ការបំពេញក្នុងគេហដ្ឋានរបស់យើងដោយពន្លឺ និងសេចក្ដីពិត
ដើម្បីឲ្យយើង និងគ្រួសារយើងទប់ទល់នឹងសម្ពាធខាងលោកិយបាន នោះយើងត្រូវតែបំពេញដោយពន្លឺ និងសេចក្ដីពិតនៃដំណឹងល្អ ។
ដួងចិត្តរបស់ខ្ញុំបានពោរពេញដោយព្រះវិញ្ញាណ ពេលខ្ញុំស្ដាប់គ្រួសារទាំងនេះបង្រៀនពីសេចក្ដីពិតពិសិដ្ឋថា ៖ « គ្រួសារគឺមកពីព្រះ » 1 តន្ត្រីដ៏បំផុសគំនិតគឺជាវិធីមួយនៃ វិធីជាច្រើនដែលយើងអាចដឹងពីព្រះវិញ្ញាណខ្សឹបប្រាប់យើង បំពេញក្នុងខ្លួនយើងដោយពន្លឺ និងសេចក្ដីពិត ។
គោលគំនិតនៃការពេញដោយពន្លឺ និងសេចក្ដីពិត ក្លាយជារឿងសំខាន់ជាពិសេសសម្រាប់ខ្ញុំ ដោយសារតែបទពិសោធន៍មួយដែលខ្ញុំមានកាលពីជាច្រើនឆ្នាំកន្លងទៅ ។ ខ្ញុំបានចូលរួមក្នុងការប្រជុំមួយ ដែលសមាជិកនៃគណៈកម្មការយុវនារីទូទៅបានបង្រៀនអំពីការបង្កើតគ្រួសារ និងគេហដ្ឋានឲ្យរឹងមាំខាងវិញ្ញាណ ។ ដើម្បីបង្ហាញរឿងនេះឲ្យឃើញនឹងភ្នែក នោះអ្នកដឹកនាំយុវនារី ម្នាក់បានលើកកំប៉ុងសូដាពីរឡើង ។ នៅដៃម្ខាងគាត់បានកាន់កំប៉ុងមួយដែលនៅទទេ ហើយនៅដៃម្ខាងទៀតកាន់កំប៉ុងសូដាដែលពុំទាន់គាស់បើក ។ ដំបូង គាត់បានច្របាច់កំពុងទទេនោះ វាចាប់ផ្ដើមកំពៀច ហើយខូចដោយសារសម្ពាធ ។ បន្ទាប់មក នៅដៃម្ខាងទៀត គាត់បានច្របាច់កំប៉ុងដែលពុំទាន់គាស់នោះ ។ វានៅរឹងប៉ឹង ។ វាពុំកំពៀច ឬខូច ដូចជាកំប៉ុងទទេនោះទេ--ដោយសារវាមានទឹកពេញ ។
យើងប្រៀបធៀបការបង្ហាញនេះទៅនឹងជីវិតបុគ្គលម្នាក់ៗយើង និងគេហដ្ឋាន និងក្រុមគ្រួសារយើង ។ នៅពេលបានពេញដោយព្រះវិញ្ញាណ និងសេចក្ដីពិតដំណឹងល្អ នោះយើងមានអំណាចដើម្បីទប់ទល់នឹងកម្លាំងខាងក្រៅរបស់លោកិយ ដែលហ៊ុំព័ទ្ធ និងរុញច្រានយើងនោះ ។ ទោះជាយ៉ាងណាក៏ដោយ បើយើងពុំបានពេញខាងវិញ្ញាណទេ នោះយើងមិនមានកម្លាំងខាងក្នុងខ្លួនដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ ហើយអាចនឹងធ្លាក់ចុះ ពេលកម្លាំងទាំងឡាយរុញច្រានលើយើង ។
សាតាំងវាដឹងថា ដើម្បីឲ្យយើង និងគ្រួសារយើងទប់ទល់នឹងសម្ពាធខាងលោកិយបាន នោះយើងត្រូវតែបំពេញដោយពន្លឺ និងសេចក្ដីពិតដំណឹងល្អ ។ ដូច្នេះវាធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចវាដើម្បីឲ្យយើងទន់ខ្សោយ យល់ខុស និងបំផ្លាញសេចក្ដីពិតនៃដំណឹងល្អ ហើយរារាំងយើងពីសេចក្ដីពិតនោះ ។
