២០១៨
ចូរ​យើង​កុំ​បរាជ័យ​ក្នុងការទទួលអារម្មណ៍
ខែ កក្កដា ឆ្នាំ ២០១៨


ចូរ​យើង​កុំ​បរាជ័យ​ក្នុងការទទួលអារម្មណ៍

មាន​កម្លាំង​មួយ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​ការរញ្ជួយ​ដី ខ្យល់​ព្យុះកំណាច ឬ​ភ្លើងឆេះ​ដ៏សន្ធោរសន្ធៅ​ទៅទៀត ។ ប៉ុន្តែ​វា​គឺ​ជា​សំឡេង​ដ៏​តូច​រហៀង ហើយ​យើង​ត្រូវ​យកចិត្ត​ទុកដាក់ ប្រសិនបើ​យើង​ចង់​ឲ្យ​ទ្រង់​ដឹកនាំ​យើង ។

stormy day vs sunny day

រចនា​រូបភាព​ដោយ អ៊ីរែណា ហ្វ្រីអែតាស

នៅថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១០ នៅ​ម៉ោង ៣:៣៤ ព្រឹក ការរញ្ជួយ​ដី​មួយ​ដែល​មាន​កម្លាំង ៨.៨ រិចទ័រ ក្នុង​រង្វាស់​ទំហំ​មាត្រដ្ឋាន​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ឈីលីញ័ររញ្ជួយ​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​មាន​ការស្លន់ស្លោរ ភ័យខ្លាច និង​ខ្វល់ខ្វាយ​នៅក្នុង​ចំណោម​មនុស្ស​រាប់​លាន​នាក់ ។​

ពីរបី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ត្រូវបាន​ចាត់​ឲ្យ​ទៅ​ធ្វើជា​អធិបតី​លើ​សន្និសីទ​ស្តេក​មួយ​នៅ​តំនប់​ដែល​ជិត​នឹង​កន្លែង​ដែល​មានការរញ្ជួយ​ដី​ដ៏ខ្លាំង​នោះ ។ ខ្ញុំ​បាន​សង្ស័យ​ ប្រសិនបើ​ការរញ្ជួយ​ដី និង​ការរញ្ជួយបន្ទាប់​មក​ទៀត​នោះ​នឹង​ប៉ះពាល់​ដល់​វត្តមាន​ចូលរួម​នៅ​សន្និសីទ​នោះ ។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ នៅពេល​វត្តមាន​ចូលរួម​នៅ​វគ្គ​នីមួយ​នៃ​សន្និសីទ​មាន​ច្រើន​ជាង​សន្និសីទ​មុនៗ ។

តាមមើល​ទៅ ការរញ្ជួយ​ដី​បាន​រំឭក​សមាជិក​ស្តេក​ យ៉ាងហោច​ណាស់ជា​បណ្តោះអាសន្ន​អំពី​សារៈសំខាន់​នៃ​ការខិតទៅ​ជិត​ព្រះ ការញែក​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​បរិសុទ្ធ និង​ការចូលរួមការប្រជុំ​នានា ។ ជាច្រើន​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​ទូរសព្ទទៅ​ប្រធាន​ស្តេក ។ ខ្ញុំ​បាន​សួរ​ប្រសិនបើ​វត្តមាន​ចូលរួម​នៅ​ការប្រជុំ​នៅ​ព្រះវិហារ​នៅ​តែមាន​កម្រិត​ខ្ពស់ ។ គាត់​បាន​តប​ថា ដូចជាចំនួន និង​ទំហំ​មាត្រដ្ឋានបន្ទាប់​ពីការរញ្ជួយដី​បាន​ធ្លាក់ចុះ នោះ​ចំនួន​វត្តមាន​ចូលរួម​នៅ​ព្រះវិហារ​ក៏ចុះផងដែរ ។

