បព្វជិតភាព—គឺជាអំណោយមួយដ៏ពិសិដ្ឋ
យើងម្នាក់ៗត្រូវបានប្រទានឲ្យនូវអំណោយដ៏មានតម្លៃបំផុត ដែលបានប្រគល់ដល់មនុស្សលោក ។
អនុស្សាវរីយ៍គួរឲ្យចងចាំបំផុតរបស់ខ្ញុំ គឺចូលរួមការប្រជុំបព្វជិតភាព ក្នុងនាមជាឌីកុនម្នាក់ដែលទើបបានតែងតាំង និង ការច្រៀងទំនុកតម្កើង « មករាល់បុត្រានៃព្រះ ដែលបានទទួលបព្វជិតភាព » ។១ ល្ងាចនេះ ចំពោះបងប្អូនដែលជួបជុំគ្នាទីនេះក្នុងមជ្ឈមណ្ឌលសន្និសីទ និងនៅទូទាំងពិភពលោក ខ្ញុំសូមលើកឡើងវិញពីទំនុកតម្កើងដ៏ពិសេសនោះ ហើយថ្លែងទៅកាន់បងប្អូនថា « មករាល់បុត្រានៃព្រះ ដែលបានទទួលបព្វជិតភាព » ។ ទោះជាយើងមានអាយុ ទំនៀមទម្លាប់ ឬ សញ្ជាតិទីទៃពីគ្នាក្ដី ក៏យើងបានរួបរួមគ្នាតែមួយក្នុងការហៅបព្វជិតភាពរបស់យើងដែរ ។
ចំពោះយើងម្នាក់ៗ ការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ទៅដល់អូលីវើរ ខៅឌើរី និង យ៉ូសែប ស៊្មីធ ដោយ យ៉ូហាន បាទីស្ទ គឺជារឿងដ៏សំខាន់ ។ ស្រដៀងគ្នាដែរនោះ ការស្តារឡើងវិញនៃបព្វជិតភាពមិលគីស្សាដែក ទៅដល់ យ៉ូសែប និង អូលីវើរ ដោយ ពេត្រុស យ៉ាកុប និង យ៉ូហាន គឺជាព្រឹត្តិការណ៍ដ៏មានតម្លៃ ។
ចូរយើងទទួលយកការហៅ ទំនួលខុសត្រូវ និង ករណីយកិច្ចដោយប្រាកដប្រជាបំផុត ដែលមានក្នុងបព្វជិតភាពដែលយើងកាន់ ។
ខ្ញុំមានអារម្មណ៍ថាមានទំនួលខុសត្រូវធំមួយ កាលខ្ញុំត្រូវបានហៅឲ្យធ្វើជាលេខាកូរ៉ុមឌីកុនរបស់ខ្ញុំ ។ ខ្ញុំបានរៀបចំដោយយកចិត្តទុកដាក់ទៅលើកំណត់ត្រាដែលខ្ញុំរក្សា ព្រោះខ្ញុំចង់ធ្វើឲ្យអស់ពីសមត្ថភាពនូវអ្វីដែលខ្ញុំដឹងអំពីរបៀបបំពេញការហៅនោះ ។ ខ្ញុំមានមោទនភាពក្នុងការងារខ្ញុំ ។ ការធ្វើអ្វីដែលអាចធ្វើទៅបាន ឲ្យអស់ពីសមត្ថភាព គឺជាគោលដៅខ្ញុំក្នុងគ្រប់តំណែងដែលខ្ញុំកាន់ ។
ខ្ញុំសង្ឃឹមថា យុវជនដែលត្រូវបានតែងតាំងបព្វជិតភាពអើរ៉ុន គឺត្រូវបានផ្ដល់ការយល់ដឹងខាងវិញ្ញាណអំពីភាពពិសិដ្ឋនៃការហៅដែលគេត្រូវបានតែងតាំងនោះ ក៏ដូចជាឱកាសដើម្បីតម្កើងការហៅនោះដែរ ។ ខ្ញុំបានទទួលឱកាសបែបនេះក្នុងនាមជាឌីកុនម្នាក់ កាលគណៈប៊ីស្សពបានស្នើឲ្យខ្ញុំនាំយកសាក្រាម៉ង់ទៅធ្វើនៅផ្ទះជនពិការម្នាក់ ដែលរស់នៅប្រហែលជា ជាងមួយគីឡូម៉ែតពីសាលាប្រជុំ ។ នាព្រឹកថ្ងៃអាទិត្យដ៏ពិសេសនោះ ខ្ញុំបានគោះទ្វារផ្ទះបងប្រុស រ៉ាយ ហើយបានឮសំឡេងខ្សាវៗមកថា « ចូលមក » ។ ខ្ញុំបានចូលទៅក្នុងខ្ទមដ៏ទន់ទាបនោះ តែជាបន្ទប់ដែលពោរពេញដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ ខ្ញុំបានចូលទៅជិតគ្រែបងប្រុស រ៉ាយ ហើយបានដាក់នំប៉័ងមួយចំណិតទៅក្នុងមាត់គាត់ដោយប្រុងប្រយ័ត្ន ។ រួចខ្ញុំបានកាន់ពែងទឹក ដើម្បីគាត់អាចទទួលទានទឹកនោះ ។ ពេលខ្ញុំបានដើរចេញមក ខ្ញុំបានឃើញទឹកភ្នែកក្នុងភ្នែកគាត់ កាលគាត់ពោលថា « សូមព្រះប្រទានពរដល់ប្អូន » ។ ហើយព្រះពិតជាបានប្រទានពរខ្ញុំមែន—ដោយអំណរគុណចំពោះតំណាងដ៏ពិសិដ្ឋនៃសាក្រាម៉ង់ និង ចំពោះបព្វជិតភាពដែលខ្ញុំកាន់ ។
គ្មានឌីកុន គ្រូ ឬ សង្ឃនៅក្នុងវួដយើងម្នាក់ណានឹងភ្លេចពីអនុស្សាវរីយ៍នៃទស្សនកិច្ច ដែលយើងបានធ្វើនៅឯ ក្លាកសិន យូថាហ៍ បានឡើយ ជាទស្សនកិច្ចនៅផ្នូររបស់ ម៉ាទិន ហារីស ដែលជាសាក្សីម្នាក់ក្នុងចំណោមបីនាក់នៃព្រះគម្ពីរមរមន ។ ពេលយើងឈរជុំវិញបង្គោលថ្មដែលសម្គាល់ផ្នូររបស់គាត់ ហើយពេលអ្នកដឹកនាំកូរ៉ុមម្នាក់ អានឲ្យយើងស្ដាប់នូវពាក្យពេចន៍ដ៏មានអនុភាពចេញពី « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » ដែលមាននៅដើមព្រះគម្ពីរមរមន នោះយើងបានបង្កើនក្ដីស្រឡាញ់ចំពោះកំណត់ត្រាដ៏ពិសិដ្ឋនោះ និង ចំពោះក្ដីពិតនៅក្នុងកំណត់ត្រានោះ ។
អំឡុងឆ្នាំនោះ គោលដៅយើងគឺ ត្រូវប្រែក្លាយដូចជាពួកបុត្រានៃម៉ូសាយ ។ ពួកបុត្រានោះត្រូវបានគេថ្លែងថា ៖
« ពួកគេបានមាំមួននៅក្នុងការស្គាល់ពីសេចក្ដីពិត ព្រោះពួកគេជាមនុស្សដែលមានយោបល់ដ៏ជ្រាលជ្រៅ ហើយគេបានព្យាយាមពិចារណាមើលបទគម្ពីរ ដើម្បីឲ្យគេអាចស្គាល់ព្រះបន្ទូលនៃព្រះ ។
« ប៉ុន្តែ នេះពុំទាន់អស់នៅឡើយទេ ពួកគេបានប្រគល់ខ្លួនទៅក្នុងការអធិស្ឋាន និង ការតមអាហារជាច្រើន ហេតុដូច្នេះហើយ ពួកគេប្រកបដោយវិញ្ញាណនៃការព្យាករណ៍ និង វិញ្ញាណនៃវិវរណៈ ហើយកាលណាគេបង្រៀន គឺគេបង្រៀនដោយអានុភាព និង សិទ្ធិអំណាចពីព្រះ » ។២
ខ្ញុំគិតថា គ្មានគោលដៅណាសក្ដិសមជាងនេះ ដែលយុវជនម្នាក់ត្រូវមាន ដើម្បីបានពិពណ៌នាថាជាបុត្រានៃម៉ូសាយដ៏ក្លាហាន និង សុចរិតនោះ ។
