ភាពជាឪពុក—ជោគវាសនាដ៏អស់កល្បរបស់យើង
សូមឲ្យយើងម្នាក់ៗរីករាយនឹងភាពពោរពេញនៃពរជ័យនៃព្រះវរបិតាក្នុងជីវិតនេះ ព្រមទាំងការបំពេញនៃ កិច្ចការទ្រង់ និង សិរីល្អទ្រង់ ដោយការក្លាយជាឪពុកសម្រាប់ភាពអស់កល្បជានិច្ច ។
ឪពុកខ្ញុំបានបង្រៀនខ្ញុំនូវមេរៀនសំខាន់មួយ ពេលខ្ញុំនៅក្មេង ។ គាត់បានដឹងថា ខ្ញុំមានចិត្តជំពាក់ទៅនឹងរបស់ខាងលោកិយខ្លាំងពេក ។ ពេលខ្ញុំមានលុយ ខ្ញុំចាយវាភ្លាម—គឺស្ទើរតែលើខ្លួនឯងទាំងអស់ ។
រសៀលមួយ គាត់បាននាំខ្ញុំទៅទិញស្បែកជើងថ្មី ។ នៅឯជាន់ទីពីរនៃហាងនោះ គាត់បានឲ្យខ្ញុំសម្លឹងទៅក្រៅបង្អួចជាមួយគាត់ ។
គាត់បានសួរថា « តើកូនឃើញអ្វីខ្លះ ? »
« អគារ មេឃ មនុស្ស » ជាចម្លើយរបស់ខ្ញុំ ។
« តើមានប៉ុន្មាន ? »
« ច្រើនណាស់ ! »
ភ្លាមនោះ គាត់បានទាញកាក់នេះ ចេញពីហោប៉ៅគាត់ ។ ពេលគាត់ហុចវាឲ្យខ្ញុំ គាត់បានសួរថា « នេះជាអ្វី ? »
ខ្ញុំបានស្គាល់ភ្លាម ៖ « ប្រាក់កាក់ដុល្លារ ! »
ដោយប្រើចំណេះដឹងខាងគីមីវិទ្យារបស់គាត់ គាត់បាននិយាយថា « បើកូនរំលាយប្រាក់កាក់ដុល្លានេះ ហើយលាយវាជាមួយនឹងគ្រឿងផ្សំត្រឹមត្រូវ កូននឹងបានប្រាក់នីត្រាត ។ បើយើងលាបបង្អួចនេះជាមួយនឹងប្រាក់នីត្រាត តើកូននឹងឃើញអ្វីខ្លះ ? »
ខ្ញុំមិនដឹងទេ ដូច្នេះ គាត់បាននាំខ្ញុំទៅកាន់កញ្ចក់ឆ្លុះវែងមួយ ហើយសួរខ្ញុំថា « ឥឡូវ តើកូនឃើញអ្វី ? »
« ខ្ញុំឃើញខ្លួនខ្ញុំ » ។
« ទេ » គាត់បានឆ្លើយ « អ្វីដែលកូនឃើញគឺជាប្រាក់ដែលជះត្រឡប់មកកូនវិញ ។ បើកូនផ្ដោតតែទៅលើប្រាក់ នោះអ្វីទាំងអស់ដែលកូនឃើញគឺខ្លួនកូន ហើយដូចជាវាំងននដែរ វានឹងបាំងកូនពីការមើលឃើញច្បាស់នូវជោគវាសនាដ៏អស់កល្ប ដែលព្រះវរបិតាសួគ៌បានរៀបចំសម្រាប់កូន » ។
គាត់បានបន្តថា « លែរី ‹ ចូរកុំស្វែងរករបស់ខាងឯលោកិយ តែចូរស្វែងរកនគរ ... នៃព្រះជាមុនសិន ហើយស្ថាបនាសេចក្ដីសុចរិត [ របស់ទ្រង់ ] ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង › » ( ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៦:៣៨ [ នៅក្នុង ម៉ាថាយ ៦:៣៣ លេខយោង ក ] ) ។
