ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២០–១៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ « អ្នកណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្ដាប់ ឲ្យ​ស្ដាប់​ចុះ »


« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ ‹ អ្នកណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្ដាប់ ឲ្យ​ស្ដាប់​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ស្រូវ​សាលីទុំ​ល្មម​ច្រូតហើយ

ថ្ងៃទី ២០–២៦ ខែ មីនា

ម៉ាថាយ ១៣; លូកា ៨១៣

« អ្នកណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្ដាប់ ឲ្យ​ស្ដាប់​ចុះ »

ពាក្យ​ប្រៀបប្រដូច​គឺជា​ដំណើររឿង​សាមញ្ញៗ​ដែល​អាច​ទាក់ទាញ​កុមារ​បាន ។ គម្រោង​មេរៀន​នេះ និង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ជួយ​បងប្អូន​ឲ្យ​ប្រើ​ពាក្យ​ប្រៀបប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​បង្រៀន​កុមារ​អំពី​សេចក្ដីពិត​ដ៏​មាន​សារៈសំខាន់​នានា ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​យក​វត្ថុ​បី​បួន​ដែល​អាច​ជួយ​កុមារ​ឲ្យ​ចងចាំ​នូវ​ពាក្យ​ប្រៀបប្រដូច​មួយ​ចំនួន នៅក្នុង ម៉ាថាយ ១៣ ដូចជា​គ្រាប់​ពូជ​មួយ កែវ​មុក្ដា​មួយ ឬ​កំណប់​ទ្រព្យសម្បត្តិ​មួយ ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​ពាក្យ​ប្រៀបប្រដូច​ទាំងឡាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ម៉ាថាយ ១៣:១–២៣

ខ្ញុំ​ត្រូវ​រៀបចំ​ខ្លួន​ជា​ស្រេច​ដើម្បី​រៀន​អំពី​ការបង្រៀន​របស់​ព្រះយេស៊ូវ ។

កុមារ​តូចៗ​មិន​អាច​យល់​ពី​និមិត្ត​សញ្ញា​ទាំងអស់ ដែល​មាន​នៅក្នុង​ពាក្យ​ប្រៀបប្រដូច​នៃ​ការសាប​ព្រោះ​បាន​ទេ ប៉ុន្ដែ​ពួកគេ​អាច​រៀន​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​សាមញ្ញ​នានា ដែល​ដំណឹងល្អ​បង្រៀន​បាន ។ តើ​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដែល​ពាក្យ​ប្រៀបប្រដូច​នេះ​ទាក់ទង​នឹង​ពួកគេ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​ប្រភេទ​ដី​ខុសៗ​គ្នា ( ឬ​រូបភាព​ដី ) កាល​បងប្អូន​សង្ខេប ម៉ាថាយ ១៣:៣–៨ ។ សូម​ឲ្យ​គ្រាប់ពូជ​មួយ​ទៅ​កុមារ​ម្នាក់ៗ ហើយ​សួរ​ពីអ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ដាំ​គ្រាប់ពូជ​នេះ ។ សូម​ពន្យល់ថា ទីបន្ទាល់​របស់​យើង​គឺ​ដូចជា​គ្រាប់ពូជ​នេះ​ដែរ ។ តើ​យើង​ជួយ​ឲ្យ « គ្រាប់ពូជ » នៃ​ទីបន្ទាល់​របស់​យើង​រីកចម្រើន​យ៉ាង​ដូចម្តេច ?

