ឆ្នាំ ២០១០-២០១៩
មែន​ហើយ យើង​អាច ហើយ​នឹង​ឈ្នះ !
ខែ មេសា 2015


11:59

មែន​ហើយ យើង​អាច ហើយ​នឹង​ឈ្នះ !

យើង​ត្រូវតែ​កាន់​ឲ្យ​ខ្ជាប់ខ្ជួនឡើង ចំពោះ​ទីបន្ទាល់​អំពី​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ គ្រីស្ទ ។ នោះ​យើង​ឈ្នះ​លើ​ចម្បាំង​ប្រចាំ​ថ្ងៃ​ទាស់​នឹង​សេចក្ដីអាក្រក់ ។

បងប្អូន​ជាទី​ស្រឡាញ់​អើយ ខ្ញុំមាន​ចិត្ត​​រាប​ទាប​ចំពោះ​ឯកសិទ្ធិ​ដែល​ខ្ញុំ​មាន ដើម្បី​និយាយ​ទៅ​កាន់​បងប្អូន​ថ្ងៃ​នេះ ដែល​ជា​អ្នក​កាន់​បព្វជិតភាព​របស់​ព្រះ ទូ​ទាំង​សាសនាចក្រ ។

ប្រធាន ថូម៉ាស អេស ម៉នសុន គ្រាមួយ​នោះ​បាន​ថ្លែង​ថា ៖

« ពិភពលោក​នេះ​អាច​ជា​កន្លែង​ដែល​គួរ​ឲ្យភ័យខ្លាច​ដើម្បី​នឹង​រស់នៅ ។ តម្លៃ​នៃ​ក្រមសីលធម៌​សង្គម ហាក់​ដូច​ជា​ចុះ​អន់​ថយ​ទៅៗ​ក្នុង​ល្បឿន​យ៉ាង​ឆាប់​រហ័ស » ។ គ្មាន​នរណា​ម្នាក់—មិន​ថា​ក្មេង ចាស់​ ឬ ​វ័យមជ្ឈិមទេ— គឺមិន​អាច​​ចៀស​ផុត​ពី​​​អ្វីៗ ដែល​អាច​នឹង​ទាញ​យើង​ចុះ និង​បំផ្លាញ​យើង​ឡើយ ។ …

“… ប៉ុន្តែយើង​មិនត្រូវ​អស់​សង្ឃឹមទេ ។ … យើង​កំពុង​តែ​ធ្វើ​សង្គ្រាម​នឹង​អំពើ​បាប ។ … វា​គឺ​ជា​សង្គ្រាម​ ដែល​យើង​អាច ហើយ​នឹង​ឈ្នះ​បាន ។ ព្រះ​វរបិតា​សួគ៌​របស់​យើង​ បាន​ប្រទាន​ដល់​យើង​ នូវឧបករណ៍​ទាំង​ឡាយ​ដែល​យើង​ត្រូវ​ការ​ ដើម្បី​អាច​​ឈ្នះ​​បាន » ។

យើង​គ្រប់​គ្នា ទាំង​ក្មេង​ទាំង​ចាស់​ ​បាន​ប្រឈមមុខ​រាល់ថ្ងៃ​​នឹង​សង្គ្រាម​ ដែល​បាន​ថ្លែង​ដោយ​ ប្រធាន ម៉នសុន។ មារសត្រូវ​ និង​ពួក​ទេវតា​វា កំពុង​ព្យាយាម​រំខាន​យើង ។ គោល​បំណង​របស់​ពួកវា គឺជម្រុញ​​យើង​ឲ្យ​ងាក​​ចេញ​ពី​សេចក្តី​សញ្ញា ដែល​យើង​បាន​ធ្វើ​ជា​មួយ​ព្រះ​អម្ចាស់​ ធ្វើ​ឲ្យ​យើង​បាត់​បង់​នូវ​ចក្ខុវិស័យអំពី​មរតក​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ ពួក​វា​ដឹង​យ៉ាង​ច្បាស់​ អំពី​ផែន​ការ​របស់​ព្រះវរបិតាសួគ៌​​សម្រាប់​កូនចៅ​របស់​ទ្រង់ ដ្បិត​ពួក​វា​បាន​មាន​វត្តមានជាមួយ​យើង​ នៅក្នុង​ការ​ប្រឹក្សាដ៏​ធំ​​ក្នុង​ស្ថាន​សួគ៌​ នៅ​ពេល​ផែនការ​នោះ​ត្រូវ​បាន​បង្ហាញ​ដល់​យើង ។ ពួកវាព្យាយាម​យក​ប្រៀប​លើ​ភាពកម្សោយ និង គុណ​វិបត្តិ​របស់យើង ដោយឆបោកយើង​ដោយ « អ័ព្ទ​នៃ​សេចក្ដី​ងងឹង… ដែល​ធ្វើ​ឲ្យ​ភ្នែក​ទាំងឡាយ​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​ទាំងឡាយ​នៃ​កូនចៅ​មនុស្ស​រឹងរូស ហើយ​នាំ​ពួកគេ​​ទៅ​តាម​ផ្លូវ​ទូលាយ​ទាំងឡាយ ដើម្បី​ឲ្យ​ពួកគេ​វិនាស ហើយ​វង្វេង​បាត់ » ។