គាត់បានប្រាប់ខ្ញុំឲ្យទុកប្រាក់កាក់ដុល្លារនោះ ហើយកុំឲ្យបាត់វាឡើយ ។ រាល់ពេលដែលខ្ញុំមើលវា ខ្ញុំគិតពីជោគវាសនាដ៏អស់កល្បដែលព្រះវរបិតាសួគ៌មានសម្រាប់ខ្ញុំ ។
ខ្ញុំស្រឡាញ់ឪពុកខ្ញុំ និង របៀបដែលគាត់បង្រៀន ។ ខ្ញុំចង់ក្លាយដូចជាគាត់ ។ គាត់បានបណ្ដុះក្នុងដួងចិត្តខ្ញុំនូវបំណងប្រាថ្នាឲ្យធ្វើជាឪពុកល្អម្នាក់ ហើយក្ដីសង្ឃឹមដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំ គឺថាខ្ញុំកំពុងរស់នៅឲ្យសមនឹងគំរូរបស់គាត់ ។
ព្យាការីជាទីស្រឡាញ់យើង ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ការសម្រេចចិត្តរបស់យើង កំណត់ពីជោគវាសនារបស់យើង ហើយមានលទ្ធផលអស់កល្បជានិច្ច ( សូមមើល « Decisions Determine Destiny » [ ការប្រជុំពិសេសរបស់ប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ] ទំព័រ ២;lds.org/broadcasts) ។
អញ្ចឹង តើយើងមិនគួរអភិវឌ្ឍនូវទស្សនវិស័យដ៏ច្បាស់មួយអំពី ជោគវាសនាដ៏អស់កល្ប របស់យើង ជាពិសេសគឺជោគវាសនាមួយដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងសម្រេចបាន—គឺភាពជាឪពុកដ៏អស់កល្បជានិច្ច ទេឬអី ? ចូរឲ្យជោគវាសនាដ៏អស់កល្បរបស់យើង កំណត់ចេញពីការសម្រេចចិត្តទាំងអស់របស់យើង ។ មិនថាការសម្រេចចិត្តទាំងនោះលំបាកយ៉ាងណាទេ ព្រះវរបិតានឹងគាំទ្រយើង ។
ខ្ញុំបានរៀនអំពីអំណាចនៃទស្សនវិស័យបែបនេះ ពេលខ្ញុំបានចូលរួមការប្រកួត ៨០/២០ មួយរបស់កូនប្រុសខ្ញុំដែលមានអាយុ ១២ និង ១៣ ឆ្នាំ ។ ការប្រកួត ៨០/២០ រួមមានការដើរ ៨០ គ.ម ឲ្យបានតិចជាង ២០ ម៉ោង ។ យើងបានចាប់ផ្ដើមនៅម៉ោង ៩:០០ យប់ ហើយបានដើរអស់ពេញមួយយប់ និង ស្ទើរពេញមួយថ្ងៃទៀត ។ វាជារយៈពេល ១៩ ម៉ោង ដ៏ទារុណមួយ ប៉ុន្តែយើងបានធ្វើដោយជោគជ័យ ។
ពេលត្រឡប់មកផ្ទះវិញ យើងពិតជាបានវារចូលក្នុងផ្ទះ ជាកន្លែងដែលភរិយា និង ម្ដាយដ៏ប្រពៃម្នាក់បានរៀបចំអាហារពេលល្ងាចដ៏ឆ្ងាញ់ តែយើងមិនបានពាល់វាសោះ ។ កូនប្រុសប្អូនរបស់ខ្ញុំផ្ដួលខ្លួនចុះលើសាឡុងដោយអស់កម្លាំងបំផុត ខណៈដែលកូនប្រុសច្បងវារចុះជណ្ដើរទៅបន្ទប់គាត់ ។
បន្ទាប់ពីខ្ញុំបានសម្រាកទាំងឈឺចាប់ហើយ ខ្ញុំបានទៅមើលកូនប្អូន ដើម្បីមើលថាបើគាត់នៅមានជីវិតឬអត់ ។