  • សូម​ប្រើ​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ពី​អ្វី​ដែល​ប្រភេទ​ដី​នីមួយៗ ដែល​បាន​រៀបរាប់​នៅក្នុង ម៉ាថាយ ១៣ បង្រៀន​យើង​អំពី​ដួងចិត្ត​របស់​យើង ។ សូម​សួរ​កុមារ​ថា តើ​ដួងចិត្ត​ប្រភេទ​ណា​ដែល​ព្រះយេស៊ូវ​ចង់​ឲ្យ​ពួកគេ​មាន ដើម្បី​រៀន​សូត្រ​អំពី​ការបង្រៀន​របស់​ទ្រង់ ។

  • សូម​អាន ម៉ាថាយ ១៣:៩, ១៥ ហើយ​សូម​ឲ្យ​កុមារ​ចង្អុល​ទៅ​ផ្នែក​ខុសៗ​គ្នា​នៃ​រាងកាយ​របស់​ពួកគេ កាល​ពួកគេ​ឮ​ឈ្មោះ​ផ្នែក​ណាមួយ​ត្រូវ​បាន​លើកឡើង ។ តើ​យើង​អាច​ប្រើ​ផ្នែក​នៃ​រាងកាយ​ទាំងនេះ ដើម្បី​រៀន​អំពី​ការបង្រៀន​របស់​ព្រះយេស៊ូវ​បាន​ដោយ​របៀប​ណា ?

ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣, ៤៧–៤៨

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ឲ្យ​ខ្ញុំ​ជ្រើសរើស​ផ្លូវ​ត្រូវ ។

ពាក្យ​ប្រៀបប្រដូច​មួយ​ចំនួន​របស់​ព្រះយេស៊ូវ​បង្រៀន​ថា នៅ​ថ្ងៃ​ចុងក្រោយ ព្រះ​នឹង​ញែក​ពួក​ទុច្ចរិត​ចេញពី​ពួកសុចរិត ។ តើ​បងប្អូន​អាច​ប្រើ​ពាក្យ​ប្រៀបប្រដូច​ទាំងឡាយ​ដើម្បី​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ជ្រើសរើស​ផ្លូវ​ត្រូវ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​សម្ដែង​រឿង​ប្រៀបប្រដូច​នៃ​រឿង​ស្រូវ​សាលី និង​ស្រងែ ( សូមមើល ម៉ាថាយ ១៣:២៤–៣០ ) ។ សូម​ពន្យល់​ថា ស្រូវ​សាលី​តំណាង​ឲ្យ​មនុស្ស​ដែល​រើស​យក​ជម្រើស​ដ៏​សុចរិត​នានា ហើយ​ស្រងែ ( ជា​ស្មៅ​ឥតប្រយោជន៍​ដែល​បំផ្លាញ​ស្រូវ ) តំណាង​ឲ្យ​មនុស្ស​ដែល​មិន​ជ្រើសរើស​យក​សេចក្ដី​សុចរិត ។ នៅ​ថ្ងៃមួយ ព្រះវរបិតាសួគ៌​នឹង​ប្រមូល​មនុស្ស​សុចរិត​ឲ្យ​ទៅ​រស់នៅ​ជាមួយ​នឹង​ទ្រង់ ។

  • សូម​ផ្តល់​ឲ្យ​កុមារ​នូវ​គំរូ​នៃ​ការជ្រើសរើស​ត្រឹមត្រូវ និង​ខុសឆ្គង ។ សូម​ស្នើសុំ​ឲ្យ​កុមារ​និយាយ​ថា « ជម្រើស​ស្រូវ​សាលី » នៅពេល​បងប្អូន​ពិពណ៌នា​ការជ្រើសរើស​ត្រឹមត្រូវ និង « ជម្រើស​ស្រងែ » នៅពេល​បងប្អូន​ពិពណ៌នា​ពី​ការជ្រើសរើស​ខុសឆ្គង ។

  • សូម​យក​រូបភាព​ដើម​ស្រូវ​សាលី ហើយ​ឲ្យ​កុមារ​គូរ​នៅលើ​រូបភាព​នោះ​នូវ​របៀប​មួយ​ចំនួន​ដែល​ពួកគេ​អាច​ធ្វើ​ជា​មនុស្ស​សុចរិត​បាន ។

