ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ « សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯ​ណា ? »


« ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ ‹ សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯ​ណា ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ឧទ្យាន​ផ្នូរ

ថ្ងៃទី ៣–៩ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« សេចក្តី​ស្លាប់​អើយ ជ័យ​ជម្នះ​របស់​ឯង​នៅ​ឯណា ? »

សូម​ប្រើ​ពេលវេលា​របស់​បងប្អូន​ជាមួយ​នឹង​កុមារ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើល​ទៅ​បុណ្យ​អ៊ីស្ទើរ​ថា ជា​រដូវ​មួយ​ដើម្បី​អបអរ​សាទរនៅក្នុង​ព្រះអង្គ​សង្គ្រោះ ហើយ​ដើម្បី​បង្កើន​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ពលិកម្ម​របស់​ទ្រង់​កាន់​តែ​ជ្រាលជ្រៅ ។ គំនិត​នៅក្នុង​គម្រោង​មេរៀន​ទាំងនេះ​អាច​ត្រូវ​បាន​កែតម្រូវ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​បង្រៀន​កុមារ​គ្រប់​អាយុ​បាន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​ព្រះអង្គសង្រ្គោះ​នៅក្នុង​សួនច្បារ​គែតសេម៉ានី នៅលើ​ឈើឆ្កាង និង​បន្ទាប់ពី​ការមាន​ព្រះជន្មរស់ឡើង​វិញ​របស់​ទ្រង់ ( សូមមើល​រូបភាព​នេះ​នៅក្នុង គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ  ៥៦–៦០ ) ។ សូម​ឲ្យ​កុមារចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រឹត្តិការណ៍​ដែល​បាន​បង្ហាញ​នៅក្នុង​រូបភាព​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

នៅពេល​បងប្អូន​អាន​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​ដល់​កុមារ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​លើសលប់​របស់​ព្រះយេស៊ូវ​ចំពោះ​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវ ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះចេស្តា​របស់ទ្រង់​ដើម្បី​សង្រ្គោះ​យើង​ពី​អំពើបាប ។ សូម​លើក​កញ្ចក់​មួយ​ឡើង ហើយ​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​មើល​កញ្ចក់​នោះ ។ កាល​កុមារ​ម្នាក់ៗ​មើល​ហើយ សូម​និយាយ​ថា « ព្រះយេស៊ូវ​ស្រឡាញ់ [ ឈ្មោះ​របស់​កុមារ ] ហើយ​ទ្រង់​អាច​ជួយ​សង្គ្រោះ [ ឈ្មោះ​របស់​កុមារ ] ឲ្យ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្តងទៀត » ។

  • សូម​បង្ហាញ​រូបភាព ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានីសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៦ ) កាល​បងប្អូន​តំណាល​រឿង​អំពី​ព្រះយេស៊ូវ​រងទុក្ខ​នៅ​ឯ​សួនច្បារ​គែតសេម៉ានី​សម្រាប់​អំពើ​បាប​ទាំងឡាយ​របស់​ពិភពលោក​នេះ ( សូមមើល ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៤ ) ។ សូម​ថ្លែងទីបន្ទាល់​ថា ដោយសារតែ​ការរងទុក្ខ​របស់​ទ្រង់ នោះ​យើង​អាច​ត្រូវ​បាន​អភ័យទោស​ឲ្យ កាល​យើង​បាន​ធ្វើ​ការជ្រើសរើស​ខុស ។ បងប្អូន​ក៏​អាច​ប្រើ « ជំពូក ៥១ ៖ ព្រះយេស៊ូវ​រងទុក្ខ​នៅក្នុង​សួនច្បារ​គែតសេម៉ានី » ផងដែរ ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាថ្មី ទំព័រ ១២៩–៣២ ឬ វីដេអូ​ដូចគ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • សូម​ច្រៀង​ជាមួយគ្នា​នូវ​ចម្រៀង​មួយ​បទ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​ចំពោះ​យើង ដូចជា​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) ។ សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក​ពាក្យ​នៅក្នុង​បទចម្រៀង​ដែល​ពិពណ៌នា​ពី​សេចក្តីស្រឡាញ់​របស់​ព្រះអង្គ​សង្រ្គោះ ។ តើ​អ្វី​ដែល​ជួយ​យើង​ឲ្យទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ? តើ​យើង​អាច​ជួយ​អ្នក​ដទៃឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់ទ្រង់​យ៉ាង​ដូចម្តេច ?

