ឆ្នាំ ២០១០-២០១៩
ហេតុដូច្នោះ​ហើយ ពួក​គេ​ក៏​រម្ងាប់​ការតក់ស្លុត​របស់​គេ​ទៅ
ខែ មេសា 2015


16:21

ហេតុដូច្នោះ​ហើយ ពួក​គេ​ក៏​រម្ងាប់​ការតក់ស្លុត​របស់​គេ​ទៅ

ការកោត​ខ្លាច​ដល់​ព្រះ គឺ​មិន​ដូច​ជា​ការកោត​ខ្លាច​ដល់​លោកិយ ដែល​បង្កើត​ឲ្យ​មាន​ការភ្ញាក់​ផ្អើល និង ការថប់​បារម្ភ​នោះ​ឡើយ ការកោត​ខ្លាច​ដល់​ព្រះ​គឺ​ជា​ប្រភព​មួយ​នៃ​ភាព​សុខសាន្ត ការអះអាង និង ទំនុក​ចិត្ត ។

ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​ពី​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​មាន កាល​ពី​នៅ​តូច ។ ថ្ងៃ​មួយ ខណៈ​កំពុង​លេង​ជាមួយ​មិត្ត​ខ្ញុំ នោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​បែក​បង្អូច​ហាង​មួយ​នៅ​ក្បែរ​ផ្ទះ​ខ្ញុំ​ដោយ​ចៃដន្យ ។ ពេលបែក​កញ្ចក់ សំឡេង​ប្រកាស​ពី​សុវត្ថិភាព​លាន់​ឭ​រំពង នោះ​ដួងចិត្ត និង គំនិត​ខ្ញុំ​បាន​ពោរពេញ​ដោយ​ការភ័យ​តក់ស្លុត ។ ភ្លាម​នោះ ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​បាន​គេ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ហើយ ។ ទី​បំផុត ឪពុក​ម្ដាយ​ខ្ញុំ​បាន​លួងលោម​ខ្ញុំ​ឲ្យ​ចេញ​ពី​ក្រោម​គ្រែ​ដែល​ជា​កន្លែង​ដែល​ខ្ញុំ​លាក់​ខ្លួន ហើយ​ជួយ​ខ្ញុំ​ឲ្យ​លុបលាង​កំហុស​ជាមួយ​ម្ចាស់​ហាង​វិញ ។ សំណាង​ល្អ ការ​កាត់​ទោស​ខ្ញុំ​នោះ​ត្រូវ​បាន​បន្ធូរបន្ថយ​ ។

ការភ័យ​តក់ស្លុត​ដែល​ខ្ញុំ​មាន​នៅ​ថ្ងៃ​នោះ គឺ​ខ្លាំងក្លា និង ពិតប្រាកដ​មែន ។ អ្នក​ពិត​ជា​បាន​ជួប​ប្រទះ​បទពិសោធន៍​នៃ​អារម្មណ៍​ដែល​ភ័យ​តក់ស្លុត​កាន់តែ​ខ្លាំង បន្ទាប់​ពី​បាន​ដឹង​ពី​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន ដោយ​ឃើញ​សមាជិក​គ្រួសារ​ជួប​ការលំបាក ឬ គ្រោះថ្នាក់ ឬ អង្គេត​មើល​ព្រឹត្តិការណ៍​ពិភព​លោក​ដ៏​គួរ​ឲ្យ​បារម្ភ ។ នៅ​ក្នុង​ករណី​បែប​នេះ អារម្មណ៍​ភ័យ​តក់ស្លុត​កើត​ឡើង ដោយសារ​តែ​គ្រោះថ្នាក់​នឹង​មក​ដល់ ភាពមិន​ប្រាកដប្រជា ឬ ការឈឺចាប់ និង តាមរយៈ​បទពិសោធន៍​ដែល​មិន​បាន​រំពឹង​ទុក ពេលខ្លះ វា​ហាក់​ដូច​ជា​ហុច​លទ្ធផល​អវិជ្ជមាន​ភ្លាមៗ ។

នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង របាយការណ៍​រាប់​មិន​អស់ នៃ​អំពើ​ហិង្សា​ព្រហ្មទណ្ឌ គ្រោះ​ទុរភិក្ស សង្គ្រាម អំពើ​ពុក​រលួយ ភេរវកម្ម ការបន្ទាបបន្ថោក​តម្លៃ ជំងឺ និង កម្លាំង​បំផ្លិចបំផ្លាញ​នៃ​ធម្មជាតិ អាច​បង្កើត​ឲ្យ​មាន​ការភ័យខ្លាច និង ក្តី​បារម្ភ ។ ពិត​ណាស់​យើង​កំពុង​រស់នៅ​ក្នុង​ជំនាន់​ដែល​បាន​ព្យាករ​ដោយ​ព្រះអម្ចាស់​ថា ៖ « ហើយ​នៅ​ថ្ងៃ​នោះ ...ហើយ​ផែនដី​ទាំង​មូល​នឹង​នៅ​ក្នុង​ស្ថានភាព​ចលាចល ហើយ​មនុស្ស​លោក​នឹង​ស្រយុត​ចិត្ត » (គ និង ស ៤៥:២៦) ។

