សូមឲ្យរាជ្យទ្រង់បានមកដល់
ការឃើញ និង ការជឿលើអព្ភូតហេតុរបស់ព្រះអម្ចាស់ក្នុងការស្ថាបនានគររបស់ទ្រង់លើផែនដីនេះអាចជួយយើងឲ្យឃើញ ហើយជឿថា ព្រះចេស្តារបស់ព្រះអម្ចាស់កំពុងធ្វើការនេះក្នុងជីវិតផ្ទាល់របស់យើងផងដែរ ។
នៅពេលយើងច្រៀង ខ្ញុំទទួលបានអារម្មណ៍ដ៏ខ្លាំងដោយគំនិតថា នៅគ្រានេះ មានពួកបរិសុទ្ធរាប់រយពាន់នាក់ ប្រហែលជារាប់លាននាក់នៅក្នុងប្រទេសចំនួន ១៥០ ប្រទេស បានបន្លឺសំឡេងរួមគ្នាក្នុង ៧៥ ភាសា1ច្រៀងសរសេរថ្វាយព្រះថា ៖
សូមយាងឱស្តេចនៃស្តេច !
យើងរង់ចាំទ្រង់ជាយូរ
រង់ចាំចំអេងស្លាប់ទ្រង់
ដើម្បីរំដោះរាស្ត្រទ្រង់ឲ្យមានសេរី ។២
« សូមយាងឱស្តេចនៃស្តេច ! »៣ យើងជាគ្រួសារអ្នកជឿទូទាំងពិភពលោក ជាពួកសិស្សនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។
យើងបានទទួលយកព្រះនាមទ្រង់ដាក់លើខ្លួនយើង ហើយរាល់សប្តាហ៍ពេលយើងទទួលទានសាក្រាម៉ង់ នោះយើងសន្យាថា យើងនឹងចងចាំទ្រង់ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ យើងទាំងអស់គ្នានៅឆ្ងាយពីភាពល្អឥតខ្ចោះ ប៉ុន្តែយើងមិនលេងសើចចំពោះសេចក្តីជំនឿយើងឡើយ ។ យើងជឿលើទ្រង់ ។ យើងថ្វាយបង្គុំទ្រង់ ។ យើងធ្វើតាមទ្រង់ ។ យើងស្រឡាញ់ទ្រង់យ៉ាងខ្លាំង ។ បុព្វហេតុទ្រង់គឺជាបុព្វហេតុដ៏ធំមហិមានៅលើពិភពទាំងអស់ ។
បងប្អូនប្រុសស្រី យើងរស់នៅក្នុងសម័យបច្ចុប្បន្ននេះ មុនការយាងមកលើកទីពីររបស់ព្រះអម្ចាស់ ជាពេលមួយដែលមានការចូលរួមជាបន្តបន្ទាប់នៃអ្នកជឿគ្រប់ជំនាន់ ។ យើងរស់នៅក្នុងសម័យនៃសង្គ្រាម និង ពាក្យចចាមអារ៉ាមអំពីសង្គ្រាមទាំងឡាយ សម័យនៃគ្រោះធម្មជាតិ សម័យដែលពិភពលោកត្រូវបានរងប៉ះទង្គិចដោយការភាន់ច្រឡំ និង ចលាចល ។
ប៉ុន្តែ យើងក៏រស់នៅក្នុងយុគ្គសម័យនៃការស្តារឡើងវិញដ៏រុងរឿងផងដែរ ជាពេលដែលដំណឹងល្អត្រូវបាននាំទៅកាន់ពេញសព្វផែនដី—ជាពេលមួយដែលព្រះអម្ចាស់បានសន្យាថា « នឹងបង្កើតឡើងនូវ...ប្រជាជនបរិសុទ្ធមួយ »៤ ដែលប្រដាប់ « ដោយអាវុធនៃសេចក្តីសុចរិត និង ដោយព្រះចេស្តានៃព្រះ » ។៥
