របៀបដែលយើងបានជោគជ័យក្នុងការចែកចាយដំណឹងល្អ
ក្នុងនាមជាអ្នកប្រែចិត្តជឿថ្មី ភរិយារបស់ខ្ញុំ និងខ្ញុំពុំបានដឹងច្រើនអំពីរបៀបធ្វើជាអ្នកផ្សព្វផ្សាយសាសនាឡើយ ។ ប៉ុន្តែយើងដាក់គោលដៅដើម្បីចែកចាយជាមួយមនុស្ស ១០០ នាក់ ។
ភរិយារបស់ខ្ញុំ អេវើរចយ ហើយនិងខ្ញុំមកពីទីក្រុងតូចមួយនៃ ម៉ូធែរ នៅព្រំដែនភាគខាងកើតរបស់ប្រទេសស្ស៊ីមបាវ៉េ ។ មិនយូរប៉ុន្មានបន្ទាប់ពីយើងបានទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់រួច នោះយើងមានចិត្តរំភើបក្នុងការធ្វើកិច្ចការផ្សព្វផ្សាយសាសនា ។ យើងបានអានថា « ស្រែសសំព្រុះល្មមច្រូតហើយ » ( គ. និង ស. ៣៣:៧ ) ហើយទោះបីជាយើងពុំដឹងច្រើនអំពីរបៀបធ្វើជាអ្នកផ្សព្វផ្សាយសាសនាក្តី ក៏យើងបានសម្រេចចិត្តថា យើងត្រូវតែ « លូកកណ្តៀវ [ របស់យើង ] ហើយច្រូតដោយអស់ពីពលំ អស់ពីគំនិត និងអស់ពីកម្លាំង [ របស់យើង ] » ដែរ ។
យើងគឺជាសមាជិកនៃសាខា ដែងហ្គាមវ៉ួរ៉ាដែលទើបនឹងបង្កើតថ្មី មានទីតាំងនៅក្នុងទីក្រុងមួយនៃ ម៉ូធែរ ។ នៅគ្រានោះកាលឆ្នាំ ១៩៩១ សាខាមានសមាជិក ២៥ នាក់ ។ មិនយូរប៉ុន្មានក្រោយមក យើងត្រូវបានហៅឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាប្រចាំសាខា ។ យើងបានរៀនយ៉ាងច្រើនពីអ្នកផ្សព្វផ្សាយសាសនាស្វាមីភរិយារៀមច្បងដែលបម្រើនៅក្នុងតំបន់របស់យើង ។ យោបល់មួយដែលពួកគាត់បានផ្តល់ឲ្យនោះគឺថា យើងត្រូវដាក់គោលដៅ ។
យើងចង់ចែកចាយដំណឹងល្អជាមួយមនុស្សគ្រប់រូប ដូច្នេះយើងបានដាក់គោលដៅចែកចាយវាជាមួយនឹងមនុស្ស ១០០ នាក់ អំឡុងឆ្នាំដំបូងដែលយើងគឺជាអ្នកផ្សព្វផ្សាយសាសនាក្នុងសាខានោះ ។ យើងប្រហែលជាខ្វះបទពិសោធន៍ ប៉ុន្តែវាហាក់ដូចជាពិតប្រាកដចំពោះយើង ។ យើងបានទុកចិត្តថា ព្រះអម្ចាស់នឹងជួយយើង ។
តាមរយៈការច្រៀងទំនុកតម្កើងនៅក្នុងការប្រជុំនៅព្រះវិហារ យើងបានឃើញថា យើងមានទេពកោលស្យផ្នែកតន្ត្រីដែលយើងពុំបានដឹងពីមុនមក ។ យើងបានសម្រេចចិត្តប្រើប្រាស់ទេពកោសល្យរបស់យើង ដូច្នេះយើងបានចាប់ផ្តើមច្រៀងឲ្យមនុស្សស្តាប់ — និងច្រៀងជាមួយ — មនុស្សដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងដំណឹងល្អ នៅពេលយើងបានជួបបង្រៀនពួកគេ ។ ព្រះវិញ្ញាណបានគង់នៅជាមួយយើងពេលយើងច្រៀងចម្រៀងដ៏ពិសិដ្ឋ ហើយទ្រង់បានរំជួលដួងចិត្តនៃអស់អ្នកដែលយើងកំពុងបង្រៀន ។ សារលិខិតនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញក៏បានធ្វើឲ្យពួកគេរំជួលចិត្តផងដែរ ។ យើងបានលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យចូលរួមក្រុមចម្រៀងនៃសាខារបស់យើង ហើយមនុស្សជាច្រើនបានចូលរួម ទាំងពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬមិនមែនក្តី ។ នៅពេលមនុស្សកាន់តែច្រើនបានរៀនអំពីដំណឹងល្អ នោះមនុស្សជាច្រើនបានចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹកផងដែរ ។
នៅពេលយើងបន្តកិច្ចខិតខំផ្សព្វផ្សាយសាសនារបស់យើង នោះយើងបានបន្តតមអាហារ និងអធិស្ឋានសម្រាប់ក្រុមគ្រួសារដែលបានចូលសាសនាចក្រ ។ យើងមានអារម្មណ៍ថា មនុស្សដទៃនៅក្នុងសហគមន៍កំពុងមើលគំរូដ៏សុចរិតនៃក្រុមគ្រួសារទាំងនេះ ។ យើងបានទទួលការអញ្ជើញកាន់តែច្រើនឲ្យបង្រៀនក្រុមគ្រួសារ ហើយការបង្រៀនរបស់យើងពោរពេញដោយអ្នកដែលនឹងត្រៀមធ្វើជាសមាជិក ។
ជាលទ្ធផលនៃការរៀនសូត្រ និងការរស់នៅតាមដំណឹងល្អ គូស្វាមីភរិយាដែលបានជ្រមុជទឹកថ្មោងថ្មីនោះបានប្រែកាន់តែស្និទ្ធស្នាល ហើយកាន់តែមានក្តីស្រឡាញ់ ។ ពួកឪពុកម្តាយអាចទម្លាក់ចោលនូវប្រពៃណីនានា ដែលពុំស្របទៅនឹងវប្បធម៌របស់ដំណឹងល្អ ។ ពួកគេបានឈប់ប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ ។ ពួកគេបានបង្រៀនកូនៗខ្លួននូវគោលការណ៍ដ៏ត្រឹមត្រូវទាំងឡាយ ។ មនុស្សជាច្រើនដែលធ្លាប់បានផ្តោតយ៉ាងលើសលុបទៅលើរឿងខាងលោកិយកាលពីមុន ឥឡូវនេះអាចទទួលយកការហៅនៅក្នុងសាសនាចក្រ ។ ពួកគេបានក្លាយជាពរជ័យសម្រាប់សាខា និង សហគមន៍របស់ពួកគេ ។ ព្រះហស្តរបស់ព្រះអម្ចាស់បាននាំមកនូវការផ្លាស់ប្តូរដ៏ខ្លាំងដល់ជីវិតរបស់ពួកគេ ។
ទោះបីជាការបៀតបៀនដ៏ធំបានកើតឡើងនៅ ម៉ូធែរនៅគ្រានោះក្តី ក៏វាពុំបានបញ្ឈប់ការរីកចម្រើនរបស់សាសនាចក្រឡើយ ។ វាទំនងថា នៅពេលការប្រឆាំងបានកើនឡើង នោះចំនួនមនុស្សដែលចង់រៀនអំពីសាសនាចក្រក៏កើនឡើងផងដែរ ។ ឧទាហរណ៍ នៅពេលមនុស្សពីកងទ័ពជាតិបានមកដោយបន្លំខ្លួន ដើម្បីស៊ើបអង្កេតពីសាសនាចក្រក្នុងការធ្វើខុសឆ្គង នោះព្រះវិញ្ញាណបានធ្វើឲ្យពួកគេរំជួលចិត្ត ។ ក្រោយមកមនុស្សជាច្រើនបានជ្រមុជទឹក និងត្រូវបានតែងតាំងឲ្យទទួលបានបព្វជិតភាព ។
ជាមួយនឹងជំនួយរបស់ព្រះអម្ចាស់ យើងបានចែកចាយដំណឹងល្អជាមួយមនុស្សកាន់តែច្រើនលើសពីគោលដៅដំបូងរបស់យើងទៅទៀត ។ ដោយសារយើងមានឆន្ទៈស្វែងរកមធ្យោបាយនានាដែលយើងអាចឈោងទៅដល់មនុស្សដទៃ នោះយើងអាចឃើញការផ្លាស់ប្តូរដ៏ធំនៅក្នុងជីវិតមនុស្សជាច្រើននៅក្នុងសហគមន៍យើងទាំងមូល ។