គោលបំណង​ខ្ញុំ គឺ​ពិពណ៌នា​ពី​របៀប​ដែល​អារម្មណ៍​ភ័យ​តក់ស្លុត​ ត្រូវ​បាន​ដក​ចេញ តាមរយៈ​ចំណេះ​ដឹង​ដ៏​ត្រឹមត្រូវ​មួយ​អំពី​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​តាមរយៈ​ជំនឿ​លើ​ទ្រង់ ។ ខ្ញុំ​សូម​អធិស្ឋាន​ដោយ​អស់​ពី​ដួង​ចិត្ត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ប្រទាន​ពរ​ដល់​យើង​ម្នាក់ៗ នៅពេល​យើង​ពិចារណា​ជាមួយ​គ្នា​លើ​ប្រធាន​បទ​សំខាន់​នេះ ។

ការភ័យ​ខ្លាច​​នៃ​ជីវិត​រមែង​ស្លាប់

ពេល​ស្តាប់​ឮ​ព្រះបន្ទូល​​របស់​ព្រះ​ បន្ទាប់​ពី​បាន​ទទួលទាន​ផ្លែឈើ​ហាមឃាត់ នោះ​អ័ដាម និង អេវ៉ា បាន​រត់ទៅ​ពួន​នៅ​ក្នុង​សួនច្បារ​អេដែន ។ ព្រះ​បាន​ហៅ​រក​អ័ដាម ហើយ​បាន​សួរថា « ឯង​នៅ​ឯណា ? ហើយ [ អ័ដាម បាន​ឆ្លើយ​ថា ] ទូលបង្គំ​បាន​ឮ​សំឡេង​ទ្រង់…  ហើយ​ទូល​បង្គំ​ភ័យ​ខ្លាច » (លោកុប្បត្តិ ៣:៩–១០) ។ ជាពិសេស ឥទ្ធិពល​មុន​ដំបូង​គេ​បង្អស់​នៃ​ការធ្លាក់​របស់​អ័ដាម និង អេវ៉ា គឺ​បទពិសោធន៍​នៃ​ការ​ភ័យ​ខ្លាច ។ ឥទ្ធិពល​ដ៏​ខ្លាំង​នេះ គឺ​ជា​ធាតុ​មួយ​សំខាន់​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ។

គំរូ​មួយ​មក​ពី​ព្រះគម្ពីរ​មរមន បាន​លើកឡើង​ពី​អំណាច​នៃ​ចំណេះ​ដឹង​ពី​ព្រះអម្ចាស់ ( សូម​មើល ពេត្រុសទី ២ ១:២–៨; អាលម៉ា ២៣:៥–៦) ដើម្បី​បណ្តេញ​ការភ័យ​តក់ស្លុត​ចេញ ហើយ​នាំ​មក​នូវ​ភាព​សុខសាន្ត ទោះបី​ជា​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដ៏​ធំ​មហិមា​ក្តី ។

នៅក្នុង​ដែនដី ហេឡាម ប្រជាជន​អាលម៉ា ត្រូវ​បាន​គម្រាមកំហែង​ដោយ​កងទ័ព​លេមិន​ដ៏​ច្រើន ។

« ប៉ុន្តែ អាលម៉ា បាន​ចេញ​ទៅ ហើយ​ឈរ​ក្នុង​ចំណោម​ពួកគេ ហើយ​ទូន្មាន​ពួកគេ​ថា មិន​ត្រូវ​តក់ស្លុត​ទេ តែ...ត្រូវ​នឹង​នឹក​ចាំ​ដល់​ព្រះអម្ចាស់​ជា​ព្រះ​របស់​គេ​វិញ ហើយ​ទ្រង់​នឹង​ដោះលែង​ពួកគេ ។

« ហេតុដូច្នោះ​ហើយ ពួកគេ​ក៏​រម្ងាប់​ការតក់ស្លុត​របស់​ពួកគេ​ទៅ » ។ (ម៉ូសាយ ២៣:២៧–២៨) ។

សូម​កត់​សម្គាល់​ថា អាលម៉ា ពុំ​បាន​រម្ងាប់​ការតក់ស្លុត​របស់​ប្រជាជន​នោះទេ ។ ផ្ទុយ​ទៅ​វិញ អាលម៉ា បាន​ទូន្មាន​អ្នក​ជឿ​ឲ្យ​នឹកចាំ​ដល់​ព្រះអម្ចាស់ ហើយ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ពួកគេ​រួច ( សូមមើល នីហ្វៃទី ២ ២:៨) ។ ចំណេះ​ដឹង​នៃ​ការមើល​ថែទាំ​ការពារ​ពី​ព្រះអង្គ​សង្គ្រោះ ធ្វើ​ឲ្យ​ប្រជាជន​រម្ងាប់​ការភ័យ​តក់ស្លុត​របស់​ខ្លួន ។