យើងរីករាយក្នុងថ្ងៃទាំងនេះ ហើយអធិស្ឋានថាយើងអាចប្រឈមមុខដោយក្លាហានជាមួយឧបសគ្គ និង ភាពមិនប្រាកដប្រជារបស់យើង ។ ការលំបាកសម្រាប់មនុស្សមួយចំនួនមានភាពធ្ងន់ធ្ងរជាងអ្នកដទៃទៀត ប៉ុន្តែគ្មាននរណាម្នាក់មិនជួបការលំបាកឡើយ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល មានម្ដងនោះមានប្រសាសន៍មកខ្ញុំថា « បើអ្វីៗគ្រប់យ៉ាងនឹងល្អឥតខ្ចោះសម្រាប់អ្នកក្នុងពេលឥឡូវនេះ សូមចាំបន្ដិច » ។
ថ្វីត្បិតតែព្រះអម្ចាស់បានអះអាងនឹងយើងម្ដងហើយម្ដងទៀតថា យើង « ពុំចាំបាច់ភ័យខ្លាចឡើយ » ក្ដី៦ ក៏ការរក្សាទស្សនៈវិស័យច្បាស់លាស់ និងការមើលឃើញហួសពីពិភពលោកនេះ ពុំតែងតែងាយស្រួលដែរ នៅពេលយើងស្ថិតនៅក្នុងការសាកល្បងនោះ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀនខ្ញុំនូវមេរៀនសំខាន់មួយ អំពីការរក្សាទស្សនៈវិស័យដ៏អស់កល្បជានិច្ច ។
ដប់ប្រាំបីឆ្នាំមកហើយ ខណៈកំពុងធ្វើដំណើរលើរថភ្លើងទៅប្រទេស ស្វីស ជាមួយប្រធានម៉នសុន នោះខ្ញុំបានសួរលោកអំពីទំនួលខុសត្រូវដ៏ធ្ងន់មួយនេះ ។ ចម្លើយរបស់លោកបានពង្រឹងសេចក្តីជំនឿខ្ញុំ ។ លោក ថ្លែងថា « នៅក្នុងគណៈប្រធានទីមួយ យើងធ្វើកិច្ចការគ្រប់យ៉ាងដើម្បីរំកិលកិច្ចការនេះឲ្យឆ្ពោះទៅមុខ ។ ប៉ុន្តែនេះគឺជាកិច្ចការរបស់ព្រះអម្ចាស់ ។ ហើយទ្រង់ដឹកនាំកិច្ចការនេះ ។ ទ្រង់គឺជាចង្កូត ។ យើងភ្ញាក់ផ្អើលពេលយើងឃើញទ្រង់បើកឱកាស ដែលយើងមិនអាចធ្វើបាន ហើយសម្តែងអព្ភូតហេតុ ដែលយើងមិនអាចនឹងស្មានដល់ » ។៧
បងប្អូនប្រុសស្រីអើយ ការឃើញ និង ការជឿលើអព្ភូតហេតុរបស់ព្រះអម្ចាស់ក្នុងការស្ថាបនានគររបស់ទ្រង់លើផែនដីនេះអាចជួយយើងឲ្យឃើញ ហើយជឿថា ព្រះចេស្តារបស់ព្រះអម្ចាស់កំពុងធ្វើការនេះក្នុងជីវិតផ្ទាល់របស់យើងផងដែរ ។
ព្រះអម្ចាស់បានប្រកាសថា « យើងអាចធ្វើកិច្ចការរបស់យើងបាន » ។៨ យើងម្នាក់ៗព្យាយាមធ្វើចំណែករបស់យើង ប៉ុន្តែទ្រង់គឺជាវិស្វករដ៏ឆ្នើម ។ នៅក្រោមការដឹកនាំរបស់ព្រះវរបិតាទ្រង់ នោះព្រះអង្គបានបង្កើតពិភពលោកនេះ ។ « គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ »៩នៅពេលយើងដឹងខ្លួនខាងវិញ្ញាណ ហើយភ្ញាក់ដឹងខ្លួន នោះយើងមើលឃើញព្រះហស្ថទ្រង់ឈោងទៅទូទាំងពិភពលោក ហើយយើងមើលឃើញព្រះហសត្ថរបស់ទ្រង់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង ។
