ការថែរក្សាសិទ្ធិជ្រើសរើស ការការពារសេរីភាពសាសនាឲ្យគង់វង្ស
ការប្រើប្រាស់សិទ្ធិជ្រើសរើសយើងដោយស្មោះត្រង់ អាស្រ័យលើការមានសិទ្ធិសេរីភាពសាសនា ។
នៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរនេះ ៖ ជាថ្ងៃមួយនៃការដឹងគុណ និង គោរពនឹកចាំពីដង្វាយធួននៃ ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និង ការរស់ឡើងវិញសម្រាប់មនុស្សលោកទាំងអស់ ។ យើងថ្វាយបង្គំទ្រង់ មានអំណរគុណចំពោះសេរីភាពសាសនា សេរីភាពក្នុងការមកជួបជុំគ្នា សេរីភាពក្នុងការថ្លែងសុន្ទរកថា និង សិទ្ធិជ្រើសរើសដែលព្រះបានប្រទានឲ្យ ។
ដូចពួកព្យាការីបានព្យាករទុក អំពីគ្រាចុងក្រោយនេះដែលយើងរស់នៅនេះថា មានមនុស្សជាច្រើនភាន់ច្រឡំថាតើយើងជានរណា និងយើងជឿលើអ្វី ។ អ្នកខ្លះជាមនុស្ស « និយាយបង្កាច់គេ… [ ហើយ ] ហើយមិនចូលចិត្តនឹងការល្អ » ។១ អ្នកខ្លះទៀត « រាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ [ ហើយ ] យកសេចក្ដីងងឹតជាពន្លឺ ហើយយកពន្លឺជាងងឹត » ។២
ពេលមនុស្សជុំវិញខ្លួនយើងជ្រើសរើសពីរបៀបដែលត្រូវឆ្លើយតបនឹងជំនឿយើង នោះយើងមិនត្រូវភ្លេចទេថា សិទ្ធិជ្រើសរើសខាងក្រមសីលធម៌ គឺជាផ្នែកមួយសំខាន់ក្នុងផែនការព្រះដែលមានសម្រាប់កូនចៅទ្រង់ ។ ផែនការដ៏អស់កល្បនោះ បានបង្ហាញដល់យើងក្នុងការប្រជុំប្រឹក្សានៅស្ថានសួគ៌ពីមុនកំណើតលើផែនដី ដែលរួមមានអំណោយនៃសិទ្ធិជ្រើសរើស ។៣
ក្នុងការប្រជុំប្រឹក្សាដ៏ធំនោះ លូស៊ីហ្វើរ ដែលគេស្គាល់ថាជាសាតាំង បានប្រើសិទ្ធិជ្រើសរើសវា ដើម្បីប្រឆាំងនឹងផែនការព្រះ ។ ព្រះមានបន្ទូលថា ៖ « មកពី … សាតាំងបានបះបោរទាស់នឹងយើង ហើយបានខំរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានប្រទានដល់មនុស្ស … នោះយើងបានបណ្ដាលឲ្យវាត្រូវបណ្ដេញចុះ » ។៤
លោកបានបន្តថា ៖ « ហើយវាបានបំបែរមួយភាគបីនៃពួកពលបរិវារស្ថានសួគ៌ចេញពីយើងផង ពីព្រោះតែសិទ្ធិជ្រើសរើសរបស់ពួកគេ » ។៥
ដោយហេតុនោះ កូនវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ដែលជ្រើសរើសបដិសេធចោលផែនការទ្រង់ ហើយដើរតាម លូស៊ីហ្វើរ បានបាត់បង់ជោគវាសនាដ៏ទេវភាពរបស់ខ្លួន ។
ព្រះយេស៊ូវគ្រីស្ទ បានមានបន្ទូលដោយប្រើសិទ្ធិជ្រើសរើសរបស់ទ្រង់ថា ៖
« ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ។៦
« សូមឲ្យសិរីល្អរបស់ព្រះអង្គបានជារបស់ផងព្រះអង្គរហូត » ។៧
ព្រះយេស៊ូវ ដែលបានប្រើសិទ្ធិជ្រើសរើសរបស់ទ្រង់ ដើម្បីគាំទ្រផែនការព្រះវរបិតាសួគ៌ ត្រូវបានប្រកាស ហើយតែងតាំងដោយព្រះវរបិតា ឲ្យធ្វើជាព្រះអង្គសង្គ្រោះ ដែលបានតែងតាំងទុកជាមុន ដើម្បីធ្វើពលិកម្មធួនសម្រាប់យើងទាំងអស់គ្នា ។ ស្រដៀងគ្នាដែរ ការប្រើសិទ្ធិជ្រើសរើសយើង ដើម្បីគោរពព្រះបញ្ញត្តិ អាចធ្វើឲ្យយើងយល់បានច្បាស់ថា យើងជានរណា ហើយទទួលពរជ័យទាំងអស់ ដែលព្រះវរបិតាសួគ៌មាន—រួមទាំងឱកាសមានរូបកាយ រីកចម្រើន មានក្ដីអំណរ មានគ្រួសារ និង គ្រងជីវិតដ៏អស់កល្ប ។
ដើម្បីគោរពព្រះបញ្ញត្តិ យើងត្រូវស្គាល់គោលលទ្ធិជាផ្លូវការនៃសាសនាចក្រ ដើម្បីកុំឲ្យយើងបែកឆ្ងាយពីការបង្រៀននៃព្រះគ្រីស្ទដោយសារការយល់ឃើញផ្សេងៗគ្នានៃបុគ្គលម្នាក់ៗ ។
ពរជ័យដែលយើងរីករាយឥឡូវនេះ បានមកពីការដែលយើងជ្រើសដើរតាមព្រះអង្គសង្គ្រោះកាលពីមុនជីវិតនេះ ។ ចំពោះបងប្អូនដែលស្ដាប់ឮ ឬ អានពាក្យពេចន៍ទាំងនេះ មិនថាបងប្អូនជានរណា ហើយកាលពីអតីតកាលបងប្អូនជាអ្វីនោះទេ សូមចងចាំថា ៖ វាមិនហួសពេល ដើម្បីធ្វើជម្រើសដដែលនោះម្ដងទៀត ហើយដើរតាមទ្រង់ឡើយ ។
តាមរយៈសេចក្ដីជំនឿយើងទៅលើព្រះយេស៊ូវគ្រីស្ទ ការជឿលើដង្វាយធួនរបស់ទ្រង់ ការប្រែចិត្តពីអំពើបាបរបស់យើង និង ការទទួលបុណ្យជ្រមុជទឹក លំដាប់នោះយើងអាចទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដ៏អស្ចារ្យ ។ អំណោយទាននេះ ផ្ដល់ជាចំណេះដឹង និង ការយល់ដឹង ការណែនាំ និង កម្លាំង ដើម្បីរៀន ហើយបង្កើនទីបន្ទាល់ អំណាច ការលាងសម្អាត ដើម្បីយកឈ្នះលើអំពើបាប ហើយលួងលោមចិត្ត និង លើកទឹកចិត្តឲ្យស្មោះត្រង់ក្នុងទុក្ខលំបាក ។ ពរជ័យដែលពុំអាចប្រៀបផ្ទឹមបាននៃព្រះវិញ្ញាណនេះ បង្កើនសេរីភាព និង អំណាចដើម្បីធ្វើអ្វីដែលត្រូវ ដ្បិត « កន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ » ។៨
