ព្រះដ៏ជាជំនួយ
ខ្ញុំសូមធ្វើសាក្សីថា ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ បញ្ជូនព្រះវិញ្ញាណបរិសុទ្ធ ជាអង្គលួងលោមចិត្ត ដល់អ្នកដែលទូលសូមទ្រង់ឲ្យកម្សាន្តចិត្ត ។
បងប្អូនប្រុសស្រី វាជាក្ដីអំណរដែលខ្ញុំនៅជាមួយនឹងបងប្អូន ។ ខ្ញុំបានគិតពីម្ដាយខ្ញុំ ភរិយាខ្ញុំ កូនស្រី កូនប្រសារស្រី ចៅស្រី--នឹងស្រ្ដីជាច្រើននៅទីនេះ ។ កម្មវិធីដ៏ល្អនេះ បានធ្វើឲ្យខ្ញុំមានអំណរគុណច្រើនដល់ពួកគាត់ ។ ខ្ញុំទទួលស្គាល់ថាការមានគ្រួសារមួយ និងជីវិតគ្រួសារដ៏ល្អមួយដូច្នេះ កើតមានមកពីពួកគេមានព្រះអង្គសង្គ្រោះនៅជាស្នូលនៃជីវិតរស់នៅរបស់ពួកគេម្នាក់ៗ ។ យើងបានចងចាំទ្រង់នាយប់នេះក្នុងបទចម្រៀង ការអធិស្ឋាន និងតាមរយៈទេសនកថាដ៏បំផុសគំនិត ។ លក្ខណៈមួយរបស់ព្រះអង្គសង្គ្រោះ ដែលយើងពេញចិត្តបំផុតគឺក្ដីមេត្តាករុណាគ្មានទីបញ្ចប់នៃទ្រង់ ។
នាយប់នេះ បងប្អូនដឹងថា ទ្រង់ស្គាល់ និងស្រឡាញ់បងប្អូន ។ បងប្អូនដឹងពីក្ដីស្រឡាញ់ទ្រង់សម្រាប់អ្នកទាំងឡាយដែលអង្គុយនៅក្បែរបងប្អូន ។ ពួកគេជាបងប្អូនស្រីរបស់បងប្អូន ជាបុត្រីខាងវិញ្ញាណនៃព្រះវរបិតាសួគ៌យើង ។ ទ្រង់យកព្រះទ័យទុកដាក់នឹងពួកគាត់ ពេលទ្រង់យកព្រះទ័យទុកដាក់នឹងបងប្អូន ។ ទ្រង់យល់ពីការសោកសៅរបស់ពួកគាត់ទាំងអស់ ។ ទ្រង់ចង់លួងលោមពួកគាត់ ។
សារលិខិតរបស់ខ្ញុំដល់បងប្អូននាយប់នេះគឺថា បងប្អូនអាច និងត្រូវតែជាចំណែកដ៏សំខាន់នៃការផ្ដល់ការលួងលោមចិត្តរបស់ទ្រង់ ទៅដល់អ្នកទាំងឡាយដែលត្រូវការការលួងលោមចិត្ត ។ បងប្អូនអាចធ្វើចំណែកបងប្អូនល្អបំផុត បើបងប្អូនដឹងច្រើនពីរបៀបដែលទ្រង់ឆ្លើយតបការអធិស្ឋានសុំជំនួយទាំងនោះ ។
មនុស្សជាច្រើនអធិស្ឋានទៅព្រះវរបិតាសួគ៌សូមភាពធូរស្បើយ សូមជំនួយក្នុងការរែកបន្ទុកនៃភាពសោកសៅ ភាពឯកោ និង ភ័យខ្លាច ។ ព្រះវរបិតាសួគ៌ឮការអធិស្ឋាន ហើយយល់ពីតម្រូវការពួកគេ ។ ទ្រង់ និង បុត្រាទ្រង់ ដែលជាព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ឡើងវិញ បានសន្យាថានឹងជួយ ។
ព្រះយេស៊ូវគ្រីស្ទប្រទាននូវការសន្យាដ៏ផ្អែមល្ហែមនេះថា
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
« ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ។
« ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ។១