ខ្ញុំសូមចែកឧទាហរណ៍មួយ ។
នៅក្នុងឆ្នាំ ១៨៣១ ដែលមានតែសមាជិកសាសនាចក្រ ៦០០នាក់ នោះព្រះអម្ចាស់បានប្រកាសថា « កូនសោទាំងឡាយនៃនគរព្រះត្រូវបានផ្ទុកផ្តាក់ដល់មនុស្សនៅលើផែនដី ហើយពីពេលនេះតទៅ ដំណឹងល្អនឹងត្រូវរមៀ់លចេញទៅដល់ទីបំផុតផែនដី ដូចជាថ្មដែលដាប់ផ្តាច់ចេញពីភ្នំឥតដៃណាធ្វើនឹងរមៀលចេញទៅ រហូតដល់បានពេញផែនដីទាំងមូល » ។10
ព្យាការី នីហ្វៃ បានព្យាករថា នៅក្នុងជំនាន់របស់យើង សមាជិកនៃសាសនាចក្រមាន « ចំនួនតិចណាស់ » បើធៀបទៅនឹងប្រជាជននៃផែនដី ប៉ុន្តែថាពួកគេនឹងមាន « នៅពាសពេញលើផ្ទៃផែនដីដែរ » ។11
ឧទាហរណ៍ដ៏អស្ចារ្យបីនៃព្រះចេស្តារបស់ព្រះអម្ចាស់នៅក្នុងការកសាងនគរទ្រង់គឺ ការប្រកាសអំពីព្រះវិហារបរិសុទ្ធនៅថ្ងៃនេះ ដោយប្រធានម៉នសុន ។ កាលពីពីរបីទស្សវត្សរ៍មុន តើនរណាខ្លះដែលអាចស្រម៉ៃថាមានព្រះវិហារបរិសុទ្ធនៅប្រទេស ហៃទី ថៃ និង កូតឌីវ័រ ?
ទីតាំងនៃព្រះវិហារបរិសុទ្ធមួយគឺមិនងាយស្រួលសម្រេចយកឡើយ ។ វាបានកើតឡើងដោយសារវិវរណៈមកពីព្រះអម្ចាស់ទៅកាន់ព្យាការីទ្រង់ ដែលប្រាប់ឲ្យដឹងនូវកិច្ចការដ៏អស្ចារ្យ ដែលត្រូវធ្វើ ហើយទទួលស្គាល់សេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ ដែលនឹងរក្សាទុក និងថែរក្សាដល់សំណាក់របស់ទ្រង់នៅជាច្រើនជំនាន់ ។១២
ភរិយាខ្ញុំ ខាធី និង រូបខ្ញុំបានទៅលេងប្រទេស ហៃទី កាលពីពីរឆ្នាំមុន ។ នៅលើកំពូលភ្នំខ្ពស់ យើងមើលឃើញ ទីក្រុង ផត អូ ព្រីន យើងបានចូលរួមជាមួយពួកបរិសុទ្ធហៃទីក្នុងពិធីឧទ្ទិសរំឭកនៃប្រទេសនោះ ដោយអែលឌើរ ថូម៉ាស អេស ម៉នសុន ទើបតែកន្លងទៅ ៣០ ឆ្នាំមុនប៉ុណ្ណោះ ។ គ្មាននរណាម្នាក់បំភ្លេចការបំផ្លិចផ្លាញដោយផែនដីរំញ្ជួយកាលពីឆ្នាំ ២០១០ ឡើយ ។ ជាមួយសមាជិកដ៏ស្មោះត្រង់ និង ក្រុមអ្នកផ្សព្វផ្សាយសាសនាដ៏ក្លាហាន បានប៉ះប៉ូវស្ទើរតែទាំងស្រុងដល់ប្រជាជនហៃទី នោះសាសនាចក្រនៅលើកោះនេះបានបន្តរីកចម្រើន និង រឹងមាំ ។ វាតម្កើងក្តីជំនឿខ្ញុំ ឲ្យឃើញពួកបរិសុទ្ធសុចរិតនៃព្រះ ស្លៀកពាក់ស ដែលមានអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ ដើម្បីដឹកនាំ និង ធ្វើពិធីបរិសុទ្ធពិសិដ្ឋនៅក្នុងដំណាក់ព្រះអម្ចាស់ ។
