ឆ្នាំ ២០១០-២០១៩
ជ្រើសរើសជឿ
ខែ មេសា 2015


11:26

ជ្រើសរើសជឿ

ព្រះអង្គ​សង្គ្រោះ​បាន​ផ្តល់​ដំណឹង​ល្អ​របស់ទ្រង់​ជាពន្លឺ​ដើម្បី​ដឹកនាំ អស់​អ្នក​ទាំងឡាយ​ដែល​ជ្រើស​រើសជឿ និងដើរ​តាម​ទ្រង់ ។

កាលពីខែមករា កន្លងទៅនេះ ក្មេងស្រីអាយុប្រាំពីរ​ឆ្នាំ សែល្លើរ ហ្គាតស្លឺ និងគ្រួសារ​នាង​បាន​ហោះហើរពី រដ្ឋ ហ្លូរីដា ទៅកាន់ រដ្ឋ អិលលីណោយ ដោយ​យន្តហោះ​ឯកជនមួយ ។ ឳពុករបស់ សែល្លើរ ជាអ្នកបើក ។ បន្ទាប់​ពីមេឃ​ងងឹត​បន្តិច ម៉ាស៊ីន​យន្តហោះ​ចាប់ផ្តើម​ធ្វើទុក្ខ ហើយ​បុក​កូនភ្នំ កាន់ថាក់គី ដ៏​សែន​ងងឹត ដាំក្បាល​ចុះក្រោម នៅក្នុងទី​តាំង​ភូមិ​សាស្រ្ត​ដ៏​សែនលំបាក ។ គ្រាប់​គ្នា​បាន​ទទួល​មរណៈភាព​នៅក្នុង​គ្រោះថ្នាក់​នោះ​លើកលែងតែ សែល្លើរ ។ កដៃ​នាង​បាក់​ដោយសារ​ការប៉ះទង្គិចនោះ ។ ស្នាម​របួស​កកិតគ្នា​ធ្វើឲ្យ​មានការ​ឈឺចាប់ ហើយស្បែងជើង​នាង​របូត​ចេញ ។ វា​ត្រជាក់​ខ្លាំងណាស់ ស៊ីតុណ្ហភាព ៣៨ អង្សារ ហ្វារិនហៃ ( ឬ ៣ អង្សារសេ ) ជា​យប់​រដូវ​រងារ​ដែល​មាន​ភ្លៀង​ធ្លាក់​ស្រិចៗ​នៅ កាន់ថាក់គី --- ហើយ សែល្លើរ ស្លៀកតែខោខ្លី អាវយឺត និងស្រោម​ជើង​ប៉ុណ្ណោះ ។

នាង​ស្រែយំ​រក​ឳពុកម្តាយ​របស់នាង ប៉ុន្តែ​គ្មាននរណា​ឆ្លើយ​តប​ទេ ។ នាង​ប្រើសេចក្តី្កក្លាហាន​តិចតួច​ដែល​នៅសល់ នាងដើរជើង​ទទេ ឆ្លងអូរ កាត់ប្រឡាយ និង​កាត់​ចម្ការ​ប៊ែរី​សុទ្ធតែបន្លា ដើម្បី​ស្វែងរក​ជំនួយ ។ ពី​លើ​កំពូល​ភ្នំ សែល្លើរ ក្រឡេក​ឃើញ​ពន្លឺភ្លើង ពីចម្ងាយ​ប្រហែល​ជាពីរ​គីឡូម៉ែត្រ ។ ដើរឆ្លង​កាត់​គម្ពោតព្រៃ​ក្នុង​ភាពអាប់អួរ​ឆ្ពោះទៅរកពន្លឺ នៅ​ទីបំផុត​នាង​បានទៅ​ដល់ផ្ទះ​បុរស​ចិត្តល្អ​ម្នាក់ ដែល​នាង​មិន​ធ្លាប់ស្គាល់​សោះ គាត់​បានជួយ​សង្គ្រោះនាងជា​បន្ទាន់ ។ សែល្លើរ មានសុវត្ថិភាព មិនយូរ​ប៉ុន្មាន​នាង​ត្រូវ​បានបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ហើយបាន​ទទួលការជួយ​ព្យាបាល​ឲ្យ​សះស្បើយ​ផង​ដែរ ។