បន្ទុកដែលអ្នកបម្រើទ្រង់ត្រូវតែរែកក្នុងជីវិតនេះ ត្រូវបានសម្រាលដោយដង្វាយធួនទ្រង់ ។ បន្ទុកនៃអំពើបាបអាចត្រូវបានដកចេញ ប៉ុន្តែការសាកល្បងនៃជីវិតរមែងស្លាប់សម្រាប់មនុស្សល្អអាចនៅតែជាបន្ទុកធ្ងន់ដដែល ។
បងប្អូនបានឃើញការសាកល្បងបែបនោះក្នុងជីវិតមនុស្សសុចរិត ដែលបងប្អូនស្រឡាញ់ ។ បងប្អូនចង់ជួយពួកគេ ។ មានហេតុផលមួយ ដែលបណ្ដាលឲ្យបងប្អូនមានក្តីមេត្តាករុណាចំពោះពួកគេ ។
បងប្អូនគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ការផ្លាស់ប្ដូរដ៏ធំមួយ បានចាប់ផ្ដើមមានក្នុងដួងចិត្តបងប្អូន នៅពេលបងប្អូនមកក្នុងសាសនាចក្រ ។ បងប្អូនបានធ្វើសេចក្ដីសញ្ញាមួយ ហើយបងប្អូនបានទទួលការសន្យាមួយ ដែលបានចាប់ផ្ដើមផ្លាស់ប្ដូរចរិតបងប្អូន ។
អាលម៉ា បានពិពណ៌នា នៅក្នុងសម្ដីលោក នៅទឹកទន្លេមរមន អំពីអ្វីដែលបងប្អូនបានសន្យានៅក្នុងពិធីបុណ្យជ្រមុជទឹករបស់បងប្អូន និងអ្វីដែលវានឹងមានន័យចំពោះបងប្អូន និងមនុស្សគ្រប់គ្នា--ជាពិសេសគ្រួសាររបស់បងប្អូន ។ គាត់បានថ្លែងទៅអ្នកដែលហៀបនឹងចុះសេចក្ដីសញ្ញា ដែលបងប្អូនបានចុះ ហើយពួកគេក៏ទទួលបានការសន្យា ដែលព្រះអម្ចាស់បានធ្វើជាមួយបងប្អូនដែរ ៖
« មើលចុះ នេះជាទឹកមរមន ( ព្រោះនេះជាឈ្មោះដែលគេហៅ ) ហើយឥឡូវនេះ ដោយអ្នករាល់គ្នាមានបំណងចង់ចូលរួមក្នុងក្រោលនៃព្រះ ហើយដើម្បីឲ្យបានហៅថាជារាស្ត្ររបស់ទ្រង់ ហើយយល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល
« មែនហើយ ហើយយល់ព្រមទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកំសាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកំសាន្តទុក ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និង គ្រប់សេចក្ដី និង គ្រប់ទីកន្លែងដែលអ្នករាល់គ្នាបាននៅ រហូតដល់ពេលស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាអាចបានប្រោសសោះដោយព្រះ ហើយបានរាប់ជាមួយនឹងពួកអ្នកនៃដំណើររស់ឡើងវិញទីមួយ ដើម្បីឲ្យអ្នករាល់គ្នាអាចមានជីវិតដ៏នៅអស់កល្បជានិច្ច » ។២
នោះជាហេតុដែលបងប្អូនមានអារម្មណ៍ចង់ជួយមនុស្សម្នាក់ ដែលពុះពារឆ្ពោះទៅមុខក្រោមភាពសោកសៅ និងក្ដីលំបាកនោះ ។ បងប្អូនសន្យាថា នឹងជួយព្រះអម្ចាស់ធ្វើឲ្យបន្ទុកពួកគេបានស្រាល និងត្រូវបានលួងលោមចិត្ត ។ ពេលបងប្អូនទទួលអំណោយទានព្រះវិញ្ញាណបរិសុទ្ធ បងប្អូនត្រូវបានប្រទានឲ្យនូវអំណាច ដើម្បីជួយសម្រាលបន្ទុកទាំងនោះ ។
