« ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ ៖ ‹ កុំឲ្យភ័យឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា
ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦
« កុំឲ្យភ័យឡើយ »
កាលដែលបងប្អូនរៀបចំខ្លួនបង្រៀនចេញពី ម៉ាថាយ ១៤; ម៉ាកុស ៦ និង យ៉ូហាន ៥–៦ សូមរកមើលសារលិខិតដែលទាក់ទងនឹងជីវិតរបស់កុមារដែលបងប្អូនបង្រៀន ។ តើបងប្អូនគិតថា អ្វីទៅដែលនឹងជួយឲ្យពួកគេយល់ពីសារលិខិតទាំងនេះ ? គម្រោងមេរៀននេះនឹងផ្ដល់គំនិតមួយចំនួនដល់បងប្អូន ។
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពព្រះយេស៊ូវយាងដើរលើទឹកមួយសន្លឹក ( សូមមើល គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឬ សៀវភៅរូបភាពដំណឹងល្អ ល.រ. ៤៣ ) និងសូមឲ្យកុមារចែកចាយអ្វីដែលពួកគេដឹងអំពីដំណើររឿងនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវគ្រីស្ទញាណដឹងអំពីអ្វីដែលខ្ញុំត្រូវការ និងអាចជួយខ្ញុំបាន ។
សូមសញ្ជឹងគិតពីដំណើររឿងរបស់ព្រះយេស៊ូវព្យាបាលបុរសម្នាក់នៅឯស្រះបេថែសដា ។ តើបងប្អូនអាចជួយកុមារឲ្យមើលឃើញអ្វីដែលដំណើររឿងនេះបង្រៀនអំពីព្រះទ័យ សេចក្តីស្រឡាញ់ និងគុណលក្ខណៈដទៃទៀតរបស់ព្រះយេស៊ូវយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមប្រើរូបភាព ព្រះគ្រីស្ទព្យាបាលអ្នកឈឺនៅបេថែសដា ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ៤២ ) ដើម្បីតំណាលប្រាប់រឿងនៅក្នុង យ៉ូហាន ៥:១–៩ ដល់កុមារ ។ ឬសូមបង្ហាញវីដេអូ « Jesus Heals a Man on the Sabbath » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមឲ្យកុមារស្រមៃថា ពួកគេគឺជាមនុស្សដែលព្រះយេស៊ូវបានព្យាបាល ។ តើពួកគេនឹងមានអារម្មណ៍យ៉ាងណា នៅពេលព្រះយេស៊ូវបានព្យាបាលពួកគេនោះ ?
3:3 -
សូមឲ្យកុមារសរសេរនូវការណ៍មួយចំនួនដែលលំបាកចំពោះពួកគេ ឬដែលធ្វើឲ្យពួកគេក្រៀមក្រំ ។ សូមប្រាប់ពួកគេអំពីគ្រាមួយនៅក្នុងជីវិតរបស់បងប្អូន នៅពេលដែលបងប្អូនបានទទួលជំនួយពីព្រះអង្គសង្គ្រោះអំឡុងឧបសគ្គដ៏ពិបាកមួយ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវជ្រាបអំពីបញ្ហារបស់យើងទាំងអស់ ហើយចង់ជួយយើង ។
ខ្ញុំធ្វើតាមគំរូរបស់ព្រះយេស៊ូវ នៅពេលយើងមានចិត្តល្អចំពោះមនុស្សដទៃ ។
របៀបមួយដែលព្រះយេស៊ូវបានបង្ហាញសេចក្ដីស្រឡាញ់នោះគឺ ចម្អែតដល់អ្នកដើរតាមរបស់ទ្រង់ កាលពួកគេស្រេកឃ្លាន ។ តើបងប្អូនអាចជួយកុមារឲ្យរៀនបម្រើដល់មនុស្សដទៃ ដូចជាព្រះយេស៊ូវបានធ្វើដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញកញ្ច្រែងមួយ និងនំប៉័ងខ្លះៗដល់កុមារ កាលបងប្អូនតំណាលរឿងនៅក្នុង ម៉ាថាយ ១៤:១៣–២១ ។ សូមពន្យល់ថា ទោះបីជាព្រះយេស៊ូវបានព្យាយាមស្វែងរកទីកន្លែងមួយដើម្បីទៅតែអង្គឯងក្ដី ក៏មនុស្សបានចង់នៅក្បែរទ្រង់ដែរ ។ សូមចែកចាយដំណើររឿងទាំងមូលដល់កុមារ ហើយសូមឲ្យពួកគេស្ដាប់រកអ្វីដែលព្រះយេស៊ូវបានធ្វើដើម្បីបង្ហាញទឹកព្រះទ័យល្អ និងសេចក្ដីស្រឡាញ់ចំពោះមនុស្ស ។
-
សូមឲ្យកុមារចែកចាយពីរបៀបដែលនរណាម្នាក់មានសន្ដានចិត្តល្អចំពោះពួកគេ ។ បន្ទាប់មក សូមជួយពួកគេឲ្យគិតអំពីអ្វីដែលពួកគេអាចធ្វើបាននៅសប្តាហ៍នេះដើម្បីធ្វើល្អដល់អ្នកដទៃ ។ សម្រាប់រាល់ចម្លើយដែលពួកគេឆ្លើយ សូមគូររូបនំប៉័ងមួយ ឬត្រីមួយនៅលើក្ដារខៀន ។ សូមប្រាប់កុមារថា នៅពេលពួកគេធ្វើការណ៍ទាំងនេះ នោះពួកគេកំពុងធ្វើតាមគំរូរបស់ព្រះយេស៊ូវ កាលទ្រង់បានចម្អែតមនុស្សប្រាំពាន់នាក់ដែលបានស្រេកឃ្លាន ។
សេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទអាចជួយយើងមិនឲ្យភ័យខ្លាច ។
ពេត្រុសបានបង្ហាញសេចក្ដីជំនឿដ៏អស្ចារ្យ កាលលោកបានដើរលើទឹកដើម្បីទៅឯព្រះយេស៊ូវ ។ តើមានមេរៀនអ្វីខ្លះនៅត្រង់ចំណុចនេះដែលកុមារអាចរៀនពីដំណើររឿងនេះបាន ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ( សូមមើលផងដែរ សៀវភៅរូបភាពដំណឹងល្អ ល.រ. ៤៣ ) កាលដែលបងប្អូនប្រាប់ដំណើររឿងចេញពី ម៉ាថាយ ១៤:២២–៣៣ ជាពាក្យពេចន៍របស់បងប្អូនផ្ទាល់ ។ សូមពិចារណាប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ដើម្បីជួយកុមារឲ្យតំណាលប្រាប់រឿងនេះដល់បងប្អូនវិញ ។ បងប្អូនក៏អាចយកកូនចានគោមមួយដាក់ទឹកឲ្យពេញ ហើយស្នើសុំឲ្យកុមារធ្វើជាដាក់ម្រាមដៃរបស់ពួកគេ « ដើរ » លើផ្ទៃទឹកនោះ ។
-
សូមបង្ហាញវីដេអូ « Wherefore Didst Thou Doubt ? » ( នៅលើគេហទំព័រChurchofJesusChrist.org ) ហើយសូមសួរកុមារថាតើហេតុអ្វីបានជាពេត្រុសភ័យ ។ បន្ទាប់មក សូមឲ្យពួកគេប្រាប់អំពីគ្រានានាដែលពួកគេបានមានអារម្មណ៍ភ័យខ្លាច ហើយចែកចាយអ្វីដែលបានជួយដល់ពួកគេ ។ សូមជួយដល់ពួកគេឲ្យមើលឃើញថា សេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទនឹងជួយយើងឲ្យយកឈ្នះលើសេចក្ដីភ័យខ្លាច ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2Fe0%2F93%2Fe093a319c62eca7e16010af4374473fcc4d9f985%2Fe093a319c62eca7e16010af4374473fcc4d9f985.jpeg/full/!250,/0/default)
