« ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ ៖ ‹ ទ្រង់ជាព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ការប្រែរូប ដោយ ខាល ហេនរីក ប្លក់
ថ្ងៃទី ១០–១៦ ខែ មេសា
ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩
« ទ្រង់ជាព្រះគ្រីស្ទ »
កាលបងប្អូនសញ្ជឹងគិតអំពី ម៉ាថាយ ១៥–១៧ និង ម៉ាកុស ៧–៩ សូមយកចិត្តទុកដាក់លើការជំរុញចិត្តខាងវិញ្ញាណ ដែលអាចជួយបងប្អូនឲ្យដឹងពីអ្វីដែលកុមារនៅក្នុងថ្នាក់របស់បងប្អូនត្រូវការ ។
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយមូលហេតុដែលពួកគេមានអំណរគុណសម្រាប់ថ្នាក់ដឹកនាំនៅក្នុងសាសនាចក្រ រួមទាំងព្យាការី និងសាវក ហើយនិងថ្នាក់ដឹកនាំក្នុងមូលដ្ឋានទាំងឡាយផងដែរ ។ តើថ្មីៗនេះយើងបានឮពួកលោកបង្រៀនអ្វីខ្លះ ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចទទួលបានទីបន្ទាល់មួយថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។
សូមពិចារណាពីរបៀបដែលបងប្អូនអាចប្រើទីបន្ទាល់របស់ពេត្រុស និងចម្លើយរបស់ព្រះយេស៊ូវដើម្បីបង្រៀនដល់កុមារអំពីអត្ថន័យនៃទីបន្ទាល់ ហើយបំផុសគំនិតដល់ពួកគេឲ្យស្វែងរកទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារស្ដាប់រកអ្វីដែលពេត្រុសបានពោល កាលបងប្អូនអាននៅក្នុង ម៉ាថាយ ១៦:១៥–១៧ ។ ( សូមមើលផងដែរ « ជំពូក ៣២ ៖ ពេត្រុសថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ៧៦–៧៧ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមពន្យល់ថា ពេត្រុសបានថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអានបទគម្ពីរទាំងនេះម្តងទៀត ។ ( ឬសូមបង្ហាញវីដេអូម្ដងទៀត ) ។ លើកនេះសូមឲ្យកុមារស្ដាប់រកមើលនរណាដែលបានប្រាប់ពេត្រុសថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។
-
សូមថ្លែងទីបន្ទាល់របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ ហើយពន្យល់ពីរបៀបដែលបងប្អូនបានទទួលទីបន្ទាល់នោះ ។ សូមឲ្យកុមារស្វែងរកទីបន្ទាល់ផ្ទាល់ខ្លួនរបស់គេមកពីព្រះវរបិតាសួគ៌ ។
ព្រះយេស៊ូវគ្រីស្ទប្រទានដល់ពួកព្យាការី និងពួកសាវកនូវកូនសោបព្វជិតភាពដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់ ។
