ដំណើររបស់អ៊ីសាប៊ែល
អ្នកនិពន្ធរស់នៅរដ្ឋតិចសាស ស.រ.អា ។
ការធ្វើដំណើរនេះអាចនឹងយូរ ហើយគ្រោះថ្នាក់ ប៉ុន្តែការទៅព្រះវិហារបរិសុទ្ធវាសក្ដិសមនឹងដំណើរនោះហើយ ។
ប្រទេស ប្រេស៊ីល ឆ្នាំ ១៩៩២
អ៊ីសាប៊ែលបានសម្លឹងមើលទៅមេឃពណ៌ខៀវងងឹត ។ ពុំមានឃើញពពកឡើយ ។ នាងបានលិឍបបូរមាត់ស្ងួតរបស់នាង ។
ឪពុកម្តាយរបស់នាងកំពុងនិយាយគ្នាយ៉ាងស្ងៀមស្ងាត់ជាមួយប្រធាន សាន់ឌីអាហ្គោ ដែលជាប្រធានស្តេក ។ សំឡេងម៉ាស៊ីនទូករោទ៍លាន់ខ្លាំងដែលធ្វើឲ្យនាងពុំអាចស្តាប់ពួកគាត់បាន ។ ប៉ុន្តែនាងបានដឹងថា ពួកគាត់កំពុងនិយាយរឿងអ្វី ។ គ្មានទឹកផឹកទៀតទេ ។
អ៊ីសាប៊ែលបានព្យាយាមផ្តោតចិត្តទុកដាក់ទៅលើហេតុផលសម្រាប់ដំណើររបស់ពួកគេ ។ ពួកគេនឹងទៅព្រះវិហារបរិសុទ្ធដើម្បីផ្សារភ្ជាប់ជាក្រុមគ្រួសារ ! នាងបានចាំពីការនិយាយរបស់ឪពុកម្តាយនាងអំពីព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាតនៅទីក្រុងសៅ ប៉ូឡូ តាំងពីនាងនៅក្មេងម៉្លេះ ។ ការទៅទីនោះហាក់ដូចជារឿងនិទានមួយអញ្ចឹង ។ លើសពីនោះទៀត គ្រួសាររបស់អ៊ីសាប៊ែលបានរស់នៅទីក្រុងម៉ាណូស នៅជ្រៅនៅក្នុងព្រៃល្បាតអាម៉ាស្សូន ហើយព្រះវិហារបរិសុទ្ធមានចម្ងាយជាង ៣២១៩ គីឡូម៉ែត្រ ។
បន្ទាប់មកប្រធាន សាន់ឌីអាហ្គោ បានគ្រោងការធ្វើដំណើររយៈពេលប្រាំមួយថ្ងៃដើម្បីទៅដល់ទីនោះ ។ មានសមាជិកជាង ១០០ នាក់បានសម្រេចចិត្តទៅ ។ ម៉ាមែ បានប្រាប់នាងថា « វាជាពលិកម្មមួយ ។ ប៉ុន្តែពលិកម្មនាំមកនូវពរជ័យ » ។
នៅពេលគ្រាដំបូងការធ្វើដំណើរនោះគួរឲ្យរំភើបណាស់ ។ ពួកគេបានដេកនៅក្នុងអង្រឹងនៅលើដំបូលទូក ច្រៀងទំនុកតម្កើង និងអានព្រះគម្ពីរ ។
ប៉ុន្តែក្រោយមក ទឹកផឹកបានអស់ ហើយទឹកទន្លេពុំអាចផឹកបានឡើយដោយសារវាកខ្វក់ខ្លាំងពេក ។
អ៊ីសាប៊ែលមានអារម្មណ៍ថា ម៉ាមែ ស្ទាបដៃរបស់នាង ។ នាងបាននិយាយថា « ប្រធានសាន់ទីអាហ្គោ កំពុងប្រមូលយើងទាំងអស់គ្នាឲ្យជួបជុំគ្នា ។ យើងនឹងអធិស្ឋានទូលសូមឲ្យភ្លៀង » ។
អ៊ីសាប៊ែលបានចូលរួមជាមួយក្រុម ហើយការអធិស្ឋានបានចាប់ផ្តើម ។ បន្ទាប់ពីការអធិស្ឋានបានបញ្ចប់ទៅ នាងមានអារម្មណ៍ថា ខ្យល់ត្រជាក់បានបក់ប៉ះករបស់នាង ។ នាងបានរត់ទៅកៀនទូក ហើយខំដកដង្ហើម ។ ពពកព្យុះពណ៌ប្រផេះកំពុងរំកិលមកកាន់ពួកគេ ។ មិនយូរប៉ុន្មានក្រោយមក ភ្លៀងបានចាប់ផ្តើមធ្លាក់ ! នាងបានហាមាត់ដើម្បីត្រងតំណក់ទឹកភ្លៀង ។
ម៉ាមែ បានស្រែកថា « លឿនឡើងៗ ! យកធុង, យកខ្ទះ — អ្វីក៏បានដែរ ! »
អ៊ីសាប៊ែលបានចាប់យកខ្ទះមួយ ហើយកាន់វា ។ នាងចង់ត្រងទឹកទាំងអស់តាមដែលនាងអាចធ្វើបាន ។ មនុស្សគ្រប់គ្នាធ្វើការរួមគ្នា ទាំងសើចសប្បាយ និងមានក្តីសាទរ ។ មិនយូរប៉ុន្មានក្រោយមក ពួកគេបានទទឹកខ្លួនជោគ ! ព្យុះនោះមានរយៈពេល ១៥ នាទី ។ វាយូរល្មមសម្រាប់ឲ្យពួកគេត្រងទឹកទាំងអស់ដែលពួកគេត្រូវការ ។ វាជាអព្ភូតហេតុមួយ ។
មិនយូរប៉ុន្មានក្រោយមក ទូកបានទៅដល់កំពង់ ។ ប៉ុន្តែពួកគេនៅតែត្រូវធ្វើដំណើរចម្ងាយ ២៤១៤ គីឡូម៉ែត្រទៀត ។ មនុស្សគ្រប់គ្នាបានជិះឡានក្រុងសម្រាប់ការធ្វើដំណើរដែលនៅសល់នោះ ។ អស់រយៈពេលជាច្រើនថ្ងៃឡានក្រុងបរនៅលើផ្លូវដែលរលាក់ ។ មានម្តងនោះវាបានរលាក់យ៉ាងខ្លាំងដែលធ្វើឲ្យកញ្ចក់ខាងមុខឡានក្រុងនោះបានខូច ! ជួនកាលពួកគេជិះកាត់ទីក្រុងដែលក្តៅ ហើយមានមនុស្សអ៊ូរអរ ។ ប៉ុន្តែយ៉ាងហោចណាស់ ផ្លូវនៅទីនោះពុំសូវរលាក់ប៉ុន្មានទេ !
