ការដោះស្រាយជាមួយសំណួរពិបាកៗ ៖ គោលការណ៍ ៣ យ៉ាងដែលអាចជួយបាន
នេះគឺជារបៀបស្វែងរកចម្លើយនៅក្នុងរបៀបមួយដែលពង្រឹងសេចក្តីជំនឿរបស់អ្នក ។
តើអ្នកធ្លាប់មានសំណួរមួយអំពីដំណឹងល្អ ឬសាសនាចក្រដែរឬទេ ? តើអ្នកធ្លាប់បារម្ភថា តើសំណួររបស់អ្នកអាចមានន័យថា អ្នកគ្មានសេចក្តីជំនឿគ្រប់គ្រាន់ ឬថាទីបន្ទាល់របស់អ្នកពុំខ្លាំងគ្រប់គ្រាន់ដែរឬទេ ?
សំណួរគឺជាផ្នែកមួយដ៏សាមញ្ញ និងចាំបាច់នៃដំណើររបស់អ្នកពេញមួយជីវិតរមែងស្លាប់នេះ ។ វាអាចនាំអ្នកទៅរកការយល់ដឹង និងសេចក្ដីជំនឿកាន់តែប្រសើរឡើង ។ ប៉ុន្តែ ឥរិយាបថ ការជំរុញចិត្ត និងដំណើរការស្វែងរកចម្លើយរបស់អ្នក វាជះឥទ្ធិពលដល់លទ្ធផលនោះ ។
នៅក្នុងថ្នាក់សិក្ខាសាលា អ្នកនឹងរៀនអំពីគោលការណ៍ចំណេះចំណានខាងគោលលទ្ធិទាំងបីនេះ ដែលអាចជួយដឹកនាំអ្នកទៅរកសេចក្តីពិតអស់កល្បជានិច្ច ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
នៅពេលអ្នកមានសំណួរ អ្នកអាចធ្វើសកម្មភាពដោយសេចក្តីជំនឿ ដោយជ្រើសរើសទុកចិត្តព្រះ ហើយបែរទៅរកទ្រង់ជាមុនដើម្បីទទួលបានចម្លើយ ។ ព្រះប្រទានចម្លើយ « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី ២ ២៨:៣០ ) ។ វាសំខាន់ដើម្បីពឹងផ្អែកទៅលើទីបន្ទាល់ដែលអ្នកមានរួចជាស្រេចនៅក្នុងគ្រានៃការសង្ស័យ ។
« សង្ស័យមន្ទិលអ្នកពីមុនសង្ស័យសេចក្ដីជំនឿអ្នក » ១ — អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ។
« ចូរតោងឲ្យជាប់ទៅនឹងអ្វីដែលអ្នកបានដឹងរួចហើយនោះ ហើយឈរឲ្យរឹងមាំរហូតដល់ទទួលបានចំណេះដឹងបន្ថែម » ២ — អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។
-
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យនៃដំណឹងល្អ
ប្រសិនបើអ្នកពិចារណាសំណួរនៅក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះ ឬការបង្រៀនរបស់ព្រះអង្គសង្គ្រោះ នោះអ្នកអាចចាប់ផ្តើមឃើញរឿងនានាតាមរបៀបដែលព្រះទតឃើញដែរ ។ ការណ៍នេះនឹងជួយអ្នកឲ្យពិនិត្យមើលសំណួររបស់អ្នកឡើងវិញ ដោយប្រើប្រាស់បទដ្ឋានរបស់ព្រះអំពីសេចក្តីពិតជាជាងប្រើប្រាស់បទដ្ឋានរបស់ពិភពលោក ។
« ចូរធ្វើជាយុថ្កាទៅនឹងសេចក្តីពិតអស់កល្ប … នឹងផ្តល់ភាពសុខសាន្តដល់យើង ដែលកើតឡើងមកពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងចំណេះដឹងដែលយើងកំពុងដើរលើផ្លូវឆ្ពោះទៅរកជីវិតអស់កល្បជានិច្ច »៣ —ប្រធាន ដាល្លិន អេក អូក ។
« បើអ្នករកឃើញថាមានអ្វីមួយហាក់ដូចជារារាំងក្ដីអំណរ និងពន្លឺនៃដំណឹងល្អក្នុងជីវិត របស់អ្នក ខ្ញុំសូមអញ្ជើញអ្នកឲ្យដាក់វានៅក្នុងទស្សនវិស័យនៃដំណឹងល្អ ។ សូមមើលតាមកញ្ចក់ពង្រីកនៃដំណឹងល្អ ហើយមានការប្រុងប្រយ័ត្នកុំបណ្តោយឲ្យរឿងមិនសំខាន់ និងគ្មានប្រយោជន៍មកក្នុងជីវិតអ្នក ដើម្បីបិទបាំងទស្សនអស់កល្បជានិច្ចរបស់អ្នកអំពីផែនការនៃសុភមង្គលដ៏មហិមាឡើយ »៤ —អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ។
-
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលត្រូវបានតាំងមកពីព្រះ
