ឆ្នាំ ២០១០-២០១៩
បើ​អ្នក​នឹង​ចេះទទួលខុសត្រូវ
ខែ មេសា 2015


10:37

បើ​អ្នក​នឹង​ចេះទទួលខុសត្រូវ

ចូរ​យើង​បន្ដបោះជំហានទៅមុខ ដោយការ​រៀន​អំពីកាតព្វកិច្ច​របស់យើង ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ ធ្វើសកម្មភាព​ស្របតាមការ​សម្រេច​ចិត្ត​ទាំងនោះ ហើយ​ទទួលយក​ព្រះឆន្ទៈ​របស់ព្រះបិតា​យើង ។

ខ្ញុំ​មានអាយុ ១២ ឆ្នាំ ពេល​អ្នក​ផ្សព្វផ្សាយសាសនា​ បានមក​ដល់​ជាលើក​ដំបូង ដើម្បីផ្សាយ​នៅក្នុងទីក្រុង ដែលខ្ញុំ​កើត នៅ​ ប្រទេស​ឈីលី ភាគខាង​ជើង។ នៅថ្ងៃ​អាទិត្យ​មួយ បន្ទាប់ពី​ខ្ញុំ​បាន​ចូលរួម​ក្នុង​សាខា​តូច​មួយ​អស់រយៈពេល​ប្រាំមួយខែក្រោយ​មក អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​បាន​ផ្ដល់​នំប៉័ង​ដល់​ខ្ញុំ នៅពេល​ដែលគាត់​ចែក​សាក្រាម៉ង់ ។ ខ្ញុំ​បាន​មើល​ទៅគាត់ ហើយនិយាយ​តិចៗ​ថា « ខ្ញុំ​ពុំអាច​ទទួលទេ » ។

គាត់​តបថា « ហេតុអ្វីមិនបាន ? »

ខ្ញុំ​ប្រាប់គាត់​ថា « ដោយសារ​ខ្ញុំ​ពុំ​មែនជា​សមាជិក​ក្នុង​សាសនាចក្រទេ » ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ពុំ​ជឿទេ ។ ភ្នែក​របស់គាត់បានភ្លឺចិញ្ចែង ។ ខ្ញុំ​ស្មាន​ថា គាត់គិត​ថា « ប៉ុន្តែយុវជន​ម្នាក់នេះ​បានមក​ការ​ប្រជុំ​រៀងរាល់ពេលហ្នឹង ! តើ​គាត់ពុំ​មែនជាសមាជិក​សាសនាចក្រ​យ៉ាង​ម៉េច​បាន ?

នៅថ្ងៃ​បន្ទាប់ អ្នក​ផ្សព្វផ្សាយសាសនា បានមក​ដល់ផ្ទះខ្ញុំ ហើយ​ពួកគេ​បានធ្វើ​អ្វីៗគ្រប់​យ៉ាង ដែល​ពួកគេ​អាច​ ដើម្បី​បង្រៀន​គ្រួសារ​ខ្ញុំទាំងមូល ។ ប៉ុន្តែ​ដោយសារ​គ្រួសារ​ខ្ញុំ​ពុំចាប់អារម្មណ៍ នោះ​ខ្ញុំចូលរួម​រាល់​សប្ដាហ៍​​អស់រយៈពេល​ជាង​ប្រាំ​មួយខែ ដែល​ធ្វើ​ឲ្យអ្នកផ្សព្វ​ផ្សាយសាសនា​មានទំនុកចិត្តល្មម​គ្រប់គ្រាន់​ដើម្បី​បន្ដ​បង្រៀន ។ ទីបំផុត គ្រា​ដ៏អស្ចារ្យ​​ដែលខ្ញុំ​ទន្ទឹង​រង់ចាំ​បាន​មកដល់ ពេល​ពួកគាត់​បានអញ្ជើញ​ខ្ញុំ​ឲ្យ​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ផ្សព្វផ្សាយ​សាសនា បានពន្យល់​ប្រាប់ខ្ញុំ​ថា ដោយសារ​ខ្ញុំ​នៅ​តូច ដូច្នេះ​ខ្ញុំ​ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្ដាយ ។ ខ្ញុំ​បាន​ទៅ​ជួប​នឹង​ឪពុក​ខ្ញុំ​ជាមួយ​អ្នក​ផ្សព្វផ្សាយសាសនា ដោយ​គិត​ថា គាត់​នឹង​ឆ្លើយ​ដោយ​ក្ដីស្រឡាញ់​ថា « កូន​ប្រុស ពេល​កូន​មានអាយុពេញច្បាប់ហើយ នោះ​កូន​នឹង​អាច​ធ្វើ​ការ​សម្រេចចិត្ត​ខ្លួន​ឯង » ។

