« ថ្ងៃទី ១៧–២៣ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ ៖ ‹ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ? › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៧–២៣ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
សាសន៍សាម៉ារីចិត្តល្អ ដោយ ឌេន ប៊ើរ
ថ្ងៃទី ១៧–២៣ ខែ មេសា
ម៉ាថាយ ១៨; លូកា ១០
« តើត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ? »
តើមានសេចក្ដីពិតអ្វីខ្លះនៅក្នុង ម៉ាថាយ ១៨ និង លូកា ១០ ដែលកុមារត្រូវរៀនសូត្រនោះ ? សូមស្ដាប់រកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ កាលបងប្អូនអានជំពូកទាំងនេះ ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចដឹកនាំបងប្អូននៅក្នុងការសិក្សារបស់បងប្អូន ហើយគម្រោងមេរៀននេះអាចផ្ដល់នូវគំនិតបង្រៀនផ្សេងៗដល់បងប្អូន ។
អញ្ជើញឲ្យចែកចាយ
សូមស្នើសុំឲ្យកុមារចែកចាយអ្វីមួយដែលពួកគេបានរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅឯផ្ទះ ឬនៅក្នុងអង្គការបឋមសិក្សា ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំគួរតែអភ័យទោសឲ្យមនុស្សដទៃជានិច្ច ។
កាលបងប្អូនអាន ម៉ាថាយ ១៨:២១–៣៥ សូមពិចារណាអំពីបទពិសោធន៍នៃការអភ័យទោសផ្ទាល់របស់បងប្អូន និងអ្វីដែលកុមារត្រូវដឹងអំពីគោលការណ៍នេះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមប្រាប់ពីពាក្យប្រៀបប្រដូចអំពីបាវព្រាវដែលឥតមានក្ដីអាណិតមេត្តា ( សូមមើល ម៉ាថាយ ១៨:២៣–៣៥ ) ។ សូមពន្យល់ថានៅពេលនរណាម្នាក់មិនមានចិត្តល្អ ឬប្រព្រឹត្តមិនយុត្តិធម៌ នោះយើងអាចនឹងមានអារម្មណ៍ថាខឹង ឬក្រៀមក្រំនៅពេលដំបូង ។ ប៉ុន្ដែការអភ័យទោសមានន័យថា យើងអាចមានអារម្មណ៍សុខសាន្ដជាថ្មី ។ នៅពេលយើងអភ័យទោសឲ្យនរណាម្នាក់ នោះយើងសម្រេចចិត្តថាមិនខឹងនឹងពួកគេទៀតទេ ។ ( សូមជួយកុមារឲ្យយល់ថា ប្រសិនបើនរណាម្នាក់មិនមានចិត្តល្អ ឬប្រព្រឹត្តមិនយុត្តិធម៌ចំពោះពួកគេ នោះពួកគេគួរតែជម្រាបទៅឪពុកម្តាយរបស់ពួកគេ ឬមជ្ឈិមវ័យដែលពួកគេទុកចិត្តដទៃទៀតឲ្យជួយ ) ។
-
សូមសរសេរឃ្លា ខ្ញុំអភ័យទោសឲ្យអ្នក នៅលើក្ដារខៀន ហើយប្រាប់កុមារថា ពាក្យទាំងនេះអាចជួយកែប្រែគ្រាក្រៀមក្រំទៅជាគ្រាដ៏រីករាយមួយបាន ។ សូមគូររូបមុខក្រៀមក្រំមួយនៅលើក្ដារខៀន ហើយចែកចាយពីគំរូមួយចំនួនពេលកុមារអភ័យទោសឲ្យគ្នាទៅវិញទៅមក ។ បន្ទាប់ពីប្រាប់គំរូនីមួយៗហើយ សូមឲ្យកុមារម្នាក់ផ្លាស់ប្ដូរមុខក្រៀមក្រំនោះទៅជាទឹកមុខរីករាយវិញ ។