សែល្លើរ នៅមានជីវិតព្រោះនាង​បាន​ឃើញ​ពន្លឺពី​ចម្ងាយ​ ហើយ​ស្វែង​រក​ផ្លូវ​ទៅ​កាន់ទីនោះ​--- ពុះពារ​រាល់​ឧបសគ្គ—ទោះបី​ជា​នៅ​ក្នុងជនបទ​ដាច់​ស្រយាល​ក្តី ជាមួយ​សោកនាដកម្ម​ដ៏​មហិមា​ដែល​នាងជួបប្រទះ និង​ការរង​របួស​របស់​នាង ។ វាពិបាក​ណាស់​ក្នុង​ការស្រមៃ ពីរបៀបដែល សែល្លើរ រិះរកមធ្យោ​បាយ​ធ្វើ​ដូច្នេះ​នាយប់​នោះ ។ ប៉ុនែ្តអ្វីដែល​យើង​បាន​ដឹង​នោះ គឺនាង​បានឃើញ​ពន្លឺ ចេញពី​គេហដ្ឋាន​នោះ​ពីចម្ងាយ ជា​ឱកាស​អាច​បាន​សង្គ្រោះ ។ គឺមានក្តីសង្ឈឹម ។ នាង​ហ៊ាន​ប្រឈម​មុខ ទោះបីមាន​រឿងអាក្រក់​កើតឡើង​ក្តី​ក៏នាង​អាចរួច​ផុតពី​គ្រោះ​ថ្នាក់​ដោយសារ​ពន្លឺ​ដែល​នាង​ឃើញនោះ ។

យើងទាំង​អស់​គ្នាមួយ​ចំនួន នឹង​មិន​ស៊ូទ្រាំ​នឹង​ បទ​ពិសោធន៏​ ដ៏សែន​ឈឺចាប់​ដូច សែល្លើរ ទេ ។ ប៉ុន្តែនៅ​ថ្ងៃ​ណាមួយ យើងនឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រៃ​រហោស្ថាន ផ្នែក​ព្រលឹង​វិញ្ញាណព្រម​ទាំង​អារម្មណ៏​ដ៏​យ៉ាប់យឺន​របស់​យើង​ផ្ទាល់ ។ នៅក្នុង​គ្រានោះ ទោះក្នុង​ភាពងងឹត​ ឬហាក់ដូចជាអស់​សង្ឈឹម​ក្តី ប្រសិនបើ​យើង​ស្វែង​រក នោះនឹង​ តែង​តែ​ មាន​ពន្លឺ​ខាង​វិញ្ញាណ បោយដៃ​ហៅយើង​ផ្តល់ក្តី​សង្ឈឹម​ថាបាន​សង្គ្រោះ និង​បាន​ធូរស្បើយ ។ ពន្លឺ​ចែងចាំង​ចេញពី​ព្រះអង្គសង្គ្រោះ ដល់​គ្រប់​មនុស្សជាតិ​ទាំងអស់ ទ្រង់​ជាពន្លឺ​នៃ​លោកិយ ។