មនុស្សគ្រប់គ្នាមានអំណរគុណជានិច្ច នៅពេលពួកគេឈប់នៅតាមភូមិ ឬទីក្រុងណាមួយដើម្បីបរិភោគអាហារ ។ ពួកគេបានបរិភោគអាហារនៅសាលាជំនុំ ឬជាមួយសមាជិកសាសនាចក្រនៅតាមផ្ទះនោះ ។ នាយប់ដំបូង ពួកគេបានទៅដល់ទីនោះរាងយប់ជ្រៅ ដែលធ្វើឲ្យអ៊ីសាប៊ែលខ្លាចថា គ្មាននរណាម្នាក់នឹងរង់ចាំពួកគេ ។ ម៉ាមែ បាននិយាយដោយញញឹមទាំងអស់កម្លាំងថា « កុំបារម្ភអី ។ មើលន៎ ! »
ប្រធានសាខា និងសមាជិកសាសនាចក្របានឈរតម្រង់ជួរនៅផ្លូវម្ខាងទៀត ។ ពួកគេបានកាន់បដាដែលមានសរសេរអក្សរថា « ពលិកម្មនាំមកនូវពរជ័យ » ។ អ៊ីសាប៊ែលបានញញឹម ។ ម៉ាមែ មានប្រសាសន៍ត្រូវ !
បន្ទាប់ពីជិះឡានក្រុងលើផ្លូវរលាក់អស់រយៈពេលបីថ្ងៃមក នៅទីបំផុតពួកគេបានទៅដល់ទីក្រុង សៅ ប៉ូឡូ ។ អ៊ីសាប៊ែលបានឈរនៅលើកៅអីអង្គុយរបស់នាងដើម្បីមើលឃើញទេសភាពកាន់តែច្បាស់ នៅពេលឡានក្រុងបើកជុំវិញផ្លូវកោង ។ រំពេចនោះ មនុស្សគ្រប់គ្នានៅលើឡានក្រុងបានផ្ទុះនូវក្តីរីករាយឡើង ។ « O templo ! O templo ! » ពួកគេអាចឃើញកំពូលខ្ពស់ស្រួចៗស្តើងរបស់ព្រះវិហារបរិសុទ្ធលេចខ្ពស់ត្រដែតលើសចុងជួរដើមត្នោត ។
មនុស្សគ្រប់គ្នាអស់កម្លាំងជាខ្លាំង ប៉ុន្តែគ្មាននរណាម្នាក់ចង់សម្រាកឡើយ ។ ពួកគេចង់ទទួលបានការផ្សារភ្ជាប់ៗភ្លាមតែម្តង ។ នៅពេលដល់វេនដែលគ្រួសាររបស់នាងត្រូវផ្សារភ្ជាប់ អ៊ីសាប៊ែលបានស្លៀកសម្លៀកបំពាក់ពណ៌សយ៉ាងយកចិត្តទុកដាក់ ។ ពេលនាងដើរចូលទៅក្នុងបន្ទប់ផ្សារភ្ជាប់ នាងបានឃើញឪពុករបស់នាងញញឹមពព្រាយ ។ ទឹកភ្នែកនៃអំណរបានហូរមកលើមុខរបស់ ម៉ាមែ ។ អ៊ីសាប៊ែលបានគិតថា « ដំណើររបស់ពួកគេយូរ ហើយថែមទាំងមានគ្រោះថ្នាក់ទៀត ។ ប៉ុន្តែពលិកម្មនោះសក្តិសមនឹងការធ្វើដំណើរនោះ » ។ នាងបានញញឹម នៅពេលនាងបានអង្គុយនៅកន្លែងនាងដើម្បីផ្សារភ្ជាប់ជាមួយគ្រួសាររបស់នាងជារៀងរហូត ។