មានគ្នាយើងជាច្រើន បានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលមានតួនាទីបើកសម្ដែង និងបង្រៀនសេចក្ដីពិតនៃរឿងគ្រប់យ៉ាង ។២ ដោយឯកសិទ្ធិនៃអំណោយទាននោះ នាំឲ្យមាននូវទំនួលខុសត្រូវដើម្បីស្វែងរកសេចក្ដីពិត ដើម្បីរស់នៅតាមសេចក្ដីពិតដែលយើងស្គាល់ និងចែកចាយ ហើយការពារសេចក្ដីពិត ។
កន្លែងមួយដែលយើងស្វែងរកបំពេញដោយពន្លឺ និងសេចក្ដីពិតដ៏ល្អបំផុត គឺនៅក្នុងគេហដ្ឋានរបស់យើង ។ ពាក្យនៅក្នុងកន្លែងបន្ទរនៃបទចម្រៀងដែលយើងស្ដាប់ឮ រំឭកយើងថា « ព្រះប្រទានក្រុមគ្រួសារមួយដល់យើង ដើម្បីជួយយើង ប្រែក្លាយដូចទ្រង់ » ។3 ក្រុមគ្រួសារ គឺជារោងជាងរបស់ព្រះអម្ចាស់នៅលើផែនដីដើម្បីជួយយើងរៀន និងរស់នៅតាមដំណឹងល្អ ។ យើងកើតមកក្នុងគ្រួសារយើងដោយមាននូវកាតព្វកិច្ចពិសិដ្ឋមួយ ដើម្បីជួយពង្រឹងដល់គ្នាទៅវិញទៅមកខាងវិញ្ញាណ ។
ក្រុមគ្រួសារដ៏រឹងមាំអស់កល្បជានិច្ច និងគេហដ្ឋានដែលពេញដោយព្រះវិញ្ញាណ ពុំមែនកើតឡើងឯកឯងទេ ។ ពួកគេចាំបាច់ត្រូវខិតខំយ៉ាងខ្លាំង ពួកគេចំណាយពេល ហើយពួកគេនាំក្រុមគ្រួសារម្នាក់ៗធ្វើនូវចំណែករបស់គាត់ ឬនាង ។ គេហដ្ឋាននិមួយៗ គឺផ្សេងគ្នា ប៉ុន្តែគ្រប់គេហដ្ឋាន ដែលមានមនុស្សតែម្នាក់ស្វែងរកសេចក្ដីពិត នោះអាចធ្វើឲ្យមានភាពខុសប្លែក ។
យើងត្រូវបានទូន្មានជាបន្ដបន្ទាប់ឲ្យបង្កើនចំណេះដឹងខាងវិញ្ញាណរបស់យើង តាមរយៈការអធិស្ឋាន និងការសិក្សា និងការពិចារណាបទគម្ពីរ ហើយនឹងពាក្យសម្ដីរបស់ពួកព្យាការីនៅរស់ ។ នៅក្នុងប្រសាសន៍សន្និសីទទូទៅរបស់លោក អំពីការទទួលទីបន្ទាល់នៃពន្លឺ និងសេចក្ដីពិត នោះប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានមានប្រសាសន៍ថា ៖
« ព្រះដ៏អស់កល្ប និងមានគ្រប់ព្រះចេស្ដា… នឹងមានបន្ទូលទៅកាន់អ្នកដែលទៅរកទ្រង់ដោយមានចិត្តស្មោះសរ និងស្មោះអស់ពីចិត្ត ។
« ទ្រង់នឹងមានបន្ទូលទៅកាន់គេក្នុងសុបិន ការនិមិត្ត គំនិត និងអារម្មណ៍ » ។