ការស្គាល់​ពន្លឺ​ខាងវិញ្ញាណ គឺ​ខុសគ្នា​ពីការ​មើល​ឃើញ​ពន្លឺ​ខាង​សាច់​ឈាម ។ ការ​ទទួលស្គាល់​ពន្លឺ​ខាងព្រលឹង​វិញ្ញាណ​របស់​ព្រះអង្គ​សង្គ្រោះ គឺចាប់ផ្តើមពីឆន្ទះ​របស់​យើង​ក្នុង​ការជឿ ។ ព្រះ​តម្រូវ​ឲ្យ​យ៉ាង​ហោចណាស់​យើង​មាន​បំណង​ប្រាថ្នា​ដើម្បី​ជឿ ។ « បើសិន​ជាអ្នក​រាល់គ្នា​​ចង់​ភ្ញាក់​ឡើង​ ហើយ​ដាស់​សមត្ថភាព​... ធ្វើការពិសោធន៏ អនុវត្តន៏ សេចក្តីជំនឿ» ព្យាការី​អាលម៉ា​ បាន​បង្រៀនថា ៖ « បើសិន​ជាអ្នក​រាល់គ្នា ពុំអាចធ្វើ​អ្វី​ក៏​ដោយ​ក្រៅ​ពី ការចង់ ជឿនោះ​សូមឲ្យ​ចំណង់​នេះមាននៅ​ក្នុង​ខ្លួនអ្នក​ គឺរហូតដល់អ្នក​អាច​ទុក​កន្លែង​មួយ សំរាប់ពាក្យ​សម្ដីរបស់ខ្ញុំ [ព្រះអង្គសង្រ្គោះ] មួយភាគចុះ » ។

អាល់ម៉ា អំពាវនាវ​ដល់​យើង​ឲ្យ​មានចំណង់ជឿ ហើយ « ទុកកន្លែង » នៅក្នុងចិត្តយើង សម្រាប់​បន្ទូល​ដាស់​តឿន​របស់​ព្រះអង្គសង្គ្រោះ ដល់​យើង​ថា សេចក្តីជំនឿ និងការជឿ គឺទាម​ទារ​ឲ្យ​ផុស​ចេញ​ពី​ការជ្រើស​រើស​ និងសកម្មភាព​របស់​យើង​ផ្ទាល់ ។ យើងត្រូវតែ « ភ្ញាក់​ឡើង​ ហើយដាស់សមត្ថភាព​ [របស់យើង] » ។ យើងសូម​នោះ​រមែង​នឹងបាន បើយើង​រកនោះ​រមែង​នឹងឃើញ បើគោះនោះ​តែង​នឹង​បើកឲ្យយើង។ ការសន្យា​ទាំងនេះ​បានប្រទាន​ដល់​យើង​ថា៖ « ត្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក​នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ។

គ្មាន​ការអង្វរក​ឲ្យ​ជឿណា ដែល​រំភើបចិត្ត​សម្រាប់​យើង ជាង​មក​ពី​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​នោះទេ អំឡុង​ពេលនៃ​ការ ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ទ្រង់​បាន​អំពាវនាវ​ដល់​អ្នក​ស្តាប់​ដែល​មិន​ព្រម​ជឿទ្រង់​ថា ៖

« បើ​សិន​ជា​ខ្ញុំ​មិន​ធ្វើ​ការ​របស់​ព្រះវរបិតា​ខ្ញុំ​ទេ នោះ​កុំ​ឲ្យ​ជឿ​ដល់​ខ្ញុំ​ឡើយ។

« ប៉ុន្តែ បើ​ខ្ញុំ​ធ្វើ​ការ​របស់​ទ្រង់​វិញ នោះ​ទោះ​បើ​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ គង់​តែ​ត្រូវ​ជឿ​ដល់​ការ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង ហើយ​ជឿ​ថា ព្រះវរបិតា​ទ្រង់​គង់​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក្នុង​ទ្រង់​ដែរ » ។

រាល់ថ្ងៃ យើងម្នាក់ៗ​​ប្រឈម​មុខ​នឹងការ​សាកល្បង។ វាជា​ការសាកល្បង​សំរាប់​ជីវិត​របស់​យើង៖ តើយើង​នឹង​ជ្រើសរើស​ជឿលើទ្រង់ ហើយ​អនុញ្ញាតឲ្យ​ពន្លឺ​នៃ​ដំណឹងល្អ​ដុះដាល​ក្នុង​ខ្លួនយើង​ ឬ​បដិសេធ​មិនជឿ ហើយ​ទទូច​ចង់ធ្វើ​ដំណើម្នាក់ឯង​ក្នុង​ភាពងងឹត​ឬ? ព្រះអង្គ​សង្គ្រោះ​បាន​ផ្តល់​ដំណឹង​ល្អ​របស់ទ្រង់​ជាពន្លឺ​ដើម្បី​ដឹកនាំ អស់​អ្នក​ទាំងឡាយ​ដែល​ជ្រើស​រើសជឿ និងដើរ​តាម​ទ្រង់ ។

បន្ទាប់​ពីការ​ធ្លាក់​យន្ដហោះ​នោះមក សែល្លើរ មានជម្រើស ។ នាង​អាចជ្រើសរើស​នៅជិត​យន្តហោះ​ក្នុងទីងងឹត តែម្នាក់​ឯងហើយ​ភ័យខ្លាច ។ ប៉ុន្តែ​រាត្រី​នោះ​កាន់តែយូរ ហើយ​វាមាន​តែរងារឡើងៗ​ប៉ុណ្ណោះ ។ នាង​ជ្រើស​រើស​វិធីផ្សេង ។ សែល្លើរ បាន​ឡើង​លើ​ភ្នំ ហើយនៅ​ទីនេះ​នាង​បាន​ឃើញពន្លឺ ខាងមុខ ។

មិនយូរប៉ុន្មាន​នាង​បាន​ដើរ​ទាំងយប់​ឆ្ពោះ​ទៅ​រកពន្លឺ ដែល​វាកាន់​តែភ្លឺឡើងៗ ។ ដោយ​ឡែក​មានពេល​ដែល​នាង​មើល​មិន​ឃើញ​ពន្លឺនោះ ។ ប្រហែល នាងមើល​មិនឃើញ​ខណៈពេល​ដែលនាង​ស្ថិត​ក្នុង​ជ្រលងភ្នំ បាំងដើម​ឈើ ឬ​បាំង​កម្ពោតព្រៃ ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ។ ពេលណាដែ​លអាច​មើល​ឃើញ​ពន្លឺ សែល្លើរ មាន​ភស្តុ​តា​ង​បញ្ជាក់​ថានាង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ។ នាង​មិន​ទាន់​ដឹង​ច្បាស់​ថា​ពន្លឺ​នោះ​ជាអ្វី​នោះទេ ប៉ុន្តែ​នាងបន្តដើរ​ឆ្ពោះទៅ ផ្អែកលើអ្វីដែលនាង​បានដឹង មានទំនុកចិត្ត ក្តីសង្ឈឹម ថា​នាង​អាច​នឹង​មើល​ឃើញជាថ្មី បើ​នាងឆ្ពោះ​នៅលើ​ទិស​ដៅ​ដែល​ត្រឹម​ត្រូវ ។ តាមរយៈ​ការធ្វើ​ដូច្នេះ​ជីវិតរបស់​នាង​អាច​បានសង្គ្រោះ ។

ជីវិតរបស់​យើងក៏​អាច​ដូច្នេះ​ដែរ ។ មានពេល​ដែល​យើង​ឈឺចាប់​ នឿយហាត់ ហើយ​ជីវិត​យើង​ហាក់បី​ដូចជា នៅក្នុងទី​ងងឹត និងរងារ ។ មានគ្រា​ដែល​យើង​មើលមិន​ឃើញ​ពន្លឺ​នៅខាង​មុខ​ ហើយយើង​មាន​អារម្មណ៏​ចង់​ចុះចាញ់ ។ ​បើ​យើង​មានឆន្ទៈ​ជឿ ជ្រើសរើស​មានជំនឿ នោះ​ការបង្រៀន និង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នឹង​បង្ហាញ​ផ្លូវ​ដែល​យើង​ឆ្ពោះ​ទៅ​មុខ ។