ដូចដែល ប្រធាន ​ម៉នសុន បាន​បង្រៀន​ថា ថ្វីបើ​មាន​ការ​ប្រឆាំង​ជំទាស់ ដែល​យើង​ប្រឈម​មុខ​ក្តី នេះ​គឺ​ជា​សង្គ្រាម​ដែល​យើង​អាច ហើយ​នឹង​ឈ្នះលើ​បាន ។ ព្រះ​អម្ចាស់​ទុក​ចិត្ត​លើ​សមត្ថភាព​ និង​ការប្តេជ្ញាចិត្ត​របស់​យើង​ ដើម្បី​នឹងឈ្នះនោះ ។

វគ្គគម្ពីរ​មាន​គំរូជា​ច្រើន​ឥតគណនា អំពី​អ្នកទាំងឡាយ ដែល​បាន​ឈ្នះ​ចម្បាំង​របស់​ពួកគេ​ ទោះ​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​សាហាវ​ឃោរឃៅក្ដី ។ គំរូ​មួយ​នៃ​គំរូ​ទាំង​នេះ​ គឺ​មេទ័ពឯកមរ៉ូណៃ នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ។ យុវជន​ដ៏​អស្ចារ្យ​ម្នាក់នេះ ​មាន​ចិត្ត​ក្លាហាន​ ដើម្បី​នឹង​ការ​ពារសេចក្តី​ពិត ក្នុង​ពេល​​ដែល​មានការទាស់​ទែង និង​សង្គ្រាម​ជា​ច្រើន​ ដែល​ធ្វើឲ្យ​ជីវិត​របស់​ប្រជា​ជន​នីហ្វៃទាំង​មូល​ ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់ ។ ថ្វីបើ​គាត់​ជាអ្នកមាន​ប្រាជ្ញាខ្ពស់​ ក្នុង​ការ​អនុវត្ត​ទំនួលខុសត្រូវ​របស់​គាត់​ក្តី មរ៉ូណៃ​នៅ​តែ​មាន​ចិត្ត​រាប​ទាប ។ ឥរិយាបទ​​នេះ និង​ផ្សេងៗ​ទៀត​បាន​​ធ្វើ​ឲ្យ​គាត់​ជា​ឧបករណ៍​ដ៏អស្ចារ្យ​​នៅក្នុង​ព្រះ​ហស្ថ​​ព្រះនា​ពេល​នោះ។ អាលម៉ា​បាន​កត់ត្រា​ទុក​ថា បើ​បុរស​គ្រប់​រូប ដូចជា​មរ៉ូណៃ នោះ « អំណាច​ទាំងឡាយ​របស់​ស្ថាននរក​នឹង​ត្រូវ​ញ័រ​រន្ធត់​រហូត​តទៅ [ ហើយ ] អារក្ស​នឹង​គ្មាន​អំណាច​ទៅ​លើ​ចិត្ត​នៃ​កូនចៅ​មនុស្ស​ទៀត​ឡើយ » ។ ចារិត​លក្ខណៈ​ទាំងអស់​របស់​មរ៉ូណៃ បាន​ដុះ​ចេញ​មក​ពី​សេចក្តី​ជំនឿ​ដ៏​ធំ​របស់​គាត់​លើ​ព្រះ និង លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង ការប្តេជ្ញា​ចិត្ត​ដ៏​រឹងមាំ​របស់​គាត់ ដើម្បី​ធ្វើ​តាម​ព្រះសូរសៀង​របស់​ព្រះ និង ព្យាការី​ទ្រង់ ។