នៅពេលទ្រង់ហៀបនឹងត្រូវគេឆ្កាង នោះព្រះអង្គសង្គ្រោះបានពិពណ៌នាអំពីវិធីដែលទ្រង់ជួយសម្រាលបន្ទុក ហើយប្រទានកម្លាំងដើម្បីរែកបន្ទុកនោះ ។ ទ្រង់ជ្រាបថា ពួកសិស្សទ្រង់នឹងសោកសង្រេង ។ ទ្រង់ជ្រាបថា ពួកគេនឹងភ័យខ្លាចចំពោះអនាគតពួកគេ ។ ទ្រង់ជ្រាបថា ពួកគេនឹងពុំប្រាកដថាខ្លួនអាចបន្តទៅមុខទៀតនោះទេ ។
ដូច្នេះទ្រង់បានសន្យានឹងពួកគេដូចបានសន្យានឹងយើង និងដល់ជាសិស្សពិតរបស់ទ្រង់ទាំងអស់ថា ៖
« នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ ១ អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយនៅអស់កល្បរៀងទៅ ។
« គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ »៣
រួចទ្រង់បានសន្យាថា ៖
« តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ ។
« ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬ ភ័យឡើយ » ។៤
កាលប៉ុន្មានសប្ដាហ៍មុន ខ្ញុំឃើញថា កិច្ចសន្យានោះបានបំពេញក្នុងជីវិតខ្ញុំ និង ជីវិតនៃអ្នកដែលបានអង្វរក្នុងការអធិស្ឋាន ឲ្យបន្ទុកពួកគេបានស្រាល ។ អព្ភូតហេតុដែលបន្ទុកត្រូវបានសម្រាលកើតមានមកតាមវិធីមួយដែលព្រះអម្ចាស់បានសន្យា ។ ទ្រង់ និងព្រះបិតាសួគ៌បានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធជាអង្គលួងលោមចិត្តចំពោះពួកសិស្សរបស់ទ្រង់ ដើម្បីជួយ ។
ថ្មីនេះជំនាន់ទីបីនៃគ្រួសារមួយ ត្រូវបានសោកសៅក្នុងការស្លាប់នៃក្មេងប្រុសអាយុប្រាំឆ្នាំម្នាក់ ។ គាត់បានស្លាប់ដោយគ្រោះថ្នាក់ពេលទៅវិស្សមកាលជាមួយគ្រួសារគាត់ ។ ខ្ញុំមានឱកាសដើម្បីមើលឃើញម្ដងទៀតអំពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់ពួកស្មោះត្រង់នូវការសម្រាលបន្ទុក និងកម្លាំងដើម្បីកាន់ខ្ជាប់ ។
ខ្ញុំបានមើលឃើញរបៀបដែលព្រះអម្ចាស់បានធ្វើឲ្យបន្ទុកពួកគេបានស្រាល ។ ខ្ញុំបាននៅនឹងពួកគេក្នុងនាមជាអ្នកបម្រើក្នុងសេចក្ដីសញ្ញាព្រះអម្ចាស់—ដូចអ្នកនឹងធ្វើក្នុងជីវិតដែរ—« គឺទួញយំនឹងអ្នកណាដែលទួញយំ … កម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្តទុក្ខ » ។៥
ដោយសារខ្ញុំដឹងថា វាជាការពិត ខ្ញុំរីករាយ ហើយមានភាពសុខសាន្ដពេលជីដូនជីតាបានអញ្ជើញខ្ញុំឲ្យជួបនឹងពួកលោក និងឪពុកម្ដាយរបស់ក្មេងតូចនោះមុនពេលបុណ្យសព ។
