« ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ ៖ ‹ ខ្ញុំជាអ្នកគង្វាលល្អ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ខ្ញុំក៏មិនកាត់ទោសនាងដែរ ដោយ អេវ៉ា ខូលេវ៉ា ធីម៉ូធី
ថ្ងៃទី ២៤–៣០ ខែ មេសា
យ៉ូហាន ៧–១០
« ខ្ញុំជាអ្នកគង្វាលល្អ »
កាលបងប្អូនអាន ម៉ាថាយ ៧–១០ សូមគិតអំពីកុមារដែលបងប្អូនបង្រៀន ។ គំនិតជាច្រើនសម្រាប់កុមារធំៗនៅក្នុងគម្រោងមេរៀននេះក៏អាចសម្របសម្រួលសម្រាប់កុមារតូចៗបានផងដែរ ហើយគំនិតនានាសម្រាប់កុមារតូចៗក៏អាចសម្រួលមកបង្រៀនដល់កុមារធំៗបានដែរ ។
អញ្ជើញឲ្យចែកចាយ
សូមរំឭកកុមារពីអ្វីមួយដែលបងប្អូនបានអញ្ជើញពួកគេឲ្យធ្វើកាលនៅមេរៀនមុន ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានអនុវត្តតាមការអញ្ជើញនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ការកាន់តាមបទបញ្ញតិ្តទាំងឡាយនឹងជួយខ្ញុំឲ្យដឹងថា បទបញ្ញតិ្តទាំងនោះគឺជាការពិត ។
ព្រះយេស៊ូវបានបង្រៀនថា យើងអាចទទួលបានទីបន្ទាល់មួយនៃសេចក្ដីពិតដែលទ្រង់បានចែកចាយ នៅពេលដែលយើងរស់នៅតាមសេចក្ដីពិតនោះ ។ សេចក្តីសុខសាន្តដែលយើងទទួលបាននៅពេលយើងគោរពតាមបទបញ្ញត្តិនោះ ជួយយើងឲ្យដឹងថាវាជាការពិត ។ សូមពិចារណាពីរបៀបដែលបងប្អូនអាចបង្រៀនសេចក្តីពិតនេះដល់កុមារ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសង្ខេប យ៉ូហាន ៧:១៧ ជាពាក្យសាមញ្ញដែលកុមារអាចយល់បាន ។ សូមជួយពួកគេឲ្យដឹងថា ការគោរពតាមបទបញ្ញត្តិទាំងឡាយជួយយើងឲ្យមានអារម្មណ៍ស្និទ្ធស្នាលទៅនឹងព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ បងប្អូនអាចច្រៀងជាមួយគ្នានូវបទដូចជា « រក្សាបទបញ្ញត្តិ » ឬ « ជ្រើសរើសផ្លូវត្រូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៨–៦៩, ៨២ ) ។ សូមឲ្យកុមារស្ដាប់រកមើលថា តើយើងនឹងទទួលបានពរជ័យប៉ុណ្ណា កាលយើងរក្សាបទបញ្ញត្តិទាំងឡាយ ។
-
សូមចែកចាយបទពិសោធន៍មួយ នៅពេលបងប្អូនទទួលបានទីបន្ទាល់ថា បទបញ្ញត្តិមួយគឺបានមកពីព្រះ ដោយសារបងប្អូនបានរស់នៅតាមវា ដូចជាការបង់ដង្វាយមួយភាគក្នុងដប់ ឬការអភ័យទោសដល់នរណាម្នាក់ដែលមិនមានចិត្តល្អ ។ សូមឲ្យកុមារគិតអំពីបទពិសោធន៍មួយដែលពួកគេមាន កាលពួកគេបានរក្សាបទបញ្ញត្តិមួយ ។ សូមឲ្យពួកគេចែកចាយពីអារម្មណ៍របស់ពួកគេ នៅពេលពួកគេបានគោរពប្រតិបត្តិ ។
-
