« ថ្ងៃទី ២–៨ ខែ មករា ។ ម៉ាថាយ ១; លូកា ១ ៖ ‹ សូមឲ្យបានសម្រេចដូចពាក្យលោកចុះ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២–៨ ខែ មករា ។ ម៉ាថាយ ១; លូកា ១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២–៨ ខែ មករា
ម៉ាថាយ ១; លូកា ១
« សូមឲ្យបានសម្រេចដូចពាក្យលោកចុះ »
នៅពេលបងប្អូនអាន ហើយពិចារណា ម៉ាថាយ ១ និង លូកា ១ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណ ដែលបងប្អូនបានទទួល ។ តើសេចក្ដីពិតខាងគោលលទ្ធិអ្វីខ្លះដែលបងប្អូនបានរកឃើញ ? តើសារលិខិតអ្វីខ្លះនឹងមានតម្លៃបំផុតចំពោះបងប្អូន និងគ្រួសារបងប្អូន ? គំនិតយោបល់សម្រាប់ការសិក្សានៅក្នុងគម្រោងនេះ អាចជួយបងប្អូនឲ្យរកឃើញគំនិតបន្ថែម ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
បើមើលពីទស្សនវិស័យនៃជីវិតរមែងស្លាប់ នោះវាមិនអាចធ្វើទៅបានទេ ។ នារីព្រហ្មចារីម្នាក់មិនអាចមានផ្ទៃពោះទេ—ហើយស្ត្រីដែលមានវ័យចំណាស់ជ្រុលក៏មិនអាចមានផ្ទៃពោះបានដែរ ។ ប៉ុន្តែព្រះមានផែនការមួយសម្រាប់ការប្រសូតនៃព្រះរាជបុត្រារបស់ទ្រង់ និងកំណើតរបស់ យ៉ូហាន បាទីស្ទ ដូច្នេះទាំងម៉ារា និងអេលីសាបិត បានប្រឆាំងនិងច្បាប់ធម្មជាតិ ដោយបានក្លាយជាម្ដាយគេ ។ វាអាចនឹងជាប្រយោជន៍ដើម្បីចងចាំអំពីបទពិសោធន៍ប្រកបដោយអព្ភូតហេតុរបស់ពួកគេ នៅពេលណាយើងប្រឈមមុខនឹងរឿងដែលហាក់ដូចជាមិនអាចទៅរួច ។ តើយើងអាចយកឈ្នះលើភាពទន់ខ្សោយរបស់យើងបានដែរឬទេ ? តើយើងអាចមានឥទ្ធិពលលើដួងចិត្តរបស់សមាជិកគ្រួសារដែលពុំទទួលខុសត្រូវបានដែរឬទេ ? កាព្រីយ៉ែលអាចថ្លែងមកកាន់យើងដោយងាយ នៅពេលទ្រង់រំឭកម៉ារាថា « ដ្បិតការណ៍អ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ » ( លូកា ១:៣៧ ) ។ ហើយចម្លើយរបស់ម៉ារាក៏អាចជាចម្លើយរបស់យើងផងដែរ នៅពេលព្រះបើកសម្ដែងពីព្រះទ័យរបស់ទ្រង់ ៖ « សូមឲ្យបានសម្រេចដូចពាក្យលោកចុះ » ( លូកា ១:៣៨ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
តើម៉ាថាយ និងលូកាជានរណា ?
