« ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ ៖ យើងបានឃើញព្រះមែស៊ីហើយ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៦–២២ ខែ មករា
យ៉ូហាន ១
យើងបានឃើញព្រះមែស៊ីហើយ
កាលបងប្អូនអាន យ៉ូហាន ១ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណនានាដែលបងប្អូនទទួលបាន ។ គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយបងប្អូនឲ្យយល់ពីជំពូកនេះបាន ។ សកម្មភាពណែនាំខាងក្រោមនេះអាចផ្ដល់ជាគំនិតក្នុងការជួយដល់កុមារឲ្យរៀនសូត្រគោលការណ៍នានា ដែលមាននៅក្នុង យ៉ូហាន ១ ។ សកម្មភាពសម្រាប់កុមារធំៗក៏អាចបត់បែនសម្រាប់កុមារតូចៗបានផងដែរ ប្រសិនបើចាំបាច់ ។
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយកុមារឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីព្រះយេស៊ូវ សូមបង្ហាញរូបភាពរបស់ទ្រង់កំពុងបំពេញតួនាទីមួយចំនួនរបស់ទ្រង់ដែលបានពិពណ៌នានៅក្នុង យ៉ូហាន ១ ( ដូចជាការបង្កបង្កើតផែនដី ឬការបង្រៀនដំណឹងល្អជាដើម ) ។ សូមឲ្យកុមារពិពណ៌នាអ្វីដែលកើតឡើងនៅក្នុងរូបភាពនេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវបានគង់នៅជាមួយនឹងព្រះវរបិតាសួគ៌ ពីមុនទ្រង់បានប្រសូតមក ។
យ៉ូហានបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានគង់នៅជាមួយនឹងព្រះ ជាព្រះវរបិតាពីមុនព្រះជន្មរមែងស្លាប់របស់ទ្រង់ ។ យើងក៏បានរស់នៅជាមួយនឹងព្រះ ពីមុនយើងបានកើតមកផងដែរ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើបងប្អូននឹងបង្រៀនកុមារពីសេចក្ដីពិតនេះតាមរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមពន្យល់ថា « ព្រះបន្ទូល » នៅក្នុង យ៉ូហាន ១:១ សំដៅទៅលើព្រះយេស៊ូវ ។ សូមអានខគម្ពីរនេះឮៗ ហើយសូមឲ្យកុមារថា « ព្រះយេស៊ូវ » រាល់ពេលដែលបងប្អូនអានពាក្យ « ព្រះបន្ទូល » ។ សូមបង្ហាញរូបភាពដែលមានចំណងជើងថា « ជីវិតមុនផែនដី » ( នៅលើគេហទំព័រChurchofJesusChrist.org; សូមមើលផងដែរ មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា [ ឆ្នាំ ២០០៨ ] ទំព័រ ១៥ ) ។ សូមពន្យល់ថា ព្រះយេស៊ូវគ្រីស្ទបានគង់នៅជាមួយនឹងព្រះវរបិតាសួគ៌ ពីមុនទ្រង់បានយាងមកកាន់ផែនដី ។
-
សូមទាញយកធនធានបែបនេះដើម្បីបង្រៀនកុមារអំពីជីវិតរបស់យើងជាមួយព្រះ ពីមុនយើងបានមកផែនដី ៖ « សេចក្ដីផ្តើម ៖ ផែនការរបស់ព្រះវរបិតាសួគ៌យើង » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១–៥ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ឬ « ជីវិតមុនផែនដី » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
សូមអញ្ជើញឪពុក ឬម្តាយឲ្យយកទារកមកថ្នាក់រៀន ។ សូមសួរកុមារថា តើវិញ្ញាណរបស់ទារកនេះបានរស់នៅឯណាពីមុនពួកគេបានកើតមក ។ សូមរំឭកកុមារថា ពួកគេក៏ធ្លាប់ជាទារកម្នាក់ដែរ ហើយសូមថ្លែងទីបន្ទាល់ថា ពួកគេក៏បានរស់នៅឯស្ថានសួគ៌ជាមួយព្រះវរបិតាសួគ៌ជាកូនវិញ្ញាណផងដែរ ពីមុនពួកគេបានកើតមក ។
ព្រះយេស៊ូវបានបង្កើតគ្រប់របស់ទាំងអស់ ។
