យោបល់គន្លឹះ ៧ ចំណុចសម្រាប់ការឡើងនិយាយ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
តើត្រូវឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ឆាប់ៗនេះមែនទេ ? សូមសាកល្បងយោបល់គន្លឹះទាំងនេះ ។
ខ្ញុំមិនដឹងអំពីអ្នកឡើយ ប៉ុន្តែនៅពេលខ្ញុំត្រូវបានចាត់ឲ្យឡើងនិយាយនៅក្នុងប្រជុំសាក្រាម៉ង់ ខ្ញុំពិតជាមានអារម្មណ៍ភ័យណាស់ — ពុំមែនអំពីការសរសេរការនិយាយនោះទេ ប៉ុន្តែពិតប្រាកដណាស់ វាគឺជា ការឡើង និយាយនោះ ។ ខ្ញុំបារម្ភជានិច្ចថា « តើមានអ្វីកើតឡើងទៅ ប្រសិនបើគេធុញទ្រាន់នឹងខ្ញុំខ្លាំងពេកនោះ ? ចុះបើខ្ញុំភ្លេចនិយាយអំពីអ្វីមួយវិញនោះ ? ចុះបើខ្ញុំនិយាយពាក្យខុសនោះ ? »
តើធ្លាប់មានអារម្មណ៍ដូច្នេះដែរឬទេ ? ( សង្ឃឹមថាខ្ញុំពុំមែនជាមនុស្សបែបនោះតែឯងទេ ) ។ ប្រសិនបើដូច្នេះមែននោះ រឿងនេះពុំមែនជារឿងខូចខាតធ្ងន់ធ្ងរអីនោះទេ ! សូមមើលយោបល់គន្លឹះទាំងប្រាំពីរនេះ ដើម្បីធ្វើឲ្យការប៉ិនប្រសប់ក្នុងការនិយាយ និងការឡើងនិយាយដែលគួរឲ្យចាប់អារម្មណ៍មានសភាពកាន់តែប្រសើរឡើង ។
ការរៀបចំការនិយាយ
-
សូមប្រើប្រាស់ព្រះគម្ពីរ និងការបង្រៀនរបស់ពួកព្យាការីសម័យទំនើប ( សូមមើល គ. និង ស. ៥២:៩ ) ។ នេះគឺជាចំណុចសំខាន់នៃការនិយាយរបស់អ្នក ។ លើសពីនោះទៀត នោះគឺជាហេតុផលចម្បងមួយដែលយើងត្រូវនៅព្រះវិហារ — គឺដើម្បីបង្រៀន និងរៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចសិក្សាប្រធានបទរបស់អ្នកដោយមានជំនួយមកពីសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( គេហទំព័រ scriptures.lds.org ) និងសុន្ទរកថាសន្និសីទទូទៅ ( ស្រាវជ្រាវតាមប្រធានបទនៅគេហទំព័រ gc.lds.org ) ។ សូមប្រាកដថា អ្នកយល់ពីខគម្ពីរ និងការដកស្រង់ដែលអ្នកគ្រោងនឹងប្រើប្រាស់នៅក្នុងសុន្ទរកថារបស់អ្នក ។ ប្រសិនបើអ្នកត្រូវការជំនួយ សូមសួរឪពុកម្តាយឬថ្នាក់ដឹកនាំសាសនាចក្ររបស់អ្នក ។
-
សូមយាងអញ្ជើញព្រះវិញ្ញាណ ។ វាជាគំនិតល្អជានិច្ចដើម្បីអធិស្ឋាន ហើយរៀបចំជាមុនដើម្បីមានព្រះវិញ្ញាណគង់នៅជាមួយអ្នកនៅពេលអ្នកនិយាយ ។ ព្រះវិញ្ញាណពុំគ្រាន់តែប្រទាននូវការលួងលោមដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ថ្លែងទីបន្ទាល់អំពីសេចក្តីពិតផងដែរ ( សូមមើល គ. និង ស. ៤២:១៤ ) ។ សូមយាងអញ្ជើញព្រះវិញ្ញាណមកក្នុងការប្រជុំសាក្រាម៉ង់របស់អ្នកតាមរយៈការថ្លែងទីបន្ទាល់អំពីអ្វីដែលអ្នកជឿថាជាការពិត ។