ជ្រើស​រើសជឿ

ដូច ​សែល្លើរ បានជឿថា​នាង​នឹងរកឃើញ​សុវត្តិភាពដោយ​សារ​ពន្លឺពីចម្ងាយនោះ ដូច្នេះយើង​ទាំងអស់គ្នា​ត្រូវជ្រើរើស​បើក​ដួង​ចិត្ត ចំពោះ​ព្រះអង្គសង្គ្រោះ​ដ៏ទេវភាពពិតប្រាកដ—ចំពោះពន្លឺ​ដ៏អស់កល្ប និងការព្យាបាល​ដោយក្តីករុណា​របស់ទ្រង់ ។ ព្យាការីជាច្រើន​ជំនាន់​មកហើយ​បាន​លើកទឹកចិត្តយើង និង​សូម​អង្វរយើង​ឲ្យជឿលើព្រះគ្រីស្ទ ។ ការទូន្មានរបស់ពួកលោក ឆ្លុះបញ្ចាំង​ពី​មូលដ្ឋាន​គ្រីស្ទ​នៃព្រឹត្តការណ៏នេះថា៖ ព្រះ​មិនបង្ខំ​ឲ្យ​យើង​ជឿទេ។ ផ្ទុយទៅវិញ​ ទ្រង់​អញ្ចើញយើងឲ្យ​ជឿ តាមរយៈការបញ្ជូន​ព្យាការី​និងសាវក​ដែល​នៅ​រស់ឲ្យបង្រៀនយើង តាមរយៈការផ្តល់​ព្រះគម្ពីរ និងព្រមទាំងការអំពាវនាវ តាមរយៈព្រះវិញ្ញាណ​របស់​ ទ្រង់​ផងដែរ។ ​ យើង​គឺជា​មនុស្សម្នាក់ ដែលត្រូវ​ឱបក្រសោប​យក​ការអញ្ជើញ​ខាង​វិញ្ញាណ​ទាំងអស់នេះ ជ្រើសរើស​យក​កែវភ្នែក​ដែលមើល​ឃើញ​ពន្លឺ​ខាងវិញ្ញាណ ដែល​ទ្រង់​បាន​អំពាវនាវ​ហៅយើង ។ ការ​សម្រេចចិត្ត​ជឿ គឺជា​ជម្រើស​ដ៏​សំខាន់​បំផុត​ដែល​យើង​មិន​ធ្លាប់មាន ។ វាគឺ​ជា​សណ្ឋាន​នៃការ​សម្រេច​ចិត្ត​ទាំងឡាយ​របស់​យើង ។

ព្រះ​មិន​បង្ខំ​ឲ្យយើង​ជឿ ជាង​ឲ្យ​យើង​គោរព​ព្រះបញ្ញត្តិ​នោះទេ ផ្ទុយទៅ​វិញ​ទ្រង់​មានព្រះទ័យ ដ៏​ឥខ្ចោះ​ដើម្បី​ប្រទានពរ​ដល់​យើង ។ តែ​ទ្រង់​ហៅឲ្យ​យើង​ជឿលើ​ទ្រង់—ឲ្យ​អនុវត្ត​ក្តីជំនឿ​ដ៏តូច និងមានកន្លែង​សម្រាប់​ព្រះបន្ទូល​របស់​ទ្រង់--- ដែល​អនុវត្ត​រហូត​ដល់​សព្វថ្ងៃ​នេះ ។ ដូច​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូលថា​៖ «យើង​ធ្វើ​បន្ទាល់ថា ​ព្រះ​វរបិតា​ទ្រង់បញ្ជា​ដល់​មនុស្សទាំង​អស់​ ទោះនៅ​ទីណាក៏ដោយ​ ឲ្យ​ប្រែចិត្ត​ហើយ​ជឿ​ដល់​យើង»។ 5

ការជឿ ទីបន្ទាល់ និង​ក្តីជំនឿ មិនមែន​ជាគោល​ការណ៏​អកម្ម​ទេ។ វាមិន​កើតឡើង​ដល់​យើង​ឯកឯង​ទេ។ ការជឿ​គឺត្រូវ​ជ្រើស​រើស​អ្វីមួយ​--- យើង​មាន​សេចក្តី​សង្ឃឹម​ចំពោះវា​ និងលះបង់​ចំពោះវា។ យើង​នឹង​មិនជឿ​លើ​ព្រះអង្គ​សង្រ្គោះ និង​ដំណឹងល្អ​របស់ទ្រង់ ដោយ​ចៃដន្យ​ទេ យើងរឹតតែ​មិន​អធិស្ឋាន ឬ​បង់​ដង្វាយមួយភាគដប់​ដោយ​ចៃដន្យ​ទៅទៀត​។ យើង​ជ្រើស​រើសជឿ​យ៉ាង​សកម្ម​ គឺដូច​ជាយើង​​ជ្រើសរើស​គោរព​តាម​ព្រះបញ្ញាតិ្ត​ផ្សេងៗ​ទៀត​ដែរ។