ចំណេះ​ដឹង​ត្រឹមត្រូវ​ពី​ព្រះអម្ចាស់ និង សេចក្តី​ជំនឿ​លើ​ទ្រង់ ផ្តល់​អំណាច​ដល់​យើង​ដើម្បី​រម្ងាប់​ការភ័យ​តក់ស្លុត​របស់​យើង ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​ គឺ​ជា​ប្រភព​តែ​មួយ​គត់​នៃ​ភាពសុខសាន្ត​ដ៏​អស់កល្ប ។ ទ្រង់​បាន​ប្រកាស​ថា « ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង​ចុះ ចូរ​ដើរ​ក្នុងភាព​ស្លូតបូត​នៃ​ព្រះវិញ្ញាណ​របស់​យើង នោះ​អ្នក​នឹង​បាន​សេចក្ដី​សុខ​សាន្ត​ក្នុង​យើង » ។(គ និង ស ១៩:២៣) ។

ព្រះអម្ចាស់​ក៏ បាន​ពន្យល់​ដែរ​ថា « អ្នក​ណា​ដែល​ប្រព្រឹត្ត​កិច្ចការ​ទាំងឡាយ ដោយ​សេចក្តីសុចរិត នោះ​នឹង​បាន​ទទួល​រង្វាន់​របស់​ខ្លួន គឺ​សេចក្តី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​បរលោក​នាយ » (គ និង ស ៥៩:២៣) ។

សូម​ទុក​ចិត្ត និង មាន​ជំនឿ​ចិត្ត​លើ​ព្រះគ្រីស្ទ ហើយ​ត្រៀម​ខ្លួន​ពឹងផ្អែក​លើ​គុណ​បុណ្យ សេចក្តី​មេត្តាករុណ និង ព្រះគុណ​ដែល​ដឹកនាំ​ទៅរក​សេចក្តី សង្ឃឹម តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​នៅ​ក្នុង​ដំណើរ​រស់ឡើង​វិញ និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ( សូម​មើល មរ៉ូណៃ ៧:៤១) ។ សេចក្តី​ជំនឿ និង សេចក្តី​សង្ឃឹម​បែប​នោះ អញ្ជើញ​ភាពសុខសាន្ត​ដ៏​ផ្អែមល្ហែម​នៃ​សតិសម្បជញ្ញៈ​មក​ក្នុង​ជីវិត​យើង ដែល​យើង​គ្រប់​គ្នា​អន្ទះសារ​ចង់​បាន ។ អំណាច​នៃ​ដង្វាយធួន​អាច​ធ្វើ​ឲ្យ​មាន​ការប្រែចិត្ត​បាន ហើយ​បង្ក្រាប​ភាព​អស់​សង្ឃឹម ដែល​បណ្តាល​មក​ពី​អំពើ​បាប វា​ក៏​ពង្រឹង​យើង​ឲ្យ​មើល​ឃើញ ធ្វើកិច្ចការ និង ប្រែខ្លួន​ល្អ​តាម​របៀប​ដែល យើង​មិន​អាច​ស្គាល់ ឬ សម្រេច​បាន​ជាមួយ​នឹង​សម្ថតភាព​ដែល​មាន​កំណត់​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ពិតណាស់ ពរជ័យ​មួយ​ដ៏​មហិមា​នៃ​ភាព​ជា​សិស្ស​ដ៏​ស្មោះត្រង់​នោះ​គឺ « សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួសលើស​ពី​អស់​ទាំង​គំនិត » (ភីលីព ៤:៧) ។

សេចក្តី​សុខសាន្ត​ដែល​ព្រះគ្រីស្ទ​ប្រទាន​ឲ្យ ធ្វើ​ឲ្យ​យើង​មើល​ឃើញ​ពី​ជីវិត​រមែង​ស្លាប់​តាមរយៈ​ទស្សនវិស័យ​ដ៏​មាន​តម្លៃ​នៃ​ភាព​អស់កល្ប​ជានិច្ច និង ផ្តល់​ស្ថេរភាព​ខាង​វិញ្ញាណ​( សូមមើល កូល៉ុស ១:២៣) ដែល​ជួយ​យើង​រក្សា​ការបន្ត​ផ្តោត​ចិត្ត​ទុកដាក់​លើ​ជោគវាសនា​សួគ៌ា​របស់​យើង ។ ដូច្នេះ យើង​អាច​ត្រូវ​បាន​ប្រទានពរ​ឲ្យ​រម្ងាប់​ការភ័យ​តក់ស្លុត​របស់​យើង ដោយសារ​គោលលទ្ធិ​ទ្រង់​ផ្តល់​នូវ​គោលបំណង និង ការដឹកនាំ​ក្នុង​គ្រប់​វិស័យ​ទាំងអស់​នៃ​ជីវិត​របស់​យើង ។ ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​នានា​របស់​ទ្រង់ ពង្រឹង និង លួងលោម​ទាំង​ក្នុង​ពេល​សប្បាយ និង ពេល​កើត​ទុក្ខ ។ ហើយ​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ទ្រង់​ប្រទាន​នូវ​ការបញ្ជាក់​ថា អ្វី​ដែល​សំខាន់​ខ្លាំង​បំផុត​នោះ​អាច​ស៊ូទ្រាំ​ទាំង​ក្នុង​ពេល​នេះ និង ភាព​អស់កល្ប​ជានិច្ច ។

