ការពង្រឹងសេចក្ដីជំនឿ
យើងគ្រប់គ្នាអាចពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទនៅតាមផ្លូវធ្វើដំណើររបស់យើងម្នាក់ៗ ហើយរកបានសេចក្ដីអំណរ ។
ប្រធាន ម៉នសុន នៅព្រឹកបុណ្យអ៊ីសស្ទើរនេះ យើងមានអំណរគុណយ៉ាងខ្លាំងក្នុងការស្ដាប់សំឡេងព្យាការីដែលនៅរស់របស់យើង ។ យើងឲ្យតម្លៃពាក្យសម្ដីរបស់លោក រួមទាំងការប្រឹក្សារបស់លោក ឲ្យ «ស្វែងរកសេចក្ដីអំណរនៅក្នុងការធ្វើដំណើរ » ១ ហើយ « អនាគតភ្លឺស្វាងដូចជាសេចក្ដីជំនឿរបស់លោក » ។២
ក្នុងឆ្នាំនេះ កុមារក្នុងអង្គការបឋមសិក្សាកំពុងចែករំលែកក្ដីរីករាយ និងពន្លឺនៃក្ដីជំនឿគេលើព្រះយេស៊ូវគ្រីស្ទ កាលគេច្រៀងបទ « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ។ ពួកគេច្រៀងសេចក្ដីពិតថា « ខ្ញុំដឹងថាទ្រង់មានព្រះជន្មរស់ ! ... ដួងចិត្តខ្ញុំប្រគល់ទៅទ្រង់ »៣ ដូចជាកុមារអង្គការបឋមសិក្សា យើងគ្រប់គ្នាអាចពង្រឹងសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទនៅតាមផ្លូវធ្វើដំណើររបស់យើងម្នាក់ៗ ហើយរកបានសេចក្ដីអំណរ ។
ថ្មីៗនេះ នៅក្នុងការប្រជុំសមាគមសង្គ្រោះ ខ្ញុំបានស្ដាប់ឮការសន្ទនារបស់ម្ដាយវ័យក្មេងម្នាក់ចែកចាយផ្នែកមួយនៃការផ្លាស់ប្រែចិត្តជឿគាត់ ។ គាត់ធំឡើងនៅក្នុងសាសនាចក្រ ដោយមានឪពុកម្ដាយបង្រៀនគាត់អំពីដំណឹងល្អ ។ គាត់បានចូលរួមថ្នាក់បឋមសិក្សា ថ្នាក់យុវនារី និងថ្នាក់សិក្ខាសាលា ។ គាត់ចូលចិត្តរៀន និងស្វែងរកសេចក្ដីពិត ។ គាត់មានចម្ងល់ចង់ដឹងជានិច្ចថាហេតុអ្វី ។ អែលឌើរ រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ព្រះអម្ចាស់អាចបង្រៀនដល់គំនិតដែលមានសំណួរតែប៉ុណ្ណោះ » ។៤ ហើយយុវនារីនេះគឺងាយប្រដៅ ។
បន្ទាប់ពីចប់វិទ្យាល័យ នាងបានចូលរៀននៅសាកលវិទ្យាល័យមួយ នាងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងអ្នកត្រឡប់ពីផ្សាយសាសនាម្នាក់ ហើយមានពរដោយមានកូនស្រស់ស្អាតជាច្រើននាក់ ។
ដោយមានផ្នត់គំនិតចង់ដឹង ម្ដាយម្នាក់នេះបានបន្តសួរសំណួរជាច្រើន ។ ប៉ុន្តែពេលដែលសំណួរសួរពិបាកទៅៗ នោះចម្លើយក៏ពិបាកនឹងរកដែរ ។ ហើយនៅពេលខ្លះ វាគ្មានចម្លើយទេ—ឬគ្មានចម្លើយដែលនាំមកនូវសន្តិភាពទេ ។ ទីបំផុត ពេលនាងបានស្វែងរកចម្លើយ នោះសំណួរកាន់តែមានច្រើនឡើងៗ ហើយនាងចាប់ផ្ដើមសង្ស័យនឹងគ្រឹះនៃសេចក្ដីជំនឿរបស់នាងមួយចំនួន ។