« កូនមិនអី ហ្អី ? » ខ្ញុំបានសួរ ។
« ប៉ា វាជាអ្វីដែលពិបាកបំផុតដែលខ្ញុំបានធ្វើ ខ្ញុំមិនចង់ធ្វើវាម្ដងទៀតទេ » ។
ខ្ញុំមិនបានប្រាប់គាត់ទេថា ខ្ញុំនឹងមិនធ្វើវាម្ដងទៀតដែរ ។ តែ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានមោទនភាពយ៉ាងណា ដែលគាត់បានសម្រេចនូវការណ៍ដ៏លំបាកបែបនោះ ។ ខ្ញុំបានដឹងថា វានឹងរៀបចំគាត់សម្រាប់ការណ៍លំបាកផ្សេងៗទៀត ដែលគាត់នឹងប្រឈមនៅថ្ងៃអនាគត ។ ជាមួយនឹងគំនិតនោះ ខ្ញុំបាននិយាយថា « កូនប្រុស សូមឲ្យប៉ាសន្យាការណ៍នេះដល់កូន ។ ពេលកូនទៅបម្រើបេសកកម្មរបស់កូន កូននឹងមិនបាច់ត្រូវដើរ ៨០ គ.ម ក្នុងមួយថ្ងៃដូចនេះទេ » ។
« ល្អណាស់ ប៉ា ! អញ្ចឹង ខ្ញុំនឹងទៅ » ។
ពាក្យដ៏សាមញ្ញទាំងនោះបានបំពេញព្រលឹងខ្ញុំនូវកតញ្ញូតា និង អំណរ ។
បន្ទាប់មក ខ្ញុំបានចុះទៅខាងក្រោមមើលកូនច្បងរបស់ខ្ញុំ ។ ខ្ញុំបានទម្រេតខ្លួនចុះក្បែរគាត់—ហើយប៉ះគាត់ ។ « កូនប្រុស កូនមិនអីទេហ្អី ? »
« ប៉ា នោះជាអ្វីដែលលំបាកបំផុតដែលខ្ញុំបានធ្វើក្នុងជីវិតខ្ញុំ ហើយខ្ញុំនឹងមិនធ្វើវាម្ដងទៀតឡើយ » ។ ភ្នែកគាត់បិទ—ហើយបើក—ហើយគាត់បាននិយាយថា « លើកលែងតែកូនប្រុសខ្ញុំចង់ឲ្យខ្ញុំធ្វើ » ។
ទឹកភ្នែកបានស្រក់មក កាលដែលខ្ញុំបានបង្ហាញថា ខ្ញុំមានអំណរគុណយ៉ាងណាចំពោះគាត់ ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំដឹងថា គាត់នឹងធ្វើជាឪពុកល្អជាងខ្ញុំទៅទៀត ។ ដួងចិត្តរបស់ខ្ញុំបានពោរពេញ ដោយសារគាត់បានទទួលស្គាល់តាំងពីវ័យក្មេងខ្ចីស្រេចទៅហើយថា កាតព្វកិច្ចបព្វជិតភាពដ៏ពិសិដ្ឋបំផុត គឺត្រូវធ្វើជាឪពុកម្នាក់ ។ គាត់ពុំមានការភ័យខ្លាចចំពោះតួនាទី និង ងារនោះទេ—គឺជាងារដែលព្រះទ្រង់ផ្ទាល់មានព្រះទ័យចង់ឲ្យយើងប្រើ ពេលយើងទូលជាមួយទ្រង់ ។ ខ្ញុំបានដឹងថា ខ្ញុំមានទំនួលខុសត្រូវក្នុងការថែទាំរងើកភ្លើងនៃភាពជាឪពុក ដែលកំពុងឆេះសន្ធោសន្ធៅក្នុងខ្លួនកូនប្រុសខ្ញុំ ។
ព្រះបន្ទូលទាំងនេះរបស់ព្រះអង្គសង្គ្រោះ មានអត្ថន័យកាន់តែជ្រាលជ្រៅចំពោះខ្ញុំ ក្នុងនាមជាឪពុកម្នាក់ ៖
