ឆ្នាំ ២០១០-២០១៩
« តើ​ពុំមែន​ជា​ការ​តមអត់​យ៉ាង​នេះវិញ ដែលយើង​ពេញចិត្តទេឬអី ?
ខែ មេសា 2015


17:19

« តើ​ពុំមែន​ជា​ការ​តមអត់​យ៉ាង​នេះវិញ ដែលយើង​ពេញចិត្តទេឬអី ?

ដង្វាយតមអាហារ​របស់អ្នក នឹង​មានអានុភាព​លើសពីការ​​ផ្ដល់​ជាអាហារ និងសំលៀក​បំពាក់ដល់រូប​កាយ​ទៅទៀត ។ វា​នឹង​ជួយ​ព្យាបាល​ និង​ផ្លាស់ប្ដូរ​ដួងចិត្ត ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ជាក្ដី​អំណរដែល​ខ្ញុំ​អាច​ផ្ដល់​ក្ដីស្រឡាញ់​ទៅ​បងប្អូន​នៅក្នុង​​​សន្និសីទ​ទូទៅ​នេះ នៃ​សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ក្ដីអំណរ​នោះ​ កើត​មក​ពី​សាក្សី នៃ​ព្រះវិញ្ញាណ​ដែល​ក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​បាន​ទៅដល់​បងប្អូន​ម្នាក់ៗ និង​កូនចៅ​ទាំងអស់​របស់ព្រះវរបិតាសួគ៌ ។ ព្រះវរបិតា​​សួគ៌​របស់​យើង មានព្រះរាជបំណង​ប្រទានពរ​ដល់​កូនចៅ​របស់ទ្រង់​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ទ្រង់​យល់​ពី​តម្រូវ​ការ​នីមួយៗ​របស់​ពួកគេ ដឹង​ពីការឈឺចាប់ និង​ក្ដីសង្ឃឹម​របស់ពួកគេ ។

នៅពេល​យើង​ផ្ដល់​ជំនួយ​ដល់នរណា​ម្នាក់ ព្រះអង្គ​សង្គ្រោះ ទ្រង់ញាណដឹង ដូចជា​​​យើង​ឈោងដៃជួយ​ដល់​ទ្រង់ ។

ទ្រង់​ប្រាប់​យើង​ថា​ជាការពិត ពេល​ទ្រង់​ពិពណ៌នា​អំពី​គ្រា​នាពេល​អនាគត ដែល​យើង​ទាំងអស់គ្នា​នឹង​មាន ពេល​យើងជួប​​ទ្រង់ បន្ទាប់ពី​ជីវិត​យើង ក្នុង​ពិភពលោក​នេះ​ ត្រូវ​បាន​បញ្ចប់​ទៅ។ រូបភាព​មួយ​ដែលផុសចេញក្នុង​គំនិតខ្ញុំ​អំពី​ថ្ងៃ​នោះ បាន​បង្ហាញ​កាន់តែច្បាស់​ឡើងៗ​ កាល​ខ្ញុំ​បានអធិស្ឋាន និង​តមអាហារ​ដើម្បី​ដឹង​នូវ​អ្វី​ដែលត្រូវ​និយាយ​នា​ព្រឹកនេះ ។ ការពិពណ៌នា​របស់ព្រះអម្ចាស់​អំពី​ការ​សម្ភាស​នាពេលអនាគត​នោះ គឺ​ត្រូវ​បាន​ប្រទានឲ្យ​ពួកសិស្សទ្រង់ ហើយ​វា​ពិពណ៌នា​នូវ​អ្វី​ដែល​យើង​ចង់​បាន​ដោយអស់ពីចិត្ត​របស់​យើង ដែល​ពិត​ចំពោះ​យើង​ផងដែរ​ថា ៖

«នោះ​លោកដ៏​​ជា​ស្តេចនឹង​មាន​បន្ទូលទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរតកចុះ គឺ​ជា​នគរ​ដែល​បាន​រៀប​ចំ​ទុក សម្រាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកិយ​មក៖

«​ពីព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ៖ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យផឹក៖ យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង៖

«យើង​នៅ​អាក្រាតហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក​ពាក់​ឲ្យ​យើង៖ យើង​បាន​ឈឺ​ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង៖ ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង ។

«នោះ​ពួក​មនុស្ស​សុចរិតនឹង​ទូល​សួរ​ទ្រង់​ថា ព្រះ​អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាលណា?

«តើ​យើង​ខ្ញុំ បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា? ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាលណា?

«តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ​ឬជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាលណា?

« នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ។ 

អ្នក​ និង​ខ្ញុំ​ចង់​បាន​នូវ​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​មកពី​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្ដែ​តើ​យើង​អាច​ទទួល​បាន​យ៉ាងដូចម្ដេចទៅ ? មាន​កូនចៅ​របស់ព្រះវរបិតាសួគ៌​ដែល​សេ្រកឃ្លាន គ្មាន​ជម្រក និង​ឯកោ​ច្រើនជាង​ដែល​យើងអាច​ជួយ​បាន ។ ហើយ​ចំនួន​មានកាន់តែច្រើនហួសពីជំនួយរបស់យើង ។

ដូច្នេះ​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​អ្វី​មួយ​ដែល​យើង​ម្នាក់ៗ​អាច​ធ្វើ ។ វា​គឺ​ជា​បញ្ញត្តិ​មួយ​ដែលសាមញ្ញ​បំផុត ដែល​សូម្បី​តែ​កុមារតូច​ក៏​អាច​យល់​ដែរ ។ វា​គឺ​ជា​បទបញ្ញត្តិ​មួយ​ដែលមាននូវការ​សន្យា​ដ៏​អស្ចារ្យ​សម្រាប់អស់អ្នកដែល​ខ្វះខាត និង​សម្រាប់​យើង ។

វា​គឺ​ជាច្បាប់​តមអាហារ។ ពាក្យ​នៅក្នុងគម្ពីរ​អេសាយ គឺ​ជា​ការពិពណ៌នា​របស់ព្រះអម្ចាស់​អំពី​បទបញ្ញត្តិ និង​ពរជ័យ​ដែល​មាន​សម្រាប់​យើងទាំងអស់គ្នា​ក្នុង​សាសនាចក្រ​ទ្រង់ ៖

«តើ​មិនមែន​ជា​ការតមអត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ព្រមទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង ?

«តើ​មិនមែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្សក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិនមែន​ឲ្យ​ឯង​បិទបាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់ញាតិ​របស់​ឯង​ទេ​ឬ​អី ?

«យ៉ាងនោះ ទើប​ពន្លឺ​របស់​ឯង នឹង​លេច​មក ដូចជា​រស្មីអរុណ ហើយ​សេចក្ដី​សុខស្រួល​របស់​ឯង នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​ការពារ​ពី​ខាង​ក្រោយ​ឯង ។

«គ្រានោះ បើ​ឯង​អំពាវនាវ ព្រះយេហូវ៉ា ទ្រង់​នឹង​តបឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯណេះ​ហើយ ។ គឺ​បើ​ឯង​ចោល​នឹង​របស់​ឯង​ចេញ លែង​ជន្ល​កំហែង ព្រមទាំង​លែង​ពោល ដោយ​កាច​អាក្រក់​ផង

«ហើយ​បើ​ឯង​ផ្តល់​សេចក្តី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចំអែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​ឯង​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្តី​ងងឹត​របស់​ឯង​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់ ៖

« ព្រះយេហូវ៉ាទ្រង់​នឹង​នាំ​ផ្លូវ​ឯង​ជានិច្ច ហើយ​នឹង​ចម្អែត​ព្រលឹង​ឯង​នៅ​ក្នុង​ទី​ហួតហែង ទ្រង់​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​ឯង​បាន​មាំ​មួន ឯង​នឹង​បាន​ដូចជា​សួនច្បារ​ដែលគេ​ស្រោចទឹក ហើយ​ដូចជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ » ។

ដូច្នេះ​ព្រះអម្ចាស់​បាន​ប្រទាន​បញ្ញត្តិ​ដ៏​សាមញ្ញ​មួយដល់​យើង ដែល​មាននូវការ​សន្យា​ដ៏អស្ចារ្យមួយ ។ នៅ​ក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ យើង​ត្រូវ​បាន​ផ្ដល់​នូវឱកាស​ដើម្បី​តមអាហារ​ម្ដង​ក្នុងមួយខែ ហើយ​ថ្វាយ​ដង្វាយតមអាហារ​ដោយ​សប្បុរស​​តាម​រយៈ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ក្រីក្រ និង​ខ្វះខាត ។ របស់របរ​មួយ​ចំនួន​ដែល​អ្នក​ផ្ដល់​ឲ្យ នឹង​ត្រូវ​ប្រើ​ដើម្បី​ជួយ​ដល់អ្នកទាំងឡាយ​ដែលនៅជុំវិញ​អ្នក ប្រហែល​ជា​មនុស្ស​ម្នាក់​ក្នុង​គ្រួសារ​ផ្ទាល់​ខ្លួន​អ្នក ។ ពួកអ្នក​បម្រើ​របស់ព្រះអម្ចាស់​នឹង​អធិស្ឋាន ហើយ​តមអាហារសម្រាប់វិវរណៈដើម្បីដឹង​ថា ត្រូវ​ជួយ​នរណា ហើយ​ត្រូវ​ផ្ដល់ជំនួយ​អ្វី ។ ដង្វាយដែលពុំ​ចាំបាច់​ថា​ត្រូវ​ជួយ​ដល់​មនុស្ស​ក្នុង​អង្គភាព​សាសនាចក្រ​ក្នុងមូលដ្ឋាន​បងប្អូន ​នឹង​ក្លាយជា​ពរជ័យ​ដល់​សមាជិក​សាសនាចក្រ​ដទៃទៀត នៅទូទាំង​ពិភពលោក ដែល​ខ្វះខាត ។