អំឡុងគ្រាច្របូកច្របល់នេះ មនុស្សមួយចំនួននៅជុំវិញនាង បាននិយាយថា « ផ្អែកលើជំនឿរបស់ខ្ញុំទៅ » ។ ប៉ុន្តែនាងបានគិតថា « ខ្ញុំមិនអាចទេ ។ អ្នកពុំយល់ អ្នកពុំតទល់នឹងបញ្ហាទាំងនេះផងហ្នឹង » ។ នាងបានពន្យល់ថា « ខ្ញុំស្ម័គ្រចិត្តដើម្បីផ្ដល់ភាពឱនលំទោនចំពោះអ្នកទាំងឡាយដែលគ្មានសង្ស័យ បើពួកគេភាពឱនលំទោនចំពោះខ្ញុំ » ។ ហើយមនុស្សជាច្រើនបានធ្វើដូច្នោះ ។
នាងបាននិយាយថា « ឪពុកម្ដាយខ្ញុំយល់ពីអារម្មណ៍ខ្ញុំ ហើយមិនបានរារាំងខ្ញុំនោះទេ ។ ពួកគាត់បានជ្រើសរើសស្រឡាញ់ខ្ញុំ ពេលខ្ញុំកំពុងស្វែងរកចម្លើយដោយខ្លួនឯង » ។ ដូចគ្នានេះដែរ ជាញឹកញាប់ប៊ីស្សពរបស់ម្ដាយវ័យក្មេងរូបនេះ បានជួបជាមួយគាត់ ហើយនិយាយពីទំនុកចិត្តដែលមានលើគាត់ ។
សមាជិកវួដក៏មិនរុញរាក្នុងការផ្ដល់ក្ដីស្រឡាញ់ដែរ ហើយគាត់មានអារម្មណ៍ថាមិនឯកោទេ ។ វួដគាត់មិនមែនជាកន្លែងដែលចង់បានមុខមាត់ទេ វាជាកន្លែងនៃការថែទាំបីបាច់ ។
គាត់ចាំថា « វាគួរឲ្យចាប់អារម្មណ៍ណាស់ ។ « ក្នុងអំឡុងពេលនេះ ខ្ញុំមានអារម្មណ៍ថាមានទំនាក់ទំនងជាខ្លាំងជាមួយជីដូនជីតាខ្ញុំដែលបានចែកឋានទៅនោះ ។ ពួកគាត់គាំទ្រខ្ញុំ ហើយជម្រុញឲ្យខ្ញុំបន្តព្យាយាម ។ ខ្ញុំហាក់ឮពួកគាត់និយាយថា ‹ ចូរផ្ដោតលើអ្វីដែលចៅដឹង ›» ។
ទោះជាមានអ្នកគាំទ្រជាច្រើនក្ដី គាត់បានក្លាយជាសមាជិកអសកម្ម ។ គាត់បាននិយាយថា « ខ្ញុំមិនបានបំបែកខ្លួនខ្ញុំពីសាសនាចក្រដោយសារតែអាកប្បកិរិយាអាក្រក់ ព្រងើយកន្តើយខាងវិញ្ញាណ ដោះសារមិនរស់តាមព្រះបញ្ញតិ្ត ឬរកច្រកចេញឡើយ ។ ខ្ញុំត្រូវការចម្លើយចំពោះសំណួរ ‹ តើខ្ញុំជឿលើអ្វីពិតប្រាកដទៅ ? »
ពេលនោះគាត់បានអានសៀវភៅមួយក្បាលដែលសរសេរដោយអ្នកម្ដាយថេរេសា ដែលមានអារម្មណ៍ស្រដៀងគ្នានឹងគាត់ដែរ ។ ក្នុងសំបុត្រមួយនៅឆ្នាំ ១៩៥៣ អ្នកម្ដាយថេរេសាបានសរសេរថា ៖ « សូមអធិស្ឋានជាពិសេសសម្រាប់ខ្ញុំ ដើម្បីខ្ញុំមិនបង្ខូចកិច្ចការទ្រង់ ហើយថាព្រះអម្ចាស់របស់យើងអាចបង្ហាញអង្គទ្រង់—ត្បិតមានភាពងងឹតដ៏អាក្រក់នៅក្នុងចិត្តខ្ញុំ ហាក់ដូចជាអ្វីគ្រប់យ៉ាងបានសូន្យសុងទៅ ។ ម្ដងម្កាលខ្ញុំជួបបទពិសោធន៍ដូចនេះ ជួនតិច ឬជួនច្រើន កាលខ្ញុំចាប់ផ្ដើម ‹ កិច្ចការទ្រង់ › ។ សូមឲ្យព្រះអម្ចាស់យើងផ្ដល់ភាពក្លាហានដល់ខ្ញុំ » ។