ប្រធាន អុជដូហ្វ បានបន្តថា ៖ « ព្រះពិតជាខ្វាយខ្វល់ពីបងប្អូន ។ ទ្រង់នឹងព្រះសណ្ដាប់ ហើយឆ្លើយតបរាល់សំណួរបងប្អូន ។ ចម្លើយចំពោះការអធិស្ឋានរបស់អ្នកនឹងប្រទានឲ្យស្របតាមវេលា និងមាគ៌ារបស់ទ្រង់ ដូច្នេះបងប្អូនត្រូវរៀនស្ដាប់ព្រះសូរសៀងទ្រង់ ។៤
រឿងប្រវត្តិគ្រួសារខ្លីមួយ បង្ហាញពីដំបូន្មាននេះ ។
ជាច្រើនខែកន្លងទៅ ខ្ញុំបានអានទីបន្ទាល់អំពីបងស្រីរបស់ជីតាទួតខ្ញុំ ឈ្មោះ អេលីស្សាប៊ែត ស្តាហ៊ីលី វ៉កឃើរ ។ កុមារ អេលីស្សាប៊ែត បានធ្វើអន្ដោប្រវេសន្ដទៅអាមេរិកពីប្រទេស ញូវហ្សឺឡែន ជាមួយនឹងគ្រួសារគាត់ ។
បន្ទាប់ពី អេលីស្សាប៊ែត បានរៀបការ គាត់ និងស្វាមី និងកូនៗបានរស់នៅរដ្ឋយូថាហ៍ ជិតព្រំប្រទល់រដ្ឋ ណាវ៉ាដា ដែលពួកគាត់បើកស្ថានីយ៍ផ្ញើរសំបុត្រ ។ គេហដ្ឋារបស់ពួកគាត់ គឺជាកន្លែងឈប់សម្រាករបស់អ្នកធ្វើដំណើរ ។ រាល់ថ្ងៃរាល់យប់ ពួកគាត់ត្រូវត្រៀមអាហាររួចរាល់ ហើយលក់អាហារដល់អ្នកធ្វើដំណើរ ។ វាជាកិច្ចការធ្ងន់ធ្ងរ អស់កម្លាំង ហើយបានសម្រាកតែបន្ដិចបន្តួច ។ ប៉ុន្តែរឿងដ៏ធំបំផុតដែល អេលីស្សាប៊ែត បារម្ភ គឺការសន្ទនារបស់មនុស្ស ដែលពួកគេប្រាស្រ័យទាក់ទង ។
អេលីស្សាប៊ែត បាននិយាយថា មកដល់ពេលនេះ គាត់តែងតែដោយគ្មានសង្ស័យថា ព្រះគម្ពីរមរមនពិត ថា ព្យាការីយ៉ូសែប ស្ម៊ីធ ត្រូវបានអនុញ្ញាតមកពីព្រះ ដើម្បីធ្វើនូវអ្វីដែលលោកបានធ្វើ ហើយថាសារលិខិតនេះ គឺជាផែនការនៃជីវិត និងជាសេចក្ដីសង្គ្រោះ ។ ប៉ុន្តែជីវិតដែលគាត់មានពិសោធន៍ គឺគ្មានអ្វីបានពង្រឹងដល់ជំនឿដូច្នេះទេ ។
អ្នកធ្វើដំណើរខ្លះដែលបានមកចំណតនៅទីនោះ គឺជាមនុស្សដែលអានច្រើន មានការអប់រំខ្ពស់ ហើយឆ្លាតៗ រួចតែងតែនិយាយនៅជុំវិញគាត់ថា យ៉ូសែប ស៊្មីធ គឺជា « អ្នកបោកបញ្ឆោតដ៏ឆ្លាតវៃ » ដែលបានសរសេរព្រះគម្ពីរមរមនដោយខ្លួនឯង រួចហើយចែកចាយវាដើម្បីរកប្រាក់ ។ ពួកគេធ្វើដូចជាគិតថា អ្វីៗផ្សេងទៀតគឺជាមិនសមហេតុផល ដោយប្រកាសថា « និកាយមរមននោះ គឺឆ្កួតលីលា » ។