បញ្ញត្តិ​ឲ្យ​តមអាហារ​សម្រាប់​អ្នក​ក្រីក្រ មានពរជ័យ​ជាច្រើន​មក​ជាមួយ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ហៅ​ការ​ពុំធ្វើតាម​ច្បាប់​នេះ​ថា ជា​អំពើ​បាប​ដោយចេតនា​ដែល​មានទោសបញ្ញត្តិ​ដ៏​ធ្ងន់​មួយ ។ លោក​បានសរសេរ​ថា ៖ « ការ​សន្យា​ដ៏បរិបូរណ៌​បាន​ធ្វើ​ឡើង​ដោយព្រះអម្ចាស់​ចំពោះ​អ្នកទាំងឡាយ​ដែល​តមអាហារ ហើយ​ជួយដល់អ្នក​ខ្វះខាត ។ … ការ​បំផុសគំនិត និង​ការ​ដឹកនាំ​ខាង​វិញ្ញាណ​នឹង​កើតមាន​ ដោយសារ​សេចក្ដីសុចរិត និង​ភាព​ជិតស្និត​នឹង​ព្រះវរបិតាសួគ៌​របស់​យើង ។ ការ​បដិសេធ​ក្នុងការ​ធ្វើ​ទង្វើ​សុចរិត​នៃ​ការ​តមអាហារ​​នេះ នឹង​ដក​ពរជ័យ​ទាំងនេះ​ចេញពីយើង ។

ខ្ញុំ​ទើប​បាន​ទទួល​ពរជ័យ​មួយ​នៃ​ពរជ័យ​ទាំងនោះ​កាល​ពីប៉ុន្មាន​ថ្ងៃ​មុន ។ ដោយសារ​​សន្និសីទ​ទូទៅ​ធ្វើឡើង​នៅចុង​សប្ដាហ៍ ដែល​ជាធម្មតា​នឹងបញ្ចូល​នូវការ​ប្រជុំ​តមអាហារ និង​ថ្លែងទីបន្ទាល់ ខ្ញុំបាន​តមអាហារ ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ថា តើ​ខ្ញុំ​គួរ​នៅ​បន្ដ​គោរព​បទបញ្ញត្តិ​ដោយមើលថែ​ទាំដល់​អ្នក​ដែល​ខ្វះខាត​តាម​របៀប​ណា ។

នៅ​ថ្ងៃ​សៅរ៍​មួយ ពេលខ្ញុំ​កំពុង​តមអាហារ​នៅឡើយ ខ្ញុំ​បាន​ក្រោកឡើង​នៅ​ម៉ោង ៦:០០ ព្រឹក ហើយ​បាន​អធិស្ឋាន​ម្ដង​ទៀត ។ ខ្ញុំ​មាន​ចំណាប់អារម្មណ៍​ឲ្យ​មើល​ទៅ​ព័ត៌មាន​ពិភពលោក ។ ក្នុងនោះខ្ញុំបាន​អានអំ​ពីរបាយការណ៍នេះ​ថា ៖

ព្យុះ​ស៊ីក្លូនឈ្មោះ ផាម បាន​បំផ្លាញ​ផ្ទះជាច្រើន ពេល​វា​បាន​ទៅ​ចំ Port Vila ជា​រដ្ឋធានី​នៃ​ប្រទេស វ៉ានូទុ ។ វា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ប្រាំ​មួយនាក់ នៅ វ៉ានូទុ ដែល​គេ​បញ្ជាក់​ថា​ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​មួយ​ដំបូង​គេ ដោយ​បាន​វាយប្រហារ​​លើដីគោក។

« ដើមឈើ​ទេរ នៅពេល​ព្យុះ​ស៊ីក្លូន​បាន​បោក​បក់មក​កាត់ » កោះ​បាស៊ីហ្វិក ។

ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​របស់​អង្គការ វើលវីសុន បាន​គ្រោង​ដើម្បី​ទៅមើល​ការខូចខាត​បន្ទាប់ពី​ព្យុះ​ស្ងប់ ។ 

ពួកគេ​បាន​ទូន្មានដល់​ប្រជាជន​ឲ្យ​រក​ទីជម្រក​នៅ​ក្នុង​អគារ​មាំៗ ដូចជា​សាកលវិទ្យាល័យ និង​សាលា​រៀន ។

រួច​ពួកគេ​បាន​ថ្លែងថា ៖ អ៊ីនហ្គា មេហ្វាម មកពី​អង្គការ ឃែរ អន្ដរជាតិ បាននិយាយ​ថា «‹ ទីជម្រកដ៏​រឹងមាំ​បំផុត​ដែល​ពួកគេ​ទទួល​បាន ​គឺ​ព្រះវិហារធ្វើពី​ឥដ្ឋស៊ីម៉ង់​ទាំងឡាយ › ។ …‹ មនុស្ស​មួយចំនួន​ពុំ​មានទីជម្រកបែបនេះឡើយ ។ វា​លំបាក​ដើម្បី​រក​បាន​អគារ​សំណង់​ដែល​អ្នក​នឹង​គិត​ថា​វា​អាច​ទប់ទល់​នឹង​ ( ព្យុះ​ ) ដែលមានកម្រិត​លេខ ៥ នោះ​ណាស់ ›» ។ 