តើនរណាអាចគិតស្រម៉ៃពីដំណាក់នៃព្រះអម្ចាស់នៅក្នុងទីក្រុងបាំងកកដ៏ស្រស់ស្អាតនោះ ? គ្រិស្តសាសនិកមានចំនួនតែមួយភាគរយប៉ុណ្ណោះនៃចំនួនពុទ្ធសាសនិកគោលក្នុងប្រទេសថៃ ។ ដូចជាប្រទេសហៃទីដែរ យើងក៏ឃើញនៅក្នុងទីក្រុងបាំងកកថា ព្រះអម្ចាស់បានប្រមូលផ្ដុំពួកជម្រើសនៅលើផែនដី ។ ខណៈដែលកាលពីប៉ុន្មានខែមុន យើងបានជួបនឹង សាធីត និង ជូថាម៉ាស កៃវៃវាត់ថាណា និងកូនៗជាទីស្រឡាញ់របស់ពួកគេ ។ សាធីតបានចូលសាសនាចក្រកាលគាត់មានអាយុ ១៧ឆ្នាំ ហើយបម្រើបេសកកម្មនៅលើទឹកដីកំណើតខ្លួន ។ ក្រោយមកគាត់បានជួប ជូថាម៉ាស នៅថ្នាក់វិទ្យាស្ថាន ហើយពួកគេបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធក្រុងម៉ានីល ។ នៅក្នុងឆ្នាំ ១៩៩៣ គ្រួសារកៃវៃវាត់ថាណា ត្រូវបានឡានដឹកទំនិញមួយបុក ដោយសារអ្នកបើកបរងងុយដេក ហើយសាធីត ត្រូវស្លាប់ពាក់កណ្ដាលខ្លួន ពីដើមទ្រូងចុះក្រោម ។ សេចក្តីជំនឿរបស់ពួកគេពុំប្រែប្រួលឡើយ ។ សាធីត គឺជាគ្រូបង្រៀនដ៏គួរឲ្យកោតសរសើរនៅសាលាអន្ដរជាតិ បាំងកក ។ គាត់បម្រើជាប្រធានស្តេកខាងជើងទីក្រុងបាំងកកប្រទេសថៃ។ យើងឃើញអព្ភូតហេតុរបស់ព្រះគឺនៅក្នុងកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ និងនៅក្នុងជីវិតរបស់យើងផ្ទាល់ ។
អព្ភូតហេតុនៃសាសនាចក្រនៅ កូតឌីវ័រមិនអាចរៀបរាប់ដោយគ្មានឈ្មោះរបស់គូស្វាមីភរិយាពីរគូបានឡើយ ៖ ភ្វីលីព និង អែននែលី អាសាដ ព្រមទាំង ឡូសីន និង អាហ្គាធី អាហ្វើ ។ ពួកគេចូលសាសនាចក្រនេះកាលពួកគេជាគូស្វាមីភរិយារៀបការវ័យក្មេងនៅឯទ្វីប អើរ៉ុប ម្នាក់នៅក្នុងប្រទេស អាល្លឺម៉ង់ ហើយម្នាក់ទៀតនៅក្នុងប្រទេសបារាំង ។ នៅក្នុងទស្សវត្សរ៍ឆ្នាំ ១៩៨០ នោះភីលីព និង ឡូសីន បានទទួលអារម្មណ៍ថាត្រូវត្រឡប់ទៅប្រទេសអាហ្វ្រិកដែលជាប្រទេសកំណើតខ្លួនក្នុងគោលបំណងស្ថាបនានគរព្រះ ។ សម្រាប់បងស្រី អាសាដវិញ គឺជាជនជាតិអាល្លឺម៉ង់ បានចេញពីគ្រួសារខ្លួន ហើយអនុញ្ញត្តឲ្យបងប្រុស អាសាដ ចាកចេញពីការងារខ្លួនដែលជាវិស្វករជួសជុលដ៏មានស្នាដៃ បានតម្រូវឲ្យមាននូវជំនឿដ៏ខ្លាំង ។ គូស្វាមីភរិយាទាំងពីរនេះ បានជួបគ្នាលើកដំបូងនៅក្នុង កូតឌីវ័រ ហើយបានចាប់ផ្តើមថ្នាក់សាលាថ្ងៃអាទិត្យមួយ ។ ការណ៍នេះបានកើតឡើង៣០ ឆ្នាំមកហើយ ។ ឥឡូវនេះមានស្តេក ប្រាំបី និង សមាជិក ចំនួន២៧០០០ នាក់នៅក្នុងទឹកដីប្រទេសអាហ្វ្រិកដ៏ស្រស់ស្អាតនេះ ។ គ្រួសារ អាហ្វើ បន្តបម្រើដោយគុណធម៌ ដូចគ្នានឹងគ្រួសារ អាសាដដែរ ដែលថ្មីៗនេះទើបតែបញ្ចប់បេសកកម្មមកពី ព្រះវិហារបរិសុទ្ធ អាក្រា ហ្គាណា ។
តើអ្នកអាចឃើញព្រះចេស្តារបស់ព្រះរំកិលកិច្ចការទ្រង់ឆ្ពោះទៅមុខដែរឬទេ ? តើអ្នកអាចមើលឃើញព្រះហស្ថរបស់ព្រះនៅក្នុងជីវិតរបស់អ្នកផ្សព្វផ្សាយសាសនានៅក្នុងប្រទេសហៃទី ឬ គ្រួសារកៃវៃវាត់ថាណា នៅប្រទេសថៃឬទេ ? តើអ្នកអាចឃើញព្រះចេស្តារបស់ព្រះនៅក្នុងជីវិតរបស់គ្រួសារ អាសាដ និង អាហ្វើឬទេ ? តើអ្នកអាចឃើញព្រះចេស្តារបស់ព្រះនៅក្នុងជីវិតអ្នកដែរឬទេ ?
« ហើយមនុស្សមិនដែលជំទាស់ព្រះក្នុងការណ៍ណាមួយឡើយ …លើកលែងតែអស់អ្នកណាដែលមិនទទួលស្គាល់ព្រះហស្តរបស់ទ្រង់នៅក្នុងគ្រប់ទាំងអស់ » ។១៣
អព្ភូតហេតុរបស់ព្រះ មិនគ្រាន់តែកើតឡើងក្នុងប្រទេស ហៃទី ប្រទេស ថៃ ឬ កូតឌីវ័រនោះទេ ។ សូមមើលជុំវិញខ្លួនអ្នក ។១៤ « ព្រះទ្រង់ចងចាំអស់ទាំងប្រជាជន …មែនហើយ ទ្រង់រាប់ចំនួនរាស្ត្រទ្រង់ ហើយព្រះហឫទ័យនៃសេចក្តីមេត្តាករុណារបស់ទ្រង់គ្របដណ្តាប់ផែនដីទាំងមូល » ។១៥
ពេលខ្លះយើងអាចឃើញព្រះចេស្តារបស់ព្រះអម្ចាស់នៅក្នុងជីវិតនៃមនុស្សដទៃ ប៉ុន្តែឆ្ងល់ថា « តើខ្ញុំអាចឃើញព្រះចេស្តារបស់ព្រះកាន់តែច្បាស់នៅក្នុងជីវិតខ្ញុំផ្ទាល់ដោយរបៀបណា ? »
ព្រះអង្គសង្គ្រោះមានបន្ទូលថា ៖
« ចូរកុំសង្ស័យឡើយ » ។១៦
« កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » ។១៧
« គ្មាន...[ ចាប ] ណាមួយធ្លាក់ [ ទៅ ] ដី ឥតព្រះវរបិតានៃអ្នករាល់គ្នា [ ជ្រាប ] ឡើយ …
« យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន » ។១៨
ចូរចងចាំអ្នកបម្រើដែលអំពាវនាវដល់ព្យាការី អេលីសេ នៅក្នុងពេលពួកគេត្រូវបានឡោមព័ទ្ធដោយមារសត្រូវ ៖ « វរហើយ ចៅហ្វាយខ្ញុំអើយ ! [ តើ ]យើងនឹងធ្វើដូចម្តេច ? »១៩
អេលីសេបានឆ្លើយថា ៖
« កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត ។