ម៉ាថាយ ១៣:៤៤–៤៦

សមាជិកភាព​របស់​ខ្ញុំ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺជា​រតនសម្បត្តិ​មួយ ។

តើ​បងប្អូន​អាច​ប្រើ​ការស្រមៃ​អំពី​រតនសម្បត្តិ និង​កែវមុក្តា​ដ៏​មាន​តម្លៃ​នានា ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ពី​តម្លៃ​នៃ​ការក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​បាន​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​លាក់​រូបភាព​កំណប់​ទ្រព្យ​មួយ និង​កែវ​មុក្ដា​មួយ​នៅក្នុង​បន្ទប់ ហើយ​ឲ្យ​កុមារ​ដើរ​រក​វា ។ សូម​ប្រើ​រូបភាព​នានា​ដើម្បី​បង្រៀន​អំពី​ពាក្យ​ប្រៀបប្រដូច​នានា​នៅក្នុង ម៉ាថាយ ១៣:៤៤–៤៦ ។ សូម​និយាយ​អំពី​មូលហេតុ​ដែល​នរណា​ម្នាក់​អាច​បោះបង់​ចោល​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​មាន​ដើម្បី​បាន​កែវ​មុក្តា ឬ​រតនសម្បត្តិ​ដ៏​ស្រស់ស្អាត​នៅក្នុង​ទីវាល​មួយ ។ សូម​ពន្យល់​ថា ពេលខ្លះ​យើង​ត្រូវ​លះបង់​អ្វីមួយ​ល្អ​ដើម្បី​ទទួល​បាន​អ្វីមួយ​ដែល​រឹតតែ​ល្អ​ជាង​នេះ ។ សូម​ប្រាប់​កុមារ​ពី​មូលហេតុ​ដែល​ដំណឹងល្អ​មាន​តម្លៃ​ចំពោះ​បងប្អូន ។

  • សូម​ដាក់​របស់​របរ​ផ្សេងៗ ឬ​រូបភាព​បី​បួន​នៅក្នុង​ប្រអប់​មួយ​ដែល​តំណាង​ឲ្យ « រតនសម្បត្តិ » នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដូចជា ព្រះអង្គ​សង្រ្គោះ ព្រះវិហារ​បរិសុទ្ធ ឬ​ព្រះគម្ពីរ​មរមន ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​រើស​យក​វត្ថុ​មួយ ឬ​រូបភាព​មួយ ហើយ​ប្រាប់​ពី​មូលហេតុ​ដែល​ថា របស់​នោះ​គឺជា​រតនសម្បត្តិ​មួយ ។

  • សូម​ច្រៀង​រួមគ្នា​នូវ​បទ « សាសនាចក្រ​ព្រះ​យេស៊ូវ​គ្រីស្ទ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៨ ) ហើយ​សូម​ឲ្យ​កុមារ​និយាយ​អំពី​មូលហេតុ ដែល​ពួកគេ​មាន​អំណរគុណ​សម្រាប់​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នានា ដែល​បងប្អូន​បាន​ទទួល​ដោយសារតែ​សមាជិកភាព​នៅក្នុង​សាសនាចក្រ​របស់​បងប្អូន​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ម៉ាថាយ ១៣:១–២៣

ខ្ញុំ​ត្រូវ​រៀបចំ​ដួងចិត្ត​ខ្ញុំ​ដើម្បី​ទទួល​យក​ការបង្រៀន​របស់​ព្រះយេស៊ូវ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការមាន​ដួងចិត្ត​ទន់ទាប និង​មាន​ឆន្ទៈ ដើម្បី​ឲ្យ​ព្រះយេស៊ូវ​អាច​បង្រៀន​ពួកគេ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ចាត់តាំង​កុមារ​ម្នាក់ៗ​ឲ្យ​អាន​ប្រភេទ​ដី​មួយ​ក្នុង​ចំណោម​ប្រភេទ​ដី​ទាំង​បួន​នៅក្នុង ម៉ាថាយ ១៣:៤–៨ ។ សូម​ឲ្យ​ពួកគេ​រកមើល និង​ចែកចាយ​អ្វី​ដែល​នឹង​កើតឡើង​ដល់​គ្រាប់ពូជ​នៅក្នុង​ប្រភេទ​ដី​ដែល​ពួកគេ​អាន​នោះ ។ តើ​ដួងចិត្ត​យើង​អាច​ក្លាយ​ដូចជា​ប្រភេទ​ដី​ខុសៗ​គ្នា​ទាំងនេះ​ដោយ​របៀប​ណា ? ( សូមមើល ម៉ាថាយ ១៣:១៩–២៣ ) ។

  • សូម​បង្ហាញ​រូបភាព​សួនច្បារ​មួយ​ដល់​កុមារ ។ តើ​ដី​ត្រូវ​មាន​សណ្ឋាន​បែប​ណា​ដើម្បី​ឲ្យ​រុក្ខជាតិ​ដុះ​លូតលាស់​នៅលើ​ដី​នោះ ? សូម​បង្ហាញ​រូបភាព​ដី​ថ្ម ឬ​ដី​ដែល​មាន​បន្លា​មួយ ។ ហេតុអ្វី​បាន​ជា​រុក្ខជាតិ​ពិបាក​លូតលាស់​នៅក្នុង​ដី​ប្រភេទ​នេះ ? តើ​យើង​អាច​ធានា​ឲ្យ​បាន​ថា ដួងចិត្ត​យើង​គឺ​ដូចជា​ដី​ដ៏​ល្អ​ដើម្បី​យើង​អាច​ទទួល​បាន​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន ម៉ាថាយ ១៣:១៥–១៧ ។ សូម​គូរ​រូប​ភ្នែក ត្រចៀក និង​បេះដូង​នៅលើ​ក្ដារខៀន ។ តើ​យើង​អាច​ប្រើ​អ្វី​ទាំងនេះ​នីមួយៗ​ដើម្បី​រៀន​អំពី​ការបង្រៀន​របស់​ព្រះយេស៊ូវ​បាន​ដោយ​របៀបណា ?

ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣

ខ្ញុំ​អាច​ជ្រើសរើស​ផ្លូវ​ត្រូវ​បាន ទោះបីជា​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​មិន​ជ្រើសរើស​ដូច​ខ្ញុំ​ក្ដី ។

កាល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ​ដោយ​គិត​ដល់​កុមារ​នៅក្នុង​ចិត្ត តើ​បងប្អូន​ទទួល​បាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​គូរ​ស្ថានភាព​ខុសៗ​គ្នា​ចេញពី​ពាក្យ​ប្រៀបប្រដូច​នៃ​ស្រូវ​សាលី និង​ស្រងែ ដែល​មាន​នៅក្នុង ម៉ាថាយ ១៣:២៤–៣០ ហើយ​ចែកចាយ​គំនូរ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ឲ្យ​ពួកគេ​ដាក់​ចំណង​ជើង​ឲ្យ​គំនូរ​របស់​ពួកគេ ដោយ​ប្រើ​បំណកស្រាយ​នៃ​ពាក្យ​ប្រៀបប្រដូច​ដែល​មាន​នៅក្នុង ម៉ាថាយ ១៣:៣៦–៤៣ ។ បងប្អូន​អាច​ត្រូវ​ពន្យល់​ថា ស្រងែ​គឺជា​គ្រាប់ពូជ​ដែល​មាន​គ្រោះថ្នាក់ ។