នៅ​ពេល​ខ្ញុំ​អាន​រឿងនោះ ខ្ញុំ​បាន​ចាំ​អំពី​ការ​ទៅ​សួរសុខទុក្ខ​ដល់​គ្រួសារ​ជាច្រើន​នៅ វ៉ានូទុ ។ ខ្ញុំ​អាច​មើល​ឃើញ​រូបភាព​ក្នុងគំនិត​ខ្ញុំ អំពី​មនុស្ស​ដែលអង្គុយ​ផ្ដុំគ្នា​នៅក្នុង​ផ្ទះ​ទាំងឡាយ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ខ្យល់ព្យុះនោះ ។ រួច​ហើយ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​ស្វាមគមន៍​ដ៏កក់ក្ដៅ​របស់​ប្រជាជន​នៅ វ៉ានូទុ ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​គិត​អំពីពួកគេ និង​អ្នកជិត​ខាង​ពួកគេ ដែលបាន​រត់ភៀស​ខ្លួនទៅរកទីកន្លែងសុវត្ថិភាព​នៃ​សាលាប្រជុំ​ធ្វើពីឥដ្ឋស៊ីម៉ង់​របស់យើង ។

បន្ទាប់​មក​ ខ្ញុំ​បាន​មើល​ឃើញ​ក្នុងគំនិតខ្ញុំនូវរូបភាពប៊ីស្សព និង​ប្រធាន​សមាគម​សង្គ្រោះ​ដើរ​នៅក្នុងចំណោម​ពួកគេ ផ្ដល់​នូវ​ការ​លួងលោកចិត្ត ផ្ដល់​ភួយ ផ្ដល់​អាហារ​បរិភោគ និង​ទឹក​ផឹក​ជា​ដើម ។ ខ្ញុំអាច​មើល​ឃើញ​រូបភាព​កុមារតូចៗ​ដែលភ័យខ្លាច​នៅ​ផ្ដុំគ្នា ។

ខ្ញុំ​អាន​របាយការណ៍​នោះ​ថា ពួកគេ​នៅឆ្ងាយពីផ្ទះ ហើយតែ​ខ្ញុំ​បានដឹង​ថា ព្រះអម្ចាស់​នឹង​ធ្វើ​កិច្ចការ​តាមរយៈ​ពួកអ្នកបម្រើ​របស់ទ្រង់ ។ ខ្ញុំ​ដឹង​ថា​អ្វី​ដែល​វាធ្វើ​ឲ្យ​កើតមានឡើង​បាន​ ដើម្បី​ពួកគេ​ជួយ​ដល់​កូនចៅ​ទាំងឡាយ​របស់ព្រះវរបិតាសួគ៌ គឺ​ដង្វាយ​តមអាហារ ជាការ​ផ្ដល់​ដោយ​សណ្ដានចិត្ត​របស់ពួក​សិស្ស​នៃ​ព្រះអម្ចាស់ ដែល​នៅ​ទីឆ្ងាយ​ៗ ប៉ុន្តែ​នៅជិត​ចំពោះ​ព្រះអម្ចាស់ ។

ដូច្នេះ​ខ្ញុំ​ពុំ​រង់ចាំ​ដល់​ថ្ងៃ​អាទិត្យ​ទេ ។ ខ្ញុំ​បាន​យក​ដង្វាយ​តមអាហារ​​ទៅកាន់ប៊ីស្សព​របស់ខ្ញុំ​នៅ​ព្រឹក​​នោះ ។ ខ្ញុំ​ដឹងថា ដង្វាយ​ខ្ញុំ​អាច​ត្រូវ​បាន​ប៊ីស្សព និង​ប្រធានសមាគម​សង្គ្រោះ​ប្រើ​ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​ជា​អ្នកជិត​ខាង​ខ្ញុំ ។ ដង្វាយ​ដ៏​តិច​របស់ខ្ញុំ ប្រហែលជា​ពុំ​ត្រូវការ​នៅកន្លែង​ដែល​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​រស់នៅ​ទេ ប៉ុន្តែ​តម្រូវ​ការ​ជា​ច្រើន​អាច​មាន​រហូត​ដល់ វ៉ានូទុ ។

ព្យុះ និង​សោកនាដកម្ម​ផ្សេងទៀត នឹង​កើ​ត​មាននៅ​ទូទាំង​ពិភពលោក ចំពោះ​រាស្ត្រដែល​ព្រះអម្ចាស់​ស្រឡាញ់ ហើយទ្រង់យល់ពី​ការ​សោកសៅ​របស់ពួកគេ ។ ចំណែក​នៃ​ដង្វាយ​តមអាហារ​របស់អ្នក និង​ខ្ញុំ​ក្នុង​ខែ​នេះ នឹង​ប្រើ​ដើម្បីជួយ​នរណាម្នាក់ នៅកន្លែង​ណាមួយ ដែលការ​សង្គ្រោះ​របស់ពួកគេនោះ ព្រះអម្ចាស់​នឹង​​ដឹង ដូចជា​ទ្រង់​ធ្វើ​ដោយផ្ទាល់ ។