ព្រះគ្រីស្ទ​ជាមួយ​នឹង​ម៉ារា​នៅឯ​ផ្នូរ​ដែល​គ្មាន​សព

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ ហ្គ្រេក អុលសិន

ដោយសារ​ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ខ្ញុំ​នឹង​រស់​នៅ​ម្ដង​ទៀត ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ដោយសារ​តែ​ព្រអង្គ​សង្គ្រោះ នោះ​យើង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​នឹង​រស់ឡើងវិញ​នៅ​ថ្ងៃ​ណា​មួយ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្រៀន​កុមារ​នូវ​ដំណើររឿង​នៃបុណ្យ​អ៊ីស្ទើរ ដោយ​ប្រើរូបភាព​របស់​ព្រះគ្រីស្ទ​ក្នុង​សួនច្បារ​គែតសេម៉ានី នៅលើ​ឈើឆ្កាង និង​បន្ទាប់ពី​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់ទ្រង់ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ.  ៥៦–៦០ និង​រូបភាព​ពេញទំព័រ​នៅក្នុង គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាកៗ និង​ក្រុមគ្រួសារ ) ។ ចូរ​ឲ្យ​កុមារ​ពីរ​បី​នាក់​កាន់​រូបភាព​ទាំងនេះ ខណៈ​បងប្អូន​តំណាល​រឿង ។ សូម​ប្រាប់​កុមារ​អំពី​មនុស្ស​ពីរ​បី​នាក់​ដែល​បាន​ឃើញ​ព្រះយេស៊ូវ​បន្ទាប់​ពី​ទ្រង់​បាន​រស់​ឡើង​វិញ ​ដែល​មាន​ដូចជា ម៉ារា ( សូមមើល យ៉ូហាន ២០:១–១៨ ) ឬ ថូម៉ាស ( សូមមើល យ៉ូហាន ២០:២៤–២៩ ) ។

  • សូម​សួរ​កុមារ​ថា ហេតុអ្វី​យើង​ប្រារព្ធ​ធ្វើបុណ្យ​អ៊ីស្ទើរ ។ សូម​ពន្យល់​ថា នៅ​បុណ្យ​អ៊ីស្ទើរ យើង​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ សូម​សួរ ប្រសិនបើ​មាន​កុមារ​ណា​ចង់​ចែកចាយ​អ្វី​ដែល​ក្រុមគ្រួសារ​របស់​គេ​ធ្វើ ដើម្បី​រំឭក​ដល់​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ពន្យល់​ថា រស់​ឡើង​វិញ មាន​ន័យ​ថា រស់នៅ​ម្ដង​ទៀត​បន្ទាប់​ពី​យើង​ស្លាប់ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រស់​ឡើង​វិញ​ម្ដង​ទៀត—យើង​នឹង​រស់នៅ​ម្ដង​ទៀត បន្ទាប់​ពី​យើង​ស្លាប់​ទៅ ហើយ​យើង​នឹង​មិន​ស្លាប់​ទៀត​ឡើយ ។

  • សូម​ប្រើ​ស្រោម​ដៃ​មួយ​គូ​ដើម្បី​បង្រៀន​កុមារ​ថា យើង​ទាំងអស់​គ្នា​មាន​រូបកាយ​មួយ ( តំណាង​ដោយ​ស្រោម​ដៃ ) និង​វិញ្ញាណ​មួយ ( តំណាង​ដោយ​ដៃ​យើង ) ។ នៅពេល​យើង​ស្លាប់​ទៅ ​នោះ​វិញ្ញាណ និង​រូបកាយ​របស់​យើង​បែកចេញ​ពីគ្នា ។ វិញ្ញាណ​របស់​យើង​នឹង​បន្ដ​រស់នៅ ប៉ុន្ដែ​រាងកាយ​របស់​យើង​មិន​រស់​នៅ​ទៀត​ឡើយ ។ នៅពេល​យើង​រស់​ឡើងវិញ នោះ​វិញ្ញាណ និង​រូបកាយ​របស់​យើង​នឹង​រួបរួម​គ្នា​ឡើង​វិញ​ម្ដង​ទៀត ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​ពាក់​ស្រោមដៃ ហើយ​ដោះ​វា​ចេញ ។

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​បុណ្យ​អ៊ីស្ទើរ ដូចជា​បទ « តើ​ព្រះ​យេស៊ូវ​រស់​ឡើង​វិញ​ឬ ? » ឬ « ព្រះយេស៊ូវ​បាន​រស់ឡើងវិញ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥, ៤៤ ) និង​បង្ហាញ​រូបភាព​របស់​ព្រះ​យេស៊ូវ​បន្ទាប់ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ដល់​កុមារ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ.  ៥៩–៦១ ) ។

  • សូម​បង្ហាញ​រូបភាព​មួយ​អំពី​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ដែល​បាន​ស្លាប់​ទៅ​ហើយ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា គាត់​នឹង​រស់​ឡើង​វិញ ដោយសារ​តែ​ដង្វាយ​ធួន និង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​មើល​វីដេអូ « Jesus Is Resurrected » ឬ « The Risen Lord Appears to the Apostles » ជាមួយ​គ្នា ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ។ ឬ​បង្ហាញ​វីដេអូ​បុណ្យអ៊ីស្ទើរ​ផ្សេងទៀត​នៅលើ​គេហទំព័រ Easter.ComeuntoChrist.org ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ព្រះយេស៊ូវ​បាន​រងទុក្ខ​សម្រាប់​ខ្ញុំ​នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើ​ឆ្កាង ។