« ព្រះរាជបុត្រាពុំអាចនឹងធ្វើការអ្វីដោយព្រះអង្គទ្រង់បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ ដ្បិត [ ការអ្វីក៏ដោយដែលទ្រង់ ] ធ្វើ នោះព្រះរាជបុត្រាក៏ធ្វើដូច្នោះដែរ » ( យ៉ូហាន ៥:១៩ ) ។
« ខ្ញុំមិនបានធ្វើការអ្វីដោយអាងខ្លួនខ្ញុំ គឺខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំ » ( យ៉ូហាន ៨:២៨ ) ។
ខ្ញុំចូលចិត្តធ្វើជាស្វាមី និងជាឪពុក -- បានរៀបការនឹងស្ត្រីជម្រើសរបស់ព្រះបិតាមាតាសួគ៌ ។ ខ្ញុំស្រឡាញ់នាង ។ នេះគឺជាចំណែកដ៏ពេញលេញបំផុតមួយនៅក្នុងជីវិតខ្ញុំ ។ ខ្ញុំសង្ឃឹមថានាយប់នោះ កូនប្រុសទាំងប្រាំនាក់របស់ខ្ញុំ និងប្អូនស្រីរបស់ពួកគេ នឹងមើលឃើញខ្ញុំជានិច្ចនៅក្នុងក្ដីអំណរ ដែលកើតមកពីអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច ភាពជាឪពុក និងជាគ្រួសារ ។
ឪពុកទាំងឡាយអើយ ខ្ញុំប្រាកដថា អ្នកធ្លាប់បានឮគេនិយាយថា « ផ្សាយដំណឹងល្អនៅគ្រប់ពេលទាំងអស់ ហើយពេលចាំបាច់ ចូរប្រើពាក្យសម្ដី » ( ជាពាក្យរបស់ ហ្វ្រេនស៊ីសនៃក្រុងអាសស៊ីស៊ី ) ។ រៀងរាល់ថ្ងៃ អ្នកកំពុងបង្រៀនកូនចៅអ្នក ថាការធ្វើជាឪពុកម្នាក់មានន័យបែបណា ។ អ្នកកំពុងចាក់គ្រឹះសម្រាប់ជំនាន់ក្រោយ ។ កូនប្រុសអ្នកនឹងរៀនពីរបៀបធ្វើជាស្វាមី និង ឪពុក ដោយការសង្កេតលើរបៀបដែលអ្នកបំពេញតួនាទីនេះ ។ ឧទាហរណ៍ ៖
តើពួកគេដឹងទេថា អ្នកស្រឡាញ់ និង ការពារម្ដាយគេយ៉ាងណា ហើយថាអ្នកចូលចិត្តការធ្វើជាឪពុកគេយ៉ាងណា ?
ពួកគេនឹងរៀនពីរបៀបប្រព្រឹត្តចំពោះអនាគតភរិយា និង កូនចៅរបស់គេ ពេលពួកគេមើលអ្នកប្រព្រឹត្តចំពោះពួកគេម្នាក់ៗ គឺដូចជាព្រះវរបិតាសួគ៌នឹងប្រព្រឹត្តដែរ ។
តាមរយៈគំរូអ្នក ពួកគេអាចរៀនពីរបៀបគោរព ផ្ដល់កិត្តិយស និង ការពារភាពជាស្ត្រី ។
ក្នុងផ្ទះអ្នក ពួកគេអាចរៀនធ្វើជាអធិបតីលើគ្រួសារគេ ដោយសេចក្ដីស្រឡាញ់ និង សុចរិតភាព ។ ពួកគេអាចរៀនផ្គត់ផ្គង់នូវភាពចាំបាច់នៃជីវិត និង ផ្ដល់ការការពារដល់គ្រួសារគេ—ទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។
បងប្អូនអើយ ដោយអស់ពីថាមពលនៃព្រលឹងខ្ញុំ ខ្ញុំសុំដល់អ្នកឲ្យពិចារណាសំណួរនេះ ៖ តើកូនប្រុសរបស់អ្នកឃើញថា អ្នកកំពុងពុះពារធ្វើនូវអ្វីដែលព្រះវរបិតាសួគ៌នឹងឲ្យពួកគេធ្វើដែរឬទេ ?