ការនិយាយទាំងអស់នេះធ្វើឲ្យ អេលីស្សាប៊ែត មានអារម្មណ៍ឯកោណាស់ ។ គ្មានមនុស្សនិយាយជាមួយ គ្មានពេលអធិស្ឋានរបស់ខ្លួន--ទោះជាគាត់បានអធិស្ឋានពេលគាត់បានធ្វើការក្ដី ។ គាត់ភ័យខ្លាចក្នុងការនិយាយអ្វីមួយចំពោះអ្នកទាំងឡាយដែលរិះគន់ដល់សាសនារបស់គាត់ ។ គាត់បាននិយាយថា គាត់ស្មានថាអ្វីដែលពួកគេកំពុងនិយាយគឺពិត ហើយគាត់បានដឹងថា គាត់ពុំអាចការពារជំនឿគាត់ទេ បើគាត់ព្យាយាមនោះ ។
ក្រោយមក អេលីស្សាប៊ែត និងគ្រួសារគាត់បានផ្លាស់ទីលំនៅ ។ អេលីស្សាប៊ែត បាននិយាយថា គាត់មានពេលច្រើនដើម្បីគិត ហើយមិនត្រូវឲ្យមានការរំខានគ្រប់ពេលនោះទេ ។ ជាញឹកញាប់ គាត់បានចុះទៅបន្ទប់ក្រោមដី ហើយអធិស្ឋានដល់ព្រះវរបិតាសួគ៌ទូលសួរអំពីអ្វីដែលធ្វើឲ្យគាត់ស្មុកស្មាញ--អំពីរឿងទាំងឡាយដែលពួកមនុស្សឆ្លាតៗបាននិយាយ អំពីដំណឹងល្អថាគឺជាការឆ្កួតលីលា និងអំពីយ៉ូសែប ស៊្មីធ និង ព្រះគម្ពីរមរមន ។
នាយប់មួយ អេលីស្សាប៊ែត មានសុបិនមួយ ។ គាត់បាននិយាយថា ៖ « វាហាក់ដូចជាខ្ញុំកំពុងឈរនៅផ្លូវរទេះដ៏តូចចង្អៀតមួយ ដែលនាំទៅតាមជើងភ្នំ ហើយនៅពាក់កណ្ដាលផ្លូវឡើងទៅភ្នំនោះ ខ្ញុំបានឃើញបុរសម្នាក់មើលចុះក្រោម ហើយកំពុងនិយាយ ឬហាក់ដូចជាកំពុងនិយាយទៅបុរសវ័យក្មេងម្នាក់ ដែលកំពុងលុតជង្គង់ អើតមើលរូងមួយក្នុងដី ។ ដៃរបស់គាត់បានលាតទៅ ហាក់ដូចជាគាត់ឈោងទៅយកអ្វីមួយពីក្នុងរូងនោះ ។ ខ្ញុំអាចមើលឃើញថ្ម ដែលហាក់ដូចជាបានគាស់ចេញពីមាត់រូងនោះមក ដែលក្មេងប្រុសបានលុតជង្គង់លើ ។ នៅតាមផ្លូវមានមនុស្សជាច្រើន ប៉ុន្តែគ្មានពួកគេណាម្នាក់ហាក់ដូចជាចាប់អារម្មណ៍នឹងបុរសពីនាក់នៅតាមជើងភ្នំនោះសោះ ។ មានអ្វីៗផ្សេងទៀតនៅក្នុងសុបិននោះ ដែលបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងចម្លែក ដែលខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង … ខ្ញុំពុំអាចប្រាប់សុបិនរបស់ខ្ញុំទៅនរណាម្នាក់ទេ តែខ្ញុំហាក់ដូចជាបានស្កប់ស្កល់នឹងអត្ថន័យដែលទេវតាមរ៉ូណៃ បានណែនាំក្មេងប្រុសយ៉ូសែប នៅគ្រាដែលលោកបានទទួលផ្ទាំងចំណារនោះដែរ ។