ម៉ាថាយគឺជាអ្នកទារពន្ធសាសន៍យូដា ឬអ្នកប្រមូលពន្ធ ដែលព្រះយេស៊ូវបានហៅជាសាវកម្នាក់របស់ទ្រង់ ( សូមមើល ម៉ាថាយ ១០:៣; សូមមើលផងដែរ Bible Dictionary « Publicans » ) ។ ម៉ាថាយបានសរសេរដំណឹងល្អរបស់លោកភាគច្រើនទៅកាន់បងប្អូនសាសន៍យូដា ហេតុដូច្នោះហើយ លោកបានជ្រើសរើសគូសបញ្ជាក់អំពីការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់អំពីព្រះម៉ែស៊ី ដែលត្រូវបានបំពេញតាមរយៈជីវិត និងការបម្រើរបស់ព្រះយេស៊ូវ ។
លូកាគឺជាគ្រូពេទ្យពួកសាសន៍ដទៃមួយរូប ( ពុំមែនជាសាសន៍យូដា ) ដែលបានធ្វើដំណើរជាមួយនឹងសាវកប៉ុល ។ បន្ទាប់ពីការសុគតរបស់ព្រះអង្គសង្គ្រោះ លោកបានសរសេរដំណឹងល្អរបស់លោកជាចម្បងទៅកាន់អ្នកស្ដាប់ដែលពុំមែនជាសាសន៍យូដា ។ លោកថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ថាជាព្រះអង្គសង្គ្រោះរបស់ទាំងសាសន៍ដទៃ និងសាសន៍យូដា ។ លោកបានកត់ត្រាដំណើររឿងជាសាក្សីផ្ទាល់ភ្នែកអំពីព្រឹត្តការណ៍នានានៅក្នុងជីវិតរបស់ព្រះអង្គសង្គ្រោះ ហើយលោកបានដាក់បញ្ចូលនូវរឿងជាច្រើនទៀតដែលទាក់ទងនឹងស្ដ្រីៗ ប្រៀបធៀបទៅនឹងដំណឹងល្អដទៃទៀត ។
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ដំណឹងល្អទាំងឡាយ » « ម៉ាថាយ » « លូកា » ។
ព្រះយេស៊ូវបានចាប់កំណើតជាមួយមាតាខាងសាច់ឈាម និងព្រះវរបិតាដែលមានជីវិតអមតៈ ។
នៅក្នុង ម៉ាថាយ ១:១៨–២៥ និង លូកា ១:២៦–៣៥ សូមកត់សម្គាល់ពីរបៀបដែល ម៉ាថាយ និង លូកា បានពិពណ៌នាអំពីអព្ភូតហេតុនៃកំណើតរបស់ព្រះយេស៊ូវ ។ តើការពិពណ៌នារបស់ពួកលោកពង្រឹងដល់សេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេចដែរ ? ហេតុអ្វីវាមានសារៈសំខាន់ចំពោះបងប្អូនដើម្បីដឹងថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះផង និងជាកូនរបស់ម៉ារាផង ?
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ « តម្រូវឲ្យមានពលិកម្មផ្ទាល់ខ្លួនមួយ ដោយតួអង្គដែលអមតៈ ពុំស្ថិតនៅក្រោមសេចក្ដីស្លាប់ ។ ហើយទ្រង់ត្រូវតែសុគត ហើយទទួលយកនូវរាងកាយរបស់ទ្រង់ផ្ទាល់ម្ដងទៀត ។ ព្រះអង្គសង្គ្រោះគឺជាអង្គតែមួយគត់ដែលអាចសម្រេចការណ៍នេះបាន ។ ដោយសារមាតារបស់ទ្រង់ នោះទ្រង់ទទួលបានអំណាចដែលអាចស្លាប់ ។ ទ្រង់ទទួលបានអំណាចដើម្បីយកឈ្នះលើសេចក្ដីស្លាប់ពីព្រះវរបិតារបស់ទ្រង់ » ( « Constancy amid Change » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៣៤ ) ។
ពរជ័យរបស់ព្រះកើតមានតាមពេលវេលារបស់ទ្រង់ផ្ទាល់ ។
ប្រសិនបើបងប្អូនឃើញថា បងប្អូនត្រូវរង់ចាំពរជ័យមួយ ឬប្រសិនបើវាហាក់ដូចជាថា ព្រះពុំព្រះសណ្ដាប់ឮការអធិស្ឋានរបស់បងប្អូន នោះដំណើររឿងរបស់អេលីសាបិត និង សាការីអាចជាការរំឭកមួយថា ទ្រង់ពុំបានបំភ្លេចបងប្អូននោះទេ ។ ដូចដែលអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានសន្យា ៖ « ខណៈដែលយើងធ្វើកិច្ចការ និងរង់ចាំជាមួយគ្នាដើម្បីបានចម្លើយចំពោះការអធិស្ឋានមួយចំនួនរបស់យើង នោះខ្ញុំសូមផ្ដល់ដល់បងប្អូននូវការសន្យារបស់ខ្ញុំក្នុងនាមជាសាវកថា ទ្រង់ឮការអធិស្ឋានទាំងនោះ ហើយវានឹងត្រូវបានឆ្លើយតប ទោះយ៉ាងណាប្រហែលជាមិនតាមពេលវេលា ឬតាមរបៀបដែលយើងចង់បាននោះទេ ។ ប៉ុន្តែវា តែងតែ ត្រូវបានឆ្លើយតបតាមពេលវេលា និងតាមរបៀបដែលព្រះបិតាមាតាដែលត្រាស់ដឹងសព្វគ្រប់ និងមានព្រះទ័យអាណិតអាសូរដ៏អស់កល្បជានិច្ច គួរតែឆ្លើយតបដល់ពួកគេ » ( « Waiting on the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៥–១៦ ) ។ តើ សាការី និង អេលីសាបិតបានបន្តមានភាពស្មោះត្រង់ដោយរបៀបណា ? ( សូមមើល លូកា ១:៥–២៥, ៥៧–៨០ ) ។ តើបងប្អូនមានដឹងថាខ្លួនបងប្អូនកំពុងរង់ចាំពរជ័យមួយដែរឬទេ ? តើបងប្អូនមានអារម្មណ៍ថាព្រះអម្ចាស់រំពឹងអ្វីខ្លះពីរូបបងប្អូន ខណៈដែលបងប្អូនកំពុងរង់ចាំនោះ ?