នេះ​គឺ​ជា​និមិត្ត​រូប​ដែល​ថា​ យើង​គ្រប់​រូប​ត្រូវ​កែប្រែ​ខ្លួន​យើង​ ឲ្យ​ក្លាយ​ទៅ​ជា​មេ​ទ័ព​មរ៉ូណៃ​សម័យ​ទំនើប​ ដើម្បី​យក​ឈ្នះ​លើ​សង្គ្រាម ទាស់​នឹង​​សាតាំង ។ ខ្ញុំ​ស្គាល់​ឌី​កុន​ក្មេង​ស្មោះត្រង់​ម្នាក់​ ដែល​បាន​កែ​ប្រែ​ខ្លួន​គាត់​ ឲ្យ​ក្លាយ​ទៅ​ជា​មេទ័ព​មរ៉ូណៃ​សម័យ​ទំនើប​ម្នាក់ ។ ដរាបណា​គាត់​ព្យាយាមធ្វើតាម​ការទូន្មាន​របស់ឪពុក​ម្ដាយ និង​អ្នកដឹកនាំ​របស់គាត់ នោះ​សេចក្ដីជំនឿ និងការ​តាំងចិត្ត​របស់គាត់​ត្រូវ​បាន​សាកល្បង​រៀងរាល់ថ្ងៃ ទោះ​ជា​គាត់នៅ​ក្មេង​ក្ដី ។ ថ្ងៃ​មួយ​ ​គាត់ប្រាប់​ខ្ញុំ​ថា គាត់​​ភ្ញាក់​ផ្អើល​ចំពោះ​ស្ថាន​ភាព​ដ៏រសាប់រសល់​ និង​ពិបាកមួយ—គឺមិត្ត​របស់​គាត់​កំពុង​​មើល​​រូប​អាសអាភាស​ នៅ​លើ​ទូរស័ព្ទ​ដៃ ។ ក្នុង​គ្រានោះ​​ ដែល​យុវជន​នេះ ត្រូវ​សម្រេច​ចិត្ត​នូវ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះគាត់​—ប្រជាប្រិយភាព ឬសេចក្ដី​សុចរិត​របស់គាត់​ ។ ក្នុង​​ពីរ​បី​វិនាទី​បន្ទាប់​ពី​នោះ គាត់​មាន​ចិត្តក្លាហាន ហើយ​បាន​ប្រាប់​មិត្តភក្ដិថា អ្វី​ដែល​ពួកគេកំ​ពុង​តែ​ធ្វើ​នោះ​មិន​ត្រូវ​ឡើយ។ លើស​ពី​នោះ គាត់​បាន​ប្រាប់​ពួកគេ​ថា ពួកគេត្រូវ​តែ​ឈប់ធ្វើ​ដូច្នោះ​ទៅ ឬ​ពួកគេនឹង​ក្លាយ​ទៅ​ជា​កញ្ជះ​របស់​វា ។ មិត្តរួមថ្នាក់​ភាគ​ច្រើន​ បាន​សើចចំអកដាក់​គាត់​ ដោយ​និយាយ​ថា​នោះ​គឺ​ជាផ្នែក​នៃ​ជីវិត ហើយ​ថា​គ្មាន​អ្វី​ខុស​ទេ ដែល​ធ្វើ​បែបនេះ​នោះ ។ ប៉ុន្តែ មាន​មិត្ត​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ ដែល​បាន​ស្តាប់​តាម​ពាក្យ​ទូន្មាន​របស់​យុវជន​នោះ ហើយ​បាន​សម្រេចចិត្ត​ថា​នឹង​ឈប់ធ្វើ​ដូច្នោះ ។

គំរូរបស់​ឌីកុន​ម្នាក់​នេះ​ មាន​អានុភាព​វិជ្ជមាន​ ទៅលើមិត្ត​រួមថ្នាក់​​គាត់ម្នាក់​ ។ មិន​បាច់​សង្ស័យ​ទេ គាត់ និង មិត្ត​របស់​គាត់​ពិត​ជា​ប្រឈម​មុខ​នឹង​ការចំអក​ និង​ការបៀត​បៀន​ ដោយ​ព្រោះ​តែ​ការ​សម្រេច​ចិត្ត​នោះ ។ ម៉្យាងទៀត ពួកគេ​បាន​អនុវត្ត​តាម​ដំបូន្មាន​របស់​អាលម៉ា ថ្លែង​​ទៅ​កាន់​ប្រជា​ជន​គាត់ នៅ​ពេលថ្លែង​ថា « ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ទុច្ចរិត​មក​ ហើយ​ញែក​ខ្លួន ហើយ​ចូរ​កុំ​ប៉ះ​ពាល់​ដល់​វត្ថុ​ទាំង​ឡាយ​ ដែល​ឥត​ស្អាត​របស់​ពួកគេ​នោះ​ឡើយ » ។

កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន មាន​នូវ​ដំបូន្មាន​ដូចតទៅ ដែល​បាន​អនុមតិ​ដោយ​គណៈប្រធាន​ទី​មួយ សម្រាប់​យុវវ័យ​នៃ​សាសនាចក្រ ៖ « អ្នក​រាល់​គ្នា​ទទួលខុសត្រូវ​ចំពោះ​ជម្រើស​នានា ដែល​អ្នក​រាល់​គ្នា​ធ្វើ ។ ព្រះ​អម្ចាស់​ទ្រង់​យក​ចិត្ត​ទុក​ដាក់​ដល់អ្នក​ ហើយ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​ជ្រើស​រើស​ល្អ សូម្បី​តែ​គ្រួសារ​ និង​មិត្តភក្ដិ​របស់​អ្នក ប្រើ​សិទ្ធិ​ជ្រើស​រើស​របស់​ពួកគេ តាម​វិធី​ដែល​មិន​ត្រូវ​ក្តី ។ សូម​មាន​សេចក្តី​ក្លាហាន​ខាង​សីលធម៌ ​ឈរ​យ៉ាង​រឹង​មាំ ក្នុង​ការ​គោរព​ដល់​ឆន្ទៈ​របស់​ព្រះ ទោះ​អ្នក​ត្រូវ​ឈរ​តែ​ម្នាក់​ឯក្ដី ។ កាលណា​អ្នក​ធ្វើ​បែប​នេះ អ្នក​ធ្វើ​គំរូ​ឲ្យ​អ្នក​ដទៃ​អនុវត្ត​តាម » ។

សង្គ្រាម​រវាង​ល្អ និង​អាក្រក់ នឹង​បន្ត​ពេញ​មួយ​ជីវិត​​យើង​ ព្រោះ​ថា​គោលបំណង​របស់​បច្ចាមិត្ត គឺ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប រងទុក្ខ​ដូច​វា​ដែរ ។ សាតាំង និង ពួក​ទេវតា​វា នឹង​ខំ​បំភាន់​គំនិត​យើង ហើយ​អះអាង​​នូវ​ការ​ត្រួត​ត្រា​របស់​វា ដោយ​ល្បួង​យើង​ឲ្យ​ធ្វើ​អំពី​បាប ។ បើ​ពួកវា​អាច​ធ្វើ​បាន ពួកវា​នឹង​បង្ខូច​អ្វី​ៗ​ទាំង​អស់​ដែល​ល្អ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​ការ​ចាំបាច់​ដែល​ត្រូវ​យល់​ថា ពួកវា​នឹង​មាន​អំណាច​លើ​យើង​មាន​តែ​ពេល​ដែល​យើង​អនុញ្ញាត​វា​តែ​ប៉ុណ្ណោះ ។