-
សូមច្រៀងចម្រៀងអំពីការអភ័យទោសជាមួយកុមារ ដូចជាបទ « បិតាសូមជួយកូន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥២ ) ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា ព្រះវរបិតាសួគ៌នឹងជួយយើងឲ្យអភ័យទោសដល់មនុស្សដទៃ ។
ព្រះយេស៊ូវបានបង្រៀនខ្ញុំឲ្យមើលទៅមនុស្សទាំងអស់ដូចជាអ្នកជិតខាងខ្ញុំ ហើយស្រឡាញ់ពួកគេ ។
ពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អអាចបង្ហាញកុមារថា តើនរណាជាអ្នកជិតខាងរបស់យើង ហើយយើងគួរតែប្រព្រឹត្តចំពោះពួកគេយ៉ាងដូចម្តេច ។ សូមគិតអំពីរបៀបដែលបងប្អូនអាចបំផុសគំនិតកុមារឲ្យ « ទៅចុះ ចូរអ្នកប្រព្រឹត្ត…យ៉ាងដូច្នោះដែរ » ( លូកា ១០:៣៧ ) ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសួរកុមារម្នាក់ៗថា « តើនរណាជាអ្នកជិតខាងរបស់ប្អូនៗ ? » សូមសង្ខេបដំណើររឿងនេះនៅក្នុង លូកា ១០:២៥–៣៧ និងចែកចាយរបៀបដែលព្រះយេស៊ូវបានឆ្លើយនឹងសំណួរនោះ ។ តើព្រះយេស៊ូវបង្រៀនអ្វីខ្លះអំពីរបៀបដែលយើងគួរតែប្រព្រឹត្តចំពោះអ្នកជិតខាងរបស់យើង ?
-
សូមអាន លូកា ១០:២៥–៣៧ កាលកុមារសម្ដែងរឿងតាមពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ ។ សូមជួយពួកគេឲ្យគិតពីរបៀបដែលពួកគេអាចធ្វើដូចជាសាសន៍សាម៉ារីចិត្តល្អនោះបាន ដោយការបង្ហាញសេចក្តីស្រឡាញ់ និងចិត្តល្អចំពោះអ្នកដទៃ ។
-
សូមសរសេរឧទាហរណ៍ពីរបីអំពីស្ថានភាព ដែលមាននរណាម្នាក់ត្រូវការជំនួយ ហើយសូមលាក់ក្រដាសឧទាហរណ៍នោះនៅក្នុងបន្ទប់រៀន ។ សូមឲ្យកុមារដើររកក្រដាសទាំងនោះ ។ សូមអានស្ថានភាពទាំងនេះ ហើយអញ្ជើញកុមារឲ្យចែកចាយពីរបៀបដែលពួកគេអាចបង្ហាញចិត្តល្អដល់មនុស្សនៅក្នុងស្ថានភាពនោះ ។
-
សូមច្រៀងចម្រៀងមួយបទជាមួយនឹងកុមារអំពីការមានចិត្តល្អ ដូចជាបទ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » ឬ « ចិត្តល្អចាប់ផ្ដើមនឹងខ្ញុំ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៩, ៨៣ ) ។ សូមជួយកុមារឲ្យគិតពីរបៀបមួយចំនួនដែលពួកគេបង្ហាញសេចក្តីស្រឡាញ់ និងចិត្តល្អចំពោះអ្នកដទៃ ។ ពួកគេក៏អាចគូររូបភាពខ្លួនឯងកំពុងធ្វើរឿងទាំងនេះផងដែរ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះវរបិតាសួគ៌នឹងអភ័យទោសឲ្យខ្ញុំ កាលខ្ញុំអភ័យទោសឲ្យមនុស្សដទៃ ។