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទបង្រៀនខ្ញុំអំពីព្រះវរបិតាសួគ៌ ។
តើការបង្រៀនរបស់ព្រះយេស៊ូវអំពីព្រះបិតារបស់ទ្រង់ អាចជួយកុមារឲ្យរៀនអំពីព្រះវរបិតាសួគ៌ដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្កើតកាតផ្គូផ្គងត្រូវគ្នាពីរឈុត ដែលមានសរសេរពាក្យដែលព្រះយេស៊ូវបានប្រើ ដើម្បីបង្រៀនអំពីព្រះវរបិតាសួគ៌នៅក្នុង យ៉ូហាន ៥ ដូចជា ស្រឡាញ់ ជីវិត និង ការ ( សូមមើល យ៉ូហាន ៥:២០, ២៦, ៣៦ ) ។ សូមផ្កាប់កាតទាំងនោះចុះ ហើយសូមឲ្យកុមារផ្គូផ្គងគូវាដោយត្រឡប់កាតម្តងពីរៗ ។ កាលគូនីមួយៗត្រូវគ្នាហើយ សូមអានខគម្ពីរដែលមានពាក្យនោះ ហើយសូមសួរកុមារថា តើពាក្យអ្វីដែលបង្រៀនយើងអំពីព្រះវរបិតាសួគ៌ ។
-
សូមឲ្យកុមារអាន យ៉ូហាន ៥:៣០ ហើយបន្ទាប់មកសូមបំពេញប្រយោគនេះ ៖ « ខ្ញុំមិនរកតាមតែចិត្តខ្ញុំទេគឺ … » តើព្រះយេស៊ូវគ្រីស្ទបានធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាសួគ៌របស់ទ្រង់ដោយរបៀបណា ? តើយើងអាចធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ដោយរបៀបណា ?
ព្រះយេស៊ូវបានចម្អែតដល់មនុស្សប្រាំពាន់នាក់ដោយអព្ភូតហេតុ ដោយមាននំប៉័ងប្រាំចំណិត និងត្រីចំនួនពីរក្បាលប៉ុណ្ណោះ ។
ដង្វាយដ៏តូចតាចរបស់ខ្ញុំអាចធ្វើឲ្យមានភាពខុសគ្នា ។
គឺជាក្មេងប្រុសម្នាក់ដែលបានផ្ដល់នំប៉័ង និងត្រីដល់ព្រះយេស៊ូវ ដើម្បីយកមកចម្អែតមនុស្សប្រាំពាន់នាក់ ។ តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យឃើញពីរបៀប ដែលពួកគេអាចរួមចំណែកដល់កិច្ចការនៃព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យស្រមៃថា តើហ្វូងមនុស្សប្រាំពាន់នាក់នោះនឹងធំប៉ុណ្ណាទៅ ។ តើវាមានសភាពយ៉ាងណាទៅ ដែលត្រូវចម្អែតមនុស្សច្រើនយ៉ាងនោះដោយមានតែនំប៉័ងប្រាំចំណិត និងត្រីតែពីរនោះ ?
-
សូមឲ្យកុមារម្នាក់ប្រាប់ដំណើររឿងអំពីការចម្អែតមនុស្សប្រាំពាន់នាក់ជាសម្ដីរបស់គេផ្ទាល់ ។ សូមសង្កត់ន័យថា កាលនោះគឺមានក្មេងប្រុសម្នាក់ដែលបានថ្វាយនំបុ័ង និងត្រីដល់ព្រះអម្ចាស់ ដែលបានប្រើដើម្បីសម្តែងអព្ភូតហេតុនេះ ។ តើយើងអាចក្លាយដូចជាក្មេងប្រុសដែលបានពិពណ៌នានៅក្នុង យ៉ូហាន ៦:៩ ដោយរបៀបណា ? សូមឲ្យកុមារគូររូបនំប៉័ង និងត្រីនៅលើក្រដាស ហើយសរសេរលើរូបនោះនូវការណ៍មួយចំនួន ដែលពួកគេអាចធ្វើចំពោះព្រះអម្ចាស់ដើម្បីជួយដល់កិច្ចការរបស់ទ្រង់បាន ។
-