ខ្ញុំអធិស្ឋានសុំឲ្យចម្លើយឆ្លើយថា បាទ ។ បើចម្លើយគឺ ទេ នោះវាមិនទាន់យឺតពេលដើម្បីផ្លាស់ប្ដូរ តែអ្នកត្រូវតែចាប់ផ្ដើមថ្ងៃនេះ ។ ហើយខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌នឹងជួយដលអ្នក ។
ឥឡូវនេះ ប្អូនៗដែលជាយុវជន ដែលខ្ញុំស្រឡាញ់ ប្អូនៗដឹងថាប្អូនៗកំពុងទទួលបព្វជិតភាពមិលគីស្សាដែក ទទួលពិធីពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ បំពេញតាមករណីយកិច្ច និង កាតព្វកិច្ច ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ហើយបន្ទាប់មក ដោយមិនចាំយូរ ត្រូវរៀបអាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងបុត្រីម្នាក់របស់ព្រះ ហើយបង្កើតក្រុមគ្រួសារមួយ ។ បន្ទាប់មក អ្នកត្រូវដឹកនាំគ្រួសារអ្នកក្នុងការណ៍ទាំងឡាយខាងវិញ្ញាណ ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គ. និង ស. ២០:៤៤; ៤៦:២; ១០៧:១២ ) ។
ខ្ញុំបានសួរយុវជនជាច្រើនជុំវិញពិភពលោកថា « ហេតុអ្វីបានជាប្អូនមកទីនេះ ? »
មកដល់ត្រឹមនេះ មិនទាន់មាននរណាម្នាក់ឆ្លើយថា « ដើម្បីរៀនធ្វើជាឪពុកម្នាក់ ដើម្បីខ្ញុំអាចរៀបចំរួចរាល់ ហើយសក្ដិសមនឹងទទួលអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន » នោះទេ ។
ចូរយើងពិនិត្យមើលពីកាតព្វកិច្ចបព្វជិតភាពអើរ៉ុនរបស់អ្នក ដូចដែលមានពិពណ៌នាក្នុង កណ្ឌទី ២០ នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ។ សូមឆាប់ដឹងនូវអ្វី ដែលអ្នកទទួលអារម្មណ៍ ពេលដែលខ្ញុំដាក់កាតព្វកិច្ចទាំងនេះទៅការបម្រើក្នុងគ្រួសារអ្នក ។
« អញ្ជើញមនុស្សទាំងអស់ [ ក្នុងគ្រួសារអ្នក ] ឲ្យមករកព្រះគ្រីស្ទ » ( ខ ៥៩ ) ។
« មើលការខុសត្រូវលើ [ ពួកគេ ] ជានិច្ច ហើយនៅជាមួយ និង ចម្រើនកម្លាំងពួកគេ » ( ខ ៥៣ ) ។
« ផ្សាយ បង្រៀន ពន្យល់ ទូន្មាន និង ធ្វើបុណ្យជ្រមុជទឹក » ដល់សមាជិកគ្រួសារអ្នក ( ខ ៤៦ ) ។
« ទូន្មានពួកគេឲ្យអធិស្ឋានឲ្យឮ និង នៅទីអាថ៌កំបាំង ហើយឲ្យធ្វើកាតព្វកិច្ចគ្រួសារគ្រប់យ៉ាង » ( ខ ៤៧ ) ។