ពួកស្មោះត្រង់ស្ម័គ្រចិត្តចុះចូលតាមព្រះទ័យរបស់ព្រះ ។
ក៏ដូចជាម៉ារាដែរ ពេលខ្លះយើងរកឃើញថា ផែនការរបស់ព្រះសម្រាប់ជីវិតរបស់យើងមានភាពខុសគ្នាពីអ្វីដែលយើងបានគ្រោងទុក ។ តើបងប្អូនរៀនបានអ្វីខ្លះពីម៉ារា អំពីការព្រមទទួលយកព្រះទ័យរបស់ព្រះ ? នៅក្នុងតារាងដូចខាងក្រោម ចូរសរសេរសេចក្ដីថ្លែងដែលមកពីទេវតា និងម៉ារា ( សូមមើល លូកា ១:២៦–៣៨ ) ព្រមជាមួយនឹងសារលិខិតដែលបងប្អូនរកឃើញនៅក្នុងសេចក្ដីថ្លែងការណ៍របស់ពួកគេ ៖
ពាក្យសម្ដីរបស់ទេវតាទៅកាន់ម៉ារា |
សារលិខិតសម្រាប់ខ្ញុំ |
---|---|
ពាក្យសម្ដីរបស់ទេវតាទៅកាន់ម៉ារា « ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង » ( ខទី ២៨ ) ។ | សារលិខិតសម្រាប់ខ្ញុំ ព្រះអម្ចាស់បានញាណដឹងពីស្ថានភាព និងការលំបាករបស់ខ្ញុំ ។ |
ពាក្យសម្ដីរបស់ទេវតាទៅកាន់ម៉ារា
| សារលិខិតសម្រាប់ខ្ញុំ
|
ពាក្យសម្ដីរបស់ទេវតាទៅកាន់ម៉ារា
| សារលិខិតសម្រាប់ខ្ញុំ
|
ប្រតិកម្មរបស់ម៉ារា |
សារលិខិតសម្រាប់ខ្ញុំ |
---|---|
ប្រតិកម្មរបស់ម៉ារា « តើធ្វើដូចម្តេចនឹងឲ្យការណ៍នេះសម្រេចបាន ? » ( ខទី ៣៤ ) ។ | សារលិខិតសម្រាប់ខ្ញុំ វាមិនថ្វីទេក្នុងការសួរសំណួរដើម្បីយល់ដឹងកាន់តែល្អប្រសើរឡើងអំពីព្រះហឫទ័យរបស់ព្រះនោះ ។ |
ប្រតិកម្មរបស់ម៉ារា
| សារលិខិតសម្រាប់ខ្ញុំ
|
ប្រតិកម្មរបស់ម៉ារា
| សារលិខិតសម្រាប់ខ្ញុំ
|
នៅពេលបងប្អូនអានអំពីគំរូសុចរិតរបស់យ៉ូសែប នៅក្នុង ម៉ាថាយ ១:១៨–២៥ តើបងប្អូនរៀនអ្វីខ្លះអំពីការព្រមទទួលយកព្រះហឫទ័យរបស់ព្រះ ? តើការយល់ដឹងបន្ថែមទៀតអ្វីខ្លះ ដែលបងប្អូនរៀនចេញពីបទពិសោធន៍របស់ សាការី និង អេលីសាបិត ? ( សូមមើល លូកា ១ ) ។
សូមមើលផងដែរ លូកា ២២:៤២; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កាព្រីយ៉ែល » ។
ម៉ារាបានថ្លែងទីបន្ទាល់អំពីបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។
