ឆ្នាំ ២០១០-២០១៩
អំណោយ​នៃ​ព្រះគុណ
ខែ មេសា 2015


19:13

អំណោយ​នៃ​ព្រះគុណ

ថ្ងៃ​នេះ នឹង​ដរាប​តទៅ ព្រះគុណ​នៃ​ព្រះ​មាន​សម្រាប់​មនុស្ស​ទាំងអស់ ដែល​មាន​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប ។

នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ យើង​ប្រារព្ធ​ពិធី​ដ៏​រុងរឿង ដែល​​បានទន្ទឹង​រង់ចាំ​យ៉ាង​យូរអង្វែង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ។

វា​ជា​ថ្ងៃ​ដែល​បាន​ផ្លាស់ប្ដូរ​អ្វី​គ្រប់​យ៉ាង ។

ជីវិត​របស់​ខ្ញុំ បាន​ផ្លាស់ប្ដូរ​នៅ​ថ្ងៃ​មួយ​នោះ ។

ជីវិត​របស់​បងប្អូន​បាន​ផ្លាស់ប្ដូរ ។

ជោគវាសនា​របស់​កូនចៅ​នៃ​ព្រះ បាន​ផ្លាស់ប្ដូរ ។

នៅ​ថ្ងៃ​ដ៏​មាន​ពរ​នោះ ព្រះអង្គសង្គ្រោះ​នៃ​មនុស្ស​លោក​ ដែល​បាន​លើក​ដាក់​ទៅ​លើ​អង្គ​ទ្រង់ នូវ​អំពើបាប និង សេចក្ដី​ស្លាប់ បាន​យក​ឈ្នះ​លើ​អ្វី​ទាំងនោះ ហើយ​រំដោះ​យើង​ឲ្យ​មាន​សេរីភាព ។

ដោយសារ​តែ​ពលិកម្ម​នៃ​ព្រះប្រោសលោះ​ជា​ទីស្រឡាញ់ នោះ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់​ត្រូវបាន​លេបបាន​ ហើយ​ផ្នូរ​គ្មាន​ជ័យ​ជំនះទៀត​ឡើយ សាតាំង​បាត់បង់​អំណាច ហើយ​យើង « បាន…  សេចក្ដីសង្ឃឹម ​ដោយសារ ព្រះយេស៊ូវគ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ » ។

ពិតណាស់ សាវក​ប៉ុល មាន​ប្រសាសន៍​ត្រឹមត្រូវ​ថា យើង​អាច « កម្សាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដំណើរ​នេះ » ។

ព្រះគុណ​នៃ​ព្រះ

យើង​​ថ្លែងជា​​ញយៗ​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ—​នោះ​ត្រឹមត្រូវ​ហើយ !

យ៉ាកុប បាន​ថ្លែង​ថា « ព្រោះ​ហេតុអ្វី​បាន​ជា​មិន​និយាយ​អំពី​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ ហើយ​ទទួល​ការចេះដឹង​ដោយ​ឥតខ្ចោះ​អំពី​ព្រះអង្គ » ?4 ប៉ុន្តែ​ពេល​យើង « និយាយ​អំពី​ព្រះគ្រីស្ទ…  អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ … ផ្សាយ​អំពី​ព្រះគ្រីស្ទ » 5  ​គ្រប់​ឱកាស​ទាំងអស់  នោះ​យើង​មិន​ត្រូវ​ភ្លេច​ពី​អារម្មណ៍​ការដឹងគុណ​ដ៏​ស្ញប់ស្ញែង និង ជ្រាលជ្រៅ​ចំពោះ​ពលិកម្ម​ដ៏​អស់កល្ប​របស់​បុត្រា​នៃ​ព្រះ​ឡើយ ។

ដង្វាយធួន​នៃ​ព្រះអង្គសង្គ្រោះ​ ពុំ​អាចក្លាយ​​ជា​រឿង​ធម្មតា​ក្នុង​ការបង្រៀន ការសន្ទនា ឬ ក្នុង​ដួងចិត្ត​យើង​ឡើយ ។ វា​ជា​រឿង​ពិសិដ្ឋ និង បរិសុទ្ធ ដ្បិត​តាម​រយៈ​ការណ៍​នេះ « ការបូជា​មួយ​ដ៏​មហិមា និង ចុងក្រោយ​បង្អស់ » ទើប​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​បាន​នាំ​មក​នូវ « សេចក្តីសង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ជឿ​ដល់​ព្រះ​នាម​ទ្រង់ » ។

