ឆ្នាំ ២០១០-២០១៩
ការ​មាន​ចិត្ត​ស្មោះ
ខែ មេសា 2015


17:51

ការ​មាន​ចិត្ត​ស្មោះ

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​អាច​តទល់​នឹង​ការល្បួង​ដែល​ទាក់ទាញ​ការចាប់​អារម្មណ៍​របស់​យើង តែ​ផ្ទុយទៅ​វិញ សូម​ឲ្យ​យើង​ពុះពារ​ឲ្យ​មាន​ភាព​សុចរិត​ទៀងត្រង់​កាន់តែ​ច្រើន ៖ ដើម្បី​ប្រែ​ខ្លួន​ឲ្យ​មាន​ការបន្ទាបខ្លួន និង​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ចុង​សតវត្ស​ទី​១៨ ម្ចាស់ក្សត្រី ខាតធើរីន នៃ​ប្រទេស​រុស្ស៊ី បាន​ប្រកាស​ថា ​ទ្រង់​នឹង​យាង​ទត​ភាគ​ខាង​ត្បូង​នៃ​អាណាចក្ររបស់​ទ្រង់ ដែល​អម​ដំណើរ​ដោយ​អគ្គរាជទូត​បរទេស​មួយ​ចំនួន ។ អភិបាល​នៅ​តំបន់​នោះ​ឈ្មោះ ក្រិចហ្គូរី ផូតឹមឃីន ចង់​យកចិត្ត​ភ្ញៀវកិត្តិយស​ទាំង​នោះ​ជា​ខ្លាំង ។ ម្ល៉ោះ​​ហើយ គាត់​បាន​ព្យាយាម​អស់ពីសមត្ថភាព ដើម្បី​បង្ហាញ​ពី​​ស្នាដៃ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស ។

ក្នុង​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នោះ ម្ចាស់ក្សត្រី ខាតធើរីន បាន​ជិះទូក​តាម​ទន្លេ​ នីបភើរ ហើយ​បាន​ចង្អុល​ប្រាប់​អគ្គរាជទូត​ទាំងឡាយ​ពី​ភូមិ​តូច​មួយ​នៅជាប់​ច្រាំង​​ទន្លេ ដែលមាន​​ពេញ​ដោយ​មនុស្ស​ខិតខំ​ធ្វើការ ហើយ​រីករាយ ។ មាន​បញ្ហា​តែ​មួយ​គត់គឺ​ថា ៖ វា​ជា​រឿង​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ ។ គេ​ឮខ្ទរខ្ទារ​​ថា ផូតឹមឃីន បាន​រៀបធ្វើ​​​ហាង និង​ផ្ទះ​ទាំង​នោះ​​ពី​ក្ដារ​កុងផ្លាកេ​ស្ដើងៗ ។ គាត់​ក៏​បាន​ចាត់​កសិករ​ធ្វើ​ការ​មមាញឹក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​សេដ្ឋកិច្ច​ដ៏​សម្បូរបែប ។ នៅ​ពេល​​ក្រុម​ភ្ញៀវ​កិត្តិយស​​ចេញ​ផុត កូនចៅ ផូតឹមឃីន បាន​រុះរើ​ភូមិ​ក្លែងក្លាយ​នោះ​ចេញ ហើយ​ប្រញាប់​ទៅ​សង់​ភូមិ​បន្ទាប់​ទៀត​នៅ​តាម​ផ្លូវ​ដែល​ម្ចាស់ក្សត្រី​ឆ្លងកាត់ ។

សូម្បី​តែ​អ្នក​ប្រវិត្តវិទូ​ក៏​បានដេញ​ដោល​ការ​ពិត​នៃ​រឿង​នេះ​ដែរ ហើយ​ពាក្យ « ភូមិ​ផូតឹមឃីន »​ បាន​បញ្ចូល​ក្នុង​វាក្យស័ព្ទ​របស់​ពិភព​លោក ។ ឥឡូវ​ពាក្យ​នេះ​ត្រូវ​បាន​ប្រើ នៅ​ពេល​មាន​បំណង​ចង់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជឿ​ថា យើង​ល្អ​ជាង​អ្វី​ដែល​យើង​មាន ។

តើ​យើង​មាន​បំណងត្រឹមត្រូវ​​ឬទេ ?

