សូមនៅក្បែរដើមឈើនោះ
ការនិមិត្តរបស់លីហៃអំពីដើមនៃជីវិតគឺជារឿងប្រៀបធៀបដ៏មានអានុភាពអំពីការកាន់ខ្ជាប់ដល់ចុងបំផុត ។
មុនពេលប្រធាន ហើ ប៊ើរ ជេ ហ្គ្រេន ទទួលមរណភាព មានអ្នកមានសិទ្ធិអំណាចទូទៅម្នាក់បានទៅលេងផ្ទះលោក ។ មុនពេលអ្នកមានសិទ្ធិអំណាចទូទៅនោះចេញទៅវិញ ប្រធាន ហ្គ្រេន បានអធិស្ឋានថា « ឱព្រះអើយ សូមប្រទានពរដល់ខ្ញុំកុំឲ្យខ្ញុំបាត់បង់ទីបន្ទាល់ខ្ញុំឡើយ ហើយសូមរក្សាភាពស្មោះត្រង់រហូតដល់ថ្ងៃបំផុត ! »១ បន្ទាប់ពីអស់រយៈពេលជិត ២៧ ឆ្នាំក្នុងនាមជាប្រធានសាសនាចក្រ នេះគឺជាការទូលអង្វរដ៏ស្មោះអស់ពីចិត្តរបស់លោក ។ គំរូរបស់លោកគឺជាការរំឭកដ៏មានអំណាចថា គ្មាននរណាម្នាក់អាចគ្មានការល្បួងពីសាតាំងទេ ទោះនៅជំនាន់ណាក៏ដោយ ។ អាវុធដ៏ខ្លាំងបំផុតពីរយ៉ាងរបស់សាតាំងគឺការរំខាន និង ការបោកបញ្ឆោត ។
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតជាសញ្ញាសម្គាល់អំពីភាពជាសិស្សដ៏ពិត ហើយសំខាន់ចំពោះជីវិតអស់កល្បជានិច្ច ។ ប៉ុន្តែនៅពេលយើងជួបប្រទះនឹងការសាកល្បង និង ឧបសគ្គជាញឹកញាប់យើងត្រូវបានប្រាប់នូវឃ្លាសាមញ្ញមួយថា « សូមទ្រាំបន្តិច » ។ ខ្ញុំសូមពន្យល់ឲ្យច្បាស់ថា « សូមទ្រាំបន្តិច » មិនមែនជាគោលការណ៍នៃដំណឹងល្អឡើយ ។ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត មានន័យថា ការមករកព្រះគ្រីស្ទ ហើយឲ្យល្អឥតខ្ចោះយ៉ាងខ្ជាប់ខ្ជួនក្នុងទ្រង់ ។
បើការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺជាអ្វីដែលសំខាន់ចំពោះជីវិតអស់កល្បជានិច្ច ហេតុអ្វីក៏យើងលំបាកដើម្បីមានភាពស្មោះត្រង់ដូច្នេះ ? យើងលំបាក នៅពេលយើងត្រូវជ្រើសរើសយកអាទិភាពនានា ។ ការគោរពប្រតិបត្តិធម្មតាៗ និងការតាំងចិត្តពុំមុតមាំធ្វើឲ្យសេចក្ដីជំនឿទន់ខ្សោយ ។ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត តម្រូវឲ្យមានការតាំងចិត្តទាំងស្រុង ចំពោះព្រះសង្គ្រោះ និង ចំពោះសេចក្តីសញ្ញារបស់យើង ។
ការនិមិត្តរបស់លីហៃអំពីដើមជីវិត គឺជារឿងប្រៀបធៀបមួយដ៏មានឥទ្ធិពលអំពីការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ សូមសិក្សា និង ពិចារណាដោយការអធិស្ឋានអំពីសុបិនរបស់លីហៃ ហើយប្រៀបប្រដូចវាមកនឹងខ្លួនអ្នក ។ នៅពេលអ្នកធ្វើដូច្នោះ សូមពិចារណាអំពីគោលការណ៍ចំនួនប្រាំមួយដោយយកចិត្តទុកដាក់ ដែលវាជួយយើងឲ្យការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
១. ចូរកុំភ្លេចអធិស្ឋាន