នៅនិទារឃរដូវ ឆ្នាំ ១៨៩៣ អេលីស្សាប៊ែត បានទៅទីក្រុងសលត៍លេក ដើម្បីចូមរួមការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ។ គាត់បានពិពណ៌នាអំពីបទពិសោធន៍របស់គាត់ថា ៖ « នៅក្នុងនោះ ខ្ញុំបានមើលឃើញរូបភាពដូចគ្នា [ដែល] ខ្ញុំបានឃើញក្នុងសុបិនខ្ញុំ ដែលខ្ញុំគិតថាវាគឺជាកញ្ចក់បង្អួច [មួយ] ដែលមានពណ៌ ។ ខ្ញុំមានអារម្មណ៍ស្កប់ស្កល់ថា បើខ្ញុំឃើញកូនភ្នំគូម៉ូរ៉ាដោយផ្ទាល់ វានឹងមើលទៅមិនជាក់ស្ដែងទេ ។ ខ្ញុំមានអារម្មណ៍ស្កប់ស្កល់ដែលខ្ញុំបានឃើញសុបិនមួយ ពីរូបភាពរបស់ទេវតាមរ៉ូណៃបានប្រគល់ផ្ទាំងចំណារមាសដល់ យ៉ូសែប ស៊្មីធ » ។
ជាច្រើនឆ្នាំបន្ទាប់ពីសុបិននេះ និងជាច្រើនខែពីមុនគាត់ទទួលមរណៈភាព ក្នុងជន្មាយុ ៨៨ វស្សា នោះ អេលីស្សាប៊ែត បានទទួលការបំផុសដ៏មានអានុភាព ។ គាត់បានមានប្រសាសន៍ថា « គំនិតបានផុសឡើងចំពោះខ្ញុំយ៉ាងច្បាស់ … ដូចជានរណាម្នាក់បានប្រាប់មកខ្ញុំ, … ‹ ចូរកុំកប់ទុកទីបន្ទាល់របស់អ្នកនៅក្នុងដីឡើយ › » ។៥
ជាច្រើនជំនាន់ក្រោយមក កូនចៅរបស់ អេលីស្សាប៊ែត បានបន្ដទទួលបានកម្លាំងមកពីទីបន្ទាល់របស់គាត់ ។ យើងក៏រស់នៅក្នុងពិភពលោកមួយដែលមានអ្នកសង្ស័យ និងរិះគន់ជាច្រើន ដែលចំអក និងជំទាស់នឹងសេចក្ដីពិតដែលយើងកាន់ខ្ជាប់ជាទីស្រឡាញ់ដូចជា អេលីស្សាប៊ែត ដែរ ។ យើងអាននឹងស្ដាប់ឮរឿងភាន់ច្រឡំ និងសារលិខិតប្រឆាំង ។ យើងនឹងត្រូវតែខំអស់ពីលទ្ធភាពរបស់យើងដើម្បីតោងឲ្យជាប់នូវអ្វីៗដែលជាពន្លឺ និងសេចក្ដីពិត ដែលយើងមានក្នុងពេលនេះ ជាពិសេសនៅក្នុងស្ថានភាពពិបាកៗដូចជា អេលីស្សាប៊ែត ផងដែរ ។ ចម្លើយចំពោះការអធិស្ឋានរបស់យើង អាចនឹងមិនទទួលបានដោយឃើញស្ដែងទេ ប៉ុន្តែយើងត្រូវតែរកពេលស្ងប់ស្ងាត់ដើម្បីស្វែងរកពន្លឺ និងសេចក្ដីពិតកាន់តែច្រើនជាងនោះ ។ ហើយនៅពេលយើងទទួលបានវា វាគឺជាទំនួលខុសត្រូវរបស់យើងដើម្បីរស់នៅតាម ចែកចាយ និងការពារវា ។
ខ្ញុំសូមបន្សល់ទុកទីបន្ទាល់ខ្ញុំនឹងបងប្អូនថា ខ្ញុំដឹង នៅពេលយើងបំពេញក្នុងដួងចិត្ត និងគេហដ្ឋារបស់យើងដោយពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គសង្គ្រោះ នោះយើងនឹងមានកម្លាំងក្នុងខ្លួនដើម្បីទប់ទល់គ្រប់កាលៈទេសៈ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។