ឥរិយាបថ​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ដូចទៅ​នឹង​ព្រឹត្តិការណ៍​ដ៏សោកសៅ​ដែល​បាន​បំផ្លាញ មជ្ឈមណ្ឌលពាជ្ជណិកម្មពិភពលោក​នៅ​ទីក្រុង នូវ យ៉ោក ស.រ.អា. ក្នុង​ខែ កញ្ញា ឆ្នាំ ២០០១ ដែរ ។ មនុស្ស​រាប់ពាន់​នាក់​បាន​បែរ​ទៅរក​ព្រះវិហារ​របស់​ពួកគេដើម្បី​ស្វែងរក​ភាពសុខសាន្ត​នៃ​គំនិត និង​ការលួងលោម​ដែល​ពួកគេ​ត្រូវការ​យ៉ាង​ខ្លាំង ។ ប៉ុន្តែនៅពេល​ពេលវេលា​កន្លង​ផុត​ទៅ ការស្វែងរក​នោះ​បាន​មានតិចទៅៗ ហើយ​អ្វីៗ​បាន​ត្រឡប់ទៅ​រក​ភាពប្រក្រតីវិញ ។ មិន​ថា​វា​កើត​ដោយ​សារ​ធម្មជាតិ ឬ​ដោយ​សារ​មនុស្ស​ធ្វើ​នោះ​ទេ វា​ពុំមែន​មកពី​ការរញ្ជួយ​ដី ព្យុះ ឬ​គ្រោះ​ធម្មជាតិ និង​សោកនាដកម្ម​នោះ​ទេ​ដែល​វា​បង្កើន​នូវ​សេចក្តីជំនឿ ទីបន្ទាល់ និង​ការប្រែចិត្ត​ជឿ​ដ៏​យូរ​អង្វែង​នោះ ។

អេលីយ៉ា និង​សំឡេង​តូច​រហៀង

នៅក្នុង​ជំនាន់​របស់​ព្យាការី​អេលីយ៉ា អ័ហាប់​គឺ​ជា​ស្តេច​សាសន៍អ៊ីស្រាអែល ។ អ័ហាប់​បាន​រៀប​អភិសេក​ជាមួយ​យេសិបិល​ ដែល​ជា​ម្ចាស់ក្សត្រី​ហ្វូនីសៀន​មួយ​អង្គ ។ ព្រះនាង​បាន​ណែនាំ​ពួកសាសន៍​អ៊ីស្រាអែល​នូវ​របៀប​នានា​របស់​សាសន៍ហ្វូនីសៀន រួមទាំង​ការថ្វាយ​បង្គំ​រូប​សំណាក​ផងដែរ ។ បន្ទាប់​ពី​អេលីយ៉ា​បាន​អញ្ជើញ និង​យក​ឈ្នះ​លើ​ពួកសង្ឃ​នៃព្រះបាល​ ដែល​មាន​ច្រើន​សន្ធឹក​នៅក្នុងចៅក្រម​របស់​ស្តេច​អ័ហាប់​ នោះ​យេសិបិល​បាន​គំរាមកំហែង​យក​ជីវិត​របស់​ព្យាការី ហើយ​លោក​បាន​រត់គេច​ខ្លួន​ចូលទៅ​ក្នុង​ទីរហោស្ថាន ។ ( សូមមើល ពង្សាវតារក្សត្រ ទី ១ ១៨:៤, ១៣, ១៩, ២១–៤០; ១៩:១–៤ ) ។