យើងចាប់ផ្តើមត្រង់ពេលលីហៃនៅតែម្នាក់ឯង « ទីចោលស្ងាត់មួយដ៏ងងឹត ហើយអាប់អួរ » ។២ យើងម្នាក់ៗធ្លាប់ជួបគ្រានៃភាពងងឹត និង ឯកោ ។ « កាលជីវិតងងឹត និង លំបាក ចូរកុំភ្លេចអធិស្ឋាន » ។៣ សូមធ្វើតាម គំរូរបស់ប្រធាន ហើរប៊ើ ជេ. ហ្គ្រេន ។ សូមអធិស្ឋានសុំកម្លាំងដើម្បីកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ សូមទូលសួរព្រះវរបិតាសួគ៌ « តើមានអ្វីទៀតដែលទ្រង់ចង់ឲ្យទូលបង្គំធ្វើ ? »
២. ចូរមករកព្រះគ្រីស្ទ ហើយឲ្យល្អឥតខ្ចោះក្នុងទ្រង់ចុះ
ដើមឈើជីវិត គឺត្រូវបានផ្តោតយ៉ាងខ្លាំងនៅក្នុងសុបិនរបស់លីហៃ ។ អ្វីគ្រប់យ៉ាងផ្តោតទៅលើដើមឈើជីវិត ។ ដើមឈើតំណាងឲ្យព្រះគ្រីស្ទ ដែលបង្ហាញយ៉ាងច្បាស់អំពីសេចក្តីស្រឡាញ់នៃព្រះ។ ផ្លែឈើ គឺជាដង្វាយធួនដ៏និរន្តរ៍មួយ ហើយគឺជាភស្តុតាងដ៏ធំនៃសេចក្តីស្រឡាញ់របស់ព្រះ ។ ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយមនុស្សជាទីស្រឡាញ់យើងគឺជាការណ៍ដ៏ផ្អែមល្ហែម និង គួរឲ្យប្រាថ្នាចង់បានជាងអ្វីៗទាំងអស់ ។ ដើម្បីដឹងពីអំណោយនេះ យើងត្រូវតែ « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះក្នុងទ្រង់ »៤ ទ្រង់គឺជា « ផ្លូវ ជាសេចក្តីពិត ហើយជាជីវិត » ។៥ យើងអាចបំពេញក្នុងជីវិតរបស់ជាមួយនឹងភាពជោគជ័យ និងការធ្វើល្អ ប៉ុន្តែនៅទីបំផុត បើយើងពុំចូលទៅក្នុងសេចក្ដីសញ្ញាពិសិដ្ឋ ដើម្បីធ្វើតាមព្រះគ្រីស្ទ ហើយរក្សាសេចក្ដីសញ្ញាដោយស្មោះត្រង់ទេ នោះយើងនឹងបាត់បង់ទីសម្គាល់ទាំងស្រុង សូន្យសុង ។
៣. ឈានទៅមុខដោយជំនឿ
មានផ្លូវមួយដែលនាំទៅកាន់ដើមឈើជីវិត គឺទៅកាន់ព្រះគ្រីស្ទ ។ វាគឺជាផ្លូវត្រង់ ហើយចង្អៀត តឹងរឹង និង ប្រាកដប្រជា ។ បទបញ្ញត្តិរបស់ព្រះគឺតឹងរឹង ប៉ុន្តែពុំមែនគ្មានព្រំដែននោះទេ ។ បទបញ្ញត្តិទាំងនោះការពារយើងកុំឲ្យមានគ្រោះថ្នាក់ខាងវិញ្ញាណ និង ខាងសាច់ឈាម ហើយការពារយើងកុំឲ្យវង្វេងផ្លូវ ។
ការគោរពប្រតិបត្តិបង្កើតជំនឿលើព្រះគ្រីស្ទ ។ សេចក្តីជំនឿគឺជាគោលការណ៍នៃសកម្មភាព និង អានុភាព ។ ការធ្វើតាមគំរូព្រះអង្គសង្គ្រោះឲ្យជាប់លាប់ នាំឲ្យមានអានុភាព និង សមត្ថភាពខាងវិញ្ញាណ ។ បើគ្មានអំណាចនៃដង្វាយធួនដ៏រឹងមាំ បានផ្តល់ឲ្យទេ នោះយើងមិនអាចបន្តនៅលើផ្លូវ និង កាន់ខ្ជាប់ដរាបដល់ចុងបំផុតឡើយ ។
« អ្នករាល់គ្នាត្រូវតែឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ។៦
៤. ព្រះគម្ពីរមរមនគឺជាគន្លឹះឆ្ពោះទៅកាន់ការសង្គ្រោះខាងវិញ្ញាណ
