ការទូន្មានដែលខ្ញុំពុំចង់ឮ
ឈ្មោះត្រូវបានលាក់ ទីក្រុង ព័រតូ អាលេហ្គ្រេ ប្រទេស ប្រេស៊ីល
នៅពេលស្វាមីខ្ញុំ និងខ្ញុំបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់យើង នោះនៅបីឆ្នាំដំបូងមានការលំបាកណាស់ ។ យើងពុំបានទទួលប្រាក់ចំណេញទេ ហើយយើងធ្លាក់ទៅក្នុងការជំពាក់បំណុល ។ យើងបានខិតខំធ្វើការ ប៉ុន្តែបញ្ហាដែលពុំអាចរំពឹងទុកជាមុនបានធ្វើឲ្យគ្រានោះក្លាយជាគ្រាដ៏លំបាកបំផុតនៃជីវិតរបស់យើង ។
វាកាន់តែអាក្រក់ឡើង នៅពេលម្តាយក្មេករបស់ខ្ញុំបានចែកឋានទៅនៅថ្ងៃបន្ទាប់ពីបុណ្យគ្រីស្ទម៉ាស់ ហើយមួយសប្តាហ៍ក្រោយមកគឺមុនយប់ថ្ងៃបុណ្យចូលឆ្នាំថ្មី នោះខ្ញុំបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ។ នាគ្រានោះ យើងគ្មានប្រាក់សោះ ហើយយើងបានបាត់ឡានរបស់យើង ហើយអ្វីដែលកាន់តែអាក្រក់បំផុតនោះគឺ យើងគ្មានប្រាក់នឹងបង់ការធានារ៉ាប់រងសុខភាពរបស់យើងឡើយ ។
ទីបំផុត ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថា មានកើតជំងឺមហារីកដ៏កាចសាហាវមួយប្រភេទ ដែលវាបានអភិវឌ្ឍអស់រយៈពេលយ៉ាងហោចណាស់ប្រាំឆ្នាំមកហើយ ។ វាមានសភាពធ្ងន់ធ្ងរ ហើយតម្រូវឲ្យវះកាត់ជាបន្ទាន់ ។ ខ្ញុំគ្មានពេលច្រើនឡើយ ហើយយើងគ្មានប្រាក់ដើម្បីចំណាយថ្លៃព្យាបាលដែលខ្ញុំត្រូវការឡើយ ។
ស្វាមីរបស់ខ្ញុំ និងខ្ញុំបានជួបជាមួយប៊ីស្សពរបស់យើង ហើយយើងបានសូមរកជំនួយ ។ យើងបានពន្យល់ថា នេះពិតជាករណីរឿងស្លាប់រស់ ។ ប៊ីស្សពបានខ្វល់ខ្វាយ ប៉ុន្តែគាត់បានប្រាប់យើងថា គាត់បានទទួលការបំផុសគំនិតឲ្យចាំបន្តិចទៀត ពីមុនផ្តល់ជំនួយប្រសិនបើមានមធ្យោយបាយមួយផ្សេងទៀតប្រហែលជាអាចបើកផ្លូវសម្រាប់យើង ។ គាត់បានអះអាងនឹងយើងថា ប្រសិនបើសេចក្តីជំនឿរបស់យើងមានគ្រប់គ្រាន់ នោះព្រះអម្ចាស់នឹងប្រទានមធ្យោបាយមួយសម្រាប់ខ្ញុំឲ្យទទួលបានជំនួយដែលខ្ញុំត្រូវការ ។
នៅគ្រាដំបូង ការឆ្លើយតបរបស់ប៊ីស្សពបានធ្វើឲ្យខ្ញុំខឹង និងមានការថ្នាំងថ្នាក់ចិត្ត ។ ខ្ញុំមានអារម្មណ៍ថា ទាំងគាត់ និងព្រះអម្ចាស់បានបោះបង់ខ្ញុំចោល ។ ប៉ុន្តែខ្ញុំមានទីបន្ទាល់អំពីដំណឹងល្អ ហើយខ្ញុំបានជឿថា ប៊ីស្សពរបស់យើងត្រូវបានហៅពីព្រះ ។ ទោះបីជាដួងចិត្តរបស់ខ្ញុំឈឺចាប់ក្តី ខ្ញុំបានអធិស្ឋានទូលសូមថា ព្រះវរបិតាសួគ៌នឹងជួយខ្ញុំឲ្យបន្តស្រឡាញ់ គោរព និងគាំទ្រប៊ីស្សពរបស់ខ្ញុំ ។ នៅពេលខ្ញុំបានអធិស្ឋានទូលសូមរឿងនេះ នោះខ្ញុំត្រូវបានលួងលោម ហើយទទួលអារម្មណ៍ថា ព្រះអម្ចាស់នឹងជួយខ្ញុំនៅក្នុងរបៀបផ្សេង ។
ស្វាមីខ្ញុំ និងខ្ញុំបានបន្តឆ្ពោះទៅមុខដោយសេចក្តីជំនឿ ហើយខ្ញុំបានទទួលការធ្វើតេស្តវេជ្ជសាស្ត្រចាំបាច់នានា ព្រមទាំងដាក់កាលវិភាគសម្រាប់ការវះកាត់របស់ខ្ញុំ ទោះបីជាយើងខ្វះប្រាក់ក្តី ។ នៅថ្ងៃមុនការវះកាត់របស់ខ្ញុំ យើងបានលក់អាជីវកម្មរបស់យើងក្នុងតម្លៃមួយដ៏ល្អ ដែលធ្វើឲ្យយើងអាចបង់ថ្លៃការចំណាយថ្លៃពេទ្យរបស់ខ្ញុំទាំងអស់ ។
ឥឡូវនេះ វាប្រែកាន់តែច្បាស់ថា ហេតុអ្វីប៊ីស្សពរបស់ខ្ញុំមានចិត្តស្ទាក់ស្ទើរក្នុងការជួយ ។ គាត់បានធ្វើតាមការបំផុសគំនិត ដើម្បីឲ្យខ្ញុំមានបទពិសោធន៍ខាងវិញ្ញាណដ៏មានតម្លៃមួយ ។ បទពិសោធន៍នោះបានបង្រៀនខ្ញុំឲ្យទុកចិត្តលើព្រះអង្គសង្គ្រោះ ទោះបីជាផ្លូវនោះហាក់ដូចជាមានឧបសគ្គ និងភ័យខ្លាចយ៉ាងណាក្តី ។ ខ្ញុំមានអំណរគុណចំពោះការទូន្មានដែលខ្ញុំពុំចង់ឮមកពីប៊ីស្សពរបស់ខ្ញុំ ។ ឥឡូវនេះខ្ញុំដឹងថា ព្រះគឺជាព្រះនៃអព្ភូតហេតុ ហើយទ្រង់ពុំដែលបោះបង់យើងចោលឡើយ ។