ប៉ុន្តែ តើ​យើង​អាច​រម្ងាប់​ការភ័យ​តក់​ស្លុត​ដែល​ហ៊ុំព័ទ្ធ​យើង​យ៉ាង​ងាយ និង ឥត​ឈប់ឈរ​នៅក្នុង​ពិភពលោក​សហសម័យ​របស់​យើង​នេះ​បាន​ដែរ​ឬ​ទេ ? ចម្លើយ​យ៉ាង​ច្បាស់លាស់​ចំពោះ​សំណួរ​នេះ​គឺ បាន ។ មាន​គោលការណ៍​គ្រឹះ​បី​ចម្បង ​ដើម្បី​ទទួល​ពរជ័យ​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង ៖ (១) មើល​ទៅ​ព្រះគ្រីស្ទ (២) សង់​គ្រឹះ​នៅ​លើ​ព្រះគ្រីស្ទ និង (៣) ឈាន​ទៅ​មុខ​ដោយ​ជំនឿ​លើ​ព្រះគ្រីស្ទ ។

មើល​ទៅ​ព្រះគ្រីស្ទ

ពាក្យ​ទូន្មាន​ដែល​អាលម៉ា បាន​បង្រៀន​ដល់​កូន​ប្រុស​គាត់​គឺ ហេលេមិន អនុវត្ត​ទាំងស្រុង​ចំពោះ​យើង​ម្នាក់ៗ​សព្វថ្ងៃ​នេះ ។ « មែនហើយ ចូរ​ឲ្យ​ឃើញ​ថា​កូន​មើល​ទៅ​ព្រះ ហើយ​រស់នៅ » (អាលម៉ា ៣៧:៤៧) ។ យើង​គួរតែ​មើល ហើយ​ផ្តោត​ចិត្ត​របស់​យើង​យ៉ាង​រឹងមាំ​ជាប់​លើ​ព្រះ​អង្គ​សង្គ្រោះ​គ្រប់​ពេល​វេលា និង គ្រប់​ទីកន្លែង​ទាំងអស់ ។

សូម​រំឭក​ពី​ពេល​ដែល​ពួក​សាវក​របស់​ព្រះអម្ចាស់​កំពុង​នៅ​លើ​ទូក អណ្តែត​ឃ្លីងឃ្លោង​នៅ​កណ្តាល​សមុទ្រ ។ ព្រះយេស៊ូវ​បាន​យាង​ទៅ​ជួប​ពួកគេ ដោយ​យាង​លើ​ទឹក ប៉ុន្តែ​ដោយ​ពុំ​ចំណាំ​ទ្រង់​បាន នោះ​ពួកគេ​បាន​ស្រែក​ឡើង​ដោយ​ក្ដី​តក់ស្លុត ។

« តែ​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ ។

« ពេត្រុស​ទូល​តប​ថា ព្រះអម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ។

« ទ្រង់​មាន​ព្រះបន្ទូល​ថា ចូល​មក​ចុះ » (ម៉ាថាយ ១៤:២៧–២៩) ។

ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះយេស៊ូវ ។

តែ​កាល​គាត់​បាន​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា « ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ។

« ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​ព្រះបន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ ? » (ម៉ាថាយ ១៤:៣០–៣១) ។

ខ្ញុំ​គិត​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​អំពី ការឆ្លើយ​តប​របស់​ពេត្រុស​ដ៏​ក្លៀវក្លា និង ភ្លាមៗ​ចំពោះ ការ​អញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ជាមួយ​នឹង​ភ្នែក​ទាំង​គូ​របស់​លោក​សម្លឹង​មិន​ដាក់​លើ​ព្រះ​យេស៊ូវ នោះ​លោក​បាន​ឈាន​ជើង​ចេញ​ពី​ទូក ហើយ​បាន​ដើរ​លើ​ទឹក​យ៉ាង​អស្ចារ្យ ។ គ្រាន់តែ​នៅ​ពេល​លោក​ត្រូវ​បាន​បង្វែរ​ឲ្យ​ក្រឡេក​ទៅ​មើល​ខ្យល់ និង រលក​ដែល​បោកបក់ នោះ​លោក​ទៅជា​ភ័យ​តក់​ស្លុត ហើយ​ចាប់​ផ្តើម​លិច​ចុះ ។

យើង​អាច​ត្រូវ​បាន​ប្រទាន​ពរ ឲ្យ​យក​ឈ្នះ​លើ​សេចក្តី​ភ័យ​តក់ស្លុត ហើយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​ឡើង នៅពេល​យើង​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ៖ « ចូរ​មើល​មក​ឯ​យើង ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » (គ និង ស ៦:៣៦) ។

សង់​គ្រឹះ​នៅ​លើ​ព្រះគ្រីស្ទ

ហេលេមិន​បាន​ដាស់តឿន​កូន​ប្រុស​របស់​លោក គឺ នីហ្វៃ និង លីហៃ ៖ « ចូរចង​ចាំចុះ ចូរចងចាំ​ចុះ​ថា គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាល​ណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏​ខ្លាំងក្លា​របស់​វា​មក មែនហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​គួច មែន​ហើយ កាលណា​ព្រិល និង ខ្យល់​ព្យុះ​កំណាច​ទាំងអស់​របស់​វា បោកបក់​មក​លើ​កូន នោះ​វា​នឹង​គ្មាន​អំណាច​មក​លើ​កូន​ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុងជង្ហុក​នៃ​សេចក្តី​វេទនា និង ទុក្ខលំបាក ដ៏​មិន​ចេះចប់​មិនចេះ​ហើយ ពីព្រោះ​មកពី​សិលា​ដែល​កូន​បានសង់​នៅ​លើ​នោះ ដែលជា​គ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​មួយ​ជា​គ្រឹះ​មួយ បើសិន​ណា​មនុស្ស​សង់​នៅលើ​នោះ នោះ​ពួកគេ មិន​អាច​រលំ​បាន​ឡើយ » (ហេលេមិន ៥:១២) ។

ពិធីបរិសុទ្ធ និង សេចក្តី​សញ្ញា​នានា​ គឺ​ជា​គ្រឿង​សំណង់​ដែល​យើង​ប្រើ​ដើម្បី​សង់​ជីវិត​របស់​យើង​នៅ​លើ​គ្រឹះ​នៃ​ព្រះគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។ យើង​ត្រូវ​បាន​ទាក់ទង​ដោយ​សុវត្ថិភាព​ជាមួយ​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ទទួល​ពិធី​បរិសុទ្ធ​និង ចូល​ទៅ​ក្នុង​សេចក្តី​សញ្ញា​នានា​ដោយ​សក្តិសម ចងចាំ និង គោរព​ការតាំងចិត្ត​ដ៏​ពិសិដ្ឋ​ទាំង​នោះ​ដោយ​ស្មោះត្រង់ ហើយ​រស់នៅ​ស្របតាម​កាតព្វកិច្ច​នានា​ដែល​យើង​បាន​ទទួល​ដោយ​អស់​ពី​សម្ថតភាព​របស់​យើង ។ ហើយ​កិច្ចសន្យា​នោះ​ គឺ​ជា​ប្រភព​នៃ​កម្លាំង និង ស្ថេរភាព​ខាង​វិញ្ញាណ​នៅក្នុង​គ្រប់​រដូវកាល​ទាំងឡាយ​នៃ​ជីវិត​របស់​យើង ។

យើង​អាច​ត្រូវ​បាន​ប្រទានពរ​ដើម្បី​រម្ងាប់​ការភ័យ​តក់ស្លុត​របស់​យើង នៅពេល​យើង​ស្ថាបនា​បំណង​ប្រាថ្នា និង កិច្ចការ​របស់​យើង​ឲ្យ​បាន​រឹងមាំ​លើ​គ្រឹះ​ដ៏​ពិត​ប្រាកដ​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​នានា​របស់​យើង ។

ឈាន​ទៅ​មុខ​ដោយ​ជំនឿ​លើ​ព្រះគ្រីស្ទ

នីហ្វៃ បាន​ប្រកាស​ថា ៖ « ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើ​សិន​ជា​អ្នក​រាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួល​ទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » (នីហ្វៃទី ២ ៣១:២០) ។

ការ​អត់ធ្មត់​ដ៏​មាន​វិន័យ ដែល​បាន​រៀបរាប់​នៅ​ក្នុង​ខ​នេះ​ គឺ​ជា​លទ្ធផល​នៃ​ការយល់​ដឹង និង ការមើល​ឃើញ ការតស៊ូ សេចក្តី​អំណត់ ខាង​វិញ្ញាណ និង ព្រះ​គុណ​នៃ​ព្រះ ។ ការអនុវត្តន៍​សេចក្តី​ជំនឿ​លើ​ព្រះនាម​ដ៏​បរិសុទ្ធនៃ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការចុះចូល​ដោយ​រាបទាប​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ និង ការលៃលក​ពេលវេលា​នៃ​ជីវិត​របស់​យើង​ឲ្យ​ល្អ ហើយ​ទទួល​ស្គាល់​ព្រះហស្ត​របស់​ទ្រង់​ដោយ​រាបសារ​នៅក្នុង​កិច្ចការ​ទាំងឡាយ​ នាំ​មក​នូវ​សេចក្តី​សុខសាន្ត​នៃ​នគរ​ព្រះ​ដែល​នាំ​ឲ្យ​មាន​សេចក្តីអំ​ណរ និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( សូមមើល គ និង ស ៤២:៦១) ។ ទោះបី​ជា​យើង ប្រឈម​មុខ​នឹង​ការលំបាក ហើយ​ជួបប្រទះ​នឹង​ភាពមិន​ពិត​ប្រាកដ​នៃ​អនាគត​ក្ដី ក៏យើង​អាច​បន្ត​រីករាយ ហើយ​រស់នៅ​ក្នុង​ជីវិត​នៃ « សេចក្តី​សុខ​សាន្ត អំពី​ភាព​ជា​ព្រះ និង ភាព​ទៀងត្រង់ » (ធីម៉ូថេទី ១ ២:២) ។