វា​ជា​និស្ស័យ​មនុស្ស​ដែល​ចង់​ឲ្យ​គេ​​មើល​ទៅ​ឃើញថា​ល្អ ។ វា​ជា​មូល​ហេតុ​ដែល​យើង​ជា​ច្រើន​នាក់​ខិតខំ​កែលម្អ​ខាង​ក្រៅ​ផ្ទះ ហើយ​ជា​ហេតុផល​ដែល​ប្អូន​ប្រុស​កាន់​បព្វជិតភាព​អើរ៉ុន​វ័យ​ក្មេង​យើង​សិតសក់​យ៉ាង​រៀបរយ ក្នុង​ករណី​ដែល​គេ​បាន​ជួប​នរណា​ម្នាក់​ពិសេស ។ វា​គ្មាន​អ្វី​ខុស​ក្នុង​ការ​ខាត់​ស្បែក បាញ់ទឹកអប់ ឬ​លាក់​ចាន​ប្រឡាក់​មុន​ពេល​ដែល​គ្រូបង្រៀន​តាម​ផ្ទះ​មក​នោះ​ទេ ។ ប៉ុន្តែ បើ​យើង​ធ្វើ​ហួសហេតុ​ពេក បំណង​ដែល​ចង់​ធ្វើ​ឲ្យគេ​ចាប់​អារម្មណ៍​នេះ អាច​ផ្លាស់ប្ដូរ​ពី​អត្ថប្រយោជន៍​ទៅ​ជា​ការ​បោកបញ្ឆោត​វិញ ។

ព្យាការី​របស់​ព្រះអម្ចាស់​បាន​បន្លឺ​សំឡេង​នៃ​ការ​ព្រមាន​ទាស់​នឹង​អ្នក​ដែល « ចូល​មកជិត​ [ព្រះអម្ចាស់] ហើយ​គោរព​ប្រតិបតិ្ត​ដល់ [ទ្រង់] ​ដោយ​សម្ដី និង​បបូរមាត់​របស់​គេ តែ​ដកចិត្ត​ចេញ​ពី [ទ្រង់] » ។

ព្រះអង្គសង្គ្រោះ​មាន​ការ​យោគយល់ និង​មាន​ព្រះទ័យ​សណ្ដោស​ដល់​អ្នក​មាន​បាប​ដែល​មាន​ដួងចិត្ត​រាបទាប និង​ស្មោះត្រង់ ។ ប៉ុន្តែ ទ្រង់​ប្រឆាំងទាស់​នឹង​មនុស្ស​មាន​ពុត​ដូច​ជា ពួកអាចារ្យ ពួកផារិស៊ី និង​ពួក​សាឌូស៊ី—ពួក​ទាំងនោះ​បាន​ព្យាយាម​ធ្វើ​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ការ​កោតសរសើរ អំណាច និង​ទ្រព្យសម្បត្តិ​នៃ​លោកិយ តែ​ដំណាល​គ្នា​នោះ គេ​សង្កត់សង្កិន​មនុស្ស​ដែល​គួរ​ទទួល​បាន​ពរជ័យ​វិញ ។ ព្រះអង្គសង្គ្រោះ​បាន​ប្រៀប​ធៀប​ពួកគេ​ទៅ​នឹង « ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ » ។

នោ​ក្នុង​សម័យ​យើង ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ស្រដៀង​គ្នា​សម្រាប់​អ្នក​កាន់​បព្វជិតភាព​ដែល​ព្យាយាម « លាក់​អំពើ​បាប​ទាំង​ឡាយ​របស់ [ពួកគេ] ឬ​ដើម្បី​បំពេញ​សេចក្ដី​ឆ្មើងឆ្មៃ​របស់ [ពួកគេ] ឬ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ឥតប្រយោជន៍​របស់ [ពួកគេ] » ។ នៅពេល​ពួកគេ​ធ្វើ​ដូច្នេះ ទ្រង់​បាន​មាន​បន្ទូល​ថា « ស្ថានសួគ៌​ដក​ខ្លួនចេញ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ថប់​បារម្ភ ហើយ​កាលណា​ព្រះវិញ្ញាណ​ថយ​ចេញ បព្វជិតភាព ឬ​សិទ្ធិអំណាច​នៃ​មនុស្ស​ប្រឆាំង​នឹង​ព្រះ » ។