មហាសង្ឈ ប៉េរីយេ បានឆ្លើយតបថា ៖ « អ្នកម្ដាយជាទីស្រឡាញ់ ព្រះដឹកនាំម្ដាយ ម្ដាយមិននៅក្នុងភាពងងឹតដូចដែលអ្នកម្ដាយគិតនោះទេ ។ មាគ៌ាដែលត្រូវដើរតាម មិនច្បាស់លាស់ភ្លាមៗជានិច្ចឡើយ ។ សូមអធិស្ឋានរកចំណេះដឹង សូមកុំសម្រេចចិត្តលឿនពេក សូមស្ដាប់យោបល់អ្នកដទៃ ហើយពិចារណាពីហេតុផលរបស់គេ ។ អ្នកម្ដាយនឹងរកឃើញអ្វីមួយដើម្បីជួយអ្នកម្ដាយជានិច្ច ។ … ដោយបានដឹកនាំដោយសេចក្ដីជំនឿ ការអធិស្ឋាន និងហេតុផលដោយបំណងត្រឹមត្រូវ នោះខ្ញុំមានល្មមគ្រប់គ្រាន់ » ។៥
មិត្តខ្ញុំគិតថា បើអ្នកម្ដាយថេរេសាអាចធ្វើតាមសាសនារបស់គាត់ដោយគ្មានចម្លើយ និងដោយគ្មានការបញ្ជាក់ពីអ្វីគ្រប់យ៉ាង នោះប្រហែលជាគាត់អាចធ្វើដូចគ្នាដែរ ។ គាត់អាចបោះជំហានយ៉ាងសាមញ្ញទៅកាន់ក្ដីជំនឿ—ហើយបន្ទាប់មកបោះមួយជំហានទៀត ។ គាត់អាចផ្ដោតលើសេចក្ដីពិតដែលគាត់ជឿ ហើយឲ្យការពិតទាំងនោះចម្អែតគំនិត និងដួងចិត្តគាត់ ។
នៅពេលដែលគាត់គិតពីអ្វីដែលបានកើតឡើង គាត់បាននិយាយថា « ទីបន្ទាល់ខ្ញុំបានក្លាយដូចជាគំនរផេះ ។ វាបានឆេះសុសជាផេះផង់ទៅហើយ ។ អ្វីដែលនៅសល់ គឺព្រះយេស៊ូវគ្រីស្ទ » ។ គាត់បានបន្តថា « តែទ្រង់មិនទុកអ្នកចោលទេ ពេលអ្នកមានសំណួរនោះ ។ នៅពេលនរណាម្នាក់ព្យាយាមរក្សាព្រះបញ្ញតិ្ត គេនឹងអាចរកឃើញព្រះសង្គ្រោះជានិច្ច ។ ការអធិស្ឋាន និងការសិក្សាព្រះគម្ពីរបានក្លាយជាទម្លាប់ដ៏សំខាន់ » ។
ជំហានដំបូងរបស់គាត់ គឺត្រូវស្ថាបនាសេចក្ដីជំនឿគាត់ដែលត្រូវចាប់ផ្ដើមជាមួយនឹងការពិតនៃដំណឹងល្អជាមូលដ្ឋាន ។ គាត់បានទិញសៀវភៅចម្រៀងកុមារ ហើយចាប់ផ្ដើមអានពាក្យពេចន៍នៃបទចម្រៀងទាំងឡាយ ។ គាត់ពេញចិត្តបទចម្រៀងទាំងនេះជាខ្លាំង ។ គាត់បានអធិស្ឋានសុំឲ្យសេចក្ដីជំនឿសម្រាលទម្ងន់ដែលគាត់មាន ។
គាត់បានរៀនថា នៅពេលគាត់ជួបការណ៍ដែលធ្វើឲ្យគាត់មានចម្ងល់ គាត់ « អាចព្យាយាមស្វែងយល់ ពីគំនិតទាំងឡាយ ហើយទទួលយកដំណឹងល្អផ្ទាល់ខ្លួន » ។ គាត់បាននិយាយថា « ខ្ញុំនឹងសួរថា ‹ តើវាជាមាគ៌ាត្រឹមត្រូវសម្រាប់ខ្ញុំ និងគ្រួសារខ្ញុំឬទេ ? › ពេលខ្លះ ខ្ញុំនឹងសួរខ្លួនឯងថា ‹ តើខ្ញុំចង់បានអ្វីសម្រាប់កូនៗខ្ញុំ ? › ខ្ញុំដឹងថា ខ្ញុំចង់ឲ្យពួកគេរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធ ។ នោះជាពេលដែលសេចក្ដីជំនឿបានត្រឡប់មកក្នុងចិត្តខ្ញុំវិញ » ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានមានប្រសាសន៍ថា « មនុស្សធម៌ សេចក្ដីជំនឿ និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ [នឹង] នៅជាកត្តានៃ គ្រប់ ចម្ងល់សម្រាប់ការពិតទាំងអស់ » ។6