យើង​អាច​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​រម្ងាប់​ការភ័យ​តក់ស្លុត​របស់​យើង នៅពេល​យើង​ទទួល​យក​ចិត្ត​អត់ធ្មត់​ដែល​បាន​មក​ពី​ការសិក្សា និង ការរស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ហើយ​តាំងចិត្ត​ដោយ​អង់អាច​ឈាន​ទៅ​មុខ​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​នេះ ។

សេចក្តី​កោតខ្លាច​ដល់​ព្រះអម្ចាស់

ការភ័យ​ខ្លាច​ផ្សេង​ទៀត​ដែល​យើង​ជួប​ញឹកញាប់​នោះ ត្រូវបាន​រៀបរាប់​នៅ​ក្នុង​ព្រះគម្ពីរ​ថា « កោតខ្លាច​ដល់​ទ្រង់ » (ហេព្រើរ ១២:២៨) ឬ « កោតខ្លាច​ដល់​ព្រះអម្ចាស់ » (យ៉ូប ២៨:២៨; សុភាសិត ១៦:៦; អេសាយ ១១:២–៣) ។ ការកោតខ្លាច​ដល់​ព្រះ គឺ​មិន​ដូច​ជា​ការកោតខ្លាច​ដល់​លោកិយ ដែល​បង្កើត​ឲ្យ​មាន​ការភ្ញាក់ផ្អើល និង ការថប់​បារម្ភ​នោះ​ឡើយ ការកោតខ្លាច​ដល់​ព្រះ​គឺ​ជា​ប្រភព​មួយ​នៃ​ភាពសុខសាន្ត ការធានា និង ទំនុក​ចិត្ត ។

ប៉ុន្តែ​ តើ​អ្វីៗ​ដែល​ទាក់ទង​នឹង​ការភ័យខ្លាច​អាច​ត្រូវ​បាន​ស្អាង​ឡើង ឬ ជួយ​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

ការភ័យខ្លាច​សុចរិត​ដែល​ខ្ញុំ​កំពុង​ព្យាយាម​ពិពណ៌នា​នេះ រូម​បញ្ចូល​នូវ​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​នៃ​គារវភាព ការគោរព និង កោត​ខ្លាច​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ( សូមមើល ទំនុកតម្កើង ៣៣:៨; ៩៦:៤), គោរព​ព្រះបញ្ញត្តិ​ទ្រង់ ( សូមមើល ចោទិយកថា ៥:២៩; ៨:៦; ១០:១២; ១៣:៤; ទំនុកតម្កើង ១១២:១) ហើយ​ចូលរួម​នៅ​ក្នុង​ថ្ងៃ​ជំនុំជម្រះ និង កាត់​សេចក្តី​ចុង​ក្រោយ​នៅ​ឯ​ព្រះហស្ត​ទ្រង់ ។ ដូច្នេះ ការកោតខ្លាច​ដល់​ព្រះ កើតចេញ​ពី​ការ​យល់ដឹង​ត្រឹមត្រូវ​នៃ​និស្ស័យ​ដ៏​ទេវភាព និង បេសកកម្ម​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​មាន​ឆន្ទៈ​ដើម្បី​ចុះចូល​ឆន្ទៈ​របស់​យើង​ទៅ​នឹង​ឆន្ទៈ​ទ្រង់ និង ចំណេះដឹង​ដែល​ថា​បុរស និង ស្ត្រី​គ្រប់​រូប នឹង​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន នៅ​ថ្ងៃ​ជំនុំជំរះ ( សូមមើល គ និង ស ១០១:៧៨; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:២) ។

ដូច​ដែល​ព្រះគម្ពីរ​បញ្ជាក់​ថា សេចក្តី​កោតខ្លាច​ដល់​ព្រះ « គឺ​ជា​ដើមចម​នៃ​តំរិះ » (សុភាសិត ១:៧), « បង្រៀន​ឲ្យ​មាន​ប្រាជ្ញា » (សុភាសិត ១៥:៣៣),« ទីពឹង​មាំមួន » (សុភាសិត ១៤:២៦),និង « រន្ធ​ទឹក​នៃ​ជីវិត » (សុភាសិត ១៤:២៧) ។