តើ​ហេតុ​អ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង ? តើ​ហេតុអ្វី​បាន​ជា​ពេលខ្លះ​យើង​ព្យាយាម​ឲ្យ​គេមើល​ឃើញថា​​សកម្ម ស្ដុកស្ដម ហើយ​លះបង់​ តែ​សំបក​ក្រៅ ពេល​ដែល​​ខាង​ក្នុងខ្លួន—យើង​បាន « បោះ​បង់​ចោល​សេចក្តី​ស្រឡាញ់​ដើម​[យើង] ចេញ » ដូច​​ព្យាការី​បាន​និយាយ​ពី​ពួក​អេភេសូ​រដូច្នេះ ?

ក្នុង​ករណី​ខ្លះ យើង​ប្រហែល​ជា​​ពុំ​ផ្ដោត​ទៅ​លើ​វត្តមាន​នៃ​ដំណឹងល្អ ដោយ​យល់​ខុស​ថា « ឫកពាជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ» ជា « ព្រះចេស្តា​ដែល​មក​ពី​ការ​គោរព​ប្រតិបត្តិ »​វិញ ។ វា​គ្រោះថ្នាក់ ជា​ពិសេស​នៅពេល​ដែល​យើង​​បង្ហាញ​ភាពជាសិស្ស​យើងតែ​ខាងក្រៅ​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចាប់អារម្មណ៍ ដើម្បី​ជា​​ប្រយោជន៍ ឬ​ឥទ្ធិពល​ផ្ទាល់ខ្លួន​នោះ ។ ពេល​នោះ​ហើយ​ដែល​យើង​ប្រថុយ​​ខ្លួនទៅ​​​ជា​ពួកផារិស៊ី ហើយ​វា​ជា​ពេល​ដែល​ត្រូវ​ពិនិត្យ​មើល​ដួងចិត្ត​យើង ដើម្បី​​កែតម្រូវ​វិញ​ភ្លាម ។

កម្មវិធី​ផូតឹមឃីន

ការ​ល្បួង​ឲ្យ​មើល​ទៅ​ល្អ​​ជាង​ការពិត​នេះ ពុំមាន​ត្រឹម​តែ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​យើង​នោះ​ទេ តែ​អាច​មាន​នៅ​ក្នុង​កិច្ចការ​ចាត់តាំង​ក្នុង​សាសនាចក្រ​ផងដែរ ។

ឧទាហរណ៍ ខ្ញុំ​ស្គាល់​ស្តេក​មួយ​ដែល​ពួក​អ្នក​ដឹកនាំ​បាន​កំណត់​គោលដៅ​ប្រចាំឆ្នាំ​យ៉ាង​ខ្ពស់ ។ ខណៈ​ដែល​គោលដៅ​ទាំង​នោះ​មើល​ទៅ​ល្អ នោះ​ពួកគេ​បាន​​ផ្តោត​តែលើ​ការប្រកាសដ៏ល្អ និង​សម្បើម ឬ​បរិមាណ និង​ភាគរយ​វិញ ។

បន្ទាប់​ពី​គោលដៅ​ទាំង​នេះ​ត្រូវ​បាន​ពិភាក្សា និង​យល់ស្រប នោះ​មាន​អ្វី​មួយ​បាន​ធ្វើ​ឲ្យ​ប្រធាន​ស្តេក​មាន​ការ​អំពល់ ។ គាត់​បាន​គិត​ពី​សមាជិក​ក្នុង​ស្តេក​គាត់—ដូច​ជាគិត​អំពី ​ម្ដាយ​វ័យ​ក្មេង​ដែល​មាន​កូន​តូចៗ ដែល​ធ្លាក់ខ្លួន​​ជា​ស្រ្តី​មេម៉ាយ​ថ្មីៗ ។ គាត់​បាន​គិត​ពី​សមាជិក​ដែលមាន​បញ្ហា​ភាព​សង្ស័យ ឬ​ភាព​ឯកា ឬ​មាន​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ ហើយ​គ្មាន​ការ​ធានារ៉ាប់រង ។ គាត់​បាន​គិត​ពី​សមាជិក​ដែល​កំពុង​ដោះស្រាយ​ជាមួយ​បញ្ហា​លែងលះ ការ​ញៀន គ្មាន​ការងារ​ធ្វើ និង​បញ្ហា​ផ្លូវចិត្ត ។ ហើយ​ពេល​គាត់​គិត​ពី​ពួកគេ​កាន់តែ​ខ្លាំង គាត់​បាន​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដ៏​រាបសារ​មួយ​ថា ៖ តើ​គោលដៅ​ថ្មី​ទាំងឡាយ​របស់​យើង ជួយ​ដល់​សមាជិក​ទាំង​នេះ​ឬទេ ?