« [ នោះ ]អេលីសេក៏អធិស្ឋានថា ...ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ។ ហើយព្រះអម្ចាស់ [ បានបើក ] ភ្នែកអ្នកបម្រើនោះ ហើយគាត់[ បានឃើញ ] ភ្នំនោះ មានពេញដោយពលសេះ និង រទេះចំបាំងដែលសុទ្ធតែជាភ្លើង » ។ ២០
ពេលអ្នករក្សាបទបញ្ញត្តិ ហើយអធិស្ឋានដោយក្តីជំនឿដើម្បីឃើញពីព្រះចេស្តារបស់ព្រះអម្ចាស់នៅក្នុងជីវិតអ្នក នោះទ្រង់នឹងបើកភ្នែកខាងវិញ្ញាណរបស់អ្នកឲ្យកាន់តែធំ ហើយអ្នកឃើញកាន់តែច្បាស់ថាអ្នកមិននៅតែឯងនោះទេ ។
ព្រះគម្ពីរបង្រៀនថា យើងគួរតែ « [ ឈរ ] យ៉ាងរឹងប៉ឹងនៅក្នុងសេចក្តីជំនឿ ជឿដល់អ្វីដែលកើតឡើង » ។២១ តើអ្វីកើតឡើង ?តើអ្វីកើតឡើង ? ព្រះអង្គសង្គ្រោះបានអធិស្ឋានថា ៖
« ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ ។
« សូមឲ្យរាជ្យទ្រង់បានមកដល់ ។ សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ » ។22
យើងទាំងអស់គ្នាទើបបានច្រៀងបទ « សូមយាងឱស្តេចនៃស្តេច ! »
ក្តីជំនឿយើងកើនឡើង នៅពេលយើងចូលរួមការត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ ។ គំនិតអំពីនៃការយាងមករបស់ទ្រង់ធ្វើឲ្យខ្ញុំរំភើប ។ វានឹងក្លាយជាការណ៍អស្ចារ្យណស់ ។ ព្រំដែន និង ភាពធំសម្បើម ភាពធំធេង និង សិរីរុងរឿងនេះនឹងមានលើសពីភ្នែកនៃជីវិតរមែងស្លាប់ដែលធ្លាប់បានឃើញ ឬ បានជួបប្រទះឡើយ ។
នៅថ្ងៃនោះ ទ្រង់មិនយាងចុះមកដោយ « រុំក្នុងសំពត់ផ្នត់ផ្ទុំក្នុងស្នូកទៀតឡើយ» ២៣ ប៉ុន្តែទ្រង់នឹងយាងមក « លើពពកនៅលើមេឃ បំពាក់ដោយព្រះចេស្តា និង សិរីល្អជាខ្លាំង ជាមួយនឹងពួកទេវតាបរិសុទ្ធទាំងអស់ » ។២៤ យើងនឹងឮ « សំឡេងមហាទេវតា និង..ត្រែរបស់ព្រះផង » ។២៥ ព្រះអាទិត្យ និង ព្រះចន្រ្ទនឹងផ្លាស់ប្តូរ ហើយ « តារាទាំងឡាយ [ នឹង ] ត្រូវគ្រវាត់ចេញពីកន្លែងរបស់ខ្លួន » ។២៦ អ្នក និង ខ្ញុំ ឬ អស់អ្នកដែលធ្វើតាមយើងគឺ « ពួកបរិសុទ្ធ …នឹងចេញមកពី [ ទិសទាំងបួន ] នៃផែនដី » ។២៧ « នឹងបានប្រោសឲ្យមានជីវិត ហើយលើកឡើងទៅជួបទ្រង់ » ។២៨ អស់អ្នកដែលស្លាប់ក្នុងសេចក្តីសុចរិត នោះពួកគេនឹង « បានលើកឡើងទៅជួបទ្រង់នៅកណ្តាល…នៃផ្ទៃមេឃ » ។២៩