ខ្ញុំបានអធិស្ឋាន ដើម្បីដឹងវិធីអាចជួយព្រះអម្ចាស់កម្សាន្តចិត្តពួកគេ ។ ពួកគេបានអង្គុយជាមួយខ្ញុំក្នុងបន្ទប់ទទួលភ្ញៀវយើង ។ ខ្ញុំបានបង្កាត់ភ្លើងក្នុងឡ ដើម្បីធ្វើឲ្យបន្ទប់នោះមានភាពកក់ក្ដៅនាល្ងាចដ៏ត្រជាក់នោះ ។
ខ្ញុំមានអារម្មណ៍ឲ្យប្រាប់ពួកគេថា ខ្ញុំស្រឡាញ់ពួកគេ ។ ខ្ញុំប្រាប់ពួកគេថា ខ្ញុំដឹងពីក្ដីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះពួកគេ ។ ខ្ញុំព្យាយាមប្រាប់ពួកគាត់តែពីរបីម៉ាត់ថា ខ្ញុំទួញយំនឹងពួកគេ ប៉ុន្តែនោះមានតែព្រះអម្ចាស់ទេដែលដឹង ហើយអាចដឹងដោយឥតខ្ចោះនូវការឈឺចាប់ និងទុក្ខសោករបស់ពួកគេនោះ ។
បន្ទាប់ពីនិយាយពាក្យទាំងនេះហើយ ខ្ញុំមានអារម្មណ៍ថាឲ្យស្ដាប់ដោយក្ដីស្រឡាញ់ ពេលពួកគេនិយាយអំពីអារម្មណ៍របស់ពួកគេ ។
កាលយើងអង្គុយជាមួយគ្នានោះ ពួកគេបាននិយាយច្រើនជាងខ្ញុំទៅទៀត ។ ខ្ញុំអាចដឹងតាមសំឡេងពួកគេ និងមើលទៅកែវភ្នែកពួកគេដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងលួងលោមចិត្តពួកគេ ។ ពួកគេបានថ្លែងអំពីអ្វីបានកើតឡើង និងរបៀបដែលពួកគេដឹង ជាពាក្យថ្លែងទីបន្ទាល់សាមញ្ញៗ ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានភាពសុខសាន្ដដល់ពួកគេ ដែលកើតមានជាមួយនឹងក្ដីសង្ឃឹមនៃជីវិតដ៏អស់កល្បជានិច្ច នៅពេលកូនប្រុសរបស់ពួកគេ ដែលស្លាប់ទៅដោយគ្មានអំពើបាប អាចនៅជាមួយពួកគេជានិរន្ដរ៍ ។
ពេលខ្ញុំផ្ដល់ការប្រសិទ្ធពរបព្វជិតភាពដល់គេគ្រប់គ្នា ខ្ញុំបានអរគុណចំពោះអនុភាពនៃព្រះវិញ្ញាណបរិសុទ្ធ ដែលមានវត្តមាននៅទីនោះ ។ អង្គលួងលោមចិត្តបានមក នាំក្ដីសង្ឃឹម ភាពក្លាហាន និង បង្កើនកម្លាំងសម្រាប់យើងទាំងអស់គ្នា ។
នាល្ងាចនោះ ខ្ញុំបានឃើញវិធីដែលព្រះអម្ចាស់ធ្វើការជាមួយយើង ក្នុងការសម្រាលបន្ទុកនៃរាស្ត្រទ្រង់ ។ បងប្អូនចាំទេនៅក្នុងព្រះគម្ពីរមរមន កាលរាស្ត្រទ្រង់ត្រូវបានគាបសង្កត់ ដោយនូវបន្ទុកដែលដាក់នៅលើខ្នងគេដោយមេការដ៏ឃោរឃៅ ។
រាស្ត្រទាំងនោះបានអង្វរសុំការសម្រាល ក៏ដូចជាមនុស្សដែលយើងស្រឡាញ់ ហើយបម្រើ បានធ្វើដែរ ។ នេះជាដំណើររឿង ដែលខ្ញុំដឹងថាជាការពិត ៖