សូមឲ្យកុមារគូររូបភាពខ្លួនពួកគេកំពុងគោរពប្រតិបត្តិតាមបទបញ្ញត្តិមួយ ។ ( សូមជួយពួកគេឲ្យគិតពីឧទាហរណ៍មួយចំនួន ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយរូបភាពរបស់ពួកគេជាមួយគ្នា ហើយនិយាយអំពីសុភមង្គលដែលពួកគេទទួលបានមកពីការគោរពប្រតិបត្តិតាមបទបញ្ញត្តិនោះ ។
ព្រះយេស៊ូវបានគោរពប្រតិបត្តិតាមព្រះបិតាទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទតែងតែធ្វើនូវអ្វីៗដែលសព្វព្រះទ័យដល់ព្រះបិតាទ្រង់ដែលគង់នៅស្ថានសួគ៌ជានិច្ច ។ តើបងប្អូនអាចជួយកុមារឲ្យស្វែងរករបៀបដើម្បីធ្វើតាមគំរូរបស់ទ្រង់ដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យថាសាឡើងវិញនូវអ្វីដែលព្រះយេស៊ូវបានមានបន្ទូលអំពីព្រះវរបិតាសួគ៌នៅក្នុង យ៉ូហាន ៨:២៩ ៖ « ខ្ញុំចេះតែធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ជាដរាប » ។ សូមឲ្យពួកគេចែកចាយរឿងនានាដែលព្រះយេស៊ូវបានធ្វើ ដែលធ្វើឲ្យព្រះវរបិតាសួគ៌រីករាយព្រះទ័យ ។ សូមបង្ហាញដល់ពួកគេនូវរូបភាពមួយចំនួនមកពី សៀវភៅរូបភាពដំណឹងល្អ ដើម្បីជួយផ្ដល់គំនិតផ្សេងៗដល់ពួកគេ ។
-
សូមសួរកុមារថា តើមានអ្វីដែលធ្វើឲ្យពួកគេរីករាយ ។ ឬសូមអញ្ជើញឪពុក ឬម្ដាយរបស់កុមារម្នាក់ឲ្យចែកចាយបទពិសោធន៍មួយ កាលកូនរបស់គាត់បានធ្វើអ្វីមួយដែលបានធ្វើឲ្យគាត់មានអារម្មណ៍ពេញចិត្ត ឬសប្បាយចិត្ត ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យព្រះវរបិតាសួគ៌រីករាយព្រះទ័យ ? សូមឲ្យកុមារគូររូបភាពខ្លួនគេធ្វើសកម្មភាពទាំងនោះ ហើយយកទៅផ្ទះវិញដើម្បីរំឭកដល់ពួកគេ ។
ព្រះយេស៊ូវស្គាល់ខ្ញុំ ហើយទ្រង់ស្រឡាញ់ខ្ញុំ ។
ពាក្យប្រៀបប្រដូចអំពីអ្នកគង្វាលល្អអាចជួយកុមារឲ្យយល់ថា ព្រះយេស៊ូវស្រឡាញ់ពួកគេ ហើយស្គាល់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យរូបភាពដែលតំណាងឲ្យអ្វីមួយនៅក្នុងពាក្យប្រៀបប្រដូចអំពីអ្នកគង្វាលល្អនោះ ដូចជាកូនចៀម អ្នកគង្វាល ឬឆ្កែព្រៃមួយទៅកុមារ ។ សូមជ្រើសរើសខគម្ពីរមួយចំនួនចេញពី យ៉ូហាន ១០:១–១៦ ដើម្បីអានឲ្យកុមារស្តាប់ ហើយសូមឲ្យពួកគេលើករូបភាពរបស់ពួកគេឡើង នៅពេលពួកគេស្តាប់ឮអ្វីដែលមាននៅក្នុងរូបភាពរបស់ពួកគេ ។ សូមជួយកុមារឲ្យគិតពីរបៀបដែលព្រះយេស៊ូវគឺដូចជាអ្នកគង្វាលល្អចំពោះយើង ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនថា ព្រះអង្គសង្រ្គោះស្រឡាញ់យើង ហើយនឹងនាំយើងត្រឡប់ទៅរកទ្រង់វិញ ។
-