ព្រះអង្គសង្គ្រោះបានប្រៀបធៀបវិវរណៈទៅនឹងសិលាមួយ ហើយសិទ្ធិអំណាចបព្វជិតភាពទៅនឹងកូនសោ ។ តើបងប្អូនអាចប្រើពាក្យប្រៀបធៀបទាំងនេះដើម្បីជួយកុមារឲ្យមានសេចក្ដីជំនឿទៅលើអស់អ្នកដែលដឹកនាំសាសនាចក្ររបស់ទ្រង់ដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញដុំថ្មមួយដុំដល់កុមារ កាលបងប្អូនអាន ម៉ាថាយ ១៦:១៨ ជាមួយនឹងពួកគេ ។ សូមនិយាយឃ្លា « នៅលើសិលានេះ ខ្ញុំនឹងស្ថាបនាសាសនាចក្ររបស់ខ្ញុំ » សាឡើងវិញជាមួយពួកគេ ដោយបន្ថែមកាយវិការទៅនឹងពាក្យទាំងនេះ ។ សូមពន្យល់ថា សាសនាចក្រនេះត្រូវបានស្ថាបនាឡើងនៅលើ « សិលា » នៃវិវរណៈ ។
-
សូមបង្ហាញកុមារនូវកូនសោមួយចំនួន ហើយសួរថា តើយើងប្រើកូនសោដើម្បីធ្វើអ្វី ។ សូមពន្យល់ថា ពេត្រុស និងពួកសាវកផ្សេងទៀតបានទទួលកូនសោបព្វជិតភាពទាំងឡាយមកពីព្រះយេស៊ូវ ។ កូនសោទាំងនេះ « បើកសោ » យកពរជ័យនានាមកឲ្យយើង ហើយបើកផ្លូវទៅស្ថានសួគ៌ ។ ឧទាហរណ៍ កូនសោបព្វជិតភាពអនុញ្ញាតឲ្យយើងទទួលបានពិធីបុណ្យជ្រមុជទឹក និងទទួលទានសាក្រាម៉ង់ ។ សូមចែកកូនសោក្រដាសដល់កុមារ ហើយឲ្យពួកគេសរសេរពរជ័យនានាដែលកូនសោបព្វជិតភាពបាន « បើកសោ » ឲ្យ ។
-
សូមបង្ហាញរូបភាពប្រធានសាសនាចក្រមួយ ហើយថ្លែងទីបន្ទាល់របស់បងប្អូនថា លោកកាន់នូវកូនសោបព្វជិតភាពទាំងអស់នាសព្វថ្ងៃនេះ គឺដូចជាពេត្រុសបានកាន់ដូច្នោះដែរ ។
កូនសោទាំងឡាយនៃបព្វជិតភាពគឺជាសិទ្ធិអំណាច ដើម្បីដឹកនាំការប្រើប្រាស់នៃបព្វជិតភាព ។
សេចក្ដីជំនឿរបស់ខ្ញុំអាចធ្វើឲ្យមានអព្ភូតហេតុបាន ។
នៅពេលបងប្អូនអានសេចក្ដីសន្យារបស់ព្រះយេស៊ូវថា បើមានសេចក្តីជំនឿដូចគ្រាប់ពូជមួយយ៉ាងល្អិត ដែលអាចរំកិលភ្នំមួយបាន តើបងប្អូនទទួលបានចំណាប់អារម្មណ៍យ៉ាងណាអំពីកុមារដែលបងប្អូនបង្រៀន ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន ម៉ាថាយ ១៧:១៩–២០ ជាមួយកុមារ ។ សូមអញ្ជើញពួកគេឲ្យប្តូរវេនគ្នាគូររូបភ្នំធំមួយ ហើយនិងគ្រាប់ពូជតូចមួយនៅលើក្តារខៀន ។ សូមពន្យល់ថា ភ្នំគឺដូចជារឿងដែលយើងពិបាកធ្វើ ។ តើមានរឿងមួយចំនួនអ្វីខ្លះដែលយើងមានអារម្មណ៍ថាដូចជាភ្នំនោះ ? សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះ ដើម្បីជួយកុមារឲ្យគិតអំពីរបៀបដែលសេចក្ដីជំនឿអាចជួយពួកគេឲ្យធ្វើរឿងនានា ដែលព្រះសព្វព្រះទ័យឲ្យពួកគេធ្វើ ។
-
សូមតាំងរូបភាពភ្នំមួយនៅម្ខាងបន្ទប់ ។ សូមឲ្យកុមារសរសេរកិច្ចការមួយចំនួនដែលពួកគេអាចធ្វើបាន ដើម្បីទទួលបានសេចក្ដីជំនឿដ៏រឹងមាំជាងនេះទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យកុមារម្នាក់ៗដែលបញ្ចេញយោបល់អ្វីមួយនោះ ឲ្យរំកិលរូបភ្នំខិតទៅជិតថ្នាក់រៀនម្ខាងទៀត ។ សូមអាន ម៉ាថាយ ១៧:១៩–២០ ហើយថ្លែងទីបន្ទាល់អំពីអំណាចនៃសេចក្ដីជំនឿនៅក្នុងជីវិតរបស់បងប្អូន ។
-