បន្ទាប់​ពី​ទទួល​បាន​អាហារ​ពី​ទេវតា​មួយ​អង្គ​នៅក្នុង​ទីរហោស្ថាន​មក អេលីយ៉ា​បាន​ដើរ​អស់រយៈពេល ៤០ យប់ ៤០ ថ្ងៃ ទៅ​កាន់​ភ្នំហោរែប ( សូមមើល ពង្សាវតារក្សត្រ ទី ១ ១៩:៥–៨ ) ។ នៅក្នុង​ទីរហោស្ថាន ព្រះអង្គម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​អេលីយ៉ា ។ លោក​ត្រូវបាន​ប្រាប់​ឲ្យ​ចេញ​ពីរូង​ភ្នំ​ជាកន្លែង​ដែល​លោក​បាន​សម្រាក​នៅទីនោះ​អស់​មួយ​យប់ ។ នៅពេល​លោក​ឈរលើ​ភ្នំ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ព្រះអម្ចាស់ « ​មាន​ខ្យល់​ព្យុះ​គំហុក​ជា​ខ្លាំង » បោកបក់មក ដែល​មាន​កម្លាំង​ធ្វើ​ឲ្យ​បែកថ្ម និង​ភ្នំ​ខ្ទេចខ្ទី « តែ​ព្រះអម្ចាស់​មិន​មែន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ » ។ បន្ទាប់​មក​មាន​រញ្ជួយដី​មួយ « តែ​ព្រះអម្ចាស់មិន​មែន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ » ។ បន្ទាប់​មក​មាន​ភ្លើង​ឆេះ​ « តែ​ព្រះអម្ចាស់មិន​មែន​គង់​នៅ​ក្នុង​ភ្លើង​ឆេះ​នោះ​ទេ » ( ពង្សាវតារក្សត្រ ទី ១ ១៩:១១–១២ ) ។ ថ្វីបើ​មាន​ខ្យល់​បក់​គំហុក ផែនដី​រញ្ជួយ​ញាប់ញ័រ និង​ភ្លើង​ឆេះ​សន្ធោរសន្ធៅ​ក្តី ក៏​វា​ពុំ​មែន​ជា​ការបង្ហាញ​អំពី​សំឡេង​របស់​ព្រះអម្ចាស់​ថ្លែង​ទៅ​កាន់​ព្យាការី​ឡើយ ។

បន្ទាប់​ពី​កម្លាំង​ទាំង​នេះ​ដែល​បង្ហាញ​អំពី​ថាមពល​នៃ​ធម្មជាតិ​មក « ​សំឡេង​តូច​រហៀងៗ » បាន​ឮ​ឡើង​ដល់​អេលីយ៉ា ហើយ​លោក​បាន​ស្តាប់​ឮ​សំឡេង​នោះ ( សូមមើល ពង្សាវតារក្សត្រ ទី ១ ១៩:១២–១៣ ) ។ សំឡេងដ៏​ស្រទន់​របស់​ព្រះអម្ចាស់​បាន​ប្រាប់​លោក​អំពី​អ្នក​ដែល​ត្រូវ​លាប​ប្រេង​តាំង​ធ្វើ​ជា​ស្តេច​បន្ទាប់​របស់​ស្រុក​ស៊ីរី ជា​អ្នក​ដែល​ត្រូវ​ធ្វើជា​ស្តេច​បន្ទាប់​របស់​ពួក​សាសន៍​អ៊ីស្រអែល ហើយ​ថា​គាត់​ត្រូវ​លាបប្រេង​តាំង​អេលីសេ​ឲ្យ​ធ្វើ​ជាព្យាការី​ដែល​នឹង​ស្នង​តំណែង​ពី​លោក ។

ការស្វែងរក​សំឡេង

សំឡេង​ដូចគ្នា​ដែល​កើត​ឡើង​ចំពោះ​អេលីយ៉ា​នោះ — សំឡេង​ដែល​ប្រាប់​គាត់​អំពី​អ្វី​ដែល​ត្រូវធ្វើ​ក្នុង​គ្រា​លំបាក​នៅក្នុង​ជីវិត និង​ការបម្រើ​របស់​លោក — គឺ​នៅ​តែ​កើត​មាន​ដល់​បុត្រាបុត្រី​គ្រប់​រូប​របស់​ព្រះ ដែល​ចង់​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ដោយ​ស្មោះសរ ។ ប៉ុន្តែ​នៅកណ្តាល​នៃ​សំឡេង​ទ្រហឹង​អឺងកង សំឡេងនៃ​ពិភពលោក​ដែល​អញ្ជើញ​យើង​ឲ្យ​ធ្វើដំណើរ​នៅលើផ្លូវ​ងងឹត និង​ច្របូកច្របល់​នេះ ជាកន្លែង​ដែល​យើងអាច​រកឃើញ​សំឡេង​តូច​រហៀងៗ ដែល​នឹង​ប្រាប់​យើង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ​អ្វី​ដែលត្រូវ​និយាយ និង​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ?