កាលខ្ញុំចូលដល់អាយុ ១៨ ឆ្នាំ ហើយត្រៀមខ្លួនចូលបម្រើកងទ័ពដែលតម្រូវឲ្យយុវជនធ្វើជាចាំបាច់អំឡុងសង្គ្រាមលោកលើកទីពីរ នោះខ្ញុំទទួលបានអនុសាសន៍ឲ្យទទួលបព្វជិតភាពមិលគីស្សាដែក ប៉ុន្តែ ជាដំបូងខ្ញុំត្រូវទូរសព្ទទៅប្រធានស្តេកខ្ញុំ ប៉ុល ស៊ី ឆាលដ៍ ដើម្បីទទួលការសម្ភាសសិន ។ គាត់គឺជាបុគ្គលដែលស្រឡាញ់ ហើយយល់ដឹងពីបទគម្ពីរ ហើយគាត់មានបំណងឲ្យមនុស្សទាំងពួង ស្រឡាញ់ ហើយយល់ដឹងលើបទគម្ពីរស្រដៀងគ្នានេះដែរ ។ ដោយបានឮពីមិត្តភក្ដិខ្លះៗអំពីការសម្ភាសដ៏លម្អិត និង ហ្មត់ចត់ ខ្ញុំចង់ដឹងខ្លះៗអំពីតម្រិះខាងបទគម្ពីររបស់ខ្ញុំ ដូច្នេះ កាលខ្ញុំទូរសព្ទទៅគាត់ ខ្ញុំបានសុំជួបនៅថ្ងៃអាទិត្យក្រោយ នៅមួយម៉ោងមុនការប្រជុំសាក្រាម៉ង់របស់គាត់ ។
គាត់ឆ្លើយថា ៖ « ឱ ប្អូនប្រុស ម៉នសុន អើយ ពេលវេលាប៉ុណ្ណឹងនឹងមិនអនុញ្ញាតឲ្យយើងមានពេលគ្រប់គ្រាន់ដើម្បីអានព្រះគម្ពីរឡើយ » ។ រួចគាត់ណែនាំថា ម្ដងបីម៉ោងពីមុនការប្រជុំសាក្រាម៉ង់ ហើយគាត់បានប្រាប់ខ្ញុំឲ្យនាំយកព្រះគម្ពីរផ្ទាល់ខ្លួនដែលមានគូសចំណាំ និង ដាក់សេចក្ដីយោង ។
កាលខ្ញុំទៅដល់ផ្ទះគាត់នៅថ្ងៃអាទិត្យ គាត់បានទទួលខ្ញុំយ៉ាងកក់ក្ដៅ រួចបានចាប់ផ្ដើមការសម្ភាស ។ ប្រធាន ឆាលដ៍ មានប្រសាសន៍ថា « ប្អូនប្រុស ម៉នសុន ប្អូនកាន់បព្វជិតភាពអើរ៉ុន ។ តើប្អូនធ្លាប់មានពួកទេវតាបម្រើដល់ប្អូនដែរឬទេ ? ខ្ញុំឆ្លើយថា មិនដែលមានទេ ។ កាលគាត់សួរខ្ញុំ ថាតើខ្ញុំដឹងថា ខ្ញុំត្រូវធ្វើការបម្រើនោះដែរឬទេ ខ្ញុំឆ្លើយម្ដងទៀតថា ខ្ញុំមិនធ្លាប់ដឹងទេ ។
គាត់បានប្រាប់ថា « ប្អូនប្រុស ម៉នសុន សូមសូត្រឡើងវិញនូវ គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី ១៣ » ។
ខ្ញុំបានចាប់ផ្ដើមសូត្រ « នៅលើអ្នកជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ ដោយនូវព្រះនាមនៃព្រះមែស៊ី ខ្ញុំសូមប្រគល់បព្វជិតភាពអើរ៉ុន ដែលកាន់កូនសោទាំងឡាយអំពីការបម្រើនៃពួកទេវតា… »
ប្រធាន ឆាលដ៍ បន្លឺថា « ឈប់សិន » ។ រួចគាត់បានទូន្មានក្នុងសំឡេងលួងលោម និង ស្រទន់ថា « ប្អូនប្រុស ម៉នសុន សូមកុំភ្លេចឲ្យសោះថា ក្នុងនាមជាអ្នកកាន់បព្វជិតភាពអើរ៉ុន ប្អូនតម្រូវឲ្យធ្វើការបម្រើនៃពួកទេវតា » ។
នៅថ្ងៃនោះហាក់ដូចជាមានទេវតាមួយអង្គ បានគង់នៅក្នុងបន្ទប់នោះ ។ ខ្ញុំពុំអាចបំភ្លេចការសម្ភាសនោះបានឡើយ ។ ខ្ញុំនៅតែមានអារម្មណ៍ពីពេលដ៏អស្ចារ្យនោះ ដែលយើងបានអានទាំងអស់គ្នា អំពីទំនួលខុសត្រូវ ករណីយកិច្ច និង ពរជ័យនៃបព្វជិតភាពអើរ៉ុន និង បព្វជិតភាពមិលគីស្សាដែក—ជាពរជ័យដែលពុំគ្រាន់តែកើតឡើងចំពោះយើងនោះទេ ថែមទាំងកើតឡើងចំពោះក្រុមគ្រួសារ និង មនុស្សដទៃដែលយើងនឹងមានឯកសិទ្ធបម្រើផងដែរ ។