ពាក្យរបស់ម៉ារានៅក្នុង លូកា ១:៤៦–៥៥ ប្រាប់ជាមុននូវទិដ្ឋភាពនៃបេសកកម្មរបស់ព្រះអង្គសង្គ្រោះ ។ តើបងប្អូនរៀនអ្វីខ្លះ អំពីព្រះយេស៊ូវគ្រីស្ទចេញមកពីសេចក្ដីថ្លែងការណ៍របស់ម៉ារា ? បងប្អូនអាចប្រៀបធៀបខគម្ពីរទាំងនេះទៅនឹងពាក្យសម្ដីរបស់នាងហាណា នៅក្នុង សាំយូអែល ទី១ ២:១–១០ និងឥរិយាបទរបស់ព្រះយេស៊ូវ នៅក្នុង ម៉ាថាយ ៥:៣–១២ ។ តើព្រះវិញ្ញាណបង្រៀនបងប្អូនអ្វីខ្លះ នៅពេលបងប្អូនពិចារណាអំពីខគម្ពីរទាំងនេះ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
ម៉ាថាយ ១:១–១៧ ។ពេលដែលគ្រួសាររបស់បងប្អូនអានពង្សាវលីរបស់ព្រះយេស៊ូវ បងប្អូនអាចពិភាក្សាពីប្រវត្តិគ្រួសាររបស់បងប្អូនផ្ទាល់ ហើយចែកចាយរឿងរ៉ាវមួយចំនួនអំពីបុព្វការីជនរបស់បងប្អូន ។ តើការស្គាល់អំពីពង្សប្រវត្តិរបស់បងប្អូនផ្តល់ពរដល់គ្រួសារបងប្អូនយ៉ាងដូចម្ដេច ? សម្រាប់សកម្មភាពពង្សប្រវត្តិបន្ថែមទៀត សូមមើល FamilySearch.org/discovery ។
-
ម៉ាថាយ ១:២០; លូកា ១:១១–១៣, ៣០ ។ហេតុអ្វីក៏មនុស្សនៅក្នុងខគម្ពីរទាំងនេះមានភាពភ័យខ្លាច ? តើមានអ្វីខ្លះដែលបណ្ដាលឲ្យយើងភ័យខ្លាច ? តើព្រះអញ្ជើញយើង « កុំខ្លាច » យ៉ាងដូចម្ដេច ?
-
លូកា ១:៣៧ ។ដើម្បីជួយគ្រួសារបងប្អូនឲ្យស្ថាបនាសេចក្ដីជំនឿថា « ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ » បងប្អូនអាចស្រាវជ្រាវក្នុង លូកា ១ ជាមួយគ្នា ហើយស្វែងរកអ្វីដែលព្រះបានធ្វើ ដែលយើងចាត់ទុកថាជារឿងមិនអាចទៅរួចនោះ ។ តើយើងអាចចែកចាយដំណើររឿងអ្វីខ្លះទៀត—ចេញពីបទគម្ពីរ ឬជីវិតផ្ទាល់ខ្លួនរបស់យើង—ដែលព្រះបានធ្វើការណ៍ដែលមើលទៅហាក់ដូចជារឿងដែលមិនអាចធ្វើទៅបាននោះ ? ការស្រាវជ្រាវមើលនៅក្នុង សៀវភៅរូបភាពដំណឹងល្អ អាចជួយផ្ដល់គំនិតមួយចំនួន ។
-
លូកា ១:៤៦–៥៥ ។តើមាន « សេចក្តីយ៉ាងល្អវិសេស » អ្វីខ្លះដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ? តើវាអាចមានន័យយ៉ាងណាចំពោះព្រលឹងយើងដើម្បី « លើកតម្កើងព្រះអម្ចាស់ » នោះ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ទ្រង់បញ្ជូនបុត្រាទ្រង់មក » សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ។