រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ
វាគឺអាស្រ័យលើយើងម្នាក់ៗ ដើម្បីដាក់អាទិភាព និងធ្វើអ្វីៗឲ្យដីយើងល្អ ហើយមានផលហូរហៀរ ។
ប្រធានបទសម្រាប់សុន្ទរកថាសន្និសីទទូទៅត្រូវបានចាត់តាំង—ពុំមែនមកពីសិទ្ធិអំណាចខាងលោកិយទេ ប៉ុន្តែដោយការបំផុសគំនិតនៃព្រះវិញ្ញាណវិញ ។ ប្រធានបទជាច្រើន ត្រូវបានផ្តល់ដោយព្រោះតែកង្វល់ខាងជីវិតរមែងស្លាប់ ដែលយើងរាល់គ្នាមាន ។ ប៉ុន្តែ ដូចជាព្រះយេស៊ូវ ដែលមិនបានបង្រៀន អំពីវិធីដើម្បីយកឈ្នះលើឧបសគ្គខាងជីវិតរមែងស្លាប់ ឬការសង្កត់សង្កិនខាងនយោបាយក្នុងសម័យរបស់ទ្រង់ដែរ-- ជាធម្មតា ទ្រង់បំផុសគំនិតអ្នកបម្រើរបស់ទ្រង់ឲ្យថ្លែងអំពីអ្វីដែលអ្នកដើរតាមទ្រង់ អាចធ្វើ ដើម្បីកែប្រែនៅក្នុងជីវិតរបស់យើងផ្ទាល់ ដើម្បីរៀបចំយើង ឲ្យត្រឡប់ទៅផ្ទះសួគ៌ាយើងវិញ ។ ខ្ញុំបានទទួលការបំផុសគំនិត ឲ្យនិយាយអំពីការបង្រៀននានាដ៏មានតម្លៃ និងគ្មានកំណត់ នៅក្នុងរឿងប្រៀបប្រដូចមួយរបស់ព្រះយេស៊ូវ ។
រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ គឺជារឿងប្រៀបប្រដូចតូចមួយ ដែលត្រូវបានកត់ទុកនៅក្នុងសេចក្តីសង្ខេបនៃព្រះគម្ពីរទាំងបី ។ វាក៏ជារឿងដ៏តូចមួយនៃរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវ បានពន្យល់ដល់ពួកសាវករបស់ទ្រង់ផងដែរ ។ គ្រាប់ពូជដែលបានព្រោះទៅគឺជា « ព្រះបន្ទូលពីនគរ » ( ម៉ាថាយ១៣:១៩ ), « ព្រះបន្ទូល » ( ម៉ាកុស ៤:១៤ ), ឬ « ព្រះបន្ទូលរបស់ព្រះ » ( លូកា៨:១១ )—ការបង្រៀននានា របស់ព្រះអម្ចាស់ និង អ្នកបម្រើទ្រង់ ។
ដីមានលក្ខណៈខុសៗគ្នា ដែលគ្រាប់ពូជបានធ្លាក់ទៅលើ តំណាងឲ្យរបៀបខុសៗគ្នា ដែលជនមានជីវិតរមែងស្លាប់ទទួល និងអនុវត្តតាមការបង្រៀនទាំងនេះ ។ ដូច្នេះហើយ គ្រាប់ពូជដែល « ធ្លាក់ចុះតាមផ្លូវ » ( ម៉ាកុស ៤:៤ )ពុំបានធ្លាក់ទៅដល់ដីនៃជីវិតរមែងស្លាប់ ដែលជាកន្លែងដែលពួកគេប្រហែលជា អាចដុះចេញមក ។ ពួកគេគឺដូចជាការបង្រៀននានា ដែលបានធ្លាក់ចំដួងចិត្ត ដែលរឹងរូស ឬមិនបានរៀបចំជាស្រេច ។ ខ្ញុំនឹងមិននិយាយបន្ថែមអំពីករណីទាំងនេះទៀតឡើយ ។ សាររបស់ខ្ញុំគឺមានទាក់ទង នឹងអស់អ្នកដែលបានប្តេជ្ញាចិត្ត ធ្វើជាអ្នកដើរតាមព្រះគ្រីស្ទ ។ តើយើងធ្វើដូចម្តេច ចំពោះការបង្រៀនរបស់ព្រះអង្គសង្រ្គោះ ខណៈដែលយើងរស់នៅក្នុងជីវិតយើង ?
រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ ព្រមានយើងអំពីកាលៈទេសៈ និងអាកប្បកិរិយា ដែលរារាំង ជនណាម្នាក់ដែលបានទទួលគ្រាប់ពូជ នៃសារដំណឹងល្អ ពីការបង្កើតជាផលល្អនោះ ។
I. នៅលើថ្ម ដែលគ្មានឫស
គ្រាប់ពូជខ្លះទៀត « ធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមិនសូវមានដីប៉ុន្មាន ហើយក៏ដុះឡើងភ្លាម ពីព្រោះគ្មានដីជ្រៅ តែកាលថ្ងៃរះឡើង នោះក្រៀមខ្លោចទៅវិញ ពីព្រោះគ្មានឫស » ( ម៉ាកុស ៤:៥–៦ ) ។
ព្រះយេស៊ូវបានពន្យល់ថា រឿងនេះពិពណ៌នា ពីអស់ « អ្នកដែល កាលណាគេឮព្រះបន្ទូល នោះគេទទួលលាមដោយអំណរ » តែពីព្រោះពួកគេ « គ្មានចាក់ឬសនៅក្នុងខ្លួនសោះ …កាលណាកើតមានសេចក្តីទុក្ខលំបាក ឬសេចក្តីបៀតបៀន ដោយប្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម » ( ម៉ាកុស ៤:១៦–១៧ ) ។
តើអ្វីធ្វើឲ្យអ្នកស្តាប់ « គ្មានចាក់ឫសនៅក្នុងខ្លួន ? » នេះគឺជាស្ថានភាពនៃសមាជិកថ្មី ដែលគ្រាន់តែបានប្រែចិត្តជឿ ចំពោះពួកអ្នកផ្សព្វផ្សាយសាសនា ឬ ចំពោះចារិកលក្ខណៈដ៏ទាក់ទាញជាច្រើន នៃសាសនាចក្រ ឬចំពោះផលផ្លែជាច្រើន នៃសមាជិកភាពរបស់សាសនាចក្រ ។ ដោយមិនបានចាក់ឫសនៅក្នុងព្រះបន្ទូល នោះពេលមានឧបសគ្គកើតឡើង ពួកគេឆេះរោល ហើយក្រៀមងាប់ទៅ ។ ប៉ុន្តែសូម្បីតែពួកអ្នក ដែលត្រូវបានបីបាច់ឡើងនៅក្នុងសាសនាចក្រ—ជាសមាជិកដ៏យូរក្ដី—អាចភ្លាត់ជើងដួលចុះទៅក្នុងស្ថានភាព ដែលគ្មានចាក់ឫសនៅក្នុងខ្លួនពួកគេបាន ។ ខ្ញុំបានស្គាល់មនុស្សបែបនេះមួយចំនួន—ជាសមាជិកដែលគ្មានការប្រែចិត្តជឿរឹងមំា និងគង់វង្សចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ បើយើងមិនចាក់ឫស ទៅក្នុងការបង្រៀននៃដំណឹងល្អ និង អនុវត្តវាយ៉ាងខ្ជាប់ខ្ជួនទេ នោះ យើងអាចបង្កើតជាដួងចិត្តថ្ម ដែលជាកន្លែងថ្ម សម្រាប់គ្រាប់ពូជខាងវិញ្ញាណ ។
ចំណីអាហារខាងវិញ្ញាណ គឺជាកត្តាចាំបាច់សម្រាប់ការរស់រានខាងវិញ្ញាណ ជាពិសេស នៅក្នុងពិភពលោកដែលកំពុងតែដើរចេញពី ជំនឿលើព្រះ និង ភាពដាច់ខាតនៃការត្រូវ និង ការខុស ។ នៅក្នុងជំនាន់ដែលគ្រប់គ្រងដោយអ៊ិនធើរណែត ដែលបង្កើនសារជាច្រើនគំរាមគំហែងដល់សេចក្ដីជំនឿ នោះយើងត្រូវតែបង្កើនការបង្ហាញសេចក្ដីពិតខាងវិញ្ញាណរបស់យើង ដើម្បីពង្រឹងដល់សេចក្ដីជំនឿ និងចាក់ឬសនៅក្នុងដំណឹងល្អ ។
យុវវ័យអើយ បើការបង្រៀននោះហាក់ដូចជាមិនសូវជាក់លាក់ សូមអនុវត្តតាមគំរូនេះចុះ ។ បើនិមិត្តរូបនៃសាក្រាម៉ង់ ត្រូវបានចែក ហើយអ្នកកំពុងតែសរសេរសារក្នុងទូរសព្ទ ឬខ្សឹបគ្នា ឬកំពុងតែលេងវីឌេអូហ្គែម ឬធ្វើអ្វីមួយផ្សេងទៀតបដិសេធចំណីអាហារខាងវិញ្ញាណដ៏ចាំបាច់សម្រាប់ខ្លួនអ្នក នោះអ្នកកំពុងតែកាត់ផ្តាច់ឫសខាងវិញ្ញាណរបស់អ្នក ហើយធ្វើឲ្យខ្លួនអ្នកបែរទៅជាកន្លែងថ្មហើយ ។ អ្នកកំពុងតែធ្វើឲ្យខ្លួនអ្នក ឈឺចាប់ដោយការក្រៀមហួតហែង នៅពេលអ្នកជួបនឹងទុក្ខលំបាក ដូចជាភាពឯកោ ការភ័យខ្លាច ឬការចំអកមើលងាយជាដើម ។ ហើយការណ៍នោះអនុវត្តចំពោះមជ្ឈិមវ័យផងដែរ ។
បច្ចាមិត្រដែលអាចបំផ្លាញឫសខាងវិញ្ញាណ—ដែលបានបង្កើនល្បឿនតាមរយៈបច្ចេកវិទ្យានាបច្ចុប្បន្ននេះ ដែលគ្មានអ្វីចម្លែក—គឺជាទិដ្ឋភាពដែលមើលដំណឹងល្អ ឬ សាសនាចក្រតាមរន្ធសោ ។ ទិដ្ឋភាពមានកម្រិតនេះ ផ្តោតទៅលើគោលលទ្ធិ ឬការអនុវត្ត ឬការដឹងពុំពេញលេញពីអ្នកដឹកនាំម្នាក់ ហើយព្រងើយកន្តើយ ទៅនឹងសក្តានុពលដ៏ធំទូលំទូលាយ នៃដំណឹងល្អ និងផលផ្លែផ្ទាល់ខ្លួន និងជាក្រុមនៃការប្រមូលផលរបស់វា ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានផ្តល់ការពិពណ៌នាយ៉ាងជាក់ស្តែង អំពីទិដ្ឋភាពមួយនៃរន្ធសោនេះ ។ លោកបានប្រាប់អ្នកស្ដាប់នៅសកលវិទ្យាល័យ ប៊ីវ៉ៃយូ អំពីអ្នកអត្ថាធិប្បាយខាងនយោបាយដែលបាន « ឆាបឆួល ឡើងដោយកំហឹង» ដែលនៅពេលនោះ ជាព្រឹត្តិការណ៍សារព័ត៌មានថ្មីមួយ ។ « តាមបានសិក្សាសិល្បៈ ពួកគេបានបញ្ចេញនូវទឹកខ្មេះ នៃការរិះគន់ និងកំហឹង ។ … ពិតហើ » គាត់បានបញ្ចប់ថា « នេះគឺជាសម័យ និងទីកន្លែង ដែលទទួលយកពាក្យសម្ដីជូរចត់ » ។១ ផ្ទុយទៅវិញ ដើម្បីចាក់ឫសយ៉ាងសុវត្ថិភាព ទៅក្នុងដំណឹងល្អ យើងត្រូវតែចេះវិនិច្ឆ័យ និងថ្លឹងថ្លែង នៅក្នុងការទិតៀន ហើយតែងតែស្វែងរក នូវទិដ្ឋភាពកាន់តែទូលំទូលាយចំពោះកិច្ចការដ៏ខ្ពង់ខ្ពស់របស់ព្រះអម្ចាស់ ។
II. បន្លា ៖ ជាកង្វល់នៃពិភពលោកនេះ និងការឆបោកនៃការមានទ្រព្យសម្បត្តិ