ខ្ញុំ​ស្ញើច​ដោយ​គិត​ថា បុត្រា​នៃ​ព្រះ​បាន​យាង​ចុះ​មក​សង្គ្រោះ​យើង ដែល​ជា​មនុស្ស​មិន​គ្រប់​លក្ខណ៍ មិន​បរិសុទ្ធ តែងតែ​ប្រព្រឹត្ត​ខុស និង គ្មាន​អំណរគុណ​នេះ ។ យើង​បាន​ព្យាយាម​យល់​អំពី​ដង្វាយធួន​របស់ព្រះអង្គ​សង្គ្រោះ​ដោយ​គំនិត​មានព្រំដែន​របស់​យើង ហើយ​មាន​តែ​ការ​ពន្យល់​ដែល​ខ្ញុំ​អាច​នឹកគិត​ដល់នេះ​គឺ​ថា ៖ ព្រះ​ទ្រង់​ស្រឡាញ់​យើង​យ៉ាង​ជ្រាលជ្រៅ ដោយ​ឥតខ្ចោះ និង ជា​និរន្តរ៍ ។ ខ្ញុំ​មិន​អាច​គិត​​ស្មាន​ពី « ទទឹង បណ្ដោយ ជម្រៅ និង កម្ពស់ …  [ នៃ ] សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ » បាន​ឡើយ ។

​ការ​ថ្លែង​ប្រាប់​ដ៏​មាន​អានុភាព​នៃ​សេចក្ដីស្រឡាញ់​នោះ ជា​អ្វី​ដែល​ក្នុង​ព្រះគម្ពីរ​ជាញឹក​ញាប់​ហៅ​ថាព្រះគុណ​នៃ​ព្រះ—ដែល​ជា​ជំនួយ​ដ៏​ទេវភាព និង អំណោយទាន​ពិសិដ្ឋ​នៃ​កម្លាំង ដោយ​តាម​កម្លាំង​ដដែល​នេះ យើង​អាច​រីកចម្រើន​ពី​បុគ្គល​ដែល​មាន​កំហុស និង មាន​កម្រិត​ក្នុង​ពេល​នេះ ទៅ​ជា​បុគ្គល​ដែល​ត្រូវបាន​សង្គ្រោះ​ក្នុង « សេចក្តីពិត និង ពន្លឺរហូត​ដល់ [ យើង​បាន ] តម្កើង​ឡើង​នៅ​ក្នុង​សេចក្ដីពិត ហើយ [ ស្គាល់ ] ការណ៍​គ្រប់​យ៉ាង » ។

ព្រះគុណ​នៃ​ព្រះ​មួយ​នេះ អស្ចារ្យ​បំផុត ។ ប៉ុន្តែ ជា​ញយៗ​វា​ត្រូវបាន​គេ​ភាន់ច្រឡំ យ៉ាង​នេះ​ក៏​ដោយ យើង​គួរតែ​ស្គាល់​ព្រះគុណ​នៃ​ព្រះ បើ​យើង​ចង់​គ្រង​មរតក​នូវ​អ្វី ដែល​បាន​រៀប​ចំ​សម្រាប់​យើង​ក្នុង​នគរ​ដ៏​អស់កល្ប​ទ្រង់ ។

នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​និយាយ​អំពី​ព្រះគុណ ។ ទីមួយ របៀបពិសេស​ដែល​ព្រះគុណ បើក​សោ​ក្លោង​ទ្វារ​ស្ថាន​សួគ៌ និង​ទីពីរ​របៀប​ដែល​វា បើក​បង្អួច​ស្ថានសួគ៌ ។

ទី​មួយ ៖ ព្រះគុណ​បើកច្រក​ទ្វារ​​ស្ថានសួគ៌ ។

ដោយ​សារ​យើង​ទាំងអស់គ្នា « បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ »១០ហើយ​ដោយ​សារតែ «គ្មានអ្វី​ដែល​មិន​ស្អាត​​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ »១១ នោះ​យើង​គ្រប់គ្នា​ពុំ​សក្ដិសម​ដើម្បី​ត្រឡប់ទៅ​វត្តមាន​របស់ព្រះ​វិញ​ទេ ។

ទោះ​ជា​យើង​បម្រើ​ព្រះដោយអស់ពីព្រលឹង​របស់​យើង​ក្ដី វា​ពុំ​គ្រប់គ្រាន់តែ ដ្បិត​យើង​នៅតែ​ជា «បាវ​ឥត​ប្រយោជន៍ » ។១២ យើង​ពុំ​អាច​រកវិធី​របស់យើង​ត្រឡប់ទៅ​ស្ថានសួគ៌ទេ ព្រោះ​តម្រូវការ​នៃ​យុត្តិធម៌​ឈរ​ជា​របាំង ដែល​យើង​គ្មាន​អំណាច​ដើម្បី​យក​ឈ្នះដោយ​ខ្លួន​ឯងឡើយ ។