ព្រះបានប្រទានប្រភពជាច្រើនដល់អ្នកដើម្បីប្រើប្រាស់ នៅពេលអ្នកស្វែងរកសេចក្តីពិត ។ ប្រភពទាំងនោះរួមមាន ព្រះវិញ្ញាណបរិសុទ្ធ, ព្រះគម្ពីរ, គ្រួសារ, ថ្នាក់ដឹកនាំសាសនាចក្ររបស់អ្នក ព្រមទាំងប្រភពខាងក្រៅសាសនាចក្រដែលពង្រឹងសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលស្វែងរកចម្លើយនានា សូមប្រាកដថា យើងញែកឲ្យដាច់រវាងប្រភពដែលពុំអាចទុកចិត្តបាន និងប្រភពដែលអាចទុកចិត្តបាន ដែលនឹងពង្រឹងសេចក្តីជំនឿរបស់អ្នក ហើយយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកកាន់ជីវិតរបស់អ្នក ។
« ប្រយោជន៍ជាច្រើន … កើតឡើងមកពីការខិតខំរបស់អ្នកដើម្បីពង្រីក ពន្លាត និងបង្កើនការយល់ដឹងរបស់អ្នកអំពីសេចក្តីពិត ។ សូមប្រើប្រាស់ព្រះគម្ពីរ និងការប្រកាសនានារបស់ពួកព្យាការីដើម្បីពង្រីកចំណេះដឹងរបស់អ្នក »៥ — អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨–២០១៥ ) ។
« យើងបន្តស្វែងរកសេចក្តីពិតមកពីសៀវភៅល្អៗ និងប្រភពកម្សាន្តត្រឹមត្រូវផ្សេងៗទៀត ។ ‹ ហើយបើសិនជាមានអ្វីណាមួយដែលប្រកបដោយគុណធម៌ គួរឲ្យស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ នោះយើងខ្ញុំស្វែងរករបស់ផងទាំងនេះហើយ › [ មាត្រានៃសេចក្ដីជំនឿ ១:១៣ ] »៦ — អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ។
សូមសាកល្បងវាដោយខ្លួនឯង !
ឧទាហរណ៍ខាងក្រោមនេះបង្ហាញអំពីរបៀបដែលវាអាចត្រូវបានធ្វើ ។ សូមកត់ចំណាំថា ទាំងនេះពុំមែនជាចម្លើយពេញលេញទេ គឺគ្រាន់តែជាឧទាហរណ៍អំពីរបៀបដែលយុវជន ឬយុវនារីអាចសាកល្បងឆ្លើយសំណួរទាំងនោះដោយខ្លួនពួកគេ ។ អ្នកនឹងចង់បន្តការសិក្សា និងការអធិស្ឋានអំពីប្រធានបទនានាដែលអ្នកមានសំណួរ ដើម្បីស្វែងរកចម្លើយ ហើយពង្រឹងទីបន្ទាល់របស់អ្នក ។
ហេតុអ្វីព្រះវរបិតាសួគ៌ទុកឲ្យរឿងអាក្រក់កើតមានឡើង ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ៖ ខ្ញុំបានទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់ខ្ញុំ ហើយខ្ញុំដឹងថា ទ្រង់មានពិតមែន ទោះបីជាខ្ញុំពុំយល់ពីមូលហេតុដែលព្រះទុកឲ្យរឿងអាក្រក់កើតឡើងក្តី ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យនៃដំណឹងល្អ ៖ សិទ្ធិសេរីភាពជ្រើសរើសគឺជាផ្នែកសំខាន់មួយនៃផែនការនៃសេចក្តីសង្គ្រោះ ។ ព្រះបានបញ្ជូនយើងមកកាន់ផែនដីនេះដើម្បីដកពិសោធន៍ការសាកល្បង សម្រេចចិត្ត និងទទួលរូបកាយសាច់ឈាម ។ ប៉ុន្តែការអនុញ្ញាតឲ្យមនុស្សធ្វើការសម្រេចចិត្តមានន័យថា ជួនកាលមនុស្សនឹងធ្វើការជ្រើសរើសខុស ហើយប៉ះទង្គិចដល់ជីវិតរបស់មនុស្សដទៃទៀត ។ ហើយការសាកល្បងនោះគឺពុំមែនជាលទ្ធផលនៃការខ្វះការជ្រើសរើសត្រឹមត្រូវនោះទេ — ដូចជាគ្រោះធម្មជាតិ, ពិការភាព និងសេចក្តីស្លាប់ — អាចផ្តល់ឱកាសសម្រាប់យើងដើម្បីពង្រឹងទីបន្ទាល់របស់យើង ហើយទុកចិត្តលើព្រះ ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលត្រូវបានតាំងមកពីព្រះ ៖ តើព្រះគម្ពីរ និងពួកព្យាការីសម័យទំនើបបានថ្លែងអ្វីខ្លះអំពីមូលហេតុដែលយើងត្រូវឆ្លងកាត់រឿងលំបាកទាំងនេះ ? « សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ » ( គ. និង ស. ១២១:៧–៨ ) ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ព្រះពុំបោះបង់យើងឲ្យនៅឯកោឡើយ ពុំបោះបង់ចោលដោយពុំជួយយើងនៅក្នុងឧបសគ្គដែលយើងជួបប្រទះឡើយ » ។៧ ខ្ញុំពុំដឹងពីហេតុផលចំពោះការសាកល្បងទាំងអស់របស់ខ្ញុំឡើយ ប៉ុន្តែខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទបានធ្វើដង្វាយធួនសម្រាប់ខ្ញុំ និងមនុស្សគ្រប់គ្នា ។ ខ្ញុំអាចបែរទៅរកទ្រង់ និងព្រះវរបិតាសួគ៌ទូលសូមភាពសុខសាន្ត កម្លាំង និងការគាំទ្រអំឡុងពេលនៃការសាកល្បងរបស់ខ្ញុំ ( សូមមើល អាលម៉ា ៧:១១–១២ ) ។
តើខ្ញុំអាចប្រាប់ថា ពេលណាដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ខ្ញុំ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ៖ ទោះបីជួនកាលវាមានការពិបាកសម្រាប់ខ្ញុំដើម្បីប្រាប់ នៅពេលខ្ញុំកំពុងទទួលការបំផុសគំនិត ខ្ញុំដឹងមកពីស្តាប់ទីបន្ទាល់របស់មនុស្សដទៃ និងអានព្រះគម្ពីរដែលព្រះវិញ្ញាណនឹងជួយខ្ញុំយល់ ប្រសិនបើខ្ញុំបន្តព្យាយាមស្តាប់តាមការទូន្មានរបស់ទ្រង់ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យនៃដំណឹងល្អ ៖ ព្រះប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដល់យើង ដូច្នេះយើងអាចទទួលការបំផុសគំនិតដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ។ ប្រសិនបើខ្ញុំកំពុងទទួលការបំផុសគំនិតដើម្បីធ្វើអ្វីមួយល្អ នោះខ្ញុំអាចដឹងថា វាគឺមកពីព្រះវិញ្ញាណ ទោះបីវាហាក់ដូចជាគំនិតផ្ទាល់របស់ខ្ញុំក្តី ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលត្រូវបានតាំងមកពីព្រះ ៖ ព្រះគម្ពីរបង្រៀនថា « ចូរមានចិត្តរាបសា ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក ហើយប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយរបស់អ្នក » ( គ. និង ស. ១១២:១០ ) ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « បំណងប្រាថ្នា និងភាពសក្តិសមដ៏ស្មោះសរអញ្ជើញវិញ្ញាណនៃវិវរណៈមកកាន់ជីវិតយើង » ។៨ ប្រសិនបើខ្ញុំព្យាយាមបន្ទាបខ្លួន ហើយធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំឲ្យមានភាពសក្តិសមនឹងព្រះវិញ្ញាណ នោះព្រះអម្ចាស់នឹងជួយដឹកនាំខ្ញុំទៅរកចម្លើយ ។ ទ្រង់នឹងបង្រៀនខ្ញុំអំពីរបៀបដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ខ្ញុំយ៉ាងជាក់លាក់ ។
សេចក្ដីបញ្ចប់
សំណួរពុំមែនជាសញ្ញានៃការខ្វះសេចក្តីជំនឿទេ ជារឿយៗសំណួរគឺជាការបង្ហាញនូវការរីកចម្រើននៃទីបន្ទាល់ ។ នៅពេលអ្នកធ្វើសកម្មភាពដោយសេចក្ដីជំនឿ ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យនៃដំណឹងល្អ និងស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលត្រូវបានតាំងមកពីព្រះ នោះអ្នកអាចស្វែងរកចម្លើយដែលមានប្រយោជន៍ចំពោះសំណួររបស់អ្នក ហើយមានសេចក្តីជំនឿកាន់តែប្រសើរឡើងលើព្រះយេស៊ូវគ្រីស្ទ ។