ដង្វាយតមអាហារ​របស់អ្នក នឹង​មានអានុភាព​លើសពីការ​​ផ្ដល់​ជាអាហារ និងសំលៀក​បំពាក់ដល់រូប​កាយ​ទៅទៀត ។ វា​នឹង​ជួយ​ព្យាបាល​ និង​ផ្លាស់ប្ដូរ​ដួងចិត្ត ។ ផល​នៃ​ការ​ថ្វាយ​ដោយ​សណ្ដាន​ចិត្ត អាច​នឹង​ធ្វើ​ឲ្យ​​អ្នកទទួល មាន​បំណង​ប្រាថ្នាជួយ​ដល់​អ្នកដទៃ​ដែល​ខ្វះខាត​​ផងដែរ ។ រឿង​នោះបានកើតមានឡើងនៅទូទាំង​ពីភពលោក ។

វាបាន​កើត​ឡើង​នៅក្នុង​ជីវិត​​បងស្រី អាប៊ី ធូរេយ ដែល​រស់នៅ​ក្នុង​ប្រទេស សៀរ៉ា លីអូន ។ សង្គ្រាម​ស៊ីវិល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ 1991 ។ វា​ធ្វើ​ឲ្យ​ប្រទេស​រងទុក្ខ​ជាច្រើន​ឆ្នាំ ។ សៀរ៉ា លីអូន គឺ​ជា​ប្រទេស​ដែល​ក្រីក្រ​ជាង​គេ​បំផុត​ទៅហើយ​នៅក្នុង​ពិភពលោក ។ « អំឡុង​សង្គ្រាម យើង​ពុំ​ច្បាស់​ថា​នរណា​គ្រប់គ្រង​ប្រទេស​ទេ-- ធនាគារ… ​បាន​បិទ ការិយាល័យ​រដ្ឋាភិបាល​បាន​បិទ កងកម្លាំង​យោធា [ ពុំ​មាន​ប្រសិទ្ធភាពដើម្បី​ទៅ​ទប់ទល់​នឹង​កម្លាំងនានា​ ] … ហើយ​មាន​នូវភាព​វឹកវរ ការសម្លាប់ និងភាព​​សោកសៅ ។​ មនុស្ស​ដប់ពាន់​នាក់​បានបាត់បង់ជីវិត ហើយ​មនុស្ស​ច្រើនជាង​ពីរ​លាន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចេញ​ពី​ផ្ទះ​ដើម្បី​រត់គេច​ពីការ​ស្លាប់​ » ។

ទោះ​ជា​ស្ថិត​នៅក្នុង​គ្រា​ដូច្នេះ​ក្ដី សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​លូតលាស់ ។

សាខា​ទីមួយនៃ​សាខា​ទាំងឡាយ​​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង ដែល​បងស្រី ធូរេយ បាន​រង់នៅ ។ ស្វាមី​គាត់​គឺ​ជា​ប្រធាន​សាខា​ដំបូង​គេ​ម្នាក់ ។ គាត់​បាន​បម្រើ​ជា​ប្រធាន​មណ្ឌល​អំឡុង​សង្គ្រាម​ស៊ីវិល ។

« នៅពេល​មានភ្ញៀវ​មក​លេង​ផ្ទះ​របស់​បងស្រី ធូរេយ ឥឡូវនេះ នោះ​គាត់​ចូល​ចិត្ត​បង្ហាញពួកគេ​នូវ​ទ្រព្យ​សម្ប​ត្តិពីរ​យ៉ាង​ មកពី​សង្គ្រាម ៖ អាវឆ្នូតៗ​ខៀវ​-ស ដែលគាត់​ទទួលបាន​មក​ពី​បេ​ខោអាវ​ជជុះ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយពួកសមាជិក​នៃ​សាសនាចក្រ និង​ភួយ​មួយ ដែល​ឥឡូវ​វា​រហែក​​ធ្លុះធ្លាយហើយ » ។

គាត់​ប្រាប់​ថា « អាវ​នេះ គឺ​ជា​សំលៀកបំពាក់​ដំបូង​គេ… ​ដែលខ្ញុំ​បាន​ទទួល​ ។ …ខ្ញុំ​បាន​ពាក់​វា​ទៅ​ធ្វើការ--វា​ល្អ​ណាស់ ។ [ វា​ធ្វើ​ឲ្យ​ខ្ញុំ​មានអារម្មណ៍​អស្ចារ្យ ] ។ ខ្ញុំ​ពុំ​មានសំលៀកបំពាក់ផ្សេង​ទេ ។

« អំឡុង​សង្គ្រាម ភួយ​នេះ​បាន​រក្សា​យើ​ងឲ្យ​កក់​ក្ដៅ ខ្ញុំ និង​កូនៗ ។ នៅពេល​​ពួកបះបោរ​ [នឹង] មក​វាយប្រហារ​យើង នេះ​គឺ​ជា​របស់​ដែល​ខ្ញុំ​ [អាច] យក [​រត់ទៅតាម​ខ្លួនដើម្បីលាក់] ។ ដូច្នេះ​យើង​នឹង​យក​ភួយ​ទៅជាមួយ​យើង ។ វា​បានជួយឲ្យយើង​កក់ក្ដៅ ហើយ​កុំ​ឲ្យ​មូសខាំ​យើង » ។