ប៉ុន្តែ មនុស្ស​គ្រប់​គ្នា​ពុំវិនាសបង់​​ឡើយ ។

ព្រះគុណ​នៃ​ព្រះ គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ធំ និង គ្មាន​ទីបំផុត ។

តាម​រយៈ​ពលិកម្ម​របស់ព្រះយេស៊ូវ​គ្រីស្ទ ផែនការ​នៃ​ក្ដីមេត្តាករុណា បានរម្ងាប់​តម្រូវការ​នៃ​សេចក្ដី​យុត្តិធម៌ ១៣ « ហើយនាំ​មកនូវ​មធ្យោបាយទាំងឡាយ​ដល់​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​សេចក្ដីជំនឿ​ចំពោះ​ការ​ប្រែចិត្ត » ។១៤

ទោះបើ​អំពើ​បាប​របស់​យើង អាចពណ៌ក្រហមទែង ក៏ដោយ គង់តែនឹងបានសដូចហិមៈ ។១៥ ដោយ​សារ​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង « បាន​ប្រទាន​អង្គ​ទ្រង់ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ »១៦ នោះ​ច្រក​ទ្វា​ទៅរក​នគរ​ដ៏​អស់កល្ប​របស់​​ទ្រង់​បាន​បើក​ដល់​យើង ។១៧

ក្លោង​ទ្វារ​នោះ​ត្រូវបាន​បើក​សោ​ហើយ !

ប៉ុន្តែ ព្រះគុណ​នៃ​ព្រះ ពុំ​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ស្អាត​គ្មាន​បាប​​ប៉ុណ្ណោះ​នោះ​ទេ ។ បើ​សេចក្តីសង្គ្រោះ​មាន​ន័យ​គ្រាន់តែ​ជា​ការលុប​ចោល​ទោស​កំហុស និង បាប​យើង នោះ​សេចក្តីសង្គ្រោះ—ដ៏​អស្ចារ្យ​នោះ—ពុំ​បំពេញ​តាម​ព្រះ​បំណង​នៃ​ព្រះបិតា ដែល​មាន​សម្រាប់​យើង​ឡើយ ។ គោលបំណង​របស់​ទ្រង់​គឺ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ៖ ទ្រង់​មាន​ព្រះទ័យ​ឲ្យ​បុត្រា និង បុត្រី​ទ្រង់​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។

ដោយ​មាន​អំណោយ​នៃ​ព្រះគុណ​នៃ​ព្រះ នោះ​មាគ៌ា​នៃ​ភាព​ជា​សិស្ស ពុំដឹក​នាំឲ្យថយ​ក្រោយ​ឡើយ តែ​នាំ​ឆ្ពោះ​ទៅ​មុខ​វិញ ។

វា​នាំ​យើង​​ឲ្យស្គាល់​ផែនការ​ព្រះ ដែល​យើង​ស្ទើរតែពុំ​អាច​យល់​បាន ! វា​នាំ​ទៅ​រក​ភាពតម្កើងឡើង​ក្នុង​នគរ​សេឡេស្ទាល​នៃ​ព្រះវរបិតាសួគ៌ ដែល​ជា​ទី​ដែល​យើង​គង់​ក្នុង​ចំណោម​មនុស្ស​ដែល​យើង​ស្រឡាញ់ ដោយ​ទទួលបាន​ « ភាពពោរពេញ​របស់​ទ្រង់ និង សិរីល្អ​របស់​ទ្រង់ »១៨ គ្រប់​យ៉ាង​ជា​របស់​ផង​យើង ហើយ​យើង​ជា​របស់​ផង​ព្រះគ្រីស្ទ ។១៩ ប្រាកដ​ណាស់ អ្វី​ទាំង​អស់​ដែល​ព្រះបិតា​មាន នឹង​ត្រូវបាន​ប្រទាន​ឲ្យ​យើង ។២០