សូមច្រៀងចម្រៀងមួយបទអំពីសេចក្តីជំនឿជាមួយគ្នា ដូចជាបទ « ជំនឿ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥០–៥១ ) ។ សូមឲ្យគ្រាប់ពូជមួយគ្រាប់ទៅកុមារម្នាក់ៗយកទៅផ្ទះ ។ សូមឲ្យពួកគេដាំគ្រាប់ពូជនោះ ហើយដាក់វានៅកន្លែងណាមួយដែលពួកគេអាចឃើញវាដុះឡើង ដើម្បីជួយពួកគេឲ្យចងចាំដើម្បីមានសេចក្ដីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទទទួលបានតាមរយៈវិវរណៈ ។
តើទីបន្ទាល់របស់ពេត្រុសនៅក្នុង ម៉ាថាយ ១៦:១៣–១៧ អាចជួយដល់កុមារយ៉ាងដូចម្ដេច កាលពួកគេបង្កើតឲ្យមានទីបន្ទាល់របស់ពួកគេ ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសួរកុមារថា តើពួកគេនឹងនិយាយយ៉ាងណា ប្រសិនបើនរណាម្នាក់បានសួរពួកគេថា « តើព្រះយេស៊ូវគឺជានរណា ? » សូមឲ្យកុមារអាន ម៉ាថាយ ១៦:១៣–១៧ ដើម្បីរកមើលរបៀបដែលពេត្រុសបានឆ្លើយតបនឹងសំណួរនោះ ។ តើលោកបានទទួលទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវដោយរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើង ?
-
សូមជួយកុមារឲ្យប្រៀបធៀបរបៀបដែលយើងដឹងអំពីសេចក្ដីពិតខាងវិញ្ញាណ តាមរបៀបដែលយើងដឹងអំពីសេចក្ដីពិតផ្សេងទៀត ។ ឧទាហរណ៍ តើយើងដឹងថា មនុស្សម្នាក់ខ្ពស់ប៉ុណ្ណាដោយរបៀបណា ឬថាតើអាកាសធាតុមានសភាពយ៉ាងណាដោយរបៀបណា ? តើយើងដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះដោយរបៀបណា ? សូមប្រាប់កុមារពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានថ្លែងទីបន្ទាល់មកកាន់បងប្អូនអំពីព្រះអង្គសង្រ្គោះ ។
-
សូមថ្លែងទីបន្ទាល់របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ ហើយសូមតាំងចិត្តកុមារឲ្យទទួលបាន ឬពង្រឹងទីបន្ទាល់របស់ពួកគេផ្ទាល់អំពីទ្រង់ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានដឹកនាំដោយអស់អ្នកដែលកាន់កូនសោបព្វជិតភាព ។
ការសិក្សា ម៉ាថាយ ១៦:១៥–១៩ អាចស្ថាបនាសេចក្ដីជំនឿរបស់កុមារថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺជាការស្ដារឡើងវិញនៃសាសនាចក្រដូចគ្នានឹងកាលដែលព្រះយេស៊ូវបានស្ថាបនា ពេលទ្រង់បានរស់នៅលើផែនដីនេះដែរ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរ ម៉ាថាយ ១៦:១៩ នៅលើក្ដារខៀន ហើយលុបពាក្យពីរបីចោលរួមមានពាក្យ « កូនសោ » ។ សូមឲ្យកុមាររកពាក្យដែលលុបនោះ ។
-
សូមបង្ហាញវីដេអូ « Where Are the Keys? » ( នៅលើគេហទំព័រChurchofJesusChrist.org ) ឬរំឭក « កូនសោទាំងឡាយនៃបព្វជិតភាព » ឡើងវិញនៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រscriptures.ChurchofJesusChrist.org ) ។ តើកូនសោបព្វជិតភាពគឺជាអ្វី ? តើកូនសោបព្វជិតភាពដូចជាកូនសោពិតដោយរបៀបណា ?