ចូរ​ដាក់​ជំនឿ​ឲ្យ​ក្លាយ​ជាទង្វើ

ដំបូង សែល្លើរ មិនដឹង​ថាអ្វី​ដែល​នាង​កំពុង​ធ្វើ អាចទទួល​ផល​ពេល​នាងជំរុញ​ចិត្ត​ឆ្លងកាត់​គម្ពោត​ព្រៃនោះ​ទេ។ នាង​វង្វេង ហើយ​មានរបួស វាងងឹត​ ហើយ​ត្រជាក់។​ ប៉ុន្តែនាង​បានទុក​រឿងធ្លាក់យន្តហោះនោះមួយឡែក ហើយចេញ​ទៅ​ផ្សងព្រេងដោយ​ក្តីសង្ឃឹម​ថា​នឹង​បាន​សង្គ្រោះ ទាំងលូន​វាឆ្ពោះទៅកាន់ពន្លឺ​ដែលមើលឃើញពីចម្ងាយ។ ពេល​នាង​ឃើញ​ហើយ នាង​ប្រឹង​អស់​ពីលទ្ធភាព​ឆ្ពោះទៅ​ទីនោះ ដោយ​ចាំ​អ្វីដែល​នាង​ឃើញ។

យើងក៏ដូចគ្នាដែរ​ត្រូវមានកន្លែងសំរាប់​សេចក្តីសង្ឃឹម ថាយើង​នឹង​ស្វែង​រកពន្លឺខាងវិញ្ញាណ តាមរយៈការជ្រើសរើស​ឱបក្រសោប​យក​សេចក្តីជំនឿ​ ជាជាងជ្រើសរើស​យក​ការ​សង្ស័យ។​ ទង្វើរ​របស់យើង​គឺជាភស្តុតាង បញ្ជាក់ពីសេចក្តីជំនឿ​របស់យើង និងប្រែក្លាយ​ជាធាតុផ្សំទាំងឡាយ​នៃសេចក្តី​ជំនឿរបស់យើង។ យើងជ្រើស​រើស​ជឿ​ពេល​យើង​​អធិស្ឋាន និង​ពេល​អាន​ព្រះ​គម្ពីរ។ យើងជ្រើសរើស​ជឿ​ពេលយើង តមអាហារ រក្សាថ្ងៃ​ឈប់​សម្រាក​ឲ្យបរិសុទ្ធ ពេល​យើងថ្វាយ​បង្គំនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​ជ្រើសរើស​ជឿ​ពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពេល​យើង​ទទួលទាន​សាក្រាម៉ង់។ យើងជ្រើសរើស​ជឿ​ពេលយើង ប្រែចិត្ត​ និងស្វែងរក​ការអភ័យ​ទោស​ដ៏ទេវភាព និងការព្យាបាលដោយក្តីស្រឡាញ់ ។

មិន​ចុះចាញ់!