-
សូមគិតអំពីរឿងផ្ទាល់ខ្លួន ។ វិធីមួយដ៏ល្អបំផុតដើម្បីមានទំនាក់ទំនងជាមួយមនុស្សដទៃគឺតាមរយៈដំណើររឿង ។ យើងចូលចិត្តស្តាប់បទពិសោធន៍របស់មនុស្សដទៃ និងអ្វីដែលជីវិតរបស់ពួកគេបានឆ្លងកាត់ ។ ដូច្នេះសូមព្យាយាមគិតអំពីបទពិសោធន៍រីករាយ ពិសេសៗ ឬបទពិសោធន៍នៃឧបសគ្គនានាដែលអ្នកបានមានដែលទាក់ទងនឹងគោលការណ៍នៃដំណឹងល្អ ដែលអ្នកត្រូវបានចាត់ឲ្យនិយាយនោះ ។ តើអ្នកបានរៀនអ្វីខ្លះពីបទពិសោធន៍នោះ ? តើវាបានជួយអ្នកយ៉ាងដូចម្ដេច ? នេះគឺជារបៀបដ៏ល្អបំផុតដើម្បីបើកការនិយាយរបស់អ្នក ប្រសិនបើអ្នកពុំដឹងពីរបៀបចាប់ផ្តើមនិយាយ ។
-
សូមហាត់និយាយម្ដងហើយម្ដងទៀតៗ ! បន្ទាប់ពីអ្នកបានសរសេរការនិយាយរបស់អ្នកហើយ អ្នកអាចហាត់សមការនិយាយនោះឲ្យឮៗដោយខ្លួនឯង ហើយបន្ទាប់មកហាត់និយាយវានៅពីមុខសមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នក ។ អ្នកអាចដឹងថា តើការនិយាយរបស់អ្នកនៅក្នុងរយៈពេលកំណត់ដែលបានផ្តល់ឲ្យដែរឬទេ ហើយថាមានផ្នែកណាខ្លះដែលអ្នកត្រូវបញ្ជាក់ឲ្យច្បាស់ ។ ប្រសិនបើមានការអនុញ្ញាតពីប៊ីស្សពរបស់អ្នក អ្នកថែមទាំងអាចសាកល្បងទៅអគារសាសនាចក្រជាមុន ដើម្បីឡើងនិយាយនៅលើវេទិកាផងដែរ !
ការផ្តល់ការនិយាយ
-
សូមចៀសវាងចាប់ផ្តើមដោយការនិយាយថា « ខ្ញុំពុំចង់ឡើងមកទីនេះទេ » ។ ការចាប់ផ្តើមនិយាយបែបនេះមានជាច្រើនទម្រង់ផ្សេងគ្នា ប៉ុន្តែអ្នកស្តាប់ភាគច្រើនស្តាប់វាស្គាល់ភ្លាម ។ ជាទូទៅវាដូចជាការនិយាយថា « នៅពេលប៊ីស្សពទូរសព្ទមកខ្ញុំ ហើយសួរប្រសិនបើខ្ញុំអាចឡើងនិយាយបានឬទេ នោះខ្ញុំបានព្យាយាមគិតអំពីការដោះសារមួយចំនួនដើម្បីបដិសេធមិនឡើងនិយាយ » ។ សមាជិកសាសនាចក្រភាគច្រើនអាចយល់អំពីភាពពុំស្រណុកចិត្តក្នុងការឡើងនិយាយ ប៉ុន្តែជាទូទៅនៅពេលអ្នកនិយាយថា « ខ្ញុំពុំចង់ឡើងមកទីនេះ » នោះមនុស្សអាចស្តាប់ឭថា « សូមកុំស្តាប់ខ្ញុំនិយាយអី » ។ វាជារឿងល្អបំផុតដើម្បីចៀសវាងការនិយាយពាក្យទាំងនោះ — ចូរមានភាពសុទិដ្ឋនិយមអំពីប្រធានបទរបស់អ្នក !
-
សូមនិយាយឲ្យច្បាស់ៗ ។ វាជារឿងធម្មតាដែលមនុស្សម្នាក់និយាយលឿនពេក ឬយឺតពេកដោយសារតែការភ័យ ។ ខ្ញុំអាចយល់រឿងនេះច្បាស់ណាស់ ។ ប៉ុន្តែវាសំខាន់ដើម្បីនិយាយច្បាស់ៗ នៅពេលអ្នកផ្ដល់ការនិយាយរបស់អ្នក ដូច្នេះក្រុមជំនុំអាចយល់អ្នកបាន ។ សូមខិតខំដោយការតាំងចិត្តក្នុងការបន្ថយល្បឿននិយាយ បញ្ចេញសំឡេងពាក្យរបស់អ្នក ហើយនិយាយដោយចេះលើកដាក់សំឡេងរបស់អ្នក ( មែនហើយ សូម្បីតែជាមួយមេក្រូហើយ ក៏វាអាចស្ងាត់ពេកផងដែរ ) ។ មនុស្សចង់ស្តាប់អ្វីដែលអ្នកត្រូវនិយាយ !
-
សូមបន្តសម្លឹងមើលទៅមុខ ។ ការសំឡឹងមើលកែវភ្នែកគឺជាផ្នែកសំខាន់បំផុតនៃទំនាក់ទំនងល្អ ។ វាបង្ហាញថា អ្នកផ្តោតចិត្តទុកដាក់ដោយស្មោះសរ ហើយចាប់អារម្មណ៍ក្នុងការសន្ទនា ។ ឥឡូវនេះ អ្នកពុំត្រូវតែសំឡឹងមើលកែវភ្នែកមនុស្សគ្រប់រូបនៅក្នុងក្រុមជំនុំនៅពេលអ្នកនិយាយឡើយ ប៉ុន្តែប្រសិនបើអ្នកសម្លឹងមើលទៅខាងក្រោយ ឬខាងមុខបន្ទប់ នោះអ្នកនឹងមានចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងក្នុងនាមជាអ្នកឡើងនិយាយ ។ សូមចៀសវាងការសំឡឹងមើលតម្រុយនៃការកត់ចំណាំរបស់អ្នក ! អ្នកស្តាប់ចង់ឃើញស្នាមញញឹមរបស់អ្នក ពុំមែនមើលក្បាលរបស់អ្នកឡើយ ។
សូម្បីតែជាមួយនឹងយោបល់គន្លឹះទាំងប្រាំពីរចំណុចនេះក្តី ក៏អ្នកអាចនៅតែមានកំហុស ឬកត់សម្គាល់ឃើញមានអ្នកកំពុងដេកលក់នៅជួរទីបីផងដែរ ។ ប៉ុន្តែតើការណ៍នោះមានន័យថា អ្នកគឺជាអ្នកនិយាយមិនល្អឬ ? ប្រាកដណាស់ វាពុំមែនដូច្នោះទេ !
នៅពេលអ្នកធ្វើអ្វីមួយដែលពិបាកនឹងធ្វើ នោះជារឿងធម្មតាដែលអ្នកមានអារម្មណ៍ភ័យ ឬមានកំហុសតិចតួច ។ ប៉ុន្តែដរាបណាអ្នកព្យាយាមឲ្យអស់ពីសមត្ថភាពរបស់អ្នក ហើយយាងអញ្ជើញព្រះវិញ្ញាណ ទោះបីជាអ្នកនិយាយត្រដិត ឬភ្លេចនិយាយអ្វីមួយក្តីនោះវាមិនជាបញ្ហាអ្វីឡើយ ។ អ្នកកំពុងធ្វើកិច្ចការរបស់ព្រះ ហើយជួយបុត្រាបុត្រីរបស់ទ្រង់ឲ្យរៀនកាន់តែច្រើនទៀតអំពីដំណឹងល្អ !
ប្រសិនបើអ្នកបង្រៀន និងថ្លែងទីបន្ទាល់អំពីអ្វីដែលអ្នកជឿ នោះអ្វីៗគ្រប់យ៉ាងនឹងប្រែទៅជាល្អប្រសើរឡើង ។