ខណៈ​ដែល​អ្នក​ផ្សព្វផ្សាយសាសនា​និយាយ​នឹង​គាត់ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ក្លៀវក្លា​ដើម្បី​ឲ្យ​គាត់​ត្រូវ​បាន​បន្ទន់ដួងចិត្ត​ ​ដើម្បី​គាត់​នឹងផ្ដល់​ការ​​អនុញ្ញាត​តាម​ការ​ដែលខ្ញុំ​ចង់បាន ។ ចម្លើយ​របស់គាត់​ចំពោះ​អ្នក​ផ្សព្វផ្សាយសាសនា​មានដូច​ខាង​ក្រោម ៖ « អែលឌើរ កាលពី​ប្រាំមួយខែ​កន្លង​ទៅនេះ ខ្ញុំ​បាន​ឃើញ​កូនប្រុស​ខ្ញុំ ចច បាន​ក្រោក​ឡើងពី​ព្រលឹម​​រាល់​ថ្ងៃអាទិត្យ ស្លៀក​ពាក់​យ៉ាង​ស្អាត ហើយ​ដើរ​ទៅព្រះវិហារ ។ ខ្ញុំបានឃើញ​តែ​ឥទ្ធិពល​ល្អ​ដែល​សាសនាចក្រ​មាននៅក្នុងជីវិត​គាត់ » ។ រួច​គាត់ថ្លែង​មកខ្ញុំ​ ដោយ​បានធ្វើ​ឲ្យខ្ញុំ​ភ្ញាក់​ផ្អើល​​និយាយថា « កូនប្រុស បើ​កូន​នឹង​ចេះទទួលខុសត្រូវ​ចំពោះ​ការ​សម្រេចចិត្ត​នេះ នោះ​កូន​ទទួល​បានការ​អនុញ្ញាត​ពី​ឪពុក​ដើម្បីទទួលបុណ្យ​ជ្រមុជទឹក​ហើយ » ។ ខ្ញុំបាន​ឱ​ឪពុក​ខ្ញុំ ថើបគាត់ ហើយអរគុណ​ចំពោះ​អ្វី​ដែល​គាត់​កំពុងតែធ្វើ ។ ថ្ងៃ​ស្អែក​ឡើងខ្ញុំ​បាន​ជ្រមុជទឹក ។ សប្ដាហ៍​ក្រោយ គឺ​ជា​ខួប​ទី ៤៧ ឆ្នាំ នៃ​គ្រា​ដ៏សំខាន់​ក្នុងជីវិត​របស់ខ្ញុំ​ ។

តើ​ទំនួលខុសត្រូវ​អ្វីខ្លះ ដែល​យើងមាន​ ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្ហាញ​ដូច​ខាង​ក្រោម ៖ « យើងមាន​ទំនួលខុសត្រូវដ៏​ធំពីរ ។ … ទីមួយ ស្វែងរក​សេចក្ដីសង្គ្រោះ​ផ្ទាល់ខ្លួន​របស់យើង និង​ទីពីរ កាតព្វកិច្ច​របស់យើង​ចំពោះ បងប្អូន​យើង » ។2

ទាំងនេះ គឺ​ជា​ទំនួលខុសត្រូវ​ចម្បង ដែល​បិតា​យើង​បាន​ចាត់​ឲ្យ​យើង ៖ ស្វែងរក​សេចក្ដី​សង្គ្រោះ​សម្រាប់​ខ្លួន​ឯង និងសម្រាប់អ្នកដទៃ ដោយការ​យល់​ដឹង​ថា នៅក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍នេះ ពាក្យសេចក្ដី​សង្គ្រោះ មានន័យថា ការឈោង​ទៅ​ដល់​កម្រិត​ខ្ពស់​បំផុត​នៃ​សិរីល្អ ដែល​ព្រះបិតា​យើង បាន​ប្រទាន​ដល់​កូនចៅ​គោរពប្រតិបត្តិ​របស់ទ្រង់ ។3 ទំនួល​ខុសត្រូវ​ទាំងនេះ ដែល​បាន​ផ្ដល់​ឲ្យ​យើង— ហើយ​ដែល​យើង​បាន​ទទួល​ដោយ​សេរី— នោះ​ត្រូវ​តែ​កំណត់​ន័យ​អំ​ពី​អាទិភាព បំណង​ប្រាថ្នា ការសម្រេចចិត្ត និង​ទង្វើ​ប្រចាំ​ថ្ងៃ​របស់យើង ។