« មើលឲ្យឃើញថា គ្មានសេចក្ដីទុច្ចរិតនៅក្នុង [ គ្រួសារអ្នក ] ឬក៏មានភាពរឹងទទឹងនឹងគ្នាទៅវិញទៅមក ឬ មានការកុហក ការពោលបង្កាច់ ឬក៏មានការនិយាយអាក្រក់ឡើយ » ( ខ ៥៤ ) ។
« មើលឲ្យឃើញថា [ គ្រួសារអ្នកជួបជុំ ] គ្នាជាញឹកញាប់ » ( ខ ៥៥ ) ។
សូមជួយឪពុកអ្នក ក្នុងកាតព្វកិច្ចរបស់គាត់ ក្នុងនាមជាលោកអយ្យកោ ។ គាំទ្រម្ដាយរបស់អ្នកដោយនូវកម្លាំងបព្វជិតភាព នៅពេលឪពុកអ្នកមិននៅ ( សូមមើល ខទី ៥២, ៥៦ ) ។
នៅពេលត្រូវបានសួរថា « តែងតាំងពួកសង្ឃដទៃ គ្រូ និង ឌីកុន » នៅក្នុងក្រុមគ្រួសារអ្នក (ខទី ៤៨ ) ។
តើនេះមិនស្ដាប់ទៅដូចជា កិច្ចការ និង តួនាទីនៃឪពុកទេឬអី ?
ការបំពេញតាមករណីយកិច្ចបព្វជិតភាពអើរ៉ុន កំពុងតែរៀបចំខ្លួនប្អូនៗដែលជាយុវជនឲ្យធ្វើជា ឪពុក ។ ធនធានករណីយកិច្ចចំពោះព្រះ អាចជួយអ្នក ឲ្យដាក់គោលដៅជាក់លាក់ៗ ដើម្បីបំពេញករណីយកិច្ចទាំងឡាយរបស់អ្នក ។ វាអាចជាការដឹកនាំ និង ជំនួយមួយ ពេលអ្នកស្វែងរកព្រះឆន្ទៈព្រះវបិតាសួគ៌ និង ដាក់គោលដៅដើម្បីសម្រេចវា ។
ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ បានបញ្ជូនអ្នកមកទីនេះ នៅពេលវេលាជាក់លាក់នេះ សម្រាប់កិច្ចការដ៏ពិសេស និង គោលបំណងដ៏អស់កល្ប ។ ទ្រង់ចង់ឲ្យអ្នកឃើញយ៉ាងច្បាស់ ហើយយល់ថាគោលបំណងនោះជាអ្វី ។ ទ្រង់ជាបិតារបស់អ្នក ហើយអ្នកអាចបែរទៅរកទ្រង់សុំការណែនាំជានិច្ច ។
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌មានព្រះទ័យខ្វល់ខ្វាយពីយើងម្នាក់ៗដោយផ្ទាល់ ហើយមានផែនការផ្ទាល់មួយសម្រាប់ឲ្យយើងសម្រេចជោគវាសនាដ៏អស់កល្បរបស់យើង ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ឲ្យមកជួយយើងយកឈ្នះលើភាពមិនគ្រប់លក្ខណ៍តាមរយៈដង្វាយធួន ។ ទ្រង់បានប្រទានពរឲ្យយើងដោយមានព្រះវិញ្ញាណបរិសុទ្ធធ្វើជាសាក្សី ដៃគូ និង មគ្គុទ្ទេសក៍ ទៅរកជោគវាសនាដ៏នៅអស់កល្បជានិច្ចរបស់យើង ប្រសិនបើយើងពឹងផ្អែកទៅលើទ្រង់ ។ សូមឲ្យយើងម្នាក់ៗរីករាយនឹងភាពពោរពេញនៃពរជ័យនៃព្រះវរបិតាក្នុងជីវិតនេះ ព្រមទាំងការបំពេញនៃ កិច្ចការទ្រង់ និង សិរីល្អទ្រង់ ដោយការក្លាយជាឪពុកសម្រាប់ភាពអស់កល្បជានិច្ច ( សូមមើល ម៉ូសេ ១:៣៩ ) ។ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។