ព្រះយេស៊ូវបានបង្រៀនថា « ខ្លះទៀតធ្លាក់ទៅក្នុងបន្លា បន្លាក៏ដុះឡើងខ្ទប់ ហើយគ្រាប់នោះមិនកើតផលសោះ » ( ម៉ាកុស ៤:៧ ) ។ ទ្រង់បានពន្យល់ថា មនុស្សទាំងនេះគឺ «អស់អ្នកដែលបានឮព្រះបន្ទូលហើយ តែសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ សេចក្តីឆបោករបស់ទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នា ខាងឯសេចក្តីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន » ( ម៉ាកុស ៤:១៨–១៩ ) ។ នេះការព្រមានដ៏ពិត ដែលយើងរាល់គ្នាត្រូវតែស្តាប់ ។
ដំបូងខ្ញុំនឹងនិយាយអំពីការឆបោករបស់ទ្រព្យសម្បត្តិ ។ មិនថាយើងនៅទីណា ក្នុងដំណើរខាងវិញ្ញាណរបស់យើង—ក្នុងសភាពនៃការប្រែចិត្តជឿរបស់យើងបែបណា—យើងរាល់គ្នាត្រូវបានល្បួងដោយទ្រព្យសម្បត្តិ ។ នៅពេលអាកប្បកិរិយា ឬអាទិភាពផ្តោតទៅលើការចង់មានចង់បាន ការប្រើប្រាស់ ឬ ការមានទ្រព្យ យើងហៅវាថាសម្ភារនិយម ។ មានពាក្យពេចន៍ និងការសរសេរជាច្រើន អំពីសម្ភារនិយម ដែលខ្ញុំមិនបាច់យកមកបរិយាយនៅទីនេះឡើយ ។២ អស់អ្នកដែលជឿលើអ្វីដែលហៅថា ទេវាវិទ្យា នៃការចង់មានចង់បាន កំពុងតែរងគ្រោះចំពោះ «ការឆបោករបស់ទ្រព្យសម្បត្តិ» ហើយ ។ ការចង់មានចង់បានទ្រព្យ ឬថវិកាស្តុកស្ដម្ភ គឺពុំមែនជាគំនូសនៃការគាប់ព្រះទ័យសួគ៌ាឡើយ ហើយអវត្តមានរបស់វា ក៏ពុំមែនជាភស្តុតាងនៃការមិនគាប់ព្រះទ័យសួគ៌ាដែរ ។ កាលដែលព្រះយេស៊ូវបានមានបន្ទូល ទៅកាន់អ្នកដើរតាមដ៏ស្មោះត្រង់ម្នាក់ថា គាត់អាចទទួលបានជីវិតអស់កល្បជានិច្ច ប្រសិនបើគាត់គ្រាន់តែលះបង់អ្វីៗទាំងអស់ដែលគាត់មាន ទៅឲ្យអ្នកក្រីក្រ ( សូមមើល ម៉ាកុស ១០:១៧–២៤ ) ទ្រង់មិនបានអារកាត់អំពីភាពអាក្រក់នៅក្នុង ការចង់មានចង់បាន ទ្រព្យសម្បត្តិទេ ប៉ុន្តែភាពអាក្រក់ នៅក្នុងអាកប្បកិរិយារបស់ អ្នកដើរតាមរូបនោះ ចំពោះទ្រព្យទាំងនោះវិញ ។ ដូចដែលយើងរាល់គ្នាយល់ដឹង ព្រះយេស៊ូវបានសរសើរសាសន៍សាម៉ារីដ៏ល្អ ដែលបានប្រើនូវប្រាក់កាក់ដដែលដែលយូដាសបានប្រើដើម្បីក្បត់នឹងព្រះអង្គសង្គ្រោះ ដើម្បីនឹងបម្រើបងប្អូនរបស់គាត់ ។ ឫសនៃភាពអាក្រក់ទាំងអស់ គឺពុំមែនជាលុយទេ ប៉ុន្តែជា សេចក្តីស្រឡាញ់លុយវិញ ( សូមមើល ធីម៉ូថេ ទី ១ ៦:១០ ) ។
ព្រះគម្ពីរមរមនប្រាប់អំពីពេលវេលា នៅពេលដែលសាសនាចក្ររបស់ព្រះ « បានចាប់ផ្តើមចុះអន់ថយ » ( អាល់ម៉ា ៤:១០ ) ពីព្រោះតែ « ប្រជាជននៃសាសនាចាប់ផ្តើម … ភ្ជាប់ចិត្តគេទៅលើទ្រព្យសម្បត្តិ និងទៅលើវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកីយ » ( អាលម៉ា ៤:៨ ) ។ អស់អ្នកណាដែលមានយ៉ាងហូរហៀរនូវរបស់របរទាំងនេះ គឺស្ថិតនៅក្នុងភាពគ្រោះថ្នាក់នៃ «ថ្នាំសន្តំ» ខាងវិញ្ញាណ ដោយទ្រព្យសម្បត្តិ និងអ្វីផ្សេងៗទៀតនៃលោកិយ ។ ៣ នោះហើយគឺជាសេចក្តីផ្តើមសមហេតុផល ចំពោះការបង្រៀនបន្ទាប់ទៀតរបស់ព្រះអង្គសង្គ្រោះ ។