សម្រាប់​មនុស្ស​ដែល​​បានយល់គឺដឹង​ថា ដោយសារ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ នោះ​ភាព​លើក​តម្កើង គឺ​ពិត​ជា​អាចចាប់យក​បាន តែ​បើ​ពុំ​ចាប់យក​វាបានវិញនោះ​គឺ​ស្មើ​នឹង​ការ​មានទោស ។ ដូច្នេះ ភាពផ្ទុយ​នឹង​សេចក្ដីសង្គ្រោះ គឺ​ការ​មានទោស ដូចជា​ពាក្យ​ផ្ទុយនឹង​ជោគជ័យ គឺបរាជ័យដូច្នោះ​ដែរ ។ ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​បង្រៀន​យើង​ថា « មនុស្ស​ពិត​ជា​ពុំ​អាចនឹងពេញចិត្ត​បានយូរ ជាមួយនឹងគុណភាពបង្គួរ កាលណា​ពួកគេ​មើល​ឃើញ​នូវភាព​ល្អ​ឥតខ្ចោះ​ ស្ថិត​នៅក្នុង ​ការ​ឈោង​ចាប់​បាន​របស់ពួកគេនោះ »  តើ​យើងអាច​ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្វះនូវ​ការ​លើក​តម្កើង​រយៈពេលខ្លះ​យ៉ាង​ដូចម្ដេច បើយើង​ដឹងថា​ការ​លើក​តម្កើង​នោះ​គឺអាច​ទទួលបាន​នោះ ?

ខ្ញុំ​សូម​ចែកចាយ​គោលការណ៍​គន្លឹះ​ចំនួន​បួន ដែលនឹង​ជួយ​យើង​បំពេញ​បំណង​ប្រាថ្នា​របស់យើង ដើម្បី​ឲ្យចេះទទួលខុសត្រូវ​ចំពោះព្រះវរបិតាសួគ៌​យើង​នៅ​ស្ថានសួគ៌ ក៏ដូចជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​រំពឹងទុក​របស់ទ្រង់ ដើម្បី​ឲ្យ​យើងប្រែក្លាយ​ដូចជា​ទ្រង់​នោះ ។

១. ការ​រៀនអំពី​កាតព្វកិច្ចរបស់យើង

បើយើង​​ត្រូវ​ធ្វើ​តាម​ព្រះឆន្ទៈ​របស់ព្រះ បើ​យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះទ្រង់ នោះ​យើង​ត្រូវ​ចាប់ផ្ដើម​ដោយការ​រៀន ការ​យល់ ការ​ទទួលយក និង​ការ​រស់នៅ​តាម​ព្រះទ័យ​របស់ទ្រង់​សម្រាប់យើង ។ ព្រះអម្ចាស់ បានមានបន្ទូលថា « ហេតុដូច្នេះ​ហើយ នៅពេល​ឥឡូវ​នេះ ចូរ​ឲ្យ​មនុស្ស​គ្រប់រូប​រៀន​ពីភារកិច្ច​របស់ខ្លួន ហើយ​ឲ្យ​ប្រតិបត្តិ​ក្នុង​តំណែង​ដែល​ខ្លួន​ត្រូវ​បាន​តាំង​ឡើង ដោយសេចក្ដី​ឧស្សាហ៍​គ្រប់ជំពូក » ។ ការមានបំណង​ចង់​ធ្វើ​នូវ​អ្វី​ដែល​ត្រឹមត្រូវ គឺ​ពុំ​គ្រប់គ្រាន់ទេ បើ​យើង​ពុំ​ប្រាកដ​ថា យើង​យល់​នូវអ្វី​ដែល​ព្រះបិតា​យើង​រំពឹង​ចង់​បាន​ពីយើង ហើយ​ចង់​ឲ្យ​យើង​ធ្វើ​នោះ ។

