បព្វជិតភាព និង ការអធិស្ឋានផ្ទាល់ខ្លួន
ព្រះអាចប្រទានអំណាចដល់យើងនៅក្នុងបព្វជិតភាព សម្រាប់កាលៈទេសៈអ្វីក៏ដោយដែលយើងអាចជួប ។ វាតម្រូវយ៉ាងសាមញ្ញថា យើងត្រូវទូលសុំដោយរាបសា ។
ខ្ញុំមានអំណរគុណសម្រាប់ការទុកព្រះទ័យពីព្រះ ដើម្បីនិយាយទៅកាន់អ្នកកាន់បព្វជិតភាពរបស់ព្រះនៅលើផែនដីទាំងមូលនេះ ។ ខ្ញុំទទួលអារម្មណ៍ពីទំនួលខុសត្រូវនេះ ដោយសារខ្ញុំដឹងពី អ្វីដែលព្រះអម្ចាស់ទុកព្រះទ័យលើបងប្អូនទាំងអស់គ្នា ។ ពេលបងប្អូនទទួលបព្វជិតភាព នោះបងប្អូនទទួលនូវសិទ្ធិដើម្បី និយាយ និង ប្រព្រឹត្តនៅក្នុងព្រះនាមព្រះ ។
សិទ្ធិនោះនឹងបានមកយ៉ាងពិត នៅពេលបងប្អូនទទួលការបំផុសគំនិតពីព្រះតែប៉ុណ្ណោះ ។ បន្ទាប់នោះបងប្អូននឹងអាចនិយាយដោយនូវក្នុងព្រះនាមទ្រង់ ។ រួចទើបបងប្អូនអាចប្រព្រឹត្តនៅក្នុងព្រះនាមទ្រង់បាន ។ បងប្អូនអាចគិតខុសថា « អូ៎ រឿងនោះមិនពិបាកទេ ។ ខ្ញុំអាចទទួលការបំផុសគំនិតបាន បើសិនគេសុំខ្ញុំឲ្យឡើងនិយាយ ឬ បើសិនគេត្រូវការខ្ញុំផ្តល់ការប្រសិទ្ធពរបព្វជិតភាពមួយ » ។ ឬ ឌីកុន ឬ គ្រូវ័យក្មេងអាចគិតស្រួលៗថា « ពេលខ្ញុំធំជាងនេះ ឬពេលខ្ញុំត្រូវបានហៅបម្រើជាអ្នកផ្សព្វផ្សាយសាសនា ពេលនោះខ្ញុំនឹងដឹងពីអ្វីដែលព្រះចង់មានបន្ទូល និង អ្វីដែលព្រះចង់ធ្វើ » ។
ប៉ុន្តែ សូមគិតពីថ្ងៃដែលបងប្អូនត្រូវតែដឹងថា តើអ្វីដែលព្រះចង់មានបន្ទូល ហើយអ្វីដែលទ្រង់ចង់ធ្វើនោះ ។ ការណ៍នេះបានកើតឡើងចំពោះយើងគ្រប់គ្នាហើយ—មិនថាបងប្អូនមានការហៅបម្រើអ្វីនៅក្នុងបព្វជិតភាពបងប្អូនឡើយ ។ ខ្ញុំបានធំឡើងនៅក្នុងតំបន់បេសកកម្មក្នុងសហរដ្ឋអាមេរិកភាគខាងកើត អំឡុងសង្គ្រាមលោកលើទី ២ ។ សមាជិករស់នៅឆ្ងាយៗ ហើយមានច្បាប់ទិញសាំងកំណត់លីត្រ ។ ខ្ញុំគឺជាឌីកុនតែម្នាក់ឯងគត់នៅក្នុងសាខានោះ ។ សមាជិកបានប្រគល់ស្រោមសំបុត្រដង្វាយតមអាហាររបស់ខ្លួនដល់ប្រធានសាខា ពេលពួកគេមកការប្រជុំតមអាហារ ហើយថ្លែងទីបន្ទាល់នៅក្នុងផ្ទះរបស់យើង ។