នីហ្វៃ​បាន​ទូន្មានយើង​ឲ្យ « ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ដ្បិត​មើល​ចុះ ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃ​ទី ២ ៣២:៣ ) ។

តើ​យើងអាច​រក​ឃើញព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នៅឯណា ដើម្បី​យើង​អាច​ទទួលទាន​ព្រះបន្ទូល​ទាំង​នោះ ? យើង​អាច​អាន​ព្រះគម្ពីរ ជាពិសេស​ព្រះគម្ពីរមរមន ដែល​បាន​សរសេរ​ឡើង និង​រក្សាទុក​នៅភាពបរិសុទ្ធ​របស់​វា​សម្រាប់​ពួកយើង ដែល​ជា​ប្រជាជន​នៃ​ជំនាន់​នេះ ។ យើង​ក៏​ត្រូវ​ស្តាប់​តាម​ប្រសាសន៍​របស់ពួកព្យាការី​សម័យ​ទំនើប ដែល​ប្រាប់​យើង​អំពី​ព្រះទ័យ​របស់​ព្រះវរបិតា​ដ៏​អស់កល្បជានិច្ច និង​ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​សព្វថ្ងៃនេះ​ផងដែរ ។

ប្រសាសន៍​របស់​ព្យាការី​នៅ​រស់​ដឹកនាំ​យើង នៅពេល​យើង​ជួប​ប្រទះនឹង​ឧបសគ្គ​ថ្មីៗ និង​ស្មុគស្មាញ​ទាំងឡាយ ។ ឧទាហរណ៍ នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លង​មក​នេះ ខណៈ​ដែល​ការរីករាលដាល​នៃ​ការយល់​ច្រឡំ​អំពី​ពិភពលោក និង​ទស្សនៈ​របស់​ពិភពលោក​ដែល​បាន​ព្យាយាម​ផ្លាស់ប្តូរ​គោលគំនិត​នៃ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ជា​អចិន្ត្រៃយ៍​ នោះ​ប្រសាសន៍​របស់​ពួកព្យាការី​បាន​គូស​បញ្ជាក់​យ៉ាងម៉ឺង​ម៉ាត់ អង់អាច និង​ពេញ​ដោយ​ក្តីស្រឡាញ់ទៅលើ​លក្ខណៈ​ពិសិដ្ឋ​នៃ​ក្រុមគ្រួសារ ដោយ​ប្រកាស​ថា « អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃកូនចៅ​របស់​ទ្រង់ » ។

ពួក​ព្យាការី និង​ពួក​សាវក​បច្ចុប្បន្ន​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ទៅលើ​សារៈសំខាន់​នៃការគោរព​ថ្ងៃ​ឈប់​សម្រាក​ទាំង​នៅ​ផ្ទះ និង​នៅ​ព្រះវិហារ និង​ការសម្រេច​ឲ្យ​បាន​នូវ​សេចក្តីសង្គ្រោះ​ដល់​ជីដូនជីតា​របស់​យើង​តាមរយៈ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ នៅក្នុងគ្រប់​សន្និសីទ​ទូទៅ​ ពួកលោក​ផ្តល់​ការដឹកនាំ​ខាង​វិញ្ញាណ​បន្ថែម​ទៀត​ដល់​សមាជិក​សាសនាចក្រ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក

man sitting in a boat with telescope

នីហ្វៃ​បាន​បង្រៀន​ទៀត​ថា « បើ​សិន​ជា​អ្នក​រាល់​គ្នា នឹង​ចូល​ទៅ​តាម​ផ្លូវ​នោះ ហើយ​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ​ដល់​អ្នក នូវ​គ្រប់​អ្វី​ទាំង​អស់ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃ​ទី ២ ៣២:៥ ) ។ ដូច្នេះ​ការពង្រឹង​ដល់​សារៈសំខាន់​នៃ​ការស្វែងរក​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ឥឡូវ​នេះ​នីហ្វៃ​ណែនាំ​យើង​អំពី​ទំនាក់ទំនង​ផ្ទាល់​ដោយ​ផ្ទាល់​ខ្លួន ដែល​យើង​ត្រូវតែ​មាន​ជាមួយ​ព្រះវិញ្ញាណ​ ដែល​ជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។

នីហ្វៃ​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​អ្វី​ដែល​លោក​បាន​ថ្លែង ។ ប្រមាណ​ជា ៣០ ឬ ៤០ ឆ្នាំ​មុន​នោះ កាល​គ្រួសារ​របស់​លោក​កំពុង​នៅ​ទីរហោស្ថាន ហើយ​លោក​កំពុង​សង់សំពៅ​ដែល​នឹង​នាំ​ពួកគេ​ទៅកាន់​ដែនដី​សន្យា នោះនីហ្វៃបាន​ស្តីបន្ទោស​បងៗ​របស់​លោកចំពោះការចោទសួរ​នានា ទោះបី​ជា​បន្ទាប់ពី​បាន​ឮ​សំឡេង​នៃ​ទេវតា​ក្តី ។

នីហ្វៃ​បាន​ថ្លែង​ទៅកាន់​ពួកគេ​ថា « បង​រាល់​គ្នា​រហ័ស​ធ្វើ​អំពើ​ទុច្ចរិត​ណាស់ ប៉ុន្តែ​កម្រ​នឹក​ចាំ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​បង ។ បង​រាល់​គ្នា​បាន​ឃើញ​ទេវតា ហើយ​ទេវតា​នោះ​បាន​និយាយ​ជាមួយ​នឹង​បង​រាល់​គ្នា មែន​ហើយ បង​រាល់​គ្នា​បាន​ឮ​សំឡេង​របស់​ព្រះ​អង្គជា​ញឹកញយ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​បង​រាល់​គ្នា​ដោយ​សំឡេង​តូច​រហៀងៗ ប៉ុន្តែ​បង​រាល់​គ្នា​មាន​ចិត្ត​វក់​វិញ ទើប​មិន​អាច​ចាប់​អារម្មណ៍​ពី​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ឡើយ ហេតុ​ដូច្នោះ​ហើយ បាន​ជា​ទ្រង់​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​បង ដូច​ជា​សូរ​ផ្គរលាន់ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ ហាក់​បី​ដូច​ជា​ចង់​ប្រេះ​ចេញ​ពី​គ្នា » ( នីហ្វៃ​ទី ១ ១៧:៤៥ ) ។

ចូរ​យើង​កុំ​ឈប់​ក្នុងការទទួលអារម្មណ៍

ជាទូទៅ​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​បុត្រាបុត្រី​របស់​ទ្រង់​កើត​ឡើង​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ភាគច្រើន​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទង​យើង​តាម​សំឡេង​ដែល​ចូល​មក​ក្នុង​គំនិត និង​ចិត្ត​របស់យើង « សំឡេង​តូច​រហៀងៗ​ដែល​ខ្សឹប ហើយ​ទំ​លុះ​គ្រប់​ទាំង​អស់ » ( គ. និង ស. ៨៥:៦ ) ។ ចូរ​យើង​ស្តាប់​សំឡេង​ដ៏ស្រទន់​នោះ ហើយ​កុំ​រង់ចាំ​រហូត​ដល់​នរណា​ម្នាក់​ទៀត​ត្រូវ​និយាយ​មក​កាន់​យើង​ដោយ​សំឡេង​ផ្គរលាន់​ឡើយ ! ចូរ​ចាំ​ថា អេលីយ៉ា​បាន​ដឹង​ថា សំឡេង​របស់​ព្រះអម្ចាស់​ពុំ​គង់​នៅ​ក្នុង​ខ្យល់ ការកក្រើក​ដី ឬនៅក្នុង​ភ្លើង​ឡើយ ។ ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​លោក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សំឡេង​តូច​រហៀងៗ ។