  • បើ​អាច សូម​បង្ហាញ​រូបភាព​ស្រូវ​សាលី និង​ស្រងែ ។ សូម​ពន្យល់​ថា ស្រូវ​សាលី និង​ស្រងែ​នឹង​ដុះ​ជាមួយ​គ្នា រហូតដល់​ពេល​ត្រូវ​ច្រូតកាត់ ( ចុង​បញ្ចប់​នៃ​ពិភពលោក​នេះ ) ។ ការណ៍​នេះ​បង្រៀន​ដល់​យើង​ថា យើង​នឹង​រស់នៅ​ជាមួយ​ទាំង​មនុស្ស​ល្អ និង​មនុស្ស​អាក្រក់​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ហើយ​យើង​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ដើម្បី​ជ្រើសរើស​តែ​ផ្លូវ​ត្រូវ ។ សូម​ឲ្យ​កុមារ​ចែកចាយ​របៀប​ដែល​ពួកគេ​អាច​ប្រាប់​ពី​លក្ខណៈ​ខុសគ្នា​រវាង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់ ។

ម៉ាថាយ ១៣:៤៤–៤៦

សមាជិកភាព​របស់​ខ្ញុំ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺជា​រតនសម្បត្តិ​មួយ ។

តើ​កុមារ​ដែល​បងប្អូន​បង្រៀន​ឃើញ​ថា សមាជិកភាព​របស់​ពួកគេ​នៅក្នុង​សាសនាចក្រ​នេះ​ជា​រតនសម្បត្តិ​មួយ​ដ៏​មាន​តម្លៃ​ដែរ​ឬ​ទេ ? ប្រហែល​ជា​ការពិភាក្សា​អំពី​ពាក្យ​ប្រៀបប្រដូច​នៅក្នុង ម៉ាថាយ ១៣:៤៤–៤៦ អាច​ជួយ​ពួកគេ​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​អាន ម៉ាថាយ ១៣:៤៤–៤៦ ដោយ​ខ្លួន​ឯង ហើយ​ចែកចាយ​ពាក្យ​ប្រៀបប្រដូច​ជា​សម្ដី​ខ្លួន​ឯង​ជាមួយ​នឹង​មិត្ត​ក្នុង​ថ្នាក់​ផ្សេង​ទៀត ។

  • សូម​កាត់​រូប​រង្វង់​បី​បួន​ដើម្បី​ធ្វើ​ជា​កាក់ ហើយ​ដាក់​វា​ទៅក្នុង​ប្រអប់​រតនសម្បត្តិ​មួយ ។ សូម​ឲ្យ​កុមារ​រើស​យក​កាក់​មួយ ហើយ​គូរ ឬ​សរសេរ​រឿង​មួយ​ដែល​ពួកគេ​ស្រឡាញ់​អំពី​ភាព​ជា​សមាជិក​នៅក្នុង​សាសនាចក្រ​នេះ​នៅលើ​កាក់​នោះ ។ សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​សរសេរ​នៅលើ​កាក់​របស់​ពួកគេ ។

  • សូម​អញ្ជើញ​សមាជិក​វួដ​មួយ​រូប​ឲ្យ​ចែកចាយ​ពី​ដំណើររឿង​ប្រែចិត្ត​ជឿ​របស់​គាត់​ដល់​កុមារ ហើយ​ប្រាប់​ពី​អ្វី​ដែល​គាត់​បាន​លះបង់ ដើម្បី​ចូលរួម​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ឬ​សូម​ស្នើសុំ​ឲ្យ​កុមារ​និយាយ​អំពី​ពលិកម្ម​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់ទ្រង់ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​បង្រៀន​ពាក្យ​ប្រៀប​ប្រដូច​មួយ ដែល​ពួកគេ​បាន​រៀន​នៅក្នុង​អង្គការ​បឋមសិក្សា​ទៅ​ដល់​គ្រួសារ​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​ចូលចិត្ត​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ទោះបីជា​ពួកគេ​នៅ​ក្មេង​ក្ដី ក៏​កុមារ​អាច​ពង្រឹង​ដល់​សមាជិក​គ្រួសារ​របស់​ពួកគេ​បាន​ដែរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​អង្គការ​បឋមសិក្សា​ដល់​គ្រួសារ​របស់​ពួកគេ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ៣០ ) ។