។ ស្រងែគឺជា « ជាស្មៅ ឬល្បះពុល ដែលមានរូបរាងដូចជាស្រូវសាលី។ គេមិនអាចស្គាល់ថា ជាស្រងែ ឬជាស្រូវសាលីបានទេ ដរាបដល់ធំពេញលេញ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, « ស្រងែ » ) ។ តើសេចក្ដីពិតអ្វីខ្លះនៅក្នុងពាក្យប្រៀបប្រដូចនេះដែលបំផុសគំនិតបងប្អូនឲ្យបន្ដនៅស្មោះត្រង់ទោះជាមានសេចក្ដីទុច្ចរិតនៅក្នុងពិភពលោកនេះក្ដី ?
តើ « ស្រ្ដីដែលដឹងច្បាស់ » បានបម្រើព្រះអង្គសង្គ្រោះតាមរបៀបណាខ្លះ?
« ពួកសិស្សជាស្រ្តីបានធ្វើដំណើរជាមួយព្រះយេស៊ូវ និងពួកដប់ពីរនាក់ ដើម្បីរៀនពី [ ព្រះយេស៊ូវ ] ខាងវិញ្ញាណ ហើយបម្រើទ្រង់ខាងសាច់ឈាម ។… បន្ថែមលើការទទួលបានការងារបម្រើរបស់ព្រះយេស៊ូវ—ជាដំណឹងដ៏រីករាយនៃដំណឹងល្អរបស់ទ្រង់ និងជាពរជ័យនៃអំណាចការព្យាបាលរបស់ទ្រង់—ស្ត្រីទាំងនេះបានបម្រើទ្រង់ បរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេ ហើយលះបង់គ្រប់យ៉ាង » ( Daughters in My Kingdom [ ឆ្នាំ ២០១៧ ] ទំព័រ ៤ ) ។ ស្ត្រីដែលបានដើរតាមព្រះអង្គសង្គ្រោះ ក៏បានថ្លែងទីបន្ទាល់ដ៏មានអានុភាពផងដែរអំពីទ្រង់ ( សូមមើល លីនដា ខេ ប៊ើតុន « Certain Women » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១២–១៥ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
ម៉ាថាយ ១៣ ។នៅពេលសមាជិកគ្រួសារបងប្អូនអានពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ នោះពួកគេអាចនឹងរីករាយគិតអំពីពាក្យប្រៀបធៀបផ្ទាល់ខ្លួនរបស់ពួកគេដែលបង្រៀនសេចក្ដីពិតដូចគ្នានេះអំពីនគរស្ថានសួគ៌ ( សាសនាចក្រ ) ដោយប្រើកម្មវត្ថុ ឬស្ថានភាពដែលស្រដៀងគ្នានោះដល់ពួកគេ ។
-
ម៉ាថាយ ១៣:៣–២៣; លូកា ៨:៤–១៥ ។បន្ទាប់ពីការអានពាក្យប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជជាមួយគ្នាហើយ គ្រួសារបងប្អូនអាចពិភាក្សាសំណួរទាំងឡាយដូចនេះ ៖ តើអ្វីទៅដែលធ្វើឲ្យ « ដី » របស់យើង ( ដួងចិត្តយើង ) ទៅជា « ថ្ម » ឬ « ខ្ទប់ » ព្រះបន្ទូលជាប់ ? តើយើងអាចធ្វើឲ្យប្រាកដថា ដីរបស់យើងល្អ និងផ្ដល់ផលផ្លែដោយរបៀបណា ?
ប្រសិនបើបងប្អូនមានកូនតូចៗនៅ ក្នុងគ្រួសាររបស់បងប្អូន វាអាចនឹងសប្បាយដើម្បីអញ្ជើញសមាជិកគ្រួសារឲ្យដើរតួតាមរបៀបផ្សេងៗដើម្បីរៀបចំដួងចិត្តយើងស្ដាប់ព្រះបន្ទូលរបស់ព្រះ ខណៈដែលសមាជិកគ្រួសារដទៃទៀតទស្សន៍ទាយអំពីអ្វីដែលពួកគេកំពុងធ្វើនោះ ។
-
ម៉ាថាយ ១៣:១៣–១៦ ។តើបងប្អូនអាចជួយសមាជិកគ្រួសាររបស់បងប្អូនយល់ដឹងអំពីសារៈសំខាន់នៃការទទួលយកព្រះបន្ទូលរបស់ព្រះគ្រីស្ទដោយស្ម័គ្រចិត្តយ៉ាងដូចម្ដេច ? ដើម្បីបង្ហាញពី « [ ត្រចៀកដែល ] ឮដោយត្រចៀកធ្ងន់ » បងប្អូនអាចក្ដោបត្រចៀករបស់សមាជិកគ្រួសារ ពេលដែលបងប្អូនអាន ម៉ាថាយ ១៣:១៣–១៦ ដោយស្ងាត់ៗ ។ តើសមាជិកគ្រួសារនោះយល់អ្វីខ្លះមកពីខគម្ពីរទាំងនេះ ? តើយើងអាចបើកភ្នែក ត្រចៀក និងដួងចិត្តរបស់យើងចំពោះព្រះបន្ទូលរបស់ព្រះតាមរបៀបណា ?
-
ម៉ាថាយ ១៣:៤៤–៤៦ ។តើបុរសពីរនាក់នៅក្នុងពាក្យប្រៀបប្រដូចទាំងនេះមានលក្ខណៈដូចគ្នាអ្វីខ្លះ ? តើមានអ្វីបន្ថែមទៀត ដែលយើងគួរធ្វើជាបុគ្គលម្នាក់ៗ និងជាគ្រួសារដើម្បីដាក់នគររបស់ព្រះមុនគេនៅក្នុងជីវិតរស់នៅរបស់យើង ?
-
លូកា ១៣:១១–១៧ ។តើសមាជិកគ្រួសារធ្លាប់មានបទពិសោធន៍ ដែលបណ្ដាលឲ្យពួកគេមានអារម្មណ៍ថា ពួកគេ « ងើបត្រង់ [ ខ្លួន ] ពុំបានសោះ » ដែរឬទេ ? តើយើងស្គាល់នរណាម្នាក់ផ្សេងទៀតដែលមានអារម្មណ៍បែបនេះដែរឬទេ ? តើយើងអាចជួយដោយរបៀបណា ? តើព្រះអង្គសង្គ្រោះធ្វើឲ្យយើង « រួច » ពីភាពពិការរបស់យើងដោយរបៀបណា ?
ចំពោះគំនិតបន្ថែម សម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « យើងសាបព្រោះ » ទំនុកតម្កើង ល.រ. ១៣៣ ។