« បងស្រី ធូរេយ និយាយ​អំពី​អំណរគុណ​របស់គាត់​ចំពោះ​ប្រធាន​បេសកកម្ម​ម្នាក់​ដែល​បាន​ធ្វើដំណើរ​ទៅប្រទេស​បាក់​បែក​ក្នុង​សង្គ្រាម​នោះ ដោយមានលុយ​ជាប់ទៅជាមួយ » ។ ប្រាក់​ទាំងនេះ​បាន​មក​ពី​ដង្វាយ​តមអាហារ​ដែល​បរិច្ចាក​ដោយ​មនុស្ស​ដូច​ជា​អ្នក ជួយ​ឲ្យ​ពួកបរិសុទ្ធ​ទិញ​អាហារ​ដែល​ប្រជាជន សៀរ៉ា លីអូន ​មិន​អាច​មាន​លទ្ធភាព​ទិញបាន ។

បងស្រី ធូរេយ បាន​ថ្លែង​អំពី​អ្នក​ទាំងឡាយ​ដែល​មាន​ចិត្ត​សប្បុរសគ្រប់គ្រាន់​ដែល​បាន​បរិច្ចាគ​សម្រាប់​ការរស់រាន​មានជីវិត​របស់ពួកគេ បាននិយាយ​ថា « នៅពេល​ខ្ញុំ​គិត​អំពី​មនុស្ស​ដែល​បាន​ធ្វើ​ការណ៍នេះ ខ្ញុំ​ដឹង​​ថា ពួកគេ​ត្រូវ​បាន​បញ្ជូនមក​ពីព្រះ ដោយ​សារ​មនុស្ស​ធម្មតា​បាន​ធ្វើ​ការណ៍​នេះ​ដើម្បី​យើង » ។១០

ភ្ញៀវ​មកពី​សហរដ្ឋ​ម្នាក់ បាន​ទៅ​ជួប អាប៊ី ពេល​ថ្មីៗ​នេះ ។ អំឡុង​ពេល​ដែលគាត់ទៅ​ផ្ទះបងស្រី គាត់បាន​ឃើញ​ព្រះគម្ពីរ​មួយឈុត​ដាក់នៅលើ​តុ ។ គាត់​អាចដឹងថា វា​ជារតនៈសម្បត្តិ​មួយ ដែល​មាន​គូសចំណាំ​យ៉ាងល្អ​នៅក្នុងកូឡោនៗ ។ ទំព័រខ្លះ [ធ្លុះ] ​រហែក​រយ៉េរយ៉ៃ ។ គម្រប​បាន​ដាច់​ចេញ ។

គាត់​បានកាន់​ព្រះគម្ពីរក្នុងដៃរបស់គាត់ ហើយ​បាន​បើក​ថ្នមៗ ។​ នៅពេល [​គាត់​បាន​បើក​វាឡើង គាត់​បាន​រក​ឃើញ] ​ក្រដាស​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ សន្លឹក​​ពណ៌​លឿង ។ [​គាត់]​ អាចមើល​ឃើញ​ថា នៅក្នុង​ប្រទេស​ ដែល​ [​ប្រាក់​មួយដុល្លារ] មានតម្លៃ​ស្មើ​មាស នោះបងស្រី អាប៊ី ធូរេយ បាន​បង់ដង្វាយមួយភាគ​ដប់​របស់​គាត់​មួយ​ដុល្លា មួយ​ដុល្លារ​ទៀត​ទៅ​មូលនិធិ​អ្នក​ផ្សព្វផ្សាយសាសនា ហើយ​មួយ​ដុល្លា​ទៀត​សម្រាប់​ដង្វាយ​តមអាហារ​សម្រាប់​នរណា​ដែល « ក្រីក្រ​ពិត » នោះ​ជា​អ្វី​ដែល​គាត់សរសេរ ។

ភ្ញៀវ​នោះ​បាន​បិទ​គម្ពីរ​របស់បងស្រី ធូរេយ ហើយ​បាន​គិត ពេល​គាត់​ឈរ​នៅ​ជាមួយ​នឹង​ម្ដាយ​ជនជាតិ​អាហ្វ្រិក​ដ៏​ស្មោះត្រង់​រូប​នេះ​ថា គាត់​កំពុង​ឈរ​នៅ​ដី​ដ៏ពិសិដ្ឋ ។១១

គ្រាន់តែការ​ទទួល​​ពរជ័យ​នៃ​ដង្វាយតមអាហារ​របស់អ្នក និង​ខ្ញុំ អាច​ផ្លាស់ប្ដូរ​ដួងចិត្ត ដូច្នេះ​ការ​តមអាហារ​ពិត​ជា​ល្អ​សម្រាប់​អ្នក​ដទៃ ។ សូម្បី​តែកុមារតូច​ម្នាក់​ក៏អាច​ដឹងផងដែរ ។