ខ្ញុំត្រូវបានតែងតាំងជាអែលឌើរ ហើយនៅថ្ងៃដែលខ្ញុំចាកចេញទៅបំពេញកាតព្វកិច្ចទ័ពជើងទឹក សមាជិកក្នុងគណៈប៊ីស្សពមួយរូបនៃវួដខ្ញុំ បានមកចូលរួមនឹងគ្រួសារ រួមទាំងមិត្តភក្ដិខ្ញុំនៅស្ថានីយរថភ្លើង ដើម្បីលាគ្នា ។ ពីមុនឡើងលើរថភ្លើង គាត់បានដាក់កូនសៀវភៅមួយក្នុងដៃខ្ញុំដែលមានចំណងជើង ក្បួនច្បាប់អ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំបានសើច ហើយពោលថា ខ្ញុំមិនមែនចេញទៅបេសកកម្មនោះទេ ។
គាត់ឆ្លើយថា « យ៉ាងណាក៏ដោយ យកវាទៅ ។ វានឹងមានប្រយោជន៍ » ។
វាពិតជាមានប្រយោជន៍មែន ។ ខ្ញុំត្រូវការវត្ថុរឹងបួនជ្រុង ដាក់នៅបាតកាបូបខ្ញុំ ដើម្បីឲ្យសំលៀកបំពាក់ខ្ញុំនៅមានភ្លី និងមិនសូវជ្រួញ ។ កូនសៀវភៅ ក្បួនច្បាប់អ្នកផ្សព្វផ្សាយសាសនា ជាអ្វីដែលខ្ញុំត្រូវការ ហើយវាត្រូវបានទុកដាក់បានយ៉ាងល្អ ក្នុងកាបូបខ្ញុំរយៈពេល ១២ សប្ដាហ៍ ។
នៅយប់មុនវិស្សមកាលបុណ្យគ្រីស្ទម៉ាស យើងបានគិតពីផ្ទះរបស់យើង ។ បន្ទាយទាហានមានសភាពស្ងាត់ជ្រងំ ប៉ុន្តែ សភាពស្ងាត់ជ្រងំនោះត្រូវបានរំខានដោយមិត្តក្បែរគ្រែខ្ញុំ──ជាយុវជនម្នាក់ លីលែនដ៍ មែរ៉ល──ដែលបានចាប់ផ្ដើមថ្ងូរដោយការឈឺចាប់ ។ ខ្ញុំបានសួរថាហេតុអ្វីហ្នឹង រួចគាត់ឆ្លើយថា គាត់ឈឺធ្ងន់ ។ គាត់ពុំចង់ទៅឱសស្ថានក្នុងបន្ទាយឡើយ ព្រោះគាត់ដឹងថា បើធ្វើដូច្នោះគាត់នឹងមិនអនុញ្ញាតឲ្យទៅផ្ទះនៅថ្ងៃស្អែកនោះទេ ។
ប៉ុន្មានជាច្រើនម៉ោងក្រោយមក គាត់ឈឺកាន់តែធ្ងន់ទៅៗ ។ ទីបំផុត ដោយដឹងថាខ្ញុំមានតំណែងជាអែលឌើរ គាត់បានសុំឲ្យខ្ញុំផ្ដល់ការប្រសិទ្ធពរបព្វជិតភាព ។
ខ្ញុំមិនដែលផ្ដល់ការប្រសិទ្ធពរបព្វជិតភាពពីមុនទេ ខ្ញុំមិនដែលទទួលបានការប្រសិទ្ធពរទេ ហើយខ្ញុំមិនដែលធ្វើសាក្សីចំពោះពរជ័យដែលកំពុងផ្ដល់ឲ្យនោះដែរ ។ កាលកំពុងអធិស្ឋានដោយស្ងៀមស្ងាត់ ខ្ញុំចងចាំពីកូនសៀវភៅ ក្បួនច្បាប់អ្នកផ្សព្វផ្សាយសាសនា ដែលទុកនៅបាតកាបូបរបស់ខ្ញុំ ។ ខ្ញុំបានចាក់របស់របរចេញពីកាបូប ហើយយកកូនសៀវភៅនោះចេញមក ។ ខ្ញុំបានអានអំពីរបៀបប្រសិទ្ធពរដល់អ្នកឈឺ ។ ខ្ញុំបានប្រសិទ្ធពរ ដោយមានទាហានជើងទឹកជាច្រើនឈរមើលទាំងងឿងឆ្ងល់ ។ ខ្ញុំមិនទាន់ទាំងបានដាក់របស់របរចូលក្នុងកាបូបខ្ញុំវិញផង ស្រាប់តែ លីលែនដ៍ មែរ៉ល បានគេងលក់បាត់ទៅហើយ ។ គាត់បានភ្ញាក់ឡើងនៅព្រឹកស្អែក ទាំងមានអារម្មណ៍ល្អ ។ យើងមានអារម្មណ៍ដឹងគុណជាខ្លាំង ចំពោះអំណាចបព្វជិតភាព ។