ពាក្យប្រៀបប្រដូចអំពីបាវព្រាវដែលឥតមានក្ដីអាណិតមេត្តាអាចជារបៀបងាយចងចាំមួយ ដើម្បីបង្រៀនកុមារថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងអភ័យទោសដល់មនុស្សគ្រប់រូប ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន ម៉ាថាយ ១៨:២៣–៣៥ ជាមួយកុមារ ។ សូមពន្យល់ថា ស្តេច ឬចៅហ្វាយតំណាងឲ្យព្រះវរបិតាសួគ៌ បាវបម្រើតំណាងឲ្យយើង ហើយបាវបម្រើដែលជំពាក់បំណុលនោះតំណាងឲ្យអស់អ្នកដែលធ្វើខុសចំពោះយើង ។ សូមសួរសំណួរកុមារដូចជា « តើដំណើររឿងនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលយើងគួរតែប្រព្រឹត្តចំពោះអ្នកដទៃ ? តើនៅពេលណាដែលប្អូនៗគិតថាពិបាកក្នុងការអភ័យទោសឲ្យនរណាម្នាក់ ? តើប្អូនៗបានបណ្ដោយឲ្យអារម្មណ៍ឈឺចាប់ទាំងនោះរសាត់បាត់ទៅដោយរបៀបណា ? តើប្អូនៗត្រូវការដើម្បីទទួលបានការអភ័យទោសចំពោះជម្រើសខុសឆ្គងមួយនៅពេលណា ? »
-
សូមបង្ហាញវីដេអូ « Forgive Every One Their Trespasses: The Parable of the Unmerciful Servant » ( ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ដើម្បីជួយកុមារឲ្យមើលឃើញពីពាក្យប្រៀបប្រដូចនេះ ។
-
សូមសរសេរចំណោទលេខគុណនេះនៅលើក្ដារខៀន ៧០ × ៧ ហើយសូមជួយកុមារឲ្យដោះស្រាយរកចម្លើយ ។ សូមឲ្យនរណាម្នាក់អាន ម៉ាថាយ ១៨:២១–២២ ហើយពន្យល់ថា ព្រះយេស៊ូវបានប្រើលេខនេះដើម្បីបង្រៀនយើងថា យើងត្រូវអភ័យទោសជានិច្ច ។
-
សូមឲ្យកុមារជួយបងប្អូនឲ្យគិតអំពីស្ថានភាពពីរបី ដែលនរណាម្នាក់ត្រូវតែអភ័យទោសឲ្យមនុស្សម្នាក់ទៀត ។ សូមឲ្យកុមារសម្ដែងរឿងពីរបៀបដែលពួកគេនឹងបង្ហាញការអភ័យទោសនៅក្នុងស្ថានភាពទាំងនោះ ។
-
សូមច្រៀងចម្រៀងអំពីការអភ័យទោសជាមួយកុមារ ដូចជាបទ « បិតាសូមជួយកូន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥២ ) ។ សូមជួយកុមារឲ្យយល់ថា តើបទចម្រៀងណាដែលបង្រៀនយើងអំពីការអភ័យទោសឲ្យអ្នកដទៃ ។
ខ្ញុំអាចស្រឡាញ់ និងបម្រើដល់មនុស្សដទៃបាន ជាពិសេសដល់អ្នកដែលត្រូវការ ។