បន្លាដ៏មានកលល្បិចបំផុត ដែលសង្កត់សង្កិនលទ្ធផលនៃពាក្យពេចន៍ដំណឹងល្អ នៅក្នុងជីវិតរបស់យើង គឺជាឥទ្ធិពលខាងលោកិយ ដែលព្រះយេស៊ូវបានហៅថា « សេចក្តីខ្វល់ខ្វាយ និងទ្រព្យសម្បត្តិ ហើយនិងសេចក្ដីស្រើបស្រាលនៃជីវិតនេះ » ( លូកា ៨:១៤ ) ។ មានពាក្យពេចន៍ជាច្រើន ដើម្បីយកមកសូត្រ ។ គំរូមួយចំនួនគឺគ្រប់គ្រាន់ហើយ ។
ក្នុងគ្រាមួយ ព្រះយេស៊ូវបានស្តីបន្ទោសដល់សាវកច្បងរបស់ទ្រង់ ដោយមានព្រះបន្ទូលទៅកាន់ពេត្រុសថា « ឯងជាសេចក្តីបង្អាក់ដល់ចិត្ត ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ » ( ម៉ាថាយ ១៦:២៣; សូមមើលផងដែរ គ. និង ស. ៣:៦–៧; ៥៨:៣៩ ) ។ ការគិតតាមគំនិតរបស់មនុស្សលោក មានន័យថា ការដាក់សេចក្តីខ្វល់ខ្វាយរបស់លោកិយ មុនការណ៍ទាំងឡាយនៃព្រះនៅក្នុងសកម្មភាពរបស់យើង អាទិភាពរបស់យើង និងគំនិតរបស់យើង ។
យើងចុះចាញ់ « សេចក្ដីស្រើបស្រាលនៃជីវិតនេះ » (១) នៅពេលយើងញៀន ដែលវាបន្ទាបអំណោយដ៏មានតម្លៃនៃសិទ្ធិជ្រើសរើសរបស់ព្រះ(២) នៅពេលយើងត្រូវបានទាក់ទាញចេញដោយការរំខាននានា ដែលទាញយើងចេញពីអ្វីៗដែលសំខាន់អស់កល្បជានិច្ច ហើយ(៣) កាលណាយើងមានអាកប្បកិរិយាចង់លោភ ចង់បាន វារារាំងការលូតលាស់ចាំបាច់ផ្ទាល់ខ្លួន ដើម្បីនឹងផ្តល់ជាលទ្ធភាពដល់យើង សម្រាប់ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។
យើងត្រូវបានគ្រប« ដោយសេចក្តីកង្វល់នៃជីវិតនេះ » នៅពេលយើងត្រូវបានបង្អាក់ដោយការភ័យខ្លាចចំពោះអនាគត ដែលនឹងរារាំងនូវការបោះជំហានទៅមុខ ក្នុងសេចក្តីជំនឿរបស់យើង ការទុកចិត្តលើព្រះ និងសេចក្តីសន្យារបស់ទ្រង់ ។ ម្ភៃប្រាំឆ្នាំកន្លងទៅហើយ សាស្ត្រាចារ្យ ប៊ីវ៉ៃយូដ៏ល្បីម្នាក់ឈ្មោះ ហាហ្វ ដបុលយូ. នីប្លី បានមានប្រសាសន៍អំពីគ្រោះថ្នាក់នៃការឡោមព័ទ្ធទៅដោយសេចក្តីកង្វល់របស់លោកិយ ។ គាត់ត្រូវបានគេសួរ នៅក្នុងការសម្ភាសន៍មួយថា តើស្ថានភាពនៃពិភពលោក និងកាតព្វកិច្ចរបស់យើងក្នុងការចែកដំណឹងល្អ ធ្វើឲ្យមានបំណងប្រាថ្នា ក្នុងការស្វែងរករបៀបមួយចំនួន ដើម្បី «ផ្លាស់ប្ដូរអ្វីដែលយើងធ្វើនៅក្នុងសាសនាចក្រ ដើម្បីឲ្យស្របទៅនឹងពិភពលោក» ដែរឬទេ ។៤