ជាច្រើនឆ្នាំមកនេះ ខ្ញុំបានមានឱកាសកាន់តែច្រើនឥតគណនា ដើម្បីប្រសិទ្ធពរដល់អ្នកដែលត្រូវការការប្រសិទ្ធពរ ។ ឱកាសនៃការប្រសិទ្ធពរម្ដងៗ បានធ្វើឲ្យខ្ញុំមានអំណរគុណយ៉ាងជ្រាលជ្រៅ ដែលព្រះបានប្រទានអំណោយពិសិដ្ឋនេះមកដល់ខ្ញុំ ។ ខ្ញុំគោរពដល់បព្វជិតភាព ។ ខ្ញុំបានឃើញអំណាចរបស់វាច្រើនដងហើយ ។ ខ្ញុំបានឃើញនូវភាពសក្ដិសិទ្ធរបស់វា ។ ខ្ញុំស្ញើចចំពោះអព្ភូតហេតុ ដែលកើតមាន ។
បងប្អូនប្រុសអើយ យើងម្នាក់ៗត្រូវបានប្រទានឲ្យនូវអំណោយដ៏មានតម្លៃបំផុត ដែលបានប្រគល់ដល់មនុស្សលោក ។ ពេលយើងគោរពបព្វជិតភាពយើង ហើយរស់នៅឲ្យជីវិតយើង មានភាពសក្ដិសមគ្រប់ពេល ហើយពរជ័យនៃបព្វជិតភាពនឹងកើតមានតាមរយៈយើង ។ ខ្ញុំស្រឡាញ់ព្រះបន្ទូលចែងក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១ ខទី ៤៥ដែលប្រាប់យើងពីអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យមានភាពសក្ដិសមថា ៖ « ក៏សូមឲ្យចិត្តអ្នក… ពេញទៅដោយសេចក្ដីសប្បុរសដល់មនុស្សទាំងអស់ និងដល់ពួកអ្នកជឿផង ហើយសូមឲ្យគុណធម៌តុបតែងគំនិតអ្នកដោយឥតឈប់ឈរឡើយ ខណៈនោះអ្នកនឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ ហើយគោលលទ្ធិអំពីបព្វជិតភាពនឹងចុះមកលើព្រលឹងរបស់អ្នកដូចជាទឹកសន្សើមចុះពីលើមេឃ » ។
ក្នុងនាមជាអ្នកកាន់បព្វជិតភាពនៃព្រះ យើងរួមចំណែកក្នុងកិច្ចការព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ យើងបានទទួលការហៅពីទ្រង់ ដូច្នេះ យើងកំពុងបំពេញកិច្ចការទ្រង់ ។ ចូរយើងរៀនពីទ្រង់ ។ ចូរយើងដើរតាមស្នាមព្រះបាទាទ្រង់ ។ ចូរយើងរស់នៅតាមព្រះសិក្ខាបទទ្រង់ ។ ដោយការធ្វើដូច្នេះ យើងនឹងត្រៀមខ្លួនជាស្រេចដើម្បីធ្វើរាល់ការបម្រើ ដែលទ្រង់ហៅឲ្យធ្វើ ។ នេះគឺជាកិច្ចការទ្រង់ ។ នេះគឺជាសាសនាចក្រទ្រង់ ។ ប្រាកដណាស់ ទ្រង់ជាអង្គដឹកនាំយើង ជាស្ដេចនៃសិរីល្អ ជាបុត្រានៃព្រះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់ ហើយសូមធ្វើសាក្សីនេះក្នុងព្រះនាមដ៏បរិសុទ្ធ ជាព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។