វគ្គ​គម្ពីរ​ក៏​មាន​គំរូ​មួយ​ចំនួន​អំពី​ពួក​អ្នក​ដែល​បណ្តោយ​ខ្លួន​ឲ្យ​មច្ចាមិត្ត ហើយ​បានបំភាន់ ​ទាំង​ត្រូវ​បាន​បំផ្លាញ​នៅ​ទី​បញ្ចប់​នៃ​ជីវិត​របស់​ពួកគេ ដូចជា នេហូរ កូរីហូរ និង​សេរេម ផងដែរ ។ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ ចំពោះ​គ្រោះ​ថ្នាក់​នេះ ។ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ខ្លួន​យើង ត្រូវ​បោកបញ្ឆោត​ដោយ​សារដំណឹង​ដ៏​មាន​ប្រជាប្រិយ ដែល​ពិភពលោក​ងាយ​នឹង​ទទួល​នោះ​ឡើយ ហើយ​ដែល​ជំទាស់​នឹង​គោលលទ្ធិ ​និង​គោលការណ៍​ពិត នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សារដំណឹង​របស់​លោកិយ​ជាច្រើន គឺពុំ​តំណាង​អ្វីក្រៅ​ពី​​ការព្យាយាម​ឲ្យ​សង្គម​យើង ​ដោះសារ​ចំពោះ​អំពើ​បាប​នោះ​ឡើយ ។ យើង​ត្រូវ​តែ​ចងចាំថា នៅ​ទី​បំផុត នៅ​ពេល​មនុស្ស​គ្រប់​រូប​នឹង​ឈរ​នៅ​ចំពោះ​ព្រះ​គ្រីស្ទ « ដើម្បី​ទទួល​ការជំនុំ​ជម្រះ​ចំពោះ​កិច្ចការ​ទាំងឡាយ [ របស់យើង ] ដើម្បី​ឲ្យ​ឃើញ​ថា​ពួកគេ​ល្អ ឬ​ពួកគេ​អាក្រក់ » ។ ខណៈពេល​យើង​ប្រឈមមុខ​នឹង​សារដំណឹង​លោកិយ​ទាំង​នេះ នោះ​យើង​នឹង​តម្រូវ​ឲ្យ​​​មានចិត្ត​ក្លាហានដ៏​ខ្លាំង និង​ចំណេះ​ដឹង​រឹងមាំ​អំពី​ផែនការ​នៃ​ព្រះវរបិតាសួគ៌​ ដើម្បី​ជ្រើសយក​អ្វី​ដែល​ត្រឹមត្រូវ ។​

យើង​រាល់​គ្នា​ អាច​ទទួលកម្លាំង ដើម្បី​ជ្រើស​អ្វី​ដែល​ត្រូវ បើ​យើង​ស្វែងរក​ព្រះ​អម្ចាស់ និង​ដាក់​ការទុកចិត្ត​ និង​សេចក្តី​ជំនឿ​ទាំង​អស់​​នៅ​លើ​ទ្រង់​ ។ ប៉ុន្តែ​ដូច​បទគម្ពីរ​បង្រៀន​ថា យើង​ចាំបាច់​ត្រូវ​មាន « ចិត្ត​ស្មោះស » និង « ស្មោះ​​អស់ពីចិត្ត » ។ នោះព្រះអម្ចាស់​ នៅក្នុង​សេចក្ដីមេត្តា​ដ៏គ្មានទីបញ្ចប់របស់ទ្រង់ « នឹង​​សម្ដែង​សេចក្ដី​ពិត​ដល់ [ ​យើង ] ​ដោយព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ [ យើង ] អាច​ស្គាល់​សេចក្តីពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ។

ការចេះដឹង​នេះ​ទទួល​បាន​ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​គ្មានអ្វី​ក្រៅពី​​ទី​បន្ទាល់​របស់​យើង ដែល​នឹង​ជម្រុញ​​សេចក្តី​ជំនឿ និង​ការប្តេជ្ញាចិត្ត​របស់​យើង ឲ្យ​អនុវត្ត​តាម​ការ​បង្រៀន​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ថ្វីបើ​មាន​សារដំណឹង​ដ៏​មាន​ប្រជាប្រិយ​ដែល​យើងស្តាប់​ឮពី​លោកិយ​ក៏​ដោយ ។ ទីបន្ទាល់​របស់​យើង​ត្រូវតែ​ជា​ខែល​ការពារ​យើង​ពី​ព្រួញ​ដ៏​ខ្លាំងក្លា​របស់​បច្ចាមិត្ត ដែល​ព្យាយាម​ប៉ុនប៉ង​យើង ។១០ វា​នឹង​ដឹកនាំ​យើង​ដោយ​មាន​សុវត្ថិភាព​កាត់​តាម​ភាពងងឹត និង ភាពច្របូកច្របល់​ដែល​មាន​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ។១១