ការ​រីកចម្រើន​ខាងវិញ្ញាណ​អាច​ហាក់​ដូចជាយឺតៗ ឬរអាក់​រអួល ។ ពេល​ខ្លះយើង​អាច​មាន​អារម្មណ៏ថា យើង​បាត់បង់​មូលដ្ឋាន​របស់​យើង ថាយើង​បានធ្វើខុស ឬ​កិច្ច​ខិតខំ​ស្វែង​រក​ព្រះអង្គសង្គ្រោះ មិន​ដំណើរ​ការណ៏ ។ បើអ្នក​មានអារម្មណ៏ដូច្នេះ សូមកុំចុះ​ចាញ់—ឲ្យសោះ ។ ចូរ​បន្ត​មានជំនឿ​លើទ្រង់ ដំណឹង​ល្អ​របស់ទ្រង់ និង​សាសនាចក្រ​របស់ទ្រង់ ។ ចូរដាក់​ទង្វើរ​របស់​អ្នកឲ្យ​ស្រប​នឹង​ជំនឿនោះ ។ ក្នុងគ្រា​​ដែល​ពន្លឺនៃ​សេចក្តី​ជំនឿ​របស់​អ្នកថយចុះ សូមឲ្យ​សេចក្តី​សង្ឃឹម​ ចំពោះ​សេចក្តី​ស្រឡាញ់ និងព្រះគុណ​នៃព្រះអង្គសង្គ្រោះ ដែលមាន​​នៅក្នុង​ដំណឹង​ល្អ និង​សាសនាចក្រ​របស់ទ្រង់ អាចយកឈ្នះ​លើ​ភាព​សង្ស័យ​របស់អ្នក ។ ខ្ញុំសូមសន្យាថា ទ្រង់ត្រៀម​ទទួលអ្នកជា​ស្រេច ។ នៅ​ថ្ងៃណា​មួយ​អ្នកនឹង​ឃើញ​ថា នេះគឺជា​ជម្រើស​ដ៏ល្អ​បំផុត​ដែល​អ្នក​បានធ្វើ ។ ការសម្រេចចិត្ត​របស់​អ្នក​ដើម្បីជឿ​លើទ្រង់ និងប្រទានពរ​ដល់​​អ្នកដ៏​ច្រើន​សន្ធឹក​ និង​ជារៀងរហូត ។

ពរជ័យ​នៃការមានជំនឿ

ខ្ញុំបាន​ទទួលអារម្មណ៏​នៃសេចក្តី​ស្រឡាញ់​ដ៏សប្បុរស​ នៃ​ព្រះអង្គ​សង្គ្រោះ​​នៅ​ក្នុង​​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំបានស្វែងរក​ទ្រង់​ក្នុង​​គ្រានៃ​ក្ដី​ងងឹត​របស់ខ្ញុំ ហើយ​ទ្រង់​បាន​លាត​ព្រះហស្ថ​មកកាន់ខ្ញុំ ជាមួយពន្លឺនៃ​ការព្យាបាល ។ ក្តីអំណរ​មួយ​ដ៏មហិមា​ក្នុងជីវិត​ខ្ញុំ គឺការធ្វើ​ដំណើរ​ជាមួយ​ភរិយារបស់​ខ្ញុំ ខាធី ទៅជួប​សមាជិក​នៃ​សាសនាចក្រ​គ្រប់​ទិសទី​ក្នុង​ពិភពលោក ។ អ្វីៗដ៏អស្ចារ្យ​ដែលយើង​បាន​ជួបប្រទះ បាន​បង្រៀនខ្ញុំ ហើយ​បង្រៀន​យើង​អំពីសេចក្តី​ស្រឡាញ់​របស់ព្រះ​ចំពោះ​កូនចៅទ្រង់ ។ ពួកគេ​បានបង្ហាញ​ខ្ញុំ ពីសក្តានុពល​គ្មាន​ដែន​កំណត់​នៃ​សុភមង្គល ដែលបាន​ប្រែក្លាយ​ជា​ពរជ័យ​ដល់អស់​អ្នកដែល​ជ្រើសរើស​ដើរ​តាម​ការ​បង្រៀន​របស់ព្រះអម្ចាស់ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំបានរៀនថា​ការជឿលើទ្រង់ និងព្រះចេស្តា​នៃការប្រោស​លោះ​របស់​ទ្រង់ គឺជាមាគ៌ា​ពិតឆ្ពោះទៅ ៖ « សេចក្តីសុខសាន្ត​ នៅ​នា​លោកិយនេះ និងជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ នៅបរលោកនាយ។ »

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជាប្រភពនៃ​ពន្លឺ និង​សេចក្តីសង្ឃឹម​សម្រាប់យើង​ទាំងអស់​គ្នា។ ខ្ញុំ​សូមអធិស្ឋាន​ឲ្យ​យើង​ជ្រើសរើស​ជឿលើ​ទ្រង់​។ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។