ប្រធាន ប៊យ ខេ ផាកកឺ ( ១៩២៤–២០១៥ ) ប្រធាន​កូរ៉ុម​ពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « សំឡេង​នៃ​ព្រះវិញ្ញាណ​កើត​ឡើងជា អារម្មណ៍ ជាជាង​ជាសំឡេង ។ អ្នក​នឹង​រៀន ដូចជា​ខ្ញុំ​បាន​រៀន​ដែរ ដើម្បី ‹ ស្ដាប់ › សំឡេង​នោះ នោះ​គឺជា អារម្មណ៍ ជាជាង ការស្តាប់ឮ ។

…វាជាសំឡេង​ខាងវិញ្ញាណ​ដែល​មក​ក្នុងដួងចិត្ត​ជា​គំនិត ឬ​ជាអាម្មរណ៍​ដែល​ដាក់​ក្នុង​ដួងចិត្ត​របស់អ្នក » ។

យើង ទទួល​អារម្មណ៍ នូវ​ពាក្យនានា​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​គំនិត និង​ចិត្ត​របស់​យើង ជាជាង​ពាក្យ​ទាំង​នោះ​ ដែលយើង​ស្តាប់ឮ ដោយ​ត្រចៀក​របស់​យើង ។ ចូរ​យើង​កុំ​បរាជ័យ​ក្នុងការទទួលអារម្មណ៍​នៃ​ការបំផុសគំនិត​ទាំង​នោះ​ឡើយ ! ចូរ​យើង​បើក​គំនិត និង​ដួងចិត្ត​របស់​យើង​ទទួល​ប្រសាសន៍​របស់​ពួកព្យាការី ។ ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បន្ត​បង្រៀន​យើង​តាមរយៈ​សំឡេង​តូច​រហៀងៗ ។ ការបង្រៀន​របស់​ពួកសិស្ស​ទ្រង់​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នឹង​ត្រូវ​បញ្ជូន​មក​កាន់​ពួកគេ បន្ទាប់​ពី​ទ្រង់​បាន​យាង​ចេញទៅ នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ពួកគេ​ថា « តែ​ព្រះ​ដ៏​ជា​ជំនួយ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់មក​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់គ្នា​ពី​គ្រប់​សេចក្តី​ទំាង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់គ្នា​ដែរ » ( យ៉ូហាន ១៤:២៦ ) ។

សមាជិកស្មោះត្រង់គ្រប់រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​សិទ្ធ និង​ពរជ័យ​នៃ​ការទទួលបាន​ការដឹកនាំ ការបំផុសគំនិត និង​វិវរណៈ​ផ្ទាល់​ខ្លួន​មក​ពី​ស្ថានសួគ៌​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) បាន​មាន​ប្រសាសន៍​ថា ៖ « ចូរ​ទទួល​ឥទ្ធិពល​មក​ពី​សំឡេង​តូច​រហៀងៗ ។ ចូរ​ចងចាំ​ថា មនុស្ស​ម្នាក់​ដែល​មានសិទ្ធិ​អំណាច​បាន​ដាក់ដៃ​លើ​ក្បាល​អ្នក​នៅពេល​បញ្ជាក់​អ្នក ហើយ​ថ្លែង​ថា ‹ ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ › ។ ចូរ​បើក​ដួងចិត្ត​របស់​អ្នក សូម្បី​តែ​ព្រលឹង​របស់​អ្នក​ស្តាប់​សំឡេង​ដ៏ពិសេស​នោះ ដែល​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ។ ដូច​ដែល​ព្យាការី​អេសាយ បាន​សន្យា ‹ ត្រចៀក​នឹង​ឮ​ពាក្យ​ … គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ › [ អេសាយ ៣០:២១ ] » ។

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  2. ប៊យដ៍ ឃេ ផាកកឺ « Counsel to Youth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៧–១៨ ។

  3. ថូម៉ាស អេស ម៉នសុន « ជឿ, គោរពប្រតិបត្តិ, និង​កាន់ខ្ជាប់ » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១២៩ ។