ដំណើរជីវិតគឺមានឧបសគ្គ ។ វាងាយស្រួលនឹងត្រូវបង្វែរស្មារតី ធ្លាក់ចុះពីផ្លូវ ហើយវង្វេង ។ សេចក្តីទុក្ខលំបាកគឺមិនអាចចៀសរួច ហើយជាផ្នែកចាំបាច់មួយនៃការរីកចម្រើនអស់កល្បជានិច្ចរបស់យើង ។ ពេលសេចក្តីវេទនាចូលមក ចូរកុំឲ្យអ្វីដែលអ្នកមិនយល់ច្បាស់ទៅបំផ្លាញអ្វីៗដែលអ្នកដឹងឡើយ ។ ចូរអត់ធ្មត់ តោងជាប់សេចក្តីពិត នោះការយល់ដឹងនឹងបានប្រទានមក ។ ការសាកល្បងគឺដូចជាអ័ព្ទដ៏ធំនៃសេចក្តីងងឹត ដែលអាចកំបាំងភ្នែកយើង ហើយពង្រឹងចិត្តយើង ។ លុះត្រាតែយើង « កាន់ខ្ជាប់ជានិច្ច »7 ក្នុងការសិក្សាព្រះបន្ទូលព្រះ ហើយរស់នៅតាមព្រះបន្ទូល បើមិនដូច្នោះទេ យើងនឹងត្រូវក្លាយជាមនុស្សខ្វាក់ខាងវិញ្ញាណ ជាជាងមានគំនិតដែលជាប់ទៅខាងវិញ្ញាណ ។ សូមព្យាយាមសិក្សាព្រះគម្ពីរមរមន និង ពាក្យសម្តីរបស់ព្យាការីដែលកំពុងរស់នៅឲ្យបានរៀងរាល់ថ្ងៃ រៀងរាល់ថ្ងៃ រៀងរាល់ថ្ងៃ ! វាគឺជាគន្លឹះឆ្ពោះទៅកាន់ការសង្គ្រោះខាងវិញ្ញាណ និង ចៀសផុតពីការបោកបញ្ឆោត ។ បើគ្មានព្រះគម្ពីរទេ នោះយើងនឹងវង្វេងខាងវិញ្ញាណ ។
៥. ចូរកុំឲ្យគេបង្វែរស្មារតី និង បោកបញ្ឆោតឡើយ
ប្រុងស្តាប់ មានន័យថា ការផ្តោតអារម្មណ៍យ៉ាងយកចិត្តទុកដាក់ ។ ការប្រុងស្តាប់តាមអស់អ្នកដែលគ្មានជំនឿលើព្រះគ្រីស្ទ នោះនឹងពុំជួយអ្នកឲ្យរកឃើញទ្រង់ឡើយ ។ ការស្វែងរក #spaciousbuilding (អគារដ៏ធំទូលាយ) តាមអ៊ិនធើរណែត ដើម្បីទទួលចំណេះដឹង នឹងពុំដឹកនាំអ្នកទៅរកសេចក្តីពិតបានឡើយ ។ វាពុំមានបង្ហោះទេ ។ មានតែព្រះអង្គសង្គ្រោះប៉ុណ្ណោះដែលមាន « ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ។8 អ្វីផ្សេងទៀតគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះ ។ អគារដ៏ធំ ហើយទូលាយ តំណាងឲ្យ « គំនិតដ៏ឥតប្រយោជន៍ និង ជាសេចក្តីឆ្មើងឆ្មៃ »9 នៃពិភពលោក—ពាក្យម្យ៉ាងទៀតថា បង្វែរស្មារតី និង បោកបញ្ឆោត ។ អគារនោះពេញទៅដោយមនុស្សដែលស្លៀកពាក់ស្អាតៗ ដែលហាក់ដូចជាមានអ្វីៗគ្រប់យ៉ាង ។ ប៉ុន្តែពួកគេសើចចំអកដល់ព្រះអង្គសង្គ្រោះ និង អស់អ្នកដែលដើរតាមទ្រង់ ។ ពួកគេ« រៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ » ។10 តាមគំនិតលោកិយពួកគេអាចត្រឹមត្រូវ ប៉ុន្តែពួកគេវង្វេងខាងវិញ្ញាណ ។
៦. សូមនៅក្បែរដើមឈើនោះ
សារលិខិតរបស់លីហៃគឺឲ្យនៅក្បែរដើមឈើនោះ។ យើងបន្តនៅ ពីព្រោះយើងបានប្រែចិត្តជឿចំពោះព្រះអម្ចាស់ហើយ។ អាលម៉ាបានបង្រៀនថា « មើលចុះ ទ្រង់បានកែប្រែចិត្តរបស់គេ មែនហើយ ទ្រង់បានដាស់ពួកគេឲ្យភ្ញាក់ពីដំណេកដ៏លង់លក់ ហើយគេក៏បានភ្ញាក់ឡើងចំពោះព្រះ » ។11 នៅពេលយើងថ្វាយដួងចិត្តដល់ព្រះ នោះព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្តូរនិស្ស័យយើង ហើយយើងនឹងប្រែចិត្តជឿកាន់តែខ្លាំងចំពោះព្រះអម្ចាស់ ហើយយើងពុំស្វែងរកអគារដ៏ធំ និង ទូលាយទៀតឡើយ ។ បើសិនយើងឈប់ធ្វើកិច្ចការទាំងនោះដែលនាំមកនូវការប្រែចិត្តជឿកាន់តែខ្លាំង នោះយើងខ្សោយខាងវិញ្ញាណហើយ ។ ការក្បត់សាសនាគឺជាការប្រឆាំងនឹងការប្រែចិត្តជឿ ។