-
សូមជួយឲ្យកុមារសរសេរនៅលើក្ដារខៀនពីបុគ្គលមួយចំនួន ដែលមានកូនសោបព្វជិតភាព ។ « កូនសោទាំងឡាយនៃបព្វជិតភាព » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រscriptures.ChurchofJesusChrist.org ) មានសំណេរមួយដែលអាចជួយពួកគេបាន ។ សូមឲ្យនរណាម្នាក់នៅក្នុងវួដរបស់បងប្អូនដែលកាន់កូនសោបព្វជិតភាពឲ្យចែកចាយសង្ខេបៗជាមួយកុមារ ពីមូលហេតុដែលកូនសោទាំងនេះមានសារៈសំខាន់ ។
-
សូមលាក់កូនសោ ( ឬរូបភាពកូនសោ ) ជុំវិញបន្ទប់រៀន ហើយសូមឲ្យកុមាររកកូនសោទាំងនោះ ។ ក្រោយពីកុមាររកឃើញកូនសោនីមួយៗហើយ សូមជួយកុមារឲ្យគិតអំពីពរជ័យនានាដែលយើងទទួលបាន ដោយសារតែកូនសោបព្វជិតភាព ( ឧទាហរណ៍ ក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ ) ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។
ខគម្ពីរទាំងនេះពិពណ៌នាអំពីគ្រាដែលបានលើកឡើងតែពីរបីដងប៉ុណ្ណោះនៅក្នុងព្រះគម្ពីរ ជាគ្រាដែលគេឮព្រះសូរសៀងរបស់ព្រះ ជាព្រះវរបិតាថ្លែងទីបន្ទាល់អំពីព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់ ។ ការសិក្សាដំណើររឿងនេះជាមួយនឹងកុមារអាចស្ថាបនាសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទបាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារគូររូបភាពព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុង ម៉ាថាយ ១៧:១–៩ ។ សូមឲ្យពួកគេពន្យល់ពីគំនូររបស់ពួកគេដល់គ្នាទៅវិញទៅមក ។ ( សូមមើល « ជំពូក ៣៣ ៖ ការបង្ហាញព្រះកាយក្នុងសិរីល្អ ៖ ការប្រែរូប » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ៧៨–៧៩ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
សូមផ្តល់ពេលឲ្យកុមារដើម្បីសញ្ជឹងគិតពីអ្វីដែលដំណើររឿងនៅក្នុង ម៉ាថាយ ១៧:១–៩ បង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យពួកគេសរសេរគំនិតរបស់ពួកគេនៅលើក្ដារខៀន ។ សូមឲ្យកុមារចែកចាយពីរបៀបដែលពួកគេដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យកុមារសួរឪពុកម្ដាយរបស់ពួកគេ ឬសមាជិកគ្រួសារផ្សេងទៀតអំពីរបៀបដែលពួកគេបានទទួលទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
ការកែលម្អការបង្រៀនរបស់យើង
ប្រើប្រាស់ទំនុកតម្កើង ។ បទចម្រៀងអង្គការបឋមសិក្សា និងទំនុកតម្កើងអាចជួយកុមារគ្រប់វ័យទាំងអស់ឲ្យយល់ និងចងចាំនូវសេចក្ដីពិតនៃដំណឹងល្អ ។ ការច្រៀងក៏អាចជួយឲ្យកុមារចូលរួមយ៉ាងសកម្មនៅក្នុងការរៀនសូត្រផងដែរ ។ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ២២ ) ។