ដើម្បី​ទទួល​បាន​សិរីល្អ យើង​ត្រូវការ​លើស​ពី​ការបើក​សោ​ក្លោងទ្វារ​ទៅ​ទៀត យើង​ត្រូវតែ​ចូល​ទៅ​តាម​ក្លោង​ទ្វារ​នោះ ដោយ​មាន​បំណង​ក្នុង​ចិត្ត​ដើម្បី​បាន​ផ្លាស់ប្ដូរ—ជា​ការផ្លាស់ប្ដូរ​មួយ ដែល​ព្រះគម្ពីរ​ពិពណ៌នា​ថា​ជា « ការកើត​ម្ដង​ទៀត មែនហើយ គឺ​កើត​មក​ពី​ព្រះ ផ្លាស់ប្រែ​ពី​[ស្ថានភាពលោកិយ] និង ការធ្លាក់ ទៅ​កាន់​ស្ថានភាព​នៃ​សេចក្ដី​សុចរិត​វិញ ដោយ​បាន​ព្រះ​ទ្រង់​ប្រោសលោះ នោះ​នឹង​ក្លាយ​ទៅ​ជា​បុត្រាបុត្រី​របស់​ទ្រង់ » ។២១

ទី​ពីរ ៖ ព្រះគុណ​បើក​បង្អួច​ស្ថានសួគ៌ ។

កត្តា​សំខាន់​មួយ​ទៀត​ក្នុង​ព្រះគុណ​នៃ​ព្រះ គឺ​ការបើក​បង្អួច​ស្ថានសួគ៌ ដែល​តាម​បង្អួច​នោះ ព្រះ​ចាក់ស្រោច​ព្រះពរ​នៃ​អំណាច និង កម្លាំង ដែល​ជួយ​ឲ្យ​យើង​សម្រេច​បាន​កិច្ចការ​នានា បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​សម្រេច​វា​បាន​ឡើយ ។ ដោយសារ​តែ​ព្រះគុណ​ដ៏​អស្ចារ្យ​នៃ​ព្រះ ទើប​កូនចៅ​ទ្រង់​អាច​យកឈ្នះ​លើ​កាល្បួង​ដ៏​គ្រោះថ្នាក់ និង លាក់​​ខ្លួន​របស់​អ្នក​បញ្ឆោត ឈប់​ប្រព្រឹត្ត​បាប ហើយ « បាន​ល្អ​ឥតខ្ជោះ​នៅ​ក្នុង​ព្រះគ្រីស្ទ » ។២២

ទោះ​យើង​មាន​ភាពទន់ខ្សោយ​ក្ដី យើង​អាច​យក​ឈ្នះ​វា​បាន ។ ប្រាកដ​ណាស់​គឺ​ដោយសារ​ព្រះគុណ​នៃ​ព្រះ ​បើ​យើង​បន្ទាប​ខ្លួន ហើយ​មាន​សេចក្ដីជំនឿ នោះ​ភាពទន់ខ្សោយ​អាច​បាន​ជា​ខ្លាំង​ពូកែ ។២៣

ពេញ​មួយ​ជីវិត​យើង ព្រះគុណ​នៃ​ព្រះ​ស្រោចស្រព​ពរជ័យ​ខាង​សាច់ឈាម និង អំណោយទាន​វិញ្ញាណ ដែល​បង្កើន​សមត្ថភាព​យើង ហើយ​ធ្វើ​ឲ្យ​ជីវិត​យើង​រីកចម្រើន ។ ព្រះគុណ​ទ្រង់ ដុះខាត់​យើង​ទាំងអស់​គ្នា ។ ព្រះគុណ​ទ្រង់ ជួយ​ខ្លួន​យើង​ឲ្យបាន​ល្អប្រសើរ​បំផុត ។

តើ​នរណា​អាច​ទទួល​បាន​គុណសម្បត្តិ​នេះ ?

ក្នុង​ព្រះគម្ពីរ​ប៊ីប យើង​អាន​អំពី​ការសួរសុខ​របស់​ព្រះគ្រីស្ទ នៅ​ផ្ទះ​របស់ ស៊ីម៉ូន ជា​ពួក​ផារីស៊ី ។

បើ​តាម​ការស្មាន ស៊ីម៉ូន ទំនង​ជា​បុរស​ល្អ ហើយ​សុចរិត ។ គាត់​ពិនិត្យ​បញ្ជី​កិច្ចការ​ត្រូវ​ធ្វើ​ខាង​សាសនា​របស់​គាត់​ជា​ទៀង​ទាត់ ៖ គាត់​រក្សា​ក្រឹត្យវិន័យ ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ រក្សា​ថ្ងៃ​ឈប់​សម្រាក អធិស្ឋាន​រាល់​ថ្ងៃ និង​ទៅ​សាលាប្រជុំ ។