ជូនចំពោះអ្នកផ្សាយសាសានាទាំងអស់តាំងពីពេលមុន និង បច្ចុប្បន្ន ៖ អែលឌើរ និង ស៊ីស្ទើរ អ្នកមិនអាចត្រឡប់ពីបេសកកម្មរបស់អ្នក ហើយត្រឡប់ទៅកាន់ផ្លូវចាស់នៃលោកិយវិញ ហើយចំណាយពេលជាច្រើនម៉ោងឲ្យតម្លៃទៅលើវីដេអូហ្គេមដែលមិនស្អាតស្អំ ដែលនាំឲ្យវិញ្ញាណយើងចុះខ្សោយនោះឡើយ ។ ឬអ្នកអាចបណ្តោយខ្លួនឲ្យមើលការណ៍អាសគ្រាមលើអ៊ិនធើរណែត ហើយមិនអើពើនឹងគុណធម៌ និង ព្រហ្មចារីភាពដោយមិនខ្លាចក្រែងពីផលវិបាកខាងវិញ្ញាណនោះឡើយ ។ បើអ្នកបាត់បង់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកវង្វេងផ្លូវហើយ ។ ចូរកុំឲ្យគេបង្វែរស្មារតី និង បោកបញ្ឆោតឡើយ ។
កូនសិស្សពិតបន្តភ្ញាក់រឭកចំពោះព្រះអម្ចាស់រាល់ថ្ងៃតាមការអធិស្ឋានផ្ទាល់ខ្លួនដ៏មានន័យ ការស្រេកឃ្លានសិក្សាព្រះគម្ពីរ ការគោរពប្រតិបត្តិផ្ទាល់ខ្លួន និង ការបម្រើដោយពុំគិតពីខ្លួនឯង ។ សូមនៅក្បែរដើរឈើនោះ ហើយបន្តភ្ញាក់ដឹងខ្លួន ។
ច្រើនឆ្នាំមកហើយ ស៊ីស្ទើរ ភៀរសិន និង ខ្ញុំត្រូវបានហៅឲ្យគ្រប់គ្រងលើបេសកកម្មតាកូម៉ា វ៉ាស៊ីនតោន ។ ការហៅបម្រើនោះគឺជាក្តីរំភើបមួយយ៉ាងពិត ។ ដោយមានការភ័យខ្លះៗ ខ្ញុំបានជួបជាមួយប្រធាន និង នាយកប្រតិបត្តិក្រុមហ៊ុន កន្លែងធ្វើការខ្ញុំ ប្រាប់ពួកគាត់អំពីការហៅបម្រើខ្ញុំ ។ ពួកគេអន់ចិត្តខ្លាំងណាស់ ចំពោះការសម្រេចចិត្តរបស់ខ្ញុំចាកចេញពីក្រុមហ៊ុន ។ ពួកគេបានសួរថា « ពេលអ្នកសម្រេចបែបនេះ ហេតុអ្វីក៏អ្នកមិនព្រមពិភាក្សានឹងពួកយើងជាមុនសិន ? »
នៅចំពេលនោះ ចម្លើយដ៏ប្រពៃមួយបានផុសឡើងក្នុងគំនិតខ្ញុំ ។ ខ្ញុំថ្លែងថា « ខ្ញុំធ្វើការសម្រេចចិត្តនេះ តាំងពីអាយុ១៩ ឆ្នាំ មកម៉្លេះ ពេលខ្ញុំបានធ្វើសេចក្តីសញ្ញាពិសិដ្ឋជាមួយព្រះនៅក្នុងព្រះវិហារបរិសុទ្ធដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ។ ខ្ញុំបានកសាងជីវិតខ្ញុំទាំងមូលលើសេចក្តីសញ្ញាទាំងនោះ ហើយខ្ញុំមានចិត្តរក្សាវាពេញលេញក្នុងពេលឥឡូវនេះ » ។
ពេលយើងចុះសេចក្តីសញ្ញាជាមួយព្រះ នោះគ្មានការត្រឡប់ក្រោយឡើយ ។ ការចុះចូល ការចុះចាញ់ និងការចេញ ពុំមែនជាជម្រើសទេ ។ នៅក្នុងនគររបស់ព្រះ មានបទដ្ឋាននៃភាពល្អបំផុតសម្រាប់ភាពលើកតម្កើង ។ វាតម្រូវឲ្យមានភាពជាសិស្សដ៏ក្លាហាន ! វាគ្មានកន្លែងសម្រាប់សិស្សមធ្យម ឬ សិស្សឥតខ្វល់នោះឡើយ ។ ភាពជាមធ្យម គឺជាសត្រូវនៃភាពល្អបំផុត ហើយការតាំងចិត្តមធ្យមៗ នឹងឃាំងអ្នកមិនឲ្យកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។