« យើងនឹងសម្រាលបន្ទុកទាំងឡាយ ដែលដាក់នៅលើស្មាអ្នកផង ហើយសូម្បីតែរូបអ្នកក៏នឹងមិនអាចចាប់អារម្មណ៍ថា មានបន្ទុកទាំងនោះនៅលើខ្នងអ្នកឡើយ ទោះនៅពេលអ្នកជាប់នៅក្នុងសេវកភាពក្ដី ហើយយើងនឹងធ្វើការនេះ ដើម្បីឲ្យអ្នករាល់គ្នា អាចឈរជាសាក្សីដល់យើងពីអំណិះតទៅ ហើយដើម្បីឲ្យអ្នករាល់គ្នាអាចដឹងជាពិតប្រាកដថា ព្រះអម្ចាស់ដ៏ជាព្រះមករករាស្ត្រយើងក្នុងពេលគេស្ថិតក្នុងសេចក្ដីវេទនា ។
« ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទុកទាំងឡាយដែលដាក់នៅលើអាលម៉ា និងបងប្អូនលោក ត្រូវបានសម្រាលទៅ មែនហើយ ព្រះអម្ចាស់ទ្រង់បានចំរើនកម្លាំងឲ្យគេ ដើម្បីឲ្យគេអាចទ្របន្ទុកទាំងឡាយរបស់គេ បានងាយ ហើយពួកគេបានធ្វើតាមអស់ទាំងព្រះហឫទ័យនៃព្រះអម្ចាស់» ។ ៦
ខ្ញុំបានឃើញអព្ភូហេតុបែបនោះច្រើនដងហើយ ។ យើងសម្រាលបន្ទុកមនុស្សដទៃ បានប្រសើរបំផុត ដោយការជួយព្រះអម្ចាស់ពង្រឹងពួកគេ ។ នេះជាមូលហេតុព្រះអម្ចាស់បានបញ្ចូលវាក្នុងទំនួលខុសត្រូវយើង ដើម្បីកម្សាន្តចិត្តមនុស្សដទៃ ជាការបញ្ជាឲ្យឈរជាសាក្សីទ្រង់គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ។
ឪពុកម្ដាយក្មេងប្រុសតូចនោះ បានថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះនាលា្ងចនោះក្នុងបន្ទប់ទទួលភ្ញៀវខ្ញុំ ។ ព្រះវិញ្ញាណបរិសុទ្ធបានយាងមក ហើយយើងទាំងអស់គ្នាត្រូវបានលួងលោមចិត្ត ។ ឪពុកម្ដាយនោះត្រូវបានចម្រើនកម្លាំង ។ បន្ទុកនៃភាពសោកសៅពុំរសាយបាត់ទៅឡើយ តែពួកគេត្រូវបានពង្រឹងឲ្យទ្រាំទ្រភាពសោកសៅនោះ ។ ជំនឿរបស់ពួកគេកើនឡើង ។ ហើយភាពរឹងមាំរបស់ពួកគេនឹងបន្តរឹងមាំឡើង ដរាបណាពួកគេទូលសុំ ហើយរស់នៅតាមនោះ ។
សាក្សីនៃដង្វាយធួនរបស់ព្រះវិញ្ញាណដែលមាននៅយប់នោះ ក៏បានពង្រឹងដល់យ៉ូបឲ្យរែកបន្ទុករបស់គាត់ផងដែរថា ៖
« ដ្បិតខ្ញុំដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយទ្រង់នឹងមកឈរនៅលើផែនដី ៖
« ហើយទោះសំបកកាយនេះរលាយទៅ គឺក្រៅពីរាងកាយនោះយើងនឹងបានឃើញព្រះ » ។៧
សាក្សីពីព្រះវិញ្ញាណនោះហើយ ដែលបានផ្ដល់ភាពរឹងមាំដល់គាត់ឲ្យកាន់ខ្ជាប់ ។ គាត់បានឆ្លងកាត់ការទួញសោក និង កង្វះការកម្សាន្តចិត្តពីមនុស្សជុំវិញខ្លួន ដើម្បីឃើញក្ដីអំណរ ដែលកើតមានដល់មនុស្សស្មោះត្រង់ បន្ទាប់ពីបានឆ្លងកាត់ការសាកល្បងដោយខ្ជាប់ខ្ជួន ។
វាជារឿងពិតសម្រាប់ យ៉ូប ។ ពរជ័យជាច្រើនបានកើតមានដល់គាត់ក្នុងជីវិតនេះ ។ ប្រវត្តិ យ៉ូប បញ្ចប់ទៅដោយអព្ភូតហេតុដូចនេះ ៖