ខ្ញុំ​បានរៀន​អំពី​គោលការណ៍​នេះ នៅ​ពេល​ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយវ័យ​ក្មេង ។ ដៃគូ​របស់​ខ្ញុំ និង​ខ្ញុំ​កំពុង​តែ​បម្រើ នៅក្នុង​សាខា​ដ៏​តូច និង​ដាច់ស្រយាល​​មួយ ​នៃ​សាសនាចក្រ ។ យើង​បាន​ខំ​និយាយ​ជាមួយ​នឹង​មនុស្ស​គ្រប់​រូប នៅក្នុង​ទីក្រុង​នោះ ។ ពួកគេ​បាន​ទទួល​យើង​យ៉ាង​រាក់​ទាក់ ប៉ុន្តែ ពួកគេ​ចូលចិត្ត​ជជែក​វែក​ញែក អំពី​បទ​គម្ពីរ ហើយ​សុំ​ឲ្យយើង​បង្ហាញ​ភស្តុតាង​ជាក់​ស្តែង ទាក់​ទង​ទៅ​នឹង​ភាពពិតដ៏​ពេញលេញ នៃ​អ្វី​ដែល​យើង​កំពុង​តែ​បង្រៀន ។

ខ្ញុំ​នឹក​ចាំ​គ្រាមួយ​នោះ ដៃគូខ្ញុំ​ និង​ខ្ញុំ បាន​ព្យាយាម​បង្ហាញ​ភស្តុតាង​នូវ​អ្វី​មួយ​ទៅ​ដល់​ប្រជាជន ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាក​ចេញ​ពី​យើង ហើយ​យើង​​មាន​អារម្មណ៍​ស្មុគស្មាញ និងច្របូកច្របល់ទាំង​ស្រុង ។ យើង​មាន​អារម្មណ៍​ថា យើង​គួរតែ​ភ្ជាប់​ទីបន្ទាល់​យើង​ជាមួយ​នឹង​សេចក្ដីពិត​នៃ​ដំណឹងល្អ ដែល​យើង​កំពុង​បង្រៀន ។ តាំង​ពីនោះមក ខ្ញុំចាំ​ថា​ពេ​ល​យើង​ថ្លែង​ទីបន្ទាល់​មួយ​ យ៉ាង​អស់​ពីដួង​ចិត្ត​របស់​យើង អំណាច​នៃ​ការបញ្ជាក់​យ៉ាង​ស្ងប់ស្ងាត់ មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ មាន​ពេញ​បន្ទប់​ និង​គ្មាន​កន្លែង​មន្ទិល ឬត្រូវ​​វែកញែក​ឡើយ ។ ខ្ញុំ​បាន​រៀន​ថា​ គ្មាន​ឋាមពល​អាក្រក់​ណា ដែល​អាច​នឹង​បំភាន់​ចិត្ត បោកបញ្ឆោត ឬ​បន្ទាប​អំណាច​នៃ​ទីបន្ទាល់​យ៉ាង​ស្មោះ​របស់​សិស្ស​ពិត​នៃព្រះ​យេស៊ូវ គ្រីស្ទ បាន​ឡើយ ។

ដូច​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​បង្រៀន​ថា បច្ចាមិត្ត​ប្រាថ្នា​ចង់​រែង​យើង​ដូច​ជា​ស្រូវ​សាលី ធ្វើ​ឲ្យ​យើង​អសមត្ថភាព ដើម្បី​​មាន​ឥទ្ធិពលល្អ​​ដល់ពិភពលោក ។១២