បើអ្នកកំពុងមានបញ្ហា ភាន់ច្រឡំ ឬ វង្វេងខាងវិញ្ញាណ ខ្ញុំសូមជម្រុញអ្នកឲ្យធ្វើកិច្ចការមួយ ដែលខ្ញុំដឹងថានឹងនាំអ្នកឲ្យត្រឡប់មកលើផ្លូវត្រឹមត្រូវវិញ ។ ចូរចាប់ផ្ដើមម្ដងទៀតដើម្បីសិក្សាព្រះគម្ពីរមរមនដោយការអធិស្ឋាន ហើយរស់នៅតាមការបង្រៀនជារៀងរាល់ថ្ងៃ រាល់ថ្ងៃ រាល់ថ្ងៃ ! ខ្ញុំសូមថ្លែងទីបន្ទាល់អំពីអំណាចដ៏អស្ចារ្យនៅក្នុងព្រះគម្ពីរមរមន ថា វានឹងផ្លាស់ប្តូរជីវិតអ្នក ហើយពង្រឹងបំណងប្រាថ្នារបស់អ្នកដើម្បីធ្វើតាមព្រះគ្រីស្ទ ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងផ្លាស់ប្ដូរដួងចិត្តរបស់អ្នក ហើយជួយអ្នកមើលឃើញ « ការណ៍ដែលពួកគេពិតជាមាន » ។១២ទ្រង់នឹងបង្ហាញនូវអ្វីដែលអ្នកចាំបាច់ត្រូវធ្វើបន្ទាប់ ។ នេះជាការសន្យារបស់នីហ្វៃសម្រាប់អ្នក ៖
« ហើយខ្ញុំបាននិយាយទៅពួកគេថា… អស់អ្នកណាដែលប្រុងស្តាប់តាមព្រះបន្ទូលនៃព្រះ ហើយតោងជាប់តាមព្រះបន្ទូលនៃព្រះ នោះនឹងមិនត្រូវវិនាសឡើយ សូម្បីតែការល្បួងទំាងឡាយ និង ព្រួញភ្លើងទាំងឡាយរបស់មារសត្រូវក៏មិនអាចឈ្នះលើគេ ដល់ទៅធ្វើឲ្យគេខ្វាក់ ដើម្បីនាំគេទៅ ឯសេចក្តីបំផ្លិចបំផ្លាញបានដែរ ។
« ហេតុដូច្នោះហើយ ខ្ញុំ … បានទូន្មានពួកគេឲ្យពួកគេស្ដាប់បង្គាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ … ហើយចងចាំ និងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ជានិច្ចនៅគ្រប់ការណ៍ទាំងអស់ » ។១៣
បងប្អូនប្រុសស្រីអើយ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺជាការសាកល្បងដ៏ធំនៃភាពជាសិស្ស ។ ភាពជាសិស្សជារៀងរាល់ថ្ងៃរបស់យើង នឹងកំណត់ពីជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។ សូមភ្ញាក់ដឹងខ្លួននៅចំពោះព្រះ សូមតោងជាប់នឹងសេចក្តីពិត សូមរក្សាសេចក្តីសញ្ញាពិសិដ្ឋរបស់អ្នកក្នុងព្រះវិហារបរិសុទ្ធ ហើយសូមនៅក្បែរដើមឈើនោះ !
ខ្ញុំថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទដែលបានរស់ឡើងវិញ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ។ ខ្ញុំដឹងថាទ្រង់មានព្រះជន្មរស់ ។ បំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំគឺថា ខ្ញុំនឹងនៅពិត ហើយស្មោះត្រង់រហូតដល់ទីបញ្ចប់ ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។