គាត់ឆ្លើយថា៖ «នោះពិតជាគោលបំណងទាំងស្រុងនៃសាសនាចក្រ មែនទេ? អ្នកត្រូវតែមានឆន្ទៈ នឹងត្រូវគេឯងអាក់អន់ចិត្ត អ្នកត្រូវតែមានឆន្ទៈទទួលយកហានិភ័យ ។ ការចែកដំណឹងល្អ ជាទីកន្លែងដែលតម្រូវឲ្យមានសេចក្តីជំនឿ ។ … ការប្តេជ្ញាចិត្តរបស់យើង គឺត្រូវបានរំពឹងថានឹងត្រូវសាកល្បង វាត្រូវបានរំពឹងថានឹងពិបាក ថាវាពិតជាសមហេតុផល ក្នុងលក្ខខណ្ឌនៃលោកិយនេះ» ។៥
អាទិភាពនៃដំណឹងល្អនេះ គឺត្រូវបានបញ្ជាក់នៅលើបរិវេណនៃសកលវិទ្យាល័យ ប៊ីវ៉ៃយូ ពីរបីខែកន្លងទៅនេះ ដោយអ្នកដឹកនាំកាតូលិកដ៏ល្បីម្នាក់ ឆាលេស ជេ. ឆាភុត ដែលមានឋានៈជាគ្រូគង្វាលជាន់ខ្ពស់ នៃរដ្ឋ ហ្វៀឡាដេលហ្វៀ ។ និយាយអំពី « កង្វល់ ដែលសមាគម អិល. ឌី. អេស និង កាតូលិក មានដូចគ្នានោះ » លោកមានប្រសាសន៍ « អំពីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ធម្មជាតិនៃផ្លូវភេទរបស់យើង និងបរិសុទ្ធភាពនៃជីវិតរបស់មនុស្សលោក និងភាពបន្ទាន់នៃសេរីភាពខាងសាសនា » ថា ៖
«ខ្ញុំចង់បញ្ជាក់ម្តងទៀត អំពីសារៈសំខាន់ នៃការរស់នៅតាមអ្វីដែល យើងអះអាងថាជឿនោះ ។ វាត្រូវតែជាអាទិភាពមួយ—មិនត្រឹមតែនៅក្នុងជីវិតផ្ទាល់ខ្លួន និងគ្រួសារយើងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសាសនាចក្រយើង ជម្រើសខាងនយោបាយរបស់យើង ទំនាក់ទំនងខាងអាជីវកម្ម ការប្រព្រឹត្តិនឹងអ្នកក្រីក្ររបស់យើង គឺមានន័យថា នៅក្នុងគ្រប់អ្វីៗដែលយើងធ្វើ » ។
« នេះជាមូលហេតុដែលវាសំខាន់ » លោកបានបន្ដ ។ «រៀនពីបទពិសោធន៍របស់សាសនាកាតូលីក ។ ក្នុងនាមជាពួកកាតូលិក យើងជឿថា ភារកិច្ចរបស់យើង គឺដើម្បីធ្វើជាដំបែរនៅក្នុងសង្គម ។ ប៉ុន្តែមាននូវគំនូសយ៉ាងស្តើង រវាងការធ្វើជាដំបែ នៅក្នុង សង្គម និងការដែលត្រូវបានរំលាយ ដោយ សង្គមវិញ » ។៦
ការព្រមានរបស់ព្រះអង្គសង្គ្រោះជំទាស់នឹងសេចក្តីកង្វល់នៃពិភពលោកនេះ ដែលកំពុងតែរុញព្រះបន្ទូលរបស់ព្រះចេញពីក្នុងជីវិតយើង ពិតជាអញ្ជើញយើង ឲ្យរក្សាអាទិភាពនានារបស់យើងឲ្យឋិតឋេរ—ឲ្យដួងចិត្តយើងនឹងធឹង—ទៅលើព្រះបញ្ញត្តិរបស់ព្រះ និងថ្នាក់ដឹកនាំនៅក្នុងសាសនាចក្ររបស់ទ្រង់ ។