សូម​កត់សម្គាល់​ថា សេចក្តី​កោតខ្លាច​ដល់​ព្រះ​ត្រូវ​បាន​ភ្ជាប់​ទៅនឹង​ការយល់​ដឹង​មួយ​ដែល​មិន​អាច​បំបែក​បាន​នៃ​សេចក្តី​ជំនុំជម្រះ​ចុង​ក្រោយ និង ការទទួល​ខុសត្រូវ​របស់​យើង​ម្នាក់ៗ​ចំពោះ​បំណង​ប្រាថ្នា គំនិត ពាក្យ​សម្តី និង ទង្វើ​របស់​យើង ( សូមមើល ម៉ូសាយ ៤:៣០) ។ សេចក្តី​កោតខ្លាច​ដល់​ព្រះអម្ចាស់ ​ពុំ​មែន​ជា​ការក្រែង​មិន​ហ៊ាន​ចូល​មក​ក្នុង​វត្តមាន​របស់​ទ្រង់​ដើម្បី​កាត់​សេចក្តី​ឡើយ ។ ខ្ញុំ​ពុំ​ជឿ​ថា យើង​នឹង​ភ័យខ្លាច​ពេល​ឃើញ​ទ្រង់ទេ​ ។ ផ្ទុយ​ទៅវិញ វា​គឺ​ជា​ត្រៀម​ខ្លួន​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ នៃ​ការប្រឈម​មុខ​ជាមួយ​អ្វីៗ​ដែល​ខ្លួន​យើង​មាន និង ហើយ​មាន « តំរិះ​ដ៏​ឥតខ្ចោះ » (នីហ្វៃទី ២ ៩:១៤; សូមមើល​ផងដែរ អាលម៉ា ១១:៤៣) នៃ​ការដោះសារ ភាព​ក្រអឺតក្រទម និង ការបោក​បញ្ឆោត​ខ្លួន​ឯង​ទាំងអស់​របស់​យើង ។ នៅ​ទីបំផុត យើង​នឹង​ត្រូវ​បាន​ទុក​ចោល​ដោយ​គ្មានការ​ដោះសារ​ឡើយ ។

មនុស្ស​គ្រប់​រូប ដែល​បាន​រស់នៅ ឬ នឹង​មក​​រស់នៅ​លើ​ផែនដី​នេះ « ត្រូវបាន​នាំ​ទៅ​ឈរ​នៅ ចំពោះ​វេទិកា​នៃ​ព្រះ ដើម្បី​ទទួល​ការជំនុំជំរះ​ពី​ទ្រង់ ស្របតាម​កិច្ចការ​ទាំងឡាយ [ របស់​ខ្លួន ] ដើម្បី​ឲ្យ​ឃើញ​ថា​ពួកគេ​ល្អ ឬ​ក៏ ពួកគេ​អាក្រក់ » (ម៉ូសាយ ១៦:១០) ។ បើសិន​បំណង​ប្រាថ្នា​របស់​យើង​មាន​សម្រាប់​ធ្វើ​សេចក្តី​សុចរិត និង កិច្ចការ​ល្អ​របស់​យើង នោះ​វេទិកា​ជំនុំជម្រះ​ក្លាយ​ជា​កន្លែង​រីករាយ ( សូមមើល យ៉ាកុប ៦:១៣; អេណុស ១:២៧; មរ៉ូណៃ ១០:៣៤) ។ ហើយ​នៅ​ថ្ងៃ​ចុង​ក្រោយ​យើង​នឹង « ទទួល​រង្វាន់​ចំពោះ​សេចក្តី​សុចរិត » (អាលម៉ា ៤១:៦) ។

ផ្ទុយ​ទៅវិញ បើសិន​បំណង​ប្រាថ្នា​របស់​យើង​មាន​សម្រាប់​សេចក្តី​ទុច្ចរិត ហើយ​កិច្ចការ​របស់​យើង​អាក្រក់ នោះ​វេទិកា​ជំនុំជម្រះ​​នឹង​ជា​បុព្វហេតុ​នៃ​ការភ័យ​ខ្លាច ។ « យើង​ពុំហ៊ាន​ងើប​មើល​ទៅ​ព្រះ​ទេ តែ​យើង​នឹង​មាន​សេចក្តី​រីករាយ បើសិន​ជា​យើង​អាច​បញ្ជា​ឲ្យ​ថ្ម និង ភ្នំ​ទាំងឡាយ​រលំ​មក​លើ​យើង ដើម្បី​បិទបាំង​យើង​ពី​វត្តមាន​របស់​ទ្រង់​វិញ » (អាលម៉ា ១២:១៤) ។ យើង​នៅ​ថ្ងៃ​ចុង​ក្រោយ យើង​នឹង « បាន​ទទួល​រង្វាន់​អាក្រក់ [ របស់​យើង ] (អាលម៉ា ៤១:៥) ។