កាលខ្ញុំអាយុ ១៣ ឆ្នាំ នោះយើងបានផ្លាស់ផ្ទះទៅរដ្ឋ យូថាហ៍ ហើយរស់នៅក្នុងវួដធំមួយ ។ ខ្ញុំចាំពីការចាត់តាំងដំបូងរបស់ខ្ញុំ ឲ្យដើរតាមផ្ទះ ហើយប្រមូលដង្វាយតមអាហារ ។ ខ្ញុំបានមើលឈ្មោះលើស្រោមសំបុត្រមួយ ហើយស្គាល់គោត្តនាមនោះ គឺវាដូចទៅនឹងគោត្តនាមរបស់សាក្សីម្នាក់នៃសាក្សីបីនាក់នៃព្រះគម្ពីរមរមន ។ ខ្ញុំបានគោះទ្វារដោយមានទំនុកចិត្ត ។ បុរសម្នាក់បានបើកទ្វារ សម្លឹងមើលខ្ញុំ ដោយទឹកមុខក្រញ៉ូវ ហើយស្រែកទាំងខឹងដេញខ្ញុំចេញ ។ ខ្ញុំបានដើរចេញទាំងខកចិត្ត ។
រឿងនោះកើតឡើងជិត ៧០ ឆ្នាំមកហើយ ប៉ុន្តែខ្ញុំនៅតែចាំពីអារម្មណ៍ដែលខ្ញុំមាននៅផ្ទះនោះថ្ងៃនោះថា មានអ្វីមួយដែលខ្ញុំគិតថា ត្រូវតែនិយាយ ឬធ្វើ ។ បើសិនខ្ញុំគ្រាន់តែអធិស្ឋានដោយសេចក្តីជំនឿ ពេលខ្ញុំទៅប្រមូលដង្វាយនៅថ្ងៃនោះ ខ្ញុំអាចត្រូវបានបំផុសគំនិតឲ្យឈរនៅមាត់ទ្វារនោះបានយូរបន្តិចជាងនោះ ដោយញញឹម ហើយនិយាយពាក្យដូចជា ៖ « ខ្ញុំសប្បាយចិត្តដែលបានជួបលោក ។ សូមអរគុណសម្រាប់អ្វីៗដែលលោក និង គ្រួសារបានធ្វើកន្លងមក ។ ខ្ញុំចាំមើលលោកត្រឡប់មកវិញម្ដងទៀតនៅខែក្រោយ » ។
បើសិនខ្ញុំបាននិយាយ ហើយធ្វើបែបនោះ នោះគាត់អាចខឹង និង អន់ចិត្តកាន់តែខ្លាំង ។ ប៉ុន្តែ ឥឡូវនេះខ្ញុំដឹងថាខ្ញុំបានមានអារម្មណ៍ដូចម្ដេចហើយ ។ ផ្ទុយពីអារម្មណ៍ទុក្ខព្រួយ នៅពេលខ្ញុំដើរចេញ នោះខ្ញុំអាចមានអារម្មណ៍ស្រទន់ដែលអរឡើងក្នុងគំនិត និង ចិត្តខ្ញុំថា ៖ « ប្រពៃហើយ » ។
យើងម្នាក់ៗត្រូវតែនិយាយ និង ប្រព្រឹត្តនៅក្នុងព្រះនាមព្រះ ព្រោះការវិនិច្ឆ័យផ្ទាល់ខ្លួនវាមិនគ្រប់គ្រាន់ឡើយ គឺត្រូវការការបំផុសគំនិត ។ ឱកាសទាំងនោះអាចកើតមានចំពោះយើងដែលធ្វើឲ្យយើងគ្មានពេលត្រៀមទុកឡើយ ។ ការណ៍នេះបានកើតឡើងជាញយៗចំពោះខ្ញុំ ។ វាបានកើតឡើងជាច្រើនឆ្នាំមកហើយ នៅក្នុងមន្ទីរពេទ្យមួយដែលមានឪពុកម្នាក់បាននិយាយថា វេជ្ជបណ្ឌិតបានប្រាប់គាត់ថា កូនស្រីអាយុបីឆ្នាំដែលមានរបួសធ្ងន់របស់គាត់ នឹងស្លាប់ឆាប់ៗនេះ ។ នៅពេលខ្ញុំដាក់ដៃខ្ញុំលើក្បាលនាងត្រង់កន្លែងដែលអត់បិទបង់រុំរបួស ក្នុងនាមជាអ្នកបម្រើព្រះ នោះខ្ញុំត្រូវតែដឹងពីអ្វីដែលទ្រង់មានព្រះទ័យចង់ធ្វើ និង និយាយ ។