បងប្អូន​ប្រុស ដោយសារ​តែ​រលក​នៃ​ភាពច្របូកច្របល់ និង មន្ទិល បាន​រីករាល​ដាល​ពាសពេញ​ពិភពលោក​សព្វថ្ងៃ​នេះ យើង​ត្រូវតែ​កាន់​ខ្ជាប់​ទីបន្ទាល់​របស់​យើង​ឲ្យ​បាន​រឹងមាំ ទៅ​នឹង​ទីបន្ទាល់​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នោះ​សមត្ថភាព​របស់យើង​ដើម្បីការ​ពារ​សេចក្ដីពិត និង​សេចក្ដីយុត្តិធម៌​នឹង​កើនឡើង ។ ​យើង​នឹង​ឈ្នះ​លើ​ចម្បាំង​ប្រចាំ​ថ្ងៃ​ទាស់​នឹង​ឋាមពល​អាក្រក់ ហើយ​ជាជាង​បរាជ័យ​ក្នុង​ចម្បាំង​នៃ​ជីវិត យើង​នឹង​ជួយ​គាំទ្រ​អ្នក​ដទៃ ឲ្យ​អនុវត្តតាម​បទដ្ឋាន​របស់​ព្រះ​អម្ចាស់​វិញ ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​រាល់​គ្នា ឲ្យស្វែង​រក​សុវត្ថិភាព​ នៅ​ក្នុង​ការ​បង្រៀន ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ ។ មេទ័ព​មរ៉ូណៃ បាន​ភ្ជាប់​សេចក្ដី​ជំនឿ​របស់​លោក​លើ​ព្រះ និង ទីបន្ទាល់​របស់​លោក​អំពី​សេចក្ដីពិត ជាមួយ​នឹង​ចំណេះដឹង និង ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។ តាម​របៀប​នេះ គាត់​ទុក​ចិត្ត​ថា គាត់​នឹង​ទទួល​ព្រះ​ពរ​ពី​ព្រះ​អម្ចាស់​ ហើយ​ទទួល​បាន​ជ័យ​ជំនះ​ជា​ច្រើន ដែល​ពិត​ជា​បាន​កើត​ឡើង​មែន ។

ខ្ញុំ​សូម​អញ្ជើញ​អ្នក​រាល់​គ្នា ឲ្យស្វែង​រក​សុវត្ថិភាព​ នៅ​ក្នុង​ពាក្យ​សម្ដី​វាងវៃ​នៃ​ពួក​ព្យាការី​បច្ចុប្បន្ន ។ ប្រធាន​ថូម៉ាស​ អេស ម៉នសុន បានមាន​ប្រសាសន៍​ថា ៖ « យើង​ជាអ្នក​ដែល​ត្រូវបាន​តែងតាំង​ដល់​បព្វជិតភាព​នៃ​ព្រះ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បាន ។ នៅ​ពេល​យើង​រក្សា​សច្ចភាព​ផ្ទាល់​ខ្លួន និង គោរពដល់​បព្វជិតភាព យើងនឹង​ក្លាយ​ទៅ​ជាគំរូ​សុចរិត សម្រាប់ឲ្យ​គេធ្វើ​តាម … [ ហើយ​យើង​ ] ជួយបំភ្លឺ​ដល់​ពិភព​លោក​ដែល​កាន់តែ​ងងឹត​ទៅ​ៗនេះ » ។១៣

ខ្ញុំ​សូម​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទុកចិត្ត​លើ​ព្រះគុណ និង​ព្រះចេស្ដា​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈពលិកម្ម​ធួន​របស់​ទ្រង់ យើង​អាច​កើន​នូវ​សេចក្តី​ក្លាហាន​ ដើម្បី​យក​ឈ្នះ​លើ​សង្គ្រាម​ទាំង​អស់​ នៅ​ក្នុង​សម័យ​របស់​​យើង​ សូម្បី​នៅ​ក្នុង​គ្រា​លំបាក​ ការសាកល្បង និង​ការ​ល្បួង​នានា​របស់​យើង​ក្ដី ។ ចូរ​យើង​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់ និង​ព្រះចេស្ដា​ទ្រង់ដើម្បីសង្គ្រោះ​យើង ។ « ព្រះគ្រីស្ទ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖

« ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។១៤

« ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។១៥

« ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ។ « នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។១៦

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។