កាល​ដែល​បងប្អូន​សិក្សា​ព្រះគម្ពីរ​នៅ​សប្តាហ៍​នេះ សូម​ពិចារណា​នូវ​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន​ជាមួយ​នឹង​កុមារ​ក្នុង លូកា ២២:៣៩–៤៤ ព្រមទាំង​ខគម្ពីរ​ជម្រើស​មក​ពី ម៉ាថាយ ២៧:២៩–៥០ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួប​នៅឯ​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​មាត្រា​ទី​បី​នៃ​សេចក្ដី​ជំនឿ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្តា​ដើម្បី​សង្គ្រោះ​យើងឲ្យ​រួចផុត​ពី​អំពើបាប និង​ពី​សេចក្ដី​ស្លាប់ ។

  • សូម​ជួយ​កុមារ​ឲ្យ​រៀបចំ​ការនិយាយ​ខ្លី​មួយ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​មនុស្ស​ដទៃ​បាន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​បញ្ចូល​នៅក្នុង​ការនិយាយ​របស់​ពួកគេ​នូវ​បទគម្ពីរ និង​ទីបន្ទាល់​របស់​ពួកគេ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​បន្ថែម នោះ​ពួកគេ​អាច​អាន « ធ្វើឲ្យធួន, ដង្វាយធួន » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រscriptures.ChurchofJesusChrist.org ) ។

ដោយសារ​ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ខ្ញុំ​នឹង​រស់​នៅ​ម្ដង​ទៀត ។

នៅ​ថ្ងៃ​មួយ កុមារ​ដែល​បងប្អូន​បង្រៀន​នឹង​ជួប​បទពិសោធន៍​ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ប្រសិនបើ​ពួកគេ​មិន​ទាន់​បាន​ជួប​ទេ​នោះ ។ សូម​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើងវិញ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព ល.រ. ៥៧–៥៩ នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ និង​សូម​ឲ្យ​កុមារ​ផ្គូផ្គង​រូបភាព​ជាមួយ​នឹង​សារលិខិត​ដូច​តទៅ​នេះ ៖ ម៉ាថាយ ២៧:២៩–៣៨, ៥៩–៦០; យ៉ូហាន ២០:១០–១៨ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន​ពី « រស់​ឡើង​វិញ, ដំណើរ​រស់​ឡើង​វិញ » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) និង​រកអ្វីមួយ​ដែល​ពួកគេ​ចង់​បង្រៀន​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។ សូម​ឲ្យ​ពេល​កុមារ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរកឃើញ ។

  • សូម​ជួយ​កុមារ​ឲ្យ​មើល​ក្នុង លិបិក្រម​ប្រធានបទ នៃ សៀវភៅ​ចម្រៀង​កុមារ ដើម្បី​ស្វែងរក​ចម្រៀង​មួយ​បទ ដែល​ពួកគេ​ចង់​ច្រៀង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ សូម​ច្រៀង​ចម្រៀង​ជាមួយ​គ្នា ហើយ​សូម​សួរ​កុមារ​ពី​អ្វី​ដែល​ពួកគេបានរៀន​ចេញពី​បទចម្រៀង​នេះ ។

  • សូម​បង្ហាញ​វីដេអូ « Jesus Is Resurrected » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ហើយ​សូម​អញ្ជើញ​កុមារ​ពីរបីនាក់​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ​សង្រ្គោះ ។ ( បងប្អូន​អាច​សូម​ឲ្យ​កុមារ​ទាំងនេះ​ធ្វើ​នៅក្នុង​អំឡុងពេល​ពីរបីថ្ងៃ​នេះ ពីមុន​ចូលរៀន ដើម្បី​ពួកគេ​អាច​រៀបចំខ្លួន​បាន ) ។ សូម​ឲ្យ​កុមារ​សរសេរ​ទុក​នូវ​ទីបន្ទាល់​របស់​ពួកគេ​ដើម្បី​ចែកចាយ​នៅ​ផ្ទះ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​ជួយ​កុមារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ផ្ទះ​នា​សប្ដាហ៍​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​ទទួល​បាន​ប្រយោជន៍​អំពី​ការរៀន​សាឡើង​វិញ ។ សូម​កុំ​ខ្លាច​នឹង​ធ្វើ​សកម្មភាព​នានា​ច្រើន​ដង​ច្រើន​សា​ឡើយ ជា​ពិសេស​ជាមួយ​នឹង​កុមារ​តូចៗ ។ ការធ្វើ​សាឡើង​វិញ​នឹង​ជួយ​កុមារ​ឲ្យ​ចងចាំ​អ្វី​ដែល​បងប្អូន​បង្រៀន ។