ទោះជាគាត់មានសំណួរអំពីរបៀបដែលព្រះគម្ពីរមរមនត្រូវបានចងក្រងឡើងក្ដី គាត់មិនអាចបដិសេធការពិតដែលគាត់បានដឹងនៅក្នុងព្រះគម្ពីរមរមនឡើយ ។ គាត់បានផ្ដោតលើការសិក្សាព្រះគម្ពីរសញ្ញាថ្មី ដើម្បីឲ្យយល់កាន់តែច្បាស់ពីព្រះអង្គសង្គ្រោះ ។ គាត់បាននិយាយថា « ប៉ុន្តែនៅទីបញ្ចប់ ខ្ញុំបានអានព្រះគម្ពីរមរមនម្ដងទៀត ដោយសារខ្ញុំចូលចិត្តអារម្មណ៍ដែលខ្ញុំមានពេលអានអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ » ។
គាត់បានបញ្ចប់ថា « អ្នកត្រូវតែមានបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួនជាមួយនឹងការពិតនៅក្នុងគម្ពីរនោះ » គាត់បានមានវាម្ដងទៀត ។ គាត់បានពន្យល់ថា « ខ្ញុំបានអានក្នុងគម្ពីរម៉ូសាយ ហើយមានអារម្មណ៍ថាត្រូវចំណុច ៖ ‹ សូមជឿដល់ព្រះចុះ សូមជឿថាទ្រង់មានព្រះជន្មរស់នៅ ហើយថាទ្រង់បានបង្កើតវត្ថុសព្វសារពើ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា និងគ្រប់ព្រះចេស្ដា ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង សូមជឿថា មនុស្សពុំយល់នូវអ្វីទាំងអស់ ដែលព្រះទ្រង់អាចយល់បាននោះឡើយ ›៧» ។
ក្នុងពេលនោះ មានការហៅឲ្យបម្រើជាអ្នកលេងព្យាណូក្នុងថ្នាក់បឋមសិក្សា ។ គាត់បាននិយាយថា « វាជាការល្អណាស់ » ។ ខ្ញុំចង់ឲ្យកូនៗខ្ញុំនៅក្នុងថ្នាក់បឋមសិក្សា ហើយពេលនេះខ្ញុំអាចនៅជាមួយពួកគេ ។ ម្យ៉ាងទៀតខ្ញុំពុំទាន់ត្រៀមខ្លួនបង្រៀននៅឡើយទេ » ។ នៅពេលគាត់បម្រើ គាត់បានបន្ដទទួលអារម្មណ៍ពីមនុស្សដែលនៅជុំវិញគាត់នូវការអញ្ជើញថា « ចូរមកចុះ យើងចង់បានអ្នករាល់គ្នា មិនថាអ្នករាល់គ្នាស្ថិតក្នុងស្ថានភាពអ្វីទេ យើងនឹងជួបអ្នកនៅទីនោះ ។ សូមផ្ដល់នូវទេពកោសល្យទាំងឡាយដែលអ្នកមាន » ។
ពេលលេងភ្លេងអង្គការបឋមសិក្សា ជាញឹកញាប់គាត់គិតអំពីខ្លួនគាត់ « នេះជាក្ដីពិតដែលខ្ញុំស្រឡាញ់ ។ ខ្ញុំនៅតែអាចថ្លែងទីបន្ទាល់ ។ ខ្ញុំនឹងនិយាយអ្វីដែលខ្ញុំដឹង ហើយពិតប៉ុណ្ណោះ ។ វាប្រហែលមិនមែនជាការផ្ដល់ចំណេះវិជ្ជាដ៏ឥតខ្ចោះនោះទេ ប៉ុន្តែវាជាការផ្ដល់ជូនរបស់ខ្ញុំ ។ ខ្ញុំទទួលបានទីបន្ទាល់យ៉ាងខ្លាំងនៃអ្វីដែលខ្ញុំបានថ្លែង ។ វាប្រសើរណាស់ក្នុងការត្រឡប់មកវត្តមាននៃដំណឹងល្អ និងមានការបញ្ជាក់ម្ដងទៀត » ។