នៅក្នុង​រឿង​របស់​ Alice in Wonderland អាលីស ពុំ​ដឹង​ថា​ត្រូវ​ទៅ​ផ្លូវមួយណា​ទេ ដូច្នេះ​នាង​បាន​សួរ​ដល់ឆ្មា ឈ្មោះ ឆីសាយ « តើ​អ្នក​ប្រាប់​ខ្ញុំបាន​ទេ​ថា តើ​ខ្ញុំ​គួរ​ទៅ​ផ្លូវ​មួយណា ? »

ឆ្មា​បាន​តបថា « នោះ​អាស្រ័យទៅលើកន្លែង​ដែល​អ្នក​ចង់ទៅ​ទេតើ » ។

អាលីស បាននិយាយថា « ខ្ញុំ​មិន​ខ្វល់​ថា​កន្លែង​ណាទេ » ។

រួច​ឆ្មា​តប​ថា « ដូច្នោះ​វា​មិន​សំខាន់​ថា អ្នកទៅផ្លូវមួយណា​ទេ » ។ 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ដឹង​ផ្លូវ​ដែលនាំ​ទៅ « ដើមឈើ ដែល​មានផ្លែ [ ដ៏​គួរ ] ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីករាយ »—« ទ្វារ​ដែល​នាំ​ទៅ​ឯជីវិត »—គឺ​តូច​ចង្អៀត ។ វាតម្រូវ​ឲ្យខិតខំ​ដើរ​លើ​ផ្លូវ ហើយ « ក៏មាន​មនុស្ស​តិចណាស់​ដែល​រក​ផ្លូវ​នោះ​វិញ » ។

នីហ្វៃ​បាន​បង្រៀន​យើង​ថា « ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នឹង​ប្រាប់​ដល់អ្នក​នូវ​គ្រប់​អ្វីៗ​ទាំងអស់ ដែល​អ្នក​ត្រូវ​ធ្វើ » ។ បន្ទាប់​មក​​លោក​បាន​បន្ថែម​ថា « …ព្រះវិញ្ញាណបរិសុទ្ធ នឹង​បង្ហាញ​ដល់អ្នក​នូវ​គ្រប់​អ្វីទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។១០ ដូច្នេះ ប្រភព​​ដែល​អនុញ្ញាត​ឲ្យ​យើង​រៀន​ពី​កាតព្វកិច្ច​របស់​យើង គឺ​ព្រះបន្ទូល​នៃព្រះគ្រីស្ទ ដែល​យើង​ទទួល​តាមរយៈ​ពួក​ព្យាការី​ពីបុរាណ និង​ពួក​ព្យាការី​បច្ចុប្បន្ន និង​វិវរណៈ​ផ្ទាល់​ខ្លួន ដែល​យើង​ទទួល​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។