« ដូច្នេះព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់យ៉ូប នៅជាន់ក្រោយនេះ ជាជាងជាន់ដើមទៅទៀត ។ …
« រីឯនៅគ្រប់ក្នុងស្រុកនោះ គ្មានឃើញស្ត្រីណាដែលមានរូបឆោមពិសី ដូចជាកូនស្រីរបស់ យ៉ូប នោះទេ ៖ ហើយឪពុកក៏បែងចែកមករដកដល់កូនស្រីទាំងនោះដូចជាដល់បងប្អូនប្រុសដែរ ។
« ក្រោយពីនោះមក យ៉ូប រស់នៅបានមួយរយសែបសិបឆ្នាំទៀត លោកក៏ឃើញកូនចៅខ្លួនតទៅដលបួនដំណ ។
« នោះយ៉ូបបានស្លាប់ទៅដោយមានអាយុជាយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង » ។៨
ជាសាក្សីពីព្រះវិញ្ញាណអំពីដង្វាយធួនដែលនឹងមកដល់ ដែលយ៉ូបបានឃើញក្នុងការសាកល្បងនៃជីវិត នឹងកើតឡើងសម្រាប់យើងទាំងអស់គ្នា ។ នេះជាចំណែកនៃផែនការនៃសុភមង្គលដ៏មហិមា ដែលព្រះវរបិតាប្រទានឲ្យ ។ ទ្រង់អនុញ្ញាតឲ្យបុត្រាទ្រង់ប្រទានក្ដីសង្ឃឹមលួងលោមយើង តាមរយៈពលិកម្មធួន មិនថាការត្រឡប់ទៅទ្រង់វិញលំបាកយ៉ាងណាឡើយ ។
ព្រះបិតា និងព្រះរាជបុត្រាបានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធដើម្បីលួងលោម និងពង្រឹងដល់ពួកសិស្សអំពីលោកចៅហ្វាយ នៅក្នុងដំណើររបស់ពួកគេ ។
ខ្ញុំបានឃើញអព្ភូតហេតុនៃការកម្សាន្តចិត្តនេះកើតឡើង ពេលខ្ញុំចេញក្រៅសាលាជំនុំ ដែលបុណ្យសពនៃក្មេងប្រុសតូចនេះបានប្រារព្ធឡើង ។ ខ្ញុំបានយុវនារីជាទីស្រឡាញ់ម្នាក់ហៅឈប់ ដែលខ្ញុំពុំចាំនាងទេ ។ នាងបាននិយាយថា នាងកំពុងទៅបុណ្យសព ដើម្បីជួយរំលែកទុក្ខ និង ផ្ដល់ការលួងលោមចិត្ត បើនាងអាចធ្វើបាន ។
នាងបាននិយាយថា នាងទៅបុណ្យសពជាផ្នែកនៃការលួងលោមចិត្តខ្លួនឯង ។ នាងបានប្រាប់ខ្ញុំថា កូនដំបូងរបស់នាងទើបតែស្លាប់ថ្មីៗនេះ ។ នាងបានបីក្នុងដៃនាងនូវកូនស្រីតូចដ៏ស្រស់ស្អាត ។ ខ្ញុំឈ្ងោកទៅមើលមុខកូនតូចកំពុងញញឹមនោះ ។ ខ្ញុំបានសួរម្ដាយទារកថា « តើកូនតូចឈ្មោះអ្វី ? » នាងតបយ៉ាងលឿន និងដោយរីករាយថា « ឈ្មោះកូននេះគឺ ក្ដីអំណរ ។ អំណរ តែងកើតមានក្រោយពីទុក្ខសោក » ។
គាត់បានថ្លែងសាក្សីមកកាន់ខ្ញុំ ។ ខ្ញុំអាចឃើញថា ភាពសុខសាន្ដ និងការកម្សាន្តចិត្តនោះកើតឡើងចំពោះគាត់ មកពីប្រភពពិតតែប៉ុណ្ណោះ ។ មានតែព្រះស្គាល់ដួងចិត្ត ហើយមានតែទ្រង់អាចមានបន្ទូលក្នុងសេចក្ដីពិតថា « យើងដឹងថាអ្នកមានអារម្មណ៍យ៉ាងណា » ។ ដូច្នេះខ្ញុំអាចនឹកស្រម៉ៃឃើញតែក្ដីអំណរ និងទុក្ខសោកដែលកើតមានពីមុនវា ប៉ុន្ដែព្រះអម្ចាស់ដែលស្រឡាញ់នាងដឹង ។