នៅព្រឹកថ្ងៃអាទិត្យនោះ កាលដែលខ្ញុំបានស្ដាប់ម្ដាយវ័យក្មេងរូបនោះចែកចាយពីរឿងនៃការធ្វើដំណើររបស់គាត់ ខ្ញុំត្រូវបានដាស់តឿនថា « នៅលើសិលានៃព្រះដ៏ប្រោសលោះ » ដែលយើងត្រូវសង់គ្រឹះរបស់យើង ។៨ ខ្ញុំក៏ត្រូវបានរំឭកពីការប្រឹក្សារបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដែរថា ៖ « ចូរតោងឲ្យជាប់ទៅនឹងអ្វីដែឡអ្នកបានដឹងរួចហើយនោះ ហើយឈរឲ្យរឹងមាំរហូតដល់ទទួលបានចំណេះដឹងបន្ថែម » ។9
អំឡុងមេរៀនរបស់គាត់ ខ្ញុំបានដឹងយ៉ាងអស់ពីចិត្តថា ចម្លើយទៅនឹងសំណួរដ៏ស្មោះត្រង់របស់យើង កើតមាននៅពេលយើងព្យាយាមស្វែងរក និងនៅពេលដែលយើងរស់នៅតាមដំណឹងល្អ ។ ខ្ញុំត្រូវបានដាស់តឿនថា សេចក្ដីជំនឿរបស់យើងអាចជួយយើងឲ្យជឿលើអ្វីដែលយើងមិនយល់ក្នុងពេលនេះ ។
ហើយ ខ្ញុំពិតជាចង់ក្លាយដូចជាមនុស្សដែលនៅជុំវិញស្រ្តីវ័យក្មេងម្នាក់នោះណាស់ ជាមនុស្សដែលពេញដោយក្ដីស្រឡាញ់ និងការគាំទ្រគាត់ ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានមានប្រសាសន៍ថា ៖ « ទីបំផុតយើងគឺជាអ្នកដំណើរស្វែងរកពន្លឺនៃព្រះ ពេលយើងធ្វើដំណើរស្ថិតនៅលើមាគ៌ានៃភាពជាសិស្ស ។ យើងពុំដាក់ទោសអ្នកដទៃចំពោះកម្រិតពន្លឺដែលគេអាចមាន ឬគ្មាននោះទេ តែយើងចិញ្ចឹមបីបាច់ ហើយលើកទឹកចិត្តឲ្យមានពន្លឺដរាបវាភ្លឺឡើងច្បាស់ ត្រចះត្រចង់ ហើយពិតប្រាកដ ។១០
ពេលកុមារថ្នាក់បឋមសិក្សាច្រៀនងបទ « ការអធិស្ឋានរបស់កុមារ » ពួកគេបានសួរថា ៖ « ព្រះវរបិតាអើយ ទ្រង់នៅទីនេះឬ ? តើទ្រង់ឮហើយឆ្លើយការអធិស្ឋានកូនឬទេ ?១១
យើងក៏ប្រហែលឆ្ងល់ដែរថា « តើព្រះវរបិតា ទ្រង់នៅទីនេះឬ ? » ត្រឹមតែរីករាយ—ដូចជាមិត្តភក្ដិខ្ញុំ—ពេលដែលចម្លើយមកយ៉ាងស្ងៀមស្ងាត់ ជាការអះអាងយ៉ាងសាមញ្ញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថាការអះអាងដ៏សាមញ្ញទាំងនោះ កើតមាន នៅពេលព្រះឆន្ទៈទ្រង់ក្លាយជាឆន្ទៈរបស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការពិតគឺនៅលើផែនដីសព្វថ្ងៃនេះ ហើយដំណឹងល្អទ្រង់ត្រូវបានរកឃើញនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។