សូមសញ្ជឹងគិតអំពីគ្រានានានៅក្នុងជីវិតរបស់បងប្អូនផ្ទាល់ កាលនរណាម្នាក់បានធ្វើជា « សាសន៍សាម៉ារីចិត្តល្អ » ចំពោះបងប្អូន ។ តើបងប្អូនអាចបំផុសគំនិតដល់កុមារឲ្យក្លាយជា « សាសន៍សាម៉ារីចិត្តល្អ » ចំពោះមនុស្សដទៃដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមចាត់ឲ្យកុមារម្នាក់ៗអានផ្នែកមួយនៃពាក្យប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អនោះដោយស្ងាត់ស្ងៀម ។ សូមអញ្ជើញកុមារឲ្យតំណាលប្រាប់ពីផ្នែកនៃពាក្យប្រៀបប្រដូចរបស់ពួកគេតាមលំដាប់លំដោយដែលព្រឹត្តិការណ៍បានកើតឡើង ។
-
សូមពន្យល់ដល់កុមារថា ពួកសាសន៍យូដាមិនបានចូលចិត្តពួកសាសន៍សាម៉ារីនោះទេ រហូតដល់ថ្នាក់នៅពេលដែលពួកគេបានធ្វើដំណើរពីទីក្រុងយេរូសាឡិមទៅកាន់ស្រុកកាលីឡេ នោះពួកគេបានធ្វើដំណើរវាងផ្លូវចៀសស្រុកសាម៉ារី ដើម្បីកុំឲ្យជួបនឹងពួកសាសន៍សាម៉ារីណាឡើយ ។ ដើម្បីបង្ហាញអំពីដំណើររឿងនេះ សូមបង្ហាញផែនទី និងរូបថតទាំងឡាយអំពីព្រះគម្ពីរប៊ីប ផែនទី ទី១ « ផែនទីភូមិសាស្រ្តអំពីដែនដីបរិសុទ្ធ » ។ ហេតុអ្វីបានជាព្រះយេស៊ូវប្រើរឿងសាសន៍សាម៉ារីម្នាក់ ជាគំរូមួយនៃការមានសន្ដានចិត្តល្អនៅក្នុងពាក្យប្រៀបប្រដូចនេះដូច្នេះ ? តើដំណើររឿងនេះបង្រៀនយើងអ្វីខ្លះ អំពីការជួយដល់មនុស្សដទៃដែលត្រូវការជំនួយនោះ ? ( សូមមើលផងដែរ ម៉ូសាយ ៤:១៦–២២ ) ។
-
សូមឲ្យកុមារចែកចាយពីបទពិសោធន៍មួយ កាលនរណាម្នាក់បានធ្វើដូចជាសាសន៍សាម៉ារីចិត្តល្អនេះចំពោះពួកគេ ។
-
សូមតាំងចិត្តកុមារឲ្យដាក់គោលដៅមួយ ដើម្បីធ្វើដូចជាសាសន៍សាម៉ារីចិត្តល្អនេះនាសប្ដាហ៍នេះ ។ ឧទាហរណ៍ តើពួកគេស្គាល់នរណាម្នាក់ដែលឈឺ ឬនៅឯកោដែរឬទេ ឬនរណាម្នាក់ដែលមិនបានចូលរួមក្នុងព្រះវិហារទៀងទាត់ដែរទេ ។ សូមសួរកុមារថា តើពួកគេអាចជួយដល់បុគ្គលនោះដោយរបៀបណា ។ សូមជួយកុមារឲ្យយល់ពីរបៀបដែលការបម្រើអ្នកដទៃ ជួយពួកគេឲ្យរក្សាសេចក្តីសន្យាដែលពួកគេបានធ្វើនៅឯពិធីបុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨–១០ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវអ្វីដែលពួកគេបានដាក់ផែនការដើម្បីកាន់តែមានចិត្តចេះអភ័យទោស ឬកាន់តែដូចជាសាសន៍សាម៉ារីចិត្តល្អនៅសប្តាហ៍នេះ ។
ការកែលម្អការបង្រៀនរបស់យើង
បង្រៀនកុមារឲ្យកត់ត្រាចំណាប់អារម្មណ៍នានា ។ ប្រសិនបើកុមារអាចរៀនចេះទម្លាប់កត់ត្រានូវចំណាប់អារម្មណ៍នានា នោះវានឹងជួយពួកគេឲ្យចេះស្គាល់ និងធ្វើតាមព្រះវិញ្ញាណ ។ កុមារអាចកត់ត្រានូវចំណាប់អារម្មណ៍នានាដោយការគូសចំណាំក្នុងព្រះគម្ពីរ គូររូបភាព ឬសរសេរកំណត់ហេតុជាប្រចាំសាមញ្ញនានា ។