បន្ទាប់មកនោះ បទពិសោធន៍ដែលមិនអាចនឹកដល់នឹងកើតមាន ៖ « ព្រះអម្ចាស់មានបន្ទូលថា អស់ទាំងមនុស្សនឹងបានឃើញយើងគ្រប់គ្នា » ។៣០ តើការណ៍នេះកើតឡើងដោយរបៀបណា ? យើងមិនដឹងនោះទេ ។ ប៉ុន្តែខ្ញុំថ្លែងទីបន្ទាល់ថាវានឹងកើតឡើង—គឺពិតជាកើតឡើងតាមពាក្យព្យាករ ។ យើងនឹងលុតជង្គង់ចុះដោយគាវរភាព ។ « ហើយព្រះអម្ចាស់ ទ្រង់នឹងបន្លឺសំឡេងរបស់ទ្រង់ ហើយអស់ទាំងចុងផែនដីនឹងបានឮ » ។៣១ « ហើយសំឡេងនោះនឹង… ដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់យ៉ាងខ្លាំង » ។៣២ « ហើយព្រះអម្ចាស់គឺជាព្រះអង្គសង្គ្រោះទ្រង់នឹងឈរនៅកណ្តាលរាស្ត្រទ្រង់ » ។៣៣
បន្ទាប់មកការជួបជុំគ្នានៃពួកទេវតាស្ថានសួគ៌ និង ពួកបរិសុទ្ធនៅលើផែនដីដែលនឹងមិនអាចបំភ្លេចបាននឹងមកដល់ ។៣៤ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ អេសាយបានប្រកាសថា « ហើយអស់ទាំងចុងផែនដី បានឃើញសេចក្តីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា » ។៣៥ ហើយទ្រង់ « នឹងសោយរាជ្យលើសាច់ឈាមទាំងអស់ » ។៣៦
នៅក្នុងថ្ងៃនោះ អ្នកសួរដេញដោរច្រើននឹងត្រូវបានស្ងាត់មាត់ « ព្រោះគ្រប់ទាំងត្រចៀកនឹងបានឮ… ហើយគ្រប់ទាំងជង្គង់ត្រូវលុតចុះ ហើយគ្រប់ទាំងអណ្តាតត្រូវទទួលស្គាល់ »៣៧ ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ព្រះរាជបុត្រានៃព្រះ ព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះនៃពិភពលោក ។
ថ្ងៃនេះជាថ្ងៃបុណ្យអ៊ីស្ទើរ ។ យើងរីករាយជាមួយពួកគ្រីស្ទាននៅទូទាំងពិភពលោកក្នុងដំណើររស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ និង នៅក្នុងការរស់ឡើងវិញផ្ទាល់ខ្លួនដែលបានសន្យា ។ សូមឲ្យយើងរៀបចំខ្លួនសម្រាប់ការយាងមករបស់ទ្រង់ដោយចូលរួមព្រឹត្តិការណ៍ដ៏រុងរឿងទាំងនេះម្តងហើយម្តងទៀតនៅក្នុងគំនិតយើងផ្ទាល់ និងជាមួយអស់អ្នកដែលយើងស្រឡាញ់ ហើយសុំឲ្យការអធិស្ឋានរបស់ទ្រង់គឺជាការអធិស្ឋានរបស់យើង ៖ « សូមឲ្យរាជ្យទ្រង់បានមកដល់ ។ សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ » ។៣៨ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់ ។ « សូមយាងឱស្តេចនៃស្តេច ! » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។