គាត់​ចាប់​ផ្ដើម​ឆ្ងល់ថា តើ​កែប្រែ​គោលដៅ​ស្តេក​ទាំង​នេះ អាច​នឹង​មានភាព​ខុស​ប្លែកយ៉ាង​ណាវិញ​​ បើ​ពួកគេ​បាន​សួរពីដំបូង​​ថា « តើ​ការ​បម្រើ​របស់​យើង​ជា​អ្វី » ​វិញ​នោះ ?

ម្ល៉ោះ​​ហើយ​ប្រធាន​ស្ដេក​មួយ​រូប​នេះ បាន​ពិភាក្សា​នឹង​ក្រុម​ប្រឹក្សា​ខ្លួន ហើយ​បង្វែរ​​ទិសដៅ​របស់​ពួកគេ​ជាមួយ​គ្នា ។ ពួកគេ​បាន​ប្ដេជ្ញា​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន « អ្នក​អត់ឃ្លាន … អ្នក​កំសត់​ទុគ៌ត … អ្នក​អាក្រាត … អ្នកឈឺ និង​អ្នក​ដែល​រងទុក្ខវេទនា​ ដើរ​ទៅ​ហួស [ពួកគេ] ដោយ​ពុំយក​ចិត្ត​ទុកដាក់​ដល់​ពួកគេ​ដូច្នេះ » ឡើយ ។

ពួកគេ​បាន​កំណត់​គោលដៅ​ថ្មី ដោយ​យល់​ឃើញ​ថា ជោគជ័យ​ជាមួយ គោលដៅ ថ្មី​ទាំងនេះ ​មិន​អាច​វាស់ស្ទង់​បាន​ជានិច្ច​ដោយ​មនុស្ស​ទេ—ដោយសារ​ថា​តើ​វាស់​ទីបន្ទាល់​ផ្ទាល់ខ្លួន ក្ដីស្រឡាញ់​នៃ​ព្រះ ឬ​ការ​អាណិតអាសូរ​ដល់​អ្នក​ដទៃ​ដូចម្ដេច​ទៅ ?

តែ​ពួកគេ​ក៏​ដឹង​ដែរ​ថា « បរិមាណ មិន​សំខាន់​ទេ ។ គុណភាព ទើប​សំខាន់​ជាង » ។

ខ្ញុំ​ឆ្ងល់​ថា តើ​ពេលខ្លះ​គោល​ដៅ​អង្គការ និង​គោលដៅ​ផ្ទាល់​ខ្លួន​យើង​ដូច​ជា​ភូមិ​ផូតឹមឃីន​ ដែរឬទេ ។ តើ​វា​មើល​ពី​ចម្ងាយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ តែ​បរាជ័យ​ក្នុង​ការ​បំពេញ​តាម​តម្រូវ​ការ​របស់​បងប្អូន​ជា​ទីស្រឡាញ់​ខ្លួន​ឬទេ ?

មិត្ត និង​បងប្អូន​កាន់​បព្វជិតភាព​ជាទីស្រឡាញ់​ខ្ញុំ​អើយ បើ​ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​ជាមួយ​យើង ហើយ​សួរ​រក​របាយការណ៍​នៃ​ការ​បម្រើ​របស់​យើង ខ្ញុំ​មិន​ប្រាកដ​ថា​ទ្រង់​នឹង​ផ្ដោត​ខ្លាំងទៅ​​លើ​កម្មវិធី និង​ស្ថិតិ​នោះ​ទេ ។ អ្វី​ដែល​ព្រះអម្ចាស់​ចង់ដឹង គឺ​ជា​ស្ថានភាព​នៃ​ដួងចិត្ត​យើង ។ ទ្រង់​នឹង​ចង់​ជ្រាប​ពី​របៀប​ដែល​យើង​ស្រឡាញ់ និង​បម្រើ​អ្នក​ដែល​នៅ​ក្រោម​ការគ្រប់គ្រង​យើង របៀប​ដែល​យើង​បង្ហាញ​ក្ដីស្រឡាញ់​ចំពោះ​ស្វាមី​ភរិយា និង​ចំពោះ​គ្រួសារ​យើង និង​របៀប​ដែល​យើង​សម្រាល​បន្ទុក​របស់​ពួកគេ ។ ហើយ​ព្រះអង្គសង្គ្រោះ​នឹង​ចង់​ជ្រាប​ពី​របៀប​ដែល​អ្នក និង​ខ្ញុំ​ខិត​ទៅជិត​ទ្រង់ និង​ព្រះវរបិតា​សួគ៌​យើង ។

តើ​យើង​នៅ​ទីនេះ​ដើម្បី​អ្វី ?

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការ​ស្វែង​យល់ពី​ដួងចិត្ត​យើងផ្ទាល់ ។ ឧទាហរណ៍ យើង​អាច​សួរ​ខ្លួន​យើង​ថា ហេតុ​អ្វី​បាន​ជា​យើង​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

យើង​ក៏​អាច​សួរ​បាន​ដែរ​ថា ហេតុ​អ្វី​យើង​នៅ​ក្នុង​ការ​ប្រជុំ​នា​ថ្ងៃ​នេះ ?

ខ្ញុំ​គិត​ថា​ បើ​ខ្ញុំ​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នោះ​ដោយ​រាក់កំផែល នោះ​ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​នៅទីនេះ​ដោយសារ​ប្រធាន ម៉នសុន បាន​ចាត់​ឲ្យ​ខ្ញុំ​ឡើង​និយាយ ។

ដូច្នេះ​ហើយ​ខ្ញុំ​ពិត​ជា​គ្មាន​ជម្រើស​ទេ ។

ក្រៅពី​នេះ ភរិយា​ដែល​ខ្ញុំ​ស្រឡាញ់​ជា​ខ្លាំង​នោះ រំពឹង​ឲ្យ​ខ្ញុំ​មក​ចូលរួម ។ ហើយ​តើ​ខ្ញុំ​បដិសេធ​នឹង​គាត់​យ៉ាង​ណាទៅ ?

ប៉ុន្តែ យើង​ទាំងអស់​គ្នា​ដឹង​ពី​ហេតុ​ដែល​ប្រសើរ​ជាង​នេះ ក្នុង​ការ​ចូលរួម​ការ​ប្រជុំ​របស់​យើង និង​រស់​នៅ​តាម​ការ​ប្ដេជ្ញា​ចិត្ត​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​នៅ​ទីនេះ​ដោយសារ ខ្ញុំ​ប្រាថ្នា​ដោយ​អស់​ពីដួងចិត្ត​ខ្ញុំ ដើម្បី​ធ្វើតាម​លោកគ្រូខ្ញុំ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ប្រាថ្នា​ចង់​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​បញ្ជា​ឲ្យ​ខ្ញុំ​ធ្វើ ក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ​នេះ ។ ខ្ញុំ​ចង់​បាន​ស្អាង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ស្ដាប់​ឮ​ព្រះបន្ទូល​នៃ​ព្រះ​ ពេល​ដែល​ទ្រង់​មាន​បន្ទូល ​តាម​អ្នក​បម្រើ ​ដែល​ទ្រង់​តែងតាំង ។ ខ្ញុំ​នៅទីនេះ​ដើម្បី​ក្លាយ​ជា​មនុស្សល្អ​ប្រសើរ ដើម្បី​បាន​តម្កើងឡើង​ដោយ​គំរូ​ដ៏​បំផុស​គំនិត​នៃ​បងប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ព្រះគ្រីស្ទ និង​ដើម្បី​រៀន​ពី​របៀប​បង្រៀន​ដល់​អ្នក​ដែល​ខ្វះខាត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ ។

និយាយ​ឲ្យ​ខ្លី ខ្ញុំ​នៅនេះ​ដោយសារ​ខ្ញុំ​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​ប្រាកដ​ថា វា​ក៏​ជា​ហេតុផល​របស់​អ្នក​ដែរ ។ វា​ជា​មូលហេតុ​ដែល​យើង​ពេញចិត្ត​ធ្វើ​ការ​លះបង់ ហើយ​ពុំ​គ្រាន់តែ​ជា​ការ​ប្រកាស ដើម្បី​ធ្វើ​តាម​ទ្រង់​ប៉ុណ្ណោះទេ ។ វា​ជា​មូលហេតុ​ដែល​យើង​កាន់​បព្វជិតភាព​ទ្រង់​ដោយ​ការ​គោរព ។

ពី​រងើក​ទៅ​ភ្នក់​ភ្លើង

ទោះជា​ទីបន្ទាល់​អ្នក​លូតលាស់​ល្អ ឬ​សកម្មភាព​ក្នុង​សាសនាចក្រ​អ្នក​ដូច​ជា​ភូមិ​ផូតឹមឃីន​ក្ដី ដំណឹងល្អ​គឺ​ថា​អ្នក​អាច​ស្ថាបនា​តាម​កម្លាំង​ដែល​អ្នក​មាន ។ នេះ​គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ អ្នក​អាច​រីកចម្រើន​ខាង​ព្រលឹងវិញ្ញាណ និង​ខិតទៅ​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ ការ​អនុវត្ត គោលការណ៍​នៃ​ដំណឹងល្អ រៀងរាល់​ថ្ងៃ ។

ដោយ​ការ​អត់ធ្មត់ និង​ការ​ស៊ូទ្រាំ ទោះ​ជា​ទង្វើដ៏​តូច​នៃ​ភាព​ជា​សិស្ស ឬ​ជំនឿ​ដ៏​តិច​បំផុត​ក្ដី ក៏​អាច​ក្លាយ​ជា​ភ្នក់ភ្លើង​ដ៏​សន្ធៅ​ក្នុង​ជីវិត​ដ៏​បរិសុទ្ធ​ដែរ ។ តាម​ពិត​ទៅ វា​ជា​របៀប​ដែល​ភ្នក់ភ្លើង​ចាប់​ផ្ដើម—គឺចេញពី​​រងើក​ធម្មតា ។

ដូច្នេះ បើ​អ្នក​មាន​អារម្មណ៍​ថា​តូចតាច ហើយ​ទន់ខ្សោយ​នោះ ចូរ​មករក​ព្រះ​គ្រីស្ទ ដ្បិតទ្រង់​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំងពូកែ តាម​រយៈ​ព្រះគុណ​ព្រះ អ្នក​ដែល​ខ្សោយ​បំផុត​ក្នុង​យើង អាចក្លាយ​ជា​អ្នក​ដែល​មាន​ព្រះវិញ្ញាណ​ខ្លាំង​បំផុត ព្រោះថា​ព្រះ « មិន​រើស​មុខ​អ្នក​ណា​ទេ » ។ ទ្រង់​គឺ « ព្រះ​ស្មោះត្រង់ ដែល​ទ្រង់​កាន់​តាម​សេចក្តី​សញ្ញា ហើយ​នឹង​សេចក្តី​សប្បុរស​ដរាប​ដល់​ទាំង​ពាន់​ដំណ​របស់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ទ្រង់ » ។១០

ខ្ញុំ​ជឿជាក់​ថា បើ​ព្រះ​អាច​ឈោង​ព្រះហស្ថ​គាំទ្រ​ជនភៀសខ្លួន​ជនជាតិ​អាល្លឺម៉ង់​កំសត់​ម្នាក់​ពី​គ្រួសារ​ដ៏​ថ្លៃថ្នូរ​ក្នុង​ប្រទេស​មាន​សង្គ្រាម​នៅ​ឆ្ងាយ​ពី​វិសាលដ្ឋាន​នៃ​សាសនាចក្រ​បាន នោះ​ទ្រង់​អាច​ឈោង​ព្រះហស្ថ​មក​អ្នក​ដែរ ។

បងប្អូនប្រុស​ជា​ទីស្រឡាញ់​ខ្ញុំ​នៅ​ក្នុង​ព្រះគ្រីស្ទ​អើយ ព្រះនៃ​ការ​បង្កបង្កើត ដែល​ផ្ដល់​ដង្កើម​ដល់​ចក្រវាឡ ពិត​ជា​មាន​ព្រះចេស្ដា​ដើម្បី​ផ្ដល់ដង្ហើម​ក្នុង​ជីវិត​អ្នក​ដែរ ។ ទ្រង់​ពិត​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ស្មោះត្រង់ មានពន្លឺ និង​មាន​សច្ចៈធម៌ ​តាម​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​ ។

ការ​សន្យា​របស់​ព្រះ គឺ​ពិត ហើយ​ច្បាស់លាស់ ។ យើង​អាច​ត្រូវ​បាន​អត់​ទោស​បាបឲ្យ ហើយសម្អាត​ពី​គ្រប់​អំពើ​ទុច្ចរិត​​ផង ។១១ ​បើ​យើង​បន្តទទួល​យក និង​រស់​នៅ​តាម​គោលការណ៍​ពិត​ក្នុង​គ្រប់​ស្ថានភាព​ផ្ទាល់ខ្លួន និង​ក្នុង​គ្រួសារ​យើង នោះ​នៅទីបញ្ចប់ យើង​នឹង​អាច​មក​ដល់​ចំណុច​ដែល​យើង « នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ។ … ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​ [យើង] ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក ​[យើង] ​ចេញ » ។១២

សាសនាចក្រ​ជា​កន្លែង​​ព្យាបាល មិន​មែន​សម្រាប់​លាក់ខ្លួន​ទេ

តែ​វា​មិន​អាច​កើតឡើងទេ​ បើ​យើង​នៅ​ពួន​នៅក្រោយ​មនុស្ស សាសនា ឬ​អង្គការ​ខុស​នោះ ។ ភាព​ជា​សិស្ស​ក្លែងក្លាយ​នេះ មិន​ត្រឹម​តែ​បង្ខាំង​យើង​មិន​មើល​​ឃើញ​ខ្លួនឯង​នោះ​ទេ វា​ថែម​ទាំង​រារាំង​យើង​ពី​ការ​ផ្លាស់ប្ដូរ​ដ៏ពិត​តាម​រយៈ​អព្ភូតហេតុ​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ទៀតផង ។

សាសនាចក្រពុំ​មែន​ជា​កន្លែង​តាំង​ពិពណ៌​ឡាន—ឬ​ជា​កន្លែង​បង្ហាញ​ខ្លួន​យើង ឲ្យ​អ្នក​ដទៃ​អាច​កោតសរសើរពី​​ជីវភាព​ខាង​ផ្លូវ​វិញ្ញាណ សមត្ថភាព ឬ​ភាព​ស្ដុកស្ដមរបស់​​យើងទេ ។ វា​ដូច​ជា​មជ្ឈមណ្ឌល​សេវាកម្ម នៅពេល​យានយន្ត​ត្រូវ​ការ​ជួសជុល នោះ​វា​នឹង​មក​រក​ជាង​ដែល​មាន​ជំនាញ ។

តើ​យើង​មិនមែន​ជា​អ្នក​ដែល​ត្រូវ​ការ​ការ​ជួសជុល​ដោយ​ជាង​ដែល​មាន​ជំនាញ​ទេ​ឬ​អី ?

យើង​មក​សាសនាចក្រ​មិន​មែន​ដើម្បី​លាក់​​បញ្ហា​យើង​ទេ តែ​ត្រូវ​ដោះស្រាយ​វា​វិញ ។

ហើយ​ក្នុងនាម​ជា​អ្នក​កាន់​បព្វជិត​ភាព យើង​មាន​ទំនួល​ខុសត្រូវ​បន្ថែម—ដើម្បី « ឃ្វាល​ហ្វូង​ចៀមរបស់​ព្រះ … , មិន​មែន​ដោយ​បង្ខំ​ទេ ក៏​មិន​មែន​ដោយ ​[ផលប្រយោជន៍​ផ្ទាល់ខ្លួន]​ ដែរ គឺ​ដោយ​គាប់​ចិត្ត​វិញ មិន​មែន​បែប​ដូច​ជា​មាន​អំណាច​លើ​របស់​ទ្រព្យ​ទេ គឺ​ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ​ប៉ុណ្ណោះ » ។​១៣

សូមចាំ​ចុះ បងប្អូនប្រុស​ទាំងឡាយ « ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ » ។១៤

បុរស​ដែល​អស្ចារ្យ​បំផុត មាន​សមត្ថភាព​បំផុត និង​មាន​ជោគជ័យ​បំផុត ​ដែល​ធ្លាប់​ដើរ​នៅលើ​ផែនដី ក៏​ជា​បុរស​ដែល​រាបសា​បំផុត​ដែរ ។ ទ្រង់​បាន​សម្ដែង​ការ​បម្រើ​ដ៏​ធំបំផុត​ក្នុង​ឱកាស​កំបាំង មាន​អ្នក​សង្កេត​តែ​ពីរបី​នាក់ ដែល​ទ្រង់​ហាម​មិន​ឲ្យ « ប្រាប់​អ្នកណា​ដឹង » ពី​ការ​ដែល​ទ្រង់​បាន​ធ្វើ​នោះ​ឡើយ ។១៥ នៅពេល​មាន​នរណា​ម្នាក់​ហៅ​ទ្រង់ « ល្អ » ទ្រង់​បាន​បង្វែរ​ការ​សរសើរ​ថា មាន​តែ​ព្រះ​ប៉ុណ្ណោះ​ដែល​ល្អ​ពិត ។១៦ ពិតណាស់ ការ​សរសើរ​របស់​លោកិយ​គ្មាន​ន័យ​ចំពោះ​ទ្រង់​ទេ ព្រះទ័យ​តែ​មួយ​គត់​របស់​ទ្រង់ គឺ​ដើម្បី​បម្រើ​ដល់​ព្រះបិតា​ទ្រង់ ហើយ « ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប » ។១៧ យើង​នឹង​ធ្វើ​ល្អ​ក្នុង​ការ​ធ្វើតាម​គំរូ​លោកគ្រូ​របស់​យើង ។

ចូរ​យើង​ស្រឡាញ់​ទ្រង់ ដូច​ទ្រង់​ស្រឡាញ់​យើង​ដែរ

បងប្អូនប្រុស​ទាំងឡាយ វា​គឺ​ជា​ការ​ហៅ​ដ៏​ខ្ពង់ខ្ពស់ និង​ដ៏​បរិសុទ្ធ​របស់​យើង—ដើម្បី​ធ្វើ​ជា​ភ្នាក់ងារ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ស្រឡាញ់​ទ្រង់​ដូច​ទ្រង់​ស្រឡាញ់​យើង ដើម្បី​បម្រើ​ដូច​ទ្រង់​បម្រើ​យើង ដើម្បី « លើកដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង »១៨ ដើម្បី « មើល ​[ថែទាំ] ពួក​អ្នក​ទាល់ក្រ និង​ពួក​អ្នក​ទុគ៌ត »១៩ ហើយ​ថែទាំ​ពួកស្រ្តី​មេម៉ាយ និង​កូន​កំព្រា ។២០

បងប្អូន​ប្រុស​ទាំងឡាយ​អើយ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​នៅ​ពេល​ដែល​យើង​បម្រើ​នៅ​ក្នុង​ក្រុមគ្រួសារ កូរ៉ុម វួដ ស្តេក សហគមន៍ និង ប្រទេស​ជាតិ​យើង នោះ​យើង​អាច​តទល់​នឹង​ការល្បួង​ដែល​ទាក់ទាញ​ការចាប់​អារម្មណ៍​របស់​យើង តែ​ផ្ទុយទៅ​វិញ សូម​ឲ្យ​យើង​ពុះពារ​ឲ្យ​មាន​ភាព​សុចរិត​ទៀងត្រង់​កាន់តែ​ច្រើន ៖ ដើម្បី​ប្រែ​ខ្លួន​ឲ្យ​មាន​ការបន្ទាបខ្លួន និង​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះ​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ឃើញថា​ខ្លួន​យើង​កំពុង​ដើរ​នៅលើ​ផ្លូវ​ដែល​នាំ​ទៅ​ភាព​ល្អ​ប្រសើរ ដ៏​ស្មោះត្រង់ និង​ថ្លែថ្នូរ​បំផុត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ អំពី​ការណ៍នេះនៅ​ក្នុង​ព្រះនាម​នៃ​លោកគ្រូយើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។