ដូច​បាន​សង្ខេប​នៅ​ក្នុង​គម្ពីរ​សាស្តា​ថា ៖

« ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ ។

« ពី​ព្រោះ​ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការណ៍​ទាំង​អស់​មក​ដើម្បី​ជំនុំជំរះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្តី (សាស្ដា ១២:១៣–១៤) ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​ខ្ញុំ​អើយ ការកោតខ្លាច​ដល់​ព្រះ​បណ្តេញ​ការភ័យ​ខ្លាច​នៃ​ជីវិត​រមែង​ស្លាប់​ចេញ។ ការកោតខ្លាច​ដល់​ព្រះ ជំនះ​លើ​ក្តី​បារម្ភ​ដែល​មមៃ​ក្នុង​ចិត្ត​ដែល​ថា យើង​មិន​អាច​ល្អ​គ្រប់គ្រាន់​ខាង​វិញ្ញាណ និង មិន​អាច​បំពេញ​ឲ្យ​គ្រប់​តម្រូវការ និង ការរំពឹង​ទុក​របស់​ព្រះអម្ចាស់​បាន ។ ពិតណាស់ យើង​មិន​អាច​បាន​ល្អ​គ្រប់គ្រាន់ ឬ បំពេញ​អ្វីៗ​ទំាង​នោះ ដោយ​ពឹង​ផ្អែក​ទាំងស្រុង​លើ​សមត្ថភាព និង ទង្វើ​ផ្ទាល់​ខ្លួន​យើង​ឡើយ ។ កិច្ចការ និង បំណង​ប្រាថ្នា​របស់​យើង​តែ​ឯង​មិន និង មិន​អាច​សង្គ្រោះ​យើង​បាន​ឡើយ ។ « បន្ទាប់​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន » (នីហ្វៃទី ២ ២៥:២៣) យើង​ត្រូវ​បាន​បំពេញ​ឲ្យ​គ្រប់គ្រាន់​បាន មានតែ​តាម គុណ​បុណ្យ និង ព្រះគុណ​នៃ​ការបូជា​មួយ​ដ៏និរន្តរ៍ និង អស់​កល្ប​ជានិច្ច​របស់​ព្រះអង្គ​សង្គ្រោះ​តែ​ប៉ុណ្ណោះ ( សូមមើល អាលម៉ា ៣៤:១០, ១៤) ។ ពិតណាស់ « យើង​ខ្ញុំ​ជឿ​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយសារ​ការ​គោរព​តាមក្រិត្យវិន័យ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹង​ល្អ » ។ (មាត្រា​នៃ​សេចក្តី​ជំនឿ ១:៣) ។

សេចក្តីកោត​ខ្លាច​ដល់​ព្រះ ​គឺ​ជា​ការស្រឡាញ់ និង ទុកចិត្ត​លើ​ទ្រង់ ។ នៅ​ពេល​យើង​កាន់តែ​កោតខ្លាច​ដល់​ព្រះ​ទាំងស្រុង នោះ​យើង​កាន់តែ​ស្រឡាញ់​ទ្រង់​យ៉ាង​ឥតខ្ចោះ ។ ហើយ « សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ បណ្តេញ​ការភ័យ​ខ្លាច​ចេញ​អស់​ទៅ » (មរ៉ូណៃ ៨:១៦) ។ ខ្ញុំ​សូម​សន្យា​ថា ពន្លឺ​នៃ​សេចក្តី​កោតខ្លាច​ដល់​ព្រះ នឹង​បណ្តេញ​ស្រមោល​ងងឹត​នៃ​សេចក្តី​ខ្លាច​នៃ​ជីវិត​រមែង​ស្លាប់ ( សូមមើល គ និង ស ៥០:២៥) នៅពេល​យើង​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ សង់​គ្រឹះ​នៅ​លើ​ទ្រង់ និង ឈាន​ទៅ​មុខ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​ការតាំងចិត្ត​ដែល​បាន​ឧទ្ទិស​ចំពោះ​ទ្រង់ ។

ទីបន្ទាល់ និង ការសន្យា

ខ្ញុំ​ស្រឡាញ់ និង គោរព​ព្រះអម្ចាស់ ។ ព្រះចេស្តា និង ភាព​សុខសាន្ត​របស់​ទ្រង់​ គឺ​មានពិត ។ ទ្រង់​ជា​អង្គ​ប្រោសលោះ​របស់​យើង ហើយ​ខ្ញុំ​ដឹង​ថា ​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ហើយ​តាមរយៈ​ទ្រង់ នោះ​ចិត្ត​របស់​យើង​មិន​ចាំបាច់​ថប់បារម្ភ ឬ ភ័យ​ឡើយ ( សូមមើល យ៉ូហាន ១៤:២៧) ហើយ​យើង​នឹង​ត្រូវ​បាន​ប្រទាន​ពរ ដើម្បី​រម្ងាប់​ភាព​ភ័យ​តក់ស្លុត​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។