២. កា​រធ្វើការ​សម្រេចចិត្ត

មិនថា​យើង​បាន​រៀនអំពី​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អឬ​អត់​នោះទេ ក៏​មានបទបញ្ញតិ្ត​ជាក់លាក់មួយ ដែលមានជាប់នូវ​កាតព្វកិច្ច​ជាមួយនឹងការ​បម្រើ​ក្នុងការ​ហៅបម្រើ​មួយ ឬ​សេចក្ដីសញ្ញា​ដែលយើង​បានធ្វើ​នៅក្នុងព្រះវិហារបរិសុទ្ធ​ ដែល​យើង​ត្រូវ​ជ្រើសរើស​ផងដែរ ថាតើ​ត្រូវ​​​ធ្វើ​ ឬ​មិនត្រូវធ្វើ​ ​ស្របតាម​ចំណេះ​ដឹង​ថ្មី​នោះក្ដី ។ មនុស្ស​ម្នាក់ៗ​ជ្រើសរើស​ដោយសេរីសម្រាប់​ខ្លួនគាត់ ដើម្បី​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​ពិសិដ្ឋ​មួយ ដូច​ជា​ពិធីបុណ្យជ្រមុជទឹក ឬ​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ ។ ដោយសារ​តែ​ការ​ធ្វើ​សម្បថ​គឺ​ជាផ្នែកធម្មតា​នៅក្នុង​ជីវិត​សាសនានៃទំនៀម​ទំលាប់បុរាណ នោះ​ច្បាប់​ចាស់​បានចែង​ថា « អ្នក​មិនត្រូវ​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​យើង​ទេ » ។11 ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ពេល​ដ៏​ត្រឹមត្រូវ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​របៀប​កាន់តែ​ខ្ពស់​ជាង ​ក្នុងការ​រក្សា​ការតាំងចិត្ត​របស់​យើង ពេល​ទ្រង់​មានបន្ទូល​ថា មែន មានន័យថា មែន ហើយ ទេ មានន័យថា ទេ ។12 ពាក្យ​សម្ដី​របស់មនុស្ស​ម្នាក់ គួរ​តែ​គ្រប់គ្រាន់​ដើម្បី​ស្ថាបនាភាពពិតយ៉ាង​ពេញលេញរបស់គាត់ ឬនាង និង​ការតាំងចិត្ត​ចំពោះ​នរណា​ម្នាក់ទៀត --និង​ជាច្រើនទៀត នៅពេល​មនុស្ស​ម្នាក់ទៀត​នោះ គឺ​ជា​ព្រះវរបិតាសួគ៌​របស់​យើង ។ ការគោរព​ដល់ការតាំងចិត្ត​មួយ ក្លាយ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពពិត​ពោរពេញ និងភាព​ស្មោះត្រង់​នៃ​ពាក្យ​សម្ដី​របស់យើង ។

៣. ការធ្វើ​តាម​ដូច្នោះ

បន្ទាប់ពី​យើង​រៀន​នូវកាតព្វកិច្ច​របស់យើង ហើយធ្វើ​ការ​សម្រេចចិត្ត​ ដែល​ទាក់ទង​នឹង​ការរៀនសូត្រ និងការ​យល់​ដឹង​នោះ នោះ​យើងត្រូវ​ធ្វើ​តាម​ដូច្នោះ ។

គំរូ​ដ៏​មានអានុភាព​មួយ​នៃការ​តាំងចិត្ត​ដ៏​មុតមាំ​ ដើម្បីបំពេញ​តាម​ការតាំងចិត្ត​របស់ទ្រង់​ជាមួយ​ព្រះបិតា​​ទ្រង់ កើតចេញមកពី​បទពិសោធន៍​របស់ព្រះអង្គសង្គ្រោះ ពេល​មាន​បុរស​ម្នាក់ដែលមានជម្ងឺស្លាប់ដៃជើង ត្រូវបាន​នាំ​មក​ទ្រង់ ដើម្បី​បានជាសះស្បើយ ។ « ព្រះយេស៊ូវ​ក៏​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ » ។13 យើង​ដឹង​ថា ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ គឺ​សំខាន់​ចំពោះ​ការ​ទទួល​ការអភ័យទោស​ចំពោះ អំពើបាប​របស់យើង ប៉ុន្តែ​អំឡុងពេល​ដែល​ការ​ព្យាបាល​បុរស​ស្លាប់ដៃជើង ថាព្រឹត្តការណ៍​ដ៏​សំខាន់​នោះ មិនទាន់បាន​កើត​ឡើងនៅឡើយទេ ​​ការ​រងទុក្ខ​របស់ព្រះអង្គ​សង្គ្រោះ​នៅក្នុង​​សួនច្បារ​គេតសេម៉ានី និង​ការ​ឆ្កាង​​ពុំ​ទាន់​បាន​កើត​ឡើង​នៅ​ឡើយ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះយេស៊ូវ ពុំ​គ្រាន់តែ​ប្រទានពរ​ដល់​បុរស​ដែល​ស្លាប់ដៃជើង ​អាចមាន​សមត្ថភាព​នឹង​ក្រោកឈ និង​ដើរ​បាន​ប៉ុណ្ណោះទេ តែ​ទ្រង់​ក៏​បាន​ប្រទាន​ការអភ័យទោស​ដល់អំពើ​បាប​របស់គាត់​នោះ​ផងដែរ ដូច្នេះ​បាន​ផ្ដល់​​នូវ​ទីសម្គាល់ដែល​ពុំអាច​បដិសេធ​បាន​ថា ទ្រង់​ពុំ​បាន​បរាជ័យទេ ទ្រង់​នឹង​បំពេញ​នូវការតាំងចិត្ត​ ដែល​បាន​ធ្វើ​ជាមួយ​នឹង​ព្រះវរបិតាទ្រង់ ដែលនៅក្នុងសួនច្បារ​គេតសេម៉ានី និង​នៅលើ​ឈើឆ្កាង ទ្រង់​នឹង​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ធ្វើ ។