ខ្ញុំអាចដឹងតែខ្លះៗថាទ្រង់មានក្ដីអំណរយ៉ាងណារាល់ពេលដែលអ្នក ជាសិស្សរបស់ទ្រង់ ជួយទ្រង់នាំឲ្យមានគ្រានៃក្ដីសុខសាន្ដ និងក្ដីអំណរចំពោះកូនម្នាក់របស់ព្រះវរបិតាសួគ៌របស់យើង ។
ខ្ញុំថ្លែងជាសាក្សីថា ព្រះអម្ចាស់សុំឲ្យយើងម្នាក់ៗ ជាសិស្សរបស់ទ្រង់ ជួយរែកបន្ទុកគ្នាទៅវិញទៅមក ។ យើងបានសន្យាថានឹងធ្វើដូចនេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា តាមរយៈដង្វាយធួន និង ការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ បានផ្ដាច់អំណាចនៃសេចក្ដីស្លាប់ ។ ខ្ញុំសូមធ្វើសាក្សីថា ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ បញ្ជូនព្រះវិញ្ញាណបរិសុទ្ធ ជាអង្គលួងលោមចិត្ត ដល់អ្នកដែលទូលសូមទ្រង់ឲ្យកម្សាន្តចិត្ត ។
អ្នកគឺជាសាក្សី ដូចជាខ្ញុំ អំពីសេចក្ដីពិតនៃការចារិតនៅលើឃ្នាបម្ដាយរបស់ខ្ញុំពាក់ច្រើនជាង ២០ ឆ្នាំក្នុងនាមជាសមាជិកនៃគណៈប្រធានសមាគមសង្គ្រោះទូទៅ ។ វាអានថា « សេចក្ដីសប្បុរសពុំដែលរលត់ឡើយ »៩ ខ្ញុំនៅតែពុំដឹងនូវអត្ថន័យពេញលេញនៃពាក្យទាំងនេះទេ ។ ប៉ុន្តែខ្ញុំបានឃើញមួយភ្លែត ពេលខ្ញុំឃើញនាងឈោងទៅជួយអ្នកដទៃដែលខ្វះខាត ។ បទគម្ពីរប្រាប់យើងសេចក្ដីពិតនេះ ៖ « សេចក្តីសប្បុរស គឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ » ។១០
សេចក្ដីស្រឡាញ់របស់ទ្រង់ពុំដែលបាត់បង់ឡើយ ហើយយើងពុំដែលឈប់មានអារម្មណ៍ក្នុងដួងចិត្តយើងនូវការជម្រុញឲ្យ « គឺទួញយំនឹងអ្នកណាដែលទួញយំ … កម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្តទុក្ខ » ។១១ ហើយសេចក្ដីសុខសាន្ដដែលទ្រង់សន្យានឹងពុំដែលចេញពីយើងឡើយ នៅពេលយើងបម្រើអ្នកដទៃដើម្បីទ្រង់ ។
ក្នុងនាមជាសាក្សីទ្រង់ ខ្ញុំសូមសម្ដែងការដឹងគុណចំពោះអ្វីដែលបងប្អូនធ្វើយ៉ាងល្អដើម្បីជួយព្រះអម្ចាស់ដ៏មានព្រះជន្មរស់ ជាព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ជាអង្គលួងលោមចិត្ត ពង្រឹងដល់ជង្គង់ដែលញ័រ និងលើកដៃដែលរោយ ។១២ ខ្ញុំមានអំណរគុណដោយអស់ពីចិត្តចំពោះស្ត្រីទាំងឡាយនៅក្នុងជីវិតខ្ញុំ ដែលបានជួយខ្ញុំ ហើយប្រទានពរខ្ញុំក្នុងនាមជាសិស្សពិតនៃព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។