គំរូរបស់ព្រះអង្គសង្គ្រោះ អាចញ៉ាំងចិត្តយើងឲ្យគិតអំពីរឿងប្រៀបប្រដូចនេះ ទុកជារឿងប្រៀបប្រដូចអំពីដី ។ ដីមានជីជាតិល្អ គឺផ្អែកលើដួងចិត្តរបស់មនុស្សម្នាក់ៗដែលធ្លាប់បានឮអំពីគ្រាប់ពូជនៃដំណឹងល្អ ។ នៅក្នុងការបើកចិត្តចំពោះការបង្រៀនខាងវិញ្ញាណ ដួងចិត្តខ្លះរឹងរូស និងមិនបានរៀបចំ ដួងចិត្តខ្លះគឺជាកន្លែងថ្មដោយមកពីការឈប់ប្រើប្រាស់ ហើយដួងចិត្តខ្លះទៀត ដក់ជាប់ទៅលើអ្វីៗនៃពិភពលោក ។
III. ខ្លះទៀតបានធ្លាក់ទៅលើដីល្អ ហើយបានបង្កើតជាផលផ្លែ
រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ជូជ បានបញ្ចប់ជាមួយនឹងការពិពណ៌នារបស់ព្រះអង្គសង្គ្រោះ អំពីគ្រាប់ពូជដែល « ធ្លាក់ទៅលើដីល្អ ហើយបង្កើតផល» ជាបរិមាណផ្សេងៗគ្នា ( ម៉ាថាយ ១៣:៨ ) ។ តើយើងអាចរៀបចំខ្លួនយើង ដើម្បីធ្វើជាដីល្អ ហើយបង្កើតជាផលល្អយ៉ាងដូចម្តេច ?
ព្រះយេស៊ូវបានពន្យល់ថា « តែពូជដែលនៅដីល្អ គឺជាពួកអ្នកដែលមានចិត្ត ទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្តីអត់ធន់វិញ » ( លូកា ៨:១៥ ) ។ យើងមានគ្រាប់ពូជនៃព្រះបន្ទូលដំណឹងល្អ ។ វាគឺអាស្រ័យលើយើងម្នាក់ៗ ដើម្បីដាក់អាទិភាព និងធ្វើអ្វីៗឲ្យដីយើងល្អ ហើយមានផលហូរហៀរ ។ យើងត្រូវតែព្យាយាមចាក់ឫស ហើយប្រែចិត្តជឿដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កូល៉ុស ២:៦–៧ ) ។ យើងត្រូវសម្រេចឲ្យបាននូវការប្រែចិត្តជឿនេះ ដោយការអធិស្ឋាន ការអានព្រះគម្ពីរ ការបម្រើ និងដោយការទទួលសាក្រាម៉ង់ជាប្រចាំ ដើម្បីមានព្រះ វិញ្ញាណរបស់ទ្រង់នៅជាមួយនឹងយើងជានិច្ច ។ យើងក៏ត្រូវស្វែងរកនូវការផ្លាស់ប្តូរយ៉ាងធំនៃដួងចិត្ត ( សូមមើល អាលម៉ា ៥:១២–១៤) ដែលជំនួសឲ្យសេចក្តីប្រាថ្នាដែលអាក្រក់ និងសេចក្តីកង្វល់ដែលគិតតែពីខ្លួនឯង ជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះ និងសេចក្តីប្រាថ្នា ដើម្បីបម្រើទ្រង់ និងកូនចៅរបស់ទ្រង់វិញ ។
ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការពិត នៃអ្វីៗទាំងនេះ និងអំពីព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ គ្រីស្ទ ដែលការបង្រៀនរបស់ទ្រង់ បង្ហាញផ្លូវ ហើយដង្វាយធួនរបស់ទ្រង់ បានធ្វើឲ្យអ្វីៗទាំងអស់កើតឡើងបាន នៅក្នុងព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ អាម៉ែន ។