ផ្លូវ​ដែល​យើង​​ជ្រើសរើស​ដើរ គឺ​តូច​ចង្អៀត ។ នៅ​តាមផ្លូវ គឺ​មានឧបសគ្គ ដែល​នឹង​តម្រូវ​ឲ្យ​យើង​មានជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយខំប្រឹងប្រែងខ្លាំង​បំផុត ដើម្បី​ស្ថិត​នៅលើ​ផ្លូវ​របស់​យើង និង​ដើរ​ឆ្ពោះទៅមុខ ។ យើងត្រូវតែ​ប្រែចិត្ត ហើយ​គោរពប្រតិបត្តិ និង​អត់ធ្មត់ ទោះជា​យើង​ពុំ​យល់​នូវ​រាល់​ស្ថានភាព ដែល​កើតមានជុំវិញ​យើង​ក្ដី ។ យើង​ត្រូវ​អភ័យ​ទោស​ដល់អ្នកដទៃ ហើយ​រស់​នៅ​ស្រប​តាមអ្វី​ដែល​យើង​បាន​រៀន និង​ស្របតាមការ​ជ្រើស​រើស​ ដែល​យើងបាន​ធ្វើ ។

៤. មានឆន្ទៈទទួលយកព្រះហឬទ័យ​របស់ព្រះបិតា​​

ភាពជាសិស្ស តម្រូវ​ឲ្យ​យើង​ពុំគ្រាន់​តែ​រៀន​អំពីកាតព្វកិច្ច​របស់យើង ធ្វើ​ការសម្រេចចិត្ត​ត្រឹមត្រូវ ហើយ​ធ្វើ​សកម្មភាព​ស្របតាម​អ្វី​ទាំងអស់នោះ​ប៉ុណ្ណោះទេ ប៉ុន្តែ​វាសំខាន់ផងដែរ ក្នុងការ​អភិវឌ្ឍន៍នូវ​ឆន្ទៈ​របស់យើង និង​លទ្ធភាព​ដើម្បី​ទទួលយក​ព្រះឆន្ទៈ​របស់​ព្រះ ទោះបីជា​វា​ពុំ​ត្រូវតាម​បំណង​ប្រាថ្នា​ ឬ​ចំណូលចិត្ត​សុចរិត​របស់យើង​ក្ដី ។

ខ្ញុំ​ស្ងើច​ និង​សរសើរ​ចំពោះ​អាកប្បកិរិយា​របស់​បុរស​ឃ្លង់ដែលមក​រក​ព្រះអម្ចាស់ « មក​ឯ​ព្រះយេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ថា បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន » ។14 មនុស្ស​ឃ្លង់ ពុំ​ចង់បានអ្វីទេ ទោះជា​បំណង​របស់គាត់អាច​ជាបំណងសុចរិត​ក្ដី ក៏​គាត់​យល់ព្រមទទួលយក​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់​ដោយសាមញ្ញ​ផងដែរ ។

