២០១៨
ជា​មិត្តភក្តិ និង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា
ខែ កក្កដា ឆ្នាំ ២០១៨


បញ្ចាំង​ពន្លឺ​របស់​អ្នក​ចេញ​ទៅ

ជា មិត្តភក្តិ និង ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

A Friend and a Missionary

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ វ័ន បៅធីស្តា ហើយ​ខ្ញុំ​មក​ពី​ប្រទេស​អាហ្សង់ទីន ។ ខ្ញុំ​បញ្ចាំង​ពន្លឺ​របស់​ខ្ញុំ​ចេញ​ទៅ តាមរយៈ​ការចែកចាយ​ដំណឹងល្អ ។

កល្យាណ​មិត្ត

កល្យាណ​មិត្ត​របស់​ខ្ញុំ ហ្វាឃុនដូ និង​ខ្ញុំ​បាន​ស្គាល់​គ្នា​តាំង​ពី​ពួកយើងនៅអាយុប្រាំឆ្នាំមកម៉្លេះ ។ ពួកយើង​ទាំង​ពីរ​នាក់​ចូលចិត្ត​កីឡា​បាល់​ទាត់ ! ខ្ញុំ​បាន​អញ្ជើញ​គាត់​ឲ្យ​មក​សកម្មភាព​ជា​ច្រើន​របស់​សាសនាចក្រ ។

សំណួរ​ទីមួយ​របស់​ហ្វាឃុនដូ

មាន​គ្រា​មួយ នៅពេល​ហ្វាឃុនដូ​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​ពួកយើង គាត់​បាន​សួរ​ថា « ហេតុអ្វី​គ្រួសារ​របស់​អ្នក​អធិស្ឋាន​ជានិច្ច ? » ខ្ញុំ​បាន​និយាយ​ថា ដោយសារ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ពរ​ដល់​យើង ហើយ​នេះ​ជា​របៀប​ដែល​ពួកយើង​ថ្លែង​អំណរគុណ​ចំពោះ​ទ្រង់ ។ គាត់​មាន​ការអស្ចារ្យ​ក្នុង​ចិត្ត​ណាស់ !

រាត្រីជួបជុំ​ក្រុមគ្រួសារ

ហ្វាឃុនដូ​បាន​មក​ចូលរួម​កម្មវិធី​រាត្រីជួបជុំ​ក្រុមគ្រួសារ ពេលប្អូន​ប្រុស​របស់​ខ្ញុំ បេនយ៉ាមីន ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក ។ ហ្វាឃុនដូ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​គាត់​បាន​សួរ​ប្រសិនបើ​គាត់​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​ផងដែរ ! ក្រោយមក ឪពុក​របស់​ខ្ញុំ​បាន​និយាយ​ទៅកាន់​ឪពុក​ម្តាយ​របស់​ហ្វាឃុនដូ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ក្រុមគ្រួសារ​របស់​ហ្វាឃុនដូ ។ បន្ទាប់មក ទាំងហ្វាឃុនដូ និងបងស្រីរបស់គាត់ អ័រហ្គើស្ទីន បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ! ឪពុក​ម្តាយ​របស់​គាត់​បាន​មក​ព្រះវិហារ ប៉ុន្តែ​ពួកគាត់​ពុំ​ទាន់​ជ្រមុជទឹក​នៅ​ឡើយ​ទេ ។

សំណួរ​ទីពីរ​របស់​ហ្វាឃុនដូ

ហ្វាឃុនដូ​បាន​សួរ​ម្តាយ​របស់​ខ្ញុំ​ថា តើ​គាត់​នឹង​ចេះ​ច្រើន​អំពី​ព្រះ​ដូចជា​ខ្ញុំ​ដែរ​ឬ​អត់ ។ ម្តាយ​របស់​ខ្ញុំ​បាន​ញញឹម ហើយ​និយាយ​ថា ប្រសិនបើ​គាត់​សិក្សា​ព្រះគម្ពីរ ហើយ​អធិស្ឋាន នោះ​គាត់​អាច​រៀន​បាន​កាន់តែ​ច្រើន !