ប៉ុន្តែ កាល​ព្រះយេស៊ូវ​គង់​នៅ​ជាមួយ ស៊ីម៉ូន នោះ​មាន​ស្ត្រី​ម្នាក់​បាន​មក​ឯ​ទ្រង់ បាន​លាង​ព្រះបាទ​ទ្រង់​ដោយ​ទឹក​ភ្នែក​របស់​នាង ថែមទាំង​បាន​លាប​ព្រះបាទ​ទ្រង់​ដោយ​ប្រេង​ក្រអូប ។

ស៊ីម៉ូន មាន​ចិត្ត​ទោមនស្ស​នឹង​ទិដ្ឋភាព​នៃ​ការថ្វាយ​បង្គំ​នេះ​ ដ្បិត​គាត់​ដឹង​ថា ស្ត្រី​រូប​នេះ​ជា​អ្នក​មាន​បាប ។ ស៊ីម៉ូន​បាន​គិត​ថា បើ​ព្រះយេស៊ូវ​ពុំ​ដឹង​អំពីការណ៍នេះ នោះ​ទ្រង់​ច្បាស់​ជា​ពុំ​មែនជា​ព្យាការី​ទេ ឬ​ទ្រង់​នឹង​មិន​ឲ្យ​ស្ត្រី​ពាល់​ទ្រង់​បាន​ទេ ។

ដោយ​ញ្ញាណ​ដឹង​ពី​គំនិត​នេះ ព្រះយេស៊ូវ​បាន​បែរ​ទៅ​ស៊ីម៉ូន ហើយ​ចោទ​ជា​ប្រស្នា​មួយ ។ « មាន​ពីរ​នាក់​ជំពាក់​អ្នក​ចង​ការ​ម្នាក់ ៖ … អ្នក​មួយជំពាក់​មួយ​រយ​រៀល…​អ្នក​មួយ​ទៀត ១០ រៀល ។

« ដោយ​ព្រោះ​គេ [ ទាំងពីរ ] គ្មាន​អ្វី​នឹង​សង បាន​ជា​គាត់​លែង​ទារ​ពី​អ្នក​ទាំង​ពីរ​ទៅ ។ ដូច្នេះ​ក្នុង​ពីរ​នាក់​នោះ តើ​អ្នក​ណា​ស្រឡាញ់​គាត់​ជា​ជាង » ?

ស៊ីម៉ូន ទូល​ឆ្លើយ​ថា ជា​អ្នក​មួយ​ដែល​ជំពាក់​ច្រើន​ជាង​នោះ​ឯង ។

រួច​ព្រះយេស៊ូវ ក៏​បាន​បង្រៀន​មេរៀន​មួយ​ដ៏​មាន​អានុភាពថា ៖ « អ្នក​ឃើញ​ស្ត្រី​នេះ​ឬ​ទេ ? … បាប​នាង​ដែល​មាន​ច្រើន​ទាំង​ម៉្លេះ បាន​អត់​ទោស​ឲ្យ​នាង​ហើយ ដ្បិត​នាង​មាន​សេចក្តី​ស្រឡាញ់​ជា​ច្រើន ប៉ុន្តែ អ្នក​ណា​ដែល​គេ​អត់​ទោស​ឲ្យ​តិច នោះ​ក៏​ស្រឡាញ់​តិច » ។២៤

តើ​យើង​មាន​លក្ខណៈ​ដូចជា​តួអង្គ​មួយ​ណា ចំណោម​តួអង្គ​ទាំង​ពីរ​នេះ ?

តើ​យើង​ដូចជា ស៊ីម៉ូន ឬ ? តើ​យើង​មាន​ទំនុកចិត្ត ហើយ​ស្កប់ចិត្ត​នឹង​ទង្វើ​ល្អ​របស់​យើង ដោយ​ទុកចិត្ត​លើ​សុចរិតភាព​ផ្ទាល់ខ្លួន​យើង​ដែរ​ឬ​ទេ ? តើ​យើង​អាច​នឹង​ខ្វះ​ការអត់ធ្មត់ ចំពោះ​អ្នក​ដែល​ពុំ​រស់នៅ​តាម​បទដ្ឋាន​របស់​យើង​ដែរ​ឬ​ទេ ? តើ​យើង​បណ្ដោយ​ឲ្យ​ទង្វើ​នោះកើតឡើង​ ​បណ្ដោយ​ខ្លួន​តាម​អារម្មណ៍ ពេល​ចូលរួម​ការប្រជុំ មាន​អារម្មណ៍​ធុញថប់​ក្នុង​ថ្នាក់រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ ហើយប្រហែលជា​​​ប្រើ​ទូរសព្ទ​ដៃ​អំឡុង​ពេល​សាក្រាម៉ង់​ដែរ​ឬ​ទេ ?

ឬ​តើ​យើង​ដូចជា​ស្ត្រី​រូប​នេះ ដែល​គិត​ថា ខ្លួនឯង​បាន​វង្វេង​ទាំង​ស្រុង និង បាត់បង់​ក្ដីសង្ឃឹម​ដោយ​ព្រោះ​អំពើបាប​ខ្លួន​ ?

តើយើងស្រឡាញ់​ច្រើន​ណាស់​ឬ?

តើ​យើង​យល់​ពី​ការជំពាក់​បំណុល​របស់​យើង​នឹង​ព្រះវរបិតាសួគ៌ ហើយ​អង្វរ​ដោយ​អស់​ពី​ព្រលឹង ដើម្បី​បាន​ព្រះគុណ​នៃ​ព្រះ​ដែរ​ឬ​ទេ ?

កាល​យើង​លុតជង្គង់​អធិស្ឋាន តើ​យើង​អួតអាង​ពី​ទង្វើ​ឆ្នើម​នៃ​សុចរិតភាព​របស់​យើង ឬ ជា​ការសារភាព​កំហុស ដោយ​អង្វរ​សុំ​ក្ដី​មេត្តា​ករុណា ហើយ​សម្រក់​ទឹកភ្នែក​ថ្លែង​អំណរគុណ​ចំពោះ​ផែនការ​នៃ​ការប្រោសលោះ​ដ៏​អស្ចារ្យ ?២៥

សេចក្តីសង្គ្រោះ​ពុំ​អាច​ទិញ​បាន​ដោយ​ប្រាក់​នៃ​ការគោរពប្រតិបត្តិ​ឡើយ តែ​អាច​ទិញ​បាន​ដោយ​ព្រះលោហិត​នៃ​បុត្រា​នៃ​ព្រះ ។ ២៦ ពេល​គិត​ថា យើង​អាច​ដោះដូរ​កិច្ចការ​ល្អ​យើង​ជាមួយ​សេចក្តីសង្គ្រោះ​បាន គឺ​ដូចជា​ការទិញ​សំបុត្រ​យន្តហោះ ហើយ​គិត​ថា​យើង​បាន​យន្តហោះ​មួយ​ដូច្នោះ​ដែរ ។ ឬ​គិត​ថា​បន្ទាប់​ពី​បាន​បង់​ថ្លៃ​ជួល​ផ្ទះ​ហើយ គិត​ថា​ឥឡូវ​យើង​ជា​ម្ចាស់​ផែនដី​ទាំងមូល ។

ដូច្នេះ តើ​យើង​គោរព​ប្រតិបត្តិ​ដើម្បី​អ្វី ?

បើ​ព្រះគុណ​គឺ​ជា​អំណោយ​មក​ពី​ព្រះ ហេតុអ្វី​បាន​ជា​ការគោរពប្រតិបត្តិ​តាម​បញ្ញត្តិ​ព្រះ​មាន​សារៈសំខាន់​អ្វីម្ល៉េះ ? ហេតុអ្វី​យើង​ត្រូវ​ខ្វល់ខ្វាយ​ពីបញ្ញត្តិ​ព្រះ—ឬ ការប្រែចិត្ត ចំពោះ​ការណ៍​នោះ​ទៅ​វិញ ? ហេតុអ្វី​មិន​គ្រាន់តែ​ទទួល​ស្គាល់​ថា យើង​ជា​មនុស្ស​មាន​បាប ហើយ​ទុក​ឲ្យ​ព្រះ​សង្គ្រោះ​យើង​ទៅ ?

ឬ បកស្រាយ​នូវ​ប្រសាសន៍ ប៉ុល ដែល ថា « តើ​ត្រូវ​ឲ្យ​យើង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះគុណ​បាន​ចម្រើន​ឡើង​ឬ​អី » ? ចម្លើយ​របស់​ប៉ុល​គឺ​សាមញ្ញ និង​ច្បាស់លាស់​ថា ៖ « មិន​មែន​ឡើយ » ។២៧

បងប្អូន​ប្រុសស្រី យើង​គោរពប្រតិបត្តិ​បញ្ញត្តិ​ព្រះ—ព្រោះ​យើង​ស្រឡាញ់​ទ្រង់ !