សូមបង្ហាញរូបភាពព្រះយេស៊ូវ និងកូនចៀមនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ តើយើងដឹងថា ព្រះយេស៊ូវស្រឡាញ់កូនចៀមទាំងឡាយដោយរបៀបណា ? តើយើងអាចប្រាប់ថា កូនចៀមទាំងនោះស្រឡាញ់ព្រះយេស៊ូវដោយរបៀបណា ? តើយើងអាចបង្ហាញព្រះអង្គសង្រ្គោះថា យើងស្រឡាញ់ទ្រង់យ៉ាងដូចម្តេច ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ការកាន់តាមបទបញ្ញតិ្តទាំងឡាយនឹងជួយខ្ញុំឲ្យដឹងថា បទបញ្ញតិ្តទាំងនោះគឺជាការពិត ។
បងប្អូន និងកុមារដែលបងប្អូនបង្រៀនអាចមានបទពិសោធន៍នានាក្នុងការរស់នៅតាមសេចក្ដីពិតនៃដំណឹងល្អ ហើយដឹងថា វាគឺជាការពិត ។ តើបងប្អូនអាចជួយកុមារឲ្យចេះដឹងដោយផ្អែកលើបទពិសោធន៍ទាំងនោះ កាលបងប្អូនបង្រៀនដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរខគម្ពីរនីមួយៗក្នុង យ៉ូហាន ៧:១៤–១៧ ដាក់នៅលើក្រដាសផ្សេងៗគ្នា ហើយដាក់បង្ហាញវាតាមលំដាប់មិនរៀបរយ ។ សូមឲ្យកុមារតម្រៀបវាតាមលំដាប់លំដោយត្រឹមត្រូវ ហើយពិនិត្យខគម្ពីរក្នុង យ៉ូហាន ៧:១៤–១៧ ថាវាត្រឹមត្រូវដែរឬទេ ។ សូមឲ្យកុមារធ្វើការជាដៃគូ ហើយចែកចាយការយល់ដឹងរបស់ពួកគេអំពីខគម្ពីរនីមួយៗជាមួយនឹងដៃគូរបស់គេ ។ តើការគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះបានជួយពួកគេឲ្យដឹងថា បទបញ្ញត្តិទាំងនោះគឺជាការពិតដោយរបៀបណា ?
-
សូមចែកចាយឧទាហរណ៍មកពីព្រះគម្ពីរ ដែលបង្ហាញពីពរជ័យនានាដែលប្រជាជនបានទទួល ដោយសារការរស់នៅតាមសេចក្ដីពិតនៃដំណឹងល្អទាំងឡាយ ដូចជាដានីយ៉ែល ( សូមមើល ដានីយ៉ែល ៦ ) ឬ អេលីសាបិត ( សូមមើល លូកា ១:៥–១៤ ) ។ តើពរជ័យអ្វីខ្លះដែលយើងទទួលបាន ដោយសារការគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយ ?
-
សូមអញ្ជើញកុមារម្នាក់ពីរបីថ្ងៃពីមុនបង្រៀនឲ្យសរសេរអំពីពេលមួយ ដែលគេបានទទួលទីបន្ទាល់អំពីបទបញ្ញត្តិមួយ តាមរយៈការរស់នៅតាមបទបញ្ញត្តិនោះ ។ អំឡុងការបង្រៀន សូមឲ្យកុមារនោះចែកចាយពីអ្វីដែលគាត់បានសរសេរ ។
សេចក្តីពិតអាចធ្វើឲ្យខ្ញុំមានសេរីភាព ។
មនុស្សមួយចំនួនគិតថា ការរស់នៅតាមដំណឹងល្អគឺរឹតត្បិតពួកគេ ។ តើបងប្អូនអាចប្រើ យ៉ូហាន ៨:៣១–៣៦ ដើម្បីជួយកុមារឲ្យយល់ថា តាមពិតទៅ ការរស់នៅតាមដំណឹងល្អជួយឲ្យយើងមានសេរីភាពទៅវិញដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារអាន យ៉ូហាន ៨:៣១–៣៦ ហើយចែកចាយនូវគំនិតរបស់គេអំពីអត្ថន័យនៃពាក្យ បាវបម្រើរបស់អំពើបាប ។ តើការបង្រៀនទាំងឡាយរបស់ព្រះយេស៊ូវជួយយើងឲ្យមានសេរីភាពតាមរបៀបណា ?