កុមារ​តូចៗ​ជាច្រើន និង​មជ្ឈិម​វ័យ​មួយចំនួន ប្រហែលជាតាម​មូលហេតុផ្ទាល់​ខ្លួន​ អាច​នឹង​ឃើញ​ថា​វា​លំបាក​ដើម្បី​តមអាហារ​រយៈពេល​ ២៤ ម៉ោង ។ ក្នុង​ពាក្យ​របស់​អេសាយ ការ​តម​អាហារ​អាច « ធ្វើ​ឲ្យ​ពិបាក​ដល់​​ព្រលឹង​របស់[ ពួកគេ ] » ។ ឪពុក​ម្ដាយ​វៃឆ្លាត​ស្គាល់នូវ​លទ្ធភាព​នោះ ហើយ​បាន​ធ្វើតាម​ដំបូន្មាន​របស់​ប្រធាន យ៉ូសែប  អេហ្វ ស៊្មីធ​ដោយយកចិត្ត​ទុក​ដាក់​ថា ៖ « វា​ល្អ​ប្រសើរ​ដើម្បី​បង្រៀន​ពួកគេ​អំពីគោលការណ៍ ហើយ​ទុក​ឲ្យ​ពួកគេ​គោរពតាម​វា នៅពេល​ពួកគេ​បាន​ធំឡើង​ដឹង​ក្ដី​ល្មម​នឹង​ជ្រើសរើស​ដោយ​ឆ្លាតវៃ » ។១២

ខ្ញុំបានឃើញ​ពរជ័យ​នៅ​ក្នុង​ពាក្យ​ទូន្មាន​នោះ​ថ្មីៗ​នេះ ។ ចៅ​ប្រុស​ម្នាក់​របស់ខ្ញុំ បាន​ឃើញ​ថា ការ​តមអាហារ​រយៈពេល ២៤ ម៉ោង​គឺ​វា​ហួស​ពី​កម្លាំងនៃការស៊ូទ្រាំ​របស់គាត់ ។ ប៉ុន្តែ​ឪពុក​ម្ដាយ​ដ៏​ឈ្លាសវៃ​របស់គាត់ នៅ​តែ​បង្រៀន​​គោលការណ៍​នេះ​ដក់ជាប់ក្នុងចិត្ត​កូន ។ មិត្តភក្ដិ​នៅ​សាលារៀន​របស់​គាត់​ម្នាក់ បាន​បាត់បង់​បងប្អូន​ជីដូន​មួយ​វ័យក្មេង​ដោយ​ការ​ស្លាប់​ដោយ​ចៃដន្យ​ក្នុង​ពេល​ថ្មីៗ ។ ចៅ​ប្រុស​ខ្ញុំ​បាន​សួរ​ដល់​ម្ដាយគាត់នៅ​ថ្ងៃ​តមអាហារថា តើ​មិត្ត​របស់​គាត់​នឹង​មានអារម្មណ៍​ធូរស្បើយ​ទេ បើ​គាត់​បន្ដ​តមអាហារ​សម្រាប់​គេ​នោះ​ ដែលពេលសួរ​​នោះ​​ប្រហែល​ជា​គាត់​ពិបាក​នឹង​ស៊ូទ្រាំ​ហើយ​មើល​ទៅ ។

សំណួរ​របស់គាត់​គឺ​ជា​ការ​បញ្ជាក់​អំពី​ដំបូន្មាន​របស់​ប្រធាន យ៉ូសែប  អេហ្វ ស៊្មីធ​ ។ ចៅ​ខ្ញុំ​បាន​មកដល់ចំនុច​មួយ​ដែល​គាត់​ពុំ​គ្រាន់តែ​យល់​គោលការណ៍​នៃ​ការ​តមអាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ត្រូវ​បាន​ចាក់​ឬស​នៅក្នុង​ដួងចិត្ត​របស់គាត់​ផងដែរ ។ គាត់​បាន​ដឹង​ថា ការតមអាហារ និងការ​អធិស្ឋាន​របស់គាត់ នឹង​នាំ​ទៅរក​ពរជ័យ​មកពី​ព្រះ​សម្រាប់​នរណាម្នាក់​ដែល​ខ្វះខាត ។ បើគាត់​រស់នៅ​តាម​គោលការណ៍​ឲ្យ​ញឹកញាប់គ្រប់គ្រាន់ នោះ​វា​នឹង​នាំ​ឲ្យមានឥទ្ធិពល​ដ៏អស្ចារ្យ​នៅក្នុងជីវិត​ផ្ទាល់ខ្លួនគាត់ ដូច​បាន​សន្យា​ដោយព្រះអម្ចាស់ ។​ គាត់​នឹង​មាន​ពរជ័យ​នៃ​ព្រះចេស្ដារ​​ខាង​វិញ្ញាណ ដើម្បី​ទទួល​ការ​បំផុសគំនិត និង​សមត្ថភាព​កាន់តែ​អស្ចារ្យ​ដើម្បី​ទប់ទល់នឹង​ការ​ល្បួង ។