ការព្យាយាម​យល់​ពី​អំណោយ​នៃ​ព្រះគុណ​នៃ​ព្រះ ដោយ​អស់​ពី​ចិត្ត និង គំនិត ផ្ដល់​ឲ្យ​យើង​នូវ​មូលហេតុ​កាន់តែ​ច្រើន ដើម្បី​ស្រឡាញ់ និង គោរពប្រតិបត្តិ​ចំពោះ​ព្រះវរបិតាសួគ៌ ដោយ​ទន់ភ្លន់ និង ការដឹងគុណ ។ ពេល​យើង​ដើរ​តាម​មាគ៌ា​នៃ​ភាពជាសិស្ស វា​ដុះដាត់​យើង វា​ចម្រើន​យើង វា​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ វា​នាំ​យើង​ត្រឡប់​ទៅ​វត្តមាន​ទ្រង់​វិញ ។ « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ [ព្រះរបស់យើង » បាន​នាំ​មកនូវ « ការ​ផ្លាស់ប្ដូរ​ដ៏ធំ​នៅក្នុង​យើង… ដែល​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែ ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » ។២៨

ហេតុដូច្នោះ​ហើយ ការគោរពប្រតិបត្តិ​របស់​យើង​ចំពោះបញ្ញត្តិ​ព្រះ ជា​លទ្ធផល​ពិត​នៃ​ក្ដីស្រឡាញ់ និង អំណរគុណ​គ្មាន​ទី​បំផុត ដើម្បី​បានសេច​ក្ដីករុណា​ទ្រង់ ។ ទម្រង់​នៃសេច​ក្ដីស្រឡាញ់ និង ការដឹងគុណ​ដ៏​ស្មោះ នឹង​បញ្ចូល​កិច្ចការ​បងប្អូន​ទៅ​ជាមួយ​ព្រះគុណ​នៃ​ព្រះ ។ ​សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ។២៩

បងប្អូន​ប្រុសស្រី ការរស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ស្មោះត្រង់ ពុំ​មែន​ជា​បន្ទុក​ឡើយ ។ វា​ជា​ការហាត់សម​ដ៏​ពេញ​ដោយ​ក្ដីអំណរ—ជា​ការត្រៀមខ្លួន​ដើម្បី​ទទួល​មរតក​សិរីល្អ​ដ៏​ធំ​នៃ​ភាព​​អស់កល្ប​ជានិច្ច ។ យើង​ព្យាយាម​គោរពប្រតិបត្តិ​ព្រះវរបិតាសួគ៌​យើង ព្រោះ​វិញ្ញាណ​យើង នឹង​ចុះចូល​នឹង​រឿង​ខាង​វិញ្ញាណ​កាន់តែ​ច្រើន ។ យើង​នឹង​ឃើញ​អ្វី ដែល​យើង​ពុំ​ដែល​គិត​ស្មាន​ដល់ ។ ការ​បំភ្លឺ និង​ការ​យល់​ដឹង​នឹង​កើតមាន​មក​ដល់​យើង នៅពេល​យើង​ធ្វើ​តាមព្រះទ័យ​របស់​ព្រះបិតា ។៣០

ព្រះគុណ​គឺ​ជា​អំណោយ​ពី​ព្រះ ហើយ​បំណងប្រាថ្នា​យើង​ក្នុង​ការគោរពប្រតិបត្តិ​តាមបញ្ញត្តិ​ព្រះ គឺ​ជា​ការបង្ហាញ​ដល់​ព្រះវរបិតាសួគ៌​ថា យើង​ចង់​ទទួលបាន​អំណោយ​ពិសិដ្ឋ​នេះ ។

អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន

ព្យាការី នីហ្វៃ បាន​ចូលរួម​ធ្វើ​ឲ្យ​យើង​យល់ដឹង​ពី​ព្រះគុណ​ព្រះ កាល​លោក​ប្រកាស​ថា « យើង​ព្យាយាម​ខំ​សរសេរ… ដើម្បី​បញ្ចុះបញ្ចូល​កូនចៅ​យើង និង បងប្អូន​យើង​ផង ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ ដ្បិត​យើង​ដឹង​ថា មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់​ពី​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន » ។៣១

យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​គិត​ថា​ពេល​ខ្លះ​យើង​យល់​ខុស​លើ​ឃ្លា « បន្ទាប់​ពី​អ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​បាន » ។ យើង​ត្រូវតែ​យល់​ថា​ពាក្យ « បន្ទាប់​ពី » មិន​មាន​ន័យ​ថា « ដោយសារ » នោះ​ទេ ។