កាល​ពីជា​ច្រើន​ឆ្នាំ​កន្លង​ទៅ មានគូស្វាមីភរិយា​ស្មោះត្រង់​មួយគូ ដែល​ជា​មិត្ត​របស់ខ្ញុំ បាន​មានកូន​ប្រុស​ម្នាក់ ដែល​ពួកគាត់​បាន​អធិស្ឋាន​សុំ​អស់ពេល​ជាយូរ​មក ។ គេហដ្ឋាន​នោះពោរពេញ​ដោយ​ក្ដីអំណរ ខណៈ​ដែល​មិត្ត​យើង និង​កូនស្រី​របស់ពួកគេ ដែលជាកូន​តែម្នាក់ផ្សេង​នា​ពេលនោះ បាន​រីករាយ​នឹង​ការ​មក​ដល់នៃ​កូន​ប្រុស​តូច​ថ្មីនេះ ។ ទោះជាយ៉ាងណាក៏ដោយ មានថ្ងៃមួយ មាន​អ្វី​មួយ​ដែលពុំ​រំពឹងទុកជាមុនបាន​កើត​ឡើង កូនប្រុស​តូច​នោះ ដែលមានអាយុ​ប្រហែលជា​បីឆ្នាំ ត្រូវ​ភ្លឹក​ស្មារតី​មួយរំពេច ។ ពេល​ដែល​ខ្ញុំដឹង​ពី​ស្ថានភាព​នោះ ខ្ញុំ​បាន​ទូរសព្ទ​ទៅមិត្ត​ខ្ញុំ​ដើម្បី​សម្ដែងនូវ​ការ​គាំទ្រ​របស់​យើងក្នុង​គ្រា​លំបាក​នោះ ។ ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់គាត់ គឺ​ជា​មេរៀន​មួយសម្រាប់ខ្ញុំ ។ គាត់មានប្រសាសន៍​ថា « បើ​វាជា​ព្រះឆន្ទៈ​របស់ព្រះបិតា ថា​នឹង​យក​កូនតូច​នេះ​ទៅទ្រង់វិញ នោះ​វា​មិនអីទេចំពោះ​យើង » ។ ពាក្យ​ពេចន៍របស់មិត្ត​ខ្ញុំ ពុំ​មាន​នូវ​ការ​រអូរទាំ ការ​បះបោរ ឬ​ការ​មិនចេះ​សូម្បី​តែ​បន្ដិច​ឡើយ ។ ផ្ទុយទៅវិញ ខ្ញុំ​អាច​ដឹងតាម​ពាក្យសម្ដី​របស់គាត់ នូវ​ការ​ដឹងគុណ​ចំពោះ​ព្រះ​ក្នុង ​ការ​អនុញ្ញាតឲ្យ​ពួកគេ​រីករាយ​នឹង​កូន​តូច​នោះ​ សម្រាប់​មួយរយៈពេលខ្លី ខ្ញុំក៏ដឹង​ពី​ឆន្ទៈ​របស់គាត់​ក្នុង​ការ​ទទួលយក​ព្រះឆន្ទៈ​របស់ព្រះបិតាចំពោះ​ពួកគេ​ទាំង​ស្រុង​ផងដែរ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក កូន​តូច​នោះ​ត្រូវ​បាន​នាំ​ទៅ​វិមាន​សេឡេស្ទាល​វិញ ។

ចូរ​យើង​បន្ដបោះជំហានទៅមុខ ដោយការ​រៀន​អំពីកាតព្វកិច្ច​របស់យើង ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ ធ្វើសកម្មភាព​ស្របតាមការ​សម្រេច​ចិត្ត​ទាំងនោះ ហើយ​ទទួលយក​ព្រះឆន្ទៈ​របស់ព្រះបិតា​យើង ។

ខ្ញុំមាន​ការដឹងគុណ និង​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​ដែល​ព្រះបិតា​ខ្ញុំ បាន​ទុក​ឲ្យខ្ញុំ​ធ្វើ​អស់​រយៈពេល ៤៧ ឆ្នាំ​កន្លងទៅ ។ ទីបំផុត ខ្ញុំ​បាន​យល់​ថា ស្ថានភាព​ដែលទ្រង់ប្រទានដល់ខ្ញុំ--​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​នោះ-- មានន័យ​ថា មានទំនួលខុសត្រូវ​ចំពោះ​ព្រះបិតាសួគ៌​របស់ខ្ញុំ ហើយ​ស្វែងរក​សេចក្ដីសង្គ្រោះ​ផ្ទាល់ខ្លួន​ខ្ញុំ និង​បងប្អូនខ្ញុំ ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះបិតា​​ខ្ញុំ ​រំពឹង​ និង​ចង់ឲ្យ​ខ្ញុំ​ប្រែក្លាយ ។ នៅ​ថ្ងៃ​ពិសេស​នេះ​ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​ជាព្រះវរបិតា​របស់​យើង និង​ព្រះរាជបុត្រា​សំណប់​របស់​ទ្រង់ មាន​ព្រះជន្ម​រស់ ។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។