ការស្គាល់អំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាអង្គបង្កបង្កើត អាចជួយកុមារដែលបងប្អូនបង្រៀនឲ្យកាន់តែមានគារវភាពចំពោះទ្រង់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន យ៉ូហាន ១:៣ ជាមួយនឹងកុមារ រួចហើយសូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមជួយកុមារឲ្យទន្ទេញឃ្លា « គ្រប់របស់ទាំងអស់បានកើតមកដោយសារ [ ព្រះយេស៊ូវគ្រីស្ទ ] » ។
-
សូមបង្ហាញរូបភាពនៃការបង្កើតមួយរបស់ព្រះអម្ចាស់ដល់កុមារម្នាក់ ។ សូមឲ្យពួកគេពិពណ៌នាពីរូបភាពនោះទៅកាន់កុមារផ្សេងទៀត ហើយសូមឲ្យពួកគេទាយពីអ្វីដែលបានពិពណ៌នា ។
-
សូមឲ្យកុមារម្នាក់ៗរៀបរាប់ឈ្មោះពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានបង្កើត ។ សូមជួយកុមារឲ្យគិតពីរបៀបដែលពួកគេអាចថែរក្សាផែនដីនេះ និងការបង្កបង្កើតផ្សេងទៀតរបស់ព្រះអម្ចាស់ ។
ខ្ញុំអាចអញ្ជើញមនុស្សដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ ហើយរៀនអំពីទ្រង់ ។
យ៉ូហាន ១ រួមមាននូវដំណើររឿងរបស់ពួកសិស្ស ដែលបានអញ្ជើញមនុស្សឲ្យ « តាមទៅមើល » ថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះ ។ សូម្បីតែកុមារតូចៗក៏អាចធ្វើតាមគំរូនេះបានដែរ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមពិពណ៌នាពីរបៀបដែល អនទ្រេបានរៀនអំពីព្រះយេស៊ូវ និងប្រាប់ពីរបៀបដែល អនទ្រេបានបង្រៀនដល់ពេត្រុសវិញ ( សូមមើល យ៉ូហាន ១:៣៥–៤២ ) ។ សូមចែកចាយពីរបៀបដែលបងប្អូនបានដឹងអំពីសាសនាចក្រ ឬអញ្ជើញឲ្យសមាជិកថ្មីមួយរូបចែកចាយពីរបៀបដែលគាត់បានដឹងអំពីសាសនាចក្រ ។
-
សូមចែកចាយរឿងរបស់ ភីលីព ដែលបានអញ្ជើញ ណាថាណែលឲ្យ « តាមទៅមើល » ( យ៉ូហាន ១:៤៣–៥១ ) ។ សូមលាក់រូបភាពព្រះយេស៊ូវនៅក្នុងប្រអប់មួយ ហើយសូមឲ្យកុមារម្នាក់មក « តាមទៅមើល » រូបនោះ រួចហើយប្រាប់ដល់កុមារផ្សេងទៀតអំពីអ្វីដែលគេបានឃើញ ។
-
សូមឲ្យកុមារផាត់ពណ៌ទំព័រសកម្មភាពសប្ដាហ៍នេះ ហើយលើកទឹកចិត្តពួកគេឲ្យប្រើវាដើម្បីអញ្ជើញនរណាម្នាក់ឲ្យរៀនអំពីព្រះយេស៊ូវ ។
-
សូមឲ្យកុមារមួយរូបប្រាប់អំពីគ្រាមួយ ដែលរូបគេបានចែកអ្វីមួយជាមួយនរណាម្នាក់ ដូចជាប្រដាប់លេង ឬអំណោយ ។ តើយើងអាចចែកចាយដំណឹងល្អដោយរបៀបណា ? សូមប្រាប់ដំណើររឿងពីកុមារម្នាក់ដែលបានចែកចាយដំណឹងល្អជាមួយមិត្តភក្តិ ដូចជា « A Friend and a Missionary » Friend ខែ កក្កដា ឆ្នាំ ២០១៨ ទំព័រ ១២–១៣; Liahona ខែ កក្កដា ឆ្នាំ ២០១៨ ទំព័រ ៧០–៧១ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទបានគង់នៅជាមួយនឹងព្រះវរបិតាសួគ៌ ពីមុនទ្រង់បានប្រសូតមក ។
តាំងពីមុនទ្រង់បានប្រសូតមក ព្រះយេស៊ូវគ្រីស្ទបានដើរតួយ៉ាងសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌រួចទៅហើយ ។ កាលបងប្អូនអាន យ៉ូហាន ១:១–៥ តើអ្វីដែលទាក់ទាញចំណាប់អារម្មណ៍បងប្អូន អំពីកិច្ចការរបស់ព្រះគ្រីស្ទនៅក្នុងជីវិតពីមុនជីវិតនៅលើផែនដីនេះ ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសួរកុមារថា តើពួកគេដឹងរឿងអ្វីខ្លះអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ពីមុនទ្រង់បានប្រសូតមក ។ សូមឲ្យពួកគេរកមើលចម្លើយនៅក្នុង យ៉ូហាន ១:១–៥ ។ វាអាចជួយដល់បងប្អូន បើបងប្អូនអាននៅក្នុង ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ, យ៉ូហាន ១:១–៥ ( នៅក្នុងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ) ។
-
សូមចែកចាយផ្នែកខ្លះនៃ « សេចក្តីផ្តើម ៖ ផែនការរបស់ព្រះវរបិតាសួគ៌យើង » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មីទំព័រ ១–៥ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមសួរកុមារថា តើពួកគេរៀនបានអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ។
-
នៅពីរបីថ្ងៃមុន សូមអញ្ជើញកុមារមួយចំនួនឲ្យមកថ្នាក់រៀនដោយរៀបចំខ្លួនបង្ហាញ ឬពិពណ៌នាពីអ្វីមួយដែលពួកគេបានបង្កើត ។ សូមបង្ហាញរូបភាពនៃការបង្កបង្កើតមួយចំនួនរបស់ព្រះអម្ចាស់ ហើយសូមប្រើ យ៉ូហាន ១:៣ ដើម្បីពន្យល់ថាព្រះយេស៊ូវបានបង្កើតផែនដី និងគ្រប់របស់ទាំងអស់ដែលមាននៅលើផែនដីនេះ ។
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺរបស់ខ្ញុំ ។
និមិត្តរូបនៃពន្លឺអាចជួយកុមារឲ្យយល់ពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ តើបងប្អូនអាចបំផុសគំនិតដល់កុមារឲ្យស្វែងរកពន្លឺរបស់ព្រះអង្គសង្គ្រោះ កាលពិភពលោកនេះហាក់ដូចជាងងឹតបានយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារអាន ទំនុកដំកើង ២៧:១; យ៉ូហាន ១:៤–៩; ម៉ូសាយ ១៦:៩ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:១–២ ហើយរកមើលឃ្លាដែលបទគម្ពីរទាំងនេះមានចំណុចរួមគ្នា ។ តើព្រះយេស៊ូវគ្រីស្ទដូចជាពន្លឺដោយរបៀបណា ?
-
សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះមួយ និងវត្ថុមួយចំនួនដែលបញ្ចេញពន្លឺ ដូចជាពិល ។ តើព្រះយេស៊ូវគ្រីស្ទដូចជាវត្ថុទាំងនេះដោយរបៀបណា ? តើយើងអាចចែកចាយពន្លឺរបស់ទ្រង់ជាមួយនឹងមនុស្សដទៃដោយរបៀបណា ? សូមច្រៀងរួមគ្នានូវបទ « ទ្រង់ជាពន្លឺខ្ញុំ » ( ទំនុកតម្កើង ល.រ. ៣៩ ) ឬចម្រៀងផ្សេងទៀតអំពីពន្លឺនៃដំណឹងល្អ ។
-
សូមសួរកុមារថា តើពួកគេធ្វើអ្វីនៅពេលពួកគេស្ថិតនៅកន្លែងងងឹត ហើយភ័យខ្លាចនោះ ។ សូមថ្លែងទីបន្ទាល់ថា ពួកគេអាចងាកទៅរកព្រះអង្គសង្គ្រោះបានជានិច្ច នៅពេលដែលពួកគេខ្លាច ។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចអញ្ជើញមនុស្សដទៃឲ្យដើរតាមទ្រង់ ។
សូមពិចារណាពីវិធីដែលបងប្អូនអាចប្រើគំរូនានាពីក្នុង យ៉ូហាន ១:៣៥–៥១ ដើម្បីលើកទឹកចិត្តកុមារឲ្យអញ្ជើញមនុស្សដទៃមករៀនអំពីព្រះអង្គសង្គ្រោះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារឲ្យស្រាវជ្រាវក្នុង យ៉ូហាន ១:៣៥–៥១ រកមើលអ្វីដែលមនុស្សនិយាយ ដើម្បីអញ្ជើញមនុស្សដទៃឲ្យរៀនអំពីព្រះអង្គសង្គ្រោះ ។ សូមឲ្យពួកគេអនុវត្តអ្វីដែលពួកគេអាចនិយាយបាន ដើម្បីអញ្ជើញមិត្តម្នាក់ឲ្យរៀនអំពីទ្រង់ ។
-
សូមឲ្យកុមារប្រើទំព័រសកម្មភាពសប្ដាហ៍នេះដើម្បីធ្វើសំបុត្រអញ្ជើញមួយ ដែលពួកគេអាចប្រើដើម្បីអញ្ជើញមិត្តម្នាក់ ឬសមាជិកគ្រួសារមួយរូបឲ្យរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។
-
សូមផ្ដល់ឱកាសឲ្យកុមារបានប្រាប់ដល់សិស្សក្នុងថ្នាក់អំពីរឿងមួយចំនួនដែលពួកគេចូលចិត្ត ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលការចែកចាយដំណឹងល្អអាចដូចជាការចែករំលែកអ្វីដែលយើងស្រឡាញ់ផងដែរ ( ឧទាហរណ៍ សូមមើលវីដេអូ « Good Things to Share » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យអញ្ជើញនរណាម្នាក់ដែលពួកគេស្រឡាញ់ឲ្យរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។