ពាក្យនោះបានមកក្នុងចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំបាននិយាយថា នាងនឹងរស់ ។ វេជ្ជបណ្ឌិតឈរនៅក្បែរនោះ បានដកដង្ហើមធំដោយជិនឬកនឹងខ្ញុំ ហើយសុំឲ្យខ្ញុំចេញពីទីនោះ ។ ខ្ញុំបានដើរចេញពីបន្ទប់មន្ទីរពេទ្យទាំងអារម្មណ៍សុខសាន្ត និង ក្តីស្រឡាញ់ ។ ក្មេងស្រីតូចនោះបានរស់ ហើយដើរទៅការប្រជុំសាក្រាម៉ង់នៅថ្ងៃចុងក្រោយដែលខ្ញុំនៅក្នុងទីក្រុងនោះ ។ ខ្ញុំនៅចាំក្តីអំណរ និង ភាពស្កប់ស្កល់ចិត្ត ដែលខ្ញុំបានមានពីអ្វីដែលខ្ញុំបាននិយាយ និង បានធ្វើនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ សម្រាប់ក្មេងស្រីតូចនោះ និង គ្រួសារនាង ។
ភាពខុសគ្នានៃអារម្មណ៍ខ្ញុំពេលនោះនៅឯមន្ទីរពេទ្យនោះ និង ការកើតទុក្ខដែលខ្ញុំមានពេលខ្ញុំដើរចេញពីផ្ទះមួយ កាលខ្ញុំនៅជាឌីកុន កើតចេញពីអ្វីដែលខ្ញុំបានរៀនអំពីទំនាក់ទំនងនៃការអធិស្ឋានទៅនឹងអំណាចនៃបព្វជិតភាព ។ ក្នុងនាមជាឌីកុន ខ្ញុំមិនទាន់បានដឹងទេថា អំណាចដើម្បីនិយាយ និង ប្រព្រឹត្តនៅក្នុងព្រះនាមព្រះតម្រូវឲ្យមានវិវរណៈ ហើយមានវាពេលយើងត្រូវការ នោះវាតម្រូវឲ្យមានការអធិស្ឋាន និង ធ្វើការដោយសេចក្តីជំនឿដើម្បីមានដៃគូព្រះវិញ្ញាណបរិសុទ្ធ ។
នៅល្ងាចនោះ ពីមុនខ្ញុំបានទៅផ្ទះនោះដើម្បីយកដង្វាយតមអាហារ នោះខ្ញុំបានអធិស្ឋានពេលចូលដេក ។ ប៉ុន្តែ អស់ពេលជាច្រើនខែមក មុនពេលគេទូរសព្ទមកពីមន្ទីរពេទ្យរកខ្ញុំ នោះខ្ញុំបានធ្វើតាមគំរូនៃការអធិស្ឋាន ហើយបានធ្វើតាមអ្វីដែលប្រធានយ៉ូសែប អេហ្វ ស៊្មីធបានបង្រៀន នឹងបណ្តាលឲ្យព្រះប្រទានការបំផុសគំនិតដល់យើង ដែលចាំបាច់ឲ្យយើងមានអំណាចនៅក្នុងបព្វជិតភាព ។ លោកបានថ្លែងដោយសាមញ្ញថា ៖
« យើងមិនចាំបាច់អំពាវទៅរកទ្រង់ដោយនិយាយច្រើននោះទេ ។ យើងមិនចាំបាច់ធ្វើឲ្យទ្រង់ថប់ព្រះទ័យដោយការអធិស្ឋានដ៏យូរនោះដែរ ។ អ្វីដែលយើងចាំបាច់ត្រូវធ្វើ ហើយអ្វី ដែលយើងគួរធ្វើក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ សម្រាប់សេចក្តីល្អផ្ទាល់ខ្លួន គឺអធិស្ឋានទៅទ្រង់ជានិច្ច ថ្លែងជាសាក្សីដល់ទ្រង់ថា យើងចងចាំទ្រង់ ហើយថាយើងមានឆន្ទៈលើកយកព្រះនាមទ្រង់មកលើខ្លួនយើង រក្សាបទបញ្ញត្តិទ្រង់ ធ្វើការដោយសុចរិត » ។១
បន្ទាប់មកប្រធាន ស្ម៊ីធ បានប្រាប់យើងអំពីអ្វីដែលយើងត្រូវអធិស្ឋានសុំ ពេលអ្នកបម្រើទ្រង់បានទូលសុំដើម្បីថ្លែង និង ប្រព្រឹត្តតំណាងឲ្យព្រះ ។ ទ្រង់បានមានបន្ទូលថា ៖ « តើអ្នកអធិស្ឋានសុំអ្វី ? អ្នកអធិស្ឋានសូមឲ្យព្រះអាចស្គាល់អ្នក សូមឲ្យទ្រង់អាចស្តាប់ឮការអធិស្ឋានអ្នក ហើយសូមទ្រង់នឹងប្រទានពរដល់អ្នកដោយនូវព្រះវិញ្ញាណទ្រង់ » ។២
វាមិនសំខាន់ណាស់ណាថាត្រូវនិយាយអ្វីនោះទេ ប៉ុន្តែវានឹងត្រូវការភាពអត់ធ្មត់ ។ វាជាការអធិស្ឋានមួយទៅព្រះវរបិតាសួគ៌អ្នកជាមួយនឹងគោលបំណងដើម្បីឲ្យទ្រង់ស្គាល់ដោយផ្ទាល់អង្គទ្រង់ ។ ទ្រង់ជាព្រះលើសអស់ទាំងព្រះ ជាព្រះវរបិតានៃមនុស្សទាំងអស់ ហើយមានព្រះឆន្ទៈប្រទានព្រះទ័យទុកដាក់ចំពោះបុត្រទ្រង់ម្នាក់ទាំងស្រុង ។ នោះអាចជាហេតុផលដែលព្រះអង្គសង្គ្រោះបានប្រើពាក្យថា « ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ » ។៣
វាងាយស្រួលជាងដើម្បីទទួលអារម្មណ៍ត្រឹមត្រូវនៃគារវភាពនៅពេលយើងលុតជង្គង់ ឬ ឱនក្បាល តែវាអាចធ្វើបានដើម្បីមានអារម្មណ៍ថា អ្នកកំពុងអធិស្ឋានទៅព្រះវរបិតាសួគ៌នៅក្នុងភាពសាមញ្ញ ព្រមទាំងការអធិស្ឋានស្ងាត់ៗ ដូចដែលអ្នកត្រូវការធ្វើវាញឹកញាប់នៅក្នុងការបម្រើបព្វជិតភាពរបស់អ្នក ។ វានឹងមានសំឡេងអ៊ូរអរ ព្រមទាំង មនុស្សនៅជុំវិញអ្នករាល់ថ្ងៃ ។ ព្រះទ្រង់ស្តាប់ឮការអធិស្ឋានស្ងាត់ៗរបស់អ្នក ប៉ុន្តែអ្នកត្រូវតែរៀនងាកចេញពីការរំខាន ដោយសារពេលអ្នកត្រូវការទាក់ទងជាមួយព្រះនោះ អាចនឹងពុំមានឱកាសដែលស្ងប់ស្ងាត់នោះទេ ។
ប្រធាន ស្ម៊ីធ បានផ្តល់យោបល់ថា អ្នកត្រូវតែអធិស្ឋានថា ព្រះនឹងទទួលស្គាល់ការហៅរបស់អ្នកដើម្បីបម្រើទ្រង់ ។ ទ្រង់ស្គាល់អំពីការហៅបម្រើអ្នកយ៉ាងច្បាស់ ។ ទ្រង់ហៅអ្នកឲ្យបម្រើ ហើយដោយការអធិស្ឋានទៅកាន់ទ្រង់អំពីការហៅបម្រើរបស់អ្នក នោះទ្រង់នឹងបើកសម្តែងឲ្យអ្នកដឹងថែមទៀត ។៤
ខ្ញុំនឹងផ្តល់គំរូមួយនៃអ្វីដែលគ្រូបង្រៀនតាមផ្ទះម្នាក់អាចធ្វើ នៅពេលគាត់អធិស្ឋាន ។ ប្រហែលអ្នកដឹងហើយថាអ្នកត្រូវ ៖
« ទៅផ្ទះនៃសមាជិកម្នាក់ៗ ដើម្បីសួរសុខទុក្ខ ហើយទូន្មានពួកគេ ឲ្យអធិស្ឋានឲ្យឮ និងនៅទីអាថ៌កំបាំង ហើយឲ្យធ្វើកាតព្វកិច្ចគ្រួសារគ្រប់យ៉ាង …
«… មើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និង ចម្រើនកម្លាំងរបស់ពួកគេ
« ហើយឲ្យមើលឃើញថា គ្មានសេចក្តីទុច្ចរិត នៅក្នុងសាសនាចក្រ ឬ ក៏មានភាពរឹងទទឹងនឹងគ្នាទៅវិញទៅមក ឬមានការកុហក ការពោលបង្កាច់ ឬក៏មានការនិយាយអាក្រក់ឡើយ
« ហើយមើលឲ្យឃើញថា សាសនាចក្រជួបជុំគ្នាជាញឹកញាប់ ហើយក៏មើលឲ្យឃើញថា សមាជិកទាំងអស់ធ្វើកាតព្វកិច្ចរបស់ខ្លួន » ។៥
ឥឡូវសូម្បីតែគ្រូបង្រៀនតាមផ្ទះដែលមានបទពិសោធន៍ និងដៃគូសិស្សប្អូនគាត់ ពួកគាត់ពុំអាចធ្វើកិច្ចការនេះបានដោយគ្មានជំនួយពីព្រះវិញ្ញាណបរិសុទ្ធឡើយ ។ សូមគិតពីគ្រួសារ ឬ បុគ្គលម្នាក់ៗដែលអ្នកបានហៅបម្រើ ។ ការវិនិច្ឆ័យបែបមនុស្ស និង ការមានបំណងល្អនោះវាមិនគ្រប់គ្រាន់ទេ ។
ដូច្នេះអ្នកដឹងអធិស្ឋានរកវិធីដើម្បីដឹងពីដួងចិត្តរបស់ពួកគេ ដើម្បីដឹងនូវអ្វីដែលយល់ខុសនៅក្នុងជីវិត និងដួងចិត្តនៃមនុស្សដែលអ្នកពុំស្គាល់ច្បាស់ ។ អ្នកត្រូវតែដឹងថា ព្រះចង់ឲ្យអ្នកធ្វើអ្វី ដើម្បីជួយពួកគេ ហើយធ្វើវាឲ្យអស់ពីសមត្ថភាព ដោយមានអារម្មណ៍នៃក្តីស្រឡាញ់របស់ព្រះសម្រាប់ពួកគេ ។
នេះគឺព្រោះតែអ្នកមាននូវការហៅបព្វជិតភាពដ៏សំខាន់ និង លំបាកនេះ ដែលប្រធាន ស្ម៊ីធ បានប្រាប់ថា នៅពេលអ្នកអធិស្ឋាន នោះអ្នកតែងទូលអង្វរទៅព្រះថា ទ្រង់នឹងប្រទានព្រះវិញ្ញាណទ្រង់ដល់អ្នក ។ យើងនឹងត្រូវការព្រះវិញ្ញាណបរិសុទ្ធពុំមែនតែម្ដងនោះទេ ប៉ុន្តែឲ្យច្រើនតាមដែលព្រះនឹងប្រទានដល់អ្នកសម្រាប់ជាដៃគូដ៏ខ្ជាប់ខ្ជួន ។ ដូច្នេះហើយ យើងត្រូវតែអធិស្ឋានសុំថា ព្រះនឹងដឹកនាំយើងនៅក្នុងការមប្រើយើងដល់កូនចៅទ្រង់ ។
ពីព្រោះអ្នកពុំអាចខិតទៅដល់សក្តានុពលនៃបព្វជិតភាពយើង ដោយគ្មានព្រះវិញ្ញាណនៅជាមួយអ្នកឡើយ អ្នកគឺជាផ្ទាំងស៊ីបចម្បងរបស់សាតាំងដែលវាជាសត្រូវនៃអស់ទាំងសុភមង្គល ។ បើសិនវាអាចល្បួងអ្នកឲ្យធ្វើអំពើបាបបាន នោះវាអាចបន្ថយអំណាចដែលព្រះវិញ្ញាណដឹកនាំអ្នក ហើយជាលទ្ធផលបន្ថយអំណាចនៅក្នុងបព្វជិតភាពអ្នក ។ ហេតុនេះហើយទើបប្រធាន ស្ម៊ីធ បានថ្លែងថា អ្នកគួរតែអធិស្ឋានជានិច្ចសូមឲ្យព្រះនឹងព្រមាន ហើយការពារអ្នកពីអំពើអាក្រក់ ។៦
ទ្រង់ព្រមានយើងតាមវិធីជាច្រើន ។ ការព្រមាននានាគឺជាផ្នែកមួយនៃផែនការនៃសេចក្តីសង្គ្រោះ ។ ព្យាការី សាវក ប្រធានស្តេក ប៊ីស្សព និង អ្នកផ្សាយសាសនាទាំងអស់បន្លឺសំឡេងនៃការព្រមានដើម្បីបញ្ជៀសគ្រោះដែលនឹងកើតមាន តាមរយៈសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង ការធ្វើ និង រក្សាសេចក្តីសញ្ញាពិសិដ្ឋនានា ។
ក្នុងនាមជាអ្នកកាន់បព្វជិតភាព អ្នកគឺជាផ្នែកមួយនៃសំឡេងព្រមានរបស់ព្រះអម្ចាស់ ។ ប៉ុន្តែអ្នកត្រូវតែស្តាប់តាមការព្រមាននោះដោយខ្លួនឯង ។ អ្នកនឹងមិនអាចសង្គ្រោះវិញ្ញាណ ដោយគ្មានការការពារពីព្រះវិញ្ញាណបរិសុទ្ធដែលជាគូកនអ្នកនៅក្នុងជីវិតប្រចាំថ្ងៃអ្នកឡើយ ។
អ្នកត្រូវតែអធិស្ឋានសុំ ហើយធ្វើការដើម្បីឲ្យបានការណ៍នេះ ។ មានតែតាមមាគ៌ាណែនាំនេះទេ ដែលអ្នកអាចនឹងដើរលើផ្លូវត្រង់ ហើយចង្អៀតឆ្លងកាត់អ័ព្ទនៃសេចក្តីអាក្រក់ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងក្លាយជាអង្គដឹកនាំអ្នក ព្រោះទ្រង់បង្ហាញសេចក្តីពិត ពេលអ្នកសិក្សាសម្តីរបស់ព្យាការី ។
ការទទួលបានការដឹកនាំនោះ នឹងតម្រូវឲ្យធ្វើលើសជាងការស្តាប់ និង អានធម្មតាៗទៅទៀត ។ អ្នកត្រូវតែអធិស្ឋាន ហើយធ្វើការក្នុងសេចក្តីជំនឿដើម្បីដាក់ព្រះបន្ទូលនៃសេចក្តីពិតចូលទៅក្នុងដួងចិត្តអ្នក ។ អ្នកត្រូវតែអធិស្ឋានថា ព្រះនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នក ថាទ្រង់នឹងដឹកនាំអ្នកទៅក្នុងសេចក្តីពិត ហើយបង្ហាញផ្លូវត្រឹមត្រូវទាំងអស់ដល់អ្នក ។ នោះជារបៀបដែលទ្រង់នឹងព្រមាន និង ដឹកនាំអ្នកនៅលើផ្លូវត្រឹមត្រូវក្នុងជីវិតអ្នក និង ការបម្រើបព្វជិតភាពរបស់អ្នក ។
សន្និសីទទូទៅផ្តល់ឱកាសដ៏អស្ចារ្យដើម្បីឲ្យព្រះអម្ចាស់ពង្រឹងអំណាចរបស់អ្នក ដើម្បីបម្រើនៅក្នុងបព្វជិតភាពនៃព្រះ ។ អ្នកអាចរៀបចំខ្លួនអ្នកដោយការអធិស្ឋាន ដូចដែលខ្ញុំប្រាកដថាអ្នកបានរៀបចំខ្លួនសម្រាប់សន្និសីទនេះ ។ អ្នកអាចបញ្ចូលសេចក្តីជំនឿរបស់អ្នក ឲ្យរួមចំណែកជាមួយអស់អ្នកដែលនឹងអធិស្ឋាននៅក្នុងសន្និសីទនេះ ។ ពួកគេនឹងអធិស្ឋានក្នុងសន្និសីទនេះ ដើម្បីឲ្យមានពរជ័យនានាកើតមានដល់មនុស្សជាច្រើន ។
ពួកគេនឹងអធិស្ឋានសុំព្រះវិញ្ញាណឲ្យមកសណ្ឋិតលើព្យាការីដែលជាអ្នកនិយាយជំនួសទ្រង់ ។ ពួកគេនឹងអធិស្ឋានសម្រាប់សាវក និង អ្នកបម្រើទាំងអស់ដែលបានហៅដោយព្រះ ។ នោះរួមមានទាំងអ្នកដែលជាឌីកុនថ្មីថ្មោងរហូតដល់សង្ឃជាន់ខ្ពស់ដែលចាស់ទុំ និង មនុស្សទាំងក្មេងទាំងចាស់ដែលនឹងហៀបនឹងទៅកាន់ពិភពវិញ្ញាណ ជាកន្លែងដែលពួកគេនឹងឮថា « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ » ។៧
ពរជ័យនោះនឹងផ្តល់ឲ្យដល់មនុស្សមួយចំនួនដែលភ្ញាក់ផ្អើលចំពោះវា ។ ពួកគេប្រហែលជាមិនធ្លាប់មានតំណែងធំដុំនៅក្នុងនគរនៃព្រះលើផែនដីនេះទេ ។ អ្នកខ្លះធ្លាប់មានអារម្មណ៍ថា ពួកគេឃើញមានលទ្ធផលតិចតួចមកពីការបម្រើរបស់ខ្លួន ឬ ឱកាសបម្រើមួយចំនួនពុំបានផ្តល់ដល់ពួកគេឡើយ ។ អ្នកខ្លះមានអារម្មណ៍ថាពេលវេលានៃការបម្រើខ្លួន បានកាត់កាន់តែខ្លីនៅក្នុងជីវិតនេះជាងអ្វីដែលពួកគេសង្ឃឹមទុក ។
វានឹងមែនជាតំណែង ឬពេលវេលាបម្រើដែលនឹងសំខាន់ចំពោះព្រះអម្ចាស់ឡើយ ។ យើងដឹងការណ៍នេះមកពីការប្រៀបធៀបរបស់ព្រះអម្ចាស់អំពីអ្នកធ្វើការនៅក្នុងចម្ការទំពាំងបាយជូរបានទទួលប្រាក់ឈ្នួលដូចគ្នាដោយមិនទាក់ទងនឹងរយៈពេល ឬ កន្លែងដែលពួកគេធ្វើការឡើយ ។ ពួកគេនឹងត្រូវបានផ្តល់រង្វាន់ឲ្យតាមរយៈរបៀបដើម្បីបម្រើវិញ ។៨
ខ្ញុំស្គាល់បុរសម្នាក់ ជាមិត្តខ្ញុំ ដែលជីវិតរមែងស្លាប់របស់គាត់បានបញ្ចប់ទៅកាលពីយប់មិញនេះនៅវេលាម៉ោង ១១:០០ ។ គាត់បានទទួលការព្យាបាលជំងឺមហារីកអស់ច្រើនឆ្នាំមកហើយ ។ អំឡុងពេលប៉ុន្មានឆ្នាំនៃការព្យាបាលនេះ គាត់បានទទួលការហៅបម្រើមួយឲ្យធ្វើការប្រជុំរាល់សប្តាហ៍ជាមួយសមាជិក និង មានទំនួលខុសត្រូវលើពួកគេនៅក្នុងវួដគាត់ ដែលសមាជិកទាំងនោះគ្មានកូនៗរស់នៅជាមួយទេ ឯអ្នកខ្លះទៀតជាស្ត្រីមេម៉ាយ ។ ការហៅបម្រើរបស់គាត់ គឺជួយពួកគេឲ្យមានភាពកក់ក្តៅនៅក្នុងសង្គម និង ការរៀនសូត្រដំណឹងល្អ ។
នៅពេលគាត់បានទទួលរោគវិនិច្ឆ័យពិតប្រាកដចុងក្រោយ នោះគាត់មានពេលខ្លីណាស់ដើម្បីរស់នៅ ប៊ីស្សពរបស់គាត់បានធ្វើដំណើរច្រើនដោយសារជំនួញរបស់គាត់ ។ ពីរថ្ងៃក្រោយមក គាត់បានផ្ញើសារទៅប៊ីស្សពគាត់តាមរយៈអ្នកដឹកនាំក្រុមសង្ឃជាន់ខ្ពស់ ។ គាត់បានពោលពាក្យទាំងនេះអំពីការចាត់តាំងគាត់ ៖ « ខ្ញុំដឹងថាប៊ីស្សពមិននៅផ្ទះទេ ដូច្នេះខ្ញុំដើរតួជំនួសលោក ។ ខ្ញុំកំពុងគិតអំពីការប្រជុំមូយសម្រាប់ក្រុមយើងនៅថ្ងៃច័ន្ទក្រោយ ។ សមាជិកពីរនាក់អាចយកពួកយើងទាំងអស់គ្នាទៅទស្សនាមជ្ឈមណ្ឌលសន្និសីទ ។ យើងអាចពឹងសមាជិកមួយចំនួនឲ្យដឹកពួកគេ ហើយឲ្យក្រុមកាយរិទ្ធមួយចំនួនរុញរទេះជនពិការ ។ ដោយផ្អែកលើអ្នកដែលបានចុះឈ្មោះ នោះយើងនឹងមានមនុស្សចាស់គ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនេះដោយខ្លួនឯង ប៉ុន្តែវាកាន់តែល្អ បើសិនយើងមានអ្នកបម្រុងថែមទៀត ពេលត្រូវការ ។ វាអាចក្លាយជាយប់មួយដ៏ល្អសម្រាប់គ្រួសារ បើសិនអ្នកជួយទាំងនោះនាំគ្រួសារខ្លួនមកជាមួយដែរ ។ អញ្ចឹងសុំឲ្យខ្ញុំដឹងផង ពីមុនខ្ញុំអនុវត្តតាមផែនការនេះ ។ … សូមអរគុណ » ។
បន្ទាប់មកគាត់រំភើបដោយសារប៊ីស្សពនោះបានទូរសព្ទមកគាត់ ។ ដោយមិននិយាយទាក់ទងនឹងកិច្ចការ ឬ ការបម្រើដ៏មោះមុតរបស់ខ្លួន នោះគាត់បានសួរថា « ប៊ីស្សព តើលោកមានអ្វីឲ្យខ្ញុំជួយដែរឬទេ ? » មានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ដែលអាចឲ្យគាត់ដឹងពីបន្ទុករបស់ប៊ីស្សព ខណៈដែលខ្លួនគាត់មានបន្ទុកដ៏ធំដែរនោះ ។ ហើយមានតែព្រះវិញ្ញាណទេ ដែលអាចឲ្យគាត់ បង្កើតផែនការដើម្បីបម្រើបងប្អូនប្រុសស្រីរបស់ខ្លួន ជាមួយនឹងភាពច្បាស់លាស់ដែលគាត់បានប្រើនៅក្នុងផែនការនៃកម្មវិធីក្រុមកាយរិទ្ធ កាលពីគាត់នៅក្មេង ។
ជាមួយនឹងការអធិស្ឋានដោយសេចក្តីជំនឿ នោះព្រះអាចប្រទានអំណាចដល់យើងនៅក្នុងបព្វជិតភាព សម្រាប់កាលៈទេសៈអ្វីក៏ដោយដែលយើងអាចជួប ។ វាតម្រូវយ៉ាងសាមញ្ញថា យើងត្រូវទូលសុំដោយរាបសាឲ្យព្រះវិញ្ញាណបង្ហាញយើងនូវអ្វីដែលព្រះចង់ឲ្យយើងនិយាយ និង ធ្វើ នោះសូមធ្វើវាចុះ ហើយបន្តរស់នៅដោយសក្តិសមសម្រាប់អំណោយទាននោះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ដល់អ្នកថា ព្រះជាព្រះវរបិតាមានព្រះជន្មរស់ ទ្រង់ស្រឡាញ់យើង ហើយស្តាប់ការអធិស្ឋានយើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ដង្វាយធួនអាចមានសម្រាប់យើងគ្រប់គ្នា ដើម្បីបន្សុទ្ធយើង ហើយយើងបានសក្ដិសមជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយសេចក្តីជំនឿ និង ការព្យាយាមយើង នោះនៅថ្ងៃណាមួយយើងអាចស្តាប់ឮព្រះបន្ទូលដែលនឹងនាំសេចក្តីអំណរដល់យើងថា ៖ « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ »៩ ខ្ញុំសូមអធិស្ឋានថា យើងនឹងទទួលពរជ័យដ៏អស្ចារ្យនោះមកពីលោកចៅហ្វាយដែលយើងបម្រើ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។