ពេលយើងរស់នៅដោយមានសេរីភាពខាងវិញ្ញាណនាថ្ងៃចុងក្រោយនេះ យើងត្រូវតែយល់ថា ការប្រើសិទ្ធិជ្រើសរើសរបស់យើងដោយស្មោះត្រង់ អាស្រ័យលើការមានសេរីភាពខាងសាសនា ។ យើងដឹងហើយថា សាតាំងមិនចង់ឲ្យយើងមានសេរីភាពប្រភេទនេះទេ ។ វាព្យាយាមបំផ្លាញសិទ្ធិសេរីភាពខាងក្រមសីលធម៌នៅស្ថានសួគ៌ ហើយលើផែនដីសព្វថ្ងៃ វាកំពុងបន្ទាបបន្ថោក ប្រឆាំង និងផ្សាយការភាន់ច្រឡំយ៉ាងពេញទំហឹង អំពីសេរីភាពខាងសាសនា—ថាវាជាអ្វី និង ហេតុអ្វីបានជាវាសំខាន់ចំពោះជីវិតខាងវិញ្ញាណ និង សេចក្តីសង្គ្រោះរបស់យើង ។
មានកត្តាគ្រឹះបួនក្នុងសេរីភាពសាសនា ដែលយើងជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវតែពឹងផ្អែក និង ការពារ ។
ទីមួយគឺសេរីភាពក្នុងការជឿ ។ គ្មាននរណាត្រូវគេទិតៀន បៀតបៀន ឬ វាយប្រហារពីសំណាក់បុគ្គលណា ឬ រដ្ឋាភិបាលណា ចំពោះអ្វីដែលពួកគេជឿទៅលើព្រះនោះទេ ។ វាគឺជារឿងផ្ទាល់ខ្លួន និងសំខាន់បំផុត ។ សេចក្ដីប្រកាសមួយអំពីជំនឿយើង ទាក់ទងនឹងសេរីភាពខាងសាសនា បានថ្លែងថា ៖
« គ្មានរដ្ឋាភិបាលណាអាចនៅក្នុងសេចក្ដីសុខសាន្តបានឡើយ លើកលែងតែច្បាប់ទាំងឡាយត្រូវបានបង្កើតឡើង ហើយទ្រទ្រង់ ដែលនឹងធានាដល់បុគ្គលម្នាក់ៗ នូវសេរីភាពខាងសតិសម្បជញ្ញៈ ។ …
« … ចៅក្រមខាងរដ្ឋការ គប្បីបង្ខែបង្ខាំងកុំឲ្យមានទោសឧក្រិដ្ឋ ប៉ុន្តែមិនត្រូវឲ្យត្រួតត្រាលើសម្បជញ្ញៈឡើយ [ ឬ ] ជិះជាន់លើសេរីភាពនៃព្រលឹងឲ្យសោះ » ។៩
សេរីភាពគ្រឹះខាងជំនឿនេះ ត្រូវបានទទួលស្គាល់ពីពេលនោះមក ដោយអង្គការសហប្រជាជាតិ ក្នុងសេចក្ដីប្រកាសជាសាកលអំពីសិទ្ធិមនុស្ស និង តាមរយៈឯកសារសិទ្ធិមនុស្សជាតិ និង អន្តរជាតិ ។១០
កត្តាគ្រឹះទីពីរនៃសេរីភាពសាសនា គឺសេរីភាពក្នុងការចែកចាយសេចក្ដីជំនឿ និង សាសនាយើងជាមួយមនុស្សដទៃ ។ ព្រះអម្ចាស់បញ្ជាយើងថា « ត្រូវឲ្យបង្រៀនពាក្យទាំងនេះដល់ពួកកូនចៅឯង … ក្នុងកាលដែលឯងអង្គុយនៅក្នុងផ្ទះ » ។១១ ទ្រង់ក៏មានបន្ទូលទៅពួកសិស្សទ្រង់ថា « ចូរអ្នករាល់គ្នាទៅពេញសព្វលោកិយទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ » ។១២ ក្នុងនាមជាឪពុកម្ដាយ អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង សមាជិកផ្សាយសាសនា យើងផ្អែកលើសេរីភាពសាសនា ដើម្បីបង្រៀនគោលលទ្ធិនៃព្រះអម្ចាស់ ក្នុងគ្រួសារយើងនៅពាសពេញពិភពលោក ។
សិលាគ្រឹះទីបីនៃសេរីភាពខាងសាសនា គឺជាសិទ្ធិសេរីភាពដើម្បីបង្កើតអង្គការសាសនា ព្រះវិហារ ដើម្បីថ្វាយបង្គំដោយសុខសាន្ដជាមួយនឹងអ្នកដទៃ ។ មាត្រានៃសេចក្ដីជំនឿទីដប់មួយ ប្រកាសថា « យើងខ្ញុំសូមអះអាងយកសិទ្ធិក្នុងការថ្វាយបង្គំព្រះដ៏មានមហិទ្ធីឬទ្ធិ ស្របតាមការណែនាំនៃសម្បជញ្ញៈរបស់យើងខ្ញុំ ហើយសូម បណ្ដោយឲ្យមនុស្សទាំងអស់ មានសិទ្ធិដូចគ្នា ចូរឲ្យគេថ្វាយបង្គំតាមរបៀបណានៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា » ។ ឯកសារសិទ្ធិមនុស្សអន្តរជាតិ និង រដ្ឋធម្មនុញ្ញជាតិនៃប្រទេសជាច្រើន គាំទ្រដល់គោលការណ៍នេះ ។
កត្តាគ្រឹះទីបួននៃសេរីភាពសាសនា គឺសេរីភាពក្នុងការរស់នៅតាមជំនឿយើង—គឺជាសេរីភាពនៃសេចក្តីជំនឿ ដែលមិនគ្រាន់តែអនុវត្តក្នុងផ្ទះ និង សាលាជំនុំនោះទេ ប៉ុន្តែថែមទាំងក្នុងទីសាធារណៈទៀតផង ។ ព្រះអម្ចាស់មិនគ្រាន់តែបញ្ជាយើងឲ្យអធិស្ឋានតែស្ងាត់លាក់បាំងប៉ុណ្ណោះទេ១៣ ប៉ុន្តែថែមទាំងឲ្យយើងចេញទៅ « ឲ្យពន្លឺ [ យើង ] បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការណ៍ល្អដែល [ យើង ] ប្រព្រឹត្ត រួចសរសើរតម្កើងដល់ព្រះវរបិតានៃ [ យើង ] ដែលគង់នៅស្ថានសួគ៌ » ។១៤
មនុស្សខ្លះទាស់ចិត្ត កាលយើងពិភាក្សាពីសាសនាយើងនៅទីសាធារណៈ ប៉ុន្តែមនុស្សទាំងឡាយដែលជាអ្នកទទូចចង់បានទស្សនវិស័យ និង សកម្មភាពខ្លួនឲ្យមានភាពចុះសម្រុងគ្នាក្នុងសហគមន៍ ជាញឹកញាប់កាត់បន្ថយភាពចុះសម្រុងនោះចំពោះអ្នកជឿសាសនា ដែលគេក៏ចង់បានទស្សនវិស័យ និង សកម្មភាពខ្លួនឲ្យមានភាពចុះសម្រុងដែរនោះ ។ កង្វះការគោរពជាទូទៅចំពោះទស្សនវិស័យខាងសាសនា កំពុងធ្វើឲ្យធ្លាក់យ៉ាងឆាប់រហ័សទៅក្នុងភាពមិនចុះសម្រុងក្នុងសង្គម និង នយោបាយ ចំពោះមនុស្សដែលកាន់សាសនា និង រដ្ឋធម្មនុញ្ញសាសនា ។
ពេលយើងជួបប្រទះនឹងសម្ពាធកាន់តែខ្លាំងឡើង ឲ្យបន្ទាបបទដ្ឋានយើង បោះបង់ចោលសេរីភាពខាងសាសនា ហើយបង្ខូចសិទ្ធិជ្រើសរើស សូមពិចារណាពីអ្វី ដែលព្រះគម្ពីរមរមនបង្រៀនអំពីការទទួលខុសត្រូវរបស់យើង ។ ក្នុងគម្ពីរអាលម៉ា យើងអានអំពី អាំលីសៃ ថាជាមនុស្ស « ប្រកបដោយកលល្បិច » និងជា « ទុច្ចរិត » ដែលសង្វាតធ្វើជាស្ដេចគ្រប់គ្រងប្រជាជន ហើយ « ធ្វើឲ្យបាត់បង់សិទ្ធិទាំងឡាយរបស់គេ និង ឯកសិទ្ធិទាំងឡាយ » ដែល « នេះធ្វើឲ្យភិតភ័យដល់ប្រជាជននៃសាសនាចក្រ » ។១៥ ពួកគេត្រូវបានបង្រៀនដោយស្ដេច ម៉ូសាយ ឲ្យបន្លឺសំឡេងចំពោះអ្វីដែលពួកគេមានអារម្មណ៍ថាត្រឹមត្រូវ ។១៦ ហេតុដូច្នេះហើយ ពួកគេ « បានប្រជុំគ្នាទូទៅអស់ទាំងផែនដីគឺមនុស្សគ្រប់រូបស្របតាមគំនិតរបស់ខ្លួន ថាតើគេគាំទ្រ ឬ ជំទាស់នឹងអាំលីសៃ តាមក្រុមដោយឡែកៗ ដោយមានការជជែកគ្នាជាខ្លាំង និង ការទាស់ទែងគ្នា » ។១៧
ក្នុងការពិភាក្សាទាំងនេះ សមាជិកសាសនាចក្រ និង អ្នកដែលមិនមែនសមាជិក មានឱកាសប្រជុំគ្នា ទទួលបទពិសោធន៍ខាងស្មារតីនៃសាមគ្គីភាព និង ទទួលឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធ ។ « ហើយហេតុការណ៍បានកើតឡើងថា សំឡេងរបស់ប្រជាជនទាស់នឹងអាំលីសៃថា គាត់មិនត្រូវធ្វើជាស្ដេចលើប្រជាជនទេ ។១៨
ក្នុងនាមជាសិស្សនៃព្រះយេស៊ូវគ្រីស្ទយើងមានទំនួលខុសត្រូវមួយដើម្បីធ្វើការរួមគ្នាជាមួយនឹងពួកអ្នកជឿដែលមានចិត្តដូចគ្នា ដើម្បីបន្លឺសំឡេងរបស់យើងចំពោះអ្វីដែលត្រូវ ។ ទន្ទឹមនឹងគ្នានោះសមាជិកមិនគួរអះអាង ឬ បង្ហាញថាពួកគេថ្លែងជំនួសឲ្យសាសនាចក្រឡើយ នោះយើងទាំងអស់គ្នាត្រូវបានអញ្ជើញ ក្នុងមុខងារយើងជាប្រជាពលរដ្ឋ ដើម្បីថ្លែងសាក្សីផ្ទាល់ខ្លួនដោយជំនឿស៊ប់ និង ក្ដីស្រឡាញ់— « គឺបុរស [ និងស្ត្រី ] គ្រប់រូបស្របតាមគំនិត [ របស់ខ្លួន ] » ។១៩
ព្យាការី យ៉ូសែប ស្ម៊ីធ មានប្រសាសន៍ថា ៖
« ខ្ញុំមានចិត្តក្លាហាននឹងប្រកាសចំពោះស្ថានសួគ៌ថា ខ្ញុំពិតជាត្រៀមខ្លួនជាស្រេចដើម្បីស្លាប់ ក្នុងការការពារសិទ្ធិរបស់ពួកប្រែសប៊ីធារាន ពួកបាទីស្ទ ឬ មនុស្សល្អម្នាក់ក្នុងនិកាយដទៃ [ ជាពួកមរមរន ] ចំពោះគោលការណ៍តែមួយ ដែលនឹងជាន់ឈ្លីសិទ្ធិនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៃពួកកាតូលិករ៉ូម៉ាំង ឬ និកាយណាមួយទៀត ដែលពុំមានប្រជាប្រិយភាព និង ទន់ខ្សោយក្នុងការការពារខ្លួន ។
« នេះជាក្ដីស្រឡាញ់នៃសេរីភាព ដែលបំផុសគំនិតព្រលឹងខ្ញុំ— គឺសេរីភាពខាងសង្គម និង ខាងសាសនា ចំពោះពូជសាសន៍ទាំងពួង » ។២០
បងប្អូនប្រុសស្រី យើងមានទំនួលខុសត្រូវក្នុងការថែរក្សាសេរីភាព និង សិទ្ធិដ៏ពិសិដ្ឋទាំងនេះ សម្រាប់ខ្លួន និង សណ្ដានក្រោយយើង ។ តើបងប្អូន និង ខ្ញុំអាចធ្វើអ្វីខ្លះ ?
ទីមួយ យើងត្រូវតែមានចំណេះដឹង ។ ចូរដឹងពីបញ្ហាកើតមានក្នុងសហគមន៍បងប្អូន ដែលអាចមានផលប៉ះពាល់ដល់សេរីភាពសាសនា ។
ទីពីរ ដោយនូវសមត្ថភាពផ្ទាល់ខ្លួន សូមចូលរួមជាមួយមនុស្សដទៃ ដែលរួមចំណែកក្នុងការតាំងចិត្តជាមួយបងប្អូនចំពោះសេរីភាពសាសនា ។ ធ្វើការគៀកស្មាគ្នាដើម្បីការពារសិទ្ធិសេរីភាពខាងសាសនា ។
ទីបី ចូររស់នៅតាមជីវិតរបស់បងប្អូន ដើម្បីធ្វើជាគំរូល្អចំពោះអ្វីដែលបងប្អូនជឿ—ក្នុងពាក្យពេចន៍ និង ទង្វើ ។ របៀបដែលយើងរស់នៅដោយអនុវត្តតាមសាសនាយើង មានសារៈសំខាន់ខ្លាំងជាងអ្វីដែលយើងថ្លែងអំពីសាសនាយើងទៅទៀត ។
ការយាងមកជាលើកទីពីរនៃព្រះអង្គសង្គ្រោះជិតមកដល់ហើយ ។ ចូរយើងកុំបង្អង់ក្នុងបុព្វហេតុដ៏ធំនេះឡើយ ។ ចូរចាំពីមេទ័ពមរ៉ូណៃ ដែលបានលើកឡើងពីប្រធានបទនៃសេរីភាព ដែលបានចារជាពាក្យថា ៖ « ក្នុងការចងចាំដល់ព្រះរបស់យើង សាសនា និង សេរីភាពរបស់យើង និង សេចក្ដីសុខសាន្តរបស់យើង ភរិយារបស់យើង និង កូនចៅរបស់យើង២១ ចូរចាំពីការឆ្លើយតបរបស់ប្រជាជន ៖ ពេលពួកគេប្រើសិទ្ធិជ្រើសរើសរបស់ខ្លួន នោះពួកគេ « បាននាំគ្នារត់មក » ដោយនូវសេចក្ដីសញ្ញាថានឹងធ្វើ ។២២
បងប្អូនប្រុសស្រីជាទីស្រឡាញ់ កុំដើរឲ្យសោះ ! ត្រូវតែរត់ ! រត់ទៅទទួលពរជ័យនៃសិទ្ធិជ្រើសរើស តាមរយៈការធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ និង ការប្រើសេរីភាព ដែលព្រះបានប្រទានឲ្យយើង ដើម្បីធ្វើតាមព្រះឆន្ទៈទ្រង់ ។
ខ្ញុំថ្លែងជាសាក្សីពិសេសរបស់ខ្ញុំនៅថ្ងៃបុណ្យអ៊ីស្ទើរដ៏ពិសេសនេះថា ព្រះយេស៊ូវគ្រីស្ទ បានប្រើសិទ្ធិសេរីភាពរបស់ទ្រង់ ដើម្បីធ្វើតាមព្រះឆន្ទៈរបស់ព្រះបិតាយើង ។
យើងច្រៀងអំពីព្រះអង្គសង្គ្រោះថា « ព្រះលោហិតដ៏វិសេសនោះទ្រង់បានបង្ហូរ ហើយទ្រង់បានលះបង់ឲ្យការបូជា » ។២៣ ដោយសារទ្រង់បានធ្វើដូចនោះ យើងមានឱកាសពិសេស « ដើម្បីនឹងរើសយកឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច » តាមរយៈព្រះចេស្ដា និង ពរជ័យនៃដង្វាយធួនទ្រង់ ។២៤ សូមឲ្យយើងរើសយកការដើរតាមទ្រង់នៅថ្ងៃនេះ និង ដរាបតទៅ សូមសូមអធិស្ឋានក្នុងព្រះដ៏បរិសុទ្ធទ្រង់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។