សូមឲ្យល្បែងផ្គុំរូបតូចមួយដល់កុមារឲ្យផ្គុំ ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើបំណែករូបមួយនៃល្បែងផ្គុំរូបនេះបាត់នោះ ? សូមពន្យល់ថា យើងម្នាក់ៗគឺដូចជាបំណែកនៃល្បែងផ្គុំរូបនេះដូច្នេះដែរ—យើងទាំងអស់គ្នាមានសារៈសំខាន់ ហើយយើងត្រូវការគ្នាទៅវិញទៅមក ។ សូមជួយកុមារឲ្យរៀបរាប់មូលហេតុដែលពួកគេមានសារៈសំខាន់នៅក្នុងក្រុមគ្រួសាររបស់ពួកគេ ថ្នាក់អង្គការបឋមសិក្សារបស់ពួកគេ គ្រួសាររបស់ព្រះ និងក្រុមដទៃទៀត ។
សេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទអាចជួយយើងមិនឲ្យភ័យខ្លាច ។
សេចក្ដីជំនឿ និងភាពភ័យខ្លាចដើរតួយ៉ាងសំខាន់នៅក្នុងដំណើររឿងរបស់ព្រះយេស៊ូវ និងពេត្រុសដែលដើរនៅលើទឹក ។ តើកុមារអាចរៀនអ្វីខ្លះមកពីដំណើររឿងនេះ ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ( សូមមើលផងដែរ សៀភៅរូបភាពដំណឹងល្អ ល.រ. ៤៣ ) ។ សូមឲ្យកុមារស្វែងរកឃ្លាទាំងឡាយនៅក្នុង ម៉ាថាយ ១៤:២២–៣៣ ដែលពិពណ៌នាពីរូបភាពនេះ ។
-
សូមឲ្យកុមាររកមើលទីសម្គាល់នៃសេចក្ដីជំនឿ និងទីសម្គាល់នៃភាពភ័យខ្លាច កាលពួកគេអាន ម៉ាថាយ ១៤:២២–៣៣ ។ បងប្អូនក៏អាចបង្ហាញវីដេអូ « Wherefore Didst Thou Doubt ? » ផងដែរ ( នៅលើគេហទំព័រChurchofJesusChrist.org ) ។ តើការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណា ? សូមជួយកុមារឲ្យគិតពីគ្រាដែលសេចក្តីជំនឿរបស់ពួកគេបានជួយពួកគេឲ្យយកឈ្នះលើសេចក្តីភ័យខ្លាច ។
2:6 -
សូមឲ្យកុមារស្រមៃថា ពួកគេបាននៅក្នុងវត្តមាននោះ ហើយបានមានម៉ាស៊ីនថតរូប កាលព្រះយេស៊ូវ និងពេត្រុសបានដើរនៅលើទឹក ។ តើចំណុចពេលវេលាមួយណាដែលពួកគេនឹងជ្រើសរើសដើម្បីថតរូប ហើយហេតុអ្វី ? សូមឲ្យពួកគេសិក្សា ម៉ាថាយ ១៤:២២–៣៣ ដើម្បីរកគំនិតផ្សេងៗ ។ សូមឲ្យពួកគេគូររូបភាពនៃគ្រាដែលពួកគេបានជ្រើសរើសនោះ ចែកចាយរូបភាពរបស់គេ ហើយពន្យល់ពីមូលហេតុដែលពួកគេបានជ្រើសរើសយកចំណុចពេលវេលានោះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ប្រសិនបើកុមារបានបំពេញទំព័រសកម្មភាពសប្ដាហ៍នេះហើយ សូមឲ្យពួកគេប្រើវាដើម្បីបង្រៀនដល់ក្រុមគ្រួសាររបស់ពួកគេ អំពីអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ ។ ឬសូមឲ្យសំណៅចម្លងនៃទំព័រនេះ ដើម្បីយកទៅបំពេញជាមួយក្រុមគ្រួសាររបស់ពួកគេនៅឯផ្ទះ ។
ការកែលម្អការបង្រៀនរបស់យើង
អញ្ជើញឲ្យចែកចាយ ។ សូមសួរកុមារអំពីគំនិត អារម្មណ៍ និងបទពិសោធន៍របស់ពួកគេ ។ បងប្អូននឹងឃើញថា ជាញឹកញាប់ពួកគេមានយោបល់សាមញ្ញ ប៉ុន្ដែពិតជាល្អ ។