យើង​ពុំ​អាច​ត្រូវបាន​សង្គ្រោះ « ដោយសារ » អ្វីៗ​ដែល​យើងអា​ច​ធ្វើ​នោះទេ ។ តើមាន​នរណា​ម្នាក់​ក្នុង​ពួកយើង​បាន​ធ្វើអ្វីៗ​ទាំងអស់ ដែល​យើង​អាច​ធ្វើ​ឬទេ ? តើ​ព្រះ​រង់ចាំ​ដល់​យើង​បាន​ចំណាយ​អស់​រាល់​ការខិតខំ ទើប​ទ្រង់​ធ្វើ​អន្តរាគមន៍​ក្នុង​ជីវិត​យើង​ ដោយ​នូវ​ព្រះគុណ​នៃ​សេចក្តីសង្គ្រោះ​ទ្រង់​ឬ ?

មនុស្ស​ជា​ច្រើន​បាក់​ទឹកចិត្ត ព្រោះ​ពួកគេ​បរាជ័យ​ក្នុង​ការងារ​ឥត​ឈប់ឈរ ។ ពួកគេ​ដឹង​ដោយ​ខ្លួន​ឯង​ថា « ឯ​វិញ្ញាណ​ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់ឈាម​ខ្សោយ​ទេ » ។៣២ ពួកគេ​ថ្លែង​ឡើង​ជាមួយ​ពួក​នីហ្វៃ​ថា « ព្រលឹង​ខ្ញុំ​ព្រួយ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​ទាំងឡាយ​របស់​ខ្ញុំ » ។៣៣

ខ្ញុំ​ដឹង​ប្រាកដ​ថា នីហ្វៃ​ស្គាល់ថា ​ព្រះគុណ​នៃ​ព្រះអង្គសង្គ្រោះ​ អនុញ្ញាត និង ធ្វើ​ឲ្យ យើង​យកឈ្នះ​អំពើបាប ។៣៤ នេះ​ជា​មូលហេតុ​ដែល​នីហ្វៃ ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​បញ្ចុះបញ្ចូល​កូនចៅ និង ពួក​បងប្អូន​លោក « ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ឲ្យ​ស្រុះស្រួល​នឹង​ព្រះ » ។៣៥

ទីបញ្ចប់ នោះជាអ្វី​ដែល​យើង​អាច​ធ្វើ​បាន ! ហើយនោះជាកិច្ចការ​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​រមែងស្លាប់ !

ព្រះគុណ​មាន​សម្រាប់​មនុស្ស​គ្រប់​គ្នា

ពេល​ខ្ញុំ​គិត​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​ពីមុន​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ខ្ញុំ​ចង់​បន្លឺ​សំឡេង ហើយ​ស្រែក​សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត និង បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ !

ក្លោង​ទ្វារ​ស្ថានសួគ៌​បាន​បើក​សោ​ហើយ !

បង្អូច​ស្ថានសួគ៌​បាន​បើក​ចំហ​ហើយ !

នេះ​ថ្ងៃ និង ដរាប​តទៅ ព្រះគុណ​នៃ​ព្រះ មាន​សម្រាប់​អ្នក​ដែល​មាន​ចិត្ត​សង្រេង និង មាន​វិញ្ញាណ​ទន់ទាប ។៣៦ព្រះយេស៊ូវ​គ្រីស្ទ បាន​រៀបចំ​ផ្លូវ​ឲ្យ​យើង​បាន​យល់​អ្វី ដែល​យើង​មិន​អាច​យល់​បាន​ក្នុង​គំនិត​ធម្មតា ។៣៧

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​អាច​មាន​ការយល់ដឹង​ថ្មី និង អារម្មណ៍​ដឹងគុណ​ចំពោះ​សារៈសំខាន់​ដ៏​អស់កល្ប នៃ​ពលិកម្មធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​អធិស្ឋាន​ថា​យើង​នឹង​បង្ហាញ​ក្ដីស្រឡាញ់​យើង​ចំពោះព្រះ និង​ការ​ដឹងគុណ​របស់​យើង​ចំពោះ​អំណោយ​ទាន​នៃ​ព្រះគុណ​ដ៏​និរន្ដរ៍​របស់​ព្រះ ដោយ​ការ​រក្សា​បទបញ្ញត្តិ និង « ដើរនៅក្នុងជីវិត​ថ្មី» ដោយ​ក្ដី​អំណរ ៣៨ នៅក្នុង​ព្រះនាម​នៃ​លោកចៅហ្វាយ និង​ព្រះប្រោសលោះ​របស់យើង ព្រះយេស៊ូវ​គ្រីស្ទ អាមែន ។