យើង​ពុំ​ដឹង​នូវ​មូលហេតុ​ទាំងអស់​ថា ហេតុអ្វី​ក៏ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ចូល​ទីរហោស្ថាន​ដើម្បីតមអាហារ និង​អធិស្ឋាន​នោះទេ ។ ប៉ុន្តែ​យ៉ាង​ហោចណាស់​ យើង​បាន​ដឹង​ពីឥទ្ធិពល​មួយ​គឺថា ៖ ព្រះអង្គ​សង្គ្រោះ បាន​ឈ្នះ​លើ​ការ​ល្បួង​របស់​សាតាំង​ទាំងស្រុង ដែល​វា​ល្បួង​ទ្រង់​ឲ្យ​ប្រើ​ព្រះចេស្ដា​ជា​ព្រះរបស់ទ្រង់​ផ្លូវ​ខុស​នោះ ។

រយៈពេល​ដ៏ខ្លី ដែល​យើង​តមអាហារ​ជារៀងរាល់ខែ និង​ចំនួន​ដង្វាយ​ដ៏​តិចតួច​ដែល​យើង​បរិច្ចាគ​សម្រាប់​អ្នក​ក្រីក្រ អាច​ផ្ដល់​ជា​ចំណែក​នៃ​ការ​ផ្លាស់ប្ដូរ​តូច​មួយ​នៅ​ក្នុង​និស្ស័យ​របស់យើង ថា​យើង​គ្មានបំណង​នឹង​ធ្វើ​អាក្រក់​ទៀតឡើយ ។ ប៉ុន្តែ​មាន​ការ​សន្យា​ដ៏​អស្ចារ្យ​មួយ ទោះជា​យើង​ធ្វើ​នូវ​អ្វីៗ​ដែល​យើង​អាច​ដើម្បី​អធិស្ឋាន តមអាហារ និង​បរិច្ចាគ​ដល់​អ្នកទាំងឡាយ​ដែល​ខ្វះខាត​ក្ដីថា ៖

«យ៉ាងនោះ ទើប​ពន្លឺ​របស់​ឯង នឹង​លេច​មក ដូចជា​រស្មីអរុណ ហើយ​សេចក្ដី​សុខស្រួល​របស់​ឯង នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្ដី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​ការពារ​ពី​ខាង​ក្រោយ​ឯង ។

«គ្រានោះ បើ​ឯង​អំពាវនាវ ព្រះយេហូវ៉ា ទ្រង់​នឹង​តបឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯណេះ​ហើយ » ។១៣

ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​ប្រកាស​ពរជ័យ​ដ៏​មហិមា​ទាំង​នោះ សម្រាប់ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ថា​នៅក្នុង​សាសនាចក្រ​របស់ទ្រង់ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ជួយ​ទ្រង់ ដូច​ទ្រង់​មើលថែ​ដល់​អ្នក​ក្រីក្រ​តាមមាគ៌ា​របស់ទ្រង់ ហើយ​ថា​ទ្រង់​បានសន្យា​នូវ​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច នឹង​កើតមាន​មកពី​ការ​ជួយ​របស់យើង ។ នៅ​ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ម៉ាថាយ ២៥:៣៤--៤០

  2. អេសាយ 58:6–11

  3. ស្ពែនស៊ើរ  ដបុលយូ ឃឹមបឹល, The Miracle of Forgiveness ( ឆ្នាំ ១៩៦៩), ៩៨ ។

  4. សូមមើល Steve Almasy, Ben Brumfield, and Laura Smith-Spark, « Cleanup Begins in Vanuatu after Cyclone Batters Islands,» ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៥, edition.cnn.com ។

  5. សូមមើល សៀន ម៉ូរីស, ស្ទីវ អាលម៉ាស៊ី, និង ឡូរ៉ា ស្ម៊ីធ ផាក, «‹ Unbelievable Destruction’ Reported in Tropical Cyclone Pam’s Wake, » ថ្ងៃទី ១៤ ​ខែ មិនា  ឆ្នាំ ២០១៥, edition.cnn.com ។

  6. ពេត្រុស អេហ្វ អ៊ីវ៉ាន « Sister Abie Turay’s Story, » ឯកសារ​សរសេរ​ដោយដៃ​ពុំ​បោះពុម្ព ។

  7. ពេត្រុស អ៊ីវ៉ាន « Sister Abie Turay’s Story » ។

  8. អាប៊ី ធូរេយ បាន​ដក​ស្រង់​នៅ​ក្នុង ពេត្រុស អ៊ីវ៉ាន « Sister Abie Turay’s Story » ។

  9. ពេត្រុស អ៊ីវ៉ាន « Sister Abie Turay’s Story » ។

  10. អាប៊ី ធូរេយ, បាន​ដក​ស្រង់​នៅ​ក្នុង ពេត្រុស អ៊ីវ៉ាន « Sister Abie Turay’s Story » ។

  11. ពេត្រុស អ៊ីវ៉ាន « Sister Abie Turay’s Story »; ជា​វីដេអូ​អំពី​បងស្រី Turay, « We Did Not Stand Alone,» គឺមាន​នៅ lds.org/media-library ។

  12. យ៉ូសែប  អេហ្វ. ស៊្មីធ, «Editor’s Table,» Improvement Era, ខែ ធ្នូ ឆ្នាំ ១៩០៣, ១៤៩ ។

  13. អេសាយ 58:8–9 ។