-
សូមបង្ហាញមេសោមួយតំណាងឲ្យអំពើបាប និងកូនសោមួយតំណាងឲ្យសេចក្ដីពិតនៃដំណឹងល្អដែលអាចធ្វើឲ្យយើងមានសេរីភាពបាន ។ ឧទាហរណ៍ ការដឹងអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះអាចផ្ដល់សេរីភាពដល់យើងឲ្យកែប្រែចិត្ត ហើយត្រូវបានអភ័យទោសចំពោះអំពើបាបរបស់យើងទាំងឡាយ ។ ឬ ការដឹងអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃអាចផ្ដល់សេរីភាពដល់យើងដើម្បីចៀសវាងពីការញៀនផ្សេងៗបាន ។
ព្រះយេស៊ូវបានបង្រៀនថា « សេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច » ( យ៉ូហាន ៨:៣២ ) ។
ព្រះយេស៊ូវគឺដូចជាអ្នកគង្វាលម្នាក់ចំពោះខ្ញុំ ។
កាលបងប្អូនសិក្សាពាក្យប្រៀបប្រដូចអំពីអ្នកគង្វាលល្អ សូមរកមើលសេចក្ដីពិតនានា ដែលបង្រៀនអំពីទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គសង្គ្រោះ ។ តើការដឹងពីសេចក្ដីពិតទាំងនេះនឹងប្រទានពរជ័យដល់កុមារយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរពាក្យ អ្នកគង្វាលល្អ និង អ្នកស៊ីឈ្នួល នៅលើក្តារខៀន ។ សូមពន្យល់ថា អ្នកស៊ីឈ្នួលគឺជានរណាម្នាក់ដែលត្រូវបានជួលឲ្យមកធ្វើការងារដើម្បីប្ដូរយកប្រាក់កម្រៃ ។ សូមឲ្យកុមារសរសេរពីភាពខុសគ្នាដែលពួកគេរកឃើញនៅក្នុង យ៉ូហាន ១០:១–១៨ រវាងអ្នកគង្វាលល្អម្នាក់ និងអ្នកស៊ីឈ្នួលម្នាក់ ។ ហេតុអ្វីបានជាបងប្អូនចង់ដើរតាមអ្នកគង្វាលល្អម្នាក់ ជាជាងធ្វើតាមអ្នកស៊ីឈ្នួលទៅវិញ ? តើព្រះយេស៊ូវដូចជាអ្នកគង្វាលម្នាក់ចំពោះយើងយ៉ាងដូចម្តេច ?
-
សូមគូរ ឬបង្ហាញរូបភាពទ្វារមួយ ។ សូមអានរួមគ្នាក្នុង យ៉ូហាន ១០:៧–៩ ហើយសូមសួរកុមារថា តើព្រះយេស៊ូវគឺដូចជាទ្វារមួយដោយរបៀបណា ។ យោងតាម ខទី ៩ តើមានពរជ័យអ្វីខ្លះនឹងកើតឡើងចំពោះអ្នកទាំងឡាយដែល « ចូលតាម » ទ្វារនោះ ? តើយើងចូលតាមទ្វារដែលព្រះយេស៊ូវគ្រីស្ទបានផ្ដល់ឲ្យយើងដោយរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារឲ្យគិតអំពីបទបញ្ញត្តិមួយ ដែលពួកគេអាចគោរពតាមបានកាន់តែពេញលេញជាងនេះ ។ សូមឲ្យពួកគេព្យាយាមគោរពតាមបទបញ្ញត្តិនោះនៅអំឡុងសប្ដាហ៍ក្រោយនេះ ។
ការកែលម្អការបង្រៀនរបស់យើង
សួរសំណួរបំផុសគំនិត ។ សូមសួរសំណួរដែលអញ្ជើញឲ្យកុមារដែលបងប្អូនបង្រៀន គិតហួសពីការពិតដែលបានរៀបរាប់នេះ ។ ហើយសូមលើកទឹកចិត្តពួកគេឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិតនៃដំណឹងល្អទាំងឡាយ ។ ឧទាហរណ៍ ប្រសិនបើបងប្អូនកំពុងពិភាក្សាអំពីបទបញ្ញត្តិនានា នោះបងប្អូនអាចសូមឲ្យកុមារចែកចាយពីរបៀប ដែលការគោរពតាមបទបញ្ញត្តិទាំងឡាយនោះបានប្រទានពរដល់ពួកគេ ។